ចរិតខ្មែរ (ត)

-ថ្ងៃ ២៨ មេសា លោក លន់ នល់ ជូនដំណឹងទៅលោក ចេង  ហេង វិញថា លោកពុំអាច

រៀបចំគណៈរដ្ឋមន្ត្រីបានទេ។

– ថ្ងៃ ២៩ មេសា ដោយលោក នល់ នល់ ពុំអាចតែងតាំងគណ:រដ្ឋមន្រ្តីបាន លោកប្រមុខរដ្ឋក្រោយ​ពីបានពិគ្រោះជាមួយប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាសាធារណរដ្ឋ (កាលណោះហៅដូច្នោះ) ក៏បានស្នើលោក ស៊ីសុវត្ថិ សិរិមតៈ ឱ្យរៀបចំគណរដ្ឋមន្ត្រី។ លោក សិរិមតៈ ថា ចាំគិតមើល     សិន។

ថ្ងៃទី ៣០ មេសា លោក សិរិមតៈតបទៅលោក ចេង ហេង វិញថា លោកស្តាយណាស់ ដោយពុំអាចតែងតាំងគណ:រដ្ឋមន្រ្តីថ្មីបាន ពីព្រោះ ៖

ទី ១ លោកជារដ្ឋមន្ត្រីចាស់ចង់ឱ្យ អ្នកថ្មីកាន់ការម្តង

 ទី២ ស្រុកកំពុងកើតសង្គ្រាមរវល់ធ្វើសង្គ្រាម។ លោក ចេង ហេង អស់ផ្លូវក៏ស្នើទៅលោក        ជួប ហិល អតីតប្រធានរដ្ឋសភា ឱ្យតែងតាំងគណ:រដ្ឋមន្ត្រី។

 ថ្ងៃទី ១ ឧសភា លោក ជួប ហិល ឆ្លើយតបទៅវិញថាលោកពុំអាចជ្រើសរើសគណ:រដ្ឋមន្ត្រីបានទេ។ លោក ចេង -ហេង ក៏ចាត់ឱ្យលោក អ៊ុន តាំ ប្រធានសភាជាតិជ្រើសតាំងគណរដ្ឋមន្ត្រី។

– ថ្ងៃ ៣ ឧសភា លោក អ៊ុន តាំ បានឆ្លើយតបថាលោកពុំអាចជ្រើសតាំងគណរដ្ឋមន្ត្រីបានទេ។

 ទៅឯណេះពុំអាចទៅឯណោះពុំអាច ក៏តាំងប្រជុំទាំងអស់គ្នាតែម្តង គឺលោក ចេង ហេង, លោក លន់ នល់, លោក ស៊ីសុវត្ថិ សិរិមតៈ, លោក អ៊ុន-តាំ, លោក អ៊ុង  ស៊ីម។ ទាំងអស់គ្នាតម្រូវ ឱ្យលោក    លន់ នល់ ជ្រើសតាំងគណ:រដ្ឋមន្ត្រី។

ទំរាំតែនិយាយត្រូវគ្នា ព្រមធ្វើការជាមួយគ្នាយើងមានវិបត្តិគណរដ្ឋមន្ត្រី អស់ពេលកន្លះខែ លេងទទេ។

ថ្ងៃទី ៥ ឧសភា សមាជិកនៃគណ:រដ្ឋមន្ត្រី បានចូលទៅបង្ហាញខ្លួននៅទីស្តីការនាយករដ្ឋមន្ត្រី។ សមាជិកសំខាន់ គឺលោក លន់ នល់ ជានាយករដ្ឋមន្ត្រី, លោក សិរិមតៈ៖ ជានាយកប្រតិភូ, លោក        អ៊ិន តាំ ជាឧបនាយករដ្ឋមន្ត្រីទី១, លោក សុខ-ធុង ជាឧបនាយករដ្ឋមន្ត្រីទី ២, លោក ហង្ស ធុនហាក់ ឧបនាយករដ្ឋមន្ត្រីទី ៣។ អស់លោកអ្នកនៅកត់សម្គាល់ឃើញថា អស់លោកវរជនទាំងអស់នេះ នៅរួបរួមគ្នាគួរសរសើរ។

ក្នុងខែមិថុនា កក្កដា បញ្ហាខ្វះអង្ករបានចោទឡើងគួរឱ្យព្រឺក្បាលរហូតដល់ធ្លាក់លោក យ៉ង  ថៃលី ពីដំណែងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង ផ្តល់ភស្តុភារ។

ក្រឹត្យ ៤៦៨/៧១ប.រ. ចុះថ្ងៃ ២៩-៥-៧១ តាំងគណ:កម្មការចំរុះទូលំទូលាយ ទទួលបន្ទុករៀបចំសេចក្តីព្រាងដើមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរមានសមាជិក ៣ នាក់ តំណាងអង្គការរដ្ឋនិមួយៗ និង សមាគមនិមួយៗ។ រយ:ពេលធ្វើរដ្ឋធម្មនុញ្ញ : ៣ ខែ។

ថ្ងៃ ១៦ មិថុនា ១៩៧១ ម៉ោង ៩ ព្រឹក លោក សិរិមតៈ បានបើកពិធី (ប្រកាសនាយក លេខ ១១១១-៧១) ឱ្យគណ:កម្មការចាប់ធ្វើការរបស់ខ្លួន។ គណ:កម្មការចំរុះមានសមាជិកទាំងអស ២៣១ នាក់ ដែលមានខ្ញុំ ប៊ុណ្ណចន្ទ ម៉ុល ម្នាក់ផងតំណាងពុទ្ធិក   សមាគមមជ្ឈមណ្ឌលសាធារណរដ្ឋ។ គណ:កម្ម ការចំរុះដោយមានលោក មាស សាឯម ជាព្រឹទ្ធប្រធានបណ្តោះអាសន្ន បានបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទាំងពីរនិងគណ:កម្មការតែងសេចក្តី ១៥ នាក់។ លទ្ធផលនៃការបោះឆ្នោត គឺ ប្រធាន លោក សូ-ណែម, អនុប្រធានទី១ លោក ឌុក -រ៉ាស៊ី, អនុប្រធានទី ២ លោក អ៊ិញ-វ៉ាញ។

គណ:កម្មការចំរុះនេះបានធ្វើការយ៉ាងសកម្មមក។

-ថ្ងៃ ៦ សីហា ១៩៧១ លោក សិរិមតៈ ទៅសហរដ្ឋអាមេរិក រហូតដល់ថ្ងៃ ៣០ សីហា ទើបត្រឡប់មកវិញ បានជោគជ័យត្រចះត្រចង់។

 ថ្ងៃសៅរ៍ ទី ៤ កញ្ញា លោក សិរិមតៈ បានធ្វើសន្និសីទមួយរាយការណ៍អំពីលទ្ធផលដែល លោកបានទៅទាក់ទងនឹងសហរដ្ឋអាមេរិក ហើយលោកថា ឱ្យតែយើងរួបរួមគ្នាយ៉ាងល្អ តទៅទៀត គេនឹងកាន់តែជួយយើងទ្វេរឡើងទៀត។ ស្តាប់លោក សិរិមតៈ នាំឱ្យសប្បាយចិត្តណាស់។ គឺត្រូវតែសាមគ្គី ប៉ុន្តែទន្ទឹមនឹងពេលនោះ មិនដឹងហេតុដូចម្ដេច ស្រាប់តែនៅ រដ្ឋសភាឯណោះ តំណាងរាស្ត្រ ៣៦ នាក់ ធ្វើញត្តិសុំដកលោក ឃឹម សំបូរ ចេញពី តំណែងប្រធាន។

 ថ្ងៃ ១៦ ខែកញ្ញា ១៩៧១, ក្រោយពីពេលជជែកគ្នាបែកផ្សែងមក ក្នុងរឿងទម្លាក់លោក        ឃឹម សំបូរ រដ្ឋសភាបោះឆ្នោតសម្ងាត់មាន ២៤ សម្លេងឱ្យទម្លាក់តាមញត្តិ មាន៣១ សម្លេងឱ្យទុក។ ដូច្នេះលោក ឃឹម សំបូរ នៅតទៅទៀត។ ជជែកគ្នានោះនាំឱ្យមនុស្សបែកសាមគ្គីមិនតិចៗ បន្ទាប់នោះ នៅ    ស្ងៀមៗ ស្រាប់តែថ្ងៃ ២៤ កញ្ញា លោក អ៊ុន តាំ ដែលជា ឧបនាយករដ្ឋមន្ត្រីទី ១ និងជាឧត្តមសេនិយត្រីនោះ ត្រូវដកចេញពីតំណែងទាំងអស់ ប្តូរតំណែងនេះជូនទៅលោក ទឹម ងួន ឆ្កុយ។ ប្រជាជនខ្មែរបែប   ស្មឿក ដោយឆ្ងល់។ យី! អស់លោកធំៗ ម៉េចក៏ដេញគ្នាចោលធូរម្លេះ?

 ក្រឹត្យលេខ ៥៧០/៧១ប.រ. ចុះថ្ងៃ ៤-១០-៧១ គណ:កម្មការចម្រុះតែងរដ្ឋធម្មនុញ្ញ ត្រូវបាន     ពន្យាពេល ២ ខែ តទៅទៀត ប៉ុន្តែមិនដឹងហេតុដូចម្ដេច ស្រាប់តែមានក្រឹត្យលេខ ៦០៩/ ៧១ប.រ. ចុះថ្ងៃ ១៦-១០-៧១ បង្កើតសភាធម្មនុញ្ញ ដោយបញ្ចូលសភាទាំងពីរ ចាប់តាំងពី ថ្ងៃ ១៨ តុលា ១៩៧១         តទៅ។ គណ:រដ្ឋមន្រ្តីជ្រើសរើសថែមថ្មី គឺលោក ទឹម ងួន ឧបនាយករដ្ឋមន្ត្រីទី ១ ទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី និងការសម្របសម្រួលខាងមហាផ្ទៃ សន្តិសុខជាតិធម្មការយុត្តិធម៌ សាធារណការ និងទេពកោសល្យជនបទ។ រលាក ឆន សុខុម ទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសប្បិយកម្ម។ លោកឧត្តមសេនិយត្រី ឋាប្បណាងិន្ន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សន្តិសុខជាតិ និងកម្មការ។

លោក ម៉ាឡាយ ខេម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងផ្តលភស្តុភារ។

ថ្ងៃទី ២០ តុលា ព្រះសង្ឃនៅភ្នំពេញបានធ្វើបាតុកម្មស្ងប់ស្ងាត់នៅមុខវត្តអារាម ទាមទារឱ្យ លោក លន់ នល់ ធ្វើប្រមុខរដ្ឋព្រមទាំងបិទពាក្យស្លោក សុំឱ្យតម្រឹមតម្រង់នូវកិច្ចការរដ្ឋទាំងឡាយ ដែលល្អៀងឃ្លៀងឃ្លាត។

-ថ្ងៃទី ៨ វិច្ឆិកា ១៩៧១ លោក ចេង  ហេង បើកពិធីប្រកាសជាផ្លូវការនូវសភាធម្មនុញ្ញ។

ពេលនោះសភាធម្មនុញ្ញបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធាន បានលទ្ធផលលោក អ៊ុន តាំ ជាប្រធាន, លោក ពិន យ័ន ជាអនុប្រធានទី១, លោក កើត គីហ៊ាង អនុប្រធានទី ២។

យើងឃើញថា លោក អ៊ុន តាំ ដែលគេហូតងារនោះ ត្រូវមានមុខចេញមកទៀតតាមរយ:សភា   ធម្មនុញ្ញនេះ។

សូមជម្រាបថា ស្ថានការណ៍សឹកពេលនោះយើងវាយទៅកាន់ខេត្តកំពង់ធំ បានទៅដលភ្នំសន្ទុក ស្រាប់តែថយមកវិញក្រាកៗ អស់រលីង ហើយស្ថានការណ៍ខាងលិចភ្នំពេញ (ទួលលៀប) ក៏កម្រើកយ៉ាងធ្ងន់ធ្ងរព្រួយបារម្ភ តែបានធូរទៅវិញនៅចុងខែធ្នូ ១៩៧១ នោះ។

សង្ឃឹមថា ឆ្នាំ ១៩៧២ បែបបានស្រួល ប៉ុន្តែមិនដូច្នោះ បែរជាមានរឿងតៗ ទៀត ៖

 – ថ្ងៃទី ៨ មិនា ១៩៧២ ស្រាប់តែមានញត្តិរបស់និស្សិតមហាវិទ្យាល័យនីតិសាស្ត្រ និង         វិទ្យាសាស្រ្តសេដ្ឋកិច្ច ជូនសភាធម្មនុញ្ញ សូមស្នើ់ម៉ឺងមាត់ មិនឱ្យដាក់ក្នុងកាល:ទេស:ណាដែល ការបោះឆ្នោតពុំអាចប្រព្រឹត្តទៅបាននោះ បុគ្គលណាមានឈាមជ័រជាស្ដេចឱ្យកាន់តំណែងធំៗ របស់សាធារណរដ្ឋខ្មែរ ដូចមានចែងខាងក្រោមនេះ

១ – ប្រធានាធិបតី

២- អនុប្រធានាធិបតី

៣- នាយករដ្ឋមន្ត្រី ឬ រដ្ឋមន្ត្រី

៤- នាយអគ្គសេនាធិការកងយោធពលខេមរជាតិ

– ថ្ងៃ ៩ មីនា និស្សិតប្រថុយយ៉ាងធំនៅសាលសន្និសីទចតុមុខ ហៅថាសមាជយុវជន មានបិទ

បដាព្រោងព្រាតសុទ្ធតែពាក្យស្លោកថា៖ កុំភរយុវជន, អធ្យាស្រ័យមនុស្សពុករលួយគឺ ក្បត់ជាតិ, កុំចែកអំណាចដូចចែកនំគ្នាស៊ី ។ល។

នៅទីបញ្ចប់ សមាជសម្រេចថា ៖ «យើងជាយុវជនលែងទុកចិត្តរដ្ឋាភិបាលលោកឧត្តមសេនិយ សិរិមតៈ ហើយ»

ស្អែកឡើងថ្ងៃ ១០ មីនា ១៩៧២ នៅកំពែងវត្ត វត្តលង្កា មានបដាគាំទ្រសេចក្តីសម្រេចចិត្ត របស់សមាជយុវជន។ ក្នុងល្ងាចនោះ លោក ចេង ហេង ថ្លែងតាមវិទ្យុថា លោកអស់លទ្ធភាពនឹងបម្រើ ប្រទេសក្នុងឋាន:ជាប្រមុខរដ្ឋតទៅទៀតហើយ លោកសុំផ្ទេរឋាន:នេះទៅលោក លន់ នល់ វិញ។

មិនតែប៉ុណ្ណោះ ម៉ោង ២១ យប់ លោក លន់ នល់ ក្នុងសាររបស់លោក ដែលទទួលឋាន: ប្រមុខរដ្ឋពីលោក ចេង ហេង លោកក៏បានឱ្យសភាធម្មនុញ្ញឈប់ចប់សកម្មភាពទៅដែរ។

នៃ! វាទៅជាអីចឹង និស្សិតមិនទុកចិត្តលោក សិរិមតៈ វាទៅជាអស់មានលោក ចេង ហេង ហើយមករលីងឯសភាធម្មនុញ្ញ! ស្មុគស្មាញសម្បើម!

– ថ្ងៃ ១២ មីនា លោកប្រមុខរដ្ឋ លន់ នល់ បានថ្លែងសារកប្រែឋាន:ប្រមុខរដ្ឋ ឱ្យទៅជាមាន ប្រធានាធិបតី ដោយចែងថា ៖

១- ប្រមុខរដ្ឋខ្មែរនឹងមានឈ្មោះជាប្រធានាធិបតីនៃសាធារណរដ្ឋពីត្រឹមណេះទៅ។

២-ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរជាអគ្គមេបញ្ជាការនៃកងយោធពលខេមរជាតិ។

 ៣-ប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ ទទួលខ្លួនឯងនូវមុខងារជានាយករដ្ឋមន្ត្រី។

ក្នុងកិច្ចការនេះ ប្រធានាធិបតីមានរដ្ឋមន្ត្រីទី១ ម្នាក់ជាជំនួយដើម្បីសម្របសម្រួល សកម្មភាពនិងកិច្ចការនៃសមាជិកទាំងឡាយ នៃគណ:រដ្ឋមន្ត្រី។ មានទីប្រឹក្សានិងឧបការី អមផង។មានខុទ្ទកាល័យនីតិប្រតិបត្តិមួយនិងក្រុមប្រឹក្សាជាតិខាងសន្តិសុខជាជំនួយផង។ លោក លន់ នល់ ធ្វើបុណ្យសម្ពោធឋានៈរបស់លោកនៅថ្ងៃទី ១៤ មីនា ១៩៧២ ដោយមាន ព្រះសង្ឃ ១០៨ អង្គ ឧត្តមសេនិយ៍ វរសេនីយ៍ និងឱ្យប្រជាពលរដ្ឋស្រីប្រុសចូលរួម។

ការនេះខ្មែរសង្ឃឹមថាបានសុខស្រួលហើយ មិនដឹងជាយ៉ាងម៉េច ស្រាប់តែមានវិបត្តិគណ:រដ្ឋមន្ត្រីទៀត វីវររវល់នឹងរក វរជនម្នាក់ឱ្យមកជ្រើសរើសគណ:រដ្ឋមន្រ្តីថ្មី។ រកឯណេះពុំបាន ឯណោះពុំកើត ក៏ទៅហៅលោក សឺង ង៉ុកថាញ់ ពីព្រៃនគរឱ្យមករៀបចំគណ:រដ្ឋមន្ត្រី។

យើងរវល់នឹងរឿងនេះ ក៏ស្រាប់តែខ្មាំងស្រោចគ្រាប់រ៉ុក្កតចូលក្រុងពីរាត្រីទី ២០ ទៅ ២១ មីនា យ៉ាងសម្បើម ស្លាប់អសមនុស្ស ១១២ នាក់ គួរឱ្យឈឺចាប់ណាស។ ខូចវិទ្យុស្ទឹងមានជ័យ។

លោកប្រធានាធិបតី លន់-នល់ ថ្លែងសាររឿងនេះថាប្រាកដជាមានអ្នកក្នុងឱ្យដៃ។

ឯចំណែកលោក សឺង-ង៉ុកថាញ់ ក៏បានរៀបចំគណ:រដ្ឋមន្ត្រីតាមឱវាទរបស់លោក លន់-នល់ ទៅតាមរបៀប Régime Présidentiel ។

ស្រាប់តែថ្ងៃ ២៤ មីនា គេឃើញខិតប័ណ្ណប្រឆាំងនឹងលោកគ្រូ ខៀវ ជុំ ដែលចេះតែចច្រប អារ៉បទៅជំនុំជាមួយសិស្ស នាំឱ្យមានបរិយាកាសមិនល្អ។

ហើយសម្តេចព្រះសង្ឃរាជគណៈមហានិកាយ ក៏ត្រូវបង្ខំព្រះទ័យឱ្យថ្លែងសារមួយបន្ទោស លោកគ្រូ ខៀវ ជុំ ដែរ។

ថ្ងៃ ២៨ មីនា មានបដាព្រោងព្រាតនៅតាមមហាវិទ្យាល័យនានាថា

– កុំកេណ្ណរាស្ត្រឱ្យស្រែក ជយោ!

– កុំចោទយុវជនថាបង្កើតអានាធិបតេយ្យ !

 -កំទេចចោលឱ្យអស់កំអែលសក្តិភូមិ !

 – ទៅហើយមកវិញ !

ហើយនៅថ្ងៃ ២៩ មីនា នៅសាកលវិទ្យាល័យភ្នំពេញ មានសមាជយុវជនមួយ ការពារលោក      តា បាំង ខាត់ និង ខៀវជុំ ដែលចេះតែឧស្សាហ៍មកចូលរួមប្រជុំជាមួយសិស្ស តាមសេចក្តីនិមន្តរបស់ សិស្ស។

ស្ថានការណ៍វិលវល់របស់សិស្សនេះ បានលាតវែងអន្លាយរហូតដល់ថ្ងៃ ២៣ មេសា ១៩៧២ មហាវិទ្យាល័យច្បាប់ត្រូវអាជ្ញាធរ អាវុធហត្ថព័ទ្ធជុំវិញ។ នៅក្នុងនោះ មានលោក កែវ អន និងនិស្សិត កុយ ប៉ិច។

ឯលោក សឺង ង៉ុកថាញ់ ប្រកាសក្នុងថ្ងៃនោះឱ្យសិស្សនៅឱ្យស្ងៀម កុំរំជើបរំជួល។

ថ្ងៃ ២៦ មេសា ស្ថានការណ៍អាប់អួរបានកើតឡើង ក្រុមបាតុកររាប់ពាន់នាក់ ដែលបានទម្លាយ រនាំងហាមឃាត់កាលពីព្រឹកនោះ បានស្ថិតនៅមុខមហាវិទ្យាល័យច្បាប់ មានមីក្រូស្រែកដៀមដាមឱ្យ       រដ្ឋាភិបាល។ ហើយម៉ៅង ១៧ ក៏នាំគ្នាចោលដុំថ្មមកលើអាវុធហត្ថ អាវុធហត្តក៏ចោលគ្រាប់បែកផ្សែង ព្រមទាំងស្នូរកាំភ្លើងអស់ ៥ នាទី បាតុកររត់ជាន់គ្នា។ បាតុករស្រែកជេរពួកអាវុធហត្តយ៉ាងខ្លាំង។ ស្អែកឡើងទៀតអធិករណ៍មានតទៅទៀត បាញ់គ្នាងាប់ច្រងិលនៅទីនោះ។

នេះជាលើកទី ១ ហើយ ដែលអធិករណ៍កើតឡើងរវាងសិស្ស និងអាជ្ញាធរ។

លោក ថាច់ ជា រដ្ឋមន្ត្រីក្រសួងអប់រំជាតិ សូត្រតាមវិទ្យុអំពាវនាវឱ្យសិស្សដាក់អាវុធចុះនៅម៉ោង ១៤ ថ្ងៃទី ២៧ មេសា។

ថ្ងៃ ២៨ មេសា បាតុកម្មយ៉ាងធំនៅវិមានឯករាជ្យ សិស្សពាក់កំណាតខ្មៅនៅអាវ និងជួតក្បាល កំណាត់ស មានទម្លាក់ជាយបីដូចកាន់ទុក្ខខ្មោចចិន-យួន តែគេកាន់ទុក្ខខ្មោចគ្នាគេដែលថាអាវុធហត្ថ បាញ់សម្លាប់នោះ។ មានបដាជួររដ្ឋាភិបាលយ៉ាងសម្បើម៖

 បាញ់យុវជនក៏ជាទមិឡ !

 បរាជ័យរដ្ឋាភិបាលផ្តាច់ការ សឺង-ង៉ុកថាញ សម្លាប់យុវជន មានតែរដ្ឋាភិបាលខ្មែរទេ ដែលសម្លាប់យុវជន !

ហើយគេឃោសនាគគ្រឹកគគ្រង បានប្រាក់កាសសន្ធឹក។ ពេលនោះនិស្សិត កុយ ប៉ិច ដែល ជាមេនៃរឿង បែរជាមកប្រកាសតាមវិទ្យសុំទោសរដ្ឋាភិបាលឆ្កុយ។

-លោក លន់-នល់ ថ្លែងសារសុំឱ្យសិស្សដែលធ្វើបុណ្យនៅវិមានឯករាជ្យនោះ ឈប់ធ្វើ បុណ្យដែលគ្មានខ្មោចនោះតទៅទៀត ដើម្បីឱ្យមានរបៀបរៀបរយក្នុងសង្គម។ លោកថា ខ្មាំងកំពុងរារាំងយើងកុំឱ្យបោះឆ្នោតបាននៅថ្ងៃ ៣០ មេសា លោកសុំឱ្យសិស្សស្ងប់ចាំ បោះឆ្នោតអនុមតិលើគម្រោងរដ្ឋធម្មនុញ្ញ    សិន។ តែសិស្សលែងស្ដាប់ គេនៅតែទៅនៅដេកជុំវិញវិមានឯករាជ្យបន្តបុណ្យដដែល។

សុំរំលឹកថា ពេលនោះចំថ្ងៃពិសាខបូជាផង បុណ្យពិសាខបូជា គេធ្វើគ្រវីសគ្រវាសឱ្យរួចតែពី ដៃ ព្រោះរវល់នឹងរឿងចលាចលសិស្សនៅវិមានឯករាជ្យនោះ។

ថ្ងៃ ៣០ មេសា ១៩៧៣ ជាថ្ងៃបោះឆ្នោតបញ្ចេញមតិលើគម្រោងរដ្ឋធម្មនុញ្ញថ្មី។ ទាហាននិង     ស៊ីវិលក៏បានទៅបោះឆ្នោត ទោះបីខ្មាំងកៀបសង្កតនិងគម្រាមកំហែងយ៉ាងណាក៏ដោយ។ រដ្ឋធម្មនុញ្ញនេះ អ្នកខ្លះថាមិនល្អ មិនកើត អ្នកខ្លះថាដូច្នេះ ខ្លះថាដូច្នោះ គឺថាយើងគ្មានឯកភាពអ្វីទេ។ ប៉ុន្តែដោយប្រទេស និមួយៗ ត្រូវតែមានរដ្ឋធម្មនុញ្ញនោះ រដ្ឋាភិបាលត្រូវតែបង្ខំឱ្យចេញច្បាប់នោះខានពុំបាន ល្អអាក្រក់ចាំ     កែកុនថ្ងៃក្រោយ។

-រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ត្រូវលោកប្រធានាធិតី លន់ នល់ ប្រកាសឱ្យប្រើនៅថ្ងៃទី១២     ឧសភា ១៩៧២ តមក។ ចប់រឿងនេះ ក៏លេចរឿងរបសបុគ្គលិកសិក្សាធ្វើកូដកម្មចំពោះរឿងដែល             រដ្ឋាភិបាល បញ្ចុះក្របខណ្ឌបុគ្គលិកសិក្សា ពីប្រភេទ «ខ» មកនៅប្រភេទ «គ» វិញ។

-កូដកម្មបុគ្គលិកនៅក្រសួងមហាផ្ទៃទាំងពីរប្រភេទ គឺលេខាធិការ – លេខហារីទាមទារក្របខ័ណ្ឲ ស្មើនិងក្របខ័ណ្ណគ្របឋមសិក្សា និងក្របខ័ណ្ណភ្នាក់ងារនគរបាលជាតិ។ កូដកម្មបុគ្គលិកពន្ធនាគារអនុរក្សចំនួនប្រហែល ២០០ នាក់ ទាំងស្រីទាំងប្រុសទាមទារ ក្របខ័ណ្ណរបស់ខ្លួនឱ្យស្មើនឹងក្របខ័ណ្ណប៉ូលីសដែរ ក្របខ័ណ្ខ គ។

រដ្ឋាភិបាលល្វីងមុខរាល់ថ្ងៃ។ ពេលនោះដូចជាគ្មានមេគ្មានកោយមិនដឹងជាស្តាប់នរណា។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសខ្មែរត្រូវតែបោះឆ្នោតជ្រើសរើសប្រធានាធិបតី។

ថ្ងៃទី ២១ ឧសភា ក្រសួងមហាផ្ទៃបានប្រកាសនាមបេក្ខជនប្រធានាធិបតី គឺមាន :

លោក កែវ អន អាយុ ៤១ ឆ្នាំ

លោក លន់ នល់ អាយុ ៥៩ ឆ្នាំ

លោក អ៊ុន-តាំ អាយុ ៥០ ឆ្នាំ

លោក អ៊ុន តាំ និង លន់ នល់ មានដៃជើងឃោសនាគគ្រឹកគគ្រងសម្បើមណាស់ ចុងចប់លោក លន់ នល់ ក៏បានជាប់ឆ្នោតទៅ។ ថ្ងៃ ២១ មិថុនា លោក លន់ នល់ ថ្លែងសារឱ្យប្រជាពលរដ្ឋរួបរួមគ្នាទាំងអស់ ដើម្បីសម្រេច

– រដ្ឋាភិបាលជួយ

-ប្រជាពលរដ្ឋដែលមានសេរីភាព ជាអ្នកកសាងជីវភាពខ្លួនឯង

– អ្នកបច្ចេកទេសជួយឧបត្ថម្ភ ជួយបង្ហាត់បង្រៀននិងជួយដឹកនាំ។

អង្គការរួបរួមគ្នានោះលោកឱ្យឈ្មោះថា «អង្គការជាតិបង្រួបបង្រួមខ្មែរអ្នកជាតិនិយម » បារាំង ronor: «Rassemblement National de l’Union Nationaliste.» ប៉ុន្តែហាក់គ្មាននរណាអើពើនឹងលោកសោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ ថ្ងៃទី ៣ និងទី ៤ កក្កដា ១៩៧២, លោក លន់ នល់ ក៏ត្រូវតែបានតែង តាំងជាប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរយ៉ាងហ៊ឹកហ៊ាក់ដែរ។

ពីនោះមកនេះអស់លោកអ្នកអាចកត់សម្គាល់បានថា វរជនយើងចាប់ផ្តើមបែកបាក់គ្នាមែនទែនហើយ។ ចូលមកក្នុងខែសីហា ១៩៧២ គណបក្សបីក្រុមក៏កើតឡើង ហើយមានកម្លាំងសម្បើមៗ គឺ   គណបក្សសង្គមសាធារណរដ្ឋ ក្រោមការឧបត្ថម្ភរបស់លោក លន់ នល់, គណបក្សសាធារណរដ្ឋ របស់លោក សិរិមតៈ គណបក្សប្រជាធិបតេយ្យ របស់លោក អ៊ុន តាំ។ គណបក្សនិមួយៗ សុទ្ធតែ មានសារពត៌មានផ្សាយរៀងៗខ្លួន។ ហើយគេដឹងថា កាសែតដំណឹងពេលព្រឹក និងកាសែតខេមរាធិបតី ដែលសរសេរទ្រទ្រង់គណបក្សសាធារណរដ្ឋ និងរិះគន់រដ្ឋាភិបាលត្រង់ៗនោះ គឺជាកាសែតបក្សពួក របស់សាធារណរដ្ឋដែរ។ ប្រជារាស្ត្រខ្មែរឡប់ស្មារតី មិនដឹងជាស្តាបខាងណា ជឿខាងណាទេ។

រឿងបោះឆ្នោតរើសតំណាងរាស្ត្រ សភាជាតិ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ៣ កញ្ញា ១៩៧២ បោះ ឆ្នោតជ្រើសរើសព្រឹទ្ធសភាជាតិ ត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី ១៧ កញ្ញា ១៩៧២។

ប៉ុន្តែអើយផ្តើមឡើង ស្រាប់គណបក្សសាធារណរដ្ឋរបស់លោក សិរិមតៈ បានផ្ញើលិខិតទៅជូន លោក លន់ នល់ មានចំណុច ៥ ខ សុំតវ៉ាអំពីបញ្ញត្តិបោះឆ្នោត លេខ ៤៥-៧២ បស១ ចុះថ្ងៃទី ១២-៧-៧២ ហើយក្រសួងមហាផ្ទៃបែរជាឆ្លើយជួសបានតែ ១ ខ ប៉ុណ្ណោះ គណបក្សនេះក៏សម្រេចថា

១- មិនចូលរួមក្នុងការបោះឆ្នោតនោះទេ,

២- សូមដកសេចក្តីទុកចិត្តទាំងស្រុងពីរដ្ឋាភិបាលបច្ចុប្បន្ន

 ៣- គណបក្សនៅតែរក្សាសិទ្ធិជាគណបក្សនយោបាយសកម្ម ។

ហើយកាសែតរបស់គណបក្សនេះ បានសរសេរយ៉ាងខ្លាំងៗសម្បើម ដូចជាសរសេរលើក្បាល កាសែតក្នុ​ងថ្ងៃទី ១១ សីហា ១៩៧២ ថា មនុស្សព្រៃធ្លាប់ប្រើច្បាប់ព្រៃ លុះដល់ចូលមកក្នុងស្រុក ក៏នៅ តែប្រើច្បាប់ព្រៃដដែល ការចេះថយដើម្បីដោះស្រាយបញ្ហាជាតិ ពុំមែនជាការកំសាកទេ គឺជាសេចក្តីក្លា ហានក្នុងកិច្ចជាតិរស់ !

បន្ទាប់ពីគណបក្សសាធារណរដ្ឋ ដកថយមិនចូលប្រកួតបោះឆ្នោតនោះ គណបក្សប្រជាធិតេយ្យ ក្បាលដំរីរបស់លោក អ៊ិន តាំ រួមប្រជុំល្ងាចថ្ងៃទី ៥ សីហា ក៏តាំងសម្រេចដែរថា ៖

១- ដកខ្លួនមិនចូលប្រឡូកក្នុងការបោះឆ្នោតទេ

២- ថ្កោលកំហុសចំពោះការរំលោភជាអចិន្ត្រៃយ៍ ពីសំណាក់រដ្ឋាភិបាលទៅលើគោលសំខាន់ៗ

នៃលទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ ។

៣- សម្រេចមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខ ហើយទុកលទ្ធផលនោះថាគ្មានភាពតំណាងជាតិទាល់តែសោះ។

អស់លោកអ្នកឃើញហើយ នូវអ្នកដឹកនាំបដិវត្តន៍យើងបែកបាក់គ្នាប៉ុណ្ណា? យើងអាចនឹងវាសទំហំនោះបានទេ?

ឯពួកគណបក្សសង្គមសាធារណរដ្ឋ ដែលបានមកលោក ហង្ស ធុនហាក់ កាន់ងារជាអគ្គលេខាធិការនោះ ក៏ចេះតែទប់ៗ ទៅមុខឆ្កែស្រែជម្រៅ (មុខក្រាស) ដើរអង្វររាស្ត្រឱ្យយល់រឿងស្ដាប័ន ជាតិគ្រប់កន្លែង ព្រោះគណបក្សនេះយល់ថា ជាតិត្រូវមានអង្គការជាស្ថាប័នគ្រប់សព្វសម្រាប់និយាយ ការក្នុងអង្គការសហប្រជាជាតិ។

គ្រានេះ វរជនរៀមច្បងទាំងអស់ មើលមុខគ្នាលែងចំមែនទែនហើយ រីឯកូនចៅដៃជើងម្នាក់ៗ នោះ ក៏កាន់ជើងចៅហ្វាយនាយ ស្រែកកោកកាកៗ ថ្កោលទោសគ្នាទៅវិញទៅមកគ្មានប្រណី។

ខ្ញុំនឹកឃើញដល់កាលឃោសនាគណបក្ស កាលពីម្ភៃផ្លាយឆ្នាំកន្លងទៅហើយ សម័យនោះគេ ជេរគ្នាជាល្បែង ដូចជាថា កុំជឿប្រជាធិបតេយ្យពីព្រោះ «តៃ-ក-វាក់» គឺទាក់វៃ ពួកនេះសាហាវ ណាស់, កុំជឿសេរីភាព ពីព្រោះពួកនេះ *ភាបរូត» គឺភូតរាប ភររហូត កុំទៅយកដំរីកំបុតក មានក្បាលឥតខ្លួនចង្រៃណាស់ កុំទៅកាន់រូបប្រាសាទដាក់អាចម៌ប្រជៀវ កុំទៅជឿហនុមានដែលកំពុងលីផែនដីទៅលក់ ។ល។ ខ្លះប្រតិស្ឋរឿងអាសអាភាសផ្សេងៗ ដូចជាថា ហនុមានសហាយនឹងនាងគង្ហីង ។ល។ គឺគេចោទគ្នាសើចលេង គ្មានគិតដល់គោលគំនិត នៃគណបក្សសោះឡើយ។ គេគ្មានយកគោល នយោបាយដឹកនាំស្រុកទេសដែលថាត្រូវធ្វើយ៉ាងណាៗ ទើបបានចំរើននោះមកពោលសោះឡើយ។

ប្រជារាស្ត្រខ្មែរវិលវល់វង្វេង ល្ងង់នៅតែលួងគ្មានស្គាល់មាគ៌ច្បាស់រឿងនយោបាយស្រុក ដរាបសព្វ ថ្ងៃ។ សម័យនោះវាដូច្នោះ ដល់មកសម័យនេះហើយ ក៏វានៅតែដូច្នោះទៀត គួរស្ដាយ !

ការទាស់ទែងខ្វែងគំនិតគ្នានេះ គ្មាននរណាអាចរំងាប់បានទេ។ ខ្ញុំក៏ចេះតែនឹកថា ឱ! ពេលនេះ ប្រសិនបើមានព្រះឥន្ទ ព្រះព្រហ្ម យមយក្សណាមកប្រោស ហ្ន៎ , ប្រហែលជាបានត្រូវរ៉ូវគ្នាខ្លះ។ ហើយ អស់លោកអ្នកក៏ប្រហែលជាបានគិតដូចខ្ញុំដែរ មិនអីចឹងឬ? យើងពិបាកចិត្តដូចៗគ្នា។ ប៉ុន្តែមានរស្មី មួយដែលនាំឱ្យភ្លឺក្នុងរឿងនេះ។ ក្នុងពេលដែលខ្ញុំកំពុងនឹកផ្សេងនោះ ស្រាប់តែសម្តេចព្រះសង្ឃរាជ ហួត តាត លោកបានហៅខ្ញុំទៅពិគ្រោះនឹងលោក។ លោកមានព្រះបន្ទូលសួរថា ស្ថានការណ៍សព្វថ្ងៃ ចលាចលពេញទំហឹង ឯវរជនយើងទាស់គ្នាពេញល្បុង តើលោក ម៉ុល ឯងយល់យ៉ាងណាដែរ? ខ្ញុំនឹក ឃើញថាមានតែសម្ដេចទេ ទើបពួកនោះស្ដាប់ខ្លះ ទើបខ្ញុំចូលទៅព្រះអង្គថា ៖

– សូមទ្រង់មេត្តាប្រោស,ទូលបង្គំយល់ថា មានតែសម្ដេចទេ ដែលប្រហែលជាពួកវរជន យើងនៅគោរពស្តាប់ខ្លះ សូមសម្តេចសរសេរលិខិតទៅស្នើពួកនោះ ឱ្យរួមគ្នាឡើងវិញទៅ ប្រហែលជា មានលទ្ធផលប្រសើរ។ លោកសួរមកខ្ញុំវិញថា ៖ អាត្មាគិតថានឹងសរសេរទៅហើយ ប៉ុន្តែវាគ្មានអ្នកកាន់ សំបុត្រនោះ យកទៅជូនអស់លោកទាំងនោះដោយផ្ទាល់ៗ

ដៃ ខ្ញុំក៏ទូលលោកវិញប្រញាប់ថា ៖ ទូល បង្គំធានាយកទៅជូនវរជនទាំងនោះដោយផ្ទាល់ដៃ សុំ សម្តេចធ្វើសបុត្រនោះមកចុះ។ សម្តេចព្រះសង្ឃរាជក៏ធ្វើសំបុត្រទាំងបីជាសម្ងាត់ឱ្យខ្ញុំនាំទៅជូនលោកទាំងអស់ឱ្យរួបរួមគ្នា ខ្ញុំក៏បាននាំសំបុត្រនោះទៅ ជូនលោក លន់ នល់ លោក សំរិមតៈ លោក ចេង  ហេង ដល់ទីលំនៅ។ ឯលោក អ៊ុន តាំ សម្តេច លោកប្រើស្មៀនលោកឱ្យយកទៅជូន។ ថ្ងៃក្រោយមកក៏ឃើញលោក សិរិមតៈ, លោក ចេង ហេង និង លោក អ៊ុន តាំ ធ្វើលិខិតរួមគ្នាផ្ញើថ្វាយសម្តេចវិញថា អស់លោកអរព្រះគុណសម្តេចណាស់ ហើយថា ប្រុងនឹងរួបរួមគ្នាដែរ ពុំចង់បែកបាក់ទេ។

សម្តេចព្រះសង្ឃរាជក៏លោកមានអំណរ។ ខ្ញុំដែលជាអ្នកនាំការណ៍ក៏បានសប្បាយដែរ ប៉ុន្តែ ពេលដែលគណបក្សសង្គមសាធារណរដ្ឋកំ ់ពុងចាក់បេក្ខជនឃោសនាទើបៗ តែឯង មុននឹងដល់ថ្ងៃបោះ ឆ្នោតចំនួន ១៣ ថ្ងៃ គឺថ្ងៃ ២១ សីហា ១៩៧២ ពេលព្រឹក ស្រាប់តែ..ខ្លាំង ! គ្រាប់បែកបាស្ទិកមួយផ្ទុះឡើង សំដៅទៅប្រុងផ្តាច់ជីវិតលោក ស័ង ង៉ុកថាញ់ រដ្ឋមន្ត្រីទី ១ និងជារដ្ឋមន្ត្រីការបរទេសខ្មែរ!

បះសក់! អសអ្នកក្រុងភ្នំពេញ និងអ្នកប្រវត្តិសាស្រ្តបើកភ្នែកធំៗ ។

ន! អ្នកនយោបាយខ្មែរ លេងឡើងសុទ្ធតែអីចឹង។ លោក សឹង ង៉ុកថាញ់ ប្រាប់ពួកកាសែតថា អ្នកដែលប្រាថ្នាជីវិតលោក ជាអ្នកធ្លាប់ធ្វើទាហាន មិនមែនសត្រូវក្រៅទេ គឺសត្រូវក្នុងតែម្តង លោកថា លោកឥតខ្លាចស្លាប់ទេ ព្រោះជីវិតលោក លោកយកមកឱ្យខ្មែរប្រើហើយបើមានគេពុំពេញចិត្តនឹង លោក គេចង់បំបាត់លោក ក៏មិនដឹងជានឹងគិតធ្វើម្តេច។ ផ្សងៗ ទៅចុះ ស្លាប់ក៏ស្លាប់ទៅ !

មែន លោក សឺង  ង៉ុកថាញ់ ជាមនុស្សនយោបាយតាំងពីឆ្នាំ ១៩៣០ ធ្លាប់ចោលស្រុក ចោល ស្រែ ចោលម៉ែ ចោលឪ ធ្លាប់ជាប់គុកច្រវាក់ ធ្លាប់នៅព្រៃស៊ីអត់ស៊ីឃ្លាន, ធ្លាប់ត្រូវគេជេរតាមវិទ្យុយ៉ាង ចាស់ដៃកាលពីឆ្នាំ ១៩៦៣ ថាក្បត់ជាតិ លោកទើបតែបានអើតក្បាលមកជាន់ស្រុកខ្មែរ ក្រោយព្រឹត្តិការណ៍ ១៨ មីនា ក៏ស្រាប់តែរងគ្រោះអាក្រក់ទៀត មករងថ្មបាក់ ត្រូវកូនសិស្សជេរពេញមេឃ កាលពី ខែមេសា ហើយមិនទាន់បានស្ងប់ផង ក៏ស្រាប់តែមកប៉ះស្លាប់បែបធូរលួយយ៉ាងនេះទៅទៀត។ គិតទៅ ដូចជាអាសូរលោកដែរ។ នេះសំដីអ្នកត្រិះរិះគេពោល។

ចំណែកខ្ញុំ ខ្ញុំភ្ញាក់ធ្លាក់ទឹកចិត្តថា ឱ! អ្នកនយោបាយខ្មែរ! បើលេងឡើង សុទ្ធតែប្រាថ្នាបំបាត់ ស្រម៉ោលគ្នាអីចឹង តើថ្ងៃណាឡើយនឹងបានថ្កុំថ្កើង! ឱ! បើមិនបានថ្កុំថ្កើងទេក៏ហីទៅចុះ អាណិតតែកុំឱ្យ រឹតតែឱនថយទៅទៀតនោះ។ ការកាប់សម្លាប់គ្នានេះ មុខគួរឱ្យស្តាយណាស់។ រាប់ឈ្មោះមើល អ្នកចេះ ដឹងខ្មែរយើងមានប៉ុន្មាននាក់? បើរវល់តែលបកាប់សម្លាប់គ្នាអីចឹង ចុងចប់វានៅសល់អ្វី? មាននរណា ដឹកនាំនរណា? បើយើងមិនពេញចិត្តនឹងលោក សឹង ង៉ុកថាញ់ ទេ លោក សឺង ង៉ុកថាញ់ ចេះខ្មែរដែរតើ ម៉េចមិននិយាយប្រាប់ឱ្យត្រង់ទៅ? ម្យ៉ាងទៀតលោក សឺង ង៉ុកថាញ់នេះ គាត់មកដើម្បីបង្គ្រប់កិច្ចដែល ថាត្រូវបង្កើតឱ្យមានស្ថាប័នជាតិគ្រប់សព្វទេតើ ចប់ហើយគាត់ឈប់ គាត់មានក្រាញចងដឹកនាំឯណា? ម៉េចក៏មិនចាំមើលគាត់សិន?

ប៉ុន្តែ ចរិតខ្មែរយើង!!! អើធ្វើម៉េចបើវាអីចឹងពីកំណើតមកហើយនោះ!!! ក៏ពុំបាន! ខ្ញុំមិនដឹងជា ឈ្មោះនៅក្នុងក្រុមណាទេ ដែលប្រុងសម្លាប់លោក សឺង ង៉ុកថាញ់ នោះ ប៉ុន្តែខ្ញុំជឿថា អ្នកនោះក៏គឺ ជាខ្មែរដែរ។

-ថ្ងៃទី ៣ កញ្ញា ១៩៧២ បោះឆ្នោតជ្រើសរើសសភាជាតិ

 – ថ្ងៃទី ១៧ កញ្ញា ១៩៧២ បោះឆ្នោតជ្រើសរើសព្រឹទ្ធសភា

ពេលទាំងនោះបានប្រព្រឹត្តិទៅដោយស្រួល ។ លុះដលចូលមកខែតុលា ១៩៧២ មានការកត់    សម្គាល់មួយទៀត គឺថ្ងៃទី ១៤ តុលា ១៩៧២ គណ:មន្ត្រីរបស់លោក សឺង ង៉ុកថាញ់ តាំងឡើងដោយក្រឹត្យលេខ ១៨៧/៧២PRK ថ្ងៃ២១ មីនា១៩៧២ បានដាក់ពាក្យសុំលាលែង ចំពោះលោកសេនាប្រមុខ លន់ នល់ ។

លោកសេនាប្រមុខប្រធានាធិបតីបានចាត់ឱ្យលោក ហង្ស ធុនហាក់ អគ្គលេខាធិការគណបក្ស សង្គមសាធារណរដ្ឋឱ្យរៀបចំគណ:រដ្ឋមន្រ្តីថ្មី។ គណ:រដ្ឋមន្រ្តីថ្មីកើតឡើងដោយក្រឹត្យលេខ ៧៨៩/៧២ PRK ចុះថ្ងៃ ១៥ តុលា ១៩៧២ មានទេសរដ្ឋមន្ត្រី ៤ រូប  រដ្ឋមន្រ្តីថ្មី ១១ រូប និងរដ្ឋលេខាធិការ ៥ រូប ។

– ថ្ងៃ ១៧ តុលា គណ:រដ្ឋមន្រ្តីថ្មី បានបង្ហាញខ្លួនចំពោះសហសភា។ ហើយទាំងអស់គ្នា ចាប់ធ្វើការតទៅ ដោយមានសង្ឃឹមថាបានចម្រើនស្រុកទេស។

សរុបក្នុងឆ្នាំ ១៩៧២ យើងបែកបាក់គ្នាយ៉ាងខ្លាំង ហើយផ្លូវជាតិលេខ ១ ពីអ្នកលឿងទៅ     ស្វាយរៀង យើងទៅលែងរួច ទីខេត្ត ទីក្រុងរួញចូលក្នុងបន្តិចម្តង ។

យើងចូលមកក្នុងឆ្នាំ ១៩៧៣។

យើងរាលគ្នាជឿថា ប្រហែលជាយើងឆ្អែតឆ្អន់នឹងរឿងប្រទូសរ៉ាយ ជេរគ្នា បាតុកម្ម កូដកម្ម ស្នើ ទៀតហើយ។ ប៉ុន្តែចាំមើល?

ថ្ងៃទី ២៧ មករា ១៩៧៣ អាមេរិកាំង និងយួនខាងជើងចុះហត្ថលេខាឈប់ច្បាំងនៅយួនខាង    ត្បូង។ លោកសេនាប្រមុខខ្មែរ បញ្ជាឱ្យទាហាននៅក្នុងបន្ទាយ ទុកឱកាសឱ្យយួនខាងជើងដកទ័ពទៅ   ស្រួលៗ ចេញទៅវិញ។

យើងមានពន្លឺសង្ឃឹម! ប៉ុន្តែស្រាប់តែព្រឹបៗ ពួកព្រែកកន្ទ្រិបទ័ពរដ្ឋាភិបាលស្ទើរគ្រប់កន្លែង ធ្វើឱ្យ ស្លាប់ខ្មែរក្មេងចាស់ទ្វេលើសដើម! ខាងណេះគ្រាប់បែក ខាងណោះផ្តក់ចូល ! បូកគ្នាទៅម៉ដ្ឋៗទាំងភូមិ ! នរណាចាញ់? នរណាឈ្នះ? ឆ្លើយថា ខ្មែរចាញ់ទាំងអស់គ្នា ! នេះរឿងហ្នឹង។ ឯរឿងកិច្ចការរដ្ឋវិញ លោកកុង្សីយ កិច្ចការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តម្រូវឱ្យឡើងថ្លៃប្រេងឥន្ទនៈ ក៏ដូចជាដាសអាគមចិនតម្លើងថ្លៃអីវ៉ានគ្រប់ជំពូកព្រឹបៗ ដូចទឹកចាល់ទំនប់។ បុគ្គលិកសិក្សាខ្មែរអត់ទ្រាំពុំបាន ក៏ផ្តើមធ្វើកូដកម្ម (ថ្ងៃ ១០-២-៧៣) គគ្រឹកឡើង គ្របង្រៀនឈប់បង្រៀនសិស្ស ព្រោះបញ្ហាប្រកួតនឹងទំនិញឡើងថ្លៃ។ ក្នុងថ្ងៃ ទី ២៣ កុម្ភៈ ម៉ោង ៨ កន្លះព្រឹក នៅមហាវិទ្យាល័យគរុកោសល្យ, គណ:កម្មការចម្រុះតំណាងគ្រប់ក្របខណ្ឌ បុគ្គលិកសិក្សាខ្មែរដែលមានលោក សេង ប៊ុនថន ជាប្រធាន និងមានគ្រូបង្រៀនប្រមាណ ៤oo នាក់រួមផង បានធ្វើសន្និសីទសារពត៌មានស្តីអំពីគោលបំណង ដ៏ពិតប្រាកដនៃកូដកម្មរបស់បុគ្គលិកសិក្សាខ្មែរ។ លោក    សេង ប៊ុនថន បុគ្គលិកសិក្សាធ្វើកូដកម្មនេះ ដោយសារក្រពះដែលប្រទាំងប្រទើសនឹង រឿងឡើងថ្លៃទំនិញគ្រប់សារពើ។ បើរដ្ឋាភិបាលមិនដោះស្រាយទេ កូដកម្មនឹងបន្តទៅទៀត! រឿងកូដកម្មបានលាតវែងតទៅ អ្នកខ្លះកាន់ជើងថាគ្រូធ្វើនេះត្រូវ ព្រោះថាប្រយោជន៍រួម ត្រូវតែទាមទារ។ អ្នកខ្លះថា ពួកលោកគ្រូ អ្នកគ្រូធ្វើនេះមិនសម ព្រោះបើទាមទារផង បង្រៀនសិស្សផងទៅវាម៉េច? លេងទម្លាក់ការចោល ទុកឱ្យកូនខ្មែរគ្មានវិជ្ជាព្រោះរឿងទាមទារនោះ វាមិនស្លាប់ហើយ? កូនខ្មែរ ភៀសពីព្រៃ, កូនអ្នកក្ររហេមរហាម កូនគេកូនឯងដែលគ្មានប្រាក់កាសនឹងជួលសាលារៀននោះ វាមិននៅតែខ្វាក់ពពើមទៅហើយ? ជាមួយគ្នានឹងកូនយើងរាល់គ្នានៅផ្ទះ, នៅ Lycée Descartes គេបង្រៀន គគ្រឹក រួចកូនថោះកែចិនធំៗ អ្នកធំៗ គេមានគ្រូបង្រៀនដល់ផ្ទះ ខ្លះសុំទៅរៀនរហូតបរទេស។ ពួក អស់នោះចេះដឹងត្រឡប់មកវិញ ចៅហ្វាយយើងទៀត ! ទៅណាវាល្បែង!

នៅថ្ងៃអាទិត្យ ទី៤ មីនា ១៩៧៣, នៅសាលមហោស្របទន្លេបាសាក់ មានបើកសម័យប្រជុំមួយ ពិភាក្សាស្តីពីបញ្ហាទំនិញឡើងថ្ងៃនោះ ឆ្លើយតបនឹងកូដកម្មបុគ្គលិកសិក្សា។ អស់លោកអ្នកធំ មានលោក លន់ ណុន, អ៊ុត ធុយ, សាផុន សារ៉ាស៊ី, ថាច់ ជា, កែវ ម៉ុងត្រី, ឡង  បុត្តា, ស៊ុម  ឃុំ។ និយាយទៅនិយាយមកគ្មានដំណោះស្រាយអ្វីនាំឱ្យកក់ក្ដៅសោះឡើយ។ ហើយដែលនាំឱ្យលោក លន់ ណុន ក្តៅក្រហមមុខនោះ គឺមានគ្រូបង្រៀនម្នាក់ចោទលោកថា លោកមាន ៩២ លានដុល្លារ U.S. ផ្ញើនៅ បាំងស្វីស Banque Suisse !

ហ៊ី ស្តាប់ទៅឈឺក្បាល ។

រឿងនេះមិនទាន់ចប់ផង លេចរឿងលោកផ្កាយ១ អ៊ុង ញ៉ុច ចៅហ្វាយខេត្តកំពត ទះកំផ្លៀង លោកគ្រូ គង់  លីម, មកទៀត គ្រូៗ ក៏រំជួលឡើងទៀត។ លោកអភិបាលក្រុងយើងយល់ថាបែបមិនស្រួល ក៏ធ្វើដីកាក្រុងថ្ងៃ ១៤ មីនា ១៩៧៣ ហាមប្រាមមិនឱ្យធ្វើបាតុកម្មផ្តេសផ្តាស !

ប៉ុន្តែមានប្រសិទ្ធភាពឯណា? ថ្ងៃទី ១៧ មីនា ១៩៧៣ មានមីទីងគ្រូបង្រៀនគគ្រឹកគគ្រេង នៅ មហាវិទ្យាល័យគរុកោសល្យ, មានបដាជាច្រើនប្រឆាំងនឹងរដ្ឋាភិបាល ដូចជាថា ៖ អ្នកដឹកនាំល្មោភអំណាច + ខ្វះសមត្ថភាព = កប់ខ្លួនឯង, ជាដើម ។

ម៉ោង ១១ ជិតឈប់ប្រជុំទៅហើយ ក៏ស្រាប់តែក្តុង! ស្លាប់ ២ នាក់ របួសច្រើននាក់ ! ផ្ទុះ គ្រាប់បែក !

-ហើយព្រឹត្តិការណ៍ធំបំផុត ស្ទើរក្រឡាប់ផែនដីក្នុងថ្ងៃដដែលនោះ គឺវេលាម៉ោង ១ កន្លះ ថ្ងៃ ត្រង់ ស្រាប់តែ ក្តំាង! ក្តំាង! ពីរគ្រាប់ក្បែររបងវិមានសាធារណរដ្ឋចំការមន! យន្តហោះ T 28 បើកបរដោយឈ្មោះ ស កុត្រា ដែលថាត្រូវជាអតីតស្វាមីនាងបទុមបុប្ផា បានទំលាក់គ្រាប់បែកនេះ សំដៅលោកប្រធានាធិបតី លន់ នល់ ដែលវេលានោះក៏មានប្រជុំគណ:រដ្ឋមន្ត្រីផង។

ក្នុងថ្ងៃនោះមានការបន្ទាន់ៗជាប់ៗ គ្នា។ បន្ទាប់ពីទំលាក់គ្រាប់បែកនេះភ្លាម លោកប្រធានាធិបតី លន់ នល់ ថ្លែងសារប្រាប់រាស្ត្រឱ្យរួបរួមគ្នា រួចលោកថ្លែងប្រកាសភាពអាសន្ន ប្រទេសជាតិស្ថិតនៅ ក្នុងភ័យន្តរាយ, លោក គាំ រ៉េត រដ្ឋមន្ត្រីឃោសនាការ ថ្លែងអំពីវិធានការការពារ ហើយឱ្យរាស្រ្តនៅឱ្យស្ងៀមកុំភ្ញាក់ផ្អើល, លោក ថោង លឹមហួង ធ្វើសន្និសីទកាសែត, ហើយបំរាមគោចរប្រកាសពីម៉ោង ២១ ដល់ម៉ោង ៤ ភ្លឺ។

ព្រឹត្តិការណ៍ច្រើនស្អេកស្កះ រកកត់មិនទាន់។ បន្ទាប់មកមានការចាប់ពពួកស្តេចឃុំមួយកន្លែង។ បន្ទាប់មក ខ្មែរយើងក៏ហៅកប៉ាល់ហោះអាមេរិកាំង ឱ្យចូលមកជួយទម្លាក់គ្រាប់បែកនៅជុំវិញរដ្ឋធានី       ភ្នំពេញតែម្តង ព្រោះពេលនោះយួននិងខ្មែរខាងម្ខាងទៀតនោះ ចូលមកកាន់តែកៀកនឹងក្រុងភ្នំពេញ ណាស់ទៅហើយ ដូចនៅអរិយក្សត្រនេះជាដើម។

ប៉ុន្តែបែបធូរបន្តិចមកវិញ។

ថ្ងៃទី ១៧ មេសា ១៩៧៣ លោក នល់-នល់ ថ្លែងសារជម្រាបរាស្ត្រអំពីចំណងនិងបំណងរបស់ លោកក្នុងការបង្កើតក្រុមប្រឹក្សាជាន់ខ្ពស់​ខាងនយោបាយមួយ ( Un Haut Conseil Politique ) សម្រាប់កាន់ កាប់ការដឹកនាំរួមគ្នា ចំពោះបញ្ហាធំៗ របស់ជាតិ។

ស្តាប់ពាក្យនេះ សហសភាពេលប្រជុំពេញអង្គ ជាសមាជសភាក្នុងសម័យប្រជុំវិសាមញ្ញនៅថ្ងៃ ចន្ទ ទី ២៣ មេសា ១៩៧៣ សម្រេចចិត្តគាំទ្រម៉ឺងមាត់នូវគំនិតពង្រីកមូលដ្ឋាននយោបាយនេះ ហើយដើម្បី     អនុវត្តនូវកម្មវិធីនេះ រដ្ឋាភិបាលពិសេស ត្រូវបានអនុញ្ញាតឱ្យចាត់វិធានការតាមបញ្ញត្តិក្នុងរយ: ៣ ខែ។

ថ្ងៃ ២៤ មេសា ១៩៧៣ លោក លន់-នល់ ថ្លែងសារជម្រាបខ្មែរអំពីសមាសភាពឧត្តមក្រុមប្រឹក្សា    នយោបាយ។

១- ផ្អាកសម័យប្រជុំនៃសភាជាតិនិងព្រឹទ្ធសភាសម្រាប់រយ:ពេល ៦ ខែ។

 ២-បង្កើតគណៈកម្មាធិការមួយមានឈ្មោះថា ឧត្តមក្រុមប្រឹក្សានយោបាយដែលមានភារជួយលោកប្រធានាធិបតីនៃសាធារណរដ្ឋ ក្នុងកិច្ចការដឹកនាំប្រទេសជាតិ។

ក្នុងរយៈពេលជិត ៦ ខែនេះ ឧត្តមក្រុមប្រឹក្សានយោបាយ អាស្រ័យដោយសម្លេងនៃលោក        ប្រធានាធិបតីសាធារណរដ្ឋខ្មែរ នឹងធ្វើសេចក្តីសម្រេចផ្សេងៗ ដែលនឹងត្រូវឱ្យរដ្ឋាភិបាលពិសេសអនុវត្ត។

ការចាត់តាំងនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានយោបាយ នឹងត្រូវកំណត់ដោយបញ្ញត្តិ នៃលោកប្រធានាធិបតីសាធារណរដ្ឋ។

មកដល់ត្រង់នេះ យើងដូចជាបានសប្បាយ ត្បិតបានឃើញអស់លោកវរជនទាំងអស់ បានរួប រួមគ្នាឡើងវិញដូចប្រាថ្នា។

ប៉ុន្តែមកនឹកឆ្ងល់ត្រង់ណេះបន្តិច គឺថ្ងៃទី ២ ឧសភា ១៩៧៣ គណ:រដ្ឋមន្ត្រីលោក ហង្ស ធុនហាក់ បានលាលែង ហើយថ្ងៃទី ១៦ ឧសភា ១៩៧៣ លោក អ៊ុន តាំ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សា នយោបាយនោះ ស្រាប់តែសម្រូតខ្លួនចុះមករៀបចំគណ:រដ្ឋមន្ត្រីបន្តពីលោក ហង្ស ធុនហាក់ ហើយចំពោះរឿងនេះ សូមរំលឹកឡើងវិញបន្តិចថា គណរដ្ឋមន្ត្រីស្រុកខ្មែរយើងដូចជាផ្លាស់ប្តូរញឹកញាប់ ពេក រកតែនឹងទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ឱ្យបានជាក់ច្បាស់ប្រាកដប្រជាពុំទាន់។ គិតមើលចុះតាមដែលខ្ញុំកត់ត្រា : ពីខែកុម្ភ: ១៩៥៨ ដល់ខែមីនា ១៩៧o យើងមានគណ:រដ្ឋមន្ត្រី ៤៥ លើក ដែលក្នុងនេះ មានគណ:រដ្ឋមន្ត្រីគណបក្ស ២០ លើក គណ:រដ្ឋមន្ត្រីសង្គមរាស្ត្រនិយម ២៥ លើក។ ហើយ នាយករដ្ឋមន្ត្រីឃើញតែមនុស្សដដែលៗ ច្រើនលើកដូចជា ញឹម ញ៉ែន តែឋាន:នេះយ៉ាងម៉េចមិនដឹង តែការមិនឃើញចម្រើនទៅមុខសោះ ផ្លាសចុះផ្លាស់ឡើង មនុស្សដដែលៗ ដើរជ្រុំជើងលើដានចាស់ដដែលៗ មិនឃើញឈានទៅមុខសោះ។ តាំងពីឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៧o មានឈ្មោះមនុស្សដែល មានវាសនាធ្វើនាយក ១៧ នាក់ ដូចជាសីហនុ ១៥ លើកម្នាក់ឯង សម្តេច ប៉ែន-នុត ៦ លើកម្នាក់ ឯង។ អ៊ុម -ឈៀងស៊ីន និង នរោត្តម កន្តុល​៣ លើកម្នាក់។ ហើយកាលនីតិកាលទី ១ នៃសភាជាតិនោះ នាយករដ្ឋមន្រ្តីមានលោក ឈាន-វិម,     ប៉ែន-នុត, យម -សំបូរ, សៀវ-ស។ នីតិកាលទី ២ មានលោក ហ៊ុយ-កន្ទួល។

ឃើញថា វរជនខ្មែរទាំងនោះ លាយចម្រុះគ្នាទាំងអ្នកល្មោភអំណាច អញនិយម កៅអីនិយម ផ្តាច់ការនិយម ព្រមទាំងអ្នកជាតិនិយមខ្លះផង។

ការផ្លាស់ប្តូរហើយវិលទៅវិលមក ធ្លាក់ទៅលើតែបុគ្គលម្នាក់ៗ និងពួកក្រុមម្នាក់ៗ នេះហើយ ដែលទុកដូចជាទម្លាបម្យ៉ាងរបស់អ្នកកាន់អំណាចស្រុកខ្មែរ ហើយដែលគេប្រកាន់ថាជាទម្លាប់ «ល្អ» របស់គេទៀត។ ហើយមកដល់ត្រង់នេះ ខ្ញុំសូមបញ្ចាប់កំណត់របស់ខ្ញុំពេលនេះចុះ តែសូមឱ្យអស់លោកអ្នក អានពិចារណាឡើងវិញ តាំងពីក្រោយព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ រហូតមកដលនេះ តើយើងបំផ្លាញ ពេលឱ្យខូចទទេៗ ទៅប៉ុណ្ណា? យើងប្រឈ្លោះគ្នាប្រខាំគ្នា គ្មានមេ គ្មានកោយ អស់ពេលប៉ុន្មាន? តើ យើងអាចនឹងរិះគន់ការបែកបាកដ៏អាស្រូវនេះបានដែរទេ?

សូមអស់លោកអ្នកមេត្តាគិត ហើយឆ្លើយចំពោះរឿងនេះផងចុះ។ តើ ចរិតខ្មែរ យើងអាចផ្លាស់ ខ្លះបានទេ? ដើម្បីកសាងសាធារណរដ្ឋតទៅទៀតនោះ?

អនុសាសន៍

គំនិត(មានតែអញ)

មានវរជនខ្លះ ដែលធ្វើជាប្រធានអង្គប្រជុំណាមួយ សប្បាយណាស់នឹងនិយាយបែកជាអូរហូរ ជាស្ទឹង រហូតដល់ទៅជ្រុលរឿងខុសរបៀបវារទៅក៏មាន។ បញ្ចេញយោបល់មកសុទ្ធតែបញ្ជាក់ថា គិតនោះត្រឹមត្រូវហើយ យោបល់នោះល្អហើយ ឱ្យសមាជិកអង្គប្រជុំអនុម័តតាមចុះ។ កាលបើមានសមាជិកណាជំទាស់ ឬសុំជូនយោបល់ខ្លះនោះ រមែងតែងមិនសប្បាយចិត្តសោះឡើយ ព្រោះទំលាប់អាត្មា ឯងនោះចេះតែមើលងាយគេ ថាគេមិនកើតទេ គេមិនដល់ខ្លួនទេ គេល្ងង់, ឯខ្លួនវិញគឺជាអ្នកចេះជ្រៅជ្រះ ជាបញ្ញវ័ន្ត ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតរបស់អ្នកដទៃជាគំនិតកាក មិនបានការ មិនត្រូវមកបញ្ចេញអ្វីទេ។

គំនិត(អញនិយម) នេះ ជាគំនិតផ្តាស់ហួសហេតុ ពីព្រោះគេឯទៀតក៏ជាមនុស្សមានវិចារណ​ញ្ញាណដែរ ធ្លាប់ត្រិះរិះរកហេតុផលក្នុងរឿងណាមួយដែរ គេចេះដឹងមួយបែប យើងចេះដឹងមួយបែប ត្រូវបញ្ចេញយោបល់ផង ដើម្បីរកលទ្ធផលល្អឱ្យអង្គប្រជុំ ឬសមាគម។ ពីព្រោះតាមធម្មតា សូម្បីអ្នក សិល្បៈដូចគ្នា ក៏មិនអាចទទួលភារ:ធ្វើការឱ្យបានសព្វគ្រប់តែម្នាក់ឯងបានទេ វាត្រូវតែអ្នករបាំពូកែខាង រាំ អ្នកគូរពូកខាងគូរ អ្នកភ្លេងពូកែខាងភ្លេង មួយមុខៗ ពិសេសៗ ដោយខ្លួន វាមិនមែនអ្នករបាំចេះរាំ ហើយចេះគូរ ចេះលេងភ្លេងសព្វគ្រប់នោះទេ ឬក៏អ្នកភ្លេងចេះទាំងគូរទាំងរារែកនោះទេ។ ម្នាក់ៗមានវិជ្ជាជីវ:ពិតប្រាកដដោយៗខ្លួន។ យ៉ាងណាមិញ យើងប្រធាន យើងចេះដឹងតាមសមត្ថភាពយើង ឯគេឯទៀត គេក៏មានចំណេះអ្វីផ្សេង សម្រាប់និយាយឱ្យយើងស្តាប់ដែរ គួរតែយើងឱ្យគេនិយាយផង ស្តាប់គេផង ព្រោះតាមសង្កេតមក ធម្មតាប្រធានអង្គប្រជុំច្រើនតែយល់លើការទូទៅ ឯការកំប៉ិកកំប៉ុក កំទេច កំទីរាយរងនោះ គេសមាជិកគេយល់គេដឹង។

នៅប្រទេសខ្មែរយើង ច្រើនតែអ្នកមានតម្រិះចេះដឹង មានសញ្ញាប័ត្រធំៗ ចេញមកពីបរទេស មកនាំឱ្យខូចរបៀបរៀបរយក្នុងសង្គមខ្មែរ ពីព្រោះតែលោកនិយាយនៅក្នុងពេលប្រជុំម្តងៗ ច្រើនតែអួត ថា នៅអឺរ៉ុបឬនៅអាស៊ីទ្វីប គេច្រើនតែប្រើរបៀបដូចលោកពន្យល់ជូននេះឯង ត្រង់ពិតឬមិនពិត ស្រេច តែលោកដ៏មហិមានោះ អធិប្បាយរៀបរាប់ទៅតាមការយល់របស់បុគ្គលនោះទេ មិនមែនជាវិជ្ជាដែល បានរៀននោះយកមកពន្យល់នោះទេ គឺជាយោបលម្នាក់ៗទេតើ។ ប៉ុន្តែគ្នាដែលមានតម្រិះតិចតួចស្តួច ស្ដើង មិនហ៊ានជូនយោបល់ ដោយខ្លាចអ្នកមានតម្រិះនោះមើលងាយខ្លួន ! នេះហើយចរិតខ្មែរសម័យ សតវត្សរ៍ទី ២០ នេះ សម្គាល់មើលចុះ អ្នកដែលបានដឹកនាំមុនៗ កន្លងមកនេះ ច្រើនតែអាត្មានិយម មានតែអញទើបដឹកនាំប្រទេសជាតិទៅបាន គ្មានបុះចិត្តរួបរួមជួយពន្យល់ជូនយោបល់ ឃើញត្រូវ ហើយនាំគ្នាធ្វើតាមនោះទេ មានតិចណាស់ ច្រើនតែប្រជុំរួចចប់តែម្តង ត្រង់អនុវត្តទៅតាមនោះ សូន្យតែម្តង។ នេះហើយ    ប្រជុំច្រើនបានការតិច ប្រទេសចំរើនលូតលាស់ គេប្រជុំតិចធ្វើការបានច្រើន ទើបទៅមុខបាន ខ្ញុំសម្កាល់មើលមកឃើញបែបនេះច្រើន។

ហេតុនេះ យើងគួរអនុលោមស្តាប់សម្លេង ស្តាប់យោបល់របស់សមាជិកឯទៀតខ្លះផង។ កុំអញនិយមពេក។

គំនិតលួចយកយោបល់គេ

មានជនជាតិយើងខ្លះ ចូលចិត្តយកយោបល់អ្នកដទៃមកធ្វើជាយោបល់ឯងផ្ទាល់ ជាហេតុនាំឱ្យ អ្នកបញ្ចេញយោបល់ លែងចង់បញ្ចេញយោបល់ខ្លួនតទៅទៀត។ បញ្ចេញធ្វើអ្វី បើប្រធាន បើមិត្តនោះ យកយោបល់ខ្លួនទៅធ្វើជាយោបល់គេទៅហើយ។ ដូចយ៉ាងឈ្មោះ ម៉ី បានជូនយោបលនៅពេលប្រជុំ ធំ ហើយអង្គប្រជុំបានយល់ស្របទាំងស្រុង។ ដល់ពេលសម្រេច ស្រាប់តែបាត់ឈ្មោះ ម៉ី ទៅចេញ ឈ្មោះ សុក្រ-សៅរ៍ ឯណាឯណោះទៅវិញ។

កាលពីជំនាន់ចាស់ សម្តេចសីហនុ តែងសួរយោបល់នៅអង្គប្រជុំរាល់ពេលហើយចម្រាញ់ យកយោបល់ណា ៤-៥ ដែលល្អៗ មក ស្រែកថា ៖ បើតាមយោបល់ខ្ញុំ គួរតែធ្វើយ៉ាងនេះយ៉ាងនោះ។ ត្រង់ថា បើធ្វើតាមលោកនេះ លោកនោះ ឬធ្វើតាមយោបល់លោកនេះលោកនោះ ដែលគាត់សរសេរ ក្នុងសៀវភៅនេះនោះ ជាហេតុនាំឱ្យមូសយោបល់នោះគ្នាពេញចិត្តផងនោះ ឥតថាទេថាសុទ្ធតែជា គំនិតឯង យោបលឯង។ បើរវលដូច្នេះ តើនរណានឹងជួយឱ្យយោបល់ល្អៗ ទៀត?

គំនិតលួចយោបល់គេនេះ ល្មមអស់លោកខ្លះផ្លាស់ចេញហើយ។

គួរតែពិគ្រោះសាកសួរ

មានវរជនខ្លះបានធ្វើធំហើយ នៅមិនទាន់ចេះរបៀបដេកដើរឈរអង្គុយ តាមបែបបទជាខ្មែរនៅ ឡើយទេ ច្រើនតែប្រើអាកប្បកិរិយា ឥរិយាបថឆ្គងៗ មិនសម។ ទាំងប្រពន្ធទាំងប្តី នៅបែបជាជន សាមញ្ញធម្មតាតាមនិស្ស័យទៅ។

ដើម្បីសមរម្យនឹងឋាន:យើង ដែលជាអ្នកជួយដឹកនាំប្រទេសជាតិ គប្បីយើងពិគ្រោះសាកសួរ អស់លោកចាសទុំ កាន់ទំនៀមទំលាប់ជាតិឆ្អិនឆ្អៅ ឱ្យលោកជួយណែនាំពន្យល់ផងទើបល្អ។ ពីព្រោះ យើងអ្នកធំ គឺជាតំណាងជាតិមួយផ្នែក កុំយើងច្រងេងច្រងាងឆ្គងៗ នោះ តោងតែគិតមុននឹងធ្វើអ្វីៗ ថា អាត្មាអញជាតំណាងជាតិខ្មែរទាំងមូល បើអាត្មាអញធ្វើខុស គឺនាំឱ្យជាតិបរទេសមើលងាយជាតិខ្មែរ ទាំងមូលតែម្តង។ ម្យ៉ាងទៀត បរទេសក៏ដូចជាពិបាកយល់ សភាពទន់ភ្លន់របស់ជាតិខ្មែរខ្លាំងណាស់។ ធំហើយគប្បីយកចាស់ទុំជាទីប្រឹក្សាខ្លះទើបល្អ។ យើងបានធ្វើធំដោយតម្រិះវិជ្ជា ពុំមែនដោយចេះដឹង ទំនៀមទំលាប់ប្រពៃណីទេ ដូច្នេះយើងកុំអួតថាយើងចេះ យើងយល់ទំនៀមទំលាប់ប្រពៃណីខ្មែរនោះ។

គំនិតខ្លាចនយោបាយ

មានវរជនយើងខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅក្នុងរង្វងនយោបាយ។ រដ្ឋការចាត់ ឱ្យទៅកាន់ការនយោបាយដើម្បីជួយប្រទេសជាតិខ្លួន តែបែរជាទៅនិយាយនឹងជនបរទេសនោះថា៖ ខ្ញុំ ស្អប់នយោបាយណាស ខ្ញុំសុំតែរស់ទេ ខ្ញុំមិនចេះធ្វើនយោបាយទេ ! ។

ស្តាបចុះ ! បើមានមនុស្សរបៀបហ្នឹងច្រើននាក់ ប្រទេសជាតិមុខជានឹងពិបាកពុំខាន។ គួរចូល ! បើថាខ្លាចនយោបាយហើយ ម្តេចឡើយក៏ទៅស្ម័គ្រស្ម័គេទៅនៅធ្វើការ ត្រង់កន្លែងដែលគេកំពុងធ្វើ នយោបាយ? នេះហើយចរិតខ្មែរ! ដែលចង់តែធំ តែមិនចេះដឹងមុខងាររបស់ឯងថាត្រូវធ្វើអ្វី។ ឬមួយ យល់ថាកន្លែងនោះជាកន្លែងខ្លាញ់ស្រឡាញ់ប្រមូលដុល្លារយកមកធ្វើមានបាន? ឱ! បើគិតបែបនេះ ខ្ញុំ សូមអង្វរ ! ព្រោះរបររកស៊ីសម្រាប់មានបាននោះមានគរគោកចេញទៅរកស៊ីទៅ កុំលេងយកកន្លែង ដែលគេត្រូវធ្វើនយោបាយ មកធ្វើជាកន្លែងជំនួញនោះ មិនស្រួលទេ ! ប្រយ័ត្នក្លាយទៅជាចម្បាំង រសាត់ដូចចក កូនចៅរកស្រុកនៅនឹងគេគ្មាន។ ត្រូវតែយើងបញ្ចុះស្មារតីជាអ្នកនយោបាយគ្រប់ៗ គ្នា ឱ្យគំរូដល់កូនចៅយើងតៗ ទៅទៀត កុំឱ្យខ្លាចនយោបាយ ឱ្យស្រឡាញ់នយោបាយ ស្រឡាញ់ស្រុកទេស កសាងស្រុកទេសដោយខ្លួនឯង។ កុំបាច់ពឹងនរណាឱ្យមកដើរនយោបាយជួស កសាងស្រុកជួសនោះ ! គ្មានបរទេសណាគេមានចិត្តល្អ ចង់ជួយដើរនយោបាយជួសខ្មែរ កសាងស្រុកខ្មែរជួសខ្មែរទេ ! បើថា ចង់យកផលប្រយោជន៍ពីខ្មែរនោះ វាមែន !

រឿងបរទេសនេះ ចាស់ទុំបរមបុរាណ យើងបានចងជាសុភាសិតថា៖ កុំទុកចិត្តបរទេស កុំទុក ចិត្តអភិនេស្ត្រម៍ កុំទុកចិត្តអភិប្រាយ។ ពីរឃ្លាខាងក្រោយទាក់ទងនឹងរឿងផ្សេងៗ ឯឃ្លាទី ១ ខាងដើម គឺ លោកប្រដៅយើងយ៉ាងច្បាស់ថា ឱ្យយើងប្រយ័ត្នឱ្យណាស់ចំពោះជនបរទេសនេះ ពីព្រោះគ្មានបរទេសណាស្មោះត្រង់នឹងយើងសោះឡើយ។ បរទេសណាដែលជួយយើង ដែលហុចភស្តុតាងថាគេពិត ជាស្មោះនោះ ក៏ព្រោះតែប្រយោជន៍គេពិតជាត្រូវបានពីយើងនេះទៅដែរ។ ឬក៏ហោចណាសប្រយោជន៍ យើងនិងគេវាស្របគ្នា គេត្រូវតែរួមនឹងយើងទៅ។

គំនិតសងសឹកសួរពូជ

នៅក្នុងសង្គមមនុស្សជឿនលឿន មនុស្សវិទ្យាសាស្ត្រ គេតែងស្គាល់គន្លងយុត្តិធម៌ល្អណាស់។ នៅក្នុងសង្គមខ្មែរ យើងគ្មានការអប់រំមនុស្សឱ្យស្គាល់គន្លងយុត្តិធម៌ មនុស្សធម៌ទេ។ មនុស្សច្រើនតែធ្វើ តាមតែខ្លួននឹកឃើញឬក៏ចេះតែដើរតាមគំនិតព្រៃផ្សៃសម័យបុរាណ ដែលចូលចិត្តតែសម្លាប់បំបាត់ពូជ នោះតែ   ម្តង។ គំនិតដែលចូលចិត្តសម្លាប់បផុតពូជនោះ ភាគច្រើន គឺជាគំនិតស្តេចដែលជាអ្នកកាន់អំណាច។ មានរឿងសម័យបុរាណច្រើនណាស់ ដែលនិយាយពីការកាប់សម្លាប់នេះ។ ស្ដេចម្ខាងកាល ដែលច្បាំងឈ្នះសម្លាប់ស្តេចម្ខាងបានហើយនោះ មិននៅស្ងៀមទេ ឱ្យពេជ្ឈឃាតតាមចាប់សម្លាប់បុត្រាបុត្រីស្ដេចម្ខាងទៀតឱ្យវិនាសសូន្យទៅទៀត។ ឯពួកស្តេចម្ខាងដែលបរាជ័យនោះ តែងតែរត់ចូលព្រៃ សន្សុំកម្លាំង ឬក៏រត់ទៅហៅបរទេសឱ្យចូលមកជួយកំចាត់ស្តេចដែលឈ្នះនោះវិញ ហើយកាប់សម្លាប់ បំបាត់ពូជគ្នាម្តងវិញ។ ម្លោះហើយ ការសម្លាបបំបាត់ពូជគ្នាក៏ដូចជាទៅជាទម្លាប់ទំនៀមប្រចាំវង្សក្សត្រ យ៉ាងធម្មតា។ ដូច្នេះអ្នកណាដែលដឹងខ្លួនថាចាញ់នោះតែងជញ្ជូនកូនចៅរត់ចូលព្រៃឬក៏ទៅនៅឯបរទេស ហើយបើមានឱកាសល្អ ស្តេចចាញ់នោះមិនញញើតសោះឡើយ ក្នុងការសងសឹកចំពោះស្តេច ឈ្នះ។

គំនិតនោះមានមកយូរសតវត្សរ៍ហើយ គួរតែបំបាត់ចេញ ប៉ុន្តែក្នុងសម័យសីហនុ នៅក្នុងសតវត្សរ៍ទី ២០ នេះ ក៏នៅឃើញមានដដែល។ អ្នកកាន់អំណាចនេះ កាលបើឱ្យគេចាប់យករូបបុគ្គលណា ម្នាក់ ដែលប្រឆាំងនឹងនយោបាយ​ខ្លួនយកទៅដាក់គុកហើយ ពុំមែនចប់ត្រឹមហ្នឹងទេ​ឱ្យគេជីកឫសជីកគល់ស្រាវជ្រាវរកខ្សែស្រឡាយបុគ្គល ជាប់ចោទនោះតទៅទៀត ចាបយកកូនប្រពន្ធគ្នាម​កធ្វើទោស អស់មួយ ពូជ។ ជួនកាលកូនធ្វើខុស​មិនធ្វើទោសតែកូនទេ ចាប់ដល់ទៅឪពុកគ្នា ជីដូនជីតាគ្នាថែមទៅទៀត។ ជួនកាលគ្រាន់តែជាពួកម៉ា​ក មិត្រភក្តិ ក៏ត្រូវតែបានទទួលទោសដែរ។ នេះហើយជារឿងគំនិត សងសឹក   អស់មួយពូជ។គំនិតបែបនេះពុំមែនជាគំនិតកីឡាទេ ជាគំនិតកំសាកថោកទាប។

ចាប់ពីនេះតទៅ យើងនៅក្នុងរបបសាធារណរដ្ឋ​ ប្រកបដោយលទ្ធិប្រជាធិបតេយ្យហើយ គប្បីអ្នកកាន់អំណាចរដ្ឋមេត្តា លះបង់គំនិតអប្រិយ៍នោះចេញទៅ។ សូមឱ្យមានសុភវិនិច្ឆ័យ សូមឱ្យមានយុត្តិធម៌ កុំយកកំហឹងគំនុំគុំគួនផ្ទាល់​ ខ្លួនមកបង្ករឱ្យកើតអគតិនៅក្នុងសង្គមឱ្យសោះ អ្នកកាន់អំណាចរដ្ឋមាន ស្មារតីស្មោះលើយុត្តិធម៌និងអហិង្សា ទើបប្រជាជនបានសុខកាយសប្បាយចិត្ត ហើយរឹតតែស្រឡាញ់ ទុកចិត្តចំពោះអ្នកកាន់អំណាចនោះ ការពារអ្នកកាន់អំណាចនោះ ដោយភក្តីភាពគ្រប់គ្នា ជាហេតុនាំឱ្យមានសាមគ្គីឡើង ធ្វើការអ្វីក៏បានឥតទទើសទទែងរួញសោះឡើយ។

គំនិតផ្តាញ់ផ្ទាលនៅប្រទេសស៊ីវិល័យ គេមានចិត្តកីឡាប្រចាំខ្លួន។ ទាស់ទែង វាយតបគ្នា ក៏គេធ្វើដោយមានចិត្តកីឡា គេពុំមែនផ្ចាញ់គ្នាដោយអំពើព្រៃផ្សៃទេ។ ចិត្តកីឡានោះយ៉ាងម៉េច? សូមលើកឧទាហរណ៍ចំពោះ តែរឿងវាយតប់គ្នាមកពោល។ ទឹកចិត្តកីឡានោះគឺថាម្នាក់ៗ គេមិនដែលលបកាប់ លបប្រហារចំពោះ គូសត្រូវទេ គេតែងប្រកាសដោយចេញមុខ បានសេចក្តីថាគេហៅគូសត្រូវរបស់គេនោះ ឱ្យចូលមកប្រយុទ្ធដោយត្រង់ៗ។ ពេលប្រយុទ្ធនោះ ពេលគូប្រយុទ្ធរបស់គេត្រូវដួលចុះដោយចាញ់កម្លាំងរបស់គេ នោះគេតែងបង្អង់ដៃជើងសិន ចាំឱ្យគូប្រយុទ្ធនោះ​ងើបឡើង​តស៊ូតទៅទៀត, ឬក៏គេតែងតែជួយលើកគូប្រយុទ្ធនោះឱ្យងើបឡើងហើយសួរថា៖ ម៉េចឯងអាចតស៊ូនឹងយើងតទៅទៀតបានទេ? បើគូប្រយុទ្ធនោះថាតស៊ូបានគេប្រយុទ្ធគ្នាតទៅទៀត។ បើគូប្រយុទ្ធនោះថាសុំឈប់ហើយគេក៏ជួយបបោស​អង្អែល និយាយដោយពាក្យផ្អែមល្ហែមថា៖​ អឺ យើងឈប់ទាសគ្នាត្រឹមណេះចុះ ! គេគ្មានបន្ទុះបង្អាប់ដោយ ពាក្យបញ្ឈីចិត្តដូច្នេះដូច្នោះទេ។ ខ្មែរយើងវិញ តាមដែលធ្លាប់ឃើញ ធ្លាប់ដឹង ពុំដូច្នោះទេ ដាល់តបគ្នាបើដាល់គូប្រយុទ្ធរបស់គេដួលហើយ ពុំនៅស្ងៀមទេគេស្ទុះទៅទាត់ធាក់ថែមទៀត ជួនកាលទាត់ធាក់ទាល់តែអ្នកចាញ់នោះសន្លប់បាតមាត់ឬក៏ស្លាប់ទៅផងក៏មាន។ គឺថាគេគ្មានពេលនិយាយតាមរបៀបកីឡាអ្វីទេ ដែលហៅថាឈ្នះសម្រាប់គេ ផ្ទាល់តែគូប្រយុទ្ធនោះដួលសន្លប់ឬក៏ស្លាប់ទៅ បើថានៅរស់ទេ គ្រាន់តែដួលគេយល់ថាពុំទានឈ្នះទេ។ នេះឯងចរិតខ្មែរ។

តើដែលហៅថាឈ្នះនោះ វាស្ថិតនៅលើយើងទាត់ធាក់គូប្រយុទ្ធ ដែលពុំបានតដៃសោះឱ្យសន្លប់ ឬឱ្យស្លាប់ពិតមែនឬ? ពុំមែនដូច្នេះទាំងអស់ទេ វាស្ថិតនៅលើពាក្យសុំចុះចាញ់របសគូប្រយុទ្ធឯណេះ ទេ។ ព្រោះថាជួនកាលគូប្រយុទ្ធនោះភ្លាត់ស្នៀតតែបន្តិច យើងកាចគេបំបាក់ទៅ ហើយអ្នកចាញ់សុំចុះចាញ់ហើយមិនត្រូវបណ្តុះគំនុំនឹងគូសត្រូវរបស់ខ្លួននោះតទៅទៀតទេ គួរតែឈប់ត្រឹមពេលនោះ នៅថ្ងៃក្រោយគួរសមគ្នាជាធម្មតា ទើបត្រូវតាមមនុស្សធម៌។

យើងដែលឈ្នះគេ ដោយវាយគេថែមក្នុងពេលគេដួលហើយនេះ អាក្រក់មើលពន់ពេកណាស់ វាមិនមែនជាអ្នកមានកីឡាអ្វីបន្តិចសោះ។

រឿងអាក្រក់មួយទៀត ដែលមនុស្សកីឡាគេមិនប្រព្រឹត្តិសោះ គឺរឿងលបកាប់ លបចាក់គ្នាពីខាងក្រោយខ្នង។ ទល់មុខនឹងគេពុំកើតលេងតាមផ្លូវស្ងាត់។ អំពើនេះជាអំពើថោកទាប ដែលមនុស្សសាមញ្ញគេថាពុំមែនជា «អ្នកលេង» មែនទែនទេ ភ័ជាអ្នកក្លែងក្លាយ, កំសាកញីលបកាប់ពីក្រោយ, គ្មានអ្នកណាគេសរសើរ គេឱ្យតម្លៃថាក្លាហាន ថាមុះមុតទេ។

ខ្ញុំចូលចិត្តឱ្យអ្នកលេងទាំងអស់ ទាំងអ្នកលេង​កាប់ចាក់ ទាំង​អ្នកលេង​នយោបាយ មេត្តាកាន់ចិត្តកីឡា, ឈ្លោះគ្នាមួយទល់មួយកុំព្រួតគ្នា, កាប់ចាក់, ប្រឆាំងចេញមុខ កុំលេងលបពីក្រោយ ធ្វើយ៉ាង នេះចាញ់ឈ្នះល្អមើល សាធារណជនឱ្យតម្លៃ ! ជួយពីនេះលេងល្បែងកំសាក គ្មាននរណាសរសើរទេ សាធារណជនតោះទឹកមាត់ដាក់ឱ្យដោយស្អប់ខ្ពើមពុំខាន !

គំនិតលោភពង្រេចពង្រិល

មានអស់លោកអ្នក​ធំខ្លះធ្វើការ​នៅខែត្រក្រៅរដ្ឋការ ឱ្យគេហដ្ឋានស្នាក់នៅដោយសមរម្យ ឯជុំវិញគេហដ្ឋាននោះក៏មានដំណាំដណោចគ្រប់សព្វ មានរុក្ខផលដូង ស្លា ល្មុត  ស្វាយ ចេកជាដើម មានផ្លែរយោងរយានសម្រាប់បេះអាស្រ័យឥតខ្វះ។ ថ្ងៃមួយលោកនោះឯង ត្រូវរដ្ឋការផ្លាស់ឱ្យទៅនៅកន្លែងថ្មី ខែត្រមួយផ្សេងទៀតលោកនោះឯង មានចិត្តលោភលន់ឥតមានខ្មាសសោះឡើយ ដឹងថាខ្លួន អស់បាននៅទីនេះហើយ តាំងឱ្យកូនប្រពន្ធបេះដំណាំដំណោចដំឡូង ដូង នោះអស់រលីងស្ទើរតែគ្មាន សល់ក្តីប, ស៊ីផងលក់ផង ធ្វើយ៉ាងម៉េចឱ្យតែខាងអស់ កុំឱ្យអ្នកមកនៅក្រោយបានស៊ីផង។ មិនតែប៉ុណ្ណោះ ចលនវត្ថុដែលរដ្ឋការទិញទុកឱ្យប្រើប្រាស់ក្នុងគេហដ្ឋាននោះ ក៏មន្ត្រីនោះខ្ចប់វេចដឹកជញ្ជូនអស់ដែរ។ អ្នកមកនៅខ្វះអ្វីខ្លះទៅអញមិនដឹងទេ ! អាណាប្រើផ្លាស់អញធ្វើអី? នេះគំនិតចង្រៃពង្រួច ពង្រីលជាតិគួរឱ្យស្អប់ខ្ពើមបំផុត។

ឯអ្នកដែលមកនៅក្រោយ តាំងខ្វះនេះខ្វះនោះត្រដាបត្រដួស ទំរាំតែបានស្រួលគ្នាវេទនាមិនមែន តិច។ រឿងនេះជាចរិតម្យ៉ាងរបសលោកធំជាតិខ្មែរ ដែលត្រូវតែនាំគ្នាជម្រុះចោលចេញទៅ គួរទុកស្នាដៃខ្លះឱ្យគ្នាអ្នកក្រោយបានឃើញផង បើគ្មានស្នាដៃទុកទេក៏ហីទៅចុះ ចុះតខ្លួនទៅបានហើយ កុំ លេងមិនបានទុកស្នាដៃឱ្យគេ ហើយថែមទាំងប្រមូលលួចតាំងពីចេក ដំឡូង ដូង ស្លា របស់រដ្ឋទៅ ទៀតនោះ មិនល្អទេ !

គំនិតចង្រៃ

ខ្ញុំបានសង្កេតឃើញ គ្រប់កន្លែងដែលមានប្រាសាទបុរាណ, រូបគោ, រូបនាគ និងសសរថ្មខ្លះ ត្រូវនៃបទ្រូងៗ ខូចបាត់លំអអស់ ដោយសារជនចង្រៃចេះតែយកកាំបិតពូថៅទៅសំលៀងលើរូបថ្មទាំងនោះ។ បើរូបទាំងនោះនៅជិតមាត់ត្រពាំង ជិតផ្លូវដើរផង ក៏រឹតតែរេចរឹលខូងជ្រៅណាស់ទៅទៀតខ្លះ បាក់ដាច់បាត់ទៅតែម្តង។ មកពីជនគ្មានគំនិតទាំងនោះងាយដៃពេកណាស់ យកកាំបិតពូថៅពីផ្ទះទៅ មិនសំលៀងឱ្យហើយទេ ចាំដល់ព្រៃត្រង់មានរូបថ្មនោះ តាំងយករូបថ្មនោះជាថ្មសំលៀងតែម្តង។ ជួនកាលនៅឯផ្ទះនោះគ្មានថ្មសំលៀងផងទេ អាងតែថ្មនៅឯព្រៃ ចាំទៅសំលៀងឯព្រៃនោះតែម្តង។ មកពីកំជិលធ្ងន់ពេកណាស់ ទើបបានជាមិនរវល់រកសព្វបើថ្មមួយដុសម្រាប់សំលៀងកាំបិតនោះ។ ហើយបើ ល ជាយកលេងយកសសរថ្មចម្លាក់ រូបគោ និងសិលាចារឹកទៅទុកសំលៀងតែម្តង។

លោកខ្លាចបាបមែន មិនហ៊ានដើរកន្លងតួអក្សរទេ ដោយជឿថាតួអក្សរមួយតួៗ គឺសុទ្ធតែជាព្រះ ប៉ុន្តែចំពោះផ្ទាំងសិលាចារឹកវិញ លោកបែរជាយកមក ដាក់នៅជើងជណ្តើរនិមន្តឡើងចុះព្រងើយ។

មកពីអ្វីបានជាដូច្នេះ? មកពីលោកមិនយល់តម្លៃនៃផ្ទាំង​សិលាចារឹកនោះសោះ ស្មានតែជាថ្ម   ធម្មតា រាងវារាបស្មើល្មមទ្រទ្រនាប់ជើងបាន ក៏លតាមហ្នឹងទៅ។ ឯពួកអ្នកសំលៀងកាំបិតពូថៅលើរូប    តា រូបនាគ ក៏ដូច្នោះដែរ គឺមកពីពួកនោះមិនយល់នូវតម្លៃវត្តនោះសោះតែម្តង ហើយសមបើមានគំនិត ខ្ជិលច្រអូសផង ឃើញវត្តនោះជាគ្រឿងសម្រាប់ស្រួលធ្វើការអីចឹងទៅ ក៏តាំងសំលៀងធ្វើព្រងើយ។

ដូច្នេះគំនិតចង្រៃរបស់ពួកនោះ គឺបណ្តាលមកពីមិនយល់ ហើយការមិនយល់ គឺមកពីគ្មានអ្នក    ពន្យល់។ បើមានអ្នកពន្យល់​ឱ្យមនុស្សជំពូកនេះ​យល់រឿងតម្លៃវត្តទាំងនោះ ម្លោះសមពួកនោះ មិនសូវ ជាចង្រៃដល់ម្លឹងទេ។ អ្នកចេះដឹងបុរាណខ្លះៗ ច្រើនហាមថា «កុំប្រមាថម្ដាយ កុំរំលាយព្រះ>។ ត្រង់ រឿងព្រះគាត់ចេះហាម ឯរូបថ្មចម្លាក់ថ្ម ដែលមានតម្លៃដូចព្រះពុទ្ធរូបផងដែរនោះ គាតឥតហាមទេ បណ្តោយឱ្យអន្តរាយទៅចុះ បើត្រូវលោខ្លាច បែរជានាំគ្នាតំកើងថ្មមួយដុំពីរលើខ្ទមក្រោមដើមជ្រៃដើម ពោធិ៍ឯណោះទៅវិញ ដើរទៅលើកដៃសំពះម្តង ដើរមកលើកដៃសំពះម្តង អុជធូបថែរក្សា នរណាប៉ះ ពាលពុំបាន។ វាទៅជាជួយអីចឹង !

ប្រសិនបើគាត់ជួយហាមទៅ កុំឱ្យមនុស្សយកផ្ទាំងសិលាចារឹកមកដើរជាន់ចុះឡើង កុំឱ្យមនុស្ស ផ្តាស់ទៅសំលៀងកាំបិតលើរូបតោ រូបនាគបុរាណទៅវាមានអី? ម្ល៉េះសមមនុស្សចង្រៃវា ញញើតខ្លះដែរ វាមិនងាយដៃពេក។ នេះអត់ហាមសោះ។

ដូច្នេះ អំណឹះតទៅខ្ញុំយល់ថា ខ្មែរយើងទាំងចាស់ទាំងក្មេង គួរចាប់ផ្តើមពន្យលគ្នាឱ្យយលតម្លៃ វត្ថុបុរាណឱ្យបានច្បាសគ្រប់ៗ គ្នាឱ្យយល់ថាវត្តទាំងនោះ គឺជាសាចជាឈាមដូនតាយើងសុទ្ធសាធ ជាស្រមោលព្រលឹងរបស់បុព្វបុរសខ្មែរសុទ្ធៗ ត្រូវតែយើងការពារ ត្រូវតែយើងស្រឡាញ់ កុំបណ្តោយឱ្យរេចរឹល, មិនត្រូវយើងបណ្តោយឱ្យចោរជិតឆ្ងាយចូលមកលួចយកទៅណាទៅណីទេ ពីព្រោះការបាត់បងវត្ថុទាំងនោះ ទុកដូចជាបាត់បង់ឆ្អឹងឆ្អែងសាចឈាមដូនតាយើងដូច្នោះដែរ។ ឱ្យយើងដណ្ដឹងសួរគ្នាថា៖ តើយើងមិនពើតចាប់ឈឺផ្សាទឬ បើមានគេមកប្រឡះសាច់ច្របាច់ឆ្អឹងយើងនោះ?

យើងជាខ្មែរត្រូវពន្យល់កូនចៅឱ្យយល់ក្នុងន័យខាងលើនេះ ទើបកូនចៅយើងយល់ជួយថែ រក្សាការពារវត្ថុបុរាណយើងតទៅបានយូរអង្វែងវែងឆ្ងាយ។

ចូរប្រយ័ត្នមនុស្សជំនិត

អ្នកធ្វើធំត្រូវប្រយ័ត្នខ្លួន ជាពិសេសចំពោះអ្នកណាដែលជំនិតនឹងខ្លួននោះតែម្តង ពីព្រោះគឺជំនិត នោះហើយដែលនាំឱ្យយើងខូចឈ្មោះដោយសារ។ គឺអ្នកនៅជិតយើងនេះហើយ ដែលយកឈ្មោះយើង ទៅលកយកប្រយោជន៍ផ្ទាល់ខ្លួន ព្រោះវានៅជិតយើង គេមើលមកក៏ជឿទាំងអស់។ ចំពោះអ្នកដែលធ្វើ ឱ្យយើងខូចឈ្មោះនោះ មិនបាចដល់មនុស្សជំនិតផងទេ មនុស្សដែលគ្រាន់តែមកអែបឡបនឹងយើង រាល់ថ្ងៃនោះ ក៏អាចឱ្យយើងខូចឈ្មោះបានដែរ ឱ្យតែវាចង់ធ្វើ។

ខ្ញុំនឹកឃើញរឿងមួយ កាលណោះនៅសាលាកាត់ក្តីយើងនេះ មានស្មាក្តីម្នាក់ប៉ិនប្រសប់វាយ ប្រកអែបអបនឹងលោកចាងហ្វាងសាលាកាត់ក្តីណាស់ រាល់ថ្ងៃគាត់តែងមកកាន់សាលាកាត់ក្តីមុនលោក ចាងហ្វាងជារឿយៗ ចាំទទួលដំណើរលោកចាងហ្វាង និងជួយកាន់កាតាបសំណុំរឿងរបស់លោកចាង ហ្វាងចូលទៅកាន់ការិយាល័យផង។ ធ្វើដូច្នេះ ដើម្បីឱ្យអ្នកកើតក្តីក្តាំងទាំងឡាយ សម្លឹងមកយល់ច្រឡំ ថាគាត់ជាមនុស្សជិតស្និទ្ធ នឹងលោកចាងហ្វាងណាស់ ពឹងពាក់គាត់ចុះក្តីមិនចាញ់គេទេ ព្រោះគាត់ ស្គាលចាង  ហ្វាងពិតប្រាកដណាស់។ លុះគេទៅជួបពឹងពាក់គាត់នោះក៏តាំងសួរហេតុសព្វគ្រប់ រួចក៏ តាំងអធិប្បាយច្បាប់ហូរហែរវែងឆ្ងាយធ្វើឱ្យជនមានរឿងនោះស្តាប់ភំាង រួចក៏ថាគាត់និងលោកចាងហ្វាង ជាមិត្តនឹងគ្នានិយាយតែមួយម៉ាត់ស្រេចការភ្លាមសុំឱ្យតែចំណាយប៉ុណ្ណេះប៉ុណ្ណោះមកចុះ។ ជនមានរឿងជើស្តូក មិនជឿឯណាបានបើគាត់ចេះច្បាប់សំបើមនិងស្គាល់លោកចាងហ្វាងទៀតនោះ។ គ្នាក៏តាំង សូកបានគិតគូរ តាមពាក្យពន្យល់ស្មាក្តីកំហូចនោះទៅ។ ស្មាក្តីកំហូចនោះមានយកទៅជូនលោកចាងហ្វាងឯណា លេបតែម្នាក់ឯងទៅ។ លុះគេកាត់ទៅជនដែលសូកប៉ានបានឈ្នះ ក៏តាំងថាហ្ន៎! ឃើញទេ គាត់និងចាងហ្វាងជួយមែន! លោបែរជាចាញ់វិញ ក៏ធ្វើជាក្តីបន្ទោសជនសូកបានថា មកពីភ្លេចពាក្យបណ្តំាគាត់ គាតផ្តាំឱ្យឆ្លើយដូច្នេះ អ្នកនោះទៅជានិយាយដូច្នោះខូចអស់ ទើបបានចាញ់គេ។ ស៊ីលុយគ្នា ហើយបន្ទោសគ្នាទៀត។ ឯលោកចាងហ្វាងគ្មានដឹងខ្លួនសោះ មិនដឹងថាអ្នកកាន់កាតាបឱ្យខ្លួននោះ កាន់ដោយចង់ឱ្យគេឃើញ ដើម្បីរកស៊ីឯណា លោកស្មានតថាស្មាក្តីនោះកាន់ឱ្យលោកដោយគោរពរាប់អាន លោកដោយស្មោះតែប៉ុណ្ណោះ។ ទំរាំតែលោកដឹងខ្លួន ហើយបញ្ចេញស្មាក្តីនោះឱ្យឈប់ទាក់ទង ឈ្មោះ លោកក៏ល្បីសុះសាយសន្ធឹកថា ជាចាងហ្វាងអយុត្តិធម៌ ស៊ីសំណូកផ្តេសផ្តាសសំបើម។ នេះគ្រាន់តែ មនុស្សវាយអែបលុតក្រាបឡេមឡឺមផង វាអាចយកឈ្មោះយើងទៅជួញកើត ចំណង់បើជនជំនិតយើងទៀត វារឹតតែស្រួលយកឈ្មោះយើងទៅជួញណាស់ទៅទៀត។ វាចង់បានលាភសក្ការ:ពីអ្នកឯទៀត ដែលចង់ប្រាស្រ័យនឹងយើង វាក៏តាំងថាយើងត្រូវការនេះត្រូវការនោះ ចូលចិត្តដូច្នេះដូច្នោះ។ គេដែលចង់ប្រាស្រ័យនឹងយើងក៏តាំងរករបស់នោះមកឱ្យវាទៅ។ ជួនកាលវាធ្វើឱ្យគេដែលប្រុងមករកយើងនោះ ស្អប់យើង ដៀលត្មះយើងតាមផ្លូវស្ងាត់ព្រងើយ ព្រោះតែអ្នកនោះពុំបានយកអ្វីទៅឱ្យវាតាមបំណងវា។ ទៅជាបំបែកយើងពីអ្នកដែលមកប្រាស្រ័យនឹងយើងទៅវិញឆ្កុយ។ នេះជាគំនិតអាក្រក់ជួរជាតិនៃជំនិតទុច្ចរិត។ វាគ្មានគិតពីរឿងយើងខូចឈ្មោះអ្វីទេ គិតតែផលប្រយោជន៍។

និយាយនេះ មិនសំដៅទៅលើជនិតខ្លះដែលមានភក្តីភាពចំពោះចៅហ្វាយនាយ ហ៊ានស្លាប់រស់ ជាមួយចៅហ្វាយនាយនោះទេ។ ជនជំនិតជំពូកនេះ គប្បីចៅហ្វាយនាយមើលឃើញគុណសម្បត្តិ និង ជួយឧបត្ថម្ភគ្នា យកគ្នាជាសហការីជាជំនិតតទៅទៀត ។

មេអំបៅ

មានមនុស្សភាគខ្លះនៅក្មេងធ្លាប់ក្រលំបាកតោកយ៉ាក រៀនសូត្រខ្វះមុខខ្វះក្រោយ មានមិត្តភក្តិ កំសត់ទុរគតដូចគ្នា ចេះគួរសមរកគ្នា ស្រាប់តែខ្លួនមានវាសនាខ្ពសដោយចៃដន្យ មានគេអ្នកមានទ្រព្យ សម្បត្តិយកទៅជួយចិញ្ចឹមឱ្យរៀនសូត្របានធ្វើធំក្តី, ក្លាយទៅជាអ្នកធំ អ្នកមានដោយភរិយាជាអ្នកមាន ទ្រព្យឧបត្ថម្ភក្តី បានឋាន:ខ្ពង់ខ្ពស់ទ្រព្យសម្បត្តិសម្បុរភ្លាម ក៏តាំងភ្លេចឈឹងនូវការកំសត់ទុរគតទាំង      ឡាយ។ មានខ្លះ នៅពីក្មេងមានមិត្តភក្តិធ្លាប់ក្រដូចគ្នា ខ្លួនឡើងជាអ្នកមាន អ្នកធំ មិត្តនោះគ្នាគ្មានពនឹង ពឹងពាក់ ក៏មករកខ្លួនដើម្បីឱ្យជួយដោះស្រាយជួយសង្គ្រោះគ្នាផង ក៏ស្រាប់តែខ្លួនមិនស្គាល់តែម្តង។ មានខ្លះ ម៉ែឪបងប្អូនខំនៅស្រែចំការ ខំរកស៊ីញើសតាងទឹក យកប្រាក់មកផ្គត់ផ្គងឱ្យកូនឱ្យប្អូននោះរៀន សូត្រចេះដឹង។ កូនឬក៏ប្អូននោះរៀនសូត្របានចេះដឹងធ្វើការមានឋាន:ខ្ពង់ខ្ពស់ ស្រាប់តែបានប្រពន្ធកូនគេ អ្នកមាន ក៏ក្លាយទៅជាអ្នកធំ អ្នកមានសម័យថ្មី ភ្លេចម៉ែភ្លេចខ្ញុំ ភ្លេចបង ភ្លេចប្អូនអស់រលីង។ ជួនកាល ម្តាយឪពុកមករក ប្រពន្ធនោះក៏ប្រាប់ឱ្យទៅវិញ ជួនកាលប្រពន្ធនោះរៀបបាយទឹកឱ្យគាត់អាស្រ័យជាមួយឈ្នួល ដេកជាមួយឈ្មួល។ លោកធំនោះឥតចាប់អារម្មណ៍អ្វីទាំងអស់។ ជួនកាលប្រពន្ឋដាក់កំរិត ម្តាយឪពុកក្មេកឱ្យឈប់មករកទៀត។ លោកនោះក៏នៅស្ងៀម។ ម្តាយឪពុកនិងបងប្អូន បានតែទឹកភ្នែកឈឺចាប់ឱបនឹង  ទ្រូងយកទៅកាន់ផ្ទះសម្បែងឯស្រុកកំណើតវិញតែប៉ុណ្ណោះ។

អស់លោកធុននេះ តាមដែលខ្ញុំធ្លាប់ស្គាល់មានច្រើនដែរដែលខ្ញុំសូមអភ័យទោស សុមិនបញ្ចេញឈ្មោះទេ ទុកឱ្យលោកនេះឯងសុខសប្បាយទៅចុះ ! មនុស្សបែបគ្នានេះដែរ មានខ្លះពីដើមក្ររំហៀ មានកំណើតនៅស្រែចំការ ស្រាប់តែមកសេពគប់ត្រូវនៅក្រុងនេះឡើងជីវភាពខ្ពស់មានផ្ទះថ្ម សសរឥដ្ឋ ក៏ឡើងចាងជោរក្អេងក្អាង លែងស្គាល់អ្នកស្រុកជាមួយគ្នាតែម្តង។ ខ្លះស្គាល់ដែរតែស្គាល់ ក្នុងរបៀបមើលងាយគ្នាថាគ្នាជាមនុស្សស្រែ ជាមនុស្សថោកទាប ដើរជិតមិនបាននិយាយលេងយូរមិនកើត, ខ្លះទៀតដែលពីដើមពូជពង្សនៅស្រែចំការកប់ភក់កបជ្រៅហាលថ្ងៃហាលភ្លៀង, បានមកធ្វើធំនៅក្រុង ក៏តាំងប្រមាថអ្នកស្រែចំការជេរស្ដីកូនសុទ្ធតែដៅលថាអាអ្នកស្រែ ! កុំធ្វើដូចអ្នកស្រែ ! បានសេចក្តីថាអ្នកស្រែដែលចិញ្ចឹមខ្លួននោះ ព្រមទាំងជាដើមវង្សរបស់ខ្លួននោះ អាក្រក់ណាស់គំរក់ ! មាន ខ្លះទៀតធ្លាប់បួសរៀននៅវត្ត ឬក៏ធ្លាប់ធ្វើខ្លួននឹងលោកសង្ឃ រៀនបានធ្វើការបានប្រពន្ធ ប្រពន្ធសួរថាបងឯងធ្លាប់នៅវត្តទេ? បុរសអន្ទិតយើងឆ្លើយថា ទេ ! បងមិនស្គាល់វត្តនោះមានកុដិវិហារបែបម៉េចផងទេ ! បងមិនធ្លាប់នៅទេ ! ខ្លះធ្វើជាពើសួរប្រពន្ធថាអូនឯងដែលឧស្សាហ៍ចូលវត្តដែរឬ? បងធុញណាស់ ចូលវត្តម្តងៗ មើលទៅក្មេងវត្តរាងអែនអនទ្រេលទ្រលខ្ជិលទ្រមក់ បងមិនចង់ឃើញទេ ! ងាកទៅកន្លែង សុកម៉ម៉ុក ងាកទៅបាយទឹកសែតត្រសែត … ឱ្យបងនៅ បងមិនចេះនៅទេ!!! នែ! ចេះហាមាត់ដេល តេះសំបុកដើមរបស់ខ្លួនទៅកើត ! ខ្លួនធ្លាប់ដើរទ្រាក់ៗ យួរចានស្រាក់បបរសៀង ត្រីទៀត ត្រីឆ្អើរជាមួយ លោកសង្ឃ ទៅជាអីចឹងទៅកើត!

ខ្លះទៀតមានមិត្តភត្តិធ្លាប់កៀកដៃគ្នាទៅណាមកណារាល់ៗថ្ងៃ ស្រាប់តែថ្ងៃមួយត្រូវបានឡើង ធ្វើធំ ក៏គេចលែងឱ្យជួបមុខមិត្តនោះ ឬក៏បានជួបដែរតែព្រងើយទៅលែងស្គាល់គ្នាតែម្តង។ និយាយថា ស្គាល់នាំថោកខ្លួនព្រោះខ្លួនឥឡូវធំដុំ។

មនុស្សប៉ុន្មានជំពូក ដែលខ្ញុំបានសង្កេតរៀបរាប់មកនេះ អស់លោកអ្នកចង់ឱ្យឈ្មោះថាជាអ្វី ដែរ? គឺសុទ្ធតែជាមនុស្សអកតញ្ញ រមិលគុណមនុស្សមេអំបៅដែលភ្លេចកំណើតដើមខ្លួនជាដង្កូវ។ មនុស្សជំពូកនេះគ្មានសតិសម្បជញ្ញៈក្នុងខ្លួនបន្តិចសោះ។ គ្មានដឹងខ្លួនសោះថានៅជុំវិញខ្លួន គេខ្សឹបខៀវ និន្ទា សើចពុះតិះដៀលខ្លួនពេញទំហឹង។ ព្រោះមនុស្សទាំងអស់គ្នាសុទ្ធតែមានប្រវត្តិពិតៗ របស់ខ្លួន អ្នកដទៃគេតាម ស្គាល់ហូរហែមកអ្នកនេះដឹងត្រង់ណេះអ្នកនោះដឹងត្រង់ណោះ ខ្លួនមកគេចែកលុបស្នាម ដានរបស់ខ្លួនតែត្រឹមពេលបច្ចុប្បន្ននេះ លុបម៉េចនឹងបាន។ ម្លោះហើយកេរ្តិ៍ឈ្មោះខ្លួននោះវានៅតែស្អុយ រហ៊ឹមអីចឹងទៅ។

ហេតុហ្នឹងហើយ បានជាខ្ញុំសុំផ្កំាប្អូនៗ យុវជនខ្មែរថា មេត្តាកុំយកតម្រាប់តាមពួកមេអំបៅ ដែល ភ្លេចខ្លួនថាខ្លួនពីដើមជាដង្កូវនោះ។

យ៉ាងម៉េចបានជាខ្ញុំចង់ឱ្យចៀស? អស់លោកដែលមានប្រមាត់ថ្លើមជាមេអំបៅលោកមិន ស្គាល់ម៉ែឪលោក មិត្តភក្តិលោកគ្រូបាអាចារ្យលោក វាជាសិទ្ធិរបស់លោកទេតើ? ខ្ញុំនេះមកអះអាង ជ្រៀតជ្រែកអី? មានប្រយោជន៍ស្មី? ខ្ញុំសូមជម្រាបថា មកពីសង្កេតឃើញថា ៖

ពួកអស់លោកទាំងនេះ ត្រូវគេលបសើចពេបជ្រាយ ហើយជាមនុស្សខ្វះមិត្តដែលសុចរិតពួកអស់លោកទាំងនេះ បើមានគ្រោះថ្នាក់យសសក្តិធ្លាក់ខ្លួនដូច្នេះដូច្នោះ គេរាល់គ្នាទះដៃបន្ទរថាឱ្យស្រឡះសាធុទៅចុះ ពួកអស់លោកទាំងនោះ ត្រូវម៉ែបងប្អូនមិត្តភក្តិប្រទេចផ្តាសាដាក់ទំនាយ ឱ្យរលាយរលត់    គ្រប់ៗ គ្នា។ ខ្ញុំសង្កេតឃើញយ៉ាងហ្នឹង, ខ្ញុំចង់ឱ្យយុវជនយើងដែលជាសសរទ្រទ្រង់ប្រទេសខ្មែរពីនេះរៀង ទៅ បានទៅជាបុគ្គលល្អគ្រប់ៗ គ្នា មានគេរាប់អានស្មោះដូចៗ គ្នា គ្មានមិត្តភក្តិចាំសើចពេបជ្រាយ, គ្មាន ពួកម៉ាកចាំផ្តន្ទាឱ្យលិចលង់, គ្មានម៉ែឪដាក់បណ្ណាសារ ទើបខ្ញុំសុំឱ្យចៀសរបៀបជីវភាពមេអំបៅនោះ។

ស្វាពាក់មក្កុដ

អ្នកធំខ្លះមានឬកពាមិនខុសពីស្វាពាក់ម្កុដទេ។ ស្វាពាក់ម្កុដនោះជាយ៉ាងណា? ស្វាដែលគេបំពាក់ឱ្យហើយ វាតែងភ្លេចខ្លួនថាក្បាលវាមានពាក់ម្កុដ វាភ្លេចស្មានតែក្បាលវានៅទទេ តែកាលណារមាស់ក្បាល ក៏តាំងលើកជើងអេះក្បាលភ្លាម នាំឱ្យគេមើលយល់ភ្លាមថា វាជាស្វាពិតប្រាកដ ព្រោះពាកដល់ម្កុដហើយនៅតែមិនកាន់ឬកឋាន:ជាអ្នកមានម្កុដពាក់សោះ នៅតែកាន់បូកជាសត្វតិរច្ឆាន ដដែល។

អ្នកធំយើងខ្លះ ដែលទើបនឹងបានយសសក្តិខ្ពង់ខ្ពស់ក៏ដូច្នោះដែរ ច្រើនតែភ្លេចខ្លួនថាខ្លួនជាធំ ច្រើនតែនៅឡះឡោះច្រឡេមច្រឡឺម នាំឱ្យថោកទាបដល់ឋាន:គេឯងអស់។ អ្នកធំខ្លះ មិនចេះទាំងសុជីវ ធម៌ខាងផ្លូវទូតទៀតផង ច្រើនប្រព្រឹត្តជាមួយភ្ញៀវបរទេសអំពើផ្តេសផ្តាសនាំឱ្យខ្មាសគេ មិនខ្មាសតែខ្លួន ឯងម្នាក់ គឺនាំឱ្យជាតិខ្មែរដែលមានខ្លួនជាដំណាងនោះ ខ្មាស់គេតាមនោះដែរ ព្រោះខ្លួនជាអ្នកតំណាងខ្មែរ ធ្វើអ្វី ក៏ដូចជាខ្មែរធ្វើដូច្នោះដែរ។ ខ្ញុំឮមិត្តម្នាក់នៅបរទេសនិយាយប្រាប់ខ្ញុំថា មានអស់លោកបុគ្គលិកទូត យើងខ្លះ ត្រូវភ្ញៀវប្រទេសដែលយើងទៅនៅនោះ អញ្ជើញឱ្យទៅពិសាភោជននៅគេហដ្ឋានរបស់គេ ដោយគេមានអញ្ជើញភ្ញៀវបរទេសឯទៀតឱ្យមករួបរួមផងដែរ។ ឯលោកបុគ្គលិកទូតយើងនោះ លោក ភ្លេចខ្លួនថាលោកជាដំណាងខ្មែរ ភ្លេចថាកន្លែងនោះជាកន្លែងស្រុកគេដែលយើងត្រូវប្រយ័ត្ន ក៏តាំងពិសារសុរាយ៉ាងច្រើនទៀតផង ដោយមានសេចក្តីស្រេកឃ្លានជាខ្លាំងពីផ្ទះទៅ ព្រោះគ្រាន់តែទទួលសំបុត្រអញ្ជើញជប់លៀងភ្លាម លោកសំលៀងមាត់ជាស្រេច ចាំទៅអាស្រ័យឱ្យឆ្អែតទាល់តែឆ្អល់នៅកន្លែងគេតែម្តង លោកឥតហ៊ានទទួលទានអ្វីនៅផ្ទះទេ ខ្លាចទៅផ្ទះគេទទួលទានមិនកើត ត្បិតមិនឃ្លាន លោកទុកព្រោះឱ្យទទេស្អាត ចាំទៅវាតឱ្យណាណីនៅផ្ទះគេ។ មានអី! ឃ្លានពីផ្ទះមកស្រាប់ លោកបរិភោគអាហារ និងពិសាស្រាបានយ៉ាងច្រើនគួរសរសើរ!!! ស្រាប់តែហួសកំរិត ក៏ភើភាយមកវិញ រួចក៏តាំងក្អួតចង្អោរ ជ្រហិតជ្រហមមួយរំពេច នាំឱ្យភ្ញៀវឯទៀតមើលមកគ្រប់គ្នាយ៉ាងភ្ញាក់ផ្អើលគេខ្ពើមគេយកដៃខ្ទប់ច្រមុះ ! មាត់រចែករចោកជជែកគ្នាលាន់ឡើង ក្នុងចំណោមភ្ញៀវទាំងនោះថា : ន្ន! គាត់នេះខ្មែរ ខ្មែរអីគេ នេះស៊ីផឹកអីក៏អាក្រក់អាក្រីម៉្លេះ? យើងមិនដែលឃើញមិនដែលយល់ នរណាគម្រក់ដូចខ្មែរទេ!

ពាក្យនេះពីរោះទេ? គឺជាពាក្យដែលគេមើលងាយចំពោះមកខ្មែរទាំងអស់ ដោយសារតែលោក ម្ចាស់នោះឯង ធ្វើឱ្យថោកទាប។

តាមល្អ យើងដែលជាតំណាងជាតិខ្មែរ គួររក្សាកិរិយាមារយាទឱ្យបានថ្លៃថ្នូរ ទុកកិត្តិយសឱ្យ ស្រុកទេសនិងបងប្អូនខ្មែរ។ គួរកុំចង់ផ្លាញហួសហេតុ គួរអាស្រ័យពីផ្ទះសង្កត់ពោះខ្លះឱ្យហើយ ដល់ទៅ អាស្រ័យជាមួយគេ វាប្រព្រឹត្តទៅបានស្រួល។ ហើយបើទុកជាពុំបានអ្វីដាក់ពោះសោះ ក៏គួរខំអត់ អាស្រ័យល្មមតែចប់ស្មើនឹងគេទុកពោះមកអាស្រ័យនៅផ្ទះយើងវិញចុះ។ កុំអាស្រ័យទាល់តែចាក់ជ្រុះ ក្អួតចង្អោរច្រងាប់ច្រងិលដូច្នេះ ព្រោះវាខ្មាសគេខ្លាំងណាស់ មុននឹងធ្វើអ្វីៗនិមួយៗ គួរនឹកថាអាត្មាអញជាតិជាខ្មែរ តោងប្រយ័ត្នចំពោះខ្មែរ ការពារប្រយោជន៍ខ្មែរ ទើបប្រទេសជាតិយើងថ្កុំថ្កើងទៅរួច ម្នាក់ៗជួយលើកបន្តិចបន្តចទើបនគរចំរើនទៅរួច។

ខ្ញុំនាំរឿងនេះមកនិយាយ ព្រោះចង់ទាញការប្រុងប្រយ័ត្នអស់មិត្តឯទៀត ដែលទៅឈរនៅ បរទេស និងអស់លោកដែលភ្ញៀវបរទេសអញ្ជើញទៅពិសាលៀងនៅផ្ទះគេ ឋិតនៅក្នុងប្រទេសខ្មែរផង តែប៉ុណ្ណោះ ឱ្យប្រុងស្មារតីប្រុងខ្លួនជានិច្ច កុំឱ្យធ្លាយនាំឱ្យខ្មាស់គេ។ បើមិនចេះមិនយល់ច្បាប់ទម្លាប់ទេ សួរអស់លោកអ្នកឯណាដែលលោកចេះដឹងទៅ ព្រោះមិនខ្វះទេអស់លោកអ្នកដែលចេះដឹងនូវសុជីវធម៌ខាងផ្លូវទូតនោះ។

បើមិនច្បាស់កុំអះអាង

បងប្អូនយើងខ្លះចូលចិត្តនិយាយការអ្វីដែលខ្លួនបានដឹងតែ ៥ ទេ តែនិយាយធ្វើចេះដឹងពិត រហូតដល់ ១០ ឬ ១៤ ឯណោះ គួរឱ្យស្តាយណាស់ ព្រោះនាំឱ្យខុសពត៌មានពិតអស់រលីង។

ដូចយ៉ាងបច្ចុប្បន្ននេះ ដែលស្រុកកំពុងមានចលាចលសង្គ្រាមមរណភ័យគ្រប់កន្លែង បងប្អូន យើងគ្នាត្រូវការដឹងស្ថានការណ៍ពិតប្រាកដ អ្នកខ្លះដែលមិនដឹងស្ថានការណ៍ច្បាស់ទេ តែនិយាយដូចជា ច្បាស់ណាស់អីចឹង។ ដូចកាលវាយគ្នានៅដីឥដ្ឋ មានខ្លះនិយាយអះអាងថា អូ! ពួករំដោះចូលដល់កៀនស្វាយហើយ ! ខ្ញុំបានបើករថយន្តទៅមើលដល់កន្លែង ពុំឃើញដូចជាពាក្យអស់លោកនោះនិយាយទេ ខ្ញុំត្រឡប់មកវិញ សួរអស់លោកនោះទៅ លោកនោះឆ្លើយមកខ្ញុំវិញថា ទេ! ខ្ញុំឮគេថាច្បាស់ណាស់ ថា ពួករំដោះចូលដល់កៀនស្វាយ ឥឡូវបើពុំពិតទេ ខ្ញុំក៏មិនដឹងដែរ ! ឆ្កយអីចឹងទៅ !

នេះបើថាយើងជួយឃោសនាឱ្យសត្រូវ ក៏ថាបានដែរ ព្រោះនៅដំណឹងមិនពិតមកនិយាយ ឱ្យគ្នា ភ័យនៅក្នុងក្រុងឯណោះ។ បងប្អូនយើងចូលចិត្តណាស់ រឿងព្ទគេថាហើយនិយាយអះអាងដូចជាច្បាស់ ណាស់អីចឹង។ យើងគួរកំចាត់ផ្នត់គំនិតអកុសលនេះទៅ។ អ្នកនិយាយ គប្បីទៅឃើញច្បាស់នឹងភ្នែក សឺមនិយាយ។ អ្នកស្តាប់គប្បីត្រិះរិះពិចារណាឱ្យមែនទែនសឹមជឿ។ កុំភរបន្តតាមគ្នា កុំជឿបន្តតាមគ្នាឱ្យ សោះ, បើភរបន្តគ្នា បន្តគ្នានេះនឹងនាំឱ្យផ្អើលដូចទន្សាយភ័យផ្លែព្នៅ រត់ពាសវាលពាសកាលពេញ ទាំងភូមិមិនខាន !

គួរនិយាយតែរឿងមានប្រយោជន៍

ខ្ញុំសង្កេតឃើញអស់លោកមធ្យមៗ ខ្លះ ច្រើនជំនុំនិយាយគ្នាលេងរឿងអត់ប្រយោជន៍។ ដូចជា មុនដំបូងនិយាយឡើងរឿងនយោបាយស្រុកទេសមែនហើយ ប៉ុន្តែនិយាយបានតែបន្តិចក៏តាំងមានម្នាក់ នំាវៃ និយាយពីរឿងស្រីញី ល្បែងបៀ ប៉ោឯណោះភ្លាម រួចទាំងអស់គ្នាក៏តាំងទៅទាំងម៉ត់រឿងនោះដែរ។ ខ្លះមានសំដីថ្វីមាត់ពូកែនិយាយចំអេសចំអាស ដូចជាខ្លួននោះគ្មានម្តាយជាស្រី គ្មានប្រពន្ធជាស្រី គ្មាន កូនស្រី    អីចឹង វាសឡើងពាក្យសុទ្ធតែអាសអាភាស ដូចពួកអ្នកប្រមឹកអាវ៉ាសែដូច្នោះដែរ។ លក្ខណ: យើងជាអ្នកធំ អ្នកចេះដឹងដូចយ៉ាងគ្រួសាររាជនិយមជំនាន់ដើម អស់លោកជំនាន់ចាស់ៗ គងនឹងជ្រាបខ្លះមិនខាន។ បើ គ្រួសារស្តេចណាកាន់លក្ខណៈត្រឹមត្រូវ លក្ខណ:ថ្លៃថ្នូរ គ្រួសារស្ដេចនោះមានរាស្រ្តគោរពច្រើន ចូល ចិត្តច្រើន។ ផ្ទុយទៅវិញ គ្រួសារស្តេចណាមិនកាន់ទំនៀមទំលាប់ ក្រឹត្យវិន័យ ច្បាប់បរមបុរាណទេ គ្មាន រាស្រ្តណាគោរពទេ។ គោរពយ៉ាងម៉េច បើពួកនោះក៏ជាពួកអាវាសែ ស្រី ស្រា បៀ បាំ ព្រះអង្គម្ចាស់ ក្សត្រាមានប្រពន្ធរាប់មិនអស់អាងទ្រព្យព្រះរាជទ្រព្យចាយវាយខ្ជះខ្ជាយដូចគេជះក្រដាសប្រាក់តាម បង្អួចចោល, ឯព្រះអង្គម្ចាស់ក្សត្រី ក៏ដែរប្តីច្រើនប្តូរផ្លាសកត់ឈ្មោះមិនអស់មិនទាន់វាទៅជាពួក មនុស្សមួយក្រុមដែលឱ្យគំរូដល់គេសុទ្ធតែអាក្រក់ទាំងអស់។ លក្ខណ:អាសអាភាសអាក្រក់អាក្រីនេះហើយ ដែលនាំឱ្យខូចទំនៀម    ទំលាប់ប្រពៃណីខ្មែរ អស់។

ដូច្នេះសរុបសេចក្តីទៅគួរណាស់តែយើងអ្នកធំក៏ដោយ អ្នកមធ្យមក៏ដោយនិយាយស្តីអ្វី និយាយពីរឿងខ្លឹមសារ ទាក់ទងជាពិសេសនឹងជាតិ ដើម្បីឱ្យមានពន្លឺក្នុងការដោះស្រាយរកវឌ្ឍនភាពជាតិ។ បើយើងជួបជុំគ្នាហើយរវល់តែជជែកក្អាកក្អាយ តែពីរឿងស្រី ស្រា អាភៀន កញ្ឆា បៀរនោះ មានពេលឯណានិងពីគ្រោះរឿងស្រុក។

យើងគួរនាំគ្នាបែរមករកគំនិតល្អ។ អប់រំកូនចៅខ្មែរមិត្តភក្តិខ្មែរ, ឱ្យបានរស់ជាខ្មែរ ស្លាប់ទៅជាខ្មែរ, កើតវិញជាខ្មែរ ឱ្យខ្មែរមានជំហរនិងកម្លាំងមាំមួនតទៅអនាគត !

គួរពត់ឈើកាលពីនៅតូច

គ្រួសារខ្មែរខ្លះ ភាគច្រើន ច្រើនតែអ្នកមានទ្រព្យសម្បត្តិ ទំយើទំរើសកូនមិនរវល់អប់រំអ្វីទាំងអស់ ខ្លះស្រឡាញ់កូនជ្រុល ព្រោះកូនមានតែមួយ ខ្លះជោរខ្លួនឯងដោយអាងទ្រព្យធន កូនទារប៉ុន្មានបាន ប៉ុណ្ណោះ ខំយកចិត្តវាទំរើសវាតាំងពីតូចគ្មានស្គាល់ហៅថាយ៉ាងម៉េចខ្វះខាត យ៉ាងម៉េចគ្មាន យ៉ាងម៉េច ក្រ។ លុះដលធំឡើង ទម្លាប់របស់វាក៏ត្រូវតែបង្ខំម្តាយឪពុកឱ្យរកនេះ ឱ្យរកនោះ រកមិនចេះចប់តាំងពី     សម្លៀកបំពាក់គ្រឿងអលង្ការ រហូតដល់រថយន្តល្អៗ ជាចុងបំផុត។ ម៉ែឪខ្លះចេះតែខំទ្រោលទៅ ម៉ែឪខ្លះ ទ្រាលទៅពុំរួចក៏តាំងកាចពតក្មេងនោះមកវិញ។ ពេលពត់នេះហើយដែលម៉ែឪ ១០០ ភាគរយថ្ងូររហ៊ឹ គ្រវីក្បាលតតាត់ ដកដង្ហើមធំប្រាប់គេប្រាប់ឯងថា : ហ៊ឹ… អាកូនខ្ញុំ មីកូនខ្ញុំវាធ្វើឱ្យខ្ញុំលំបាកដល់ហើយ ទារនេះ ទារនោះមិនចេះអស់មិនចេះហើយ ហើយរៀនសូត្រអ្វីៗ គ្មានកើតសោះ ឃើញតែពួកម៉ាកទៅ ណេះទៅណោះ ព្រូចុះព្រូឡើង ! ។ ហើយគាត់ចង់ឱ្យគេជួយដោះស្រាយគាត់ផង តើធ្វើយ៉ាងណាឱ្យកូន នោះបានស្ដាប់គាត់ខ្លះ?ឱ្យកូននោះយល់ថាគាត់លំបាកចិត្តផង? ឱ្យកូននោះឈប់ផ្ដេសផ្ដាសផង? មានវិធីអ្វី?

ចំពោះវិធីនោះ មានតែផ្តើមអប់រំដោយទាញក្មេងនោះបន្តិចម្តងៗ ពន្យល់វាឱ្យឃើញហេតុអាក្រក់ដែលបណ្តាលមកពីវាផ្តេសផ្តាសនោះ ព្រមទាំងពន្យល់ ឱ្យវាយល់ផលប្រយោជន៍នៃការរៀនសូត្រ ផង។ យូរៗទៅប្រហែលជាបានប្រកបខ្លះ។ នេះជាគំនិតខ្ញុំផ្ទាល់ទេ។ ប៉ុន្តែរឿងសំខាន់ដែលខ្ញុំចង់ពោល ក្នុងទីនេះ គឺរឿងយើងត្រូវការពារក្មេងកុំឱ្យខូចទាន់ឯណោះទេ ពោលគឺយើងត្រូវអប់រំវាតាំងពីតូច ឱ្យវាងរលាយអស់រលីងដឹងល្អអាក្រក់ ថោកទាបឯណោះទេ។ ក្មេងដូចជាតួខ្លួនមនុស្សម្នាក់ដែរ យើងត្រូវការពាររោគវា ប្រសើរ ជាងចាំព្យាបាលរោគ។ យើងត្រូវអប់រំក្មេងឱ្យល្អ ជាជាងចាំតែតម្រែតម្រងវា ក្នុងគ្រាដែលវាធំហើយ នោះ។ រោគមកស្ថិតក្នុងខ្លួនទៅហើយ ថ្នាំខ្លះដាក់ទៅដល់ អ្នកជម្ងឺក៏រស់ឡើង ថ្នាំខ្លះដាក់មិនដល់ អ្នកជម្ងឺ ក៏ស្លាប់ទៅ។ ក្មេងដែលទម្រើសជ្រុលទៅហើយ ច្រឡើសបើសហួសទៅហើយ អាវាសែជ្រុលទៅ ហើយ ក៏ដូចមនុស្សមានជម្ងឺដាបដែរ ថ្នាអប់រំពិបាកនឹងដាកព្យាបាលឱ្យជាណាស់។ ហើយដោយភាគច្រើន យុវជនដែលកែលែងឡើង គឺមកពីម្តាយឪពុកបណ្តបណ្តោយជ្រុល ឱ្យវាអាវាសែ ភរកស៊ី ផឹកគប់មិត្តភក្ដិសុទ្ធ    តែពួកពាល។ ខ្ញុំសង្កេតឃើញថា សម័យនេះក្មេងៗ ឈាមរាវចូលចិត្តបង្កើតគេ ហៅថា សៀរព្រឹ              ( Surpris ) តាមរបៀបអឺរ៉ុប។ ខ្លះបែបចង់អាវាសែដែរ។ ម៉ែឪកូនស្រីខ្លះមុនដំបូងបែប សរសើរកូនស្រីខ្លួនថា កូនអញចេះរបៀបបរទេស, ដល់យូរៗ ទៅឃើញផលមិនស្រួល ដោយកូនស្រី នោះដូច្នេះដូច្នោះទៅ តាំងដេកឈឺចាប់ក្រឡាប់ផ្កាបផ្សាររកបាញ់ចោល, រកកាត់កាល…។ ខ្លួនឯងខ្មែរ វា មិនយល់រឿងបែបអឺរ៉ុបសោះ បណ្តោយឱ្យកូនធ្វើតាមបែបអឺរ៉ុប។ តាមខ្ញុំដឹងយុវជនអឺរ៉ុប ការឱបគ្នារាំ រកមកពីធាតុអាកាសស្រុកគេត្រជាក់រហូតដល់ធ្លាក់ទឹកកក ត្រូវការអូបគ្នាឱ្យមានកំដៅកក់ក្តៅក្នុងពេលរាំនោះ។ ម្យ៉ាងទៀតការវាឱបរឹតគ្នា គឺជាការធម្មតារបស់គេទៅហើយ ស្រុកយើងអាស៊ីឯណេះជាស្រុកក្តៅ មើលចុះរបាំប្រទេសចិនជាដើម គេរាំរែកម្តងៗ ពុំដែលឱបរឹតគ្នាទេ ច្រើនត្រឹមតែចាប់ចុងដៃគ្នារាំ ជាការស្រេច។ ដូចរបាំរាំថូន រាំវង់ រាំក្បាច់ជាដើមមានបានប៉ះសាច់គ្នាឯណា ឃើញថាសមរម្យហើយ សម្រាប់ស្រុកយើងប្រទេសក្តៅ។ ចុះបើយើងយករបាំអ្នកស្រុកត្រជាក់ មកលេងនៅស្រុកក្ដៅ ការនេះវាមានផលផ្សេង ការរាំនោះមិនមែននាំឱ្យកក់ក្តៅទេ ផ្ទុយទៅវិញវានឹងនាំឱ្យផលអាក្រក់ទៅថ្ងៃក្រោយ។ ក្មេងណាចេះគិតក៏គិតទាន់, ក្មេងណាដែលខ្ជិលគិត ក៏បណ្តោយខ្លួនទៅតាមសោតណាអីចឹងទៅ !

ត្រង់ហ្នឹងហើយបានជាថា យើងជាម៉ែឪខ្មែរ គួរកុំបញ្ចេតបណ្តោយពេក ព្រោះអស់លោកអ្នក ពិតជានៅចេះឈឺចាប់ កាលណាឃើញកូនយើងមិនដោយតាមទូន្មាននោះ។

ដូច្នេះទើបថា គប្បីយើងអប់រំកូនចៅយើងឱ្យយល់អាក្រក់ល្អតាំងពីវានៅតូចៗ នោះមកផង់ ទើបបានផលល្អ។ ចំពោះរឿងអប់រំក្មេងតាំងពីនៅតូចៗទៀត ខ្ញុំសុំជូនរឿងផ្ទាល់ខ្លួនមួយ ខ្ញុំមានកូនចៅ ជាច្រើននាក់ ខ្ញុំតែងពន្យល់កូនចៅខ្ញុំឱ្យស្គាល់ចាសទុំ សូម្បីមនុស្សបម្រើនៅក្នុងផ្ទះរបស់ខ្ញុំ ក៏ឱ្យកូនចៅខ្ញុំ ហៅពួកនេះដោយពាក្យរាបសារដែរ គឺឱ្យហៅបងនេះ បងនោះ មីងនេះ មីងនោះ ហាមផ្តាច់មិនឱ្យហៅ មេនេះ មេនោះ អានេះ អានោះ ងហង អាមីង ដាចខាត។ ហើយបើក្មេងណាតូចជាងកូនខ្ញុំ ខ្ញុំបង្គាប់ ឱ្យកូនខ្ញុំឱ្យហៅថា អូននេះ អូននោះ ដរាប។

លោកអើយ ដល់ពេលកូនចៅខ្ញុំទៅរៀនសាលា ខ្ញុំភ្ញាក់ព្រើតតែម្តង ដោយឧស្សាហ៍ព្ទកូនចៅខ្ញុំ ចេះជេរបញ្ចោរនៅចំពោះមុខខ្ញុំតែម្តង។ ខ្ញុំក៏បានហៅកូនធំជាងគេមកសួរថា៖ ឯងចេះរបៀបជេរនេះពី ណាមក? កូននោះឆ្លើយថា : ខ្ញុំចេះមកពីសាលារៀន គូកនខ្ញុំវាជេរខ្ញុំ វាទាស់នឹងខ្ញុំ វាជេរម្តាយខ្ញុំ វាហៅ ខ្ញុំថា អា…. ខ្ញុំក៏ចេះពីវាមក ! ជេរបញ្ចោរក៏ចេះពីវាមកដែរ !

គួរអស់លោកពិចារណាដែររឿងនេះ។ បើសង្គមយើង បើគ្រូបង្រៀនយើង បើម្តាយឪពុកទាំង      អស់គ្នា មិនជួយណែនាំពន្យល់កូនចៅ ឱ្យស្គាល់ពាក្យពីរោះពិសាតាំងពីក្មេងៗទៅទេ វាពិបាកកខ្លាំង     ណាស់។ ពួកល្អម្នាក់ពីរ មុខជាដួលរេទៅតាមពួកអាក្រក់ច្រើនគ្នានោះពុំខាន។

គួរស្ទួនគ្រងលក្ខណៈខ្មែរខ្លះផង

សម័យនេះ អ្នករស់នៅក្នុងសង្គមយើងគប្បីត្រិះរិះពិចារណា អំពីទំនៀមទម្លាប់ខ្មែរឱ្យបានម៉ត់ចត់ទៅផង។ កន្លែងណាដែលហួសសម័យ ដែលមិនសមរម្យ មិនស្របនឹងដំណើរការប្រទេស ក៏គួរ ចោលទៅចុះ ប៉ុន្តែកន្លែងណាដែលបង្ហាញបែបបទលក្ខណ:ខ្មែរតាំងពីដូនតាមកយើងពុំគួរនឹងកាត់បំបាត់ចោលសោះឡើយ។

ខ្ញុំចង់ពោលពីរឿងសំលៀកបំពាក់ដូចជាបុណ្យសព ខ្ញុំធ្លាប់ឃើញខ្មែរចាស់ៗជំនាន់មុន បើហែសព ប្រុសៗ ស្លៀកពាក់ពណ៌ស ក្រវាតខ្មៅ ស្បែកជើងខ្មៅ, ស្រីៗ ពាក់អាវស សំពត់ចងក្បិន ពណ៌ព្រីងទុំ ឬខ្មៅ មើលទៅបែបរម្យទមណាស់។

ដល់មកឥឡូវនេះ គេស្លៀកពាក់តាមអំពើចិត្តទៅបុណ្យខ្មោចដូចទៅបុណ្យកឋិន ចូលវត្តដូច ជាចូលរង្គសាល ច្រឡូកច្រឡំហាក់ដូចជាប្រទេសនេះទើបតែកើតម្លៃណោះ គ្មានវប្បធម៌ទំនៀមទម្លាប់អ្វី សោះ ។

តាមល្អ គួរតែយើងម្នាក់ៗ នៅក្នុងសង្គមជួយស្ងួនគ្រងនូវលក្ខណ:អ្វីដែលជាខ្មែរនោះ ឱ្យនៅតែ ជាលក្ខណ:ខ្មែរតទៅផង ទើបប្រសើរ។

រឿងសំលៀកបំពាក់នេះទៀត អស់លោកភាគច្រើនចូលចិត្តស្លៀកពាក់ខោអាវធំ ពេលបុណ្យ ពេលជំនុំ ទោះបីរដូវក្តៅស្ទើរបែកក្បាលក៏ដោយ។ អាកាសធាតុក្តៅស្ទើរហុយផ្សែង យើងសុខចិត្តទ្រាំ បែកញើស គ្រលំអាវធំធ្វើមុខជូរ។ សម្លៀកបំពាក់គេប្រើក្នុងប្រទេសត្រជាក់ ធាតុត្រជាក់ធ្លាក់ទឹកកក ឯងយកមកគ្រលុំឱ្យបែកញើស។ នេះជាអំពើឬបែបបទខុសទំនងដែរ។ ខ្ញុំពុំរិះគន់ទេ បើអស់លោកចូល ចិត្តបំបែកញើសរបៀបនោះ តែខ្ញុំយល់ថា បើយើងស្លៀកពាក់ឱ្យស្គាល់របៀបរងាក្ដៅនោះ អស់លោក អ្នកនឹងបានស្រួលខ្លួន ហើយបានសមរម្យផង។

អំពីរឿងទុកសកសេះ

សព្វថ្ងៃនេះ នៅប្រទេសខ្លះនៅជុំវិញយើងនេះ មានយៀកណាម ថៃឡង់ដ៍ ហ្វីលីឿន គេកំពុងតែ  ប្រយ័ត្នរឿងយុវជនទុកសក់សេះ ដែលគេយល់ថាធ្វើខូចទំនៀមទំលាប់ល្អរបស់ស្រុកគេ ព្រមទាំងគេ មិនចង់ឱ្យស៊ីវិល័យខុសទំនងនោះ ឆ្លងមកលប់លើវប្បធម៌របស់គេផង។ កន្លែងខ្លះ គេចាត់ភ្នាក់ងារឱ្យចាំចាប់យុវជនទុកសក់វែងយកមកកាត់សក់នោះចោល។ ហើយស្រុកខ្លះ នៅចំណតយន្តហោះផ្ទាល់តែ ម្តងគេសុំអញ្ជើញភ្ញៀវបរទេសទុកសក់វែង ឱ្យចូលទៅកាត់សក់នៅកន្លែងមួយសមរម្យ ដែលគេបំរុង ទុកជាស្រេច មុននឹងឱ្យបរទេសនោះចូលទៅកាន់ក្រុងរបស់គេ។

យើងឯណេះវិញ យើងមានចាត់ការអ្វីដែរលើរឿងជនទុកសក់វែងនេះ?

ឃើញមានតែមួយពេលគត់ គឺលោកប្រធានាធិបតី លន់  នល់ ប្រកាសឱ្យយុវជនទុកសក់វែង កាត់សក់វែងរបស់ខ្លួនចោល កាលពីខែមីនា ១៩៧២, ប៉ុន្តែមានយុវជនណាស្តាប់ប្រសាសន៍លោកប្រធានាធិបតី លន់-នល់ ទេ? អត់ទេ !

សូមអភ័យទោស ក្រែងខ្ញុំយល់ច្រឡំ ខ្ញុំសង្កេតឃើញថា យុវជនសង្ហាទុកសកសេះ (មិន និយាយពីពួកសិល្បករនិងនិស្សិតទេ) ច្រើនតែជាក្មេងពាល ក្មេងកាប់ចាក់ លួចប្លន់ ឆក់នាឡិកា ឆក់ ខ្សែក តាមផ្សារតាមផ្លូវ… អ្នកក្រុងយើងមូលមាត់គ្នាហៅថា ពួកអាទុកសកវែងឬអាទុកសក់សេះ។

យើងគួរផ្តើមពន្យល់យុវជនយើងឱ្យចៀសវាងរឿងទុកសក់វែងនេះផងហើយ ព្រោះមិនជាការ ល្អមើលសោះ ប្រុសច្រឡំស្រី ស្រីច្រឡំប្រុស ខុសពីបែបបទខ្មែរ។ យើងគួរមើលប្រទេសគេក្បែរខាង យើងនោះផង គេធ្វើយ៉ាងណា គេការពារយ៉ាងណា។

គាប្បីម៉ឹងម៉ាត់ឱ្យបានយូរអង្វែង

នៅឱកាសផ្លាស់របបគ្រប់គ្រង នៅប្រទេសណាក៏ដោយក្នុងលោកនេះ គេតែងតែផ្លាស់តាម របៀបក្តៅទៅតាមបញ្ញត្តិឱ្យមនុស្សធ្វើតាមកុំឱ្យល្អៀងបាន។ ជាពិសេស លុះត្រាតែអ្នកកាន់អំណាចនោះ ប្រយ័ត្នប្រយែងខាងផ្លូវច្បាប់ គោរពច្បាប់ទៅផងទើបបានចម្រើន ច្បាប់នោះឯងមានប្រសិទ្ធិភាព។ ដូច ជាគ្រួសារយើងនីមួយៗ ទាល់តែមេគ្រួសារនោះពូកម៉ឺងម៉ាត់ ទើបគ្រួសារនោះបានត្រឹមត្រូវទៅតាម គន្លងល្អ មិនមែនរង់ចាំសមាជិកគ្រួសារនេះ គោរពតាមតែឱវាទខ្លួនជាមេនោះទេ។ យ៉ាងណាមិញ ប្រទេសជាតិនិមួយៗ ក៏ដូចនោះដែរ គួរណាស់តែអ្នករក្សាអំណាច ស្ថិតនៅក្នុងគន្លងច្បាប់នោះទៀងទាត់ ម៉ឺងម៉ាត់ទើបប្រជាពលរដ្ឋបានសុខសាន្តទៅកើត តែកាលណាមិនគោរពច្បាប់ ធ្វើតាមតែតណ្ហារបស់ ខ្លួននោះ ប្រទេសនោះទៅមុខពុំរួចទេ នៅតែវិលវល់ដូចបែបចាស់ដដែលជាដដែល។ ម្យ៉ាងទៀត បើយើងតឹងយើងម៉ឺងម៉ាត់ពីដំបូងយ៉ាងណា យើងត្រូវតឹងត្រូវម៉ឺងម៉ាត់ឱ្យរហូតទៅ កុំតឹងម៉ឺងម៉ាត់តែមួយឆាប រួចធូរស្ពតនោះ។

ដូចយើងបានឃើញស្រាប់ថ្ងៃទី ៩ តុលា ១៩៧o យើងប្រកាសប្រទេសជាសាធារណរដ្ឋ គឺ សន្មត់ថាប្តូរផ្លាស់អស់របៀបរាប់ទាំងល្បែងពាលាផង, សិស្សានុសិស្សបានទាំងដុតរូបសំណាក បៀរបោ នៅមុខសក្យមុនីចេតិយផង ជាសញ្ញាថាយើងត្រូវឈប់លេងបៀអាប៉ោងទៀតហើយ។ នៅ ពេលនោះដូចជាស្ងប់បន្តិច ប៉ុន្តែមិនយូរប៉ុន្មាន ល្បែងពាលាក៏រស់រវើកឡើងវិញមកពីអ្វី? មកពីច្បាប់ យើងបន្ធូរបន្ថយឆិនឆៃ រួចអ្នកខាងលើបែបខ្ជិលបន្តិចផង ក៏បណ្តោយៗទាល់តែអីចឹងទៅ។ ខ្មែរយើង មានចរិតតឹងរ៉ឹងម៉ឺងម៉ាត់ដំបូង យូរទៅធូរស្ដែត។

និយាយរឿងយើងឆាប់បន្ធូរនេះ ខ្ញុំនៅនឹកឃើញបន្តិចថា នៅឆ្នាំ ១៩៤o កាលយើង, រាជការ បារាំង-ខ្មែរ,បានតទល់ចម្បាំងសៀមគគ្រឹកគគ្រេង តែមិនមែនទាន់ជាសាហាវដូចសព្វថ្ងៃនេះផងទេ      រាជការបារាំងបានធ្វើសំបុត្រចុះថ្ងៃទី ១៧ មិថុនា ១៩៤o ហាមប្រាមទាំងអស់មិនឱ្យបើកវង់រាំច្រៀង ស្រុកកើតសង្គ្រាម។ កាលណោះស្ងាត់អស់ ហើយស្ងាត់រហូតរាប់ឆ្នាំ។ ឯយើងសព្វថ្ងៃនេះមិនដូច្នោះទេហាមបិទតែមួយភ្លែតបើកវិញ រោងកុនក៏ដោយ រង្គសាលក៏ដោយ ដូចជាច្បាប់ស្ថិតនៅតែលើក្រដាស់ សោះតែម្តង ហាមអ្វីគ្មានប្រសិទ្ធិភាពដូចជំនាន់បារាំងទេ។ និយាយនេះមិនសរសើរច្បាប់បារាំងទេ តែសរសើរថាគំនិតបារាំងវាម៉ឺងម៉ាត់មែនទែន។ ព្រោះតែវាម៉ឺងម៉ាត់មែនទែនអីចឹងហើយបានជាវាត្រួតក្បាលឯងកើត។ ខ្មែរយើងព្រោះតធូរស្តែតសែតព្រលែតអីចឹងហើយ បានជាពិបាកគេចផុតពីកគេ ទាំងរាស្រ្តទាំងនាម៉ឺននោះ។

ខ្ញុំនិយាយនេះដូចជាឆ្ងល់ ប៉ុន្តែនិស្ស័យខ្ញុំ ខ្ញុំបានសច្ចាថាខ្ញុំសុំរស់នៅជាខ្មែរ ស្លាប់ទៅក៏ជាខ្មែរ ហើយរសក្នុងកំណើតថ្មីវិញក៏ជាខ្មែរដែរ។ ខ្ញុំមិនចង់ឱ្យជនជាតិណាកាឡៃខ្ញុំជាជាតិផ្សេងសោះឡើយ។

ម្យ៉ាងទៀត យើងចូលចិត្តតែធ្វេសចាំជិតសឹមធ្វើតែម្តង។ នីកមើល នៅពេលកសាងអ្វីមួយនៅ តាមខេត្ត តាមក្រុង អស់លោកច្រើនមិនសូវប្រញាប់ធ្វើទេ លុះតែដល់ពេលជិតសម្ពោធតែម្តង ក៏តាំងប្រញាប់ធ្វើទាំងយប់ទាំងថ្ងៃ គ្រវីសគ្រវាសឱ្យតែបានហើយសម្រាប់សម្ពោធ យកគាប់មួយពេលនោះទៅ។ សួនច្បារគ្មានផ្កា កាច់ផ្កាមកដោតបញ្ឆោតទៅ, អណ្តូងគ្មានទឹកដងទឹកពីរបីឡានយកមកចាក់ឱ្យពេញទៅ សម្រាប់ ព្រះអង្គទតសរសើរ ពេលបើកសម្ពោធសមិទ្ធិរុក្ខផល កេណ្ឌយក ចេក ម្នាស់ ល្អៗ មកដាក់គរពោរពាសបង្ហាញ, ហើយទ្រុងមាន់មួយក៏ចេះតែដើរហើរហោះតាមព្រះអង្គស្ទើរគ្រប់ខេត្ត ភរ បញ្ជាក់អំពីការចំរើនខាងចិញ្ចឹមមាន់។ អាងតែ «ឪ» ខ្វាក់ គ ថ្លង់, «កូនចៅ» គិតតែពីភរវកវី យកមេ -ដាយ។ នែ ! សម័យនោះ !

ឥឡូវនេះ សម័យនេះ ខ្ញុំសូមធ្វើសំណូមពរកុំឱ្យហែលតាមដំណើរមុននោះឱ្យសោះ។ រួមគ្នាធ្វើ អ្វី ធ្វើឱ្យស្មោះម៉ឺងម៉ាត់ឱ្យរហូតកុំបន្ធូរ។

ការសន្ទឹះសង្ស័យ

អ្នកដឹកនាំខ្មែរ តាំងតែពីដើមមកចូលចិត្តតែសង្ស័យគ្នាទៅវិញទៅមក។ ការសង្ស័យនេះ ចេញ ផលជាការកាប់សម្លាប់គ្នាឥតប្រណី។

អ្នកដែលកំពុងកាន់អំណាច រមែងតែងតែមិនទុកចិត្តចំពោះអ្នកដែលធ្លាប់រួមការជាមួយ ដោយ ចេះតែក្រែងថា តិចលោអានេះវាដណ្តើមអំណាចអញទៅ, តិចលោអានេះវាលបសម្លាប់អញដើម្បីយក តំណែងអញទៅ ! តិចលោអីចេះ តិចលោអីចុះ ! ច្រើនប្រការ។

កាលបើនឹករអើលដូច្នោះហើយ ក៏តាំងលែងទុកចិត្ត រួចបើជួនមានអាម៉ីអាថោងចាក់រុកបន្តិច ផងនោះ ក៏តាំងជឿជាក់មែនទែន ថាសហការីឬមិត្តពីដើមនោះក្បត់ខ្លួនមែនទែនតែម្តង។ ដលមកត្រង់ណេះ ក៏តាំងរកលេសចោទប្រកាន់សហការីនោះឬមិត្តនោះ ឱ្យគ្នាទៅជាអាក្រក់ ដើម្បីយកទៅសម្លាប់ ចោលទទេទៅ។ ផលវិបាកដែលកើតឡើងដោយការចេះតែសង្ស័យគ្នានេះ ជួនកាលនាំឱ្យកើតសង្គ្រាមក្នុង ស្រុកយ៉ាងធំទៅផងក៏មាន។

ខ្ញុំសុំរំលឹករឿងមួយ : ស្ដេចសុគន្ឋបទ (រវាងសតវត្សរ៍ទី ១៥ នៃ គ.ស.) ស្រឡាញ់គាប់ព្រះទ័យ និងប្អូនថ្លៃឈ្មោះ កន នោះណាស់ ថែមទាំងប្រទានងារជា «ឃុនហ្លួងព្រះស្តេច ត្រួតត្រាលើក្រសួងសង្ឃការីថែមទៅទៀត។ ក្រោយមក ក៏ស្រាប់តែសង្ស័យថា ឃុនហ្លួងព្រះស្តេចកនប្រុងដណ្តើមអំណាច។ លុះស្តាប់ពាក្យចាក់រុកពួកមន្ត្រីដែលស្អប់ឃុនហ្លួងព្រះស្តេចកននោះថែមទៀតទៅ ក៏យល់ថា ឃុនហ្លួងព្រះ   ស្តេចកនប្រុងក្បត់មែនទែន ទើបឱ្យគេតាមចាប់ឃុនហ្លួងព្រះស្ដេចកនយកមកសម្លាប់។ ឯ ឃុនហ្លួងព្រះស្ដេចកនដឹងខ្លួន ក៏ភៀសខ្លួនទៅកញ្ចុរាស្រ្តក្បត់មែនទែនតែម្តង ចេញមុខច្បាំងនឹងស្តេច ផែនដីពេញទំហឹង។ ប្រជារាស្រ្តកើតវិនាសហិនហោចខ្លោចផ្សាអន្តរកប្ប សម្លាប់គ្នាដូចសត្វធាតុ។ ឃុន ហ្លួងព្រះស្ដេចកន ធ្វើគតព្រះសុគន្ធបទទៅវិញ ហើយយករាជ្យមកសោយ តាំងខ្លួនជាម្ចាស់ផែនដីឆ្កុយ ហើយក៏តាំងសប្បាយរាំរែកតាមគន្លងស្តេចផែនដីព្រងើយ ! ។ នេះរាស្ត្រស្លាប់មួយលើក។ ស្ដេចកន នេះកំពុងតែត្រេកត្រអាល ក៏ស្រាប់តែស្ដេចអង្គចន្ទ (អង្គចន្ទទី១) ចេញពីសៀមមកវិញ លើកទ័ព គគ្រឹកគគ្រេងមកដេញស្ដេចកននោះទៅវិញ។ ការកាប់សម្លាប់គ្នាឯង វះសាច់កាច់ឆ្អឹងគ្នាឯង ក៏ផុស ឡើងម្តងទៀត ប្រជារាស្ត្រវិនាសជីវិតរាប់ពុំអស់។ ទំរាំតែផ្តួលស្ដេចកនបាន ចំណាយស្ទើរអស់ពូជខ្មែរ ដែលខ្លាំងពូកែ។

នេះជារឿងចាស់ ដែលអ្នកប្រវត្តិសាស្ត្រគេដឹងគ្រប់ៗ គ្នា ហើយរកហេតុទៅឃើញថា គឺមកពី ស្ដេចអ្នកដឹកនាំ ចេះតែសង្ស័យអ្នកដែលធ្លាប់តែស្រឡាញពីដំបូង ពោលគឺស្តេចសុគន្ឋបទសង្ស័យលើ ឃុនហ្លួងព្រះស្តេចកន រហូតដល់មានរឿងនាំឱ្យរាស្ត្រស្លាប់ពាសវាលពាសកាល។

” រឿងថ្មីមួយទៀតកាលពី ២០ ឆ្នាំមុននេះ នរណាក៏ដឹងដែរថា សឹង ង៉ុកថាញ់ រត់ចូលព្រៃទៅជា មេខ្មែរសេរី ក៏ដោយសារស្ដេចសីហនុមិនទុកចិត្តគាត់។ រំលឹករឿងនេះឡើងវិញ អ្នកភ្នំពេញនឹកឃើញ     ភ្លាម។ កាលណោះលោក សឹង ង៉ុកថាញ់ ត្រូវរដ្ឋាភិបាលបារាំងដោះលែងមកវិញ។ ថ្ងៃ៣០តុលា១៩៥១ លោក សឺង ង៉ុកថាញ់ មកភ្នំពេញ រាស្រ្តខ្មែររាប់ម៉ឺននាក់ទទួលគាត់។ សីហនុ ក៏ស្រាប់តែក្រែងរអែងថា៖ អីយ៉ា, អាម្យនេះមានរាស្ត្ររាប់អានខ្លាំងណាស់តើ, មិនស្រួលទេ ថ្ងៃក្រោយម្យនេះមានប្រជាប្រិយ ភាពសម្បើមហើយ អញអស់មានមុខមានមាត់ហើយ ដូច្នេះ ត្រូវចាត់ការយកអានេះចេញ ទើបបាន។           សឺង ង៉ុកថាញ់ មិនមែនមានត្រចៀកដូចត្រចៀកពាង មានភ្នែកដូចភ្នែកឫស្សីឯណា គាត់មានត្រចៀក និងភ្នែកជាមនុស្សដែរ ដឹងខ្លួនក៏ភៀសចូលព្រៃបាត់។

រឿងមួយទៀត នរណាមិនដឹង ជួន ម៉ុម ជាអ្នកចេះដឹងល្បីពីស្រុកបារាំងមក។ គ្រាន់តែហៀប តែនឹងដាក់ជើងចុះជាន់លើដីពោធិ៍ចិនតុង ក៏ស្រាប់តែត្រូវដកជើងឡើងយន្តហោះវិញប្រញាប់។ ចុះឯណាបាន? បើពួកឆ្កែ សីហនុ នៅត្រៀមត្រៀបត្រាចាំខំាពាំយកទៅឱ្យសីហនុនោះ។ គេថា ជួន ម៉ុម ជា មនុស្សក្រហម។

មួយទៀត, ៤-៥ ឆ្នាំមុននេះនរណាទៅភ្លេច? ហ៊ូ យន់, ហ៊ូ នីម, ខៀវ សំផន បានបាត់ខ្លួន តើ ដោយសារនរណា? គឺមកពីពួកនិយមស្តេច ពួកពុករលួយបរិវារស្តេចពាលសីហនុ ពួកចៃវាំង ។ល។ រាស្ត្រខ្មែរណាម្នាក់ដែលភ្លេចពាក្យជេរប្រទេចរាលថ្ងៃ របស់សម្តេចសីហនុ ទៅលើពួកទាំងបីនោះ?

សរុបមក សឱ្យឃើញថាអ្នកដឹកនាំយើង គឺសីហនុនោះរវល់តែសង្ស័យវរជនឯទៀត រវល់តែ នឹងច្រណែននឹងប្រជាប្រិយភាពគឯទៀត រករឿងមិនឱ្យនរណាលូតលាស់ខ្ពស់ជាងខ្លួនកើត ឱ្យមានតែខ្លួនម្នាក់ជាកំពូលជាដើម ជាមេ ជាឯកលើគេ ។

លទ្ធផលនៃទិដ្ឋិចង្រៃនោះ នាំឱ្យវរជនបញ្ញវន្តឃ្លាតឆ្ងាយពីសីហនុរហូតដល់សព្វថ្ងៃនេះ មាន បក្សមានពួកស៊ីសាច់ហុតឈាមគ្នាគ្មានពិចារណា ព្រោះតែការកាន់ជើងពួកក្រហម ពួកខៀវ មិនគិតពីរួមមរស់ជាខ្មែរ ដោយសុខសាន្តសោះ។ ខ្ញុំនិយាយមកប៉ុណ្ណេះ តើអស់លោកសង្កេតឃើញបែបនេះទេ? សុំជួយពិចារណាផង។

ហេតុអ្វីបានជាយើងឱនថយ

ខ្ញុំយល់ថា ខ្មែរយើងសម័យសតវត្សរ៍ទី ១៣ កសាងនគរវត្តរួច ក៏ចាប់ចុះថយឥទ្ធិពលបន្តិច ម្តងៗ ដរាបដល់រៀវរួចរួញដល់សព្វថ្ងៃនេះ។ ហេតុម្តេចក៏ដូច្នោះ? ដោយហេតុថា ជំនាន់នោះ គេផ្ដាច់ការពន់ពេកប្រើកម្លាំងមនុស្សដូចគោ-ក្របី ឱ្យដឹកថ្មធំៗ មានទម្ងន់ហួសកម្លាំងយកមកធ្វើប្រាសាទ ហើយ បង្ខំឱ្យធ្វើគ្មានពេលសម្រាក។ ប្រាសាទទាំងឡាយនៅអង្គរពិតជាមរតកអនុស្សាវរីយ៍របស់ដូនតាយើង ប្រាកដណាស់។ នៅពេលកសាងប្រាសាទទាំងឡាយនៅអង្គររួច យើងកត់សម្គាល់ឃើញប្រជាពលរដ្ឋ ខូចទឹកចិត្តអស់រហូតដល់សត្រូវចូលមកវាយប្រទេសជាតិ ប្រជាពលរដ្ឋពេលនោះកំពុងធុញទ្រាន់ នឹងការលំបាកពន់ពេក ក៏កើតចិត្តនឿយណាយលែងមានចិត្តការពារប្រទេសជាតិទៅ។ ហើយរហូតមកចេះតែចុះថយឥទ្ធិពលជាលំដាប់ ឥតមានវរជនណាជួយបញ្ចុះទឹកចិត្តប្រជាពលរដ្ឋ ឱ្យភ្ញាក់រលើកឡើងវិញទេ ចេះតែបណ្តោយយូរជាយូរទៅ ប្រជារាស្ត្រក៏ទៅជាអស់សង្ឃឹមចំពោះជោគវាសនាខ្លួន នាំឱ្យខូចទឹកចិត្តរឹតតែខ្លាំងឡើង។ ណាមួយត្រូវពួកស្តេចជិះជាន់ផង ណាមួយជីវភាពលំបាកផងក៏ដេកផ្សង ចាំតែវាសនាប៉ុណ្ណោះ។

នៅពេលដែលវាចូលលុកប្រទេសនេះម្តងៗសត្រូវតែងតែឃោសនាថា យើងមកជួយរំដោះ អ្នករាល់គ្នា ឱ្យរួចពីក្រញាំរបស់ពួកមនុស្សមួយចំនួន ដែលកំពុងតែជិះជាន់អ្នករាល់គ្នាសព្វថ្ងៃ។ គួរកត់ សម្គាល់ថានៅពេលសត្រូវចូលមកវាយម្តងៗ មិនដែលអត់មានមនុស្សក្បត់រត់ទៅចូលខាងសត្រូវនោះ ទេ តែងតែមានជាដរាប ជួយឃោសនាឱ្យសត្រូវទៀត ជាហេតុនាំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា គេមកជួយរំដោះយើងឱ្យរួចពីការលំបាកគ្រប់យ៉ាងមែន តែងតែយើងជួយខាងសត្រូវទើបបានសេចក្តីសុខហើយបបួលគ្នាចូលខាងសត្រូវដោយមិនដឹងខ្លួនទៅទៀត។ ពីនោះរៀងមកដល់សតវត្សរ៍ទី ១៧ យើង ចាប់ចុះមែនទែន ដល់មកសតវត្សរ៍ទី ១៨ ខ្មែរក្លាយជាជាតិមួយបាក់ស្បាត អស់មានគំនិតអ្វីហៅថាតស៊ូ នោះរលីង គិតតែពីទូលកញ្ជើរ រត់ជាទម្លាប់ជាប់មកដល់សព្វថ្ងៃនេះតែម្តង។

អស់លោកជួយពិចារណាមើល រហូតដល់បច្ចុប្បន្នកាលនេះ តើយ៉ាងណា? យៀកកុងយួនខាង ជើងចូលមកវាយប្រទេសខ្មែរ ដុតបំផ្លាញអស់ផ្ទះសម្បែងអ្នកស្រុក ហើយមានស្តេចសីហនុបានជួយស្រែកពួកនោះទៀត ជាហេតុនាំឱ្យប្រជាពលរដ្ឋយើង ទៅតាមគន្លងសតវត្សរ៍មុនៗតែម្តង។ ខ្ញុំសុំរំលឹកដោយស្មោះត្រង់ថា ព្រោះតែគន្លងបាក់ស្បាតវង្វេងចូលនឹងសត្រូវរាល់ៗជំនាន់នេះហើយ ទើបនគរកម្ពុជាធិបតី នៅរួមរួញតូចប៉ុនបាតដៃសព្វថ្ងៃនេះ ហើយបើកុំតែបារាំងចូលមកធ្វើជាចៅហ្វាយទាន់ កុំអីរលាយបាត់ផងក៏មិនដឹង បានបារាំងចូលមកវាខាឃាំងទុកត្រួតត្រាក៏បាននៅសល់ប៉ុណ្ណោះ។ នេះ ហើយវាសនាកម្ពុជាយើងដែលត្រូវតែមានចៅហ្វាយត្រួតត្រានោះ។

ចំពោះការឱនថយឫទ្ធានុភាព ខ្ញុំសូមប្រៀបធៀបទៅនឹងមហាប្រទេសខ្លះពីសម័យបុរាណ ដូច យ៉ាងមហាប្រទេសចិនប្រជាមានិត ជាមហាអំណាចនៅអាស៊ីដែរ កាលជំនាន់ស្តេចចិនឈ្មោះ ជិន ស៊ីហួងទី Chin Shih Huongt[1] ខ្លាចពួកម៉ុងហ្គោលចូលវាយ ប្រទេសចិនស្តេចនោះក៏ចាប់សាងកំពែងដ៏ធំ     សតវត្សរ៍ទី ៣ មុនគ្រិស្តសករាជ (Grande Muraille) ហើយវែងរហូតដល់ប្រាំពាន់គីឡូម៉ែត្រ នាំឱ្យប្រជា ជន ចិនលំបាកវេទនាជាអស្ចារ្យ សង់រួចកាលណាប្រជាជនចិនហត់នឿយយ៉ាងខ្លាំង គ្មានកម្លាំងធ្វើ       សង្គ្រាមសោះ។ ទទួលពេលនោះពួកម៉ុងហ្គោលក៏ចូលមកវាយទៀត ហើយឃោសនាថាមកជួយប្រជា ពលរដ្ឋចិនឱ្យផុតពីទាសភាព ប្រជាជនចិនក៏ជឿមួយចំនួនធំ លែងជួយកងទ័ពរដ្ឋាភិបាល នាំឱ្យកងទ័ព   រដ្ឋាភិបាលទន់ខ្សោយ បណ្តោយសត្រូវវាយធ្លាយមហាកំពែងនោះទៅ ហើយមហាប្រទេសចិនសម័យ នោះ ក៏ធ្លាក់ចុះក្នុងហាយនភាពពេលនោះទៅ។

នៅអេហ្សីបក៏ដូច្នោះដែរ ហេតុតែចង់បានកេរ្តិ៍ឈ្មោះខ្ពស់ស្មើនឹងទេវតា  ស្តេចអេហ្ស៊ីបឈ្មោះ     រាមសេសទី ២ បានសាងមហាចេតិយ Pyramide ទុកជាកិត្តិគុណដ៏សំខាន់របស់សក្យវង្ស បន្ទាប់ពីនោះ មក អេហ្សីបក៏ចុះថយបន្តិចម្តងៗ ដរាបមក។

ការចុះថយឥទ្ធិពលទាំងយើងទាំងគេនេះ គឺបណ្តាលមកពីការអ្នកគ្រប់គ្រងស្រវាទាញតែនឹង រឿងកិត្តិយស ចង់ប្រកួតនឹងអាទិទេពជាក់ច្បាស់ណាស់។

ឥឡូវនេះ ខ្ញុំសូមនិយាយអំពីប្រទេសដែលគេបានចម្រើនវិញម្តង។ តើគេចាត់ការយ៉ាងដូចម្តេច ខ្លះ? ដូចយ៉ាងប្រទេសជប៉ុន កាលពីសតវត្សរ៍ទី ១៩ ស្តេចរបស់គេឈ្មោះអធិរាជ មេអំជិ (Meiji) ព.ស. ២៤១០ គ.ស. ១៨៦៦ បានភ្ញាក់រលឹកឈ្វេងយល់ថា ៖ ប្រទេសជប៉ុនត្រូវតែមានអ្នកចេះដឹងច្រើនតទៅ អនាគតទើបបានចម្រើន ហើយគ្មាននរណាប្រមាថបាន។ គិតដូច្នោះក៏ចាត់បញ្ជូនកូនសិស្សឱ្យចេញទៅ រៀននៅបរទេសជាច្រើនប្រទេស។ មិនយូរប៉ុន្មានកូនសិស្សនោះចេះដឹង នាំចំណេះចេះដឹងមកធ្វើការ បម្រើប្រទេសជប៉ុនវិញ បានចម្រើនជាលំដាបដរាបដល់សព្វថ្ងៃ។

ឯប្រទេសថៃក៏ដូច្នោះដែរ ស្ដេចឈ្មោះព្រះបាទសម្ដេចចុឡាចមភ្លៅ[2] កាលពីឆ្នាំព.ស. ២៤១១  គ.ស. ១៨៦៧ បានចាត់កូនចៅគេឱ្យទៅរៀននៅបរទេសជាច្រើនគ្នាដូចយ៉ាងលោក ឈួង អភ័យវង្ស, ហ្លួងប្រឌីភ្នំយ៉ុង… ជាដើម គេចេះដឹងត្រឡប់មកវិញ មានចំណេះគ្រប់វិស័យសម្រាប់ធ្វើការឱ្យប្រទេស ថៃ។ ឯយើងខ្មែរឯណេះវិញ មានស្តេចណាចាត់កូនសិស្សណា ឱ្យទៅរៀនដូចជប៉ុន ដូចសៀមទេ?

នៅសម័យ ព.ស. ២៤១១ គ.ស. ១៨៦៧ នោះ ស្ដេចខ្មែរកំពុងតែដណ្តើមអំណាចគ្នា បង សម្លាប់ប្អូន ប្អូនសម្លាប់បង ដណ្តើមគ្នាសោយរាជ្យសម្បត្តិ។ ប្រជាពលរដ្ឋស្លាប់គរជើងលើគ្នា។ តមកមានដែរ ក្រសួងអប់រំជាតិបញ្ជូនកូនសិស្សឱ្យទៅរៀននៅបរទេស ដោយជួយផ្តល់អាហារូបករណ៍ ដោយចំនួនតិចហើយស្អួចស្ដើងថែមទៀត ឬក៏ប្រទេសនោះមានគេឱ្យអាហារបករណ៍ ប៉ុន្តែម្តងៗដោយបើព្រះអង្គមិនសព្វព្រះទ័យ ក៏តាងឱ្យរដ្ឋាភិបាលផ្តាច់អាហារូបករណ៍ពីសិស្សនោះជាប្រញាប់។ សិស្សនោះគ្នាតែលតោលវង្វេងវិលវល់ លែងចង់នៅជាខ្មែរចង់តែសុំប្តូរឈ្មោះចូលសញ្ជាតិបរទេសតែម្តង ដើម្បីរស់រានមានជីវិត។ ស្ដេចខ្មែរយើងវាអីចឹង ! គំនិតនេះ គឺគំនិតមិនចង់ឱ្យនរណាចេះជាងខ្លួនជាពួកស្តេច ប៉ុន្តែមិនយល់ថា គំនិតខួបគ្នាឯងមិនឱ្យចេញក្រៅនេះ ជាគំនិតសម្រាប់ធ្វើខ្ញុំគេនោះទេ។ ស្ដេចនេះមិនយល់ថា តែកាលណាប្រជាជនល្ងង់ហើយ ប្រទេសនឹងស្ថិតនៅជាខ្ញុំគេនោះ មិនយល់ទេ។ ស្មានតែថាអញស្តេច អញចេះ, ចេះគ្រប់សព្វឬ? បើគ្មានដៃជើងមន្ត្រីសេនាបតីជាអ្នកចេះផង មានតែពួកអបអែបបនូរលើកជើងហេកហកមុខក្រោយ តើធ្វើឱ្យស្រុកលូតលាស់ទៅកើតឬ? ព្រោះហេតុដូច្នេះហើយ ទើបបានជាសព្វថ្ងៃ ពេលមានអាសន្នកើតឡើង យើងខ្វះអ្នកចេះដឹងសំខាន់ៗ សម្រាប់ធ្វើការ យើងផ្ទុកផ្ដាក់កិច្ចការតែទៅលើបុគ្គលមួយចំនួនឱ្យធ្វើការ ហើយបើពួកនោះធ្វើខុសផ្ដាច់ការ អាវាសែក្បត់ជាតិលក់ជាតិ ក៏តាមតែពួកនោះចាត់ អ្នកឯទៀត គ្មានដឹងគ្មានយល់អ្វីទាំងអស់ ព្រោះមិនដឹងមិនចេះ គ្មានសមត្ថភាពនឹងជួយតាមមើលតម្រែតម្រង់ ចេះកិច្ចការនេះផងសោះ។

ដូចមានពាក្យកាព្យបរមបុរាណតែងពោលនិយាយតៗ គ្នាមកថា ៖

 “ស្តេចខ្មៅ នាម៉ឺន ដូចពស់នាងត្រាវពេនមាត់ជណ្តើរ” ។

“ស្ដេចប្រាជ្ញ នាម៉ឺនមហិទ្ធិយក្ស ដូចពស់ពភ្លាក់ពេនមាត់ទ្វារ” ។

“ស្ដេចប្រាជ្ញ នាម៉ឺនប្រាជ្ញ ដូចពស់នាគរាជពាំកែវមនោរា” ។

នេះហើយ លទ្ធផលនៃការឃាត់ហាមរបស់ពួកស្តេច ពួកល្មោភអំណាចជំនាន់មុនៗ ដែលតែងរកឱកាសជំទាសរឿយៗ មិនឱ្យសិស្សចេញទៅក្រៅ ខ្លាចទៅជាក្រហម ទៅជាខៀវ។ នែ ! គំនិតនេះគួរឱ្យខ្លាចរអាខ្លាំងណាស់ ព្រោះជាគំនិតដែលនាំឱ្យស្រុករលាយដោយមិនដឹងខ្លួន។

គួរមានចិត្តសប្បុរស

ខ្ញុំបានសង្កេតឃើញអ្នកមានថ្នាក់សេដ្ឋីគហបតីខ្លះ ហេកហកជួយជាតិតែបបូរមាត់ក្រៅ អីចាំជួយកសាងនេះ ចាំជួយកសាងនោះ, អើចាំឆ្នាំក្រោយសិនចាំទៅ! ដេកចាំទៅ! ពួកនោះ កាលសម្តេច សីហនុនៅ សីហនុប្រកាសងៗ ខ្លាចកុម្មុយនីស្តចូលមកប្រមូលទ្រព្យសម្បត្តិទុកជារួមសម្បាច់, ក៏បាននិយាយថា៖ ហ្មឺ, ចាំឆ្នាំក្រោយទៅ អញសាងកូនសាលាមួយឱ្យក្មេងរៀន, ចាំដាច់ខែនេះទៅ អញ ចូលជាសមាជិកសង្គជាតិ,ចាំថ្ងៃស្អែកទៅអញយកអំណោយទៅឱ្យទាហាន (កាលណោះទាហាននៅ ឧត្តរមានជ័យនិងព្រះវិហារកំពុងក្រខ្សត់អត់ឃ្លានយ៉ាងខ្លាំង រដ្ឋាភិបាលអំពាវនាវឱ្យជនជាតិរៃអង្គាស ម្ហូបកំប៉ុងយកទៅឱ្យទាហានទាំងនោះ)។ ស្អែកជាស្អែក ថ្ងៃនេះជាថ្ងៃណា ខែនេះជាខែនោះ ឆ្នាំនេះជាឆ្នាំក្រោយ, មានអីអត់ទទេ! អញគ្មានរវល់នឹងសេចក្តីអំពាវនាវស្មីទាំងអស់! នរណាធ្វើអីធ្វើទៅ! ដល់មកសម័យនេះទៀត ប្រជាជនខ្មែរកំពុងលិចលងក្នុងរលកមហន្តរាយវិនាសទ្រព្យសម្បត្តិអស់រលីង គ្រួសារព្រាត់ប្រាស់គ្នា, កូនខ្មែរកំព្រាត្រៀបត្រា, ជម្រក, ខ្វះអាហារ ខ្វះឱសថដេកចាំតែស្លាប់គ្រប់ទិសតំបន់… គឺថាជីវភាពប្រជាជនខ្មែរ កំពុងត្រូវចំរាញ់ទឹកភ្នែកស្រែកហៅជំនួយរលូងៗ… ក៏ពួកអភិជន ពួកសេដ្ឋីគហបតីទាំងនោះខ្ទប់ភ្នែក បិទត្រចៀក លែងឃើញលងព្ទទាំងអស់។ នរណាស្លាប់ នរណាវេទនា អញមិនដឹងទាំងអស។ រដ្ឋាភិបាលអំពាវនាវ… អំពាវនាវឱ្យល់ទៅ! អញអឺអើតែមាត់, ចាំថ្ងៃនេះថ្ងៃ ណោះ ខែរះខែណោះសុំជួយឱ្យនេះឱ្យនោះ។ ដេកចាំទៅ បើរបេះអំបិលមួយគ្រាប់! ន៍ អ្នកមានស្រុកខ្មែរវាមានអីចឹង វាមិនមែនដូចពួកសេដ្ឋីគហបតីអីស្រាអែល គេនៅដល់ទៅ សហរដ្ឋអាមេរិកឯណោះ គេចេញលុយចេញកាក់ផ្ញើទៅរដ្ឋាភិបាលគេឱ្យរដ្ឋាភិបាលគេមានកម្លាំងធ្វើការតស៊ូជាមួយអារ៉ាប់។ បើមិនបានអី ក៏អំពើសប្បុរសនោះឯង ជាការលើកទឹកចិត្ដទាហានគេ លើកទឹកចិត្តអ្នកដឹកនាំរដ្ឋគយ៉ាងជាក់ស្តែងដែរ។ ឯសេដ្ឋីគហបតីស្រុកឯងដេកចាំមើល អឺអើតែមាត់ក្រៅ។

កាលសម្តេចសីហនុនៅ ពួកអ្នកកំណាញទ្រឹស្ដីស្មារនោ និយាយអាងលេសថា សាងស្ពានថ្ម សាលាធ្វើអី បើសម្តេចឪយកទៅដាក់ឈ្មោះសម្តេចវទាំងអស់នោះ? បាត់ឈ្មោះឯងអស់រលីង បានប្រយោជន៍អី? លុះដល់សម័យនេះ ពួកដដែលនេះនិយាយទៀតថា ជួយធ្វើអីបើពួកនេះសុទ្ធតែពួកពុករលួយ, ខ្ជិល  រវល់ជួយធ្វើអី។

នែ! វាទៅជាអីចឹង! ពួកទាំងនោះមានលេសរហូត។ តាមពិតបើសាងសាលា,ផ្ទះពេទ្យ, សាងទីជម្រក, បរិច្ចាគប្រាក់កាសស្រូវអង្ករឱ្យប្រជាជនដែលគ្នាមានរបត់រត់លូន មកចម្រុះក្បាលគ្នាដូច ដង្កូវនៅភ្នំពេញក្តី នៅទីណាក្តី… ដោយផ្ទាល់ដៃទៅ តើបាត់ឈ្មោះយើងឯណា? អំណោយមនុស្សធម៌យើងមានធ្លាក់ទៅលើដៃពួកដែលយើងថា ពុករលួយនោះឯណា? បើយើងប្រកាន់បក្សពួកយើងប្រកាន់ទៅចុះ នេះមិនមែនប្រជារាស្ត្រខ្មែរនៅកាន់បក្សពួក ដូចយើងមៃនោះឯណា? គឺយើងប្រគល់ឱ្យចំពោះមនុស្សអត់ឃ្លានតែប៉ុណ្ណោះ មិនមែនឱ្យមនុស្សដែលយើងស្អប់នោះទេ គឺឱ្យដល់រាស្ត្រខ្មែរដែលជា ពូជអំបូរយើងទេតើ។

តាមពិតទៅ គួរយើងអ្នកមានៗ, គហបតីមើមៗ មានមនសិការជាតិ មានសង្គហធម៌ខ្លះទៅផង ក្នុងវេលាដែលស្រុកយើងកំពុងលង់លិចនេះ ព្រោះយើងរាល់គ្នាសុទ្ធតែថាចង់ធ្វើតាមអីស្រាអែល ហើយសុទ្ធតែថា យើងជាពុទ្ធសាសនិកចេះធ្វើបុណ្យសុន្ទរ៍ទាននោះផង។

គួរឧស្សាហ៍កត់ត្រាព្រឹត្តិការណ៍ផ្សេងៗ

តាមធម្មតា ឯកសារ និងព្រឹត្តិការណ៍ទាំងឡាយនៃសាកលលោក និងប្រទេសជាតិ រមែងមាន     តម្ក់ទុកនៅបណ្ណាល័យជាតិ។ បណ្ណាល័យជាតិជាឃ្លាំងឯកសារដ៏ធំ។ ប៉ុន្តែចំពោះបណ្ណាល័យជាតិ យើងវិញ បើមានអ្នកនិពន្ធណា ត្រូវការស្រាវជ្រាវរកឯកសារណាមួយនោះពិបាករកណាស់ ហើយជួ កាលរកពុំបានផង ជាពិសេសថ្ងៃខែនៃព្រឹត្តិការណ៍ជំនាន់មុនៗ រកគ្មានសោះតែម្តង ពីព្រោះគ្មាននរណា នឹងរវល់កត់ត្រាទុកសោះ។

ប្រការមួយទៀតមកពីអ្នកខ្លះទៅពិនិត្យឯកសារឬអានសៀវភៅមុខណាមួយ ឃើញរឿងត្រង់ ដែលខ្លួនត្រូវការខ្ជិលចម្លង ក៏តាំងលួចហែកត្រង់វគ្គនោះមួយដុំចេញមកជាសម្បត្តិផ្ទាល់តែម្តង។ គំនិត នេះចង្រៃធំ ព្រោះបានបំបាត់ឯកសារមួយទទេ មិនឱ្យអ្នកដទៃដឹងផង។ សូមអស់លោកដែលមានគំនិត នេះ មេត្តាអាណិតដល់អ្នកក្រោយៗ ដែលគ្នាចង់ដឹងនោះផង។ បើអស់លោកហែកយកតែម្នាក់ឯងទៅ គ្នាបានអ្វីមើល? គួរគិតអាណិតចែកចំណេះចេះដឹងដល់គ្នា ទើបស្រុកយើងសំបូររអ្នកចេះដឹង។

ម្យ៉ាងទៀត ឯកសារនៅស្រុកខ្មែរពិបាករកណាស់ ព្រោះអ្នកកាន់ការរដ្ឋចេះតែកប់បំបាត់ចោល ឬកាឡៃឱ្យទៅជាដូច្នេះដូច្នោះ យកតែល្អក្នុងជំនាន់ខ្លួនទាំងអស់។

ការកប់បំបាត់ចោល ឬក៏កាឡៃប្រវត្តិសាស្ត្រនោះ គេសង្កេតឃើញជាពិសេសពួកស្ដេចនេះតែ      ម្តង។ ក្នុងរជ្ជកាលមួយៗ របស់ខ្លួន ពុំដែលឃើញមាននិយាយអំពីរឿងអាក្រក់សោះ សុទ្ធតែល្អទាំងអស់ ហើយបើមានអាក្រក់ខ្លះនោះ គឺស្តេចក្រោយជាអ្នកឱ្យគេសរសេរ នូវរឿងស្ដេចមុនដែលស្លាប់ទៅ ហើយ តាមអំពើអាក្រក់ស្តេចនោះយ៉ាងណាៗ តែបន្តិចប៉ុណ្ណោះ។ រឿងអាក្រក់គ្មានសូវនរណាកត់ត្រា ទុកទេនៅក្នុងវាំង ប៉ុន្តែរឿងអាក្រក់រឿងឃោរឃៅ រឿងអពមង្គលនៅក្នុងវាំង បែរជាត្រូវបានគេរាស្រ្ត ដែលដឹងនោះ នាំមកនិយាយផ្សព្វផ្សាយទៅវិញ។ យើងដែលដឹងរឿងក្នុងវាំងថា ស្តេចអាវាសែ ផ្តេសផ្កាសយ៉ាងម៉េចនោះ ក៏ដោយសារតែពាក្យគេនិយាយឥតលាយលក្ខណ៍អក្សរនោះដែរ។

ម្យ៉ាងទៀត រំលឹកឡើងវិញ ឆ្នាំ ១៩៦៨ នេះ សម្តេចសីហនុ ដែលខ្លាចមនោគមវិជ្ជាចិនក្រហម ចូលស្រុកខ្មែរ ហើយខ្លាចត្រូវរាស្ត្រក្រហមចាប់ព្យួរកនោះ ក៏ឱ្យក្រសួងសន្តិសុខប្រយ័ត្នប្រយែង ក្នុងរឿងសៀវភៅចិនប៉េកាំងចូលស្រុក។ ក្រសួងនេះក៏ប្រកាសគម្រាមកំហែងរកឈ្មោះណាដែលមានសៀវភៅ    ឬទស្សនាវដ្តីចិនកុម្មុយនីស្តយ៉ាងខ្លាំង។ អ្នកខ្លាចគុកច្រវាក់ ហើយដែលធ្លាប់មានសៀវភៅឬទស្សនា វដ្តីចិនប៉េកាំង ពេលនោះប្រមូលដុតចោលគ្មានសល់ ខ្លះដុតរហូតដល់ទៅសៀវភៅឬទស្សនាវដ្តីរុស្ស៊ី កូរ៉េខាងជើង យួនហាណូយទៅទៀត។

ឯកសារជាច្រើនដែលនិយាយពីទ្រឹស្ដីកុម្មុយនីស្តនោះ ត្រូវរលាយអស់មួយសារក្នុងគ្រានោះ។

ឃើញទេ ខ្លាចកុម្មុយនីស្ត គម្រាមរាស្ត្រឱ្យដុតឯកសាររឿងកុម្មុយនីស្តចោល។ ដល់ទៅខឹងនឹង   អាមេរិកាំង តាំងរករឿងដូច្នេះដូច្នោះទៀត។ ឯកសារនៅស្រុកខ្មែរជំនាន់សីហនុ ព្រឹលៗទាំងអស់ និយាយយកតែពីល្អ អួតសរសើរតែតួសីហនុមួយ បង្វិលរឿងពិតឱ្យទៅជារឿងពុំពិតវិញ។ រឿងមានច្រើន រឿងសម្លាប់ខ្មែរក្រហមនៅខេត្តកំពង់ធំយ៉ាងរង្គាល រឿងសម្លាប់ខ្មែរក្រហមនៅសំឡូត, ភ្នំវាយចាប ខេត្តបាត់ដំបង ។ល។ និង ។ល។ តើមាននរណាហ៊ានសរសេរផ្សាយទេ?

ពាក្យពិតរែងស្លែង ! ស្លាប់ ! គ្មាននរណាហ៊ានផ្សាយទេ !

ប៉ុន្តែការពិត វានៅតែពិតមានគេអ្នកកត់ត្រានៅតែលបកត់ត្រាបានអីចឹងទៅដែរ។ គឺអាស្រ័យ ដោយការលបកត់ត្រាដូច្នេះហើយ ទើបប្រវត្តិពិតពីមុន វាអាចផុសឡើងបាននៅពេលនេះ។

ហេតុដូច្នេះ ទើបខ្ញុំសូមបងប្អូនយុវជនទាំងអស់មេត្តាឧស្សាហ៍កត់ត្រាទៅផង នូវព្រឹត្តិការណ៍ នៅស្រុកយើង ស្រណុកដល់កូនចៅយើងវាសួរ យើងមានចម្លើយច្បាស់លាស់តបទៅវិញ។

ម្យ៉ាងទៀតខ្ញុំសូមធ្វើសំណូមពរចំពោះអស់មិត្តដែលមានកំណត់ឯកសារផ្សេងៗនោះ សូម មេត្តាកុំលាក់ទុកសម្ងំដឹងតែឯងធ្វើអ្វី បើមានប្អូនៗ យុវជនអ្នកស្រាវជ្រាវគ្នាចូលមកសួរ សូមឱ្យគ្នាដឹងផង។ យើងចែកគ្នាដឹងផ្សាយដំណឹងបានច្រើនគ្នា ស្រុកយើងសម្បូរអ្នកដីង យើងមិនវង្វេងវិលវ់ល ដូច កាលកន្លងមកហើយនោះសោះឡើយ។

សាមគ្គីអង្រ្កង

កាលពីឆ្នាំ ១៩៦៤ ខ្ញុំព្រមទាំងគ្រួសារបានទៅលេងចំការនៅច្បារអំពៅ ដែលជាចំការរបស់ ឪពុកម្តាយខ្ញុំយូរអង្វែងហើយ។ ខ្ញុំបានសម្រាកនៅក្រោមដើមស្វាយមួយដើម ភ្នែកខ្ញុំមើលលើទៅមក ស្វាយ ឃើញសំបុកអង្រឹងនៅចុងមែកមួយនោះ។ ពេលនោះមានខ្យល់ធ្លាក់មក មិនដឹងហេតុអ្វី ស្រាប់តែមានកូនមែកពុកមួយធ្លាក់ប្ដីបមកពីលើមកចំសំបុកអង្រ្កងនោះ ដូចគេយកឈើមកវាយទម្លុះដូច្នោះ…ស្រាប់តែក្រហមប្រាកចេញមកតែម្តង អង្រ្កងដ៏ល្អិតៗ នោះសុះចេញពីសបុកមកក្រៅដូចជាមានអាសន្នធំ រត់ចុះរត់ឡើងប្រសេចប្រសាចពេញស្លឹកឈើជិតៗ នោះមួយរំពេច ដូចជាដណ្ដឹងសួរគ្នាប្រញាប់ប្រញាល់ អំពីរឿងហេតុដែលមានអ្វីធ្វើឱ្យរញ្ជួយសំបុកអម្បាញ់មិញ។ មិនតែប៉ុណ្ណោះ ពួកវាមួយចំនួនស្រាប់តែចុះស្រមកដល់គល់មួយរំពេច គូទ ងខ្ចីត មាត់ហាច្រវាប ដូចជាចាំប្រុងជាស្រេច នឹងប្រហារ ស្អីណាដែលប៉ះពារដល់វា។ ខ្ញុំយល់ថា អាពួកចុះមកនេះ ទំនងជាចុះមកសង្កេតការណ៍ខាងផ្លែក្រោម។ អាពួកនេះឡើងទៅវិញ ជួបនឹងគ្នីគ្នានៅពាក់កណ្តោលដើមស្វាយ ក៏តាំងឈប់ជួបគ្នាបន្តិចទំនងជា និយាយប្រាប់គ្នាថា ៖ ខាងក្រោមគ្មានការណ៍អ្វីទេ។

ដើម្បីចងដឹងចិត្តអង្រឹងនោះម្តងទៀត ខ្ញុំយកមែកឫស្សីទៅញល់សំបុកវាបន្តិចទៀត ស្រាប់តែ ជ្រុលឡើងទៀត ក្រហមភ្លឺសចេញមកក្រៅ ខ្លះចុះមកគល់ ខ្លះឡើងទៅចុង សុទ្ធតែពីលឿន ព្រោះវាមាន អាសន្នត្រូវតែប្រញាប់ កិរិយាវារវាសរងាស គគាតអង់អាចដូចៗ គ្នា។

ឃើញអង្អងមានសកម្មភាពគគាតអង់អាចព្រមៗ គ្នាដូច្នេះ ខ្ញុំនឹកបែកគំនិតមករកគិតជាតិខ្មែរ នៅពេលកើតសង្គ្រាម បើបានប្រហែលដូចសត្វអង្ក្រងនេះ ប្រហែលជាខ្មាំងសត្រូវមិនហ៊ានឈ្លានពានជាតិខ្មែរយើងទេ។ ខ្ញុំបានមកភ្នំពេញវិញ ខ្ញុំនៅនឹករឿងសត្វអង្រ្កងនេះមែនទែនទៅ ក៏រត់រកលោក ញូង  រឿង ដែលជាមិត្ត ឱ្យលោកជួយតែងកាព្យស្តីអំពីសាមគ្គីអង្រឹងនេះឡើង។

ខ្ញុំសូមបួងសួងសូមឱ្យចរិតជាតិខ្មែរទាំងមូល មានសាមគ្គីរួបរួមគ្នាដូចសត្វអង្អង ចេះរួបរួមគ្នា ទាំងធំទាំងតូចចេះមូលមាត់គ្នា នាំគ្នាការពារជាតិខ្មែរឱ្យបានរុងរឿងស្ថិតស្ថេរចីរកាលតទៅ កុំបីអាក់ខានឡើយ នឹងសុំឱ្យបានជាជាតិមួយមានកិត្តិនាមក្នុងអាស៊ីអាគ្នេយ៍នេះ។

សាមគ្គីអង្ក្រង

អង្កងចងមិត្តជាពួកក្រុម                    រួមគ្នាសាមគ្គីទីត្រង់ណា

ទុកធ្វើជាសំបុកទុករក្សា                    ពងពេញព្រៀបត្រាភ្ញាស់បំបែក។

 កកើតជាកូនពូនជាចៅ                    បានជាញាតិផៅច្រើនអនេក

រាយគ្នាយាមល្បាតចាត់ត់ចែងចែក       គ្រប់មែកសារពើឈើលំនៅ។

ប្រុងប្រៀបជើងការទាំងយប់ថ្ងៃ            ក្រែងខ្មាំងចង្រៃចិត្តឃោរឃៅ

 រំលោភរុករានពានចូលទៅ                ជិះជាន់លំនៅរបស់វា។ 

កាលណាមែកឈើរដើភ្លាម                វាឥតទីងទាមឥតរួញរា

 កែនពលប្រញាប់ចាប់ស្ទុះស្ទា            ពុះពារតតាំងប្រឆាំងតប។

បញ្ចេញចង្កូមគូទ ឯ ស្ទឹត                  ភ្នែកស្លោស្លន់ស្លើតអើតអីតរហប

 សន្ទុះទឹកចិត្តឥតញ៉មញ៉ប                បប្រុងប្រប្រយុទ្ធហុគស៊ីសាច់។

 អ្នកស្រែចំការណាក៏ដឹង                   កាលខ្លួនខំប្រឹងយ៉ាងប្តូរផ្តាច់

ឡើងបេះអ្វីៗ ជាចាំបាច់                    វ៉ិះៗ ប្រកាច់ពីចុងឈើ។

អង្ក្រងព្រួតគ្នាទាំងរយពាន់                 ខំាបោសមិនទាន់ភាន់ងីងើ

រវាខ្លះខាំភ្នែកជ្រែកល្វែងលើ                វាខ្លះរុករើខាងល្វែងក្រោម។

ខាំហើយនោមដាក់ចាក់ចូលភ្នែក         កនយើងប្រឹងស្រែកជិតលេចផោម

អៃយ៉ាស់-អីយូយអង្អងចោម               ព័ទ្ធឡោមជុំជីតរិតខំាខ្លាំង។

បោសច្បូតសម្លាប់អស់ពួកមុន            ពួកក្រោយទ្វេគុណថែមកម្លាំង

រាប់រយពាន់ម៉ឺនចូលតតាំង                 ប្រឆាំងខំខាំចាំព្រួតគ្នា។

ណាដែលងាប់មុនក៏ងាប់ទៅ               ណាដែលរស់ទៅឥតរួញរា

សង្រ្គឺតស្រុះស្របន្តគ្នា                      ប្តូរផ្តាច់ពុះពារច្បាំងយកជ័យ។  

 នេះគឺសាមគ្គីសគ្គអង្កង                    សាមគ្គីហ្មត់ហ្មងចងមានន័យ

ទុកជាគម្របច្បាប់ប្រពៃ                    មនុស្សលោកគួរលៃលៃគិតចុះ។

ញូង សៀង

អវសានកថា

អស់លោកអ្នកអានជាទីគោរព,

តាំងពីទំព័រទី ១ រៀងមកដល់នេះ ខ្ញុំសរសេរ ខ្ញុំពោល គឺកើតឡើងដោយសុទ្ធចិត្តរបស់ខ្ញុំ ដែល ខ្ញុំចង់ឱ្យបងប្អូនយើង ជាពិសេសយុវជនយើង មានការភ្ញាក់រឭកកាន់តែខ្លាំងឡើង កាន់ដៃគ្នារឹតយ៉ាង ណែនហើយចិត្តឱ្យស្មោះជួយយិតយោងប្រទេសមួយដែលយើងរាល់គ្នាកំពុងផ្ញើជីវិតសព្វថ្ងៃ ហើយដែលកំពុងធ្លាក់ទ្រុឌទ្រោមគួរឱ្យអនិច្ចា ឱ្យបានងើបមុខនឹងគេឡើងវិញ ក្នុងសតវត្សរ៍ក្រោយៗ ទៀត។

ចំពោះ ខេមរជនម្ចាស់ទឹកដីកម្ពុជានាអនាគតកាល, ខ្ញុំសូមបន់ស្រន់ សូមកុំឱ្យមានវាសនាអាក្រក់ជូរចត់ ល្អកខ្វល់ដូចជាយើងខ្ញុំបានទទួលនាសតវត្សរ៍នេះទៀតឱ្យសោះ។ សូមឱ្យបានសុខចំរើន មានវឌ្ឍនភាព សុភមង្គលដរាបលើគន្លងយុត្តិធម៌ សមភាព សេរីភាព ប្រជាធិបតេយ្យ ដ៏ពិតប្រាកដ !

ចំពោះខ្ញុំ ខ្ញុំសូមប្តេជ្ញាដោយសច្ចវាចាម្តងទៀត នៅទំពរ៍ចុងក្រោយនេះថា ៖ «ខ្ញុំសូមស្លាប់ដើម្បី ខ្មែរ កើតដើម្បីខ្មែរ និងរស់ដើម្បីខ្មែរ » ។ រៀងរាលជាតិ ខ្ញុំសូមឱ្យបានកើតជាខ្មែរ រស់ជាខ្មែរ ស្លាប់ជា ខ្មែរ កុំឱ្យឃ្លាតទៅឯណាឆ្ងាយពីទឹកដីកម្ពុជានេះឱ្យសោះ ។

ហើយខ្ញុំជឿជាក់ថា អស់លោកដែលស្នេហាជាតិសម័យបច្ចុប្បន្ន ហើយដែលកំពុងឃើញស្រុក យើងបែកបាក់គ្នា រហែកគ្នាយ៉ាងងបល់សព្វថ្ងៃនេះ មុខជាមានការឈឺចាប់ ហើយមុខជានឹងប្តេជ្ញា ដូចពាក្យរបស់ខ្ញុំខាងលើនេះដែរពុំខាន។

ម្យ៉ាងទៀត ខ្ញុំសូមឧទ្ទិស «ចរិតខ្មែរ» ចំពោះព្រលឹងយុទ្ធជនទាំងអស់ ដែលបានបូជាជីវិតដើម្បី ខ្មែរ សាធារណរដ្ឋ តាំងពីនោះមកនេះ។ ខ្ញុំសូមគោរពព្រលឹង និងវិញ្ញាណក្ខន្ធអស់លោកទាំងនោះ ដោយស្មោះ។

ខ្ញុំសូមទុកស្នាដៃនេះដែលខ្ញុំសន្មតថា ជាកំណប់អនុស្សាវរីយ៍ក្នុងមួយជីវិតរបស់ខ្ញុំ ដែលបានរស់នៅជាងកន្លះសតវត្សរ៍មកហើយ ហើយបានហក់ហែលរលកព្រឹត្តិការណ៍នយោបាយស្រុកខ្មែរស្ទើរ គ្មានចន្លោះនេះ ទុកជាអនុស្សាវរីយ៍ចំពោះអស់លោកអ្នកអានជាមិត្ត និងយុវជនជាប្អូនៗ នៅសម័យនេះ និងសម័យតៗទៅទៀតដោយស្មោះអស់ពីដួងចិត្ត។ សូមអស់លោកអ្នកអាននិងយុវជនប្អូនៗ ទាំងអស់ទទួលនូវសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពសអំ់ពីខ្ញុំ ។

ថ្ងៃទី ២០ កក្កដា ១៩៧៣

ប៊ុណ្ណចន្ទ-ប៉ុល