វគ្គ​ទី ១៦: ឆ្មា និង​កណ្តុរ​មុខ​ដដែលៗ​មិន​ដូច​នៅ​អាមេរិក

ជាទូទៅមានមតិរិះគន់សព្វថ្ងៃនេះរឿងតុលាការ និងចោរដែលចៅក្រមតែងលើកឡើងថាឃើញមុខចោរដដែលៗទៀតហើយនៅពេលដែលប៉ូលិសយុត្តិធម៌យកចោរមកកាត់ទោសនៅតុលាការម្តងៗរីឯជនល្មើសដែលជាចោរនោះថាឲ្យចៅក្រមវិញថាមកពីមុខតុលាការដដែលដែរធ្វើអីចុះ!

យ៉ាងណាមិញដូចគ្នានេះដែរសម្រាប់អ្នកឈរឈ្មោះបោះឆ្នោតតំណែងនាយករដ្ឋមន្ត្រីនៅស្រុកខ្មែរក៏មុខដដែលៗដែរគឺដូចរឿងតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) នៅក្នុងទូរទស្សន៍ឃើញតែឆ្មា និងកណ្តុរលេងដាក់អន្ទាក់គ្នាដដែលៗ តើនេះមកពីអ្នកមកបោះឆ្នោតមុខដដែលដែរឬ? តែតាមពិតអ្នកបោះឆ្នោតគេធុញទ្រាន់មុខឆ្មា និងកណ្តុរដដែលៗហ្នឹងហើយគេចង់រកមើលរឿងតុក្កតា Ben 10 ឬក៏ Oggy វិញមកពីគ្មានជម្រើស។ ហើយបើតាមទស្សនៈរបស់អ្នកបោះឆ្នោតនោះគឺការដែលបោះឆ្នោតឲ្យកណ្តុរនោះគឺមកពីគេស្អប់ឆ្មាហើយអ្នកបោះឆ្នោតឲ្យឆ្មានោះគឺមកពីគេស្អប់ចរិតកណ្តុរដែលមានការអីដាក់មេផាយបាត់នោះគឺមកពីគ្មានជម្រើស។ បោះឆ្នោតម្តងណាក៏ឃើញតែមុខឆ្មា និងកណ្តុរដែរហើយមានគំនុំគុំកួនស៊ីសាច់ហុតឈាមគ្នា បោះពាក្យសម្តីដាក់គ្នាសុទ្ធតែមានស៊ី អត់សែន មានសែនអត់ស៊ី គ្មានចរិតបង្រួបបង្រួមជាតិ បើបានគឺបានតែមួយភ្លែតបោកភ្នែកអ្នកបោះឆ្នោតទៅចប់ហើយ។

តើក្នុងបក្សនីមួយៗក្រៅពីឆ្មា ឬក៏កណ្តុរអត់មានអ្នកជំនួសទេ? បើម្នាក់ៗអាយុ ៧០ ឆ្នាំទៅហើយកាន់យ៉ាងច្រើនបានតែមួយអាណត្តិទៀតហ្នឹងអស់ថាមពលហើយជាងនេះទៅទៀតមើលទៅអត់មានអីឲ្យមានការវិវត្តទៅតាមលទ្ធិប្រជាធិបតេយ្យគួរឲ្យកត់សម្គាល់នោះទេគឺប្រជាធិបតេយ្យក្លែងក្លាយ ៤ អាណត្តិចុងក្រោយនេះហើយអ្នកឈរឈ្មោះដដែល។ កណ្តុរចាញ់ឡាំប៉ាតែរហូតចោទឆ្មាថាលួចបន្លំសន្លឹកឆ្នោតរីឯឆ្មាមិនខ្វល់ទេគឺដឹងតែឈ្នះតាមវិធីណាក៏ដោយគឺផ្ទុយទៅនឹងអ្វីដែលបានឃោសនាធ្វើអ្វីៗដើម្បីជាតិនោះ។

និយាយពីការបោះឆ្នោតរវាងឆ្មា និងកណ្តុរម្តងៗគឺអ្នកបោះឆ្នោតដេកតែពីភ័យមានតាំងពីចល័តទ័ពក៏មានការរាប់សន្លឹកឆ្នោតរបស់ គ.ជ.ប មិនបង្ហាញជាសាធារណៈចប់ចុងចប់ដើមធ្វើរាប់គើមៗនៅតាមកញ្ចក់ទូរទស្សន៍ជាតិបានបន្តិចរអាក់រអួលហើយមើលលក្ខណៈដូចជាឡប់ឡែបំភាន់ភ្នែកទស្សនិកជនជាតិ និងអន្តរជាតិ។ អ្នកខ្លះទៀតគឺទិញអង្ករទុកខ្លះទៅដកលុយនៅ ATM ទាំងយប់ខ្លាចស្រុកទេសគេអត់ស្រួល ខ្លះយកឡាន និងម៉ូតូចាក់សាំងពេញៗខ្លាចគេជម្លៀសទៅណាមកណាទៀត ចង់ទិញអ្វីក៏មិនហ៊ានដែរខ្លាចកប់លុយចោលអត់ប្រយោជន៍។

ឥឡូវនេះឆ្មាឃើញក្រឡាយ៉ាប់របស់កណ្តុរគឺឆ្មាដាក់អន្ទាក់ចោលគ្រប់ច្រកកុំឲ្យកណ្តុរចូលរន្ធមកប្រកួតប្រជែងបាន រីឯកណ្តុរនៅក្រៅរន្ធបានត្រឹមតែក្អេងក្អាងកោកកាកៗខ្លួនឯងមិនបានចុះឈ្មោះផង តើឲ្យអ្នកគាំទ្រចុះឈ្មោះបោះឆ្នោតយ៉ាងដូចម្តេចទៅ? ហើយបើកណ្តុរមិនមកបក្សរបស់ខ្លួនធ្វើសមាជជ្រើសរើសមេបក្សថ្មីទៅបានទេ? កុំឲ្យអត់កណ្តុរទៅគ្មានអ្នកណាមកជំនួសនោះ។ បើសាកល្បងធ្វើការស្ទង់មតិពីការបោះឆ្នោតនៅស្រុកខ្មែរហាក់មានលម្អៀងមិនហ៊ានឆ្លើយពិបាកយកជាការបានប្រសិនបើអ្នកបោះឆ្នោតនោះចង់បោះឲ្យកណ្តុរព្រោះខ្លាចគេកត់សម្គាល់ទុក ឬក៏ខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួនពេលណាមួយ។ តែបើអ្នកបោះឆ្នោតឲ្យឆ្មាវិញគឺគេឆ្លើយភ្លាមថាគាត់នឹងគាំទ្រឆ្មា។

រីឯការបោះឆ្នោតនៅសហរដ្ឋអាមេរិកវិញគឺគេបោះឆ្នោត ៤ ឆ្នាំម្តងហើយប្រជាពលរដ្ឋគេមានសិទ្ធិជ្រើសរើសតំណាងរបស់គេដូចហែកឋិនយ៉ាងសប្បាយ បើអ្នកកាសែត ឬក៏ទូរទស្សន៍សួរថាតើគេបោះឆ្នោតឲ្យបេក្ខជន ឬក៏បេក្ខនារីណាមួយ គេនឹងឆ្លើយភ្លាមថាគេនឹងបោះឆ្នោតឲ្យនរណាម្នាក់ភ្លាមដោយមិនញញើតញញើម ឬក៏ខ្លាចគេគុំ ឬក៏ត្រូវស្ថាប័នបញ្ឈរជើងនោះទេ។ គឺគេមានសេរីភាពពេញលេញក្នុងការជ្រើសរើសហើយបេក្ខជន ឬក៏បេក្ខនារីឈរឈ្មោះប្រធានាធិបតីវិញគឺឈរយ៉ាងច្រើនបំផុតបានតែ ២ ដងទេបើទោះបីជាដឹកនាំពីរអាណត្តិកន្លងមកល្អយ៉ាងណាក៏ដោយ។

រីឯការស្ទង់មតិវិញគឺកម្រខុសណាស់គឺអ្នកបោះឆ្នោតសម្តែងមតិចេញពីបេះដូងរបស់គេគឺការស្ទង់មតិឃើញថាភាគរយរបស់លោកស្រី ហ៊ីឡារី មកពីគណបក្សប្រជាធិបតេយ្យឈ្នះលើលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋ។

ជាលទ្ធផលរបស់គណៈកម្មការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកឃើញថាលោកស្រី ហ៊ីឡារី ឈ្នះមែនគឺលើសជិតកន្លះលានសំឡេងបើគិតជាភាគរយគឺលោកស្រី ហ៊ីឡារី បាន ៤៧,៧ ភាគរយរីឯលោក ត្រាំ បានតែ ៤៧,៤ ភាគរយទេតែដោយសារប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិកគឺប្រព័ន្ធសមាមាត្ររដ្ឋណាបេក្ខជនឈ្នះលើសតែ ១ សំឡេងគឺយកកៅអីក្នុងរដ្ឋនោះទាំងអស់គឺលោក ត្រាំ ឈ្នះបានច្រើនរដ្ឋជាងលោកស្រី ហ៊ីឡារី ហេតុដូច្នេះលោក ត្រាំ ប្រមូលកៅអីបានច្រើនជាងលោកស្រី ហ៊ីឡារី (២៩០ ទល់នឹង ២៣២ កៅអី)។

បើទោះបីជាមានបាតុកម្មតវ៉ាពីអ្នកគាំទ្រលោកស្រី ហ៊ីឡារី ប្រឆាំងនឹងលោក ត្រាំ ក៏ដោយក៏លោកស្រី ហ៊ីឡារី និងលោក អូបាម៉ា ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតតំណែងប្រធានាធិបតីលើកទី ៤៥ នេះរួចហើយដែរ។ លោកស្រី ហ៊ីឡារី ក៏បានទម្លាក់កំហុសការចាញ់ឆ្នោតនេះគឺដោយសារតែប្រធានស្ថាប័ន FBI លោក James Comey ដែលបញ្ចេញរឿងការស៊ើបអង្កេតលើការប្រើ Email ផ្ទាល់ខ្លួន និងការហៅចេញទៅម្ចាស់ជំនួយនៅមុនពេលបោះឆ្នោតតែបន្តិចសោះហើយប្រសិនមានបញ្ហាមានកំហុសបច្ចេកទេសគឺមានតិចតួចយ៉ាងច្រើនតុលាការកំពូលសម្រេចឲ្យរាប់ឡើងវិញនៅកន្លែងដែលមានការសង្ស័យនោះដើម្បីឲ្យអ្នកចាញ់អស់ចិត្ត។

តែអ្វីដែលចម្លែកនោះគឺអ្នកចាញ់ទៅជាឈ្នះកៅអីច្រើនទៅវិញគឺមានលក្ខណៈខុសពីមុនដែលលទ្ធផលស្ទង់មតិឈ្នះហើយឈ្នះកៅអីច្រើនទៀតដែលធ្វើឲ្យពលរដ្ឋមួយចំនួនមានការសង្ស័យពីលទ្ធផលនៃការបោះឆ្នោត។

សរុបមកវិញពលរដ្ឋអាមេរិកមានសំណាងជាងពលរដ្ឋខ្មែរក្នុងការជ្រើសរើសបេក្ខជន និងគណបក្សដែលខ្លួនពេញចិត្តគឺបក្សមួយកាន់បានតែ ២ អាណត្តិទេបន្ទាប់មកគឺបក្សមួយទៀតឡើងកាន់ម្តងហើយគឺពលរដ្ឋអាមេរិកសម្បូរដោយអ្នកនៅកណ្តាលនិយម និងរដ្ឋដែលមិនមានបក្សណាមួយគ្របដណ្តប់ដាច់ (Swing state)។ ហើយបេក្ខជនប្រធានាធិបតីឃើញមុខប្លែកៗគំនិតថ្មីៗរហូតហើយគេធ្វើការជាមួយគ្នាបានមិនដូចស្រុកខ្មែរយើងទេឃើញតែឆ្មា និងកណ្តុរដដែលៗឡើងសុំាភ្នែកទៅហើយ ហើយមិនត្រូវគ្នាទៀត។

តើពេលណាបានឆ្មា និងកណ្តុរសម្រេចចិត្តផ្ទេរអំណាចខ្លួនឯងឲ្យគេដឹកនាំឈរឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងបក្សរបស់ខ្លួននោះ? ហើយបើជ្រុលឲ្យដឹងឈ្នះចាញ់ឲ្យប្រាកដមួយទៀតគឺនៅស្រុកខ្មែរយើងគួរយកប្រព័ន្ធបោះឆ្នោតសមាមាត្រដូចនៅអាមេរិកតែម្តងទៅកុំឲ្យនៅរសេមរសាមដូចរាល់ដងគឺខេត្តរាជធានីណាដែលបក្សណាមួយលើសតែ ១ សំឡេងគឺយកកៅអីនៅក្នុងខេត្តនោះទាំងអស់តែម្តងទៅសម្រាប់សភាហើយបើអាចគឺបក្សណាឈ្នះឆ្នោតនៅខេត្ត-រាជធានីណា ខេត្ត-រាជធានីនោះនឹងត្រូវដឹកនាំដោយបេក្ខជនតំណាងមកពីគណបក្សនោះតែម្តងទៅ៕

 

 

%d bloggers like this: