ប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង (វគ្គ២២-៥១)

            ការវាយប្រហារត្រូវបានធ្វើឡើងដោយស្ងៀមស្ងាត់បំផុតដោយមិនឱ្យ “សត្រូវ” ដឹងខ្លួនជាមុន ។ ការវាយឆ្មក់ និងរត់បែបសង្គ្រាមឈ្លបនេះ តម្រូវឱ្យមានការផ្លាស់ទីជាប្រចាំ ដើម្បីសម្របខ្លួនទៅតាមស្ថានភាពនៅក្នុងសមរភូមិដែលមាន ការផ្លាស់ប្តូរជានិច្ច ។១៣៨
ជាមួយនឹងយុទ្ធវិធីសង្គ្រាមឈ្លបកងទ័ពខ្មែរក្រហមបានវាយប្រហារ ទៅលើមន្ទីរឃុំ និងមន្ទីរស្រុក ព្រមទាំងអគាររបស់រដ្ឋាភិបាលផ្សេងៗទៀត ។ មធ្យោបាយទំនាក់ទំនងផ្លូវថ្នល់ និងផ្លូវរថភ្លើងនៅទូទាំងប្រទេស គឺជាមុខសញ្ញានៃការវាយ   ប្រហារ ។ ការវាយប្រហាររបស់ខ្មែរក្រហម បានបង្កជាឧបសគ្គ និង សោកនាដកម្មជាច្រើនដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា កងទ័ពវៀតណាម និងប្រជាជនទូទៅ ។ ឧទាហរណ៍ នៅខែមិថុនា ឆ្នាំ១៩៨០ ខ្មែរក្រហមបានបាញ់គ្រាប់ផ្លោងទៅលើស្ថានីយរថភ្លើងនៅស្តុកអាចម៌រមាសក្នុងខេត្តកំពង់ឆ្នាំង ដែលបានសម្លាប់មនុស្សអស់ជាច្រើន ។១៣៩
មេដឹកនាំខ្មែរក្រហមជឿជាក់ថា ការវាយប្រហារ និងការសម្លាប់កងទ័ពវៀតណាមនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃនឹងធ្វើឱ្យ កម្លាំងរបស់វៀតណាម ចុះខ្សោយ ហើយនៅទីបញ្ចប់វៀតណាមនឹងដកទ័ពចេញពីប្រទេសកម្ពុជា ។ ប៉ុល ពតធ្លាប់បានអួត អាងថា ប្រសិនបើកងទ័ពវៀតណាមត្រូវបានដកចេញពីប្រទេសកម្ពុជា ខ្លួននឹងវាយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា “ឱ្យប៉ើងដូចក្រដាស” ហើយនឹងដណ្តើមយកអំណាចមកគ្រប់គ្រងសាជាថ្មីម្តងទៀត ។១៤០
ជាផ្នែកមួយនៃសង្គ្រាមប្រជាជន កងទ័ពខ្មែរក្រហមនីមួយៗត្រូវបាន ចាត់តាំងឱ្យធ្វើការអូសទាញប្រជាជន ដោយការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ប្រជាជន ។ ជាជាងផ្តោតទៅលើគោលដៅយោធា សង្គ្រាមប្រជាជន ផ្តោតទៅ លើប្រជាជនស៊ីវិល ដែលអាចផ្តល់ព័ត៌មានដ៏មានតម្លៃ និងជាធនធានដែលមិនចេះរីងស្ងួតសម្រាប់ការផ្គត់ផ្គង់ប្រតិបត្តិការ នៅខាងក្នុង ។ ការរំដោះប្រទេសជាតិចេញ ពី “ការឈ្លានពានរបស់វៀតណាម និងអាយ៉ងរបស់វា” គឺជាសារមួយដ៏សំខាន់ នៃសង្គ្រាមប្រជាជន ។ ជាងនេះទៅទៀតសង្គ្រាមប្រជាជនមានន័យថា ប្រជាជន ទាំងក្មេង ទាំងចាស់ ទាំងប្រុស ទាំងស្រី អាចចូលរួមនៅក្នុងសង្គ្រាមនេះបាន ។
ប្រជាជន ត្រូវបានលើកទឹកចិត្តឱ្យធ្វើការរួមគ្នានៅក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើសង្គ្រាម ។ ប្រជាជនអាចចូលរួមផលិត ចម្រូង និងរាយអន្ទាក់ ដើម្បីការពារភូមិរបស់ខ្លួន ។ ប្រជាជន អាចផ្តល់ព័ត៌មានទៅដល់កងឈ្លប និងធ្វើជាចារកិច្ច របស់កងឈ្លប នៅក្នុង ការកំណត់គោលដៅវាយប្រហារទៅ លើ មន្ត្រី រដ្ឋាភិបាល និងការិយាល័យរដ្ឋបាល ។ ប្រជាជនក៏ត្រូវបានលើកទឹកចិត្ត ឱ្យធ្វើការបំផ្លិចបំផ្លាញផ្លូវសាធារណៈ ព្រមទាំងបដិសេធមិនលក់សម្ភារៈ និងផលិត ផលផ្សេងៗទៅឱ្យសត្រូវ ។ ប្រជាជនក៏ត្រូវបានលើកទឹកចិត្តឱ្យធ្វើការរារាំងដល់ ផែនការរបស់រដ្ឋាភិបាល ក្នុងការប្រមូលផ្តុំឬជ្រើសរើសកងទ័ព ។១៤១
ព្រំ យីម ដែលជាអតីតកងទ័ព នៅក្នុងកងពល៨០១ បានរៀបរាប់អំពីពិសោធន៍ដែលគាត់បានរៀនពីមេបញ្ជាការ របស់គាត់នៅក្នុងការធ្វើសង្គ្រាមប្រជាជនថា៖
ដំបូងយើងកសាងបុគ្គលហើយបន្ទាប់មកយើងកសាងគ្រួសារមួយទាំងមូល។ ដំបូងយើងកសាងប្តី ដែលអាចទៅកសាងប្រពន្ធរបស់គាត់បន្ត ។ នៅ ពេលដែលប្តី និងប្រពន្ធមានគោលជំហរស្នេហាជាតិដូចគ្នា អ្នកទាំងពីរនឹងបន្តកសាងកូនៗរបស់ ខ្លួនហើយកូនៗនឹងកសាងមិត្តភក្តិរបស់គេបន្តទៀត ។ ដំណើរការនៃការកសាង កម្លាំង ប្រៀបបានទៅនឹងសត្វកណ្តៀរដែលស៊ីឈើ ។ បន្តិចម្តងៗសត្វកណ្តៀរ នឹងបំផ្លាញឈើពីខាងក្នុង ។ សម្បកក្រៅរបស់ឈើ មើលទៅហាក់ ដូចជានៅល្អ ។ ប្រតិបត្តិការខាងក្នុងនេះ ត្រូវសម្ងាត់ បើមិនដូច្នោះ យើងត្រូវ រត់ចូលព្រៃ ដើម្បីគេច ចេញពីការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញ ។១៤២

កងទ័ពខ្មែរក្រហមដែលធ្វើ ការនៅខាងក្នុងបានបង្កើតទាំងភាពភ័យខ្លាច និងទាំងមិត្តភាពជាមួយប្រជាជន ។ ម្យ៉ាងកងទ័ពខ្មែរក្រហមលួចប្លន់ទ្រព្យសម្បត្តិ និងដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន ដើម្បីធ្វើឱ្យកម្លាំងរបស់អាជ្ញាធរ មូលដ្ឋាន និងកម្លាំងរបស់វៀតណាមចុះខ្សោយ ។ ម្យ៉ាងវិញទៀត កងទ័ពខ្មែរក្រហមបង្កើត ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកភូមិ ដែលបានផ្តល់ស្បៀងអាហារ និងសម្ភារៈ ចាំបាច់ផ្សេងៗសម្រាប់ការរស់នៅប្រចាំថ្ងៃ ។ ប៉ាន ប៉ាត់ ដែលជាអតីតកងទ័ព នៅក្នុងកងពល៥១៩ បាននិយាយថា “ការធ្វើទំនាក់ទំនងជាមួយប្រជាជនមិនមែន ជារឿងលំបាកទេ ។ យើងបង្កើតទំនាក់ទំនងជាមួយអ្នកភូមិណាដែលមានកូនធ្វើជា ទាហានរបស់សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ។ មិនយូរប៉ុន្មាន យើងបានក្លាយ ទៅជាមិត្តភក្តិ ។ យើងមិនវាយគ្នាទេ ។ ការប្រយុទ្ធគ្នាប្រៀបបានទៅនឹងការបំផ្លាញ ឆ្នាំងបាយខ្លួនឯង ។ យើងអាចចេញចូលក្នុងភូមិបានយ៉ាងងាយ” ។១៤៣ អ្នកភូមិ មួយចំនួនថែមទាំងធ្វើ ជានីរសារឱ្យខ្មែរក្រហមទៀតផង ។ មាស អេន ដែលជាអ្នកភូមិម្នាក់នៅស្រុកអន្លង់វែង បានរំលឹកថា៖
ខ្ញុំបានចូលរួមជាមួយខ្មែរក្រហមនៅឆ្នាំ១៩៨៥ ដោយសារតែខ្ញុំមានបញ្ហានៅក្នុងគ្រួសារ ។ ខ្មែរក្រហមមានទំនាក់ទំនងល្អ ជាមួយប្រជាជននៅក្នុងភូមិ (ភូមិ រូង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប) ។ អ្នកភូមិបានជួយរៀបចំដំណើរ របស់ខ្ញុំទៅកាន់ភ្នំដងរែក ។ ខ្មែរក្រហមមានក្រុមចារកិច្ចរបស់ខ្លួននៅក្នុងភូមិ ។ ប្រសិនបើកងទ័ពវៀតណាមចុះមកត្រួតពិនិត្យ នៅក្នុងភូមិនៅម៉ោង១រសៀល អ្នក ភូមិនឹងឱ្យការទៅខ្មែរក្រហមដែលនឹងចាកចេញពីភូមិនៅម៉ោង១២ថ្ងៃត្រង់ ដើម្បី ជៀសវាងពីការប្រឈមមុខដាក់គ្នាជាមួយកងទ័ពវៀតណាម ។ ប្រសិនបើកងទ័ពខ្មែរក្រហមមិនអាចចាកចេញពីភូមិទាន់ ពេលទេ នោះការប្រយុទ្ធជាមួយកងទ័ព វៀតណាមនឹងកើតមានឡើង ។ ខ្ញុំបានធ្វើដំណើរ និងដេកជាមួយកងទ័ពខ្មែរក្រហម អស់រយៈពេលកន្លះខែ មុននឹងទៅដល់មូលដ្ឋានរបស់ខ្មែរក្រហមនៅលើភ្នំដងរែក។ យើងបានធ្វើដំណើរឆ្លងកាត់តំបន់ដែល ក្រាលទៅដោយគ្រាប់មីន ។ ខ្ញុំត្រូវតោងវល្លិ៍ឡើងចំណោតថ្មភ្នំ ។ ក្រោយមក ខ្ញុំបានក្លាយទៅជាកងទ័ពខ្មែរក្រហមនៅក្នុង កងពល៧៨៥ និងក្រោយមកទៀតនៅក្នុងកងពល៩៨០ ។១៤៤
ទោះជាយ៉ាងនេះក្តី យុទ្ធសាស្ត្រសង្គ្រាមប្រជាជនរបស់ខ្មែរក្រហម មិន មានប្រសិទ្ធភាពដោយសារតែប្រជាជនមិនមានជំនឿ ទៅលើយុទ្ធសាស្ត្រដែលគ្មាន ភាពប្រាកដប្រជារបស់ខ្មែរក្រហម ។ ជាងនេះទៅទៀត ប្រជាជនមានការនឿយ ណាយ និងនៅតែឈឺចាប់ចំពោះរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ។ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ ប្រជាជនជាច្រើននឹងមិនប្រថុយប្រថានសហការជាមួយខ្មែរក្រហមនោះទេ ។ ប្រសិនបើប្រជាជនសម្រេចចិត្តរត់ចូលព្រៃ ដើម្បីគេចចេញពីការលំបាកទាំងឡាយ ដែលបង្កឡើងដោយអាជ្ញាធររដ្ឋាភិបាល ប្រជាជនទាំងនោះសុខចិត្តទៅចុះចូល ជាមួយរណសិរ្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយអតីតព្រះមហាក្សត្រព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ឬចូលរួមជាមួយរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលដឹកនាំដោយសម្តេចសឺន សាន ។ ជាទូទៅកងទ័ពខ្មែរក្រហម ប្រើការគំរាម កំហែង ។ ប្រជាជនម្នាក់បានរៀបរាប់អំពីពាក្យសម្តី ដែលខ្មែរក្រហមធ្លាប់និយាយ ទៅកាន់គាត់ថា ”មូលដ្ឋានសេដ្ឋកិច្ចរបស់យើង គឺនៅក្នុងព្រៃ ។ ប្រសិនបើហ៊ានរាយការណ៍ពីយើងទៅប្រាប់សត្រូវខ្លួន នឹងបាត់បង់មូលដ្ឋានសេដ្ឋកិច្ច ហើយប្រឈម មុខនឹងសេចក្តីស្លាប់” ។១៤៥ នៅក្នុងស្ថានភាពបែបនេះ ប្រជាជនជាច្រើនដែលនៅក្នុង តំបន់ប្រទាញប្រទង់គ្នាបានជ្រើសរើសយកផ្លូវកណ្តាល ដោយមិនចូលរួមហើយក៏ មិនប្រឆាំងនឹងខ្មែរក្រហមដែរ ។ ដើម្បីរស់រានផ្នែកសេដ្ឋកិច្ចប្រជាជនបានសហការ ជាមួយភាគីជម្លោះទាំងពីរ ។

  ជំពូក៨
    ជីវិតនៅលើភ្នំដងរែក
    ជីវិតរបស់ប្រជាជននៅភ្នំ១០០៣

       ប្រជាជនដែលធ្លាប់រស់នៅលើភ្នំ១០០៣ បានរៀបរាប់អំពីជីវិតលំបាក វេទនា និងភាពមិនមានទីលំនៅច្បាស់លាស់ ដែលស្រមោលនៃសង្គ្រាមទាំងនេះ បន្តគ្រប ដណ្តប់មកលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរស់នៅប្រចាំថ្ងៃរបសខ្លួន ។ សំឡេង គ្រាប់ផ្លោង និងសំឡេងផ្ទុះពីចម្ងាយ គឺជាសញ្ញានៃការវាយប្រហារដែលមានន័យ ថា ក្រុមគ្រួសារទាំងឡាយ ត្រូវប្រញាប់ប្រញាល់ប្រមូលផ្តុំសម្ភារៈចាំបាច់ និងរៀបចំ រត់គេចខ្លួន ។ ឪពុកម្តាយជាច្រើនតែងតែព្រួយបារម្ភជារៀងរាល់ថ្ងៃ ។ សកម្មភាព សាមញ្ញ ដូចជា ការអនុញ្ញាតឱ្យកូនរត់លេងខាងក្រៅអាចនាំមកនូវ គ្រោះថ្នាក់ដែលបណ្តាលមកពីការវាយ ប្រហារ ដែលអាចកើតមាននៅថ្ងៃនោះ ។ ប្រពន្ធតែងតែលើកដៃលាប្តីដោយក្តីកង្វល់នៅពេលប្តីធ្វើដំណើរទៅសមរភូមិ មុខដោយបានដឹងយ៉ាង ច្បាស់ថា ការធ្វើដំណើរទៅសមរភូមិម្តងៗអាចជាការជួបគ្នាជាចុងក្រោយ ។ ជីវិត ហាក់ដូចជាដំណើរផ្សងព្រេងនៅក្នុងចន្លោះនៃការរស់នៅប្រចាំ និងសង្គ្រាម ។
ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម នៅលើភ្នំ១០០៣ ជាមួយនឹង កងទ័ពវៀតណាម កើតមានឡើងជាញឹកញាប់ ។ ស្ថានភាពបែបនេះ បានបង្ខំ ប្រជាជនឱ្យរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីគេចពីគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ។ ប្រជាជនបានពណ៌នាជីវិតចល័តបែបនេះ ដែលប្រកបដោយភាព លំបាកវេទនាដោយសារតែប្រជាជនត្រូវសាងសង់ លំនៅស្ថានថ្មី នៅរៀងរាល់ ពេលរត់គេចខ្លួនម្តងៗ ។ ជាងនេះទៅទៀត ប្រជាជនត្រូវយកសម្ភារៈជាច្រើន ទៅតាមខ្លួន នៅពេលមានការប្រយុទ្ធគ្នាម្តងៗ ។ ប្រជាជនបានឃើញកងទ័ពរងរបួស និងស្លាប់ដែលត្រូវបានសែងកាត់តាម ភូមិជារៀងរាល់ថ្ងៃ ។ ជួនកាលកងទ័ព ដើរជាន់មីនដែលខ្លួនឯងបានកប់ ។ កងទ័ពវៀតណាម បានបាញ់គ្រាប់ផ្លោងចូល ទៅក្នុងភូមិនៅលើភ្នំ ដែលបានបង្កឱ្យមានការស្លាប់យ៉ាងច្រើន ។១៤៦ សំ ភីន អតីតអ្នកកាន់ឃ្លាំងតាម៉ុក និងជាជនពិការ ដោយគ្រាប់មីនម្នាក់ដែលធ្លាប់រស់នៅ លើភ្នំ១០០៣ បានរៀបរាប់អំពីជីវិតចល័តរបស់គាត់ថា៖
កងទ័ពវៀតណាមវាយប្រហារយើងនៅពេលពួកគេស៊ើបដឹងពីទីតាំង របស់យើង ។ អ្នកដែលស្លាប់ត្រូវបានទុកចោល ហើយអ្នកដែលនៅរស់បន្តធ្វើដំណើរទៅមុខទៅរកទីតាំងថ្មី ។ យើងតែងតែទុកចានឆ្នាំងនៅក្នុងបង្វេចរបស់ យើងជាប្រចាំ ហើយយើងតែងតែប្រុងប្រយ័ត្នជាប់ជានិច្ច ។
យើងមិនបណ្តោយឱ្យកូនចៅទៅណាឆ្ងាយពីយើងទេ ដោយខ្លាចបែកគ្នានៅពេលការប្រយុទ្ធគ្នាកើតឡើង ។ វាក្លាយជាទម្លាប់ របស់យើងទៅហើយ ដែលបន្ទាប់ពីហូបអាហាររួច យើងតែងតែរៀបចំសម្ភារៈផ្ទះបាយរបស់យើងដាក់ទៅក្នុងបង្វេច ។ ជាទូទៅការវាយប្រហារកើតឡើងស្ទើររៀងរាល់ថ្ងៃ ។១៤៧
ទោះជាយ៉ាងណាក្តី ប្រជាជនរស់នៅក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុង ពីសំណាក់តាម៉ុក ដែលបានបែងចែកស្បៀងអាហារ និងសម្ភារៈផ្សេងៗទៀតទៅឱ្យ ប្រជាជនយ៉ាងទៀងទាត់ ។ ប្រជាជនមិនត្រូវបានតម្រូវឱ្យទៅធ្វើការស្រែចម្ការ លើកទំនប់ និងជីកប្រឡាយ ដូចដែលខ្លួនធ្លាប់ធ្វើកាលពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នោះទេ ។ ប្រជាជនម្នាក់ៗ ទទួលបានសម្លៀកបំពាក់មួយកំផ្លេរ ក្នុងមួយឆ្នាំ និងអង្ករពីរកំប៉ុងក្នុងមួយថ្ងៃ ។ នៅរៀងរាល់មួយសប្តាហ៍ឬពីរសប្តាហ៍ ម្តង ប្រជាជនបានទៅបើកស្បៀងអាហារ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ ផ្សេងៗទៀតពីឃ្លាំងរបស់តាម៉ុក ។ ស្បៀងអាហារទាំងនោះរួមមាន៖ ទឹកត្រី អំបិល ស្ករស មី ត្រីខកំប៉ុង ប្រហុក ប្រេងឆា ទឹកដោះគោ សាប៊ូ ប៊ីចេង ក្រណាត់ ក្រមា និងសារុងជាដើម ។ តាម៉ុក បានដឹកសម្ភារៈ និងស្បៀងអាហារទាំងអស់នោះ ពីប្រទេសថៃ ជារៀងរាល់ខែ ។ លទ្ធភាពបែបនេះអាចធ្វើទៅបានដោយសារ ទទួលបានជំនួយពីប្រទេសចិន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ប្រទេសសមាជិកអាស៊ាន និងអង្គការមនុស្សធម៌អន្តរជាតិ ។១៤៨
    
កងដឹកជញ្ជូននារី
នៅពេលដែលបុរសត្រូវបានជ្រើសរើសឱ្យទៅធ្វើកងទ័ព និងត្រូវបានបញ្ជូនឱ្យទៅសមរភូមិមុខ និងទៅខាងក្នុងប្រទេស ស្ត្រីដើរតួនាទីយ៉ាងសំខាន់ ជាអ្នក ជំនួយនៅសមរភូមិក្រោយ ។ តាម៉ុក បានបង្កើតកងដឹកជញ្ជូននារីជាច្រើនក្រុម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ កងនីមួយៗមាននារីពី២០ទៅ៣០ នាក់ ហើយនារីទាំងអស់សុទ្ធតែនៅលីវ ។ ស្ត្រីដែលរៀបការរួច ត្រូវបានអនុញ្ញាត ឱ្យចេញពីកង ហើយទៅរស់នៅជាមួយប្តីនៅតាមអង្គភាពកងពលរៀងៗខ្លួន ។
កងដឹកជញ្ជូននារីបានចូលរួមយ៉ាងច្រើនទៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែក យោធារបស់ខ្មែរក្រហម ។ កងនារីទាំងនេះ ត្រូវបានបញ្ជូនទៅកាន់តំបន់ផ្សេងៗ នៅតាមព្រំដែន ដើម្បីគ្រប់គ្រងការដឹកជញ្ជូនស្បៀងអាហារ គ្រាប់មីន និងគ្រឿង សព្វាវុធ ទៅឱ្យកងទ័ពនៅសមរភូមិមុខ ។ ជាងនេះទៅទៀត កងនារី បានជួយផលិត និងដឹកជញ្ជូនចម្រូងដែលត្រូវបានប្រើប្រាស់ ធ្វើជាឧបករណ៍ការពារ ដើម្បីកាត់បន្ថយការវាយប្រហាររបស់សត្រូវ ។ កងនារីក៏ត្រូវបានដាក់ឱ្យទទួលខុសត្រូវ នៅក្នុងការដឹកជញ្ជូនកងទ័ពដែលរងរបួសត្រឡប់មកមូលដ្ឋាននៅលើភ្នំវិញ ។
ឡាច ថៃ ដែលជាអតីតនារីមួយរូបនៅក្នុងកងដឹកជញ្ជូននារី បានរំលឹកអំពីបទពិសោធរបស់ខ្លួននៅក្នុងការដឹកជញ្ជូនគ្រឿងសព្វាវុធទៅឱ្យកងទ័ពនៅសមរភូមិមុខថា៖
កម្លាំងរបស់យើងរស់នៅមូលដ្ឋានជាំស្លា នៅក្នុងទឹកដីថៃ ។ នៅរៀងរាល់ពេលដែលគេត្រូវការយើង យើងនឹងធ្វើដំណើរ ទៅព្រំដែន ។ ក្រុមរបស់ខ្ញុំមានគ្នា ពី៥០ទៅ១០០នាក់ ដើម្បីដឹកជញ្ជូនគ្រឿងសព្វាវុធទៅឱ្យកងទ័ពនៅសមរភូមិមុខ ។ មេកងរបស់ខ្ញុំឈ្មោះភួន និងផាត ។ នៅក្នុងអំឡុងពេលនៃការដឹកជញ្ជូនគ្រឿង សព្វាវុធ យើងតែងតែជួបប្រទះជាមួយ កងទ័ពវៀតណាម ដែលដើរយាមល្បាត តាមព្រំដែន ។ នៅពេលជួបប្រទះនឹងកងទ័ពវៀតណាម យើងបានរត់គេចខ្លួន ដើម្បីកុំឱ្យកងទ័ពវៀតណាមឃើញ ។ យើងអាចដើរបានជាធម្មតាវិញ នៅពេល ឃ្លាតឆ្ងាយពីកងយាមល្បាតរបស់វៀតណាម ។ នេះគឺជាការងារដ៏លំបាក ។ នៅ ពេលមួយនោះ កងទ័ពវៀតណាម បានបំផ្ទុះមីនខ្សែ ដែលបានសម្លាប់នារីដឹកជញ្ជូន អស់១២នាក់ ។ យើងបានរត់ចែកផ្លូវគ្នាទៅគ្រប់ទិសទី ។ យើងបានចំណាយ ពេលពីរអាទិត្យ ទម្រាំប្រមូលគ្នាបានមកវិញ ។ នារីមួយចំនួនបានស្លាប់ដោយសារ របួស និងដាច់បាយដោយសារតែគេមិនអាចរកអាហារហូបបាននៅក្នុងពេលនោះ។ ជីវិត គឺពោរពេញទៅដោយភាពលំបាកវេទនា ។១៤៩
    
កងពិការ
ទោះបីជាប្រជាជនទូទៅប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់ផ្ទុះផ្សេងទៀតក៏ដោយ ក៏កងទ័ព និងប្រជាជននៅក្នុងកងដឹកជញ្ជូន ងាយ នឹងទទួលរងគ្រោះខ្លាំងជាងគេ ។ រហូតមកត្រឹមឆ្នាំ១៩៨៦ ប្រជាជនយ៉ាងហោច ពីរទៅបីរយនាក់នៅលើភ្នំ១០០៣ បានក្លាយទៅជាជនពិការ ។ ហេតុដូច្នេះ តាម៉ុក បានបង្កើតកងពិការ និងបានជួយ ទំនុកបម្រុងតម្រូវការសព្វបែបយ៉ាងរបស់ជន ពិការទាំងអស់ ។ តាម៉ុក និយាយថា “ទោះជាជនពិការក៏អាចជួយ បង្កើតកូនបាន ដែរ” ។ នៅក្នុងន័យនេះ តាម៉ុក បានរៀបចំគូស្រករឱ្យជនពិការទាំងអស់នោះ ។ លន់ សេង ដែលជាអតីតប្រធានកងវរសេនាធំ៩១ នៅក្នុងកងពល៩៨០ និង ដែលបាន ពិការជើងម្ខាងដោយសារគ្រាប់មីន គឺជាប្រធានកងពិការ ។ ក្រោយមកប្រជាជន ពិការទាំងអស់ត្រូវបានដាក់ឱ្យរស់នៅក្នុងភូមិមួយនៅពេលខ្មែរក្រហមបានចុះមក រស់នៅអន្លង់វែង នៅដើមឆ្នាំ១៩៩០ ។

ការផលិតចម្រូង
ការងារដ៏សំខាន់មួយរបស់ប្រជាជនដែលភាគច្រើនគឺជាសមាជិកគ្រួសារ របស់កងទ័ព គឺការផលិតចម្រូងធ្វើអំពីឫស្សី ។ ប្រជាជនត្រូវបានបែងចែកជាក្រុម ដែលចែកវេនគ្នាទៅកាប់ឫស្សីនៅក្នុងព្រៃ ដើម្បីបិតចម្រូងឱ្យកងទ័ព ដើម្បីយកទៅ ដាំនៅតាមផ្លូវធ្វើដំណើររបស់កងទ័ពវៀតណាម ។ ចម្រូងក៏ត្រូវបានដាំនៅជុំវិញ ភូមិ ដើម្បីទប់ស្កាត់ការលបចូល របស់ចារកិច្ចកងទ័ពវៀតណាម និងចារកិច្ចរបស់ សាធារណរដ្ឋប្រជាមានិតកម្ពុជា ។១៥០
ប្រជាជនម្នាក់ៗត្រូវបានតម្រូវឱ្យផលិតចម្រូងពី២០០ទៅ៥០០ចម្រូង ក្នុងមួយថ្ងៃ ។ ជួនកាលប្រជាជនត្រូវធ្វើការទាំងយប់ ដើម្បីសម្រេចតាមចំនួន ដែលបានកំណត់ ។ បន្ទាប់ពីផលិតចម្រូងរួចរាល់ហើយ ប្រជាជនមួយក្រុមទៀតត្រូវបានចាត់តាំង ឱ្យដឹកជញ្ជូនចម្រូងទៅឱ្យកងទ័ពខ្មែរក្រហមនៅសមរភូមិមុខ ។១៥១ ស្ត្រីមួយចំនួនដឹកជញ្ជូនចម្រូងដោយទូលនៅលើក្បាល ហើយអ្នកខ្លះទៀតដឹកជញ្ជូន តាមរទេះគោ ។ ការងារនេះមានសារសំខាន់ណាស់សម្រាប់ប្រជាជន និងកងទ័ពនៅសមរភូមិ មុខ ។ ជាការដឹងគុណដល់ការចូលរួមចំណែកនេះ រូបសំណាក ស្ត្រីទូលចម្រូងនៅលើក្បាលត្រូវបានកសាងឡើងនៅលើផ្លូវ ទៅកាន់ច្រកព្រំដែន ជាំសាង៉ាំ ។

ប្រជាជនត្រូវបានបង្រៀនឱ្យចេះផលិតចម្រូងជ័រឆក់ ដែលមានជាតិពុល ។ សារធាតុពុលដែលប្រើសម្រាប់លាបនៅចុងចម្រូង ត្រូវបានចម្រាញ់ចេញមកពី ការលាយបញ្ចូលគ្នារវាងជ័រឈើ និងពិសពស់ព្រមទាំងសារធាតុពុលដទៃទៀត ដែលអាចរកបាន ។ ជ័រឈើ និងសារធាតុពុលទាំងនេះ ត្រូវបានរំងាស់បញ្ចូលគ្នា រហូតក្លាយទៅជាជ័រកាវ ដែលត្រូវយកទៅលាបនៅលើចុងចម្រូង ។ រូបមន្តសម្រាប់ ផលិតចម្រូងជ័រឆក់នេះ បានមកពីជនជាតិភាគតិចតំបន់ភ្នំ ដែលមកពីភូមិភាគឦសាន ។ ដោយសារ តែសារធាតុផ្សំមានចំហាយខ្លាំង អ្នកដែលផលិតជ័រឆក់នេះ ជួបប្រទះបញ្ហាសុខភាព ។ ជាក់ស្តែងប្រជាជនដែលរម្ងាស់ សារធាតុពុលនេះ តែងតែហើមមុខ និងឈឺចុកចាប់ ។១៥២ ខ្មែរក្រហមចាត់ទុកចម្រូងជ័រឆក់របស់ខ្លួន ថា ជា ”អាវុធស័ក្តិសិទ្ធិ” ។ ខ្មែរក្រហមបានអះអាងថា ចម្រូងជ័រឆក់មួយដើមខ្លាំង ជាងគ្រាប់បេ៤០ចំនួនដប់គ្រាប់ ដោយសារ ”ចម្រូងជ័រឆក់មួយដើមសម្លាប់ខ្មាំង បានមួយក្បាល ហើយធ្វើឱ្យបាក់ស្មារតីច្រើនសិបក្បាលទៀត” ។១៥៣
ប៉ិល សារ៉ាត់ ដែលជាអតីតកម្មាភិបាលខ្មែរក្រហមនៅភ្នំ១០០៣ បាន រំលឹកអំពីបទពិសោធរបស់គាត់ នៅពេលធ្វើការក្រោមការគ្រប់គ្រងផ្ទាល់ពីតាម៉ុក ដើម្បីផលិតចម្រូង និងដាក់មីន ។
ខ្ញុំធ្វើការនៅក្នុងកងនារី ។ សមមិត្តនារី ស៊ុប ជាប្រធានកង ។ ក្រុម របស់ខ្ញុំដែលត្រូវបានស្គាល់ថា ជាកងយាយតុង ត្រូវបានបញ្ជូនឱ្យទៅច្រកជប់រុន ។ ក្រុមរបស់ខ្ញុំមានគ្នាចំនួន៣០នាក់ ដែលសុទ្ធតែនៅលីវ ។ បន្ទាប់ពីខ្ញុំរៀបការហើយ នៅឆ្នាំ១៩៨៦ ខ្ញុំបានចេញពីកង និងទៅរស់នៅជាមួយប្តីរបស់ខ្ញុំនៅក្នុងកងពល ៧៨៥ ។ ប្រពន្ធរបស់កងទ័ពធ្វើការងារ បិតចម្រូង និងដឹកជញ្ជូនចម្រូងដោយរទេះ ទៅកាន់សមរភូមិមុខ ។ ចម្រូងមួយដើមមានប្រវែងប្រហែលមួយហត្ថ ។ ខ្ញុំក៏ធ្លាប់ បានលាបថ្នាំពុលទៅលើចុងចម្រូងសារធាតុពុលទាំងនោះ ត្រូវបានផ្តល់ឱ្យដោយ កងទ័ព ។ ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ នៅក្នុងការធ្វើជាយុទ្ធនារី ។ ខ្ញុំពិតជាពេញ ចិត្តនឹងការងារដឹកជញ្ជូនមីន ។

ខ្ញុំមិនខ្លាចមីនទេ ។ យើងបានរាយមីននៅតាមតំបន់ដែលយើងបានឃើញ ចារកិច្ចយួនឆ្លងកាត់ ។១៥៤

ចម្រូង គឺជាអាវុធសំខាន់ទីពីររបស់ខ្មែរក្រហម បន្ទាប់ពីគ្រឿងសព្វាវុធ ។ ខ្មែរក្រហមដាំចម្រូងពីររបៀបផ្សេងគ្នា ។ ខ្មែរក្រហមអាចដាំចម្រូង ដោយបង្កប់ ជាមួយនឹងស្មៅ ឬដាំចម្រូងនៅក្នុងរណ្តៅ ។ ចម្រូងទាំងនោះមើលទៅស្ទើរតែ ប្រហាក់ប្រហែលទៅនឹងស្មៅ ហើយពិបាកនឹងសម្គាល់ឃើញណាស់នៅពេលដែល មនុស្សម្នាក់កំពុងរត់គេចចេញពីការប្រយុទ្ធ ។ ប្រសិនបើជនណាម្នាក់ដួលទៅ លើចម្រូង ចម្រូងនោះនឹងបែកទៅជាបំណែកតូចៗ ហើយចាក់ចូលទៅក្នុងសាច់ ។ បំណែកចម្រូងតូចៗនេះ ពិបាកនឹងដកចេញពីសាច់ណាស់ ។ កងទ័ពដែលគេចផុត ពីការស្លាប់ដោយចម្រូងតែងតែឈឺចាប់ រយៈពេលវែង ពីព្រោះមុខរបួសមិនងាយ នឹងជាសះស្បើយឡើយ ។១៥៥ ជួនកាលអន្ទាក់ចម្រូងអាចឱ្យ ខ្មែរក្រហមចាប់ខ្លួន កងទ័ពវៀតណាមបាន ដែលជាទូទៅត្រូវបានបញ្ជូនទៅប្រទេសថៃ ។ មានការ អះអាងថា ថៃបានដោះដូរកងទ័ពវៀតណាម ជាមួយរដ្ឋាភិបាលវៀតណាមជាថ្នូរ នឹងលុយកាក់ ។
 
ការដឹកជញ្ជូនគ្រឿងសព្វាវុធ និងសម្ភារ
ដូចកងដឹកជញ្ជូននារីដែរ ការដឹកជញ្ជូនគ្រាប់ និងសម្ភារៈ គឺជាការងារ ដ៏សំខាន់របស់ប្រជាជនទូទៅនៅលើភ្នំ១០០៣ ។ ប្រជាជនមានមោទនភាពចំពោះ ការងារនេះ ដោយសារតែប្រជាជនទាំងនោះយល់ឃើញថា ការតស៊ូរបស់ខ្លួន គឺជា ផ្នែកមួយនៃការតស៊ូរួមរបស់ប្រទេសជាតិ ដើម្បីការពារប្រទេសរបស់ខ្លួនប្រយុទ្ធ ប្រឆាំងទៅនឹងអ្វី ដែលប្រជាជនទាំងនោះជឿជាក់ថា ”ការឈ្លានពានរបស់យួន មកលើកម្ពុជា” ។
សមរភូមិចម្បងមួយដែលតម្រូវឱ្យមានការដឹកជញ្ជូនសម្ភារៈប្រកប ដោយប្រសិទ្ធភាព គឺសមរភូមិនៅព្រៃស្អាក ។១៥៦ ជាទូទៅក្រុមដឹកជញ្ជូន ត្រូវ ចំណាយពេលពី៣ទៅ៤ថ្ងៃ ដើម្បីធ្វើដំណើរពីភ្នំដងរែកទៅកាន់ព្រៃស្អាក ។ ជាញឹក ញាប់ក្រុមដឹកជញ្ជូនជួបប្រទះនឹងកងទ័ពវៀតណាម ដែលតម្រូវឱ្យក្រុមនេះត្រូវ លាក់ខ្លួន និងស្វែងរកផ្លូវផ្សេងទៀត ដើម្បីធ្វើដំណើរទៅសមរភូមិមុខ ។ នៅក្នុង ករណីនេះ ក្រុមដឹកជញ្ជូនត្រូវចំណាយពេលយ៉ាងតិច២សប្តាហ៍ ដើម្បីធ្វើដំណើរ ទៅដល់គោលដៅរបស់ខ្លួន ។ ជាទូទៅ ក្រុមដឹកជញ្ជូនត្រូវធ្វើដំណើរទាំងយប់ ទាំងថ្ងៃ ។១៥៧
សកម្មភាពដឹកជញ្ជូនសំខាន់កើតឡើងនៅក្នុងឆ្នាំ១៩៨៧-១៩៨៩ នៅ ពេលដែលខ្មែរក្រហមតស៊ូ ដើម្បីដណ្តើមយកនូវទឹកដី ដែលបាត់បង់មកវិញ ។ កងទ័ពវៀតណាម បានវាយប្រហារបកវិញ ដោយរុញច្រានខ្មែរក្រហមឱ្យថយ ក្រោយនៅក្នុងការ វាយប្រយុទ្ធគ្នាជាច្រើនលើក រហូតដល់ខ្មែរក្រហមត្រូវបង្ខំចិត្ត ស្វែងរកការជ្រកកោននៅក្នុងទឹកដីថៃ ។ ក្រុមដឹកជញ្ជូន បានជួបប្រទះនូវគ្រោះថ្នាក់ ជាច្រើន នៅតាមផ្លូវទៅកាន់សមរភូមិ ។ ក្រុមដឹកជញ្ជូនទទួលរងគ្រោះពីការវាយប្រហារ ពីសំណាក់កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិត កម្ពុជា ។ ក្រុមដឹកជញ្ជូនត្រូវធ្វើដំណើរដោយ ប្រុងប្រយ័ត្នដោយសារតែមីនជាច្រើន នៅក្នុងដី ។ ជាញឹកញាប់ ក្រុមដឹកជញ្ជូនបានរងគ្រោះដោយសារការដើរជាន់មីន ដែលខ្លួនឯងជាអ្នកកប់ ។ សមាជិកក្រុមដឹកជញ្ជូនណាដែលស្លាប់នៅតាមផ្លូវនឹងត្រូវ កប់នៅកន្លែងនោះ ហើយអ្នកដែលរងរបួសនឹងត្រូវបញ្ជូនមកមន្ទីរពេទ្យនៅលើភ្នំ។ ជាទូទៅក្នុងរយៈពេលមួយខែម្តង ប្រជាជនម្នាក់ៗត្រូវបានជ្រើសរើសឬស្ម័គ្រចិត្ត ចូលរួមដឹកជញ្ជូនគ្រាប់ និងសម្ភារៈទៅសមរភូមិមុខ ។ឱ សាវ៉ាត បានដើរជាន់មីន និងបានបាត់បង់ជើងម្ខាងនៅពេលគាត់ដឹកជញ្ជូនគ្រាប់ទៅឱ្យកងទ័ពនៅសមរភូមិមុខ នៅឆ្នាំ១៩៨៧ ។ សាវ៉ាត បានរំលឹក អំពីបទពិសោធរបស់គាត់ថា៖
ផ្លូវធ្វើដំណើរនៅលើភ្នំដើម្បីជញ្ជូនគ្រាប់ទៅសមរភូមិមុខតូចចង្អៀតណាស់ ។ ផ្លូវនេះមានទទឹងប្រហែលកន្លះម៉ែត្រតែប៉ុណ្ណោះ និងជាផ្លូវតែមួយគត់ ទៅកាន់ សមរភូមិមុខ ។ នៅពេលខ្ញុំទៅដល់សមរភូមិ ហើយប្រគល់គ្រាប់ទៅឱ្យ កងទ័ព ខ្ញុំបាន ធ្វើដំណើរត្រឡប់មកវិញ ។ នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំបានឃើញ ស្ត្រីចំណាស់ៗ ស្ពាយគ្រាប់ធំៗហើយធ្ងន់នៅលើខ្នង ។ ខ្ញុំបានជៀសទៅម្ខាង ដើម្បី ទុកផ្លូវឱ្យ ស្ត្រីចំណាស់ទាំងនោះដើរ ។ ជាអកុសល មួយជំហានរបស់ខ្ញុំចេញពីផ្លូវ ជាន់ចំគ្រាប់ មីន ។ នៅពេលដែលមីននោះផ្ទុះ មិនត្រឹមតែខ្ញុំដាច់ជើងម្ខាងទេ ក្មួយុប្រុសរបស់ខ្ញុំក៏ត្រូវរបួសដោយសារអំបែងតូចៗ ដែលខ្ទាតត្រូវ ។ ខ្ញុំចាំថា ខ្ញុំបានប្រាប់ ស្ត្រីចំណាស់ទាំងនោះកុំឱ្យដើរទៅក្នុងព្រៃប្រយ័ត្នជាន់ត្រូវមីន ។ ប៉ុន្តែខ្ញុំមិននឹក ស្មានមីនត្រូវបានកប់នៅក្បែរផ្លូវដើរដ៏តូចនេះសាះ ។ មិនតែប៉ុណ្ណោះ មីននេះ គឺត្រូវ បានខ្មែរក្រហមគ្នាឯងដែលជាអ្នកដាក់ ។ នៅពេលដែលខ្ញុំដួលទៅលើដី ខ្ញុំបាន ក្រឡេកមើលជុំវិញខ្លួនខ្ញុំ ហើយបានឃើញមីនជាច្រើនគ្រាប់ផ្សេងទៀត ។ ជាសំណាង ល្អខ្ញុំបានដួលទៅលើផ្លូវដើរ ។ បើមិនដូច្នោះទេខ្លួនរបស់ខ្ញុំទាំងមូល ប្រហែលជា ខ្ទេចអស់ទៅហើយ ។ ខ្ញុំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅលើភ្នំដងរែក ។១៥៨

ការអប់រំ
នៅលើភ្នំ១០០៣ មានតែសាលាបឋមសិក្សាមួយប៉ុណ្ណោះ ដែលត្រូវបាន បង្កើតឡើងសម្រាប់តែកុមារ ។ ប្រព័ន្ធអប់រំដ៏អន់ខ្សោយនេះ អនុញ្ញាតឱ្យសិស្សរៀន បានត្រឹមតែសរសេរ អាន និងគណិតវិទ្យាជាមូលដ្ឋានតែប៉ុណ្ណោះ ។ តាម៉ុក បាន បញ្ជាឱ្យកុមារទាំងអស់ចូលរៀននៅក្នុងសាលា ប៉ុន្តែសាលារៀនមានត្រឹមតែថ្នាក់ ទី៤ ។ ការអប់រំអាចដំណើរការទៅបានដោយសារកម្មាភិបាលខ្មែរក្រហម មួយចំនួនតូច បានបម្រើការធ្វើជាគ្រូបង្រៀន ។ ខៀវ នៅ (ក្មួយប្រុសរបស់តាម៉ុក), យក់ ហម, លាវ, អឿន, វ៉ុន, ផង់ គឹមឆន និងញឿន គឺជាគ្រូបង្រៀននៅពេលនោះ។ ទោះបីជាកម្មាភិបាលខ្មែរក្រហមទាំងអស់នេះពុំមានចំណេះដឹងផ្នែកគរុកោសល្យ គ្រប់គ្រាន់យ៉ាងណា ក៏ដោយ ក៏អ្នកទាំងនេះបានបង្កើតគណៈកម្មាធិការមួយ ដើម្បី រៀបរៀងជាសៀវភៅសិក្សាដែលសរសេរដោយដៃ ។ ខ្លឹមសារនៅក្នុងសៀវភៅ ទាំងនោះចេញមកពីចំណេះដឹងរបស់កម្មាភិបាលទាំងនេះ ដែលធ្លាប់បានរៀនសូត្រ កាលពីខ្លួននៅសាលា ។ ដោយសារតែកង្វះខាតឯកសារយោងជាច្រើនកម្មាភិបាល ខ្មែរក្រហមទាំងនោះ បានបកប្រែមេរៀនមួយចំនួនចេញពីសៀវភៅពុម្ពរបស់ថៃ ។ការអប់រំក៏ទទួលបានការគាំទ្រពីកម្មវិធីជំនួយអន្តរជាតិ ជាពិសេសពីប្រតិបត្តិការ ជំនួយព្រំដែនរបស់អង្គការសហប្រជាជាតិ ដែលបានបោះពុម្ព និងឧបត្ថម្ភសៀវភៅ សិក្សា និងសម្ភារៈសិក្សាផ្សេងទៀតទៅដល់សាលារៀន ។
ពីដំបូង សាលារៀននេះបានបើកថ្នាក់បង្រៀនពីរពេលក្នុងមួយថ្ងៃ ។ ប៉ុន្តែ ដោយសារតែពុំមានថ្នាក់រៀនគ្រប់គ្រាន់ សិស្សអាចរៀនបានតែមួយពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។ ម៉ោងសិក្សាពេលព្រឹក គឺចាប់ពីម៉ោង៧ដល់ម៉ោង១១ និងពេលថ្ងៃ ចាប់ពីម៉ោង១ដល់ម៉ោង៤ ។ កុមារត្រូវរៀន៦ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទដល់ ថ្ងៃសៅរ៍ ។ ចំនួនសិស្សក្នុងមួយថ្នាក់ អាចទាបបំផុត គឺពី៥ទៅ៦នាក់ ទៅតាមកម្រិត សិក្សា ។ តាម៉ុក ក៏បានឧបត្ថម្ភសម្លៀកបំពាក់ និងសម្ភារៈផ្សេងៗទៀត ទៅដល់សាលារៀននេះ ។
គោលដៅនៃការអប់រំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការតស៊ូ នយោបាយ និងយោធារបស់ខ្មែរក្រហម ។ ក្រៅអំពីការអប់រំកុមារឱ្យមានជំនាញ ផ្នែកភាសា និងគណិតវិទ្យាជាមូលដ្ឋាន ការអប់រំក៏ផ្តោតជាចម្បងទៅលើការ ឃោសនានយោបាយ ។ កម្មវិធីសិក្សានៅពេលនោះ បានបណ្តុះគំនិតកុមារឱ្យ ស្អប់ខ្ពើម ខឹងសម្បា និងចង់សងសឹកចំពោះអ្វី ដែលខ្មែរក្រហមហៅថា “អាខ្មាំងយួន ឈ្លានពាន” ។ កុមារត្រូវបានអប់រំឱ្យយល់ថា វៀតណាម គឺជាអ្នកដែលបានធ្វើ សង្គ្រាមប្រឆាំងនឹងប្រទេសកម្ពុជា ។ ជាងនេះទៅទៀត បញ្ហាដែលទាក់ទងទៅនឹង ការស្លាប់រស់របស់ប្រទេសកម្ពុជា ចេញមកតែអំពីការប៉ុនប៉ងរបស់វៀតណាម ក្នុង ការលេបយកទឹកដីកម្ពុជា ។ នៅក្នុងអំឡុងពេលនោះកុមារត្រូវបាន បង្រៀនឱ្យ មើលឃើញកុមារផ្សេងទៀតទៅតាមនិន្នាការនយោបាយ ដូចជា កូនយួន (សំដៅទៅលើកុមារដែលរស់នៅក្នុង តំបន់ដែលគ្រប់គ្រងដោយសាធារណរដ្ឋប្រជាមានិត កម្ពុជា) កូនរ៉ា(កុមារដែលរស់នៅក្រោមការគ្រប់គ្រង របស់រណសិរ្សហ្វ៊ុនស៊ិនប៉ិច) និងកូនជាតិ (កុមារដែលនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម) ។
សៀវភៅរៀនអក្សរដែលត្រូវបានបោះពុម្ពដោយរបបកម្ពុជាប្រជា ធិបតេយ្យនិរទេស សម្រាប់សិស្សថ្នាក់ទី២ (បោះពុម្ពនៅឆ្នាំ១៩៨៧) បានបញ្ចូល មេរៀនជាច្រើន ដែលនិយាយអំពីការឃោសនានយោបាយ និងមនោគមន៍វិជ្ជា ។ ខ្មែរក្រហមបានបំពាក់បំប៉នកុមារឱ្យមាន “មនសិការតស៊ូ” និងស្មារតីជាតិនិយម ជ្រុលហួសហេតុ ។ មេរៀនមួយដែលមានចំណងជើងថា “ប្រជាជនភូមិខ្ញុំ” មាន អត្ថន័យថា៖ចាប់តាំងពីអាខ្មាំងយួនឈ្លានពានទន្ទ្រាន កាន់កាប់ទឹកដីកម្ពុជាយើងមក ប្រជាជនភូមិខ្ញុំបានភៀសខ្លួនមករស់នៅឯព្រៃភ្នំ ។ ជីវភាពពេលនោះក្រខ្សត់ ហើយ លំបាកវេទនាណាស ់។ តែប្រជាជនភូមិខ្ញុំដាច់ខាតមិនចុះញ៉មអាខ្មាំងយួនឡើយ ។ ក្នុងការរស់នៅប្រចាំថ្ងៃ ប្រជាជនភូមិខ្ញុំចេះសាមគ្គីជួយគ្នាទៅវិញទៅមក ។

មួយថ្ងៃៗប្រជាជនភូមិខ្ញុំចេញទៅរកជីកមើមក្តួច ដំឡូងព្រៃ ទំពាំងឫស្សី និងបេះស្លឹកល្ងៀង ស្លឹកច្រេសជាដើម មកផ្សំធ្វើជាម្ហូបអាហារ ។ ជួនពេលខ្លះរក បាន ពេលខ្លះរកមិនបាន តែបងប្អូនចេះចែករំលែកគ្នាហូបយ៉ាងល្អូកល្អឺន ។ បើមាន បងប្អូនណាម្នាក់ឈឺថ្កាត់ គេទាំងឡាយជួយឈឺឆ្អាល ជួយរត់រកថ្នាំឫសឈើព្រៃ ។ អ្នកខ្លះជួយថែទាំ ខ្លះជួយជាស្បៀងអាហារ ខ្លះជួយជាកម្លាំងកាយកម្លាំងចិត្ត ។
ក្រោយមកយើងមានជីវភាពគួរសមហើយ ។ ប្រជាជនភូមិខ្ញុំមានសុខភាព ល្អបង្គួរឡើងវិញ ។ បងប្អូនបានរួមចំណែក វាយអាខ្មាំងយួនឈ្លានពានជាមួយពូៗ កងទ័ពជាតិ យ៉ាងសកម្ម និងក្លៀវក្លា ។ បងប្អូនខ្លះជួយដឹកជញ្ជូនគ្រាប់រំសេវ ស្បៀង អាហារជូនពូៗកងទ័ព ។ បងប្អូនខ្លះទៀតជួយធ្វើចម្រូង ខ្នារ សង់មន្ទីរពេទ្យ សង់ ឃ្លាំងគ្រាប់ និងសង់សាលាឱ្យកុមារ រៀនសូត្រ ។ ទំនៀមទម្លាប់ដ៏ល្អប្រសើរនេះ ធ្វើឱ្យប្រជាជនភូមិខ្ញុំរស់នៅសុខដុមរមនាគ្រប់ពេលវេលា ក្នុងកិត្តិយសថ្លៃថ្នូរ ទោះបី ស្ថិតនៅក្នុងសម័យតស៊ូវាយអាខ្មាំងយួនឈ្លានពានវាតទីលេបទឹកដីប្រល័យ ពូជសាសន៍នេះក៏ដោយ ។១៥៩

មេរៀនមួយទៀតមានចំណងជើងថា “បងប្រុសខ្ញុំ”៖
កាលពីឆ្នាំ១៩៨០ បងប្រុសខ្ញុំមានអាយុ១៥ឆ្នាំ។ កាលនោះគាត់រស់នៅ ជាមួយពុកម៉ែខ្ញុំនៅឯភ្នំក្រវ៉ាញ។ បងប្រុសខ្ញុំជាមនុស្សឧស្សាហ៍ព្យាយាម ហើយ ស្លូតបូត និងសុភាពរាបសា ។

ព្រលឹមស្រាងៗឡើងបងប្រុសខ្ញុំក្រោកអុជចង្កៀងមើលមេរៀនសាឡើងវិញ។ មុនទៅសាលារៀនគាត់បោសសម្អាតទីធ្លា ជុំវិញផ្ទះ ហើយជួយដងទឹកដាក់ ពាងទុកជូនម៉ែប្រើប្រាស់ ។ ល្ងាចពេលត្រឡប់មកពីសាលារៀនវិញ គាត់ជួយស្រោច ដំណាំក្បែរៗផ្ទះ ។ ឯថ្ងៃឈប់សម្រាករៀន បងតែងជួយធ្វើការពុកម៉ែ ដូចជាដាំ បន្លែ ស្រោចបន្លែ រកឧស ដងទឹក ថែទាំសត្វមាន់ទាឬជួយមើលថែទាំប្អូនៗជាដើម ។ ពេល យប់មុនសម្រាន្ត គាត់មើលមេរៀនឬធ្វើកិច្ចការ ដែលលោកគ្រូដាក់ឱ្យធ្វើ ។ ជួនកាល គាត់ជួយបង្រៀនអក្សរខ្ញុំ ។ ខ្ញុំបងប្រុសខ្ញុំចូលចិត្តអានរឿង ដែលនិយាយពីវីរភាព របស់ប្រជាជនកម្ពុជារបស់ពូៗកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ ក្នុងការតស៊ូវាយ អាខ្មាំងយួនឈ្លានពានឱ្យខ្ញុំស្តាប់ ។
លុះដល់ឆ្នាំ១៩៨៣ បងប្រុសខ្ញុំចូលធ្វើកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ ។ ឆ្នាំ១៩៨៦ បងមានភារកិច្ចទៅធ្វើការងារជាមួយ ប្រជាជននៅក្នុងឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីប្រមូលកម្លាំងវាយអាខ្មាំងយួនឈ្លានពាន រំដោះភូមិ ឃុំ ស្រុក និងរំដោះប្រទេសកម្ពុជាទាំងមូល ។

ខ្ញុំស្រលាញ់ និងគោរពបងប្រុសខ្ញុំណាស់ ១៦០

ការព្យាបាលជំងឺ

ការព្យាបាលជំងឺនៅភ្នំ១០០៣ មានលក្ខណៈជាការព្យាបាលបឋម ហើយផ្តល់ការព្យាបាលសម្រាប់តែរបួស និងជំងឺធម្មតាតែប៉ុណ្ណោះ ។ ជាលទ្ធផល ប្រជាជន និងកងទ័ពស្ថិតនៅក្នុងស្ថានភាព ដែលងាយនឹងរងគ្រោះពីគ្រោះថ្នាក់ និងជំងឺណាស់ ។ ប្រជាជនពុំទទួលបានការព្យាបាលជំងឺត្រឹមត្រូវទេ ។ បុគ្គលិកពេទ្យត្រូវបានជ្រើសរើសចេញពីប្រជាជន នៅលើភ្នំ ។ បុគ្គលិកពេទ្យមួយចំនួនទទួលបាន ការបណ្តុះបណ្តាលនៅលើភ្នំ១០០៣ ។ បុគ្គលិកពេទ្យមួយចំនួនទៀត ត្រូវបាន បញ្ជូនឱ្យទៅទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ ជាមួយវេជ្ជបណ្ឌិតថៃ និងចិន ដោយមានជំនួយពីអ្នកបកប្រែភាសាខ្មែរ ។១៦១ ការបណ្តុះបណ្តាលប្រព្រឹត្តទៅ ដោយការអនុវត្តជាក់ស្តែង ។ បុគ្គលិកពេទ្យត្រូវបានបណ្តុះបណ្តាលជំនាញ ព្យាបាលបឋម ដូចជាការលាងរបួស និងការព្យាបាលជំងឺគ្រុនចាញ់ ។១៦២ បុគ្គលិក ពេទ្យស្រីមួយចំនួន ត្រូវបានបណ្តុះបណ្តាលឱ្យទៅជាឆ្មប ។
បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលបុគ្គលិកពេទ្យភេទប្រុស ត្រូវបានបញ្ជូន ឱ្យទៅជាមួយកងទ័ព ដើម្បីច្បាំងជាមួយវៀតណាម នៅតាមសមរភូមិមុខ ។ មន្ទីរ ពេទ្យទទួលព្យាបាលកងទ័ពរងរបួសពី៥ទៅ៦នាក់ជារៀងរាល់ថ្ងៃ ។១៦៣ ដើម្បី សម្រួលដល់ការព្យាបាលជំងឺ និងសង្គ្រោះកងទ័ពរបួស ដែលកាន់តែកើនឡើងជា រៀងរាល់ថ្ងៃ ខ្មែរក្រហមនៅភ្នំ១០០៣ បានបង្កើតមន្ទីរពេទ្យជាច្រើនកន្លែងដែលរួម មានពេទ្យ១០០៣ ពេទ្យ៧២ និងពេទ្យ១៣ ។ ខឿន និង ខាល គឺជាប្រធានមន្ទីរ ពេទ្យ១៣។ ខន និងក្រោយមក លន គឺជាប្រធានមន្ទីរពេទ្យ៧២ ។ មន្ទីរពេទ្យត្រូវបានប្តូរទីតាំងពីកន្លែងមួយទៅកន្លែង មួយទៀត អាស្រ័យទៅលើស្ថានភាពនៅ សមរភូមិមុខ ។
ណុប សុភា ដែលជាអតីតសិស្សពេទ្យមួយរូបនៅភ្នំ១០០៣ បានរំលឹក អំពីការសិក្សាវិជ្ជាពេទ្យរបស់គាត់នៅប្រទេសថៃថា៖
ការសិក្សាមិនមានរយៈពេលរហូតដល់ទៅមួយឆ្នាំទេ ។ ឧទាហរណ៍មួយ ខែមាន៣០ថ្ងៃ ។ យើងសិក្សាទ្រឹស្តី១០ថ្ងៃ អនុវត្តន៍ជាក់ស្តែង១០ថ្ងៃ ហើយ១០ថ្ងៃ ទៀតរៀនភាសា ។ ដូចគ្នាដែរក្រុមនីមួយៗមានសមាជិក៣០នាក់ ។ យើងបានចែកវេនគ្នាចម្អិនម្ហូប ។ យើងបានប្រើបច្ចេកទេសពេទ្យ ដើម្បីព្យាបាលទាំងប្រជាជន និងកងទ័ព ។
    
ការរៀបមង្គលការ
ខ្មែរក្រហមមានគោលនយោបាយជំរុញឱ្យមានការរៀបការ ដែលជា មធ្យោបាយមួយក្នុងការចងជើងកងទ័ពនៅភ្នំ១០០៣ តាមរយៈចំណងគ្រួសារ ដែលអាចទប់ស្កាត់កុំឱ្យមានការផ្តាច់ខ្លួនចូលទៅរដ្ឋាភិបាល ។ ការរៀបការ មិនត្រូវ បានបង្ខំនោះទេ ប៉ុន្តែប្រជាជនក៏ពុំមានឱកាសច្រើននៅក្នុងការជ្រើសគូស្រករឬ ស្វែងរកជម្រើសដែលប្រសើរជាងបានដែរ ។ បញ្ហាគ្រប់យ៉ាង ដែលរួមទាំងការ រៀបការផង ស្ថិតនៅក្នុងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ។ កងទ័ពអាចស្នើសុំ រៀបការជាមួយនារីនៅក្នុងជំរំបាន ។ ប៉ុន្តែនារីមួយចំនួនមិនពេញចិត្តចំពោះ គូស្រកររបស់ខ្លួននោះឡើយ ។ ជាទូទៅនារីយល់ឃើញថា ការមានស្វាមី ដែល មិនអាចផ្តល់ភាពកក់ក្តៅក្នុងគ្រួសារ ប្រសើរជាងការរស់នៅតែឯង ។១៦៤ នារី មួយចំនួនមិនពេញចិត្តចំពោះការបញ្ជាឱ្យរៀបការជាមួយជនពិការ ប៉ុន្តែនារី ទាំងនោះមិនហ៊ានបដិសេធ ។១៦៥ បន្ទាប់ពីរៀបការរួច គូស្វាមីភរិយាទាំងពីរសង់ផ្ទះ ខ្ទមមួយ ដែលមានទំហំ៣ម៉ែត្របួនជ្រុង ធ្វើអំពីឫស្សី និងដំបូលប្រក់ស្បូវ ។
ពីដំបូង ពិធីរៀបមង្គលការត្រូវបានធ្វើឡើងជាក្រុមដូចគ្នាទៅនឹងពិធីរៀបការ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែរ ទោះបីជាចំនួនគូមានតិចជាងក៏ដោយ ។ ក្រោយមកពិធីរៀបមង្គលការតាមបែបប្រពៃណីខ្មែរត្រូវបានអនុញ្ញាត ។
ចាន់ នឿន ធ្វើការនៅក្នុងកងដឹកជញ្ជូន ហើយបានរៀបការនៅឆ្នាំ១៩៨០។ ពិធីរៀបមង្គលការរបស់គាត់មាន៤គូ ។ កងទ័ព និងកម្មាភិបាល នៅក្នុងកងរបស់ គាត់បានមកចូលរួមពិធីរៀបមង្គលការនោះ ។១៦៦ ហាប់ ហេន ដែលជាស្ត្រីម្នាក់ទៀត ដែលបានរៀបការនៅលើភ្នំ១០០៣ បាននិយាយថា ”នៅ ពេលនោះយើងមិនដឹងថា ស្នេហាមានន័យថាម៉េចនោះទេ ។ យើងមិនដែលចាប់អារម្មណ៍ទៅលើមនុស្ស ប្រុសផង” ។១៦៧ ហាប់ ហេន បានរំលឹកអំពីថ្ងៃរៀបមង្គលការរបស់គាត់ថា ៖
តា ញឹម គឺជាចាស់ទុំដែលបានរៀបចំមង្គលការឱ្យយើង ។ ពិធីរៀបមង្គល ការត្រូវបានធ្វើឡើងនៅប្រហែលម៉ោង៣រសៀល ។ នៅថ្ងៃខ្ញុំរៀបការមាន១១គូ។ នៅពេលនោះយើងពុំមានតុឬកៅអីទេ ។ ទាំងប្រុស ទាំងស្រី នាំគ្នាអង្គុយ នៅលើអង្កត់ឈើ ដែលអាចរកបាននៅក្បែរនោះ ។ នៅក្នុងពិធីរៀបមង្គលការ ប្រធានកងបានប្រកាសថាយើងទាំងពីរនាក់បានក្លាយទៅ ជាប្តីប្រពន្ធ និងបាន ណែនាំយើងឱ្យប្រឹងប្រែងធ្វើការងារ និងមិនត្រូវរត់ចោលចលនាខ្មែរក្រហម ។ យើងបានទះដៃអបអរ សាទរ ហើយបន្ទាប់មក ពិធីជប់លៀងតូចមួយត្រូវបានរៀបចំ ឡើង ដែលមានម្ហូបអាហារដូចជា គុយទាវ ត្រីខកំប៉ុង ទឹកដោះគោ និងនំឈ្លប ។ នេះគឺជាពិធីរៀបមង្គលការរបស់យើងនាពេលនោះ ។១៦៨
ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០មក ពិធីរៀបមង្គលការនៅភ្នំ ១០០៣ ត្រូវបានរៀបចំឡើងប្រសើរជាងមុន ។ ទោះបីជាពុំមានសម្លៀកបំពាក់ ប្រពៃណី ព្រះសង្ឃឬចម្រៀងប្រពៃណីក៏ដោយ ក៏អាចារ្យ១៦៩ ត្រូវបានអនុញ្ញាត ឱ្យរៀបចំពិធី ហើយពិធីតាមប្រពៃណីមួយចំនួន ដូចជាពិធីបង្វិលពពិល ក៏ត្រូវបាន អនុញ្ញាតដែរ ។១៧០ កម្មវិធីរាំជាមួយនឹងចម្រៀង របស់ស៊ិន ស៊ីសាមុត១៧១ ត្រូវបាន រៀបចំឡើងសម្រាប់ពិធីជប់លៀងជាមួយនឹងអាហារពីរបីមុខ និងបង្អែម ។១៧២ សាច់ញាតិ និងមិត្តភក្តិរបស់កូនកំលោះក្រមុំក៏ចូលរួមនៅក្នុងពិធីមង្គលការនេះ ដែរ ។ ចំណងដៃចាប់ពី១០ទៅ១០០បាត (រូបិយប័ណ្ណថៃ) ។ ទោះបីជាតាម៉ុក មិន បានចូលរួមនៅក្នុងពិធីរៀបមង្គលការក៏ដោយ ក៏តាម៉ុកតែងតែឧបត្ថម្ភអង្ករ និង សម្ភារៈផ្ទះបាយមួយចំនួនដល់គូស្រករថ្មី ។១៧៣ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០មក ពិធីរៀបមង្គលការនៅភ្នំ ១០០៣ ត្រូវបានរៀបចំឡើងប្រសើរជាងមុន ។ ទោះបីជាពុំមានសម្លៀកបំពាក់ ប្រពៃណី ព្រះសង្ឃឬចម្រៀងប្រពៃណីក៏ដោយ ក៏អាចារ្យ១៦៩ ត្រូវបានអនុញ្ញាត ឱ្យរៀបចំពិធី ហើយពិធីតាមប្រពៃណីមួយចំនួន ដូចជាពិធីបង្វិលពពិល ក៏ត្រូវបាន អនុញ្ញាតដែរ ។១៧០ កម្មវិធីរាំជាមួយនឹងចម្រៀង របស់ស៊ិន ស៊ីសាមុត១៧១ ត្រូវបានរៀបចំឡើងសម្រាប់ពិធីជប់លៀងជាមួយនឹងអាហារពីរបីមុខ និងបង្អែម ។១៧២ សាច់ញាតិ និងមិត្តភក្តិរបស់កូនកំលោះក្រមុំក៏ចូលរួមនៅក្នុងពិធីមង្គលការនេះដែរ ។ ចំណងដៃចាប់ពី១០ទៅ១០០បាត (រូបិយប័ណ្ណថៃ) ។ ទោះបីជាតាម៉ុក មិនបានចូលរួមនៅក្នុងពិធីរៀបមង្គលការក៏ដោយ ក៏តាម៉ុកតែងតែឧបត្ថម្ភអង្ករ និង សម្ភារៈផ្ទះបាយមួយចំនួនដល់គូស្រករថ្មី ។១៧៣
    
សេចក្តីបញ្ចប់
ភ្នំ១០០១ និងភ្នំ១០០៣ ដែលស្ថិតនៅលើភ្នំដងរែក គឺជាតំបន់កាន់កាប់ ដ៏សំខាន់របស់ខ្មែរក្រហម និងត្រូវបានប្រើប្រាស់ជាទីបញ្ជាការយោធាជាយុទ្ធសាស្ត្រ សម្រាប់ប្រតិបត្តិការយោធានៅទូទាំងប្រទេស ។ មូលដ្ឋានយោធាទាំងពីរនេះ អនុញ្ញាតឱ្យកម្លាំងបរាជ័យសេសសល់របស់ខ្មែរក្រហមរៀបចំឡើងវិញនូវ យុទ្ធសាស្ត្រ និងរចនាសម្ព័ន្ធយោធារបស់ខ្លួន ។ មូលដ្ឋានទាំងនេះ គឺជាទីតាំងជា យុទ្ធសាស្ត្រសម្រាប់ការរស់រានរបស់ខ្មែរក្រហម និងសម្រាប់ការតស៊ូឡើងវិញ ។ មូលដ្ឋានទាំងនេះ ក៏ជាសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ព វៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ជាងនេះទៅទៀត មូលដ្ឋាន ទាំងនេះក៏ត្រូវបានប្រើប្រាស់ជាទីតាំងដ៏សំខាន់សម្រាប់ ទទួលជនភៀសខ្លួនខ្មែរ ។
ជីវិតរស់នៅលើភ្នំដងរែកមានការលំបាកទាំងផ្លូវកាយ និងស្មារតី ។ កងទ័ពត្រូវបានបញ្ជូនទៅកាន់សមរភូមិ ចំណែកប្រជាជនសាមញ្ញ ជួយកងទ័ពតាម រយៈការដឹកជញ្ជូនស្បៀងអាហារ គ្រឿងសព្វាវុធ និងចម្រូង ទៅសមរភូមិមុខ ។
ដោយសារតែមានការគំរាមកំហែងពីសង្គ្រាមជាប្រចាំ ប្រជាជនមិនដែល ស្គាល់ជីវិតរស់នៅសាមញ្ញោទ ។ ផ្ទុយទៅវិញគ្រប់ក្រុមគ្រួសារទាំងអស់ ត្រូវបង្ខំ ចិត្តរស់នៅដោយស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះសង្គ្រាម និងការតស៊ូ ដើម្បី ជាតិ ។ នៅក្នុងស្ថានភាពសឹកបែបនេះ កុមារមិនមានឱកាសទទួលបានការអប់រំ ត្រឹមត្រូវទេ ។ ដូចគ្នាដែរ ប្រជាជនក៏មិនទទួលបានការថែទាំសុខភាពឱ្យបាន ត្រឹមត្រូវដែរ ។ មេដឹកនាំខ្មែរក្រហមព្យាយាមឧបត្ថម្ភប្រជាជន ដើម្បីកុំឱ្យកងទ័ព ព្រួយបារម្ភអំពីសមាជិកគ្រួសាររបស់ខ្លួនដែលនៅខាងក្រោយ ។ ទោះជាយ៉ាងនេះក្តី ភាពភ័យខ្លាចជាប្រចាំ និងជីវិតរស់នៅប្រកបដោយភាពវឹកវរ នៅតែតាមញាំញី ប្រជាជន និងកងទ័ពជាប់ជានិច្ច ។ រឿងរ៉ាវអំពីមនុស្សដើរជាន់មីន និងកងទ័ព ទទួលរងរបួសបានក្លាយទៅជាព័ត៌មានប្រចាំថ្ងៃ ដែលមនុស្សគ្រប់រូបបានដឹង ជាមុនថា នឹងកើតឡើង ។ មិនមាននរណាម្នាក់ដឹងច្បាស់ថា ថ្ងៃអនាគតរបស់ខ្លួន នឹងក្លាយទៅជាយ៉ាងណានោះទេ ។
ជីវិតក៏ជួបការលំបាកដែរ ដោយសារតែតម្រូវការជាប្រចាំ ក្នុងការបញ្ជូន កងទ័ពឱ្យទៅធ្វើការនៅខាងក្នុងប្រទេស ។ កងទ័ពទាំងនេះ ត្រូវបានបញ្ជូនទៅ ស្ទើរតែគ្រប់ខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការឃោសនា និងធ្វើ វិទ្ធង្សនានៅតាមតំបន់ដាច់ស្រយាល ។ កងទ័ពត្រូវរស់នៅឆ្ងាយពីប្រពន្ធ និងកូន របស់ខ្លួនក្នុងរយៈពេលយូរ ។ ដោយសារតែត្រូវរស់នៅឆ្ងាយពីមូលដ្ឋាន កងទ័ព ទាំងនោះត្រូវពឹងផ្អែកលើខ្លួនឯងដើម្បីរស់ ។ ស្ថានភាពលំបាកបែបនេះ បានបង្ខំ ឱ្យកងទ័ពមួយចំនួនប្រព្រឹត្តអំពើឆក់ប្លន់ និងសម្លាប់មនុស្ស ជាពិសេសនៅតាមភូមិ ដាច់ស្រយាលរបស់កម្ពុជា ។ ជាទូទៅ កងទ័ពអាចត្រឡប់មកកងពលរបស់ខ្លួនវិញ នៅលើភ្នំ នៅក្នុងរយៈពេល១ឬ២ឆ្នាំ បន្ទាប់ពីក្រុមថ្មីត្រូវបានបញ្ជូនទៅជំនួស ។

ជំពូក៩
អន្លង់វែង៖ តំបន់កាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម
សេចក្តីផ្តើម

    
បន្ទាប់ពីរស់នៅលើភ្នំដងរែកអស់រយៈពេល១០ឆ្នាំ កងទ័ពខ្មែរក្រហម ដែលនៅសេសសល់ក្រោមការដឹកនាំរបស់តាម៉ុក នៅភ្នំ១០០៣ ដណ្តើមកាន់កាប់ តំបន់អន្លង់វែងបាននៅចុងឆ្នាំ១៩៨៩ ។ នៅដើមឆ្នាំ១៩៩០ តាម៉ុក បានសម្រេច ចិត្តបញ្ជូនប្រជាជនទាំងអស់នៅក្នុងជំរំជនភៀសខ្លួនក្នុងទឹកដីថៃ និងនៅមូលដ្ឋាន យោធាលើភ្នំដងរែក មកកាន់តំបន់អន្លង់វែង ។ មកដល់អន្លង់វែង ប្រជាជន ចាប់ផ្តើមសាងសង់ផ្ទះ និងធ្វើស្រែចម្ការ ហើយមេដឹកនាំខ្មែរក្រហម ផ្តោតការ យកចិត្តទុកដាក់ទៅលើការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះ ។ នៅក្នុងរយៈពេលពីរបីឆ្នាំដំបូងនៃការកាន់កាប់តំបន់ អន្លង់វែង តាម៉ុក បានផ្តួចផ្តើមគម្រោងសាងសង់ជាច្រើននៅក្នុងតំបន់ ដែលរួមមាន ការសាងសង់អាងស្តុកទឹកនៅបឹងអន្លង់វែង និងការសាងសង់ផ្លូវថ្នល់ស្ពាន ឃ្លាំង ផ្ទុកសម្ភារៈ ឃ្លាំងផ្ទុកគ្រឿងសព្វាវុធ សាលារៀន មន្ទីរពេទ្យ និងទីបញ្ជាការកងទ័ពជាច្រើនទៀត ។ ដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុង ការអភិវឌ្ឍតំបន់នេះ តាម៉ុក ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងចំណោមប្រជាជនដែលរស់នៅអន្លង់វែង ។
ទោះបីជាសហគមន៍ខ្មែរក្រហមមួយនេះ ហាក់ទទួលបានលក្ខខណ្ឌ រស់នៅប្រសើរជាងមុន ចលនាខ្មែរក្រហមទាំងមូល បានប្រឈមមុខនឹងការផ្តាច់ ជំនួយពីបរទេសយ៉ាងធ្ងន់ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់លទ្ធភាពរបស់តំបន់ អន្លង់វែង នៅក្នុងការទ្រទ្រង់ការរស់រានរបស់សហគមន៍ និងយុទ្ធសាស្ត្រការពារ ខ្លួន ។ដោយត្រូវបានចងដោយសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ខ្មែរក្រហម ត្រូវបានតម្រូវឱ្យចូលរួមនៅក្នុងការបោះឆ្នោត ឆ្នាំ១៩៩៣ អនុញ្ញាតឱ្យកងកម្លាំងថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ គ្រប់គ្រងទៅលើតំបន់កាន់កាប់របស់ខ្លួន និងទម្លាក់អាវុធ។ ទោះជាយ៉ាងនេះក្តី ខ្មែរក្រហមមិនដែលបំពេញតាមកាតព្វកិច្ច ទាំងអស់នេះទេ ។ មិនយូរប៉ុន្មាន ខ្មែរក្រហមហាក់ដូចជាស្ថិតនៅក្នុងភាពឯកោ កាន់តែខ្លាំងឡើង ។
មេដឹកនាំខ្មែរក្រហមជឿជាក់ថា ខ្លួនមានហេតុផលនៅក្នុងការធ្វើពហិការ មិនចូលរួមការបោះឆ្នោត ដែលមានចែងនៅក្នុង កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ។ ជាពិសេសដោយឈរទៅលើគោលដៅស្វ័យការពារ ខ្មែរក្រហមមានការ រំពឹងទុកមួយដែលគ្មានភាពប្រាកដនិយម ដែលថា សង្គ្រាមនឹងធានាបាននូវភាពស្មើគ្នាផ្នែកនយោបាយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលទើបតែជាប់ឆ្នោតថ្មី ។
ប្រទេសចិន ថៃ និងសហរដ្ឋអាមេរិក បានផ្តាច់ជំនួយជាផ្លូវការពីក្រុម ខ្មែរក្រហម ។ វៀតណាមបានដកកងទ័ពចេញពី ទឹកដីកម្ពុជា ។ ប្រទេសកម្ពុជា សម្រេចបាននូវការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យលើកដំបូង នៅក្នុងអំឡុង ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ នៅខាងក្រៅប្រទេសកម្ពុជា សង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បានបញ្ចប់ ។ ការប្រកួតប្រជែងផ្នែក ភូមិសាស្ត្រនយោបាយចាស់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត រវាងចិន និងវៀតណាម និងរវាងសហរដ្ឋអាមេរិក និងវៀតណាម ក៏បានបញ្ចប់ដែរ ។ ជារួម បរិយាកាសភូមិសាស្ត្រនយោបាយដែលបានទ្រទ្រង់ចលនាខ្មែរក្រហមអស់រយៈ ពេលជាច្រើនឆ្នាំ បានផ្លាស់ប្តូរនៅទីបញ្ចប់ ។ ទោះជាយ៉ាងនេះក្តី មេដឹកនាំ ខ្មែរក្រហម នៅមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបោះបង់ចោលសង្គ្រាមនៅឡើយ។ទោះបីជាមានការផ្លាស់ប្តូរបរិយាកាសនយោបាយអន្តរជាតិក៏ដោយ ក៏តំបន់ អន្លង់វែង នៅតែអាចទ្រទ្រង់ខ្លួនឯងបានដដែល ។ មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញ ថៃ ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការធ្វើជំនួញឆ្លងដែនជាមួយអន្លង់វែង ជាពិសេសទៅលើជំនួញឈើ ។ ដោយសារហេតុនេះ រដ្ឋាភិបាលថៃ បានបន្តជួយ សម្រួលនិងធ្វើជំនួញដោយសម្ងាត់ ជាមួយខ្មែរក្រហម ។ ខ្មែរក្រហម មានលទ្ធភាព អាចរក្សាបាននូវលំហូរសាច់ប្រាក់ និងប្រភពធនធានទាំងឡាយ ដើម្បីការពារតំបន់ អន្លង់វែង រហូតដល់ដង្ហើមចុងក្រោយ ។

ប្រជាជននៅតំបន់អន្លង់វែងហាក់ដូចជាចង់បានការផ្សះផ្សាជាតិជាង ការបន្តធ្វើសង្គ្រាម ។ សង្គ្រាម និងការរស់នៅក្នុងព្រៃ អស់ជាច្រើនទសវត្សរ៍ បានសម្លាប់ជីវិតប្រជាជនអស់ជាច្រើន ។ ទោះបីជាប្រជាជននៅអន្លង់វែងមាន បំណងប្រាថ្នារួម នៅក្នុងការបញ្ចប់សង្គ្រាមក៏ដោយក៏ប្រជាជនទាំងអស់នោះពុំមាន ឥទ្ធិពលទៅលើយុទ្ធសាស្ត្ររួមរបស់ខ្មែរក្រហមនោះទេ ។ ប្តីត្រូវបានបញ្ជូនឱ្យទៅធ្វើ សង្គ្រាមឈ្លបនៅខាងក្នុងប្រទេស នៅពេលដែលប្រពន្ធ និងសមាជិកគ្រួសារដទៃ ទៀត ត្រូវគាំទ្រសមរភូមិមុខ តាមរយៈការដឹកជញ្ជូនស្បៀងអាហារ និងគ្រឿង សព្វាវុធ ទៅកាន់សមរភូមិ ។
ទោះបីជាមេដឹកនាំខ្មែរក្រហមនៅតែរឹងរូសចង់ បន្តសង្គ្រាមក៏ដោយ ក៏ប្រជាជនគ្រប់រូបបានមើលឃើញពីស្ថានភាពអន់ថយ របស់ចលនាខ្មែរក្រហម ។ នៅ ទីបញ្ចប់ជម្លោះផ្ទៃក្នុងការបាត់បង់តំបន់គ្រប់គ្រងជាបន្តបន្ទាប់ និងការបាត់បង់ធនធាន និងការគាំទ្របានធ្វើឱ្យមេដឹកនាំខ្មែរក្រហមចុះខ្សោយ ។ ដោយទទួលរងឥទ្ធិពលពីការផ្តាច់ខ្លួនរបស់ខ្មែរក្រហម នៅតំបន់ប៉ៃលិន និងម៉ាឡៃ ក៏ដូចជាតំបន់កាន់កាប់ជាច្រើនផ្សេងទៀតការបែកបាក់គ្នានៅក្នុងជួរមេដឹកនាំខ្មែរក្រហមនៅ អន្លង់វែងកាន់តែរង្គោះរង្គើខ្លាំងឡើង ។ ជាងនេះទៅទៀត តំបន់អន្លង់វែង ត្រូវឯកោទាំងស្រុង និងបានទទួលឋានៈជាតំបន់ កាន់កាប់ចុងក្រោយរបស់ខ្មែរក្រហមដែលពុំមានក្តីសង្ឃឹម ។
ជម្លោះផ្ទៃក្នុងបានឈានដល់កម្រិតកំពូល នៅពេលដែលប៉ុល ពត បញ្ជា ឱ្យសម្លាប់សុន សេនដែលបន្ទាប់មកមានការ ប្រយុទ្ធគ្នារយៈពេល៥ថ្ងៃរវាងកម្លាំង ដែលស្មោះនឹងប៉ុល ពត និងកម្លាំងរបស់តាម៉ុក ។ ជម្លោះនេះ បានបញ្ចប់នៅពេល ដែលតាម៉ុក បានទទួលជ័យជម្នះ ចាប់ខ្លួន និងកាត់ទោសប៉ុល ពត ។ នៅទីបំផុត ប៉ុល ពត បានស្លាប់នៅពេលរត់គេចខ្លួន ពីការវាយប្រហាររបស់កងយោធពល ខេមរភូមិន្ទ ។
បន្ទាប់ពីប៉ុល ពត ស្លាប់ទៅ ការដឹកនាំចលនាខ្មែរក្រហមរបស់តាម៉ុក មាន អាយុបានតែមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីមេទ័ព របស់គាត់បានបះបោរប្រឆាំងនឹងគាត់ ហើយបានផ្តាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ នៅទីបញ្ចប់ អន្លង់វែង ត្រូវបានធ្វើសមាហរណកម្មចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ១៩៩៨ដែលសមាហរណកម្មនេះ ទទួលបានការស្វាគមនពីគ្រប់ភាគីទាំងអស់ ។
    
ចុងបញ្ចប់នៃសង្គ្រាមត្រជាក់
ការឡើងកាន់អំណាច និងដួលរលំនៃចលនាខ្មែរក្រហមមានទំនាក់ទំនង យ៉ាងស្មុគស្មាញជាមួយនឹងបញ្ហាពិភពលោក ។ ដូច្នេះ ដើម្បីសិក្សាអំពីថ្ងៃចុងក្រោយ នៃចលនាខ្មែរក្រហមនៅក្នុងបរិបទនេះ វាមានសារសំខាន់ក្នុងការពិនិត្យមើលទៅលើឥទ្ធិពល ក្នុងតំបន់ និងពិភពលោក និងថា តើឥទ្ធិពលទាំងនេះដើរតួដូចម្តេចខ្លះមកលើដំណាក់ចុងក្រោយ នៃចលនាខ្មែរក្រហម ។
នៅក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២ ការប្រកួតប្រជែងនៅក្នុង តំបន់ និងនៅលើពិភពលោករវាងសហរដ្ឋអាមេរិក សហភាពសូវៀត ចិន និង វៀតណាម មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងបញ្ហាកម្ពុជា ។ ដោយជាប់នៅក្នុង ការប្រកួតប្រជែងអំណាចជាសាកលជាមួយសហភាពសូវៀត សហរដ្ឋ អាមេរិក បានចំណាយធនធានសេដ្ឋកិច្ច និងយោធា ដើម្បីចូលរួមប្រយុទ្ធនៅក្នុង សង្គ្រាមឥណ្ឌូចិន លើកទី២ (ឬសង្គ្រាមវៀតណាម) ។ ទោះបីជាកិច្ចខិតខំប្រឹងប្រែង នេះ ត្រូវបានធ្វើឡើងក្នុងគោលដៅជាយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាល នៃលទ្ធិកុម្មុយនីស្តក៏ដោយក៏កិច្ចខិតខំប្រឹងប្រែង នេះទទួលបានលទ្ធផលផ្ទុយ ទៅវិញនៅទីបញ្ចប់ ។ សង្គ្រាមនេះគ្រាន់តែអាចបង្អាក់ការរួបរួមគ្នា ឡើងវិញរបស់ វៀតណាម និងបានសម្រួលដល់ការឡើងកាន់អំណាចរបស់ខ្មែរក្រហម នៅឆ្នាំ ១៩៧៥ ។
នៅក្នុងអំឡុងពេលនៃសង្គ្រាមឥណ្ឌូចិនលើកទី២ លទ្ធិកុម្មុយនីស្តបានគ្រប ដណ្តប់មកលើស្ទើរតែឥណ្ឌូចិនទាំងមូល ។ ប្រទេសវៀតណាម ឡាវ និងកម្ពុជា ត្រូវ បានគ្របដណ្តប់ដោយឥទ្ធិពលកុម្មុយនីស្ត ដែលបានទាញយកប្រយោជន៍ និងទទួល ឥទ្ធិពលពីការប្រកួតប្រជែងជាសាកល រវាងសហរដ្ឋអាមេរិក សហភាពសូវៀត និងចិន ។ ទោះបីជាសហភាពសូវៀត និងចិន ប្រកាន់យកលទ្ធិកុម្មុយនីស្តដូចគ្នា ក៏ដោយ ក៏ភាពមិនចុះសម្រុងគ្នាផ្នែកមនោគមន៍វិជ្ជា បូរណភាពទឹកដី និងសេដ្ឋកិច្ច បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ទៅក្នុងស្ថានភាពធ្ងន់ក្នុងរយៈពេល យូរ ។
ការបែកបាក់គ្នារវាងចិន និងសូវៀត គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលបានជះឥទ្ធិពលទៅលើភូមិសាស្ត្រនយោបាយ នៅអាស៊ីអាគ្នេយ៍ ។ ខ្មែរក្រហម ដែល ខ្លាចឥទ្ធិពលរបស់វៀតណាម បានចងសម្ព័ន្ធភាពជាមួយចិន ។ វៀតណាម ដែល តែងតែសង្ស័យអំពីការជ្រៀតជ្រែករបស់ចិន បានចងសម្ព័ន្ធភាពជាមួយសហភាព សូវៀត។ នៅពេលដែលកងកម្លាំង រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែល គាំទ្រដោយវៀតណាម បានវាយផ្តួលរំលំកម្លាំងខ្មែរក្រហម នៅឆ្នាំ១៩៧៩ ចិន បានឆ្លើយតបទៅវិញ ដោយការវាយកាន់កាប់ផ្នែកមួយនៃប្រទេសវៀតណាម ក្នុងរយៈពេលមួយខ្លី ។
ការតស៊ូរវាងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវៀតណាម ដែលគាំទ្រដោយសហភាពសូវៀត ជាមួយនឹងកងទ័ពខ្មែរក្រហម ដែលគាំទ្រដោយ ចិន ត្រូវបានស្គាល់ថា ជាសង្គ្រាមឥណ្ឌូចិនលើកទី៣ (ឬសង្គ្រាមរវាងកម្ពុជា និងវៀតណាម) ។១៧៤
នៅពេលត្រូវបានបណ្តេញចេញពីអំណាច ខ្មែរក្រហមនៅតែបន្តស្វែងរក ជំនួយពីប្រទេសចិន ។ ចំណែកឯវៀតណាម និងរដ្ឋាភិបាលកម្ពុជា ដែលទើបតែ ត្រូវបានបង្កើតថ្មី សាធារណរដ្ឋប្រជាមានិតកម្ពុជា បានស្វែងរកជំនួយពីសហភាព សូវៀត ។ សហរដ្ឋអាមេរិក និងបស្ចិមប្រទេសយល់ឃើញថា ការវាយចូលរបស់ វៀតណាមមកក្នុងប្រទេសកម្ពុជា គឺជាការឈ្លានពានដែលមិនធ្លាប់កើតមានពីមុនមក ទៅលើរដ្ឋអធិបតេយ្យមួយ ។ សហរដ្ឋអាមេរិក បានគាំទ្រនៅក្នុងកម្រិតមួយ ទៅលើការតស៊ូរបស់ខ្មែរក្រហម ដើម្បីគ្រប់គ្រងប្រទេសកម្ពុជាឡើងវិញ ។
នៅក្នុងពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក ក៏បានមើលឃើញឱកាស មួយនៅក្នុងការធ្វើឱ្យវៀតណាម ដែលជាអតីតសត្រូវរបស់ខ្លួន និងសហភាព សូវៀត ដែលជាអ្នកឧបត្ថម្ភគាំទ្រវៀតណាមចុះខ្សោយ ។ នៅក្នុងអំឡុងពេល នៃ សង្គ្រាមឥណ្ឌូចិនលើកទី៣ សហរដ្ឋអាមេរិកភាគច្រើនមិនមានវត្តមានកងទ័ពនៅ អាស៊ីអាគ្នេយ៍ទេ ។ ទោះបីជាឥទ្ធិពល របស់សហរដ្ឋអាមេរិកបានចុះខ្សោយនៅ តំបន់នេះក្តី ក៏សហរដ្ឋអាមេរិក នៅតែបន្តស្វែងរកមធ្យោបាយ ដើម្បីប្រឈមទៅ នឹងការពង្រីកឥទ្ធិពលរបស់សហភាពសូវៀតនៅក្នុងតំបន់នេះ ។ បន្ទាប់ពី ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ សហរដ្ឋអាមេរិក បានសហការជាមួយចិន នៅក្នុងការផ្តល់ការគាំទ្រដោយសម្ងាត់ដល់កម្លាំងរបស់ខ្មែរក្រហម និងកម្លាំងទាំងឡាយណាដែលប្រឆាំងទៅនឹង វៀតណាម និងរដ្ឋាភិបាលកម្ពុជាដែលទើបតែ បង្កើតថ្មី ។ ដូច្នេះចាប់ពីឆ្នាំ១៩៧៩ រហូតមកពេញមួយទសវត្សរ៍ឆ្នាំ១៩៨០ ខ្មែរក្រហមទទួលបានការឧបត្ថម្ភគាំទ្រពី បស្ចិមប្រទេសចិន និងថៃ ។
នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ស្ថានភាពនយោបាយក្នុងតំបន់ និងពិភព លោក បាននាំទៅដល់ការកាត់បន្ថយជំនួយផ្នែកធនធាន និងការទូតយ៉ាងគំហុក ពីចលនាខ្មែរក្រហម ៕

ចាប់តាំងពីឆ្នាំ១៩៨០មក មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជាច្រើនដងដែលតម្រូវឱ្យដកកម្លាំងបរទេស ទាំងអស់ចេញពីប្រទេស កម្ពុជា ។១៧៥ ទោះជាយ៉ាងនេះក្តី ការគំរាមកំហែងជាបន្តអំពីលទ្ធភាពដែលខ្មែរក្រហមអាច វិលត្រឡប់មកវិញ បានបង្ហាញអំពីតម្រូវការនៃវត្តមានកងទ័ពវៀតណាមនៅកម្ពុជា ។ ដោយមានវត្តមានកងទ័ពវៀតណាម នៅក្នុងប្រទេសកម្ពុជា ខ្មែរក្រហមមិនអាចប្រយុទ្ធដោយបើកចំហជាមួយកងទ័ពវៀតណាម និងកងទ័ពរបស់រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជាបានទេ ។ ម្យ៉ាងវិញទៀតដោយសារតែ កងកម្លាំងខ្មែរក្រហម និងកម្លាំងប្រឆាំងផ្សេងទៀត មានទីតាំងនៅក្នុងព្រៃលើភ្នំ និងនៅតាមបណ្តោយព្រំដែន ការប៉ុនប៉ងកម្ទេចចលនាតស៊ូទាំងនេះ និងការបញ្ចប់សង្គ្រាមទ័ពឈ្លបជួបការលំបាក ។
វត្តមានរបស់កងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា បានបង្កការលំបាក យ៉ាងខ្លាំងដល់វៀតណាម និងកម្ពុជា ។ សហរដ្ឋអាមេរិក ចិន និងបស្ចិមប្រទេស បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើវៀតណាម និងរដ្ឋាភិបាលកម្ពុជា ដែលបានជះ ឥទ្ធិពលធ្ងន់ដល់ប្រទេសទាំងពីរ ។ ទោះបីជាវៀតណាម និងកម្ពុជា ទទួលបានជំនួយ ពីសហភាពសូវៀត និងប្រទេសមួយចំនួននៅក្នុងប្លុកសូវៀតក៏ដោយ ក៏ក្រោយមក ជំនួយនេះ ត្រូវបានកាត់បន្ថយ ។ ចាប់ពីពាក់កណ្តាល ទសវត្សរ៍ឆ្នាំ១៩៨០ សហភាព សូវៀត ចាប់ផ្តើមកាត់បន្ថយជំនួយសេដ្ឋកិច្ចរបស់ខ្លួនពីប្រទេស និងចលនាកុម្មុយនីស្ត នៅជុំវិញពិភពលោក ។ ជាលទ្ធផលវៀតណាម ត្រូវបង្ខំចិត្តកាត់បន្ថយជំនួយមកឱ្យកម្ពុជា ។ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៨៧ វៀតណាម បានដកកងទ័ពរបស់ខ្លួនចេញពីកម្ពុជា ចំនួន២ម៉ឺននាក់ ។១៧៦ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៨៨ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកង្វៀន កូថាច់ បានប្រកាសអំពីការដកទ័ពចំនួន៥ម៉ឺននាក់បន្ថែមទៀត នៅត្រឹមខែធ្នូ  ឆ្នាំ១៩៨៨ ។១៧៧ មកត្រឹមខែកញ្ញា ឆ្នាំ១៩៨៩វៀតណាម បានបញ្ចប់ការដកកងទ័ព របស់ខ្លួនទាំងអស់ ដែលមានចំនួនប្រមាណ ២សែននាក់ ចេញពីប្រទេសកម្ពុជា ។១៧៨
ការដកទ័ពរបស់វៀតណាមប្រៀបដូចជាកាំបិតមុខពីរ ។ ម្យ៉ាងការដក កងទ័ពនេះបានដកឧបសគ្គដ៏ធំមួយចេញ ពីដំណើរឆ្ពោះទៅរកការទទួលបាន ដំណោះស្រាយនយោបាយមួយសម្រាប់បញ្ហាកម្ពុជា ។ ម្យ៉ាងវិញទៀត ការដកទ័ព ចេញនេះ យ៉ាងហោចបានផ្តល់ឱកាសដល់ខ្មែរក្រហមនៅក្នុងការបន្តការវាយ ប្រហារ ។

ការកាន់កាប់ និងការតាំងទីលំនៅរបស់ខ្មែរក្រហមនៅអន្លង់វែង នៅឆ្នាំ១៩៨៩
នៅពេលដែលវៀតណាម ចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេស កម្ពុជា កម្លាំងខ្មែរក្រហមនៅលើភ្នំ១០០៣ និងខ្មែរក្រហម ដែលនៅតំបន់កាន់កាប់ តាមបណ្តោយព្រំដែនដទៃទៀតបានបើកយុទ្ធនាការក្នុងទ្រង់ទ្រាយធំ ដើម្បីដណ្តើម យកតំបន់នៅខាងក្នុងប្រទេសកម្ពុជាមកវិញ ។ ខ្មែរក្រហម បានចាប់ផ្តើមកេណ្ឌជន ភៀសខ្លួនប្រមាណ៦ពាន់នាក់ ដើម្បីជួយដឹកជញ្ជូនគ្រឿងសព្វាវុធ និងស្បៀង អាហារទៅឱ្យកងទ័ពនៅសមរភូមិមុខ ។១៧៩ ដោយមានគ្រឿងសព្វាវុធនៅក្នុង ឃ្លាំងគ្រប់គ្រាន់ កងទ័ពខ្មែរក្រហមនៅលើភ្នំ១០០៣ ក្រោមការដឹកនាំរបស់តាម៉ុក បានបើកការវាយប្រហារផ្តាច់ព្រ័ត្រនៅចុងឆ្នាំ១៩៨៩ដើម្បីកាន់កាប់តំបន់អន្លង់វែង។ ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅចំថ្ងៃបុណ្យភ្ជុំបិណ្ឌ ។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨៩ ខ្មែរក្រហមដណ្តើមបានតំបន់អន្លង់វែង ដោយជោគជ័យដែលមានរយៈពេលពីរខែក្រោយ ការដណ្តើមកាន់កាប់បាន តំបន់ប៉ៃលិន ដែលសម្បូរទៅដោយត្បូង ដែលត្រូវខ្មែរក្រហមវាយយកបាននៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៨៩ ។ ក្រោយមកទៀតខ្មែរក្រហមដណ្តើមកាន់កាប់បាន តំបន់មួយចំនួនទៀតដូចជា ប៉ោយប៉ែត និងម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ សំពៅលូន ភ្នំព្រឹក្ស កំរៀង និងសំឡូត នៅខេត្តបាត់ដំបង វាលវែង នៅខេត្តពោធិ៍សាត់ កោះស្លា និងភ្នំវល្លិ នៅខេត្តកំពត ឱរ៉ាល់ និងភ្នំស្រួច នៅខេត្តកំពង់ស្ពឺ និងតំបន់តូចៗជាច្រើន ផ្សេងទៀតនៅតាមព្រំដែន ដែលរួមទាំងតំបន់នៅជុំវិញប្រាសាទព្រះវិហារ ។
ស្របពេលជាមួយគ្នានេះដែរ កងកម្លាំងរបស់រណសិរ្សរួបរួមជាតិដើម្បី កម្ពុជា ជាមួយ ឯករាជ្យ សន្តិ និងសហប្រតិបត្តិការ ដែលហៅកាត់ថា ហ្វ៊ុនស៊ិនប៉ិច និងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ក៏បានធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយ ធំ និងដណ្តើមកាន់កាប់ បានតំបន់មួយចំនួននៅតាមព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។ ទោះបីជាបាត់បង់តំបន់ជាច្រើននៅក្នុងប្រទេសក៏ដោយ ក៏រដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅតែគ្រប់គ្រងទឹកដី ភាគច្រើននៃប្រទេសកម្ពុជា ។ ដូចគ្នានេះដែរ ប្រជាជនកម្ពុជាភាគច្រើនរស់នៅក្នុង តំបន់គ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិត ។
ខ្មែរក្រហមនៅភ្នំ១០០៣ បានប្រើប្រាស់កម្លាំងចំនួន១២កងពល ដើម្បី វាយដណ្តើមកាន់កាប់តំបន់អន្លង់វែង ។ ឌុច សារិត ដែលជាអតីតកងទ័ពនៅ ក្នុងកងពល៦១២ បានរំលឹកអំពីជ័យជម្នះរបស់ខ្មែរក្រហម ទៅលើកងទ័ព សាធារណរដ្ឋប្រជាមានិតកម្ពុជា នៅតំបន់អន្លង់វែងដូចតទៅ១៨០ ៖
នៅឆ្នាំ១៩៨៥ កងទ័ពវៀតណាមបានវាយកាន់កាប់មូលដ្ឋានរបស់ខ្មែរ ក្រហមទាំងអស់នៅលើភ្នំដងរែក ។ ខ្មែរក្រហមបានចល័តប្រជាជន និងកងទ័ព ទាំងអស់ពីមូលដ្ឋានរបស់ខ្លួននៅក្នុងទឹកដីថៃ ទៅកាន់តំបន់ក្បែរសមរភូមិ ។ ខ្មែរក្រហមមានបំណងវាយរុញច្រានកងទ័ពវៀតណាម ឱ្យចេញពីតំបន់ព្រំដែន ។ ការប្រយុទ្ធបានកើតឡើងអស់រយៈពេល ជាង៤ឆ្នាំ ពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៨៩ ។ នៅចុងឆ្នាំ១៩៨៨ យើងបានវាយរុញច្រានកងទ័ពវៀតណាម ឱ្យចុះពីភ្នំដងរែក ។ បន្ទាប់ពីគ្រប់គ្រងបានភ្នំដងរែក យើងចាប់ផ្តើមធ្វើប្រតិបត្តិការនៅតាមបណ្តោយ ផ្លូវបារាំង (ផ្លូវពីតំបន់អន្លង់វែង ទៅកាន់ខេត្តព្រះវិហារ) ។ យើងបានធ្វើការវាយ ប្រហារជាប់ជានិច្ច ពីឆ្នាំ១៩៨៨ទៅឆ្នាំ១៩៨៩ ។ នៅទីបញ្ចប់ (នៅឆ្នាំ១៩៨៩) យើងវាយកាន់កាប់បានតំបន់អន្លង់វែង និងបានបញ្ជូនប្រជាជនមកតាំងទីលំនៅ នៅក្នុងតំបន់នេះ ។១៨១

នៅពេលគ្រប់គ្រងបានអន្លង់វែង តំបន់នេះបានក្លាយទៅជារដ្ឋធានីរបស់ចលនាខ្មែរក្រហមដែលអនុញ្ញាតឱ្យខ្មែរក្រហម អាចរៀបចំយុទ្ធសាស្ត្រកងទ័ពនយោបាយ និងសេដ្ឋកិច្ច ។

ការតាំងទីលំនៅដំបូងនៅអន្លង់វែង
ពីរបីថ្ងៃបន្ទាប់ពីទទួលបានជ័យជម្នះ តាម៉ុក បានរៀបចំកិច្ចប្រជុំមហាជន នៅជំរំជប់ម្លូដោយបានប្រកាសអំពីការវិល ត្រឡប់របស់ខ្មែរក្រហមមករស់នៅលើ ទឹកដីកម្ពុជាវិញ ។ តាម៉ុក បានប្រកាសថា ”យើងនឹងឈប់រស់នៅលើទឹកដីថៃទៀត ហើយ” ។១៨២ ដើម្បីសម្រួលដល់ការដឹកជញ្ជូនប្រជាជន និងសម្ភារៈជាច្រើន តាម៉ុកបានដឹកនាំការកសាងផ្លូវធំមួយទៀត ឆ្លងកាត់តាមច្រកព្រំដែនជាំសាង៉ាំ ។១៨៣ តាម៉ុក បានប្រើគ្រឿងចក្រឈូសដីប្រកបដោយគុណភាពខ្ពស់ ដែលគាត់បានទិញពីប្រទេស ថៃ ដើម្បីឈូសផ្លូវពីជំរំជប់ម្លូ មកកាន់ទីប្រជុំជនអន្លង់វែង ។ តាម៉ុក បានចំណាយ ពេលប្រហែល២ខែ ដើម្បីបញ្ចប់ការកសាងផ្លូវនេះ ។ នៅខែកុម្ភៈ ឆ្នាំ១៩៩០ ខ្មែរក្រហមបានដឹកជញ្ជូនប្រជាជនចុះពីលើ ភ្នំដងរែកមកកាន់តំបន់អន្លង់វែង ។ ប្រជាជនចាប់ផ្តើមកសាងលំនៅស្ថានអចិន្ត្រៃយ៍ ដោយបានបញ្ចប់ចល័តក្នុងព្រៃ អស់រយៈពេលជាង១០ឆ្នាំ ។

តាម៉ុក បានហៅអន្លង់វែងថាជាប្រទេសមួយ ។ តាម៉ុក បានរើឃ្លាំងរបស់ គាត់មកកាន់តំបន់អន្លង់វែង ។ តាម៉ុក បានបញ្ជាឱ្យកងទ័ពដាក់មីន និងដាំចម្រូង នៅតាមផ្លូវយុទ្ធសាស្ត្រទាំងអស់ឆ្ពោះមកកាន់តំបន់នេះ ដើម្បីការពារការប៉ុនប៉ងការ វាយប្រហារណាមួយកងកម្លាំងរបស់រដ្ឋាភិបាលរដ្ឋកម្ពុជា ។១៨៤

ប្រជាជនដែលធ្វើដំណើរចុះពីលើភ្នំនៅដើមទសវត្សរឆ្នាំ១៩៩០ បាន រៀបរាប់ថា ខ្លួនបានឃើញផ្ទះធ្វើអំពីដីឥដ្ឋ ខ្ទមតូចៗ និងរោងឈើជាច្រើន ដែលជា អតីតបន្ទាយរបស់កងទ័ពវៀតណាម ។ តំបន់នេះសប្បូរទៅដោយគ្រាប់មីន ។ ជីវិតរស់នៅជួបប្រទះនឹងឧបសគ្គជាច្រើន ដោយសារតែប្រជាជន ក៏ដូចជាកងទ័ព ត្រូវចាប់ផ្តើមជីវិតពីបាតដៃទទេ ។ ទោះបីជាជីវិតប្រឈមនឹងការលំបាកជាច្រើន យ៉ាងណាក៏ដោយ ក៏ប្រជាជនទទួលបានភាពរីករាយ និងសេចក្តីសង្ឃឹមក្នុងការ កសាងផ្ទះថ្មីនៅលើទឹកដីកម្ពុជា ។
ដោយមិនទាន់មានការរៀបចំរចនាសម្ព័ន្ធភូមិឃុំនៅឡើយ ប្រជាជនរស់នៅ តាមបន្ទាយកងពលរៀងៗខ្លួន ។ បន្ទាយកងពលទាំងនោះមានទីតាំងនៅលើតំបន់ដែលជាអតីតភូមិចាស់ដែលភាគច្រើននៅតាមតំបន់ក្បែរប្រភពទឹកនិងដើមឈើធំៗ។
ការធ្វើដំណើររបស់ប្រជាជន ត្រូវបានដាក់កំហិតយ៉ាងតឹងរ៉ឹង ។ ស្ត្រី និង កុមារត្រូវរស់នៅក្នុងរោងជាបណ្តោះអាសន្ន នៅពេលដែលបុរសនាំគ្នាកាប់ឆ្ការព្រៃ និងដោះមីន ដើម្បីសាងសង់ផ្ទះ ។ បុរសៗអាចឆ្ការដីបានប្រហែល១០ម៉ែត្រក្នុងមួយ ថ្ងៃ ។ គ្រួសារនីមួយៗត្រូវទទួលខុសត្រូវនៅក្នុងការដោះមីន នៅលើដីដែលខ្លួន រស់នៅដោយខ្លួនឯងដែលការងារនេះ មិនមែនជាបញ្ហាលំបាកខ្លាំងទេសម្រាប់ ប្រជាជនភាគច្រើន ដោយសារបុរសភាគច្រើន គឺជាកងទ័ពដែលមានបទពិសោធ ជាច្រើននៅក្នុងប្រតិបត្តិការដោះមីន ។១៨៥
កែវ ភ័ក្រ បានរំលឹកអំពីបទពិសោធរបស់គាត់នៅអន្លង់វែង បន្ទាប់ពីគាត់ ចុះពីជំរំជប់ម្លូដំបូងនៅដើមឆ្នាំ១៩៩០ថា៖
ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសារតែអន្លង់វែងគឺជាអតីតបន្ទាយកងទ័ព វៀតណាម ។ ខ្ញុំបានឃើញការផ្ទុះគ្រាប់ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់ ។ ខ្ញុំមិនហ៊ានធ្វើដំណើរចេញក្រៅភូមិដែល ខ្ញុំរស់នៅនោះទេ ។ ប្រជាជនមួយចំនួនបានជីកដីដាំចេក ដោយជីកប៉ះចំមីន ដែល បានផ្ទុះស្លាប់ចោលកូនតូចៗ ។ នៅក្នុងអំឡុងពេលនោះ យើងមិនហ៊ានភ្ជួរដីធ្វើស្រែនោះទេ ។ ការធ្វើស្រែត្រូវបានធ្វើឡើងទាល់តែប៉ុន្មានឆ្នាំក្រោយមកទៀត ។
នៅពេលដែលមីនត្រូវបានដោះអស់ប្រជាជនចាប់ផ្តើមកាប់ដើមឈើ ដើម្បីសង់ផ្ទះ ។ នៅក្នុងរយៈពេល៥ទៅ៦ខែដំបូង បន្ទាប់ពីកាន់កាប់បានអន្លង់វែង ព្រៃឈើដ៏ក្រាស់ស្ទើរតែក្លាយទៅជាវាលរាបស្មើ ។ សូម្បីតែកូនឈើតូចៗក៏ត្រូវបាន កាប់ដែរ ។ ភូមិទាំងឡាយត្រូវបានដាក់ឈ្មោះជាបណ្តោះអាសន្នទៅតាមឈ្មោះកងពលឬឈ្មោះប្រធានកងពលដូចគ្នាទៅនឹងការ រៀបចំ ភូមិនៅលើភ្នំ១០០៣ដែរ។ កងពល៩៨០ មានទីតាំងនៅក្បែរសាលាស្រុកអន្លង់វែងបច្ចុប្បន្នដែលមាន ដើមស្វាយធំៗ ។ ដោយសារតែតំបន់នេះ មានទំនាក់ទំនងជាមួយនឹងសមាជិក របស់កងពល៩៨០ តំបន់នោះត្រូវបានដាក់ឈ្មោះថា “ភូមិ៩៨០” ។១៨៦
នៅចុងឆ្នាំ១៩៩០ និងដើមឆ្នាំ១៩៩១ តាម៉ុក និងមេដឹកនាំខ្មែរក្រហម នៅអន្លង់វែងចាប់ផ្តើមរៀបចំជាភូមិ ។ ឈ្មោះភូមិត្រូវបានដាក់ទៅតាមទីតាំង ធនធានធម្មជាតិដែលមាននៅក្បែរនោះ ។ ឧទាហរណ៍ ភូមិទំនប់លើ យកតាម ឈ្មោះទំនប់ទឹកដែលតាម៉ុក បានសង់នៅជិតនោះ ។ ភូមិទួលត្បែង ត្រូវបានហៅតាមឈ្មោះដើមត្បែងជាច្រើនដែល ដុះនៅទីនោះ ។ ភូមិស្រះឈូក យកឈ្មោះតាម ស្រះមួយដែលមានដើមឈូកដុះពាសពេញ ។ ភូមិត្រពាំងប្រីយ៍ យកតាមឈ្មោះ ដើមប្រីយដ៏ច្រើននៅក្បែរត្រពាំងមួយនៅក្នុងភូមិនោះ ទោះបីជាក្រោយមកភូមិនេះ បានរើចេញឆ្ងាយពីត្រពាំងមកនៅក្បែរផ្លូវជាតិក៏ដោយ ។ ភូមិទឹកជុំ យកឈ្មោះតាម សណ្ឋានដីរបស់ភូមិនេះ ដែលមើលទៅហាក់ដូចជាកូនកោះមួយដែលហ៊ុមព័ទ្ធ ដោយទឹក ។ ភូមិឃ្លាំងកណ្តាលយកតាមឈ្មោះឃ្លាំងរបស់តាម៉ុក ដែលនៅក្បែរ នោះ ត្រូវបានប្រើប្រាស់សម្រាប់ផ្ទុកស្បៀងអាហារ និងសម្ភារៈផ្សេងៗ ដើម្បីផ្គត់ផ្គង់ ដល់ប្រជាជន ។ ភូមិបឹងត្រូវបានដាក់ឈ្មោះដោយសារតែភូមិនេះ មានបឹង មួយនៅពីមុខ ។ ភូមិទួលសាលាត្រូវបានដាក់ឈ្មោះដោយសារ តែមានសាលា ទ្រុឌទ្រោមមួយ ដែលត្រូវបានសង់នៅលើទួលមួយ ។ ភូមិអូរក្រញូង យកតាមឈ្មោះដើមក្រញូងដ៏សម្បូរ នៅទីនោះ ទោះបីជាដើមក្រញូងត្រូវកាប់អស់ក្រោយ យ៉ាងណាក៏ដោយ ។ ភូមិអូរស្វាយយកឈ្មោះតាមដើមស្វាយ ដែលដុះនៅក្បែរអូរ។ ភូមិយាងជើង និងភូមិយាងត្បូង យកឈ្មោះតាមដើមយាង ។ ភូមិព្រលានយកឈ្មោះតាមអតីត ព្រលានយន្តហោះមួយ ដែលត្រូវបានសាងសង់ឡើងតាំងពី ជំនាន់សម្តេចព្រះនរោត្តមសីហនុ ។១៨៧

ភូមិមួយចំនួនទៀតត្រូវបានដាក់ឈ្មោះតាមគម្រោងសាងសង់នានានៅ ក្នុង តំបន់ ។ ឧទាហរណ៍ មានដូចជាភូមិត្រាក់ទ័រ ភូមិឡាន និងភូមិដឹកជញ្ជូន ។ ភូមិកម្មករ យកឈ្មោះតាមកម្មករមួយក្រុមដែលរស់នៅក្បែរនោះ ដើម្បីសាងសង់ស្ពាន ។
តាម៉ុក ក៏បានបង្កើតភូមិដាច់ដោយឡែកមួយសម្រាប់ជនពិការដោយសារសង្គ្រាមដោយសារប្រជាជនពិការទាំងនោះ មិនអាច រស់នៅដោយខ្លួនឯងបាន ។ ភូមិនោះមានឈ្មោះថា ភូមិជើងភ្នំ ។ ស្បៀងអាហារ និងសម្ភារៈផ្សេងៗទៀត ត្រូវបាន ដឹកយកទៅផ្គត់ផ្គង់ប្រជាជននៅក្នុងភូមិនោះជាប្រចាំ ។
ប្រជាជនអន្លង់វែង ភាគ ច្រើនបានហៅភូមិនោះថា “ភូមិជនពិការ” ដោយ សារអ្នកភូមិភាគច្រើនជាជនពិការ។ តាម៉ុក បានរៀបចំរៀបការឱ្យកងទ័ពពិការ ទាំងអស់ ។ ប្រធានភូមិទី១ ក៏ជាមនុស្សពិការដែរ ។ នៅក្នុងភូមិនេះមានគ្រួសារ ជនពិការប្រហែលពី៣០ទៅ៤០គ្រួសារ ដោយសារតែជនពិការភាគច្រើនចង់ រស់នៅក្បែរសាច់ញាតិរបស់ខ្លួននៅក្នុងភូមិ ផ្សេងទៀត ។១៨៩

ការធ្លាក់ចុះជំនួយបរទេស
ទោះបីជាខ្មែរក្រហមទទួលបានប្រយោជន៍ជាច្រើនពីការដកទ័ពវៀតណាម ចេញពីកម្ពុជា បរិយាកាសភូមិសាស្ត្រនយោបាយដែលបានទ្រទ្រង់ចលនា ខ្មែរក្រហមអស់ជាច្រើនឆ្នាំ ក៏មានការផ្លាស់ប្តូរដែរ ។ សង្គ្រាមត្រជាក់ជិតដល់ទី បញ្ចប់ ហើយសហរដ្ឋអាមេរិក សហភាពសូវៀត ចិន និងប្រទេសនៅក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានបោះជំហានដ៏សំខាន់ស្វែងរក ដំណោះស្រាយផ្នែកការទូត ដើម្បីបញ្ចប់ជម្លោះរ៉ាំរ៉ៃនៅកម្ពុជា ។ នៅឆ្នាំ១៩៩១ ភាគីកម្ពុជាទាំងអស់ ដែលរួមទាំងខ្មែរក្រហមផង បានយល់ព្រមចុះកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ។ មកត្រឹមឆ្នាំ១៩៩៣ ប្រទេសចិន ថៃ និងបស្ចិមប្រទេស បាន ផ្តាច់ជំនួយជាផ្លូវការពីខ្មែរក្រហម ។
ដោយសារជំនួយបរទេសកាន់តែរួញតូច តាម៉ុក បានបង្វែរការទទួលខុស ត្រូវទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពីក្រោមការគ្រប់គ្រងរបស់ខ្លួន ទៅឱ្យគ្រួសារឯកជនវិញ ។ ប្រជាជនចាប់ផ្តើមកាប់ឆ្ការដីដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីបំពេញការខ្វះខាតដែលប្រជាជនទទួលបានពីរដ្ឋបាលរបស់តាម៉ុក ។១៩០ 
តាម៉ុក ក៏បានចែកឈើដល់កងទ័ព ដើម្បីសង់ផ្ទះ ។ តាម៉ុក បានជំរុញឱ្យ ប្រជាជន និង កងទ័ពជួយគ្នាទៅវិញទៅមក នៅក្នុងការកសាងភូមិ និងសាងសង់ផ្ទះ នៅក្នុងទម្រង់ ជាក្រុមប្រវាស់ដៃឬក្រុមសាមគ្គី ។
ក្រុមនេះខុសពីសហករណ៍កុម្មុយនីស្តដែលត្រូវបានបង្កើតឡើងនៅក្នុង របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយសារ ខ្មែរក្រហមនៅអន្លង់វែង ទទួលស្គាល់កម្មសិទ្ធិឯកជន ហើយគ្រួសារនីមួយៗរស់នៅ និងហូបចុកនៅ តាមផ្ទះរៀងៗខ្លួន ។

នៅឆ្នាំ១៩៩៥ ខ្មែរក្រហមបានរៀបចំតំបន់អន្លង់វែងឱ្យទៅជាស្រុកមួយ ដែលរួមមាន១១ឃុំ និង៥០ភូមិ ។ បើយោងតាមកំណត់ត្រារដ្ឋបាលស្រុកអន្លង់វែង របស់ខ្មែរក្រហម ស្រុកនេះមានប្រជាជនចំនួន៣.២៥៧គ្រួសារ ស្មើនឹង១៦.០៨៧ នាក់ ។១៩១ ប្រជាជនទាំងអស់ត្រូវបានចាត់ទុកជាសហគមន៍យោធាមួយ ដែលត្រូវ បែងចែកជាពីរ ក្រុមកម្លាំងជួរមុខ និងជួរក្រោយ ។ ដើម្បីពង្រឹងសន្តិសុខនៅ អន្លង់វែង កងសន្តិសុខជាច្រើនត្រូវបានបង្កើតឡើង ។ កងទាំងនេះ រួមមានកង ជីវពលភូមិ ចំនួន១០៨នាក់ កងជីវពលឃុំ៥៩នាក់ ប៉ុស្តិ៍យាម ចំនួន១៥ ដែលមាន អ្នកយាម ចំនួន៨៧នាក់ ត្រង់សេ ចំនួន២.២១៤កន្លែង កម្លាំងផលិតចម្រូង ចំនួន ១.២៦១នាក់ កម្លាំងកាប់ឫស្សី ចំនួន៨០៧នាក់ និងរទេះគោ ចំនួន១៣៣រទេះ ។

នៅក្បែរស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ក៏ត្រូវបានបង្កើតឡើងដែរ ដែលរួមមានឃុំចំនួន៦ ៖ ឃុំបាក់អន្លុងផ្អាវ ត្រពាំងប្រាសាទ អូរស្វាយ ទំនប់ដាច់ និងព្រះប្រឡាយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ស្រុកអន្លង់វែង ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់តាម៉ុក ចំណែកឯស្រុកត្រពាំងប្រាសាទ ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ប៉ុល ពត ។
ដំណាំបឋមរបស់ស្រុកអន្លង់វែង គឺស្រូវ ។ ទោះជាយ៉ាងនេះក្តី ប្រជាជន ក៏ធ្វើការដាំដុះដំណាំរដូវប្រាំងផ្សេងៗទៀតដែរ ដែលរួមមានពោត ស្រូវស្រាល ដំឡូងជ្វា ដំឡូងមី ល្ពៅ ឪឡឹក ឃ្លោក ស្ពៃក្តោប ត្រសក់ ត្រប់ ម្ទេស ប៉េងប៉ោះ ល្ហុង ចេក អំពៅ ដូង ស្វាយ ខ្នុរ ក្រូច ទៀប និងត្របែក ។ ប្រជាជនក៏ប្រកបរបរចិញ្ចឹម សត្វដែរ ដូចជា គោ ក្របី មាន់ ទា និងជ្រូក ។
ឧស្សាហកម្មសិប្បកម្ម ក៏មានទំហំធំដែរ ដែលរួមមានទាំងសិប្បកម្ម និង រោងតម្បាញចាស់ និងថ្មី ។ សិប្បកម្ម និងរោងតម្បាញទាំងនេះ ផលិតនូវផលិតផល ប្រើប្រាស់ក្រណាត់ និងសម្ភារៈផ្សេងៗសម្រាប់បម្រើដល់សេដ្ឋកិច្ចក្នុងតំបន់ និង អង្គការយោធារបស់ខ្មែរក្រហម ។ ឧស្សាហកម្មផលិតរបស់ជាច្រើនដូចជា កាំបិត ពូថៅ ចប កណ្តៀវ នង្គ័ល រនាស់ រទេះគោ ត្បាល់បុកដោយដៃ ត្បាល់បុកដោយជើង អង្រែ ត្បាល់កិន កញ្ច្រែង ល្អី កាបូប គ្រួស កន្ទេល ក្រមា និងសំពត់ ។១៩២

រចនាសម្ព័ន្ធដឹកនាំរដ្ឋបាលរបស់ខ្មែរក្រហមនៅអន្លង់វែង
នៅខែតុលា ឆ្នាំ១៩៩៣ ប៉ុល ពត, ខៀវ សំផន និងចាន់ យូរ៉ាន់ បានរត់ មកអន្លង់វែង នៅពេលដែលកងយោធពលខេមរភូមិន្ទ បានវាយកាន់កាប់ទី បញ្ជាការរបស់ខ្មែរក្រហម នៅភ្នំឆត្រ ។ តាម៉ុក បានសាងសង់ផ្ទះនៅក្បាលអន្សោង សម្រាប់មេដឹកនាំទាំងអស់នោះដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីប្រជុំជន អន្លង់វែង និងប្រហែលមួយគីឡូម៉ែត្រពីដីថៃ ។១៩៣
ផ្ទះនៅក្បាលអន្សោង បានក្លាយទៅជាទីបញ្ជាការរបស់ប៉ុល ពត និងត្រូវ បានចាត់ទុកថាជាតំបន់ហាមឃាត់របស់ ចលនាខ្មែរក្រហម ។ មិនមាននរណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចេញចូលផ្ទះនោះបានទេ ក្រៅពីទីប្រឹក្សាជំនិតរបស់ប៉ុល ពត ក្រុមវិទ្យុ និងអង្គរក្សរបស់ខ្លួន ។ ជាញឹកញយ មេបញ្ជាការកងទ័ពខ្មែរក្រហម តែងតែជួបប្រជុំគ្នានៅផ្ទះរបស់ប៉ុល ពត នៅក្បាលអន្សោង ។១៩៤ ប៉ុល ពត បានរៀបចំស្ថានីយវិទ្យុផ្សាយសំឡេងមួយ នៅក្បែរផ្ទះរបស់គាត់ ។ ប្រជាជនដែល រស់នៅអន្លង់វែង ភាគច្រើនស្គាល់ និងធ្លាប់បានឃើញតាម៉ុក ប៉ុន្តែ ប្រជាជនតិចតួច ណាស់ ដែលធ្លាប់បានឃើញប៉ុល ពត ។១៩៥ ផ្ទុយទៅវិញ ប៉ុល ពត មានភាពជិតស្និទ្ធ ជាមួយកងទ័ព និងប្រជាជននៅស្រុកត្រពាំងប្រាសាទ ។ ប៉ុល ពត ធ្លាប់ជួយធ្វើស្រែ និងចុះទៅសួរសុខទុក្ខប្រជាជន ។
នួន ជា និងសុន សេន បានផ្លាស់មករស់នៅអន្លង់វែង នៅខែតុលា ឆ្នាំ ១៩៩៦ បន្ទាប់ពីខ្មែរក្រហមនៅម៉ាឡៃ ប៉ៃលិន និងសមរភូមិទិស២៥០ (ដែល រួមមានស្រុកសំពៅលូន ភ្នំព្រឹក្ស និងកំរៀង) បានផ្តាច់ខ្លួនចុះចូលជាមួយរាជ រដ្ឋាភិបាលកម្ពុជា ។១៩៦ តាម៉ុក បានសង់ផ្ទះឱ្យមេដឹកនាំទាំងអស់នេះនៅលើទីតាំង មួយ ដែលត្រូវបានស្គាល់ថា ពើយតារួន ដែលស្ថិតនៅក្បែរច្រកព្រំដែនជាំសាង៉ាំ។ តាម៉ុក បានសង់ផ្ទះធំមួយនៅអូរជីក ក្បែរទីប្រជុំជនអន្លង់វែង ដែលជាទីបញ្ជាការ យោធារបស់គាត់ ។ អៀង សារី គឺជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមតែមួយគត់ដែលរស់នៅក្រៅរដ្ឋបាលគ្រប់គ្រង របស់អន្លង់វែង ។ អៀង សារី មានមូលដ្ឋាន នៅម៉ាឡៃ ដោយទទួលបានការគាំទ្រពីកងពលធំពីរ ៖ កងពល៤៥០ ដែលដឹកនាំ ដោយសុខ ភាព មានទីបញ្ជាការនៅម៉ាឡៃ និងកងពល៤១៥ ដែលដឹកនាំដោយ អ៊ី ឈាន មានទីបញ្ជាការនៅប៉ៃលិន ។ តំបន់កាន់កាប់របស់ខ្មែរក្រហមដទៃទៀតទោះជាមានមូលដ្ឋាននៅតាមព្រំដែន ឬនៅខាងក្នុងប្រទេសក្តី គឺជាក្រុមតូចៗ ដែល ទទួលបញ្ជាផ្ទាល់ពីអន្លង់វែង ។ នៅខែកក្កដា ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាល កម្ពុជាបានបង្កើតច្បាប់ដាក់ឱ្យក្រុម ខ្មែរក្រហមនៅក្រៅច្បាប់ ។ ជាការឆ្លើយ តបទៅនឹងច្បាប់ស្តីពី “ការដាក់ក្រុមខ្មែរ ក្រហមឱ្យនៅក្រៅច្បាប់” ខ្មែរក្រហមបានប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួម ជាតិ និងសាមគ្គីជាតិកម្ពុជាដែល មានទីស្នាក់ការនៅអន្លង់វែង ។ សមាជិករដ្ឋាភិបាល បណ្តោះអាសន្ននេះ រួមមាន ខៀវ សំផន (នាយករដ្ឋមន្ត្រី) ចាន់ យូរ៉ាន់ (ឧបនាយក រដ្ឋមន្ត្រី និង រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស) កែវ យ៉ាន (រដ្ឋមន្ត្រីការពារជាតិ) ម៉ក់ បេន (រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ជួន ជឿន (ទីប្រឹក្សាពិសេស) ទេព- ឃុនណាល់ (រដ្ឋមន្ត្រីទទួលបន្ទុកបូរណភាពទឹកដី) យឹម ផន (រដ្ឋមន្ត្រីមហាផ្ទៃ) កោរ- ប៊ុនហេង (រដ្ឋមន្ត្រីកិច្ចការសាធារណៈ) និងតាម៉ុក(អគ្គមេបញ្ជាការកងទ័ព) ។
ប៉ុល ពត, នួន ជា, អៀង សារី, សុន សេន និងកែ ពក មិនមានឈ្មោះនៅក្នុងបញ្ជីមេដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន របស់ខ្មែរក្រហមនោះទេ ។ ទោះជា យ៉ាងនេះក្តី ប៉ុល ពត នៅតែជាមេដឹកនាំដ៏មានអំណាច និងមានឥទ្ធិពលមួយ រូបនៅក្នុងរដ្ឋាភិបាលថ្មីនេះ ។ នួន ជា ដើរតួនាទីជាអ្នកអប់រំ ប៉ុន្តែគាត់មិនមាន ឥទ្ធិពលផ្នែកយោធាឡើយ ។ នួន ជា បានផ្តល់ការអប់រំនយោបាយដល់កងទ័ព និងកម្មាភិបាលជាប្រចាំ ។ នួន ជា ក៏បានអប់រំណែនាំដល់ប្រជាជនអំពីប្រធានបទ ស្តីពីជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការថែរក្សាអនាម័យ និងការចិញ្ចឹមសត្វជាដើម ។១៩៧ នួន ជា បានណែនាំប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនចាញ់ ។ ចំពោះ មនោគមន៍វិជ្ជានយោបាយវិញ នួន ជា បានណែនាំប្រជាជនកុំឱ្យបោះបង់ចោល ការលះបង់ដើម្បីបុព្វហេតុជាតិនិយម ។ នួន ជា បានអប់រំប្រជាជនថា ”កុំបោះបង់ ចោលប្រទេសជាតិរបស់អ្នក និងមិនត្រូវចាញ់ឧបាយកលរបស់យួន” ។១៩៨
នៅអន្លង់វែង សុន សេន ត្រូវបានដកហូតសិទ្ធិផ្នែករដ្ឋបាល និងយោធា។ ដូច នួន ជា ដែរ សុន សេន ដើរតួនាទីនៅក្នុងការអប់រំប្រជាជន និងកម្មាភិបាល ។ សុន សេន បានបង្រៀនប្រជាជនថា ”អ្នកទាំងអស់គ្នាត្រូវតែស្វាហាប់ក្នុងការបង្ក បង្កើនផលស្រូវ ។ អ្នកត្រូវនាំគ្នាដាំចេក ដំឡូង និងត្រកួន ឱ្យបានច្រើន ដើម្បី ជៀសវាងការចំណាយលុយទៅទិញនៅផ្សារ” ។១៩៩
តាមពិតទៅ ដោយសារតាម៉ុក គ្រប់គ្រងកងពលខ្លាំងៗនៅអន្លង់វែង ហើយគាត់ដើរតួជាអ្នកគ្រប់គ្រងរដ្ឋបាលចម្បង នៅតំបន់នេះ តាម៉ុក ត្រូវបាន ចាត់ទុកថា ជាមេដឹកនាំកំពូលនៅអន្លង់វែង ។ ជាទូទៅជីវិតរបស់តាម៉ុក មានលក្ខណៈចល័ត ដោយផ្លាស់ប្តូរចុះឡើងរវាងផ្ទះនៅលើភ្នំដងរែក និងផ្ទះធំនៅ អូរជីក  ជំពូក១០
    កេរដំណែលរបស់តាម៉ុក
    តាម៉ុក៖ មេទ័ពអន្លង់វែង

អ៊ុង ជឿន ឬ ឈិត ជឿន ហៅតាម៉ុក កើតនៅឆ្នាំ១៩២៦ នៅខេត្តតាកែវ។ តាម៉ុក ឆ្លងកាត់បទពិសោធជីវិតជាច្រើនមុនពេលមកដល់អន្លង់វែង ។ កាលពីកុមារ ភាព តាម៉ុក ធ្លាប់បួសជាសង្ឃ និងក្រោយមកបានក្លាយជាប្រធានខ្មែរឥស្សរៈប្រចាំ ខេត្តតាកែវ ។ នៅឆ្នាំ១៩៦៣ តាម៉ុក បានក្លាយជាសមាជិកគណៈកម្មាធិការ មជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តកម្ពុជា ។ ពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧៨ តាម៉ុក បានក្លាយ ជាអនុលេខា និងក្រោយមកលេខាភូមិភាគនិរតីនៃរបបកម្ពុជាប្រជាធិបតេយ្យ ។ នៅ ចុងឆ្នាំ១៩៧៨ តាម៉ុក គ្រប់គ្រងភូមិភាគពាយ័ព្យនៃកម្ពុជាប្រជាធិបតេយ្យ ។ ដោយ មានឈ្មោះបដិវត្តន៍ ងួន កង, តាម៉ុក បានក្លាយជាអនុប្រធានទី១ នៃសភាប្រជាជន បដិវត្តន៍ និងជាអនុប្រធានទី២ នៃបក្សកុម្មុយនីស្តកម្ពុជា ។
យោងតាមព័ត៌មានដែលប្រមូលបានមុន និងក្នុងអំឡុងពេលនៃរបប កម្ពុជាប្រជាធិបតេយ្យ តាម៉ុក ត្រូវបានពណ៌នាថា ជាមេដឹកនាំឃោរឃៅ និងគ្មាន ចិត្តករុណា ។២០០ នៅក្រោមការគ្រប់គ្រងរបស់តាម៉ុក កងកម្លាំងខ្មែរក្រហម បាន ធ្វើបន្សុទ្ធកម្មទៅលើភូមិភាគបូព៌ា ដោយធ្វើការសម្លាប់រង្គាលទៅលើប្រជាជន សាមញ្ញ និងកម្មាភិបាលខ្មែរក្រហម ក្នុងភូមិភាគនោះ ។ ទង្វើទាំងអស់នេះ បានធ្វើឱ្យ តាម៉ុក ទទួលបានងារជា “ពេជ្ឈឃាត” ។២០១
ទោះជាយ៉ាងនេះក្តី តាម៉ុក មានមុខមាត់ថ្មីទាំងស្រុងនៅអន្លង់វែង ។ ប្រជាជនអន្លង់វែងចាត់ទុក តាម៉ុក ជាមេដឹកនាំសាមញ្ញ ចិត្តល្អ និងមិនចេះរើសអើង ហើយប្រការដែលថា គាត់មានកំហុសដ៏ធំធេងនោះ គឺគ្រាន់តែជានិយាយអាក្រក់ ពីគាត់តែប៉ុណ្ណោះ ។ តាម៉ុក អាចផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាជន និងកងទ័ព ជាងមួយម៉ឺន៦ពាន់នាក់ ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅអន្លង់វែង ។ សម្រាប់ប្រជាជននៅអន្លង់វែងជាច្រើន តាម៉ុក គឺជាមេដឹកនាំបែបប្រពៃណី ដែល ដឹកនាំប្រទេសប្រៀបដូចជាឪពុកដែលថែរក្សាគ្រួសាររបស់ខ្លួន ។
ជាទូទៅ ប្រជាជនទទួលបានសម្ភារៈឧបត្ថម្ភរៀងរាល់ពីរសប្តាហ៍ម្តង ឬមួយខែម្តង ។ ក្មេងចាប់ពីអាយុ៥ឆ្នាំឡើងទៅនឹងទទួលបានរបបអង្ករមួយធុង ប្រេងកាតក្នុងមួយខែ (អង្ករមួយធុងប្រេងកាត មានទម្ងន់ប្រហែល២០គីឡូក្រាម ហើយប្រាំពីរធុងស្នើនឹងអង្ករមួយបាវ) ។២០២ ក្មេងដែលមានអាយុចាប់ពី៥ឆ្នាំ ចុះមកដល់ទារកដែលទើបនឹងកើត ទទួលបានរបបអង្ករកន្លះធុងប្រេងកាតក្នុង មួយខែ ។
តាម៉ុក ទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់បែបយ៉ាង ។ ប្រជាជននឹងមករកពឹងពាក់គាត់ សូម្បីតែរឿងតូចតាច ដូចជា ស្ករសឬអំបិលសម្រាប់ចម្អិនម្ហូប ។ តាម៉ុក បានចំណាយពេលច្រើនជាមួយប្រជាជន និងត្រួតពិនិត្យមើល គម្រោងសាងសង់ជាច្រើន ដែលបម្រើដល់ផលប្រយោជនសហគមន៍ ។ ឥរិយាបថ របស់តាម៉ុក និងគម្រោងសាងសង់ក្នុងតំបន់ទាំងនេះធ្វើឱ្យតាម៉ុក ទទួលបានកេរ្តិ៍ ឈ្មោះជាមេដឹកនាំប្រកបដោយការលះបង់ និងជាមេដឹកនាំជាទីគោរពស្រឡាញ់ របស់ប្រជាជននៅអន្លង់វែង ។ នៅក្នុងបរិបទនេះ តាម៉ុក បានបន្តដើរតាមគន្លង ប្រពៃណីរបស់ខ្មែរក្រហម ដោយគ្រប់គ្រងលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់ ប្រជាជន ។
ភាពខុសគ្នាដ៏គួរឱ្យកត់សម្គាល់រវាងតាម៉ុកនៅក្នុងរបបកម្ពុជាប្រជាធិប តេយ្យ (១៩៧៥-១៩៧៩) និងតាម៉ុក ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ (ក្រោយ ឆ្នាំ១៩៧៩) គឺកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងនាមជាមេដឹកនាំព្រៃផ្សៃ ឬជាឃាតករ ។ ជាទូទៅប្រជាជនដែលស្គាល់តាម៉ុក នៅអន្លង់វែង មានការងឿងឆ្ងល់ ថាតើតាម៉ុក អាចក្លាយទៅជាមេដឹកនាំឃោរឃៅឬ “ពេជ្ឈឃាត” ដោយរបៀបណា?
យោងតាមបទសម្ភាសន៍ជាមួយប្រជាជន តាម៉ុក មិនចូលចិត្តភាពហ៊ឺហាទេ ។ ឈួន ឈុន ដែលជាអតីតអ្នកបើកបរឱ្យតាម៉ុក បាននិយាយថា តាម៉ុក ហូប អាហារដូចជាប្រជាកសិករក្រីក្រដែរ ។ តាម៉ុក មិនចូលចិត្តហូបអាហារល្អៗឬ ប្រើប្រាស់សម្ភារៈទំនើបៗដូចមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដទៃទៀតទេ ។ គាត់ស្តី បន្ទោសប្រជាជន ដូចជាឪពុកស្តីបន្ទោសកូន ប៉ុន្តែគាត់មិនដែលគុំកួនអ្នកណាទេ ។ ក្រោយពីជេរស្តីរួចមក តាម៉ុក នឹងនិយាយទៅកាន់អ្នកទាំងនោះធម្មតា ព្រមទាំង ជួយរកដំណោះស្រាយ ដោយមិនប្រកាន់ពីប្រវត្តិអតីតកាលឬឋានៈអ្វីឡើយ ។ ប្រជាជនស្គាល់មេដឹកនាំខ្មែរក្រហមដទៃទៀត ដូចជា ខៀវ សំផន, ប៉ុល ពត, និង នួន ជា តាមរយៈរូបថតតែប៉ុណ្ណោះ ។២០៣
គឹម ណន ដែលជាអតីតកងទ័ពនៅក្នុងកងពល៧៨៥ យល់ថា តាម៉ុក គឺជាមនុស្សដែលពិបាកនឹងពណ៌នា ។
វាគឺជារឿងមួយស្មុគស្មាញក្នុងការបរិយាយអំពីចរិតលក្ខណៈរបស់តាម៉ុក ។ តាម៉ុក មិនដែលបែងចែកខ្លួនគាត់ឱ្យខុសពីប្រជាជនសាមញ្ញទេ ។ នៅពេល គាត់ជួបនរណាម្នាក់ គាត់តែងតែជេរស្តីយ៉ាងខ្លាំង ។ ប៉ុន្តែគាត់នឹងឱ្យអ្វីដែលគាត់ មានទៅឱ្យបុគ្គលនោះ ។ ថ្ងៃមួយ ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ បានទៅបើកអង្ករ និង អាហារនៅឃ្លាំង ។ យើងបានយកកាំភ្លើងទៅជាមួយ ។ នៅពេលយើងកំពុងបើក របបអាហារ ឡានហ្ស៊ីបរបស់តាម៉ុក បានមកដល់ ។ តាម៉ុក បានសួរយើងថា “សុខ សប្បាយទេពួកអាក្មេងៗ? ពួកហ្អែងទៅណា?” ខ្ញុំបានឆ្លើយថា “បាទតា! ពួកខ្ញុំមក បើកអង្ករ និងអាហារ” ។ គាត់បានសួរថា “យ៉ាងម៉េចហើយនៅសមរភូមិ? ប្រសិនបើខ្មាំងចូលមកបាន អញនឹងសម្លាប់ពួកហ្អែងចោល ។ ពួកហ្អែងនេះដូច អាចម៍អ៊ីចឹង” ។ បន្ទាប់មកគាត់បានយកឈើច្រត់របស់គាត់មកវាយក្បាលខ្ញុំ ។ គាត់ បានដើរចូលទៅក្នុងឃ្លាំង និងបានស្តីឱ្យអ្នកយាមឃ្លាំង ។ គាត់បានបញ្ជាអ្នកយាម ឃ្លាំងឱ្យបន្ថែមរបបអាហារពួកយើងថែមទៀត ដោយបាននិយាយថា ពួកយើង ហូបមិនឆ្អែតទេជាមួយនឹងរបបអាហារដូចរាល់ដង ។២០៤
តាម៉ុក មានឈ្មោះល្បីល្បាញជាមួយនឹងទេពកោសល្យផ្នែកយុទ្ធសាស្ត្រ យោធា និងសមត្ថភាពរបស់គាត់នៅក្នុងការធ្វើការងារនៅក្រោមស្ថានភាពដ៏ លំបាកបំផុតនៅក្នុងព្រៃ ។ ប្រជាជននៅអន្លង់វែងចាត់ទុកគាត់ថា ជាមេដឹកនាំ ដែលមិនចេះខ្លាច ។ គាត់ដើរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីពិនិត្យស្ថានភាព រស់នៅរបស់ប្រជាជន ។ ឯម អឿន ដែលជាប្រជាជនមួយរូបនៅអន្លង់វែង បាន ពណ៌នាពីចរិតលក្ខណៈរបស់តាម៉ុក ថា៖
តាម៉ុក គឺជាមនុស្សល្អ ពីព្រោះគាត់មិនមានកម្មសិទ្ធិផ្ទាល់ខ្លួនទេ ។ គាត់មិន ដែលអនុញ្ញាតឱ្យសាច់ញាតិឬកូនចៅរបស់គាត់យកទ្រព្យសម្បត្តិរបស់សហគមន៍ទេ ។ គាត់រស់នៅសាមញ្ញដូចប្រជាជនដែរ ។ តាម៉ុក ជាមនុស្សនិយាយត្រង់ ស្មោះត្រង់ និងស្រឡាញ់ប្រជាជនណាស់ ។ គាត់បែងចែករបបអង្ករដល់ប្រជាជន ស្មើៗគ្នា ដោយមិនប្រកាន់ឋានៈ និងតួនាទីឡើយ ។ ប្រសិនបើគ្មានតាម៉ុក ប្រជាជន ទាំងអស់ប្រហែលជាស្លាប់ និងគ្មានអាហារហូបនោះទេ ។ មេដឹកនាំខ្មែរក្រហម ដទៃមិនអនុញ្ញាតឱ្យយើងដឹងសូម្បីតែដំណើរ និងទីតាំងដែលគេរស់នៅផង ។២០៥
ប្រជាជនដែលមិនសូវជិតស្និទ្ធនឹងតាម៉ុក ក៏មានទស្សនៈស្រដៀងគ្នាដែរ ។ គឹម លី បានរត់ភៀសខ្លួនទៅរស់នៅក្នុងជំរំឫទ្ធិសែន ក្រោមការគ្រប់គ្រងរបស់ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។ ក្រោយមកនៅពេលវៀតណាម វាយ កាន់កាប់បានជំរំនេះ លី បានរត់ទៅរស់នៅជំរំជនភៀសខ្លួនដែលគ្រប់គ្រងដោយ រណសិរ្សហ្វ៊ុនស៊ិនប៉ិច នៅអូរស្មាច់ ។ នៅឆ្នាំ១៩៩៣ លី មករស់នៅអន្លង់វែង ។ លី បានរៀបរាប់អំពីបទពិសោធរបស់គាត់ដែលធ្លាប់រស់នៅក្រោមការគ្រប់គ្រង របស់តាម៉ុក ថា៖
ខ្ញុំមិនកាន់ជើងខាងណាទេ ខ្ញុំនិយាយតាមតែអ្វីដែលខ្ញុំបានមើលឃើញ ។ រាល់ពេលដែលយើងខ្វះអង្ករ លុយ ឬថ្នាំសង្កូវ តាម៉ុក បានជួយយើង ។ ខ្ញុំមិនដឹង ជាត្រូវខឹងនឹងមនុស្សដូចតាម៉ុក យ៉ាងម៉េចនឹងកើតទេ ពីព្រោះគាត់មិនដែលធ្វើបាប ខ្ញុំផង ។ គាត់ថែមទាំងបានឱ្យលុយខ្ញុំពីរពាន់បាត (រូបិយប័ណ្ណថៃ) ដើម្បីទិញជ្រូក និងមាន់យកមកចិញ្ចឹមទៀតផង ។២០៦

      តាម៉ុក រៀបការប្រពន្ធទីពីរឈ្មោះណេន នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ នៅ ពេលដែលប្រពន្ធទី១ របស់គាត់ ង៉ែត ឃឹម បានស្លាប់ដោយសារជំងឺ ។២០៧ ប្រពន្ធ ទី២ របស់តាម៉ុក គឺជាស្ត្រីមេម៉ាយ ដែលមានកូនពីរនាក់ជាមួយប្តីមុន ដែលជាអតីត មេបញ្ជាការកងទ័ពរបស់តាម៉ុក ។ ប្តីមុនរបស់គាត់ស្លាប់នៅក្នុង អំឡុងពេល ប្រយុទ្ធគ្នានៅអន្លង់វែង ។ ណេន បានផ្លាស់ទៅរស់នៅប៉ៃលិន និង រៀបការប្តីទី៣ បន្ទាប់ពីតាម៉ុក ស្លាប់នៅឆ្នាំ២០០៦ ។២០៨
    
គម្រោងសាងសង់របស់តាម៉ុក
តាម៉ុក បានផ្តួចផ្តើមគំនិតសាងសង់ផ្លូវ ទំនប់ទឹក សាលារៀន មន្ទីរពេទ្យ ស្ពាន និងគម្រោងជាច្រើនផ្សេងទៀតនៅអន្លង់វែង ។ គម្រោងសាងសង់ទាំងអស់ នោះបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការបកស្រាយរបស់ខ្មែរក្រហមទៅលើសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ។ ជាផ្នែកមួយនៃសន្ធិសញ្ញាសន្តិភាពនេះ ខ្មែរ ក្រហម ត្រូវបានលើកទឹកចិត្តឱ្យកសាងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បី ត្រៀមធ្វើសមាហរណកម្មចូលរដ្ឋាភិបាល ។ ជាលទ្ធផល តាម៉ុក បានជួលជំនាញការ ជនជាតិថៃ ដែលមានជំនាញផ្នែកសាងសង់ ឱ្យមកសាងសង់សាលារៀន មន្ទីរពេទ្យ និងស្ពានអូរជីក ។ តាម៉ុកចំណាយប្រាក់តែ សម្រាប់ជួលជំនាញការថៃតែប៉ុណ្ណោះ ប៉ុន្តែមិនបានចំណាយទៅលើកម្មករខ្មែរនោះទេ ។
តាម៉ុក បានអំពាវនាវប្រជាជននៅអន្លង់វែង ឱ្យចូលរួមជួយនៅក្នុង គម្រោងសាងសង់នេះ ។ ប្រជាជនទាំងឡាយដែលមាន កូនចៅត្រូវចូលរៀនក្នុង សាលាឬត្រូវធ្វើដំណើរឆ្លងកាត់ស្ពាន មានកាតព្វកិច្ចចូលរួមជួយក្នុងគម្រោង សាងសង់នោះ ។២០៩
សមិទ្ធផលទាំងនេះបានធ្វើឱ្យតាម៉ុក អាចឈរជើងកាន់តែរឹងមាំនៅអន្លង់វែង ពីព្រោះគម្រោងទាំងនេះបានផ្សារភ្ជាប់ កេរ្តិ៍ឈ្មោះរបស់គាត់ទៅនឹង ផលប្រយោជន៍ របស់ប្រជាជន ។ ក្រៅអំពីគម្រោងសាងសង់ផ្លូវនៅអន្លង់វែង តាម៉ុក ក៏បាន សាងសង់ផ្លូវដែលបម្រើដល់យុទ្ធសាស្ត្រយោធាដែរ ។ ផ្លូវទាំងនោះរួមមាន ផ្លូវពីច្រកព្រំដែនជាំសាង៉ាំទៅកាន់ទីរួម ស្រុកអន្លង់វែង ផ្លូវលេខ៦៧ ទៅកាន់ខេត្ត សៀមរាប ផ្លូវលេខ៦៨ ទៅកាន់ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងការជួសជុល ផ្លូវចាស់ ដែលកសាងតាំងពីជំនាន់អាណានិគមបារាំង ទៅកាន់ប្រាសាទព្រះវិហារ ។២១០ មុនពេលកសាងផ្លូវទាំងអស់នោះគឺជាផ្លូវដី ដែលមិនអាចបើក ឡានបាន ។

ឃ្លាំងកណ្តាល
ដោយសារជំនួយរបស់ចិនត្រូវបានកាត់ផ្តាច់ក្រោយសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ តាម៉ុក បានចាប់ផ្តើមទិញស្បៀងអាហារពីប្រទេសថៃ ។ ខ្មែរក្រហម ត្រូវទិញអង្កររាប់ម៉ឺនបាវក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ទាំងប្រជាជន និងកងទ័ព ។ តាម៉ុក បានសាងសង់ឃ្លាំងធំៗចំនួន៦ ដើម្បីរក្សាស្បៀងទាំងនេះ ។ គម្រោងសាងសង់នេះ ត្រូវបានបញ្ចប់នៅខែឧសភា ឆ្នាំ១៩៩២ ។ ឃ្លាំងទាំងនោះ មានទីតាំងនៅក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ដែលមានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែង ។ ឃ្លាំងទាំងនោះត្រូវបានសាងសង់ឡើងពីឥដ្ឋ ដែលមានដំបូលប្រក់ស័ង្កសី ។ ឃ្លាំងទាំងអស់នេះ គឺជាប្រភពផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់ប្រជាជននៅអន្លង់វែង និងកងទ័ពនៅសមរភូមិមុខ ។ ជាទូទៅប្រជាជន បានហៅឃ្លាំងនោះថា “ឃ្លាំងតាភិន” ពីព្រោះតាភិន គឺជាអ្នកគ្រប់គ្រងឃ្លាំងទាំងអស់ នោះ ។ កម្មាភិបាលផ្សេងទៀតដែលធ្វើការនៅឃ្លាំងកណ្តាលរួមមាន ហឿង លី ណេត និងរ៉េត ។ ឃ្លាំងកណ្តាលក៏ត្រូវបានប្រើប្រាស់ ដើម្បីរក្សាកាំភ្លើង និងគ្រឿងសព្វាវុធសេសសល់ផ្សេងទៀតដែលចិនផ្តល់ឱ្យដែរ ។
    
សាលារៀន
គម្រោងសាងសង់សាលារៀនត្រូវបានបញ្ចប់នៅខែមេសា ឆ្នាំ១៩៩៣ ។ សាលារៀននោះមានកម្ពស់បីជាន់ និង១២បន្ទប់ ដែលអាចដាក់សិស្សបានពីបីរយ ទៅបួនរយនាក់ ។ ជាងនេះទៅទៀត ឃុំនីមួយៗមានសាលារៀនតូចៗពីមួយទៅបួន ដែលត្រូវបានសាងសង់ឡើងពីឈើ និងមានដំបូលប្រក់ស្បូវ ។ គ្រូបង្រៀនបាន ធ្វើការ ដើម្បីភាពល្អប្រសើរនៅក្នុងសហគមន៍ ពីព្រោះគ្រូបង្រៀនទាំងនោះមិន ទទួលបានប្រាក់បៀវត្សរ៍ទៀងទាត់នោះទេ ។ សាលារៀនធំនោះបានក្លាយទៅជា វិទ្យាល័យអន្លង់វែង បន្ទាប់ពីសមាហរណកម្មឆ្នាំ១៩៩៨មក ។
សាលារៀនរបស់តាម៉ុក ផ្តល់ការអប់រំកម្រិតបឋមសិក្សាពីថ្នាក់ទី១ ដល់ ថ្នាក់ទី៥ ។ សៀវភៅសិក្សាសរសេរដោយដៃរួមមាន មេរៀនអំពីវេយ្យាករណ៍ខ្មែរ រឿងព្រេង កំណាព្យ កសិកម្ម ភូមិវិទ្យា ធនធានធម្មជាតិ អាហារបំប៉ន អនាម័យ និងវត្ថុធាតុដើម ។ ប៉ុន្តែសៀវភៅសិក្សាទាំងនោះ ភាគច្រើនផ្តោតទៅលើការ ឃោសនា ដែលជំរុញឱ្យសិស្សមានគំនុំប្រឆាំងនឹងអ្វីដែលខ្មែរក្រហមហៅថា “ឧក្រិដ្ឋកម្មរបស់យួន” និងរាជរដ្ឋាភិបាលកម្ពុជា ។ សៀវភៅសិក្សាបានបង្រៀន សិស្សអំពីវីរភាពរបស់កងទ័ពខ្មែរក្រហម នៅក្នុងការធ្វើប្រតិបត្តិការវិទ្ធង្សនា និង មានមេរៀនអំពីវិធីសាស្ត្រសង្គ្រាមឈ្លប សង្គ្រាមប្រជាជន របៀបផលិតចម្រូង និងការធ្វើខ្លួនឱ្យទៅជាកម្មាភិបាលល្អ ។ សៀវភៅរៀនអក្សរសម្រាប់ថ្នាក់ទី៤ ដែលត្រូវបានបោះពុម្ព នៅឆ្នាំ១៩៩៥ មានមេរៀនមួយអំពីសមាសធាតុទាំងប្រាំនៃ “កម្មាភិបាលល្អ” ៖
កម្មាភិបាលល្អ គឺជាកម្មាភិបាលដែលជាប់មហាជន ទាំងមហាជនក្នុងជួរ ទាំងមហាជនក្នុងប្រជាជន ដូចទឹក និងត្រី ។ កម្មាភិបាលល្អជាបុគ្គលដែលយល់ច្បាស់ និងអនុវត្តន៍តាមគោលការណ៍របស់បក្សប្រកាន់គោលជំហររឹងប៉ឹង នៅមូលដ្ឋាន និងសមរភូមិ យល់ដឹងពីស្ថានភាពសត្រូវ និងខ្លួនឯង ព្រមទាំងអាចដឹកនាំការ ប្រយុទ្ធប្រឆាំងសត្រូវ ព្រមទាំងមិនមានទំនាក់ទំនងឬជួញដូរជាមួយសត្រូវក្នុង រូបភាពណាក៏ដោយ ។ កម្មាភិបាលល្អដឹកនាំប្រជាជនដោះស្រាយបញ្ហាសេដ្ឋកិច្ច ។ កម្មាភិបាលល្អរស់នៅតាមគោលការណ៍សេដ្ឋកិច្ចរបស់បក្ស ។ កម្មាភិបាលល្អ ត្រូវ តែរាបសា និងស្មោះត្រង់ចំពោះប្រជាជន ព្រមទាំងមិនប្រើអំណាចរបស់ខ្លួនគំរាម កំហែងប្រជាជនដទៃ ។២១១
សិស្សត្រូវបានតម្រូវឱ្យទន្ទេញចាំមាត់នូវពាក្យពីរឃ្លាក្នុងគោលបំណង ឱ្យសិស្សរក្សាការខឹងសម្បា និងស្អប់ខ្ពើមចំពោះរាជរដ្ឋាភិបាលកម្ពុជា ។ ពាក្យទាំង ពីរនោះ គឺ “អាយ៉ង” និង “យួន” ។
    
មន្ទីរពេទ្យ
គម្រោងសាងសង់មន្ទីរពេទ្យ ត្រូវបានបញ្ចប់នៅខែតុលា ឆ្នាំ១៩៩៣ ។ មន្ទីរពេទ្យនេះ គឺជាសំណង់អគារថ្មកម្ពស់បីជាន់ ។ ឡន ដែលជាកម្មាភិបាល ខ្មែរក្រហម និងដែលធ្លាប់ទៅរៀននៅប្រទេសចិន និងលាវ ដែលជាជំនាញការ សាងសង់ និងជនជាតិថៃម្នាក់ ជាអ្នកទទួលខុសត្រូវចំពោះការសាងសង់ មន្ទីរពេទ្យនេះ ។ មន្ទីរពេទ្យនេះទទួលព្យាបាលប្រជាជន និងទាហានដែលមានជំងឺ និងរបួសស្រាលៗតែប៉ុណ្ណោះ ។ អ្នកជំងឺ និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅប្រទេសថៃ ។ មន្ទីរពេទ្យរបស់តាម៉ុក បានក្លាយទៅជាមន្ទីរពេទ្យស្រុកអន្លង់វែង បន្ទាប់ពីសមាហរណកម្ម ឆ្នាំ១៩៩៨ ។

ស្ពានអូរជីក
កាលពីដំបូង ស្ពានអូរជីក ត្រូវបានសាងសង់ជាបណ្តោះអាសន្នពីឈើ និង ដើមឫស្សី ដើម្បីដឹកជញ្ជូនប្រជាជនចុះពីជំរំ និងពីលើភ្នំ ។ នៅរៀងរាល់រដូវវស្សា ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជនជួបប្រទះនឹងបញ្ហាលំបាកដោយសារតែទឹក អូរជីក កើនឡើងយ៉ាងខ្លាំង ។

ប្រជាជនត្រូវចំណាយពេលជាច្រើនម៉ោង ដើម្បីធ្វើដំណើរឆ្លងកាត់អូរជីក ទៅកាន់ទីប្រជុំជនអន្លង់វែង ហើយការធ្វើដំណើរម្តងៗគឺប្រកបដោយគ្រោះថ្នាក់ ។ ប្រជាជនមួយចំនួនបានលង់ទឹកស្លាប់ ពេលព្យាយាមឆ្លងអូរជីក នៅរដូវវស្សា ។ ហេតុដូច្នេះ តាម៉ុក បានសម្រេចចិត្តសាងសង់ស្ពានអូរជីក បន្ទាប់ពីបញ្ចប់ការ សាងសង់ទំនប់អូរជីករួចមក ។ សំណង់ស្ពានអូរជីក បានចាប់ផ្តើមនៅឆ្នាំ១៩៩៤ និងបានបញ្ចប់នៅខែមករា ឆ្នាំ១៩៩៦ ។២១២
ស្ពានអូរជីកនេះមិនមានគ្រឹះក្រោមទេ ។ តាម៉ុក មិនអនុញ្ញាតឱ្យជំនាញការ ថៃ សាងសង់សសរស្ពានទេ ។ តាម៉ុក បានអះអាងថា គាត់បានប្រើកូនភ្នំពីរ (អតីតកូនភ្នំនៅក្បែរផ្ទះរបស់គាត់នៅមាត់ទឹក) មកធ្វើជាគ្រឹះរបស់ស្ពាន ។ បើយោង តាមការរៀបរាប់របស់ប្រជាជននៅក្នុងស្រុក តាម៉ុក បានពន្យល់ហេតុផលថា ”គ្រឹះ របស់អញមាំជាងគ្រឹះរបស់ឯង” ។ ប្រជាជនបានចូលរួមនៅក្នុងការសាងសង់ស្ពាន ដោយការជួយជញ្ជូនដី ដុំថ្ម និងស៊ីម៉ងត៍ ឱ្យកម្មករសំណង់ ។ ព្រះ យ៉ង ដែលជាអតីត កងទ័ពបានរំលឹកពាក្យសម្តីរបស់តាម៉ុក ថា ៖
ស្ពាននេះ គឺជាប្រយោជន៍របស់ប្រជាជនគ្រប់រូប ។ ទោះបីជាអ្នកណា ប្រញាប់ទៅណាក៏ដោយ អ្នកនោះត្រូវតែឈប់ ហើយជួយធ្វើសិន ។ អ្នកណាក៏ដោយ ឱ្យតែធ្វើដំណើរឆ្លងកាត់ការដ្ឋានស្ពាននេះ ត្រូវតែចែករំលែកកម្លាំងពលកម្ម ។ មិន មានអ្នកណាម្នាក់ហ៊ានប្រកែកទេ ពីព្រោះតាម៉ុក អង្គុយនៅក្បាលស្ពានស្ទើររៀង រាល់ថ្ងៃ ។ តាម៉ុក នឹងហៅប្រជាជនណាដែលធ្វើដំណើរឆ្លងកាត់ការដ្ឋាន សាងសង់ស្ពាននេះ ឱ្យជួយធ្វើសិន ។២១៣
    
ផ្ទះក្បែរមាត់បឹង
ផ្ទះក្បែរមាត់ទឹករបស់តាម៉ុក ត្រូវបានសាងសង់ឡើងនៅលើអតីតកូនភ្នំមួយ ដែលត្រូវបានគាស់រំលើង ដើម្បីយកថ្មមកសាងសង់ស្ពាន និងទំនប់អូរជីក ។ នៅក្នុង បរិវេណនោះមានផ្ទះ៤ខ្នង ។ ផ្ទះទី១ ដែលត្រូវបានកសាងឡើងនៅឆ្នាំ១៩៩៣ មានជញ្ជាំងឈើ និងដំបូលធ្វើពីស៊ីប្រូស៊ីម៉ងត៍ ។ ផ្ទះទី២ ដែលមានទំហំធំជាងគេ ត្រូវចំណាយពេល២ឆ្នាំ ទើបអាចបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ១៩៩៦ ។ ផ្ទះនេះ មានកម្ពស់បីជាន់ ដែលជាន់ទី១ គឺជាបន្ទប់សម្ងាត់ និងមានតែតាម៉ុក ម្នាក់ តែប៉ុណ្ណោះដែលអាចចេញចូលបាន ។ ជាន់ទី២ ត្រូវបានប្រើប្រាស់ជាបន្ទប់ប្រជុំ ហើយជាន់ទី៣ គឺជាបន្ទប់សម្រាករបស់តាម៉ុក ។ ផ្ទះទី៣ ត្រូវបានប្រើប្រាស់សម្រាប់ ជាកន្លែងស្នាក់នៅសាច់ញាតិរបស់តាម៉ុក និងអ្នកដែលមកពឹងពាក់តាម៉ុក ។ ផ្ទះទី៤ ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៩៣ គឺសម្រាប់បុគ្គលិក និងចុងភៅរបស់ តាម៉ុក ស្នាក់នៅ ។
សម្រាប់ផ្ទះទីពីរដែលធំបង្អស់តាម៉ុក បានបញ្ជាឱ្យកម្មករទៅកាប់ដើម ទ្រាសទាំងមូលមកធ្វើជាសសរផ្ទះ ។ តាម៉ុក បានហាមមិនឱ្យកម្មករកាត់ចោល សូម្បីតែសម្បកឈើ ។ ពីដំបូង ដំបូលផ្ទះនោះត្រូវបានសាងសង់ឡើងអំពីឈើ ។ ប៉ុន្តែ ដោយសារតែកត្តាអាកាសធាតុ និងកម្តៅ ឈើបានរីក និងរួមមាឌ ។ បីខែក្រោយ មកទឹកភ្លៀងបានជ្រាបចូលតាមដំបូល ដូច្នេះហើយ តាម៉ុក បានបញ្ជាឱ្យប្តូរដំបូល ក្បឿងវិញ ។ នៅខាងក្នុងផ្ទះមានលម្អទៅដោយរូបគំនូរប្រាសាទព្រះវិហារ និង ប្រាសាទអង្គរវត្ត អមដោយរូបគំនូរផែនទីប្រទេសកម្ពុជាមួយយ៉ាងធំនៅលើជញ្ជាំង។
វត្ថុបុរាណជាច្រើនត្រូវបានដាក់លម្អនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងបរិវេណផ្ទះ។ កម្មករប្រហែលជា៣០នាក់ បានចូលរួមនៅក្នុងការសាងសង់ផ្ទះតាម៉ុក ។ អ្នកទាំងនោះរួមមាន ហែម មាន, ឌុល និងមឿន ។ សុខ ស្ថិតនៅក្នុង កងអារឈើ ដែលទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ឈើសម្រាប់សង់ផ្ទះ ។ អេង គឺជា ជាងគំនូរនៃរូបប្រាសាទទាំងអស់ និងផែនទី ។២១៤ តាន់ ដែលជាជនជាតិភាគតិច មកពីតំបន់ភ្នំ គឺជាជាងចម្លាក់ ។២១៥ តាម៉ុកបានគូរប្លង់ផ្ទះ និងធ្វើការផ្ទាល់ជាមួយ នឹងកម្មករទាំងអស់ ។ ប្រសិនបើកម្មករណាមិនធ្វើតាមការណែនាំរបស់គាត់បាន គាត់នឹងហៅអ្នកនោះឱ្យចុះមកជួបនិយាយទល់មុខជាមួយគាត់ដែលនៅពេលនោះគាត់នឹងវាយក្បាលអ្នកនោះ ជាច្រើនដង ជាមួយនឹងឈើច្រត់របស់គាត់ ។ ក្បាល របស់មាន ទទួលរងជាច្រើនដំបងនៅក្នុងអំឡុងពេល នៃការសាងសង់ ។ មាន បាន រំលឹកពាក្យពេចន៍របស់តាម៉ុក បន្ទាប់ពីទទួលរងមួយឈើច្រត់ថា ”បន្ទាប់ពីវាយនឹង ឈើច្រត់របស់គាត់រួចហើយ គាត់បាននិយាយថា ទៅ! ទៅយកក្បាលគោមួយឱ្យ ប្រពន្ធហ្អែង” ។២១៦ តាម៉ុក អនុញ្ញាតឱ្យកម្មករទាំងអស់របស់គាត់ហូបគោមួយ ក្បាលក្នុងមួយថ្ងៃ ។២១៧
ផ្ទះក្បែរមាត់បឹង គឺជាទីស្នាក់ការធំរបស់តាម៉ុក សម្រាប់បម្រើទាំងការងារ យោធា និងរដ្ឋបាលនៅស្រុកអន្លង់វែង ពីឆ្នាំ១៩៩៣ រហូតដល់ការដួលរលំចលនា ខ្មែរក្រហមនៅចុងឆ្នាំ១៩៩៨ ។ តាម៉ុកតែងតែរៀបចំកិច្ចប្រជុំជាមួយ មេបញ្ជាការ កងទ័ពរបស់គាត់នៅផ្ទះនោះ ដែលក៏ជាកន្លែងស្នាក់នៅមួយរបស់ក្រុមគ្រួសារ គាត់ដែរ ។

រោងចក្រអារឈើ
នៅឆ្នាំ១៩៩១ តាម៉ុក បានបង្កើតរោងចក្រអារឈើមួយ ដើម្បីផ្គត់ផ្គង ឈើឱ្យកងទ័ពធ្វើផ្ទះ និងដើម្បីធ្វើជំនួញជាមួយថៃ ។ រោងអារឈើនេះ មានទីតាំង នៅក្នុងវត្តស្រះឈូកបច្ចុប្បន្ន ដែលក៏ជាកន្លែងសាងសង់ចេតិយរបស់តាម៉ុកដែរ ។ រោងចក្រដ៏តូចនេះ មិនអាចផ្គត់ផ្គង់ឈើគ្រប់គ្រាន់ទៅឱ្យប្រជាជនរាប់ម៉ឺននាក់ដើម្បី សាងសង់ផ្ទះ បន្ទាប់ពីបានចុះពីជំរំ និងពីលើភ្នំមក ។ ដូច្នេះប្រជាជនជាច្រើនបាន នាំគ្នាកាប់ឈើដោយខ្លួនឯង ។២១៨

កម្មាភិបាលដែលធ្វើការនៅរោងចក្រអារឈើរួមមាន ហែម មាន, រ៉ែន, ទៀ, សុខ, និងមឿន ។ មាន គឺជាប្រធានរោងចក្រ ហើយ រ៉ែន គឺជាអនុប្រធាន ។ រោងចក្រនេះមានម៉ាស៊ីនអារឈើ ចំនួន២៤គ្រឿង ហើយឈើត្រូវបានកាប់មកពី ព្រៃស្អាក ។ សុខ គឺជាប្រធានកងកាប់ឈើ ហើយមឿន គឺជាសមាជិកម្នាក់នៅក្នុង កង ។ រោងចក្រអារឈើនេះ ដំណើរការរហូតដល់ថ្ងៃប្រយុទ្ធគ្នានៅដើមឆ្នាំ ១៩៩៨ ហើយក្រោយមកទៀត ម៉ាស៊ីន និងសម្ភារៈផ្សេងៗនៅក្នុងរោងចក្រ ត្រូវ បានកងទ័ពយកទៅលក់អស់ ។២១៩

ទំនប់អូរជីក
ទំនប់អូរជីក គឺជាអតីតបឹងដ៏ធំមួយដែលឈ្មោះស្រុកអន្លង់វែង គឺយកតាម ឈ្មោះបឹងនេះ ។ តាម៉ុក សាងសង់ទំនប់ទឹកនេះដើម្បីធ្វើជាអាងស្តុកទឹក និងជា ប្រភពផ្គត់ផ្គង់ត្រីសម្រាប់ការបរិភោគប្រចាំថ្ងៃរបស់ប្រជាជន ។ ការសាងសង់ទំនប់ ទឹកនេះ ត្រូវបានធ្វើឡើងជាបីដំណាក់កាលនៅឆ្នាំ១៩៩១ ឆ្នាំ១៩៩២ និងឆ្នាំ១៩៩៤។ តាមរបៀបណាក៏ដោយប្រជាជនគ្រប់រូបនៅអន្លង់វែង បានចូលរួមនៅក្នុង ការសាងសង់ទំនប់ទឹកនេះ ។ ប្រជាជននៅក្នុងភូមិ ត្រូវបានបែងចែកទៅជា ក្រុមតូចៗ ដែលក្នុងមួយក្រុមមានសមាជិក១២នាក់ ។ ក្រុមទាំងអស់ដាក់វេនគ្នា ដើម្បី សាងសង់ទំនប់ទឹកនេះ ។ ជាងនេះទៅទៀត តាម៉ុក តែងតែហៅប្រជាជនណាដែល គាត់ជួបដោយមិនរើសមុខឱ្យជួយសាងសង់ទំនប់ទឹក នៅពេលគាត់មកពិនិត្យ ការដ្ឋានម្តងៗ ។

ជាងនេះទៅទៀត តាម៉ុក ក៏បានសាងសង់ទំនប់ទឹកថ្មីមួយដែលមានឈ្មោះ ថា “ទំនប់ថ្មី” ដែលស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែង ។ តាម៉ុក មានគម្រោងជីកប្រឡាយទឹកដ៏វែងមួយ ដែលហូរព័ទ្ធជុំវិញស្រុកអន្លង់វែង ទាំងមូល និងប្រឡាយទឹកតូចៗជាច្រើនផ្សេងទៀត ដើម្បីផ្គត់ផ្គង់ទឹកទៅកាន់ភូមិ ទាំងអស់ សម្រាប់ធ្វើស្រែចម្ការ ។២២០

ជម្លោះខាងក្រៅ៖ ការប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងរបស់ រដ្ឋាភិបាល

រដ្ឋកម្ពុជា និងក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានប៉ុនប៉ងជាច្រើនដង ដើម្បីវាយដណ្តើមកាន់កាប់អន្លង់វែង ប៉ុន្តែមិនទទួលបានជោគជ័យ ។ នៅដើមឆ្នាំ ១៩៩៣ កងកម្លាំងរបស់រដ្ឋាភិបាលនៃរដ្ឋកម្ពុជាបានវាយចូល និងកាន់កាប់បាន អន្លង់វែង ដើម្បីទប់ស្កាត់ការលុកលុយរបស់ខ្មែរក្រហមចូលទៅក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងនេះក្តី ជ័យជម្នះរបស់កងកម្លាំងរដ្ឋកម្ពុជាគ្រាន់តែជាជ័យជម្នះ បណ្តោះអាសន្នមួយតែប៉ុណ្ណោះ ។ ដោយប្រឈមមុខនឹងការបាត់បង់តំបន់អន្លង់វែង តាម៉ុក បានបញ្ជាឱ្យប្រជាជនដុតផ្ទះសម្បែងខ្លួនឯងចោល ។ តាម៉ុក ក៏បានបញ្ជាឱ្យ ដុតឈើដែលបានកាប់រួចចោលដែរ ដោយសារតែគាត់មិនអាចដឹកជញ្ជូនឈើទាំងអស់នោះទៅកាន់ ប្រទេសថៃទាន់ពេលវេលា ។ ការដុតបំផ្លាញឈើនេះ បាន បង្កើតឱ្យមានវាលធំល្វឹងល្វើយដែលគ្របដណ្តប់ ទៅដោយផេះពណ៌ស ។ ណន ដែលជាអ្នកភូមិមួយរូបបាននិយាយថា ”ឈើជាច្រើនម៉ឺនម៉ែត្រគូបនៅលើដីទំហំ មួយគីឡូម៉ែត្រការ៉េ នៅភូមិស្រះឈូក ត្រូវបានដុតកម្ទេច ។ ទីនោះបានក្លាយទៅជា វាលផេះពណ៌ស ។ ឈើដែលបានឆេះគឺជាឈើប្រណីត” ។២២១ តាម៉ុក បាន ដឹកនាំប្រជាជនឡើងភ្នំដងរែក និងឆ្លងដែនទៅប្រទេសថៃ ។ កម្លាំងរបស់រដ្ឋាភិបាល បានកាន់កាប់ទីតាំងនៅតាមជើងភ្នំក្បែរច្រកព្រំដែនជាំសាង៉ាំ និងតំបន់អន្លង់វែង ប្រហែលមួយខែកន្លះ ។
ជីវ ចាន់ ដែលជាអតីតនីរសាររបស់វន វ៉េត (ឧបនាយករដ្ឋមន្ត្រីនៃរបប កម្ពុជាប្រជាធិបតេយ្យ និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច) បាននិយាយថា ជីវិត គឺ ពោរពេញទៅដោយការលំបាកវេទនា នៅក្នុងជម្លោះឆ្នាំ១៩៩៣-១៩៩៤ ៖
ខ្ញុំបានស្ពាយកូននៅពីក្រោយខ្នង ហើយរត់ឡើងភ្នំដងរែក ។ ផ្ទះដែលទើប តែសង់ថ្មីរបស់ខ្ញុំ ត្រូវបានដុតបំផ្លាញចោលរាបដល់ដី នៅសល់តែសម្បកខ្ចៅខ្យង ។ យើងបានរត់ភៀសខ្លួនទៅប្រទេសថៃ ។ ដោយសារតែគ្មានមធ្យោបាយដឹកជញ្ជូន ប្រពន្ធខ្ញុំ និងខ្ញុំ បានដឹកគោ ជញ្ជូនកូន និងសម្ភារៈផ្សេងៗឡើងលើភ្នំ ។២២២
បន្ទាប់ពីការកាន់កាប់មួយរយៈពេលខ្លីពីកម្លាំងរបស់រដ្ឋាភិបាល ខ្មែរក្រហម បានវាយបកមកវិញនិងបានកាន់កាប់ អន្លង់វែងសាជាថ្មី ។ នៅពេលធ្វើដំណើរ ត្រឡប់មកវិញខ្មែរក្រហមបានឃើញសាកសពស្អុយរលួយ ជាច្រើននៅកណ្តាល វាល ។ ប្រជាជននាំគ្នាដើរប្រមូលសាកសពទាំងអស់នោះមកដុតចោល ។២២៣ ក្រោយពីសម្អាតសាកសព និងឈរជើងបានរឹងមាំឡើងវិញហើយប្រជាជន ចាប់ផ្តើមសង់ផ្ទះសាជាថ្មី ។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៩៤ កងយោធពលខេមរភូមិន្ទ ដែលជាកងកម្លាំងរដ្ឋាភិបាលចម្រុះរវាង គណបក្សប្រជាជនកម្ពុជា២២៤ និងគណបក្សហ្វ៊ុនស៊ិនប៉ិច បានបើកការវាយប្រហារក្នុងទ្រង់ទ្រាយធំម្តងទៀត និងបានកាន់កាប់តំបន់អន្លង់វែង រយៈពេលខ្លី ។ ជាថ្មីម្តងទៀតកម្លាំងរបស់ខ្មែរក្រហម និងប្រជាជននៅអន្លង់វែង ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនទៅប្រទេសថៃ ។២២៥ ទោះជាយ៉ាងនេះក្តីម្តងនេះខ្មែរក្រហមអាចវាយដណ្តើមយកតំបន់ អន្លង់វែងវិញនៅក្នុងរយៈពេលពីរ សប្តាហ៍ ។២២៦ កងយោធពលខេមរភូមិន្ទជួបប្រទះនឹងការលំបាកជាខ្លាំង ដោយសារ តែតំបន់នោះនៅឆ្ងាយដាច់ស្រយាល និងគ្របដណ្តប់ទៅដោយព្រៃឈើក្រាស់ៗ និងគ្រាប់មីន ។ កងយោធពលខេមរភូមិន្ទទទួលរងគ្រោះពីការវាយប្រហាររបស់ ខ្មែរក្រហម គ្រាប់មីននិងការផ្គត់ផ្គង់ស្បៀងអាហារ មិនគ្រប់គ្រាន់ ។ ការវាយ ប្រហារគ្នាទៅវិញទៅមករវាងកម្លាំងរដ្ឋាភិបាល និងខ្មែរក្រហម បានកើតឡើង ជាប់ជានិច្ច នៅក្នុងរយៈពេលជាង៨ឆ្នាំ ដែលធ្វើឱ្យបទពិសោធនៃការចូលកាន់កាប់តំបន់ ការរត់ភៀសខ្លួន និងការដណ្តើមកាន់កាប់ សាជាថ្មីក្លាយទៅជាផ្នែកមួយ នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតំបន់អន្លង់វែង ។២២៧
ដោយសារខ្វះខាតអាវុធដើម្បីការពារតំបន់កាន់កាប់របស់ខ្លួនមកដល់ ដំណាក់កាលនេះ ខ្មែរក្រហមបានចាប់ផ្តើមច្នៃគ្រឿងសព្វាវុធ និងគ្រាប់មីន ដោយ ខ្លួនឯង ដោយធ្វើពីសម្បកដប និងកំប៉ុង ។ សូម្បីតែសម្បកដកទឹកក្រូចធម្មតា ក៏អាចក្លាយទៅជាអាវុធដ៏គ្រោះថ្នាក់មួយបានដែរ ។២២៨ ខ្មែរក្រហម ក៏បានពឹងផ្អែក យ៉ាងខ្លាំងទៅលើចម្រូងធ្វើពីឫស្សីដែរ ។ វិធីសាស្ត្រទាំងអស់នេះ បានជួយឱ្យ ខ្មែរក្រហមនៅតំបន់អន្លង់វែង អាចបន្តការប្រយុទ្ធជាមួយកងយោធពលខេមរភូមិន្ទ រហូតដល់ចុងឆ្នាំ១៩៩៨ ។

បន្សុទ្ធកម្មផ្ទៃក្នុង៖ សាច់ហើមសាច់ស្អុយ
នៅក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ វាជារឿងធម្មតា ដែលកម្មាភិបាលខ្មែរក្រហមក៏ដូចជា ប្រជាជនសាមញ្ញ ត្រូវបានចាប់ខ្លួន និងដាក់ឃុំឃាំង នៅក្នុងគុក ។ របបនេះបានដាក់ចេញនូវផែនការសេដ្ឋកិច្ចមួយ ដែលមិនអាច សម្រេចបាន ហើយនៅពេលដែលផែនការមិនទទួលបានលទ្ធផលតាមការកំណត់មនុស្សម្នាក់ នឹងត្រូវបានដាក់ឱ្យទទួលខុសត្រូវ ។ នៅក្នុងកាលៈទេសៈបែបនេះ កម្មាភិបាលខ្មែរក្រហមថ្នាក់ក្រោម និងថ្នាក់កណ្តាល បានចោទប្រកាន់គ្នាទៅវិញ ទៅមក និងបានចោទប្រជាជនសាមញ្ញ ដើម្បីបំពេញតាមការទាមទាររបស់អង្គការ ក្នុងការស្វែងរកសត្រូវខាងក្នុងភ្នាក់ងារស៊ើបការណ៍សម្ងាត់និងជនដែលធ្វើវិទ្ធង្សនា។ ទោះបីជារបបកម្ពុជា ប្រជាធិបតេយ្យ ដែលដឹកនាំដោយបក្សកុម្មុយនីស្តកម្ពុជា បានដួលរលំនៅឆ្នាំ១៩៧៩ ហើយយ៉ាងណាក៏ដោយ ក៏ការអនុវត្តបែបកុម្មុយនីស្ត ដូចជា ការធ្វើបន្សុទ្ធកម្មទៅលើកម្មាភិបាលគ្រប់លំដាប់ថ្នាក់នៅតែត្រូវបានបន្ត អនុវត្តន៍រហូតដល់ថ្ងៃចុងក្រោយនៃចលនាខ្មែរក្រហមនៅក្នុងតំបន់អន្លង់វែង ។
ប្រជាជន និងកងទ័ព ដែលត្រូវបានចាប់ឃុំឃាំង ឬយកទៅសម្លាប់ចោល ត្រូវបានហៅថា “សាច់ហើមសាច់ស្អុយ” ដែលសំដៅទៅលើជនទាំងឡាយណា ដែលមាននិន្នាការប្រឆាំងទៅនឹងថ្នាក់ដឹកនាំខ្មែរក្រហមឬជនដែលមានបំណងចង់ ផ្តាច់ខ្លួនចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ពាក្យនេះក៏សំដៅទៅលើជនទាំងឡាយណាដែលត្រូវបានចាត់ទុកថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់វៀតណាម ឬភ្នាក់ងារបស់បរទេស ។ ការឃោសនានយោបាយបានធ្វើ ឱ្យមានការជឿជាក់ថា មានភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលបង្កប់ខ្លួននៅក្នុងជួរចលនាខ្មែរក្រហម និង ដែលមានបំណងចង់បំផ្លិចបំផ្លាញចលនាខ្មែរក្រហមនៅអន្លង់វែង ។
ពាក្យ “សាច់ហើមសាច់ស្អុយ” នេះ ក៏ត្រូវបានប្រើសម្រាប់ដើម្បីកំណត់អត្តសញ្ញាណសត្រូវផ្សេងៗគ្នា ជាច្រើនទៀតដែរ ។ កងទ័ព និងប្រជាជនដែល ផ្តាច់ខ្លួនចេញពីក្រុមនយោបាយផ្សេងដែលត្រូវបានបង្កើតឡើង បន្ទាប់ពីឆ្នាំ១៩៧៩ ដូចជារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងក្រុមរាជានិយមហ្វ៊ុនស៊ិនប៉ិច ក៏ត្រូវបានចាត់បញ្ចូល ទៅក្នុងប្រភេទ “សាច់ហើមសាច់ស្អុយ” ។ ជាងនេះទៅទៀតប្រជាជនដែលប្រព្រឹត្តខុសសីលធម៌ ឬអំពើទាំងឡាយដែលប្រឆាំងនឹងមេដឹកនាំ ឬពាក់ព័ន្ធនឹងជំនួញដែលត្រូវបានហាមឃាត់ក៏ត្រូវបានចាត់ទុកថា ជាប្រភេទ “សាច់ហើមសាច់ស្អុយ” ។
ភូមិទួលគ្រួស គឺជាភូមិមួយដែលត្រូវបានស្គាល់ថា ជាកន្លែងសម្រាប់ ប្រមូលផ្តុំ “សាច់ហើមសាច់ស្អុយ” ដែលត្រូវបានចាប់យកមកពីគ្រប់អង្គការ នយោបាយទាំងអស់នៅអន្លង់វែង ។ ភូមិនេះ គឺជាភូមិដាច់ស្រយាល នៅក្នុងព្រៃ ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីរួមស្រុកអន្លង់វែង ។ ភូមិនេះ ត្រូវបានរៀបចំឡើងជាជំរំ ប្រមូលផ្តុំ និងជាជំរំសម្រាប់សម្លាប់ប្រជាជនទាំងឡាយណា ដែលត្រូវបានចាត់ទុកថា ជា “សាច់ហើមសាច់ស្អុយ” ឬនិយាយម្យ៉ាងទៀតសម្រាប់ ប្រជាជនដែលបានប្រព្រឹត្តកំហុសឆ្គង និងត្រូវទទួលទោស ។ សាត គឺជាប្រធានភូមិ ទួលគ្រួស ហើយ លន់ សេង គឺជាអនុប្រធាន ។ សាត ទទួលបញ្ជាពីតាម៉ុក ក្នុងការ ចាប់ខ្លួនជនទាំងឡាយណា ដែលត្រូវបានចាត់ទុកថាជាជំពូក “សាច់ហើមសាច់ ស្អុយ”។ នៅភូមិទួលគ្រួសមានគុកក្រោមដីមួយដែលគ្រប់គ្រង ដោយ ម៉េន ។ភូមិទួលគ្រួស ក៏ត្រូវបានស្គាល់ថា ជា “ភូមិចិនយំ” ។ ជនជាតិចិនដែលរស់នៅប្រទេសកម្ពុជាអស់ជាច្រើនជំនាន់ មកហើយនោះ តែងតែប្រកបអាជីវកម្ម សហគ្រាសឬអាជីវកម្មឯកជនដែលប្រជាជនកម្ពុជាទូទៅមិនសូវ ប្រកបរបរបែបនេះ ទេ ។ ដោយសារអាជីវកម្មឯកជនត្រូវបានហាមប្រាមនៅក្នុងរបបកម្ពុជាប្រជា ធិបតេយ្យ និងនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅអន្លង់វែង ជនទាំងឡាយណាដែលត្រូវបានចាប់បានពីបទ ប្រកបអាជីវកម្មទាំងនេះ ត្រូវបានចាត់ទុកថា ជាអ្នកជំនួញជនជាតិចិន ហើយជាលទ្ធផលជននោះនឹង ត្រូវទទួលទណ្ឌកម្ម ។ នៅ អន្លង់វែង ប្រជាជនណាដែលប្រកបរបររកស៊ីរបៀបជនជាតិចិន នឹងត្រូវចាប់ខ្លួន ហើយបញ្ជូនទៅភូមិទួលគ្រួស ។ ប្រជាជននៅក្នុងភូមិនេះ តែងតែស្រែកយំខ្លាំងៗ ហើយសំឡេង និងការរើសអើងទៅលើ “អ្នកជំនួញជនជាតិចិន” បានក្លាយទៅជា ផ្នែកមួយនៃឈ្មោះរបស់ភូមិនេះ ។

មឹប មុំ បានរំលឹកអំពីរឿងរ៉ាវរបស់គាត់ ដែលត្រូវចោទប្រកាន់ថា ជា “សាច់ហើមសាច់ស្អុយ” ថា៖
ប្តីរបស់ខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិមុខ ។ នៅខាងក្រោយធ្វើស្រែចម្ការ និងជួយផលិតចម្រូង ។ គេមិនឱ្យយើងរកស៊ីជួញដូរទេ ។ ប៉ុន្តែខ្ញុំបានធ្វើនំបញ្ចុកលក់។ ប្តី និងបងប្រុសរបស់ខ្ញុំចេះនិយាយភាសាថៃ ។ មេបញ្ជាការរបស់ពួកគាត់បាន អនុញ្ញាតឱ្យពួកគាត់ឆ្លងដែនទៅក្នុងទឹកដីថៃ ដើម្បីទិញសម្លៀកបំពាក់ផ្ញើប្រពន្ធ នៅ ពេលពួកគាត់ជិតត្រឡប់មកផ្ទះវិញ ។ បន្ទាប់ពីទទួលបានសម្លៀកបំពាក់ និងសម្ភារៈ ផ្សេងៗទៀត ខ្ញុំបានដើរកាត់ព្រៃដើម្បីយកវាទៅលក់នៅភូមិផ្សេងទៀត ។ ខ្ញុំត្រូវបាន ចាប់ខ្លួន និងត្រូវបានចាត់ទុកថា ជា“សាច់ហើមសាច់ស្អុយ” ។ ប្រសិនបើយើងមិនបាន ផ្តាច់ខ្លួនឱ្យបានឆាប់ទេ ម្ល៉េះខ្ញុំត្រូវបានយកទៅសម្លាប់ចោលបាត់ទៅហើយ ។២២៩
ដូចប៉ុន្មានឆ្នាំមុនៗដែរ បន្សុទ្ធកម្ម និងការចាប់ខ្លួន ហាក់ដូចជាកើតឡើង ជាបន្តបន្ទាប់ ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅពេលដែលជម្លោះតាមព្រំដែន រវាងវៀតណាម និងកម្ពុជាប្រជាធិបតេយ្យកាន់តែមានភាពតានតឹងឡើង ចំនួន មនុស្សដែលត្រូវបានចាប់ខ្លួនបានកើនឡើងយ៉ាងខ្លាំង ។ ដូចគ្នាដែរ នៅពេលដែល ចំនួនប្រជាជនផ្តាច់ខ្លួន បានកើនឡើងការបែកបាក់នៅក្នុងជួរមេដឹកនាំខ្មែរក្រហម ក៏កាន់តែតានតឹងឡើងដែរ ដែលនាំទៅដល់យុទ្ធនាការនៃការចាប់ខ្លួន និងសម្លាប់។
តាម៉ុក បានហៅកងទ័ពដែលរត់ចេញពីកងពល៥១៩ មកតំបន់អន្លង់វែង ថា ជា “ពួកប៉ារ៉ាទីពីរ” ដែលសំដៅទៅលើកងទ័ពរបស់ហ្វ៊ុនស៊ិនប៉ិច និងឯកសណ្ឋាន យោធាប៉ារ៉ា ។
កងទ័ពភាគច្រើននៅក្នុងកងពលនេះ បានផ្តាច់ខ្លួនចុះចូលជាមួយ រាជរដ្ឋាភិបាលនៅឆ្នាំ១៩៩៦ ជាមួយអៀង សារី ។២៣០ មេបញ្ជាការមួយចំនួន និងកងទ័ពប្រហែលមួយរយនាក់នៅក្នុងកងពល៩៨០ ក៏ត្រូវបានចាត់ទុកថា ជា ជំពូក “សាច់ហើមសាច់ស្អុយ” ។ អ្នកទាំងអស់នោះរួមមាន យឹម ផាន់ណា, យឹម សាន, នួន ជ្រឿន, លី ស៊ុន និងពើយ សារឿន ។ ទោះជាយ៉ាងនេះក្តី តាម៉ុក មិនបានបញ្ជូន ជនទាំងអស់នោះទៅកាន់ភូមិទួលគ្រួសទេ ដោយសារតែអ្នកទាំងនោះនៅមាន ការគោរព និងការស្មោះស្ម័គ្រពីសំណាក់កងទ័ពនៅក្នុងកងពលរបស់ខ្លួន ។ ផ្ទុយ ទៅវិញ តាម៉ុក បានបញ្ជូនអ្នកទាំងនេះ ទៅកាន់សមរភូមិគ្រោះថ្នាក់បំផុតនៅ ក្នុងខេត្តព្រះវិហារ ដែលនៅទីនោះមេបញ្ជាការទាំងនេះបានជួបប្រយុទ្ធគ្នាយ៉ាង ញឹកញប់ជាមួយកងកម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ។២៣១

ជំពូក១១
ចំណុចចាប់ផ្តើមនៃទីបញ្ចប់
ជម្លោះផ្ទៃក្នុងនៅក្នុងជួរមេដឹកនាំខ្មែរក្រហម

មានហេតុផលជាច្រើន ចំពោះការបែកបាក់ និងឈានទៅរកជម្លោះផ្ទៃក្នុងដែលកើតឡើងនៅក្នុងថ្ងៃចុងក្រោយ នៃចលនាខ្មែរក្រហម ។ ការសម្រេចចិត្តថា តើគួរចូលរួមនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ឬយ៉ាងណា បានបង្កភាពតានតឹង នៅ ក្នុងចំណោមមេដឹកនាំខ្មែរក្រហម ។ ប៉ុល ពត ប្រកាន់ខ្ជាប់នូវគំនិតដែលថា កងកម្លាំង និងចារកិច្ចរបស់វៀតណាមបានជ្រាបចូលទៅក្នុងប្រព័ន្ធរដ្ឋបាលទាំងអស់របស់ រដ្ឋកម្ពុជា។ ជាងនេះទៅទៀត ប៉ុល ពតនៅតែជឿជាក់ថាខ្មែរក្រហមអាចដណ្តើមយក កម្ពុជាម្តងទៀតបាន។ ទស្សនៈរបស់ប៉ុល ពត ហាក់មិននៅឆ្ងាយប៉ុន្មានពីការពិតទេ។
ស្ទើរតែភ្លាមៗ បន្ទាប់ពីវៀតណាម បានដកកងទ័ពជាចុងក្រោយចេញពី ប្រទេសកម្ពុជា នៅឆ្នាំ១៩៨៩ សមរភូមិជាយុទ្ធសាស្ត្រសម្រាប់ជោគវាសនា ប្រទេស កម្ពុជាបានផ្លាស់ប្តូរពីដំណាក់កាលយោធាមកដំណាក់កាល នយោបាយវិញ ។ ជា ការពិតណាស់ កម្លាំងកងទ័ពរបស់ភាគីទាំងអស់មានឥទ្ធិពលទៅលើទិដ្ឋភាព នយោបាយ ។ និយាយម្យ៉ាងទៀតអំណាចនយោបាយរបស់ភាគីមួយត្រូវបាន បង្ហាញតាមរយៈការគ្រប់គ្រងទៅលើប្រជាជន ក៏ដូចជាអង្គការយោធារបស់ខ្លួន ។ ប៉ុន្តែទោះបីជាកម្លាំងទ័ពពិតជាមានឥទ្ធិពលទៅលើការទទួលបានការគាំទ្រនៅ ក្នុងការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិយ៉ាងណា ក៏ដោយក៏ជ័យជម្នះជាយុទ្ធសាស្ត្រ មិនមែនស្ថិតនៅលើការប្រយុទ្ធនៅតាមសមរភូមិ នោះទេ ប៉ុន្តែស្ថិតនៅក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ។
ភាគីចម្បងៗនៅក្នុងការតស៊ូអំណាចនេះ ដែលរួមមានភាគីគណបក្ស ប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ បានមើលឃើញការពិតនេះ និងបានត្រៀមខ្លួនប្រកួតប្រជែង ដើម្បីទទួលបានអំណាច នយោបាយនេះទាំងមុន និងក្រោយការបោះឆ្នោត ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំ ខ្មែរក្រហម មើលឃើញថា សម្ព័ន្ធភាពរបស់គណបក្សទាំងបីខាងលើគ្រាន់តែជាការ សមគំនិតមួយរបស់អន្តរជាតិតែប៉ុណ្ណោះ ។
សម្រាប់ប៉ុល ពត ការចូលរួមនៅក្នុងការបោះឆ្នោត ប្រៀបដូចជាការ យកក្បាលខ្លួនឯងទៅដាក់ក្នុងមាត់ខ្លា ។ ថ្នាក់ដឹកនាំខ្មែរក្រហម បានធ្វើពហិការ មិនចូលរួមនៅក្នុងការបោះឆ្នោត ។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៩៣ គឺ៦សប្តាហ៍ មុនការបោះឆ្នោត ខ្មែរក្រហមបានបិទការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ និងបានដកកម្មាភិបាលរបស់ខ្លួនត្រឡប់មកតំបន់ដែលខ្លួនគ្រប់គ្រងវិញ ។ ខ្មែរក្រហម បានបិទច្រកចេញចូលទៅកាន់តំបន់កាន់កាប់របស់ខ្លួនទាំងអស់ និងបានបដិសេធ មិនទម្លាក់អាវុធ ។
មេដឹកនាំខ្មែរក្រហមក៏បានហាមប្រជាជន និងកងទ័ពដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួនមិនឱ្យទៅបោះឆ្នោត ។ មេដឹកនាំខ្មែរក្រហម បានណែនាំ ប្រជាជនរបស់ខ្លួនថា “បើចូលរួមយើងស្លាប់លឿន បើមិនចូលរួមយើងស្លាប់យឺត”។២៣២ ដោយសារហេតុផលនេះ ខ្មែរក្រហម បានសម្រេចចិត្តបន្តការតស៊ូរបស់ខ្លួនប្រឆាំងនឹងរាជរដ្ឋាភិបាល កម្ពុជា ដែលទើបជាប់ឆ្នោតថ្មីបន្តទៀត ។២៣៣
បន្ទាប់ពីជោគជ័យនៅក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការ សហប្រជាជាតិ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលកម្ពុជា ដែលកើតឡើងដោយការ បោះឆ្នោតប្រកបដោយប្រជាធិបតេយ្យត្រូវបានបង្កើតឡើងដោយមិនបាន ផ្តល់គុណសម្បត្តិអ្វីទាំងអស់ដល់ចលនាខ្មែរក្រហម ។ ម្យ៉ាងខ្មែរក្រហមមានឱកាសតិចតួចណាស់ក្នុងការទទួលបាន ការគាំទ្រផ្នែកនយោបាយ បើប្រៀបធៀបទៅនឹង ការគាំទ្រផ្នែកយោធា ។ ម្យ៉ាងទៀត លទ្ធភាពដែលខ្មែរក្រហម អាចគ្រប់គ្រង អំណាចបានវិញ គឺស្ទើរគ្មានទាល់តែសោះ ។
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៤ រដ្ឋសភាជាតិកម្ពុជា បានអនុម័តិច្បាប់ស្តីពី “ការដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់” ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែ កក្កដា ។២៣៤ ច្បាប់នេះផ្តោតទៅលើតែមេដឹកនាំខ្មែរក្រហម និងកងទ័ពខ្មែរក្រហម តែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលប្រជាជនសាមញ្ញែដលរស់នៅក្រោមការគ្រប់គ្រង របស់ខ្មែរក្រហមទេ ។ នៅក្រោមច្បាប់នេះ អង្គការខ្មែរក្រហម ត្រូវបានចាត់ទុកថា ជាអង្គការខុសច្បាប់ ហើយមេដឹកនាំខ្មែរក្រហមអាចប្រឈមមុខនឹងការកាត់ទោស ឱ្យជាប់គុកពី១០ឆ្នាំទៅមួយជីវិត ។២៣៥

ប៉ុល ពត ជឿជាក់ថា មិនមានសង្ឃឹមសម្រាប់ដំណោះស្រាយសន្តិភាព និង ការផ្សះផ្សាទៅថ្ងៃអនាគតទេ ។ ដូច្នេះ មេដឹកនាំខ្មែរក្រហមបានសម្រេចថា ជម្រើស តែមួយគត់គឺបន្តការធ្វើសង្គ្រាម ។ នៅក្នុងដំណាក់កាលនេះ ខ្មែរក្រហមបន្តរស់នៅ ដោយភាពភ័យខ្លាច ហើយក៏មិនស្ថិតនៅក្នុងស្ថានភាពមួយរឹងមាំនោះដែរ ។ អតីត សម្ព័ន្ធមិត្តនយោបាយពីររបស់ខ្មែរក្រហម គឺហ្វ៊ុនស៊ិនប៉ិច និងរណសិរ្សជាតិរំដោះ ប្រជាពលរដ្ឋខ្មែរ២៣៦ ត្រូវអនុវត្តន៍តាមកាតព្វកិច្ចដែលមានចែងនៅក្នុងសន្ធិសញ្ញា សន្តិភាពទីក្រុងប៉ារីស និងមិនអាចបន្តសហការជាមួយ ខ្មែរក្រហមបានទៀតទេ ។
ការផ្តាច់ជំនួយអន្តរជាតិបន្ទាប់ពីឆ្នាំ១៩៩៣ បានជំរុញឱ្យមេដឹកនាំ ខ្មែរក្រហមធ្វើវិមជ្ឈការកម្លាំងរបស់ខ្លួន ។ ដូចដែលបានលើកឡើងខ្មែរក្រហម បានបាត់បង់ជំនួយបរទេសស្ទើរតែទាំងអស់ បន្ទាប់ពីឆ្នាំ១៩៩១ ។ ក្រៅពីអាជីវកម្ម ក្រៅផ្លូវការជាមួយថៃ ខ្មែរក្រហមរស់នៅដោយពឹងផ្អែកទាំងស្រុងទៅលើធនធាន ដែលខ្លួនមាន ។២៣៧នៅពេលកម្លាំងខ្មែរក្រហមទទួលបន្ទុកកាន់តែធ្ងន់ជាងមុន សម្រាប់ជីវភាពរស់នៅរបស់ខ្លួន ជម្លោះផ្នែកសេដ្ឋកិច្ច និងក្រោយមកជម្លោះ នយោបាយ បានកើតឡើងនៅក្នុងចលនានេះ ។ ដោយត្រូវរស់នៅដោយខ្លួនឯង ចលនាខ្មែរក្រហមបានបែកបាក់ទៅជាក្រុមតូចៗនៅតាមតំបន់ផ្សេងៗ ដែលបានបង្កើតជាបក្ខពួកនិយម ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានឆ្លៀតឱកាសទាញយកប្រយោជន៍ពីការបែកបាក់នេះដោយជំរុញឱ្យមាន ការផ្តាច់ខ្លួន ។ នៅពេល ដែលការផ្តាច់ខ្លួនកាន់តែកើនឡើង មេដឹកនាំខ្មែរក្រហមកាន់តែធ្លាក់ចូលទៅក្នុង ភាពឯកោ និងចាប់ផ្តើមសង្ស័យគ្នាទៅវិញទៅមក ។ ជាលទ្ធផលមេដឹកនាំ ខ្មែរក្រហម ចាប់ផ្តើមវាយប្រហារគ្នា ។
ក្នុងចំណោមក្រុមខ្មែរក្រហមទាំងអស់ តាម៉ុក គឺជាមេដឹកនាំដែលជោគជ័យជាងគេនៅក្នុងការរៀបចំសេដ្ឋកិច្ច អន្លង់វែងឡើងវិញ ដែលអាចរស់រានបានដោយ មិនពឹងផ្អែកទៅលើជំនួយបរទេស ។ តាម៉ុកមិនចង់ពឹងផ្អែកទៅលើ មេដឹកនាំខ្មែរក្រហមផ្សេងទៀតសម្រាប់ការរស់នៅរបស់ខ្លួនឡើយ ។ គឹម ណន បានរំលឹក សម្តីរបស់តាម៉ុក ថា ”នឹងមិនសុំលុយពីអ្នកណាម្នាក់ទេ ។ មានលុយជាច្រើននៅ ភាគ ខាងលិច ។ ប៉ុល ពត មានលុយច្រើនណាស់ ។ ប៉ុន្តែនឹងមិនសុំជំនួយពីគាត់ទេ”។២៣៨
ទោះជាយ៉ាងនេះក្តីការសម្រេចចិត្តនេះមិនមែនជាបំណងប្រាថ្នារបស់ ប្រជាជននៅអន្លង់វែងទេ ។ ប្រជាជនភាគច្រើន ដែលរស់នៅតំបន់អន្លង់វែង បានលះបង់ពេលវេលាស្ទើរពេញមួយជីវិតរបស់ខ្លួនចូលរួម ក្នុងចលនាតស៊ូកុម្មុយនីស្ត ។ ប្រជាជនមួយចំនួនបានចូលរួមជាមួយខ្មែរក្រហមតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ ។ ដូច្នេះប្រជាជនទាំងនោះបានចូល បម្រើខ្មែរក្រហមអស់រយៈពេលជាង២០ឆ្នាំ ។ បន្ទាប់ពីរយៈពេលជាង២០ឆ្នាំ នៃការធ្វើសង្គ្រាមសូម្បីតែកម្មាភិបាល ខ្មែរក្រហម ដែលរឹងរូសបំផុតក៏បានចោទសួរអំពីលទ្ធផលនៃការបន្តធ្វើសង្គ្រាមដែរ ។
កត្តាធំបំផុតនៃជម្លោះផ្ទៃក្នុងរបស់ខ្មែរក្រហម គឺការផ្តាច់ខ្លួនក្នុងទ្រង់ទ្រាយធំរបស់កម្លាំងខ្មែរក្រហមសេសសល់ នៅតំបន់ម៉ាឡៃ និងប៉ៃលិន ។ នៅខែតុលា ឆ្នាំ ១៩៩៦ អៀង សារី បានដឹកនាំកងទ័ពជាង៣ពាន់នាក់ នៅតំបន់ប៉ៃលិន និងម៉ាឡៃ ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ។២៣៩ ពិធីផ្តាច់ខ្លួនជាផ្លូវការ ត្រូវបានប្រារឰ ធ្វើឡើងនៅប៉ៃលិន នៅថ្ងៃទី៦ និងនៅម៉ាឡៃ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ។ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ និងទៀ ចំរ៉ាត់ ដែលតំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងអៀង សារី, អ៊ីឈាន និងសុខ ភាព ដែលតំណាងឱ្យភាគី ខ្មែរក្រហម បានចូលរួមធ្វើជាអធិបតីនៅក្នុងពិធីនេះ ។ ក្រោយមកទៀត ការផ្តាច់ខ្លួនក្នុងទ្រង់ទ្រាយតូចផ្សេងៗទៀតបានចាប់ផ្តើម កើតឡើងជាបន្តបន្ទាប់ ។ ការផ្តាច់ខ្លួន ទាំងនោះរួមមាន ការផ្តាច់ខ្លួនរបស់ក្រុមខ្មែរក្រហម នៅសំឡូត២៤០ កងពល៥១៩ នៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយសូ ហុង និងឌុល សារឿន២៤១និង ក្រុមខ្មែរក្រហម នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។២៤២ កែវ សាន មេបញ្ជាការ ខ្មែរក្រហម នៅភ្នំស្រួច និងកែវ ពង្ស មេបញ្ជាការខ្មែរក្រហម នៅភ្នំឱរ៉ាល់ បាន ចុះចូលជាមួយរាជរដ្ឋាភិបាល តាំងពីដើមឆ្នាំ១៩៩៦ ។២៤៣ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ១៩៩៦ នី កន, សុន ឈុំ និងមាស មុត បានដឹកនាំការផ្តាច់ខ្លួនរបស់កម្លាំង ខ្មែរក្រហម នៅស្រុកកំរៀង ភ្នំព្រឹក្ស និងសំពៅលូន ចុះចូលជាមួយរាជរដ្ឋាភិបាល កម្ពុជា ។
ការផ្តាច់ខ្លួនទាំងអស់នេះ គឺជាកត្តាចម្បងមួយ ដែលបានបង្ហាញឱ្យឃើញ ពីការធ្លាក់ចុះនៃចលនាខ្មែរក្រហម ។ ការផ្តាច់ខ្លួន គឺជាការវាយបំបាក់ផ្នែកស្មារតី និងក៏ដូចជាការផ្តួលរំលំផ្នែកយោធា ។ នៅទីបំផុតការផ្តាច់ខ្លួននេះ បានបង្កឱ្យមាន ការបែកបាក់ផ្ទៃក្នុងនៅក្នុងរង្វង់មេដឹកនាំខ្មែរក្រហម ដែលនឹងនាំទៅដល់ការដួល រលំរបស់ចលនាខ្មែរក្រហម ។

ជំពូក១២
ជម្លោះរវាងប៉ុល ពត និងតាម៉ុក

ជម្លោះរវាងប៉ុល ពត និងតា ម៉ុក ចាប់ផ្តើមនៅពេលមានការផ្តាច់ខ្លួននៅ ប៉ៃលិន និងម៉ាឡៃ ។ ប៉ុល ពត ជឿជាក់ថា អៀង សារី, អ៊ី ឈាន និងសុខ ភាព អាច នឹងវិលត្រឡប់មកចូលរួមជាមួយចលនារបស់ខ្លួនវិញ ។ នៅដើមខែតុលា ឆ្នាំ១៩៩៦ ប៉ុល ពត បានបញ្ជាឱ្យតាម៉ុក និងនួន ជា ទៅដោះស្រាយបញ្ហាផ្តាច់ខ្លួននៅប៉ៃលិន និងម៉ាឡៃ ។
ទទួលបានបញ្ជារបស់ប៉ុល ពត តាម៉ុក និងនួន ជា បានធ្វើដំណើរទៅប៉ៃលិន ដោយពុំមានកងទ័ពទៅជាមួយទេ ។ មានតែអង្គរក្សពីរបីនាក់ប៉ុណ្ណោះ ដែលបាន អមដំណើរ តាម៉ុក និងនួន ជា ។ ប៉ុល ពត បានដឹងថា មេបញ្ជាការកងទ័ពរបស់ អៀង សារី បានកាន់កាប់សិទ្ធិកងទ័ពទាំងស្រុងនៅប៉ៃលិន ។ ដូច្នេះ ប្រសិនបើជម្លោះ កើតឡើង តាម៉ុក និងនួន ជា នឹងពិបាកក្នុងការវិលត្រឡប់មកវិញ ។២៤៤
តាម៉ុក និងនួន ជា មិនសម្រេចបានលទ្ធផលនៅក្នុងបេសកកម្មនេះទេ ដែលបានធ្វីឱ្យប៉ុល ពត ខឹងសម្បាទៅវិញ ។ តាម៉ុក និងនួន ជា មិនត្រឹមតែមិនអាច បញ្ចុះបញ្ចូលកម្លាំងខ្មែរក្រហមនៅប៉ៃលិន និងម៉ាឡៃឱ្យវិលត្រឡប់មកវិញបាន នោះទេ ថែមទាំងត្រូវបានបណ្តេញចេញពីតំបន់នោះថែមទៀតផង ។ អ្នកទាំងពីរ បានរត់មកសំឡូត ហើយបានជួបជាមួយសុន សេន ។ មេដឹកនាំទាំង៣រូប បានធ្វើ ដំណើរត្រឡប់មកអន្លង់វែងជាមួយគ្នាតាមប្រទេសថៃ ។ ម៉ៅ ដែលជាអង្គរក្សជំនិត របស់តាម៉ុក បានអៀវតាម៉ុក ដោយសារតាម៉ុក ពិការជើងម្ខាង និងមិនអាចដើរ ដោយខ្លួនឯងបាន ។ ជាការតបស្នងនូវភាពស្មោះត្រង់របស់កងទ័ព សុន សេន បានប្រគល់លុយមួយបង្វេចឱ្យ ទៅកងទ័ពទាំងនោះ ដែលបានជួយជូនពួកខ្លួនទៅដល់ ប្រទេសថៃ ដោយសុវត្ថិភាព ។ សហនាយករដ្ឋមន្ត្រី សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងសម្តេចហ៊ុន សែន បានស្នើសុំទៅអាជ្ញាធរថៃ ឱ្យចាប់ខ្លួនតាម៉ុក, នួន ជា និងសុន សេន ។ ប៉ុន្តែអាជ្ញាធរថៃ មិនបានធ្វើតាមសំណើនេះទេ ហើយតាម៉ុក, នួន ជា និងសុន សេន បានធ្វើដំណើរត្រឡប់មកអន្លង់វែងវិញដោយគ្មានឧបសគ្គ អ្វីទាំងអស់ ។
ពេលធ្វើដំណើរមកដល់ព្រំដែនថៃ ម៉ៅ (អង្គរក្សរបស់ តាម៉ុក) បានទូរស័ព្ទមកអន្លង់វែងដោយបានស្នើសុំឡានមួយ គ្រឿងមកទទួលតាម៉ុក, នួន ជា និងសុន សេន ត្រឡប់មកតំបន់កាន់កាប់វិញ ។ ជាជាងទទួលបានជំនួយ ម៉ៅ ត្រូវបាន ប៉ុល ពត បញ្ជាឱ្យទិញសាំង ដើម្បីដុតសម្លាប់មេដឹកនាំដែលជិះនៅក្នុងឡាននោះ ។ ម៉ៅ ស្គាល់តាម៉ុក តាំងពីនៅក្មេង និងបានបម្រើតាម៉ុក ស្ទើរពេញមួយជីវិតយុវវ័យ របស់គាត់ ។ ម៉ៅ បានបដិសេធមិនធ្វើតាមបញ្ជានេះទេ ។ ផ្ទុយទៅវិញ ម៉ៅ បានជួល រថយន្តមួយគ្រឿងពីថៃ ដើម្បីជូនមេដឹកនាំទាំងបីត្រឡប់មកអន្លង់វែងវិញ ។២៤៥

ប៉ុល ពត បានធ្វើដំណើរមកជួបតាម៉ុក នៅពេលដែលតាម៉ុក មកផ្ទះរបស់ គាត់នៅពើយតារួន ។ មេដឹកនាំទាំងពីរបានជួបគ្នាអស់រយៈពេលដ៏យូរ និងបាន ឈ្លោះប្រកែកគ្នាខ្លាំងៗ ។ ប៉ុល ពត បានចាប់ខ្លួន និងឃុំឃាំងតាម៉ុក, នួន ជា និង សុន សេន អស់រយៈពេល៦ខែ ចាប់ពីខែតុលា ឆ្នាំ១៩៩៦ ដល់ ខែកុម្ភៈ ឆ្នាំ១៩៩៧។ តាម៉ុក បានរំឭកថា ”ត្រូវបានឃុំខ្លួនអស់រយៈពេល៦ខែ ជាមួយនួន ជា និងសុនសេន ។ យើងស្ថិតនៅក្នុងបន្ទប់ងងឹត និងមិនត្រូវបានអនុញ្ញាតឱ្យដើរទៅណាទេ ។ គិតថា ប្រហែលជាគាត់ខ្លាចធ្លាយព័ត៌មានចេញទៅក្រៅ ។ មិននឹកស្មានថា គេចង់ សម្លាប់យើងសោះ” ។២៤៦
    
គណៈកម្មាធិការ១៩៖ មេដឹកនាំខ្មែរក្រហមជំនាន់ថ្មី

ទោះបីជាប៉ុល ពត ឃុំឃាំងមេដឹកនាំជាន់ខ្ពស់ទាំងបីយ៉ាងស្ងៀមស្ងាត់ នៅ ក្នុងអំឡុងពេលនោះ ប៉ុល ពត មិនបានសម្លាប់មេដឹកនាំទាំងនោះទេ ដែលអាចនឹង បង្កឱ្យមានជម្លោះ ។ ផ្ទុយទៅវិញ ប៉ុល ពតបានជ្រើសរើស ការដកហូតការគាំទ្រ (ជាពិសេសពីតាម៉ុក) ដោយបានស្នើឱ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅអន្លង់វែង ។ ប៉ុល ពត បានស្នើថា គ្រប់មេដឹកនាំខ្មែរក្រហមដែលមានវ័យចំណាស់ទាំងអស់ ដែលរួមទាំងតាម៉ុក និងខ្លួនគាត់ផង ត្រូវចូលនិវត្តន៍ និងទុកឱកាសឱ្យអ្នកដឹកនាំ ជំនាន់ក្រោយបន្តការតស៊ូ ។ មេដឹកនាំចាស់ទាំងអស់នឹងធ្វើ ជាទីប្រឹក្សារបស់ចលនា នេះ ។ នៅខែកុម្ភៈ ឆ្នាំ១៩៩៧ ប៉ុល ពត បានរៀបចំមហាសន្និបាតមួយ ដែលមាន អ្នកចូលរួមប្រមាណ៤០០នាក់ ដែលភាគច្រើន គឺជាមេបញ្ជាការកងទ័ព ។ គោល បំណងនៃមហាសន្និបាតនេះ គឺការពិភាក្សាអំពីការផ្ទេរអំណាចពីមេដឹកនាំចាស់ៗ ទៅឱ្យអ្នកជំនាន់ថ្មី ។
ការផ្ទេរអំណាចនឹងត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត ។ បេក្ខជនចំនួន១០រូបបានឈរឈ្មោះសម្រាប់ការបោះឆ្នោត ផ្ទេរអំណាចនេះ ដែលរួមមាន សូ សារឿន, មៀច សាន, ខឹម ងុន, ញាន, ហឿន និងខន ។ មៀច- សាន ដែលជាមេបញ្ជាការស្និទ្ធនឹងប៉ុល ពត ទទួលបានសំឡេងគាំទ្រច្រើនជាងគេ។ ទោះជាយ៉ាងនេះក្តី សាន បានសម្រេចចិត្តមិនប្រកួតប្រជែងជាមួយសារឿន ដែល ជាអតីតមេបញ្ជាការរបស់គាត់ និងដែលបានចូលបម្រើ បដិវត្តន៍មុនគាត់ ។ មេដឹកនាំ ជាន់ខ្ពស់ខ្មែរក្រហម បានពិភាក្សាគ្នា និងបានសម្រេចថា សូ សារឿន គឺជាមេដឹកនាំ ជំនាន់ថ្មីរបស់ចលនាខ្មែរក្រហម ។ ប៉ុន្តែ តាម៉ុក ចង់ឱ្យខឹម ងុន (ឬសមមិត្ត៤២) ដែល ជាមេបញ្ជាការស្និទ្ធនឹងគាត់ធ្វើជាមេដឹកនាំវិញ ។

បន្ទាប់ពីការបោះឆ្នោតនៅក្នុងមហាសន្និបាតរួចមក ប៉ុល ពត បានបង្កើត គណៈកម្មាធិការមួយដែលមានសមាជិក ១០នាក់ ។ គណៈកម្មាធិការនោះមាន ឈ្មោះថា “គណៈកម្មាធិការ១៩” ដែលដឹកនាំដោយសូ សារឿន ដែលបានក្លាយទៅ ជាអគ្គមេបញ្ជាការកងទ័ពនៅតំបន់អន្លង់វែង ។ ទីបញ្ជាការរបស់សារឿន មាន ទីតាំងនៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ សារឿន និងខឹម ងុន មិនចុះ សម្រុងនឹងគ្នាទេ ។ សារឿន មានបំណងចង់ប្រមូលផ្តុំអំណាច ដោយកម្ចាត់មេទ័ព ខ្លាំងៗ ដែលស្និទ្ធនឹងតាម៉ុក ។ មេទ័ពល្បីៗរបស់តាម៉ុក (ដូចជា ខឹម ងុន, ឡុង ទេម និងយឹម ផាន់ណា) នឹងត្រូវបានដកហូតសិទ្ធិកងទ័ព និងត្រូវបានតែងតាំងឱ្យកាន់ ការងាររដ្ឋបាលជំនួសវិញ ។
តាម៉ុក បានប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមនេះ ។ តាម៉ុក យល់ឃើញថា កិច្ចការទាំងអស់នេះ គឺជាយុទ្ធសាស្ត្ររបស់ប៉ុល ពត ក្នុងការប្រមូលផ្តុំអំណាចនៅ អន្លង់វែង ។២៤៧ នៅពេលកម្លាំងរបស់ប៉ុល ពត ត្រូវបានបញ្ជូនទៅក្នុងប្រទេសទៅ ធ្វើការតាមតំបន់ឆ្ងាយៗ កម្លាំងរបស់តាម៉ុក ភាគច្រើនឈរជើងនៅក្បែរតំបន់ អន្លង់វែង ។ ស្ថានភាពបែបនេះ អនុញ្ញាតឱ្យតាម៉ុក អាចរារាំងដំណើរការរបស់ គណៈកម្មាធិការ១៩ និងបន្តគ្រប់គ្រងអំណាចនៅអន្លង់វែង ។ បន្ទាប់ពីមហា សន្និបាត នៅខែកុម្ភៈនោះមក តាម៉ុក បានចាប់ផ្តើមធ្វើការចរចាសាជាថ្មីជាមួយ រាជរដ្ឋាភិបាល តាមរយៈគណបក្សហ្វ៊ុនស៊ិនប៉ិច ។ នៅក្នុងការចរចានេះ តាម៉ុក បានយល់ព្រមជាគោលការណ៍ថា ប៉ុល ពត នឹងមិនមានសំឡេងអ្វីទាំងអស់ នៅក្នុងកិច្ចចរចាសម្បទាននយោបាយជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ការសម្លាប់សុន សេន
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧ សុន សេន ដែលជាជនបដិវត្តន៍ដ៏យូរឆ្នាំ មួយរូបរបស់ ប៉ុល ពត ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ ។២៤៨ ជាងនេះទៅទៀត សមាជិកគ្រួសារ ចំនួន១០នាក់ទៀត ដែលរួមមានយ៉ុន យ៉ាត (ប្រពន្ធរបស់សុន សេន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំ និងសិក្សាជាតិ) កូនស្រីពីរនាក់ ចៅប្រុស អាយុ៥ឆ្នាំម្នាក់ អ្នកបើករថយន្តម្នាក់ និងនីរសារម្នាក់ ត្រូវបានសម្លាប់ទាំងអស់ ។ ការសម្លាប់សុន សេន គឺជាព្រឹត្តិការណ៍ចុងក្រោយ មួយនៃថ្ងៃចុងក្រោយនៃចលនា ខ្មែរក្រហម នៅអន្លង់វែង ។
នៅយប់នៃការសម្លាប់សុន សេន គឺប៉ុល ពត បានសុំឱ្យមានការប្រជុំមួយជាមួយសុន សេន ។ ប៉ុន្តែសុន សេន បានបដិសេធការប្រជុំនោះ ។ យ៉ុន យ៉ាត បានប្រាប់ ទៅនីរសារថា វាយប់ជ្រៅពេកហើយសុំពន្យារពេលប្រជុំទៅព្រឹក នៃថ្ងៃបន្ទាប់វិញ ។ ២៤៩ ប៉ុល ពត បានបញ្ជាឱ្យមេទ័ពរបស់គាត់ សូ សារឿន សម្លាប់សុន សេន និងប្រពន្ធ ដែលកំពុងស្នាក់នៅក្នុងផ្ទះដែលតាម៉ុក សង់ឱ្យនៅក្បែរពើយតារួន ។ សារឿនបានដឹកនាំកម្លាំងប្រមាណពី២០ ទៅ៣០នាក់ ទៅផ្ទះសុន សេន នៅវេលា ម៉ោងប្រហែល១១យប់ ។ កងទ័ពបានស្រែកហៅសុន សេន និងប្រពន្ធ ឱ្យចេញ មកខាងក្រៅផ្ទះ ហើយបានបាញ់សម្លាប់អ្នកទាំងពីរ ។២៥០ សារឿន បានអនុវត្តន៍ លើសពីបញ្ជារបស់ប៉ុល ពត ដោយបានសម្លាប់សាច់ញាតិរបស់សុន សេន ចោល ទាំងអស់ ។២៥១ មានការជឿជាក់ថា កូនស្រីទាំងពីររបស់សុន សេន ត្រូវបានរំលោភ មុននឹងសម្លាប់ ។ ឡិ រិន អតីតកងទ័ពនៅក្នុងកងពល៩១២ បានឃើញសាកសព របស់ស្ត្រីទាំងពីរ ដែលត្រូវបានទុកចោលអាក្រាតកាយ នៅលើផ្ទាំងថ្ម ដោយនៅ ខ្លួនមានតែខោក្នុងប៉ុណ្ណោះ ។២៥២ អាក្រក់ជាងនេះទៅទៀត កងទ័ពបានបើកឡាន កិនពីលើសាកសពទាំងនោះ ដែលបណ្តាលឱ្យសាកសពប្រេះលលាដ៏ក្បាល និង បាក់ដៃ ជើងជាបំណែក ។

សាកសពរបស់សុន សេន និងសាកសពក្រុមគ្រួសារទាំងអស់ ត្រូវបាន យកទៅបូជាជាមួយគ្នា នៅទីតាំងមួយ ដែលបច្ចុប្បន្នក្លាយទៅជាវត្តស្រះឈូក ។ ប្រជាជនរាប់រយនាក់ដែលរស់នៅក្បែរនោះ បានមកមើលការបូជាសពនេះ ។ បន្ទាប់ពីបូជារួច ឆ្អឹង និងផេះ ត្រូវបានកប់នៅក្បែរនោះ ។ កន្លែងបូជាសពនៅមិន ឆ្ងាយប៉ុន្មានពីចេតិយរបស់តាម៉ុក ទេ ។ ដោយសារតែមិនមានសញ្ញាសម្គាល់ ច្បាស់លាស់កន្លែងបូជានេះអាចត្រូវបានសម្គាល់តាមរយៈដំបូក ដីតូចៗពីរបីនៅទីនេះ ។២៥៣

បន្ទាប់ពីទទួលបានដំណឹងអំពីការស្លាប់របស់សុន សេន តាម៉ុក បានធ្វើការ សន្និដ្ឋានថា ប៉ុល ពត មានបំណងចង់សម្លាប់គាត់នៅក្នុងការធ្វើបន្សុទ្ធកម្មរួម ។ តាម៉ុក ខឹងនឹងប៉ុល ពត និងសូ សារឿន យ៉ាងខ្លាំង និងបានកោះប្រជុំជាបន្ទាន់មួយ ជាមួយមេបញ្ជាការកងទ័ព នៅផ្ទះរបស់គាត់ក្បែរមាត់ទឹក ។ តាម៉ុក បានប្រាប់ទៅ មេទ័ពទាំងអស់ថា ប៉ុល ពត និងសូ សារឿន មានបំណងចង់សម្លាប់គាត់ និង ចង់ធ្វើជាស្តេចនៅអន្លង់វែង ។ តាម៉ុក បានប្រាប់មេទ័ពរបស់គាត់ឱ្យត្រៀមខ្លួនធ្វើ សង្គ្រាមជាមួយប៉ុល ពត ។
    
ការប្រយុទ្ធរវាងប៉ុល ពត និងតាម៉ុក
ការស្លាប់របស់សុន សេន បានបង្កឱ្យមានការប៉ះទង្គិចគ្នាចំនួន៥ថ្ងៃ នៅ អន្លង់វែង ។ នៅចន្លោះពីថ្ងៃទី១០ទៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៧ កងទ័ពដែល ស្មោះត្រង់នឹងតាម៉ុក បានប៉ះទង្គិចគ្នាជាមួយកងទ័ពដែលស្មោះត្រង់នឹងប៉ុល ពត ។

នៅយប់ថ្ងៃទី៩ ខែមិថុនា តាម៉ុក បានបញ្ជាឱ្យប្រមូលផ្តុំកម្លាំងទាំងអស់ របស់គាត់ ដើម្បីវាយដណ្តើមយកសាកសព របស់សុន សេន និងក្រុមគ្រួសារ ដែល ក្រោយមករូបថតរបស់សាកសពទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ធ្វើការ ឃោសនា ។ នៅថ្ងៃទី១០ ខែមិថុនា ប្រហែលម៉ោង៧ព្រឹក តាម៉ុក និងកងកម្លាំង របស់គាត់បានផ្សព្វផ្សាយការ សម្លាប់សុន សេន ជាសាធារណៈ ដើម្បីប្រមូលការ គាំទ្រពីកងទ័ព និងប្រជាជន ។ តាម៉ុកបានប្រកាសប្រាប់ ប្រជាជនថា សុន សេន និង ក្រុមគ្រួសារទាំងអស់ត្រូវបានសម្លាប់ ។ ជាមួយនឹងរូបថតសាកសពរបស់សុន សេន ជាភ័ស្តុតាង តាម៉ុក បានអំពាវនាវដល់ប្រជាជនឱ្យចូលរួមជាមួយគាត់ ដើម្បីធ្វើការ តស៊ូប្រឆាំងនឹងប៉ុល ពត ។
តា ម៉ុក បានបញ្ជាឱ្យកងពល៩៨០ និងកងពល៩១២ ចាប់ខ្លួនប៉ុល ពត និងបក្ខពួក ។២៥៤ ឡុង ទេម, សាន់ គង់, យឹម ផាន់ណា, យឹម ពែម និងម៉ុន ត្រូវបាន ចាត់តាំងឱ្យទទួលខុសត្រូវក្នុងការដឹកនាំកម្លាំងរបស់តាម៉ុក ប្រយុទ្ធជាមួយនឹងកម្លាំង របស់ប៉ុល ពត ដែលរួមមានកងពល៨០១របស់សូ សារឿន និងកងពល៩២០ របស់មៀច សាន ។ តាម៉ុក ក៏បានសុំជំនួយពីញឹក ប៊ុនឆៃ (ដែលជាមេបញ្ជាការ កងទ័ពរបស់ហ្វ៊ុនស៊ិនប៉ិច) ដែលបានដឹកជញ្ជូនគ្រឿងសព្វាវុធតាមឧទ្ធម្ភាគចក្រ ពីទីតាំងយោធានៅអូរស្មាច់ មកឱ្យកម្លាំងរបស់តាម៉ុក នៅអន្លង់វែង ។ កងទ័ព១៥ នាក់ ត្រូវបានចាត់តាំងឱ្យការពារឃ្លាំងកណ្តាលដែលជាឃ្លាំងផ្គត់ផ្គង់សម្ភារៈ សំខាន់ៗរបស់តំបន់អន្លង់វែង ។ ការងាររបស់កងទ័ពទាំងអស់នេះ គឺត្រូវប្តូរផ្តាច់ ការពារកុំឱ្យឃ្លាំងនេះ ធ្លាក់ទៅក្នុងដៃរបស់កងកម្លាំងរបស់ប៉ុល ពត ។
ឆ្លើយតបទៅនឹងការឃោសនារបស់តាម៉ុក គឺ ប៉ុល ពត បានវាយប្រហារ តាម៉ុក តាមវិទ្យុ ។ ប៉ុល ពត បានចោទប្រកាន់កងកម្លាំងរបស់តាម៉ុក ថា ក្បត់ជាតិ ។ ខៀវ សំផន ក៏បានចូលរួមនៅក្នុងជម្លោះនោះដែរ ។ នៅថ្ងៃទី១១ ខែមិថុនា ខៀវ- សំផន បានអានសេចក្តីប្រកាសរបស់ប៉ុល ពត តាមវិទ្យុ ដោយបានចោទប្រកាន់សុន សេន ថា បានក្បត់នឹងចលនា និងជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ “រដ្ឋាភិបាល អាយ៉ងយួន” នៅទីក្រុងភ្នំពេញ ។
នៅក្នុងអំឡុងពេលនៃជម្លោះ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យដើរហើរ ដោយសេរីនៅពេលយប់ទេ ។ ផ្លូវត្រូវបានបិទ នៅម៉ោង៥ឬ៦ល្ងាច ។ ប្រជាជនបាន ឃើញកងទ័ពចល័តទៅមកនៅអន្លង់វែង នៅរៀងរាល់ល្ងាច ដែលធ្វើឱ្យប្រជាជន មានការភ័យខ្លាច ។ ការប្រយុទ្ធគ្នានេះ គឺជាការវាយប្រហារយ៉ាងដំណំទៅលើ ទស្សនៈរបស់ប្រជាជន ។ នៅក្នុងន័យមួយ ភាពតានតឹងតែងតែកើតមានរវាងក្រុម ផ្សេងៗគ្នា ។ ប៉ុន្តែការប្រយុទ្ធគ្នាជាចំហបែបនេះ បានបញ្ជាក់អំពីការខ្វះសាមគ្គីភាព នៅក្នុងចលនាខ្មែរក្រហម និងបានបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាជនទៅលើ មេដឹកនាំរបស់ខ្លួន ។ យ៉ក់ ហម ដែលជាកម្មករនៅរោងចក្រអារឈើរបស់តាម៉ុក បានបង្ហាញអំពីអារម្មណ៍របស់គាត់ បន្ទាប់ពីបានដឹងអំពីការសម្លាប់សុន សេន។
នៅពេលដែលខ្ញុំឃើញមេដឹកនាំខ្មែរក្រហមប្រយុទ្ធគ្នាដោយបើកចំហ បែបនេះ ខ្ញុំបានបាត់បង់ការជឿជាក់ទាំង អស់ទៅលើពួកគាត់ ។ ខ្ញុំមិនដឹងថា តើខ្ញុំ អាចបន្តធ្វើការ និងរស់នៅជាមួយគាត់បានដោយរបៀបណានោះទេ ។ ខ្ញុំយល់ ឃើញថា មធ្យោបាយតែមួយគត់ ដែលអាចទទួលបានសុភមង្គល និងសុវត្ថិភាព គឺការចុះចូលជាមួយ រដ្ឋាភិបាល ។ ការប្រយុទ្ធ ការបាញ់ និងការសម្លាប់គ្នាបង្កតែ ភាពតានតឹងតែប៉ុណ្ណោះ ។ ជឿជាក់ថា ជីវិតបែបនេះ គឺគ្មានអនាគតទេ ។ យើង រស់នៅក្នុងអង្គភាព និងកងខុសៗគ្នា ដែលកងនីមួយៗមានមេដឹកនាំម្នាក់ ។ ប៉ុន្តែ មេដឹកនាំរបស់យើងមិនចុះសម្រុងនឹងគ្នានោះទេ ។ ដូច្នេះ យើងមិនអាចរស់នៅ ជាមួយគ្នា ដោយសន្តិភាពបានទេ ។ រៀងរាល់ឆ្នាំ យើងតស៊ូជាមួយនឹងសង្គ្រាម និងបញ្ហាជាប់ជានិច្ច ។ យើងប្រយុទ្ធជាមួយរដ្ឋាភិបាល និងទទួលបញ្ជា ឱ្យដុតផ្ទះ របស់ខ្លួនឯងចោល ។ ប៉ុន្តែអ្វីដែលយើងចង់បាន គឺការវិលត្រឡប់ទៅភូមិរបស់ យើងវិញ ។ យើងមានការធុញទ្រាន់នឹងសង្គ្រាមខ្លាំងណាស់ ។ ដោយសារតែកត្តា ទាំងអស់នេះហើយ បានជាខ្ញុំយល់ឃើញថា សុភមង្គលអាចសម្រេចបានលុះត្រាតែយើងចុះចូលជាមួយរដ្ឋាភិបាល ។២៥៥ បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ ប៉ុល ពត បានបញ្ជាឱ្យសូ សារឿន, មៀច សាន និងមេបញ្ជាការដែលស្មោះត្រង់នឹងខ្លួន ដទៃទៀតទម្លាក់អាវុធ ហើយ ចរចាជាមួយតាម៉ុក ។ ប៉ុល ពត មានបំណង បញ្ចុះបញ្ចូល តាម៉ុក ឱ្យបញ្ចប់ការ ប្រយុទ្ធគ្នា ដោយសារតែប៉ុល ពតយល់ឃើញថា បើនៅបន្តប្រយុទ្ធតទៅទៀត “សត្រូវនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន” ។ ជាងនេះទៅទៀត មាន ហេតុផលជាក់ស្តែងក្នុងការបញ្ចប់សង្គ្រាមនេះ ។ ទោះបី ជាប៉ុល ពត ទទួលបាន ភក្តីភាពពីមេទ័ពរបស់ខ្លួនក៏ដោយ ក៏ប៉ុល ពត ពុំមានធនធាន សេដ្ឋកិច្ចគ្រប់គ្រាន់ក្នុងការបន្តការប្រយុទ្ធតទៅទៀត បានទេ ។ សរុបមកដោយ សារតាម៉ុក គ្រប់គ្រងលើ ដង្ហើមសេដ្ឋកិច្ចទាំងអស់នៅតំបន់អន្លង់វែង ប៉ុល ពត មាន ឱកាសតិចតួចណាស់ក្នុងការទទួលបានជ័យជម្នះពីការប្រយុទ្ធនេះ ។
តាម៉ុក បានចាប់ខ្លួនសូសារឿន និងប្រពន្ធ, មៀចសាន និងកូនប្រុស មៀច សារ៉ាវុធ,ព្រមទាំងមេបញ្ជាការកងទ័ព មួយចំនួន ទៀតដូចជា ឃន, ងួន, សែន, និងខេមរា ដែលសុទ្ធតែជាអ្នកស្មោះត្រង់នឹងប៉ុល ពត ។ អ្នកទាំងនេះ ត្រូវបាន ឃុំឃាំង នៅក្នុងទ្រុងដែក ដែលមានកម្ពស់ប្រហែលមួយម៉ែត្រកន្លះ ។២៥៦ សមាជិកគ្រួសារដទៃទៀត របស់សារឿន និងសាន ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ។២៥៧ ពីរខែក្រោយមក សូ សារឿន និងប្រពន្ធ និងមៀច សាន ត្រូវបានកាត់ទោសប្រហារ ជីវិត ។ អ្នកទាំងបី ត្រូវបានកប់ទាំងរស់នៅក្នុងរណ្តៅសាកសពរួម ។២៥៨

ជំពូក១៣
ការចាប់ខ្លួន និងការកាត់ទោសប៉ុល ពត
ការចាប់ខ្លួនប៉ុល ពត

ប៉ុល ពត, ខៀវ សំផន, នួន ជា, ជួន ជឿន, ចាន់ យូរ៉ាន់, ទេព ឃុនណាល់ ព្រមទាំងទីប្រឹក្សា និងអ្នកនៅក្រោមបង្គាប់មួយចំនួនបានរត់គេចពីកងកម្លាំងរបស់ តាម៉ុក ទៅលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។ កងទ័ពមួយចំនួន ដែលបានរត់ភៀសខ្លួន និងតាមការពារប៉ុល ពត គឺជាអតីតកងទ័ព របស់តាម៉ុក ។ ដោយសារតែអស់សង្ឃឹម កងទ័ពទាំងនោះចាប់ផ្តើមរត់ចោលប៉ុល ពត ម្តងម្នាក់ៗ ។ ក្រោយមក កងទ័ពរបស់តាម៉ុក បានរកឃើញកន្លែងលាក់ខ្លួន របស់ប៉ុល ពត ។ កងទ័ពម្នាក់របស់តាម៉ុកដែលបានចូលទៅ ក្នុងរូងភ្នំ ដើម្បីចាប់ ប៉ុល ពត បានឃើញខៀវ សំផន កំពុងចម្អិនអាហារឱ្យប៉ុល ពត ។ នៅពេលដែល កងទ័ពរូបនោះដើរសំដៅទៅរកអ្នកទាំងពីរ ប៉ុល ពត និងខៀវ សំផន បានភ្ជង់ កាំភ្លើងខ្លីដាក់ ប៉ុន្តែមិនបានបាញ់ទេ ។២៥៩ ខៀវ សំផន បម្រុងនឹងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែត្រូវបានដន្លងរបស់គាត់ ដែលជាមេបញ្ជាការរបស់តាម៉ុក ឃាត់ទាន់ ។
ពេលចូលទៅដល់ក្នុងរូងភ្នំ កងទ័ពបាននិយាយទៅកាន់ប៉ុល ពត ដោយ សម្តីសុភាពរាបសារថា ”យើងសុំអញ្ជើញ អ៊ំត្រឡប់ទៅវិញ ។ តា ចង់ជួបអ៊ំ” ។ នៅទីបញ្ចប់ប៉ុល ពត ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧ ។ កងទ័ព បានសែងប៉ុល ពត នៅលើអង្រឹង ។២៦០ អ្នកដទៃទៀតដើរដោយជើងត្រឡប់មកវិញ។ ខៀវ សំផន និងនួន ជា បានយំ នៅពេលដើរតាមផ្លូវត្រឡប់មកវិញដោយសារ តែអ្នកទាំងពីរខ្លាចតាម៉ុក សម្លាប់ចោល ។ កងទ័ពបានឃុំឃាំងមេដឹកនាំជាន់ខ្ពស់ ទាំងនោះនៅឃ្លាំងកណ្តាល ។ ក្រោយមកប៉ុល ពត និងមេបញ្ជាការកងទ័ព មួយ ចំនួន ត្រូវបានបញ្ជូនទៅឃុំឃាំងនៅក្បែរច្រកព្រំដែនជាំសាង៉ាំសព្វថ្ងៃ។ ខៀវ សំផន, នួន ជា, ចាន់ យូរ៉ាន់, ជួន ជឿន, និងមេដឹកនាំផ្សេងទៀត ត្រូវបាន ដោះលែង។ ដោយ គ្មានកន្លែងត្រូវទៅឬគេចខ្លួនបាន មេដឹកនាំទាំងនេះ បានបន្តរស់នៅជាមួយ តាម៉ុក រហូតដល់សមាហរណកម្ម នៅឆ្នាំ១៩៩៨ ។

ការខិតខំប្រឹងប្រែងដំបូងរបស់តាម៉ុក ក្នុងការចរចាសន្តិភាព
នៅខែកុម្ភៈ ឆ្នាំ១៩៩៧ តាម៉ុក បានចាប់ផ្តើមការចរចាជាលើកទី១ ជាមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច ។ តាម៉ុក បានទាក់ទងជាមួយហែម ប៊ុនហេង ដែលជា អភិបាលរងទី២ ខេត្តសៀមរាប មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ។២៧៥ ប៉ុល ពត មិនបាន ដឹង អំពីការចរចាដោយសម្ងាត់នេះទេ ។
ការជួបប្រជុំ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ នៅភូមិរមៀតដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ពីទីរួមស្រុកអន្លង់វែង ។ ហែម- ប៊ុនហេង បានដឹកនាំក្រុមចរចាដែលមានសមាជិក ចំនួន១៥នាក់ ។ ក្រុមអ្នកចរចា របស់តាម៉ុក រួមមាន ណុប សុជាតិ, ឡុង ទេម និងខឹម ងុន ។ ឡុង ទេម និងហែម ប៊ុនហេងធ្លាប់មានទំនាក់ទំនង ជិតស្និទ្ធនឹងគ្នា ។ ប៊ុនហេង គឺជាអតីតមេបញ្ជាការ កងទ័ពរបស់ហ្វ៊ុនស៊ិនប៉ិចនៅក្នុងអំឡុងពេលនៃការតស៊ូប្រឆាំង នឹងវៀតណាម នៅ ទសវត្សរ៍ឆ្នាំ១៩៨០ ។ ប៊ុនហេង ធ្វើការជិតស្និទ្ធជាមួយខ្មែរក្រហម នៅក្នុងក្របខ័ណ្ឌនៃរដ្ឋាភិបាល ចម្រុះកម្ពុជាប្រជាធិបតេយ្យ ។២៧៦ សុន សេន បង្ហាញជំហរ គាំទ្រចំពោះការចរចានេះ ។
ការចរចានេះមិនត្រូវបានរៀបចំឡើងតែក្នុងគោលបំណងនៃការធ្វើ សមាហរណកម្មចូលរួមជាមួយរាជរដ្ឋាភិបាល តែមួយប៉ុណ្ណោះទេ ។ ប៊ុនហេង ត្រូវបានចាត់តាំងឱ្យប្រគល់ឯកសារមួយច្បាប់ស្តីអំពីការបង្កើតរណសិរ្សរួបរួម ជាតិ២៧៧ ដែលផ្តួចផ្តើមឡើងដោយគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីបញ្ចុះបញ្ចូល ខ្មែរក្រហម នៅតំបន់អន្លង់វែង ឱ្យចូលរួមជាមួយរណសិរ្សនេះ ។២៧៨
នៅទីបញ្ចប់ កិច្ចប្រជុំនេះបានបញ្ចប់ទៅនៅក្នុងគ្រោះមហន្តរាយ ។២៧៩ នៅ ពេលដែលការជួបប្រជុំកំពុងតែចាប់ផ្តើម កងទ័ពនៅក្នុងកងពល៨០១ (ជាកងពល ដែលស្មោះស្ម័គ្រនឹងប៉ុល ពត និងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូ- សារឿន) បានបាញ់រះ ដើម្បីបង្អាក់ដំណើរការប្រជុំ ។ ហែម ប៊ុនហេង ត្រូវរបួស ចំជើង និងត្រូវបានចាប់ខ្លួន ហើយបញ្ជូនមកអន្លង់វែង ។ ប៊ុនហេង បានស្លាប់ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក ។ អ្នកចរចា១០រូបផ្សេងទៀត រួមមាន ឧត្តមសេនីយ៍ភួង ប៊ុនភឹន និងឧត្តមសេនីយ៍ហង្ស សុចាន់ ដែលមកពីក្រសួង ការពារជាតិ ត្រូវបានសម្លាប់នៅនឹងកន្លែង ។ ឧទ្ធម្ភាគចក្រដែលចតនៅក្បែរកន្លែង ប្រជុំនោះ ត្រូវបានដុតកម្ទេចចោល ។ អ្នកបើកយន្តហោះ៤នាក់ ដែលរង់ចាំនៅ ទីនោះ ត្រូវបានចាប់ខ្លួន និងបញ្ជូនមកឃុំឃាំងនៅអន្លង់វែង ។

កិច្ចខិតខំប្រឹងប្រែងលើកទីពីរក្នុងការចរចា
មិនយូរប៉ុន្មានបន្ទាប់ពីបរាជ័យលើកទី១ ហ្វ៊ុនស៊ិនប៉ិច និងតាម៉ុក ចាប់ផ្តើម ការចរចាជាលើកទី២ ។ ញឹក ប៊ុនឆៃ និងខាន់ សាវឿន (មេបញ្ជាការកងទ័ព ជាន់ខ្ពស់របស់ហ្វ៊ុនស៊ិនប៉ិច) ទុន ចាយ (អភិបាលខេត្តសៀមរាបរបស់ ហ្វ៊ុនស៊ិនប៉ិច) និងឡុង សារិន (លេខាធិការទី២ ប្រចាំស្ថានទូតកម្ពុជានៅទីក្រុងបាងកក របស់ ហ្វ៊ុនស៊ិនប៉ិច) គឺជាក្រុមអ្នកចរចាខាងរដ្ឋាភិបាល ។ ភាគីខ្មែរក្រហមរួមមាន តាម៉ុក, ខៀវ សំផន, ទេព ឃុនណាល់ និងឡុង ទេម ដែលបន្តធ្វើជាផ្លូវទាក់ទងចម្បង សម្រាប់ភាគីទាំងពីរ ។ ការចរចាត្រូវបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើន សប្តាហ៍ ។ ហ្វ៊ុនស៊ិនប៉ិច ទាមទារឱ្យដកប៉ុល ពត ចេញពីក្នុងក្របខ័ណ្ឌនៃការចរចា។ ក្រុមអ្នកចរចាខ្មែរក្រហម បានយល់ព្រមចំពោះការទាមទារនោះ ។ តាម៉ុក បាន ទាមទារសិទ្ធិស្វយ័តសម្រាប់តំបន់អន្លង់វែង ដែលប្រហាក់ប្រហែលទៅនឹងអ្វី ដែល ក្រុមខ្មែរក្រហម នៅប៉ៃលិន និងម៉ាឡៃ ទទួលបានដែរ ។ ជាមួយនឹងលក្ខខណ្ឌទាំង អស់នេះ ខ្មែរក្រហមនៅអន្លង់វែង នឹងយល់ព្រមរំលាយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ខ្លួន និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ ។
ផ្ទុយទៅវិញ ប៉ុល ពត ប្រឆាំងដាច់ខាតចំពោះផែនការធ្វើសមាហរណកម្ម និងព្យាយាមរារាំងការចរចានេះ ។ ក្រៅពីការការពារខ្លួនឯង ប៉ុល ពត ហាក់ដូច ជាជឿជាក់ថាការខិតខំប្រឹងប្រែងក្នុងការចរចាសន្តិភាពជាមួយ រដ្ឋាភិបាលនឹង មិនផ្តល់ជាដំណោះស្រាយផ្លែផ្កានោះទេ ។ នៅក្នុងទស្សនៈរបស់ប៉ុល ពតមធ្យោបាយទៅមុខ តែមួយគត់ គឺការបន្តការតស៊ូរហូតដល់ខ្មែរក្រហមដណ្តើម បានប្រទេសទាំងមូលមកវិញ ។
ការចរចាខាងលើបានបរាជ័យដោយសារតែការប្រយុទ្ធគ្នារយៈពេល ៥ថ្ងៃ រវាងកងទ័ពរបស់ប៉ុល ពត និងតាម៉ុក ។ កិច្ចប្រជុំបន្ទាប់ត្រូវបានគ្រោងធ្វើ នៅថ្ងៃទី១០ ខែមិថុនា ប៉ុន្តែត្រូវបានលុបចោលទៅវិញ ដោយសារតែជម្លោះផ្ទៃក្នុង នៅក្នុងជួរខ្មែរក្រហម ។ តាម៉ុក បានសុំជំនួយពីញឹក ប៊ុនឆៃ ដើម្បីផ្តួលរំលំប៉ុល ពត និងស្តារឡើងវិញនូវអ្វីដែលតាម៉ុក ហៅថា ផែនការសម្រាប់ការចរចាសន្តិភាព និង ការផ្សះផ្សាជាតិ ។  ញឹក ប៊ុនឆៃ បានយល់ព្រមហើយបានដឹកជញ្ជូន គ្រឿងសព្វាវុធ តាមឧទ្ធម្ភាគចក្រពីបន្ទាយកងទ័ព នៅអូរស្មាច់ មកឱ្យកម្លាំងរបស់តាម៉ុក ។២៨០ តាម៉ុក បានពន្លឿនការចរចាបន្ទាប់ពី ប៉ុល ពត និងមេទ័ពជំនិតរបស់គាត់ត្រូវបានចាប់ខ្លួន។ កិច្ចព្រមព្រៀងជាមួយ ហ្វ៊ុនស៊ិនប៉ិច គ្រោងនឹងសម្រេចនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ១៩៩៧ ។
កងទ័ពរបស់តាម៉ុក យល់ព្រមចុះចូលជាមួយកងទ័ពរដ្ឋាភិបាល និង គោរពច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលរបស់ រដ្ឋាភិបាល ។ ជាការតបស្នងតាម៉ុកបានស្នើសុំការលើកលែងទោស ពីព្រះមហាក្សត្រ ដូចគ្នាទៅនឹងការលើកលែងទោសឱ្យអៀង សារី កាលពីឆ្នាំ១៩៩៦ដែរ ។ តាម៉ុកក៏បានស្នើសុំរក្សាទុក រចនាសម្ព័ន្ធរដ្ឋបាល និងយោធានៅអន្លង់វែង ដែលសំណើ ទាំងអស់នេះ ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ យល់ព្រម ។២៨១
ការចរចារវាងហ្វ៊ុនស៊ិនប៉ិច និងតាម៉ុក បានបញ្ឆោះឱ្យមានជម្លោះកើតឡើងរវាងកម្លាំងដែលស្មោះត្រង់នឹងសម្តេច ក្រុមព្រះនរោត្តម រណឬទ្ធិ ដែលជានាយក រដ្ឋមន្ត្រីទី១ និងកម្លាំងដែលស្មោះត្រង់នឹងសម្តេចហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ទី២ ។២៨២ នៅថ្ងៃទី៥-៦ ខែកក្កដា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទីក្រុងភ្នំពេញ ។ នៅទីបំផុតសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ត្រូវបានទម្លាក់ចេញពីអំណាច ។ មន្ត្រី រដ្ឋាភិបាលជាន់ខ្ពស់ និងសមាជិកសភាជាច្រើនរបស់ហ្វ៊ុនស៊ិនប៉ិច បានរត់ភៀសខ្លួន ទៅបរទេស ។ មន្ត្រី និងមេទ័ពរបស់ហ្វ៊ុនស៊ិនប៉ិច ជាច្រើន ត្រូវបានសម្លាប់ដោយ គ្មានការជំនុំជម្រះ ។ កម្លាំងបរាជ័យរបស់ហ្វ៊ុនស៊ិនប៉ិច បានរត់គេចខ្លួន និង ប្រមូលផ្តុំកងទ័ពឡើងវិញនៅតាមព្រំដែនថៃ ។ ឧត្តមសេនីយ៍ញឹក ប៊ុនឆៃ បានរត់ ទៅអន្លង់វែង និងស្នើសុំជំនួយ ពីតាម៉ុក ។

ព្រឹត្តិការណ៍ខែកក្កដា ឆ្នាំ១៩៩៧ បានធ្វើឱ្យតាម៉ុក ជឿជាក់ថា កម្លាំង សេសសល់របស់ខ្មែរក្រហម មិនអាចធ្វើការជាមួយរដ្ឋាភិបាលរបស់សម្តេចហ៊ុន សែន បានទៀតទេ ហើយការបន្តការតស៊ូប្រដាប់អាវុធ គឺជាជម្រើសតែមួយគត់ ។ មេបញ្ជាការកងទ័ពរបស់តាម៉ុក មួយចំនួន បានខកចិត្តចំពោះការយល់ឃើញបែប នេះ និងបានចាប់ផ្តើមការចរចា ដើម្បីសន្តិភាពជាលើកទីបី និងជាលើកចុងក្រោយ។
ទោះបីជាការចរចាជាមួយហ្វ៊ុនស៊ិនប៉ិច ត្រូវបរាជ័យ ដោយសារតែ ព្រឹត្តិការណ៍ខែកក្កដា ឆ្នាំ១៩៩៧ យ៉ាងណាក៏ដោយ ក៏តាម៉ុក បានចាប់ផ្តើមកិច្ចខិតខំ ប្រឹងប្រែងចុងក្រោយមួយ តាមរយៈការស្វែងរកការគាំទ្រពីអន្តរជាតិ ដោយបាន អញ្ជើញអ្នកសារព័ត៌មានអាមេរិកាំងមួយក្រុមមកជួបសម្ភាសន៍រយៈពេលបីម៉ោង ជាមួយគាត់, ខៀវ សំផន, នួន ជា និងចាន់ យូរ៉ាន់ នៅឯផ្ទះរបស់គាត់ក្បែរមាត់បឹង។ក្នុងនាមជាអធិរាជសង្គ្រាមនៅតំបន់អន្លង់វែង តាម៉ុក បានរៀបចំអ្វីៗទាំងអស់ ដែលទាក់ទងទៅនឹងការសម្ភាសន៍នោះ ។ ញឹក ប៊ុនឆៃ ក៏មានវត្តមាននៅ ក្នុងអំឡុងពេលសម្ភាសន៍នោះដែរ ។២៨៣ នៅពេលត្រូវបានចោទសួរថា តើចលនា របស់គាត់អាចបន្តការរស់រានមានជីវិតដោយគ្មានជំនួយបរទេសដោយរបៀបណា តាម៉ុក ឆ្លើយថា ៖

យើងត្រូវតែបន្តការតស៊ូរបស់យើងនិងខិតខំធ្វើការ ។ បើមិនដូច្នោះទេយើង នឹងស្លាប់ ។ តាមពិតទៅតើយើងអាចធ្វើអ្វីបានទៀត? យើងគ្មានជម្រើសនោះទេ។២៨៤
 
នួន ជា ដែលអង្គុយជាប់នឹងតាម៉ុក បានបន្ថែមថា៖
ប្រទេសកម្ពុជាមានគំរូផ្ទាល់ខ្លួន ។ គំរូនោះ គឺចលនារបស់ប្រជាជន ។ ហេតុដូច្នេះហើយបានជាយើងនៅតែអាចរស់ រានមានជីវិតរហូតដល់សព្វថ្ងៃនេះ ទោះបី ជាយើងមិនមានជំនួយពីបរទេសក៏ដោយ ។ យើងអាចបន្តបានដោយ សារតែ យើងមានការគាំទ្រពីប្រជាកសិករ និងប្រជាជនកម្ពុជាទូទៅ ។

នួន ជា ក៏បានរំលឹកអំពីវគ្គសិក្សានយោបាយដែលខ្លួនធ្លាប់បានបង្រៀន កម្មាភិបាល នៅក្នុងរបបខ្មែរក្រហម ។ នៅចុងបញ្ចប់នៃបទសម្ភាសន៍ តាម៉ុក បានអំពាវនាវសុំជំនួយពីសហរដ្ឋ អាមេរិក ។

មុននឹងទៅ សូមផ្តាំផ្ញើប៉ុណ្ណេះ គឺធ្វើម៉េចស្នើរដ្ឋាភិបាលអាមេរិកជួយជំរុញ និងជួយធ្វើម៉េចឱ្យប្រទេសកម្ពុជាមាន សន្តិភាព ហើយមានរដ្ឋាភិបាលជាតិមួយ ដែល មានគ្រប់ភាគីចូលរួមដោយស្មើភាពគ្មានផ្លូវណាដើរក្រៅពីនេះទេ ។២៨៥
    
កិច្ចចរចាសន្តិភាព និងការផ្សះផ្សាចុងក្រោយ
មេបញ្ជាការកងពល៩៨០មួយក្រុម ដែលដឹកនាំដោយយឹម ផាន់ណា, យឹម សាន, យឹម ពឹម, នួន ជ្រឿន និងលី សុន បានបន្តការចរចាចុងក្រោយ ដោយសម្ងាត់។ ជំនួសឱ្យការចរចាជាមួយហ្វ៊ុនស៊ិនប៉ិច មេបញ្ជាការទាំងនោះ បានចរចាជាមួយ សម្តេចហ៊ុន សែន ដោយមិនឱ្យដំណឹងដល់តាម៉ុក ។ ផ្នែកមួយនៃ ការជឿទុកចិត ទ្តៅលើកងកម្លាំងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសារតែមេបញ្ជាការកងពលខ្មែរក្រហមទាំងនោះធ្លាប់ មានបទពិសោធធ្វើការជាមួយ កម្លាំងរបស់សម្តេច ហ៊ុន សែន ។ នៅក្នុងអំឡុងឆ្ពោះទៅការរៀបចំការបោះឆ្នោត ឆ្នាំ១៩៩៣ យឹម ផាន់ណា និងកម្លាំងរបស់ខ្លួន ធ្លាប់ធ្វើការជិតស្និទ្ធជាមួយមន្ត្រី រដ្ឋាភិបាលរបស់អតីត រដ្ឋកម្ពុជា ។ មេទ័ពខ្មែរក្រហមទាំងនេះ បានបង្កើតទំនាក់ទំនង ល្អជាមួយរដ្ឋាភិបាល ដែលទំនាក់ទំនងនេះ បានជួយសម្រួលដល់ការផ្តួចផ្តើមការចរចាសាជាថ្មី ដើម្បីធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមទាំងអស់នៅ អន្លង់វែង ។
ផាន់ណា ក៏ជាបុគ្គលមួយរូបដែលមានឥទ្ធិពលនៅក្នុងជួរខ្មែរក្រហម ។ គាត់ទទួលបានការគាំទ្រស្ទើរតែទាំងស្រុង ពីកម្លាំងនៅក្នុងកងពល៩៨០ ។ នៅ ពេលរៀបផ្តាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល គាត់បានអះអាងថា គាត់អាច ប្រមូលបានយ៉ាងតិច៦០ភាគរយ នៃកម្លាំងកងទ័ព និងប្រជាជននៅអន្លង់វែង។២៨៦ អ្នកដែលចូលរួមជាមួយគាត់ ដទៃទៀតរួមមាន យឹម ពឹម និងកែ ពក ដែលជាអតីត មេបញ្ជាការកងពល៤១៧ និងមេបញ្ជាការកងទ័ពមួយ ចំនួនទៀត ។ អ្នកទាំងអស់ បានជួបជុំគ្នានៅផ្ទះរបស់យឹម ពឹម ដើម្បីពិភាក្សាអំពីផែនការលម្អិតចុងក្រោយ ដើម្បីដាក់សំណើទៅរាជរដ្ឋាភិបាលរបស់សម្តេចហ៊ុន សែន ។

យឹម ផាន់ណា បានដឹកនាំក្រុមចរចាទៅចូលរួមប្រជុំនៅទីក្រុងភ្នំពេញ ។ នៅក្នុងពេលប្រជុំ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ថា៖

ខ្ញុំខ្លួនឯងក៏ជាអតីតកម្មាភិបាលខ្មែរក្រហមដែរ ប៉ុន្តែខ្ញុំបានចូលជាមួយរដ្ឋាភិបាលមុនអ្នកទាំងអស់គ្នា ។ ខ្ញុំមិនមែនជាអ្នកបង្កើតសង្គ្រាមទេ ។ យឹម ផាន់ណា ឯងក៏មិនមានលទ្ធភាពបង្កើតសង្គ្រាមដែរ ។ ពួកគេ (មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម) ជាអ្នកបង្កើតសង្គ្រាម ហើយបានទម្លាក់វាមកលើយើង ។ យើងជាអ្នករងគ្រោះ ដោយសារតែពួកគេ ។ ដូច្នេះ ខ្ញុំសូមសំណូមពរសូមឈប់វាយគ្នា និងងាកមកធ្វើការ ជាមួយគ្នា ដើម្បីការផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិ ។២៨៧

មេបញ្ជាការកងទ័ពខ្មែរក្រហម មានការរំភើបជាមួយនឹងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយបានស្នើសុំលក្ខខណ្ឌបីចំណុចជាថ្នូរនឹងការ ផ្តាច់ខ្លួន ៖ (១) សិទ្ធិក្នុងការរស់នៅជាប្រជាជនសាមញ្ញ (២) សិទ្ធិក្នុងការកាន់កាប់ កម្មសិទ្ធិឯកជន និងសិទ្ធិក្នុងការគ្រប់គ្រងកិច្ចការរដ្ឋបាលនៅក្នុងតំបន់ និង(៣) សិទ្ធិក្នុងការទទួលបានតួនាទីក្នុងជួររដ្ឋាភិបាលនៅក្នុងតំបន់ដែលខ្លួនធ្លាប់គ្រប់គ្រង។ សម្តេចហ៊ុន សែន បានយល់ព្រមតាមសំណើទាំងអស់នេះ ។
ក្រោយការចរចាជាមួយសម្តេចហ៊ុន សែន យឹម ផាន់ណា និងសហការី របស់ខ្លួនបានរៀបចំផែនការផ្តាច់ខ្លួន ចេញពីតាម៉ុក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ១៩៩៨ ។ ផាន់ណា បានបញ្ជូនក្រុមមួយឱ្យទៅរៀបចំផែនការនេះជាមួយ នៅ សំ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ។ ដើម្បីធានាការទុកចិត្តពី រដ្ឋាភិបាល ទៅលើកិច្ចព្រមព្រៀងនេះ ផាន់ណា បានបញ្ជូនប្រពន្ធ និងកូនរបស់ខ្លួន ឱ្យទៅរស់នៅខេត្តសៀមរាប ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល មុនពេលផ្តាច់ខ្លួន។ ប៉ុន្តែផែនការផ្តាច់ខ្លួននេះ ត្រូវបានបែកធ្លាយទៅដល់តាម៉ុក ដែលបានរៀបចំ កម្លាំងរបស់ខ្លួន ដើម្បីវាយបង្ក្រាបក្រុមអ្នកផ្តាច់ខ្លួន ។

ការប្រយុទ្ធរវាងក្រុមផ្តាច់ខ្លួន និងកម្លាំងស្មោះត្រង់នឹងតាម៉ុក បានផ្ទុះឡើង នៅថ្ងៃទី២៤ ខែមីនា បីថ្ងៃមុនការអនុវត្តផែនការផ្តាច់ខ្លួន ។ រដ្ឋាភិបាលបានផ្តល់ គ្រឿងសព្វាវុធដល់កងទ័ពខ្មែរក្រហមផ្តាច់ខ្លួន ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជូនកម្លាំង របស់ខ្លួនទៅអន្លង់វែងទេ ។

កងកម្លាំងរដ្ឋាភិបាលចូលទៅត្រឹមតំបន់ព្រៃស្អាកតែប៉ុណ្ណោះ ។ កងទ័ព នៅក្នុងកងពល៩៨០ បានវាយចូលទីប្រជុំជនអន្លង់វែង ដើម្បីផ្តល់ឱកាសឱ្យ ប្រជាជនដទៃទៀតអាចចូលរួមនៅក្នុងការផ្តាច់ខ្លួនបាន ។ ប្រជាជនជាច្រើនបានរត់ ភៀសខ្លួនទៅតំបន់អូរបៃតាប់ ។ កងពលរបស់ផាន់ណា ទទួលបានការគាំទ្រពី កងពល៤១៧របស់ កែ ពកនិងកងពល៨០១ដែលមេបញ្ជាការកងពលសូ សារឿន ត្រូវបានតាម៉ុក សម្លាប់កាលពីប៉ុន្មានខែមុន ។ កងពល៩១២ គឺជាកងពលដែល តាម៉ុក ជឿទុកចិត្ត ។ កងពលនេះ ដឹកនាំដោយគណៈកងពលចំនួន បីរូបដែលរួម មាន ហេង, សាន់ គង់ និងទុយ ប៊ុនរ៉េត ។

នៅពេលដែលស្នូរកាំភ្លើងបានផ្ទុះឡើង ប្រជាជនភាគច្រើននៅក្នុងតំបន់ នោះ បាននាំគ្នារត់គេចខ្លួន ។ ដូចដែលប្រជាជនមួយរូបបានពណ៌នា ប្រជាជននៅពេល នោះហាក់ដូចជា “ត្រីកំពុងពុលទឹក” ។ ដោយសារតែការចរចាត្រូវបានធ្វើឡើង ដោយសម្ងាត់ ប្រជាជនភាគច្រើនមិនបានដឹងអំពីផែនការផ្តាច់ខ្លួននោះទេ ។ ក្រោយ មកប្រជាជនបានដឹងអំពីផែនការផ្តាច់ខ្លួននេះតាមរយៈការនិយាយតៗគ្នាពីភូមិមួយ ទៅភូមិមួយទៀត ដែលចាប់ផ្តើមពីក្រុមគ្រួសារកងទ័ពផ្តាច់ខ្លួន ។ប្រជាជនភាគច្រើន មិនដឹងថា គួររត់ទៅណាឬចុះចូលជាមួយភាគីណានោះទេ ។២៨៨

ប្រជាជននាំគ្នារត់ទៅទិសដៅពីរផ្សេងគ្នាអាស្រ័យទៅនឹងទីតាំងដែលខ្លួន រស់នៅ ។ ប្រជាជនមួយចំនួនបានរត់ឡើងលើភ្នំដងរែកទៅកាន់ជំរំភូណយ នៅក្នុងទឹកដីថៃជាមួយតាម៉ុក ហើយមួយចំនួនទៀតរត់ទៅអូរបៃតាប់នៅ ឃុំស្រែណូយ (ប្រហែល៥០គីឡូម៉ែត្រ ពីស្រុកអន្លង់វែង) ជាមួយកម្លាំងផ្តាច់ ខ្លួនដែលដឹកនាំដោយមេបញ្ជាការនៅក្នុង កងពល៩៨០ ។ ដុំ ឈុននី ដែលជា មេបញ្ជាការកងទ័ពមួយរូបទៀតនៅក្នុងកងពល៩៨០និងដែលកំពុងធ្វើការនៅ ស្រុកស្ទោងខេត្តកំពង់ធំបានដឹកនាំកងទ័ពរបស់ខ្លួនមក ចុះចូលជាមួយក្រុមផ្តាច់ខ្លួន នៅអូរបៃតាប់។ប្រជាជនស៊ីវិល និងកងទ័ពប្រហែល៨ពាន់នាក់ បានរត់ទៅអូរបៃតាប់ និងបានរស់នៅទីនោះ រហូតដល់ខែកក្កដា ឆ្នាំ១៩៩៨ ។ ក្រោយមកប្រជាជនមួយ ចំនួនបានវិលត្រឡប់មកអន្លង់វែងវិញ ។ ប៉ុន្ដែនៅពេលត្រឡប់មកដល់វិញ ទ្រព្យសម្បត្ដិរបស់ខ្លួនជាច្រើនត្រូវបានកងទ័ពខ្មែរក្រហមគ្នាឯង ដែលមកដល់មុន រឹបអូសយកទៅអស់ ។

ជំរំភូណយ
នៅក្នុងអំឡុងពេលនៃការវាយប្រហារគ្នាឯង រវាងក្រុមផ្ដាច់ខ្លួន និង កម្លាំងរបស់តាម៉ុក នៅក្នុងខែមីនា ឆ្នាំ១៩៩៨ តាម៉ុក បានដឹកនាំកងទ័ព និងប្រជាជន របស់គាត់រត់ភៀសខ្លួនទៅកាន់ជំរំភូណយ នៅក្នុងខេត្ដស៊ីសាកេត ប្រទេសថៃ ហើយ រស់នៅទីនោះរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ។ នៅទីនោះ ប្រជាជនរស់នៅក្រោមការ ឧបត្ថម្ភរបស់គណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិ ដែលបានផ្ដល់កន្លែង ស្នាក់នៅ និងម្ហូបអាហារ ។២៨៩

តា ម៉ុក បាននាំមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងអស់ទៅជាមួយគាត់ ។ ប៉ុល ពត, នួន ជា, ខៀវ សំផន, ចាន់ យូរ៉ាន់, ទេព ឃុនណាល់, ម៉ក់ បេន, ពេជ ប៊ុនរ៉េត, អ៊ិន សុភាព និងកោរ ប៊ុនហេង បានធ្វើដំណើរឆ្លងទៅដីថៃជាមួយ តាម៉ុក ។ តាម៉ុក ក៏បានយកឧបករណ៌ផ្សាយវិទ្យុ និងក្រុមវិទ្យុទៅជាមួយខ្លួន ដែល អាចអនុញ្ញាត ឲតាម៉ុក វាយប្រហារក្រុមផ្ដាច់ខ្លួនថា ជា “ជនក្បត់ជាតិ” ។ តាម៉ុក សច្ចាថា នឹងសម្លាប់ ជនផ្ដាច់ខ្លួនទាំងអស់នោះចោល ។

ទោះបីជាតាម៉ុក សច្ចាថា នឹងតស៊ូប្រឆាំងរាជរដ្ឋាភិបាលរហូតដល់ទីបពា្ចប់ ក៏ដោយ ក៏កម្មាភិបាល ដែលគាត់ជឿទុកចិត្ដភាគច្រើន មិនបានមើលឃើញសេចក្ដី សង្ឃឹមអ្វីទាំងអស់ ។ កម្មាភិបាលរបស់តាម៉ុក បានស្នើឲគាត់ឈប់សម្រាក និង អនុញ្ញាតឲ្យខ្លួនទៅចរចាជាមួយរាជរដ្ឋាភិបាល ។ តាម៉ុក បានយល់ព្រម ហើយ បានផ្ទេរការទទួលខុសត្រូវផ្នែកនយោបាយទៅឲ្យ ខៀវ សំផន និងការទទួលខុសត្រូវ ផ្នែកយោធាទៅឲមេបញ្ជាការជំនិតរបស់គាត់ ខឹម ងុន ។

ការប្រយុទ្ធគ្នារវាងកងទ័ពរបស់ តាម៉ុក និងក្រុមផ្ដាច់ខ្លួន បានបន្ដទៅអស់ រយៈពេលជាច្រើនខែ ។ តាម៉ុក មានកងទ័ពនៅក្នុងដៃប្រហែល២ពាន់នាក់ តែប៉ុណ្ណោះ ទោះបីជាខឹម ងុន បានអះអាងថា ខ្លួនគ្រប់គ្រងកងទ័ពជាង៥ពាន់នាក់ និងប្រជាជនជាងមួយម៉ឺន៥ពាន់នាក់ក៏ដោយ ។ នៅថ្ងៃទី២ ខែមេសា កងទ័ពរបស់ តាម៉ុក វាយដណ្ដើមកាន់កាប់បានអន្លង់វែងវិញ ប៉ុន្ដែមិនយូរប៉ុន្មានកងទ័ពរបស់ តាម៉ុក ត្រូវបានបណ្ដេញចេញពីអន្លង់វែងវិញ ដោយកងកម្លាំងរួមរវាងកងទ័ព ខ្មែរក្រហមផ្ដាច់ខ្លួន និងកងយោធពលខេមរភូមិន្ទ ។ នៅពាក់កណ្ដាលខែមេសា កងទ័ពខ្មែរក្រហមផ្ដាច់ខ្លួន និងកងយោធពលខេមរភូមិន្ទ វាយកាន់កាប់បានឃុំ ស្រះឈូក ដែលជាមូលដ្ឋានយោធាសំខាន់មួយទៀតរបស់តាម៉ុក ។ កងទ័ពរបស់ តាម៉ុក បានដកថយទៅភ្នំ២០០ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ខាង ជើងទីរួមស្រុកអន្លង់វែង ។

ជាងនេះទៅទៀត កងទ័ពរបស់តាម៉ុក មួយចំនួនដែលបដិសេធមិនចុះចូល ជាមួយរាជរដ្ឋាភិបាល តាមរយៈគណបក្សប្រជាជនកម្ពុជា បានចុះចូលជាមួយកម្លាំង របស់ញឹក ប៊ុនឆៃ នៅក្បែរច្រកព្រំដែនអូរស្មាច់ ។ នៅពេលនោះហើយដែល ប៉ុល ពត បានស្លាប់ ។ ទោះបីជាការស្លាប់របស់ប៉ុល ពត នៅមានភាពស្រពេចស្រពិលក្ដី ប៉ុល ពត ទំនងជាស្លាប់ដោយសារជំងឺគាំងបេះដូង ក្នុងអំឡុងពេលដែល កងកម្លាំងខ្មែរក្រហមដកថយពីអន្លង់វែង ។ ខណៈពេលដែលកងយោធពល ខេមរភូមិន្ទ កាន់តែវាយចូលមកមុខអ្នកមើលថែ ប៉ុល ពត មិនអាចផ្គត់ផ្គង់ខ្យល់ អុកស៊ីហ្សែន និងថ្នាំគ្រប់គ្រាន់ឲប៉ុល ពត ។ ប៉ុល ពត បានស្លាប់នៅលើគ្រែដេក របស់គាត់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ដោយមានប្រពន្ធវ័យក្មេង និងកូនស្រី នៅក្បែរខ្លួន ។ ពីរថ្ងៃក្រោយមក សាកសពរបស់ ប៉ុល ពត ត្រូវបានដុតជាមួយនឹង សំបកកង់ឡាន ។

កម្លាំងរបស់តាម៉ុក កាន់តែចុះខ្សោយទៅ នៅពេលដែលខ្លួនចាញ់ការ ប្រយុទ្ធ នៅក្នុងសមរភូមិភ្នំ២០០ នៅថ្ងៃទី៤ ខែឧសភា ។ ជាលទ្ធផលកងទ័ពរបស់ តាម៉ុក បានផ្លាស់ទៅក្បាលអន្សោង ដែលជាទីបញ្ជាការរបស់ប៉ុល ពត ។ នៅពេល ដែល ស្ថានការណ៌កាន់តែតានតឹងឡើង ប្រជាជនដែលនៅក្រោមការគ្រប់គ្រង របស់ តាម៉ុក បានឆ្លងដែនទៅខេត្ដស៊ីសាកេត ប្រទេសថៃ តាំងពីថ្ងៃទី១ខែឧសភា ។ ប្រជាជន បានយករថយន្ដដឹកទំនិញរទេះគោ ទោចក្រយាន ត្រាក់ទ័រចូកដី និងរថយន្ដតូច ធ្វើជាមធ្យោបាយទៅកាន់ប្រទេសថៃ ។ ប្រជាជនបានយកឧបករណ៌ផ្ទះបាយ សម្លៀកបំពាក់ និងស្បៀងអាហារយ៉ាងច្រើនតាមតែអាចយកទៅតាមខ្លួនបាន ។

ចុងបពា្ចប់នៃចលនាខ្មែរក្រហម
កិច្ចចរចាជាសម្ងាត់រវាងរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហម ដែលនៅ សេសសល់ ត្រូវបានធ្វើឡើងនៅលើប្រាសាទព្រះវិហារ និងនៅទីក្រុងបាងកក ។ ប្រធានក្រុមចរចារបស់តាម៉ុក រួមមាន ខឹម ងុន, នួន នៅ និងទេព ឃុនណាល់ ។ យឹម ផាន់ណា និងយឹម ពឹម រួមទាំងមេបញ្ជាការកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត ដែលរួមទាំងឯកឧត្ដមទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និង នាយឧត្ដមសេនីយ៌មាស សុភា តំណាងឲភាគីរាជរដ្ឋាភិបាល ។២៩០ ការចរចានេះ ទទួលបរាជ័យជាច្រើនលើកច្រើនសា ដោយសារកម្លាំងរបស់តាម៉ុក ទាមទារ ស្វ័យភាពលើតំបន់អន្លង់វែង ជាថ្នូរនឹងការចុះចូល ។ ការទាមទារនេះ ត្រូវបានភាគី រាជរដ្ឋាភិបាលច្រានចោល ។

ចន្លោះពីខែឧសភាដល់ខែវិច្ឆិកា ឆ្នាំ១៩៩៨ កម្លាំងរបស់ខ្មែរក្រហម សេសសល់កាន់តែចុះខ្សោយទៅ និងបានបាត់បង់ស្មារតីតស៊ូ ។ កងទ័ពជាច្រើនបាន រត់ចូលជាមួយរាជរដ្ឋាភិបាលតាមរយៈគណបក្សប្រជាជនកម្ពុជា និងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ។ កងទ័ពមួយចំនួនទៀត ដែលមិនចង់ចូលជាមួយរាជរដ្ឋាភិបាល បានរត់ទៅប៉ៃលិន និងម៉ាឡៃ ។ មេដឹកនាំជាន់ខ្ពស់មួយចំនួនដូចជា ចាន់ យូរ៉ាន់, ជួន ជឿន, អ៊ិន សុភាព, កោរ ប៊ុនហេងនិងម៉ក់ បេន បានចុះចូលជាមួយរាជ រដ្ឋាភិបាល កម្ពុជា នៅខែមិថុនា ។ អ្នកទាំងអស់នោះបានទៅរស់នៅប៉ៃលិន ។

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៨ ភាគីទាំងសងខាងនៃជម្លោះបានឈាន ដល់ការព្រមព្រៀងគ្នា ដែលជាវគ្គបពា្ចប់នៃការផ្ដាច់ខ្លួន និងការរំលាយកងទ័ព ខ្មែរក្រហមសេសសល់ជាស្ថាពរ ដែលបានតស៊ូប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈ ពេលជិត២៨ឆ្នាំ ។ តាម៉ុកយល់ព្រមចុះចាញ់ និងអនុញ្ញាតឲកងទ័ព និង ប្រជាជនទាំងអស់ចុះពីលើភ្នំ ។ ខឹម ងុន ក៏បានយល់ព្រមចុះចូលជាមួយរាជរដ្ឋាភិបាល ។២៩១ តាម៉ុក លែងមានមធ្យោបាយអ្វីក្នុងការផ្គត់ផ្គង់អ្នកនៅក្រោមបង្គាប់ របស់ខ្លួនទៀតហើយ ។ តាម៉ុក ក៏បានមើលឃើញអំពីបំណងប្រាថ្នារបស់ប្រជាជន សម្រាប់សន្ដិភាព និងភាពគ្មានន័យ នៃការបន្ដធ្វើសង្គ្រាម ។ ជាថ្នូរនឹងការចុះចូល រាជរដ្ឋាភិបាលសន្យាធានាសន្ដិសុខ និងសុខុមាលភាពរបស់ប្រជាជនទាំងអស់នៅជំរំភូណយ ។

ជាងនេះទៅទៀត អតីតកងទ័ពខ្មែរក្រហម និងប្រជាជនស៊ីវិលទាំងអស់នឹងត្រូវបានទទួលស្គាល់ជាប្រជាជន កម្ពុជាស្របច្បាប់ និងមានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្ដិ និងកាន់មុខតំណែងរដ្ឋបាលទាំងអស់នៅតំបន់អន្លង់វែង ។ អតីតមេបញ្ជា ការកងទ័ពខ្មែរក្រហម និងអ្នកដឹកនាំស៊ីវិលជាច្រើន ត្រូវបានតែងតាំងឲ្យ ទទួលមុខ តំណែងដឹកនាំនៅក្នុងរដ្ឋបាល នគរបាល និងយោធានៅក្នុងតំបន់នេះ ។ អ្នកទាំង ឡាយណា ដែលមានចំណេះដឹងតិចតួចឬសុខភាពខ្សោយ ហើយមិនអាចកាន់មុខ តំណែងធំៗត្រូវបានតែងតាំងជាទីប្រឹក្សា នៅតាមក្រសួងនានារបស់រដ្ឋាភិបាល ដូចជាក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ។ យឹម ពឹម ត្រូវបានតែងតាំង ជាឧត្ដមសេនីយ៌ផ្កាយពីរ និងជាមេបញ្ជាការកងពលលេខ៨ ។ យឹម សាន ត្រូវបាន តែងតាំងជាអភិបាលទី១ នៃស្រុកអន្លង់វែង ។ យឹម ផាន់ណា ត្រូវបាន តែងតាំងជា មេបញ្ជាការរង នៃយផធភូមិភាគទី៤ ។ខៀវ សំផន និងនួន ជា បានចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ១៩៩៨ និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែននៅឯគេហដ្ឋានរបស់សម្តេច នៅក្រុងតាខ្មៅ ។ ខៀវ សំផន និង នួន ជា ត្រូវបានអនុញ្ញាតឱ្យរស់នៅដោយសេរី នៅប៉ៃលិន រហូតដល់ថ្ងៃដែល អ្នកទាំងពីរត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៩ ខែវិច្ឆិកា និងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ ។

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៩៩ ពិធីសមាហរណកម្មផ្លូវការ ត្រូវបានប្រារឰ ធ្វើឡើងនៅស្រុកអន្លង់វែង ក្រោមអធិបតីភាពរបស់សហរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមទៀ បាញ់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សេរីរ័ត្ន ។ កងទ័ពខ្មែរក្រហមជិត ២.០០០នាក់ បានប្តូរឯកសណ្ឋានបែបយោធាចិន មកជាឯកសណ្ឋានរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងពិធីនោះ ។ ពិធីនេះ សម្គាល់ទំព័រចុងក្រោយនៃការផ្តាច់ខ្លួនរបស់ខ្មែរក្រហម ។

នៅចុងបញ្ចប់នៃសង្គ្រាម ប្រជាជននៅអន្លង់វែងសប្បាយរីករាយជាខ្លាំង។ ប្រជាជនអាចសង់ផ្ទះថ្មីជួបជុំជាមួយ ក្រុមគ្រួសារ និងចាប់ផ្តើមប្រកប របររកស៊ីសា ជាថ្មី ។២៩២ ប្រជាជនបានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់ សិទ្ធិឱ្យអតីតកងទ័ពខ្មែរក្រហម និងប្រជាជនស៊ីវិល ក្នុងការគ្រប់គ្រង ទ្រព្យសម្បត្តិ របស់ខ្លួន និងរស់នៅដោយសេរី ។ កែវ ភ័ក្រ បានបង្ហាញពីចំណាប់ អារម្មណ៍របស់ ខ្លួនបន្ទាប់ពីត្រឡប់ពីអូរបៃតាប់មក អន្លង់វែងវិញថា៖

វាមានភាពខុសគ្នាខ្លាំងណាស់រវាងរបបដឹកនាំរបស់តាម៉ុក និងរបបបច្ចុប្បន្ន។ ខ្ញុំមិនដែលមានឱកាសបានទៅ សាលារៀន ទេ ហើយកូនខ្ញុំ ក៏មិនបានរៀនសូត្រច្រើនដែរ ។ ជំនាន់តាម៉ុក គឺពោរពេញទៅដោយសង្គ្រាម ។ យើងរត់ លូន នៅលើដី និងមិនមានការព្យាបាលជំងឺឱ្យបានត្រឹមត្រូវទេ ។ ឥឡូវយើងមិនចាំបាច់ រត់ លូនទៀតទេ ហើយកូនៗរបស់យើងបានចូលរៀនទៀងទាត់ ។ ឥឡូវនេះ កូនៗ របស់ខ្ញុំ អាចរៀនដល់ថ្នាក់ទី១១ ។ យើងរស់នៅជាមួយសាច់ញាតិរបស់យើង ។ សេដ្ឋកិច្ចក៏មានការរីកចម្រើនជាងមុន ។ ប្រជាជនអាចប្រកបរបរ ចិញ្ចឹមជីវិត និង ធ្វើការងារដែលខ្លួនពេញចិត្ត ។ យើងអាចធ្វើដំណើរទៅណាក៏បានភ្នំពេញឬ កំពង់ចាម ឱ្យតែយើងមានលុយ ។ យើងមានសេរីភាពពេញលេញក្នុងការធ្វើ ដំណើរ ។ យើងមានចម្ការ និងដីស្រែ ដែលផ្តល់ផលគ្រប់គ្រាន់សម្រាប់បរិភោគ ។ ខ្ញុំពេញចិត្តនឹងរបបបច្ចុប្បន្ន និងជីវិតទៅថ្ងៃអនាគតរបស់យើង ។២៩៣

ថ្ងៃចុងក្រោយរបស់តាម៉ុក
ពីដំបូងតាម៉ុក ត្រូវបានឃុំឃាំងនៅក្នុងផ្ទះនៅពើយតារួន ។ រាជរដ្ឋាភិបាលបានឧបត្ថម្ភការរស់នៅរបស់គាត់ នៅអន្លង់វែង អស់ជាច្រើនខែ ។ តាម៉ុក ត្រូវបាន ឱ្យសារភាពនូវឧក្រិដ្ឋកម្មទាំងឡាយដែលខ្លួនបានប្រព្រឹត្ត ។ ប៉ុន្តែតាម៉ុក តែងតែ ឆ្លើយថា ”តើឱ្យខ្ញុំសារភាពរបៀបណា? បើមានរឿងរ៉ាវជាច្រើនដែលត្រូវនិយាយ។ ឱ្យពេលបីឆ្នាំក៏និយាយមិនអស់ដែរ ។ សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំត្រូវ បានចាប់ខ្លួនហើយ” ។២៩៤ តាម៉ុក គឺជាមេដឹកនាំខ្មែរក្រហមចុងក្រោយ ដែល បដិសេធមិនព្រមចុះចាញ់រដ្ឋាភិបាល ។២៩៥ នៅទីបញ្ចប់ តាម៉ុក ត្រូវបានប្រកាសជា ផ្លូវការថា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៩៩ នៅអន្លង់វែង និងត្រូវ បានបញ្ជូនទៅមន្ទីរឃុំឃាំងយោធានៅទីក្រុងភ្នំពេញ ។ តាម៉ុក រស់នៅភ្នំពេញ អស់រយៈពេល៧ឆ្នាំមុនពេលស្លាប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ដោយសារ សម្ពាធឈាមឡើងខ្លាំង និងរោគរបេង នៅក្នុងអាយុ៨០ឆ្នាំ ។ សពរបស់តាម៉ុក ត្រូវបានដឹកត្រឡប់មកស្រុកអន្លង់វែងវិញ ហើយពិធីបុណ្យសពដ៏ធំមួយត្រូវបាន ប្រារឰយ៉ាងអធិកអធម ដោយមានការចូលរួមយ៉ាងច្រើនពីអតីតអ្នកដែល ស្មោះត្រង់នឹងគាត់ ។ សូម្បីតែពាណិជ្ជករជនជាតិថៃ ក៏មកចូលរួមបុណ្យសព របស់គាត់ដែរ ។២៩៦ ចេតិយដ៏ធំមួយរបស់តាម៉ុក ត្រូវបានកសាងឡើងនៅក្នុងវត្ត ស្រះឈូក ។

សេចក្តីបញ្ចប់
សម្រាប់ហេតុផលនយោបាយ និងហេតុផលជាក់ស្តែងជាច្រើនរបបកម្ពុជា ប្រជាធិបតេយ្យជាទូទៅត្រូវបានពណ៌នា ថា បានចាប់ផ្តើមនៅឆ្នាំ១៩៧៥ និងបញ្ចប់ ទៅវិញនៅឆ្នាំ១៩៧៩។ នៅក្នុងន័យមួយការពណ៌នាបែបនេះគឺត្រឹមត្រូវ។ សមត្ថភាព របស់កម្ពុជាប្រជាធិបតេយ្យក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងវៀតណាមបាន ដួលរលំទាំងស្រុង នៅដើមឆ្នាំ១៩៧៩ ។ ទីក្រុងភ្នំពេញបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា លើកលែងតែតំបន់ដាច់ ស្រយាលនៅតាមខេត្តមួយចំនួននៅភាគខាងលិចនៃប្រទេសកម្ពុជា ។ ទោះជា យ៉ាងនេះក្តី របបដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ថាប័នសង្គមស្ទើរតែ ទាំងស្រុងនេះ មិនបានបាត់រូបរាងទាំងស្រុង នៅត្រឹមឆ្នាំ១៩៧៩នោះទេ។ ផ្ទុយទៅវិញរបបនេះបានរៀបចំខ្លួនឡើង វិញយ៉ាង ឆាប់រហ័សទៅជាកម្លាំងទ័ពឈ្លបចល័តដែលបានបន្តធ្វើសង្គ្រាមតទៅទៀត ។

នៅក្រោមស្លាកទាមទារមកវិញនូវអធិបតេយ្យភាពជាតិ ពីអ្វីដែល ខ្មែរក្រហមហៅថា “អាខ្មាំងយួនឈ្លានពាន” និង “អាយ៉ងយួន” ខ្មែរក្រហម បានរៀបចំកម្លាំងរបស់ខ្លួនឡើងវិញ និងធ្វើសង្គ្រាមឈ្លបដ៏វែងមួយទៀតប្រឆាំងនឹង របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងវៀតណាម ។ នៅក្នុងអំឡុងពេលនៃ ការរៀបចំកម្លាំងទ័ពឡើងវិញ និងការត្រៀមប្រយុទ្ធនៅក្នុងសង្គ្រាមថ្មីនេះ ប្រជាជន កម្ពុជាដែលរស់នៅក្នុងតំបន់គ្រប់គ្រងរបស់ភាគីទាំងពីរ នៃគូជម្លោះបន្តរងគ្រោះ ។

ជួរភ្នំដងរែក ដែលជាព្រំដែនធម្មជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃបានក្លាយទៅជាទីតាំងយុទ្ធសាស្ត្ររបស់ខ្មែរ ក្រហម សម្រាប់រត់គេចខ្លួន ការប្រមូល ផ្តុំកម្លាំងទ័ព និងការតស៊ូឡើងវិញ ។ ជាផ្នែកមួយនៃគម្រោងវាយដណ្តើម កាន់កាប់ ប្រទេសកម្ពុជាឡើងវិញ ខ្មែរក្រហម បានបង្កើតឡើងវិញនូវមូលដ្ឋានសេដ្ឋកិច្ច នយោបាយ និងយោធា ដែលស្ថិតនៅចម្ងាយប្រមាណតែពីរបីគីឡូម៉ែត្រពីព្រំដែន ទាំងនៅក្នុងទឹកដីកម្ពុជា និងទាំងនៅក្នុងដីថៃ ។

ភ្នំ១០០១ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សុន សេន និងភ្នំ១០០៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាម៉ុក បានក្លាយទៅជាមូលដ្ឋានយុទ្ធសាស្ត្រ យោធារបស់ចលនាខ្មែរក្រហមទាំងមូល ។ កងពលចំនួន១២របស់ខ្មែរក្រហម បានឈរជើងនៅលើភ្នំ១០០១ និងភ្នំ១០០៣ ។ មូលដ្ឋាននៅភ្នំទាំងពីរនេះ កងទ័ពខ្មែរក្រហមរាប់ម៉ឺននាក់ ត្រូវបានបញ្ជូនឱ្យទៅធ្វើសង្គ្រាមឈ្លប និងសង្គ្រាម ប្រជាជន នៅខាងក្នុងផ្ទៃប្រទេស ។ ទោះបីជាកងពលផ្សេងទៀត ដែលឈរជើង នៅភាគពាយ័ព្យ និងភាគខាងលិច នៃព្រំដែន មានឯករាជ្យលើផ្នែកសេដ្ឋកិច្ច ក៏ដោយ ក៏ទិសដៅយោធាត្រូវបានបញ្ជាចេញពីភ្នំ១០០១ និងភ្នំ១០០៣ដែរ ។

នៅលើភ្នំដងរែក កងទ័ពខ្មែរក្រហមសេសសល់ និងប្រជាជន ដែល រស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម បន្តរងគ្រោះអស់រយៈពេលមួយទសវត្សរទៀត ពីការផ្លាស់ទីកន្លែង និងការបែកបាក់ពីក្រុមគ្រួសារជាទីស្រឡាញ់ របស់ខ្លួន ។ ប្រជាជនទាំងនោះទទួលបានការឧបត្ថម្ភផ្នែកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗជាច្រើនទៀត ពីមេដឹកនាំរបស់ខ្លួន ។ ការសម្លាប់រង្គាលដែលត្រូវបាន ប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លែងជាការអនុវត្តជាប្រពៃណីទៀត ហើយ ។ ទោះជាយ៉ាងនេះក្តីប្រជាជននៅតែមិនអាចដើរហើរនិយាយស្តី និងរស់នៅ ដោយសេរីដូចដែលខ្លួនប្រាថ្នាចង់បាននោះទេ។នៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងការឃោសនារបស់មេដឹកនាំ ខ្មែរក្រហម កងទ័ពខ្មែរក្រហម និងសមាជិកគ្រួសាររបស់ខ្លួន (ទោះបីជាដោយ ស្ម័គ្រចិត្តក្តីឬដោយបង្ខំក្តី)បានលះបង់គ្រប់បែបយ៉ាងសម្រាប់ ការតស៊ូយោធារបស់ ខ្មែរក្រហម ដោយធ្វើជាអ្នកជំនួយដល់សមរភូមិមុខ ។ ការជញ្ជូនគ្រឿងសព្វាវុធ ឆ្លងកាត់ចម្ការមីន ការកាប់ចម្រូង ការដាំចម្រូង និងការដឹកជញ្ជូនស្បៀងអាហារ ទៅកាន់សមរភូមិមុខ ត្រូវបានចាត់ទុកថា ជាការងារស្នេហាជាតិ ។ ប្រជាជននៅ តំបន់អន្លង់វែង បានរស់នៅលើភ្នំដងរែក អស់រយៈពេលជាងដប់ឆ្នាំ ដោយបាន ធ្វើការងារទាំងអស់នេះ ដែលចាំបាច់សម្រាប់ការការពារសហគមន៍របស់ខ្លួន ។

វាមានរយៈពេលជាងដប់ឆ្នាំ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ ទើបប្រជាជនអាចធ្វើដំណើរចុះពីភ្នំដងរែក មករស់នៅក្នុងជីវិតជាសហគមន៍ពិត ប្រាកដ នៅក្នុងតំបន់កាន់កាប់អន្លង់វែង ។ នៅដើមឆ្នាំ១៩៩០ តំបន់អន្លងវែង បានក្លាយទៅជាសហគមន៍យ៉ាងពិតប្រាកដជាថ្មីម្តងទៀត ។ ប៉ុន្តែការតាំងទីលំនៅ នៅអន្លង់វែងគ្រាន់តែជាការតាំង ទីបណ្តោះអាសន្នតែប៉ុណ្ណោះ ។ បន្ទាប់ពីការ តាំងទីលំនៅរួចរាល់ហើយប្រជាជនត្រូវចំណាយ ពេល៨ឆ្នាំ ទៀត នៅក្នុងការតស៊ូ នឹងសង្គ្រាម មុនឈានដល់ការផ្តាច់ខ្លួន និងការផ្សះផ្សាចុងក្រោយ នៅចុងឆ្នាំ ១៩៩៨ ។

ការផ្តាច់ជំនួយពីបរទេសបន្ទាប់ពីឆ្នាំ១៩៩១ បានជំរុញឱ្យមានការធ្វើ វិមជ្ឈការនៅក្នុងកងកម្លាំងរបស់ខ្មែរក្រហម ។ ខណៈពេលដែលការផ្តាច់ខ្លួនចុះ ចូលជាមួយរាជរដ្ឋាភិបាលកើនឡើង មេដឹកនាំខ្មែរក្រហមកាន់តែឯកោ និងមាន ការ សង្ស័យពីគ្នាទៅវិញទៅមក ។ នៅទីបំផុតមេដឹកនាំនៃចលនានេះបានប្រយុទ្ធគ្នាឯង។

នៅក្នុងចំណោមក្រុមខ្មែរក្រហមទាំងអស់ តាម៉ុក គឺជាមេដឹកនាំមួយរូបដែលជោគជ័យជាងគេក្នុងការរៀបចំ សេដ្ឋកិច្ចតំបន់អន្លងវែង ឱ្យទៅជាតំបន់មួយ ដែលអាចរស់នៅដោយខ្លួនឯង ដោយមិនបាច់ពឹងពាក់ជំនួយបរទេស ។ តាម៉ុក អាច បង្កើតឥទ្ធិពលផ្ទាល់ខ្លួនយ៉ាងរឹងមាំនៅអន្លង់វែង ដោយសារគាត់បានផ្សារភ្ជាប់ ប្រជាប្រិយភាព ទៅនឹងគម្រោងសាងសង់ជាច្រើន ដែលបានបម្រើដល់ផល ប្រយោជន៍របស់ប្រជាជន ។ ប៉ុន្តែទោះបីជាតាម៉ុក មានភាពវៃឆ្លាតក្នុងការបង្កើត ទំនាក់ទំនងប្រកបដោយភាពសុខដុមជាមួយប្រជាជនក៏ដោយ តាម៉ុក មិនមានភាព បត់បែនគ្រប់គ្រាន់ក្នុងការធ្វើដំណើរនៅក្នុងប្រព័ន្ធនយោបាយអន្តរភាគីរបស់កម្ពុជា។ ការផ្តាច់ខ្លួនរបស់មេបញ្ជាការ កងទ័ពរបស់គាត់នៅឆ្នាំ១៩៩៧បាន បន្សល់ទុកឱ្យ តាម៉ុក នូវកម្លាំងស្តួចស្តើងមួយ។ នៅទីបញ្ចប់ តាម៉ុក បានចុះចាញ់ កម្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅចុងឆ្នាំ១៩៩៨ ។

ជំពូក១៥
ពិនិត្យមើលតំបន់អន្លង់វែងឡើងវិញ
អន្លង់វែង គឺដូចជាភូមិស្ងប់ស្ងាត់របស់កម្ពុជាដទៃទៀតនៅតំបន់ជនបទដែរ ដែលនៅទីនោះជីវិតហាក់មានទំនោរ ទៅរកលំនាំនៃការរស់នៅបែបសមូហភាព និងឯករាជ្យ ។ ប្រជាជននៅតំបន់នេះឱ្យតម្លៃទៅលើទីកន្លែងរស់នៅ ក្នុងទឹកដីកម្ពុជា និងតំបន់ព្រំដែនប្រកបដោយបរិយាកាសល្អ ដោយការប្រកបរបរធ្វើស្រែចម្ការ នៅលើទឹកដីរបស់ខ្លួន ។ ប្រជាជនរស់នៅប្រកបដោយមោទនភាព ដោយសារតែ សមត្ថភាពរបស់សហគមន៍ នៅក្នុងការថែរក្សាខ្លួនដោយខ្លួនឯង ដែលបានឆ្លុះ បញ្ចាំងអំពីអតីតកាល ដែលជាតំបន់គ្មានរដ្ឋ និងការអនុវត្តប្រព័ន្ធចាស់របៀប មេដឹកនាំ និងកូនចៅ ។

ដូចតំបន់ជនបទជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃរបប អាណានិគមបារាំង អន្លង់វែងស្ថិត នៅក្រៅរង្វង់នៃការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ។ នៅពេលនោះភូមិភាគច្រើននៅក្នុងតំបន់នោះ មិនមានសាលារៀនទេ ហើយ សេដ្ឋកិច្ច ត្រូវបានអនុវត្តន៍តាមប្រព័ន្ធដោះដូរទំនិញ ។២៩៧ តាមការប្រឿនប្រដៅ របស់ព្រះពុទ្ធសាសនា ស្ថានភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បានបញ្ជាក់ ឱ្យឃើញអំពីការអនុវត្តប្រព័ន្ធគ្រប់គ្រងបែបមេដឹកនាំ និងកូនចៅ ដែលបានអភិវឌ្ឍន៍ តំបន់គ្មានរដ្ឋមួយនេះ ដែលទំនៀមទម្លាប់ត្រូវបានប្រើប្រាស់ជំនួសឱ្យច្បាប់ ហើយ វប្បធម៌ ត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈការនិយាយតៗគ្នា ។ នៅក្នុងបរិបទនេះ វប្បធម៌នៃការរស់នៅបែបសហគមន៍ និងពឹងផ្អែកលើខ្លួនឯងបានរីកចម្រើននៅពេលដែលគ្រួសារនីមួយៗ តស៊ូក្នុងការរស់នៅដោយពឹងពាក់គ្នា ទៅវិញទៅមកជាមួយនឹងការទ្រទ្រង់ និងការការពារតិចតួចពីរដ្ឋ ។២៩៨

ប៉ុន្តែឯករាជភាពធ្វើឱ្យប្រជាជនក្លាយទៅជាជនរងគ្រោះនៅក្នុងរយៈ កាលនៃជម្លោះដោយសារសង្គ្រាម និងការជម្លៀសដោយបង្ខំ បានស្រោចស្រពមក លើតំបន់នេះ ដំបូងនៅក្រោមរបបលន់ នល់ និងក្រោយមកនៅក្រោមរបបកម្ពុជា ប្រជាធិបតេយ្យ ។ នៅពេលសង្គ្រាមគ្របដណ្តប់មកលើតំបន់នេះបន្តិចម្តងៗ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល ដែលត្រូវបានអនុវត្តន៍ជាយូរមកហើយ បានរលាយ បាត់ ។ កងទ័ពលន់ នល់ បានបណ្តេញប្រជាជនឱ្យទៅនៅក្នុងព្រៃ និងតំបន់ ផ្សេងៗទៀត ដែលនៅទីនោះប្រជាជនទាំងនោះ ត្រូវបានជ្រើសរើសឱ្យចូលបម្រើ នៅក្នុងចលនាឆ្វេងនិយមខ្មែរក្រហម ។២៩៩ ប្រជាជនជាច្រើនបានចុះចូលជាមួយ ខ្មែរក្រហម នៅពេលដែលខ្មែរក្រហមមកដល់អន្លង់វែងជាលើកដំបូង ។

ស្រុកនេះ ត្រូវបានរៀបចំឡើងវិញនៅក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល របស់កុម្មុយនីស្ត តាំងពីមុនឆ្នាំ១៩៧៥មកម្ល៉េះ ។ នៅទីបញ្ចប់ប្រជាជននៅក្នុងតំបន់ ទាំងអស់ ត្រូវបានបង្ខំឱ្យទៅរស់នៅតាមសហករណ៍ដាច់ស្រយាល ។៣០០

នៅតាមសហករណ៍ទាំងនោះ ប្រជាជនបានទទួលរងនូវការអត់ឃ្លានការធ្វើ ការច្រើនម៉ោង នៅតាមវាលស្រែ និងការចូលរួមនៅក្នុងការប្រជុំទិតៀនដែលនៅ ក្នុងវេទិកានេះរាល់ទិដ្ឋភាពទាំងអស់របស់បុគ្គលម្នាក់ ត្រូវបានរិះគន់ចំពោះភាព ខ្សោយ និងភាពមិនស្មោះត្រង់ ។ នៅក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ វប្បធម៌នៃការរស់នៅរួមបានបង្កើតជាទម្រង់ថ្មីចម្លែកមួយដែល “ផលប្រយោជន៍រួម” បានគ្របដណ្តប់ទៅលើគ្រប់ទិដ្ឋភាព ទាំងអស់នៃភាពជាមនុស្សដោយបានលេបត្របាក់ជីវិតឯកជននៅក្នុងការទាមទារដោយគ្មានខ្លឹមសារ មួយនិងកម្មវិធីកម្ទេចឫសគល់ខ្មាំង សម្ងាត់។ ស្មារតីឯករាជភាពដែលកើតឡើងនៅក្នុងជីវិតនៃការបង្កបង្កើនផលនៅ លើដីស្រែផ្ទាល់ខ្លួននៅក្នុងតំបន់ដែលគ្មានរដ្ឋត្រូវបានលុបបំបាត់ដោយកម្មវិធីប្រមូល ផ្តុំគ្រប់អ្វីៗទាំងអស់សម្រាប់អង្គការ ។ ទ្រព្យសម្បត្តិពេលវេលាទំនាក់ទំនង និងសូម្បីតែទស្សនៈផ្ទាល់ខ្លួនត្រូវបានលេបត្របាក់ដោយសារ តែតម្រូវការមិនចេះឆ្អែតឆ្អន់ របស់ខ្មែរក្រហមក្នុងការគ្រប់គ្រងទៅលើអ្វីៗគ្រប់បែបយ៉ាងរួមទាំងព្រលឹងវិញ្ញាណ របស់មនុស្សម្នាក់ៗផង។ ប៉ុន្តែបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំការអនុវត្ត បែបនេះមិនមាននិរន្តរភាពទេ ។ នៅក្រោមការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ ចលនាខ្មែរក្រហមវប្បធម៌ឯករាជ្យ និងការរស់នៅបែបប្រមូលផ្តុំ បានបង្កើតទម្រង់ ដ៏រន្ធត់បែបថ្មីមួយទៀត ។

នៅក្រោមការគ្រប់គ្រងរបស់តាម៉ុក ការងារស្រែចម្ការមានលក្ខណៈ ឯកជន។ កងទ័ព និងគ្រួសារកងទ័ពត្រូវបានលើកទឹកចិត្តឱ្យ ធ្វើការបង្កបង្កើនផល ដោយខ្លួនឯង នៅលើដីស្រែផ្ទាល់ខ្លួន ។ ទោះបីជាសេដ្ឋកិច្ចនៅតំបន់អន្លង់វែងភាគច្រើនបន្តស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រដ្ឋក៏ដោយ ការបែងចែកដីឱ្យ ស្ថិត នៅក្រោមការគ្រប់គ្រងរបស់ឯកជន បានបង្កើតជាបរិបទថ្មីមួយក្នុងការរស់នៅ ដោយឯករាជ្យ ។ ជាងនេះទៅទៀត ដោយសារតែរបបថ្មីនេះ ត្រូវបានហ៊ុមព័ទ្ធ ដោយកម្លាំងរបស់រដ្ឋាភិបាលថ្មី ដែលគាំទ្រដោយវៀតណាម វប្បធម៌ឯករាជ្យ បាន ផ្លាស់ប្តូរទម្រង់ថ្មីមួយ ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណសាធារណៈ របស់ខ្មែរក្រហម ។ ទស្សនៈឯករាជភាព ត្រូវបានដាក់បញ្ចូលនៅក្នុងការឃោសនា ដ៏សំខាន់របស់ខ្មែរក្រហម ប្រឆាំងនឹងរដ្ឋាភិបាលថ្មី ។៣០១ នៅក្នុងន័យនេះ របប ខ្មែរក្រហម មិនត្រឹមតែដើរតួនាទីនៅក្នុងការពង្រឹងមនោគមន៍វិជ្ជាកុម្មុយនីស្ត ប៉ុណ្ណោះទេ ថែមទាំងបង្ហាញខ្លួនថា ជាអ្នកការពារឯករាជ្យរបស់កម្ពុជា ពីការឈ្លាន ពានរបស់វៀតណាមទៀតផង ។ ខ្មែរក្រហម បានជំរុញលើកទឹកចិត្តប្រជាជន នៅ អន្លង់វែង ឱ្យមើលឃើញថា ការងាររបស់ខ្លួនក្នុងការជួយទ្រទ្រង់របបខ្មែរក្រហម មិនមែនត្រឹមតែជា “អ្នកការពារ” ឯករាជភាពរបស់សហគមន៍ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទាំងមូលថែមទៀតផង ។

នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០ សហគមន៍ បានបន្តការតស៊ូនៅក្រោមការគំរាមកំហែងពីការវាយប្រហារផ្ទួនៗ និងការប៉ុនប៉ង ធ្វើឱ្យសហគមន៍នេះចុះខ្សោយដោយការបំបែកសហគមន៍នេះចេញពីរដ្ឋាភិបាល កម្ពុជា ។ ជាមួយនឹងការវាយប្រហារម្តងៗ សហគមន៍នេះបានសម្លឹងមើលខាងក្នុង ហើយកសាងចំណងមិត្តភាពកាន់តែរឹងមាំឡើង នៅក្នុងចំណោមប្រជាជន ដែល ចែករំលែកផលប្រយោជន៍រួម ក្នុងនាមជាមិត្តរួមអាវុធ និងក្នុងនាមជាប្រជាជន ដែលរស់នៅក្នុងរដ្ឋមួយ ដែលត្រូវបានឡោមព័ទ្ធជិត ។៣០២ ដោយត្រូវបានបង្កើត ឡើងចេញពីវប្បធម៌ផ្តាច់ការនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទុក្ខវេទនារួមនៃជីវិត ដែលគ្មានទីលំនៅច្បាស់លាស់ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ និងផលប្រយោជន៍ រួមក្នុងនាមជាសមមិត្ត នៅក្នុងអំឡុងពេលនៃសង្គ្រាមឥតឈប់ឈរ អន្លង់វែង បានក្លាយទៅជារដ្ឋមួយនៅក្នុងរដ្ឋស្រមោលរបស់ខ្មែរក្រហម ។

វប្បធម៌សហគមន៍បែបនេះ បានរួមចំណែកដល់លទ្ធភាពរបស់តាម៉ុក ក្នុងការរក្សាឯករាជភាពរបស់តំបន់នេះ ខណៈពេលតំបន់គ្រប់គ្រងរបស់ ខ្មែរក្រហមផ្សេងទៀត បានធ្លាក់ចូលទៅក្នុងអន្ទាក់នៃគោលនយោបាយ “ឈ្នះឈ្នះ” របស់រដ្ឋាភិបាល ។ យឹម ផាន់ណា ដែលជាអភិបាលស្រុកអន្លង់វែង បានរៀបរាប់ថា “ប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច និងសង្គមនៅអន្លង់វែង មានលក្ខណៈខុសគ្នាពីប្រព័ន្ធនៅ តំបន់ប៉ៃលិន និងសំឡូត ។ នៅទីនេះ ប្រជាជនពឹងផ្អែកលើយើងសម្រាប់ចំណី អាហារ សម្ភារៈ និងដី”។៣០៣ ផ្ទុយទៅវិញ តំបន់ដែលគ្រប់គ្រងដោយអ៊ី ឈាន បើកឱ្យមានទីផ្សារសេរីដែលបម្រើដល់ផលប្រយោជន៍បុគ្គល ជាជាងផលប្រយោជន៍ របស់សហគមន៍ ។ ជាលទ្ធផលវប្បធម៌សហគមន៍ ដែលកើតចេញពីសេដ្ឋកិច្ច គ្រប់គ្រង និងអង្គការសង្គមរបស់ថ្នាក់ដឹកនាំខ្មែរក្រហម បានបង្កើតទៅជាស្ថានភាពផ្ទុយមួយ ដែលលទ្ធភាពរបស់ថ្នាក់ដឹកនាំ ខ្មែរក្រហម ក្នុងការរក្សាបានឯករាជភាព ពីរដ្ឋាភិបាល កម្ពុជាកើតចេញពីវប្បធម៌ពឹងផ្អែកពីខាងក្នុងដែលជាការពិតមួយដែលប្រជាជននៅ ក្នុងតំបន់បានសង្កេតឃើញ ។ អឿន បាននិយាយថា “និយាយ ដោយស្មោះត្រង់ទៅមិនចូលចិត្តរបបរបស់តាម៉ុក ទេ ។ ប៉ុន្តែប្រសិនបើលោកសួរថា ហេតុអ្វីបានជាអាចរស់នៅជាមួយតាម៉ុក អស់រយៈពេលជាច្រើនឆ្នាំ ? ចម្លើយ គឺថា ពីព្រោះគ្មានជម្រើស” ។៣០៤ ធួន ក៏បានកត់សម្គាល់ដូចគ្នាដែរ “តាម៉ុក គ្រប់គ្រងរដ្ឋាភិបាលអន្លង់វែង ការដឹកជញ្ជូន និងចំណីអាហារ ។ គាត់គ្រប់គ្រងអ្វីៗ ទាំងអស់” ៣០៥ វប្បធម៌នៃការពឹងផ្អែកគ្នារវាងអ្នកដឹកនាំ និងកូនចៅ មិនត្រឹមតែ ពង្រឹងការគ្រប់គ្រងរបស់តាម៉ុក មកលើប្រជាជននោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យកេរ ដំណែលរបស់គាត់ស្ថិតស្ថេរបានយូរអង្វែងទៀតផង ។ តាមពិតទៅកេរដំណែល របស់តាម៉ុក ក្នុងនាមជាមេដឹកនាំ ដែលប្រជាជនគោរពស្រឡាញ់ដូចជាឪពុកនៅ ក្នុងសហគមន៍ នៅតែបន្តរហូតមកដល់សព្វថ្ងៃ ទោះបីជាមានការនិយាយអំពី រឿងរ៉ាវអតីតកាលដ៏សាហាវរបស់តាម៉ុក ។ ជាជាងបដិសេធចោលមេដឹកនាំខ្លួន ប្រជាជននៅអន្លង់វែង ភាគច្រើនបានធ្វើការបែងចែករវាងតាម៉ុក ដែលជា “ពេជ្ឈឃាត” និងតាម៉ុក ជា “មេដឹកនាំល្អ” ។ នេន បានអះអាងថា “តាម៉ុក គឺជា មនុស្សចិត្តល្អ ។ គាត់ជួយប្រជាជន ។ គាត់បានកសាងផ្លូវ ហើយគាត់ចូលចិត្តជួយ សង់ផ្ទះឱ្យប្រជាជន” ។៣០៦ ចាន់ណា បានបន្ថែមថា “តាម៉ុក បានផ្តល់ម្ហូបអាហារ ដល់ប្រជាជន ។ គ្រួសារនីមួយៗទទួលបានអង្ករ សម្រាប់រយៈពេលដប់ថ្ងៃឬកន្លះខែ ម្តង ។ យើងថែមទាំងទទួលបានគ្រឿងទេសផ្សេងៗ សម្លៀកបំពាក់ និងសាប៊ូ កក់សក់” ។៣០៧

ការលះបង់របស់សហគមន៍ចំពោះមេដឹកនាំរបស់ខ្លួន និងកេរមរតករបស់ តាម៉ុកបង្កើតឱ្យមានអនុស្សាវរីយ៍នៃសង្គមមួយ ប្រកបដោយវិន័យ និងការរស់នៅ រួមដែលផ្ទុយទៅនឹងការចងចាំទាំងឡាយនៃជីវិតលំបាកវេទនានៃការរស់នៅដោយធ្វើការងារ ស្រែចម្ការ នៅក្នុងរបបខ្មែរក្រហម ។ ជាក់ស្តែង កេរដំណែល របស់តាម៉ុក មិនត្រឹមតែស្ថិតនៅក្នុងការចងចាំនូវពេលវេលា ដែលបច្ចុប្បន្នបាន ក្លាយទៅជាអតីតកាលទៅហើយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផលវិបាកផ្នែក សីលធម៌ដែលនៅតែបន្តក្នុងការ ពណ៌នាអំពីចលនាខ្មែរក្រហម ជាពិសេសសម្រាប់ បុគ្គលទាំងឡាយដែលបានបូជាពេញមួយជីវិតរបស់ខ្លួន សម្រាប់ជោគជ័យរបស់ ចលនានេះ ។ លី បានរៀបរាប់អំពីជីវិតដែលមានអាហារបរិភោគគ្រប់គ្រាន់ និង ជីវិតដែលពោរពេញទៅដោយភាពល្អប្រសើរ នៅក្រោមការគ្រប់គ្រងរបស់តាម៉ុក។ លី បានរៀបរាប់អំពីភាពមិនខ្វះខាតចំណីអាហារនៅក្រោមការគ្រប់គ្រងរបស់ តាម៉ុក និងជីវិតល្អប្រសើរថា “មានស្រូវ អាហារ និងបង្អែមច្រើនណាស់”។៣០៨ រ៉ែម បានបន្ថែមថា “ទោះបីជា (តាម៉ុក) ធ្លាប់សម្លាប់មនុស្សអស់ជាច្រើនក៏ដោយ តែ គាត់នៅតែជាមនុស្សសាមញ្ញដូចកសិករធម្មតាដទៃទៀតដែរ ។ គាត់បានសង់ សាលារៀន ទំនប់ទឹក និងជួយឧបត្ថម្ភប្រជាជន” ។៣០៩

ទោះជាយ៉ាងនេះក្តី មិនមែនប្រជាជនអន្លង់វែងទាំងអស់យល់ឃើញដូចគ្នា ចំពោះអត្តចរិតរបស់តាម៉ុក នោះទេ ។ តឿក បានអះអាងថា “តាម៉ុក ចាត់ទុកមនុស្ស មិនស្មើនឹងឆ្កែរបស់គាត់ផង ដែលស៊ីឆ្ងាញ់ជាងមនុស្សទៅទៀត” ។៣១០ សុខ បាន បន្ថែមថា “តាម៉ុកជាមនុស្សមានអត្តចរិតពីរ ។ គាត់ជាមនុស្សស្លូត ប៉ុន្តែក៏អាចក្លាយ ជាមនុស្សកាចសាហាវដែរ ។ គាត់ជាមនុស្សកំណាញ់ ប៉ុន្តែគាត់ឱ្យបាយយើងហូប ។ ប្រសិនបើយើងសុំរបស់អ្វីមួយពីគាត់ គាត់នឹងឱ្យយើងភ្លាម ។ អ្នកផ្សេងទៀត មិនដែលឱ្យអ្វីយើងហូបនោះទេ” ។៣១១ ដោយប្រៀបធៀបរវាងជីវិតក្នុងពេល បច្ចុប្បន្ន និងជីវិតនៅជំនាន់តាម៉ុក ធួន បានលើកឡើងថា “ប្រជាជនមិនដែលដាច់ បាយទេ ។ គាត់តែងតែជួយប្រជាជន ។ ប្រជាជនមិនដែលខ្វះខាតអាហារទេ ។ ប៉ុន្តែប្រសិនបើយើងនិយាយ ពីការអភិវឌ្ឍបច្ចុប្បន្ន គឺល្អប្រសើរជាងជំនាន់នោះ” ។៣១២

នៅក្នុងស្ថានភាពនេះ ប្រជាជននៅអន្លង់វែង បានបង្ហាញអំពីមូលហេតុ ដែលខ្លួនស្មោះត្រង់ជាមួយតាម៉ុក ដោយសារតែការឧបត្ថម្ភគាំទ្ររបស់តាម៉ុក ចំពោះ សហគមន៍ និងសមត្ថភាពរបស់គាត់ក្នុងការដាក់ខ្លួនឱ្យស្មើនឹងកសិករ ។ ចាន់ណា បាននិយាយថា “កាលពីមុន តាម៉ុក គឺជាអ្នកឧបត្ថម្ភដល់យើងទាំងអស់គ្នា ។ ប៉ុន្តែ ការរស់នៅបែបនោះ មិនមែនជាវិធីរស់នៅបានយូរអង្វែងនោះទេ” ។៣១៣ ទោះជាយ៉ាងនេះក្តី ប្រជាជនមួយចំនួនទៀតអាចទទួលយកស្ថានភាពបែបនេះបាន ។ សម្រាប់ ជួង “តាម៉ុក គឺជាកសិករពិតៗ ។ គាត់គឺជាអ្នកដឹកនាំល្អ ពីព្រោះគាត់មិនអនុញ្ញាតឱ្យបុគ្គលណាមួយមាន ទ្រព្យសម្បត្តិច្រើនហួសហេតុពេកទេ ។ គាត់ អនុញ្ញាតឱ្យប្រជាជន និងកងទ័ពមានគ្រប់គ្រាន់ល្មមហូប” ។៣១៤ សម្រាប់ គឿម “តាម៉ុក គឺជាមេដឹកនាំដែលប្រកបដោយការលះបង់ និងស្នេហាជាតិ ដែលបាន ប្រយុទ្ធ ដើម្បីឯករាជភាពរបស់ប្រទេសយើង ។ លះបង់ខ្លួនដើរតាមការដឹកនាំ របស់គាត់ ពីព្រោះគាត់បានជួយដូចជាកូនរបស់គាត់បង្កើត” ។៣១៥

សមត្ថភាពរបស់តាម៉ុក ក្នុងការរួបរួមតំបន់អន្លង់វែងក្រោមរូបភាពចលនាកសិករទាក់ទាញបានការគាំទ្រពីប្រជាជន ដែលជីវិតរស់នៅបានផ្សារភ្ជាប់ទៅនឹង ជីវិតកសិកម្ម និងដែលទស្សនៈចំពោះពិភពលោករបស់ខ្លួន ត្រូវបានបង្កើតឡើង (ក៏ដូចជាត្រូវបានបំផ្លាញទៅវិញ) ដោយសារសង្គ្រាមរាប់ឆ្នាំ និងមនោគមន៍វិជ្ជា កុម្មុយនីស្ត ។

នេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលប្រជាជននៅ អន្លង់វែង ភាគច្រើន ជាពិសេសប្រជាជនដែលមានវ័យចំណាស់ គឺជាប្រជាជន “មូលដ្ឋាន” ។ “ប្រជាជនមូលដ្ឋាន” គឺជាប្រជាជនដែលមានដើមកំណើត និង វណ្ណៈសង្គមជាកសិករ ។ ជាទូទៅប្រជាជនទាំងនេះរស់នៅក្រោមការគ្រប់គ្រង របស់បក្សកុម្មុយនីស្តកម្ពុជាមុនឆ្នាំ១៩៧៥ ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនទាំងនេះ ត្រូវបានចាត់ទុកថា ជាកងទ័ពស្រួច នៃមនោគមន៍វិជ្ជា និង ចក្ខុវិស័យរបស់របបខ្មែរក្រហម ។ ក្នុងឋានៈជា “ប្រជាជនពេញសិទ្ធិ” ប្រជាជន មូលដ្ឋានទាំងនេះ ទទួលបានការការពារប្រសើរជាងពីយុទ្ធនាការជ្រុលនិយមរបស់ របបនេះ ក្នុងការកំណត់សមាសភាពសត្រូវខាងក្នុង ។ នៅក្នុងន័យនេះ ជីវិតរស់នៅរបស់ប្រជាជនមូលដ្ឋានមានសុវត្ថិភាពជាង និងយ៉ាងហោចប្រសើរជាង “ប្រជាជន ថ្មី” ។

ប្រជាជនថ្មី (ឬប្រជាជន១៧មេសា) ជាទូទៅសំដៅទៅលើប្រជាជន ដែលមកពីទីក្រុងឬទីប្រជុំជនឬអ្នកទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធនឹងរបបសាធារណ រដ្ឋខ្មែរ ។ ប្រជាជនទាំងនោះមិនមានឋានៈអ្វីនៅក្នុងសង្គមទេ ប៉ុន្តែត្រូវបានចាត់ទុក ថា ជាជំពូកជនសង្ស័យ ។ អ្នកដែលទទួលបានការអប់រំមានទំនាក់ទំនងជាមួយនឹងរបបចាស់ឬមកពីតំបន់ទីក្រុង ឬទីប្រជុំជន នៅក្នុងអំឡុងពេលនៃការជម្លៀស ដោយបង្ខំ ត្រូវបានចាត់ទុកថា ជា “ប្រជាជន១៧មេសា” ។

ទោះបីជាប្រជាជនថ្មីទទួលរងការធ្វើទុក្ខបុកម្នេញជាងប្រជាជនមូលដ្ឋាន ក៏ដោយ ក៏ការធ្វើទុក្ខបុកម្នេញនេះ មានកម្រិតខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ ។ ទោះជាយ៉ាងនេះក្តី វាមិនមែនជារឿងចម្លែកនោះទេ ដែលប្រជាជននៅអន្លង់វែង ជាច្រើន គឺជា “ប្រជាជនមូលដ្ឋាន” ដែលឋានៈនេះផ្តល់ឱ្យនូវហេតុផលមួយសម្រាប់ ការរីកចម្រើនរបស់សហគមន៍អន្លង់វែង ។

ប្រជាជនមូលដ្ឋានមិនត្រឹមតែទទួលបានសុវត្ថិភាពច្រើនជាងប៉ុណ្ណោះទេថែមទាំងទទួលបានតួនាទីជាអ្នកដឹកនាំនៅក្នុង របបខ្មែរក្រហមថែមទៀតផង ។ វា មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដែលប្រជាជនមូលដ្ឋានទាំងនេះជាច្រើនបាន រត់ភៀសខ្លួន ទៅកាន់ទីតាំងកាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម ដែលមិនត្រឹមតែជាជម្រកក្នុងការការពារខ្លួនពីការគំរាមកំហែង របស់កងទ័ពវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ជ្រកកោនចុងក្រោយសម្រាប់ជីវិត ដែលបានចាកឆ្ងាយពី ភូមិកំណើតអស់ជាច្រើនឆ្នាំ ។ នេន បានលើកឡើងថា ”ខ្ញុំបានចេញពីផ្ទះតាំងពីឆ្នាំ ១៩៧៣ ហើយមិនដែលបានត្រឡប់ទៅវិញទេ រហូតដល់ឆ្នាំ១៩៩៩ ។ ខ្ញុំមិនទាំង ចាំថា ផ្ទះរបស់ខ្ញុំនៅម្តុំណាផង នៅពេលខ្ញុំត្រឡប់ទៅដល់ភូមិវិញ ។ ខ្ញុំវង្វេងនៅក្នុង ភូមិកំណើតខ្លួនឯង” ។៣១៦ គឿម ដែលបានចាកចេញពីស្រុកកំណើត ដើម្បីចូល បម្រើក្នុងកងទ័ពខ្មែរក្រហម តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ បានរៀបរាប់អំពី បទពិសោធប្រហាក់ប្រហែលគ្នា ។ គឿម បានចាកចោលបងប្អូនបង្កើតចំនួន៦នាក់(ប្រុសពីរ ស្រីបួន) ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មានតែប្អូនប្រុសម្នាក់តែប៉ុណ្ណោះ  ដែលនៅរស់រានមានជីវិត ។ បងប្អូនបង្កើតផ្សេងទៀតបានស្លាប់បាត់បង់ជីវិតអស់ ជាច្រើនឆ្នាំទៅហើយ ។ ថ្ងៃដែលគឿម ចូលខ្មែរក្រហម គឺជាថ្ងៃចុងក្រោយ ដែលគឿម បានឃើញមុខឪពុកម្តាយ និងបងប្អូន ។ ទ្រព្យសម្បត្តិរបស់គ្រួសារទាំងអស់ក៏ត្រូវ រលាយបាត់បង់គ្មានសល់ ។ អ្វីដែលនៅសេសសល់ គឺជីវិតរស់នៅ អន្លង់វែង។៣១៧

ជាទូទៅប្រជាជនភាគច្រើន ដែលបានធ្វើដំណើរទៅលេងភូមិកំណើត របស់ខ្លួន ត្រឡប់មកអន្លង់វែងវិញទាំងទឹកភ្នែក ។ ប្រជាជននៅអន្លង់វែង ភាគច្រើន ដែលមានបំណងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតីតកាលរបស់ខ្លួន ក្រុមគ្រួសារ និងមិត្តភក្តិឡើងវិញ បានដឹងថា ពេលវេលាដែលបានកន្លងផុតទៅមិនអាចវិល ថយក្រោយវិញបានទេ ។ ជាទូទៅផ្ទះសម្បែងរបស់ខ្លួន ដែលត្រូវបានបោះបង់ចោល នៅក្នុងអំឡុងពេលនៃការជម្លៀសដោយបង្ខំ ត្រូវបានអ្នកដទៃកាន់កាប់ ។ សារ៉ាយ បានចាកចេញពីផ្ទះរបស់គាត់នៅខេត្តកំពង់ស្ពឺ នៅឆ្នាំ១៩៧៣ ។ សារ៉ាយ បម្រើការ នៅក្នុងកងពល៨០១ ក្នុងរបបខ្មែរក្រហម និងត្រូវបានបញ្ជូនទៅខេត្តរតនគិរី ។ សារ៉ាយ មិនដែលបានទាក់ទងឪពុកម្តាយបងប្អូន និងសាច់ញាតិរបស់ខ្លួន និង មិនដែលបានត្រឡប់មកភូមិកំណើតរបស់ខ្លួនវិញទេ រហូតដល់ឆ្នាំ១៩៩៩ ។ នៅ ពេលដែលសារ៉ាយ មកដល់ស្រុកកំណើត ចាស់ៗនៅក្នុងភូមិមិនអាចចំណាំមុខ របស់គាត់បានទេ ហើយគាត់ក៏មិនអាចចំណាំដីភូមិរបស់ខ្លួនបានដែរ ។ សារ៉ាយ ចាំបានថា កាលពីខ្លួនអាយុ១៣ឆ្នាំ ខ្លួនធ្លាប់ឃ្វាលគោនៅលើដីរបស់គ្រួសារនោះ ប៉ុន្តែបច្ចុប្បន្នដីស្រែនោះបានបាត់បង់ទៅហើយ ។ រដ្ឋបានប្រគល់ដីនោះទៅឱ្យ គ្រួសារដទៃ ដែលបានសង់ផ្ទះថ្មីរួចទៅហើយ ។ ដោយសារតែចង់បានសន្តិភាព សារ៉ាយ មិនចង់ទាមទារយកដីនោះមកវិញទេ ។៣១៨ វី បានលើកឡើងថា ”ប្រជាជនភាគច្រើនដែលបានចាកចេញពីអន្លង់វែង ត្រឡប់ទៅស្រុកកំណើត របស់ខ្លួនវិញ តែងតែមកវិញដោយទឹកភ្នែក ។ ប្រជាជនទាំងនោះបានដឹងថាផ្ទះសម្បែងរបស់ក្រុមគ្រួសារ របស់ខ្លួន ត្រូវបានអ្នកដទៃកាន់កាប់ ហើយខ្លួនមិនមាន កន្លែងឈរជើងនៅក្នុងសហគមន៍របស់ខ្លួនទៀតទេ” ។៣១៩

ប៉ុន្តែការបាត់បង់រួម បាននាំឱ្យមនុស្សកាន់តែជិតស្និទ្ធនឹងគ្នា ។ ដោយ ពុំមានទីកន្លែងរស់នៅច្បាស់លាស់ អតីតកម្មាភិបាលខ្មែរក្រហម ប្រជាជនមូលដ្ឋាន និងក្រុមគ្រួសារជាច្រើន បានវិលត្រឡប់មកអន្លង់វែងវិញ ដោយបានដឹងយ៉ាងច្បាស់ ថា ផ្ទះសម្បែងតាំងពីកុមារភាព ភូមិកំណើត និងអតីតកាលទាំងអស់របស់ខ្លួនបាន បាត់បង់ទៅតាមពេលវេលាទៅហើយ ។ អន្លង់វែង មិនត្រឹមតែក្លាយទៅជាកន្លែង ជ្រកកោននៅចំពោះមុខនៃការបាត់បង់ជីវិតអតីតកាលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាកន្លែងសម្រាប់កសាងជីវិតថ្មីទៀតផង ។ យ៉ាន មិនអាចរស់នៅក្នុង ខេត្តតាកែវបានទេ ពីព្រោះគាត់មិនស្គាល់អ្នកណាម្នាក់នៅទីនោះ ហើយមិនអាច ទ្រាំរស់នៅក្នុងភូមិកំណើតរបស់ខ្លួនបាន ។ នៅអន្លង់វែង យ៉ាន ស្គាល់មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ហើយដីមានតម្លៃថោក ។ យ៉ាន អាចស្វែងរកជំនួយពីមន្ត្រីទាំងអស់ នោះបានដូចជា នួន នៅ, យឹម ផាន់ណា, យឹម ពឹម និងខៀវ វុធ ។ យ៉ាន បានលើក ឡើងថា ”ការរស់នៅក្បែរផ្សារមានភាពងាយស្រួលជាង” ។៣២០

ព្រៃឈើនៅអន្លង់វែង ដែលមិនទាន់ត្រូវបានអភិវឌ្ឍន៍ជាមួយនឹងធនធាន និងឱកាសដ៏សម្បូរបែបសម្រាប់ការអភិវឌ្ឍ បានបង្ហាញអំពីព្រំដែនថ្មីមួយសម្រាប់ ការកសាងជីវិតសាជាថ្មី ។ ជាងនេះទៅទៀត ដីនៅអន្លង់វែងនៅទំនេរច្រើន ទោះបី ជាជម្លោះដីធ្លីកើតឡើងញឹកញាប់ក៏ដោយ ។ ប្រជាជនមានការគោរពគ្នាទៅវិញ ទៅមកនៅក្នុងសហគមន៍ ដោយសារប្រជាជនទាំងអស់ចេញមកពីអតីតកាល ប្រហាក់ប្រហែលគ្នា ដែលជាជីវិតមួយនៅក្នុងចលនាខ្មែរក្រហមដូចគ្នា ។

ជាការពិតណាស់ ជីវិតមិនអាចចាប់ផ្តើមឡើងវិញបានដោយងាយស្រួល នោះទេ ។ ជាមួយនឹងរឿងរ៉ាវនៃការចាប់ផ្តើមជីវិតឡើងវិញ តែងតែបង្កប់នូវ រឿងរ៉ាវជូរចត់ និងការបាត់បង់ជីវិតជារៀងរហូត ។ សារ៉ាយ ដែលជាអតីតកងទ័ព ខ្មែរក្រហមមួយរូបនិយាយថា ៖ ខ្ញុំសោកស្តាយណាស់នៅពេលរឿងគ្រប់យ៉ាង បានកន្លងផុតទៅ ខ្ញុំបានបាត់បង់អ្វីៗទាំងអស់ ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ ឱ្យខ្ញុំនូវទឹកប្រាក់ ចំនួនបីលានរៀល នៅពេលខ្ញុំចូលនិវត្តន៍ ។ ខ្ញុំបានយកប្រាក់នោះ ទៅសងបំណុលគេទាំងអស់ ។ ឯប្រាក់ដែលនៅសល់មួយចំនួន ខ្ញុំបានចំណាយ ទៅលើការព្យាបាល  ជំងឺ ។ មន្ត្រីផ្នែកសង្គមកិច្ចសន្យាថា រដ្ឋនឹងចែកដីឱ្យខ្ញុំ ។ ប៉ុន្តែ តើដីនោះ នៅឯណា? ខ្ញុំមិនមានអ្វីទាំងអស់ ។ ខ្ញុំមិនខុសពីលោកសង្ឃដែលទើប តែសឹកនោះទេ ។៣២១

ភាពសោកស្តាយបានញាំញីជីវិតប្រជាជនអន្លង់វែងច្រើនជាងបញ្ហា សេដ្ឋកិច្ចទៅទៀត ។ ពេលក្រឡេកក្រោយមើលទៅរយៈពេលជាច្រើនឆ្នាំ នៅក្នុង ការបម្រើខ្មែរក្រហម ប្រជាជនជាច្រើនបានមើលឃើញថា ខ្លួនបានចំណាយជីវិត ចោលឥតប្រយោជន៍ ហើយក្តីស្រមៃទាំងឡាយបានរលាយបាត់បង់អស់ ។ គឿម បានបាត់បង់ជើងម្ខាង ហើយគាត់តែងតែឈឺចុកចាប់នៅត្រង់ស្មាជាប្រចាំ ដោយសារ តែជីវិតធ្វើជាកងទ័ព ។ គាត់បានចោទសួរថា ”តើខ្ញុំទទួលបានអ្វីពីការពលីរបស់ខ្ញុំ ចំពោះប្រទេសជាតិ? នេះគឺជាសំណួរមួយដែលខ្ញុំចង់សួរទៅកាន់មេដឹកនាំ ខ្មែរក្រហម” ។៣២២

ទោះបីជាអតីតកម្មាភិបាលខ្មែរក្រហម និងប្រជាជនមូលដ្ឋានជាច្រើន អាចចាប់ផ្តើមជីវិតសាជាថ្មីបានប្រជាជន មួយចំនួនទៀតបានមើលឃើញថា ខ្លួនពុំមានអ្វី សម្រាប់ការចាប់ផ្តើមជីវិតសាជាថ្មីទេដោយសារជីវិតរបស់ខ្លួន ទាំងអស់បានបូជា ទៅឱ្យរបបខ្មែរក្រហមអស់ទៅហើយ ។ ជីវិតនៅក្រោយរបបខ្មែរក្រហម ពោរពេញទៅដោយភាពសោកស្តាយ ដោយគ្មានអ្វីសម្រាប់បង្ហាញប្រកបដោយ មោទនភាពទេ ក្រៅពីដៃជើងដែលបាត់បង់ និងក្តីស្រមៃដែលរលាយបាត់បង់ ដោយសារតែការពលីអស់រយៈពេលជាច្រើនឆ្នាំទៅលើបុព្វហេតុមួយដែល បរាជ័យ ។ ឡុត និយាយថា៖

ប្រសិនបើក្រឡេកទៅមើលរឿងរ៉ាវទាំងឡាយដែលបានកើតឡើងនៅ ពេលនោះ ខ្ញុំគិតថា ខ្ញុំកំពុងដើរតាមអង្គការ ។ ក្រោយមក ខ្ញុំគិតដល់ការផ្សះផ្សា និងបានភ្ញាក់ខ្លួនថា អ្វីៗ ដែលបានកើតឡើងកន្លងមក គឺជាទង្វើមិនត្រឹមត្រូវ ។ ទី១ ខ្ញុំបានដឹងខ្លួនថា យើងបានបំផ្លាញប្រទេសជាតិ ។ ទី២ ខ្ញុំបានដឹងថា ខ្ញុំបានបំផ្លាញ ខ្លួនឯង ។ នៅពេលនោះ យើងគិតថា យើងបានធ្វើរឿងត្រឹមត្រូវ ។ ប៉ុន្តែបន្ទាប់ពី សមាហរណកម្ម ខ្ញុំបានគិតអំពីរឿងនេះម្តងទៀត ។ ខ្ញុំមានអារម្មណ៍សោកស្តាយ ។ មនុស្សមួយចំនួនធ្វើអំពើអាក្រក់ ។ ប៉ុន្តែអ្វីដែលយើងនៅមានសង្ឃឹមគឺថា គាត់អាច កែខ្លួន ។ ឱ្យគាត់អាចក្លាយទៅជាមនុស្សថ្មី ប៉ុន្តែសម្រាប់ជនពិការដូចជារូបខ្ញុំវិញ ខ្ញុំពុំមានអ្វីនៅសេសសល់ទៀតនោះទេ ។៣២៣

ទោះបីជាមិនមានអ្វីនៅសេសសល់ទៀតក៏ដោយ ក៏ប្រជាជនអន្លង់វែង មាន បំណងប្រាថ្នាខ្លាំងក្លា ក្នុងការធ្វើដំណើរឆ្ពោះទៅមុខដើម្បីកសាងជីវិតថ្មី ។ បន្ទាប់ពី សង្គ្រាមបានបញ្ចប់ទៅ រ៉ុង មានការសប្បាយរីករាយជាខ្លាំង ។ គាត់បានចាប់ផ្តើម សង់ផ្ទះថ្មីបង្កើតជីវិតគ្រួសារថ្មី និងប្រកបរបររកស៊ី នៅអន្លង់វែង ។៣២៤ សាវ៉េត បានលើកឡើងថា ”ពុំមានការរើសអើង ដោយសារតែប្រវត្តិពីអតីតកាលឬពេលវេលានៃការចាប់ផ្តើមមករស់ នៅអន្លង់វែងនោះទេ” ។៣២៥ ប៉ុន្តែ នៅក្នុងដំណើរ នៃ ការកសាងជីវិតថ្មី ប្រជាជននៅអន្លង់វែងត្រូវបានតម្រូវឱ្យ ធ្វើការលះបង់ ដែលមិន គួរឱ្យជឿ ទោះបីជាខ្លួនបានលះបង់ជីវិតដើម្បីចលនាខ្មែរក្រហមពេញមួយជីវិត រួចហើយក៏ដោយ ។ កម្លាំងរបស់រដ្ឋាភិបាលបានវាយប្រហារតំបន់អន្លង់វែង ចំនួនពីរលើក ៖ លើកទី១ នៅឆ្នាំ១៩៩៣ និងលើកទី២ នៅឆ្នាំ១៩៩៤ ។ នៅក្នុង ការវាយប្រហារលើកទី១ ខ្មែរក្រហម មិនបានដុតបំផ្លាញផ្ទះសម្បែងរបស់ខ្លួន នោះទេ ។ ប៉ុន្តែនៅពេលកងទ័ពរដ្ឋាភិបាល បានចូលមកជាលើកទី២ មេដឹកនាំ ខ្មែរក្រហម បានបញ្ជាឱ្យប្រជាជន និងកងទ័ពរបស់ខ្លួនដុតផ្ទះខ្លួនឯងចោល ដើម្បី កុំឱ្យកងទ័ពរដ្ឋាភិបាលអាចតាំងទីលំនៅបាន ។៣២៦សម្រាប់ប្រជាជនជាច្រើន ការលះបង់នេះ គឺពិតជាការសម្រេចចិត្តមួយដ៏ពិបាក ។ គឿម បានលើកឡើងថា៖

កងទ័ពបានដុតផ្ទះរបស់ខ្ញុំចោល និងបានបំផ្លាញមធ្យោបាយ ក្នុងការរក ទទួលទានចិញ្ចឹមជីវិតរបស់ខ្ញុំចោលទាំងអស់ ។ ទង្វើនេះ បានធ្វើឱ្យស្ថានភាពរស់នៅ គ្រួសាររបស់ខ្ញុំធ្លាក់ដុនដាបយ៉ាងខ្លាំង ។ ខ្ញុំមានការសោកស្តាយចំពោះទង្វើ ដែល ខ្មែរក្រហមធ្វើមកលើខ្ញុំ បន្ទាប់ពីខ្ញុំបានបូជាជីវិតប្រយុទ្ធ ដើម្បីការពារប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមក ។ មិនគួរណាទទួលរងទុក្ខវេទនាបែបនេះជាថ្នូរ នឹងការលះបង់កន្លងមកទេ ។៣២៧

ជាទីបញ្ចប់ ការលំបាកវេទនាបានជះឥទ្ធិពលដល់ឆន្ទៈរបស់ប្រជាជនហើយចលនាខ្មែរក្រហមនឹងប្រឈមមុខនឹង ភាពអន្តរាយពីខាងក្នុង ។ ជាមួយនឹង ការផ្តាច់ខ្លួនរបស់មេបញ្ជាការកងទ័ពជាន់ខ្ពស់របស់ តាម៉ុក តំបន់អន្លង់វែង ចាប់ផ្តើមធ្វើអន្តរកាលឆ្ពោះទៅសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ប្រជាជន និងមេដឹកនាំខ្មែរក្រហម មួយចំនួនទន្ទឹងចង់បានសន្តិភាព ។៣២៨ ទោះបីជា សមាហរណកម្មនាំមកនូវយុគសម័យថ្មី នៃសេរីភាពផ្នែកសេដ្ឋកិច្ច និងសង្គម គោល គំនិតរបស់សហគមន៍ពីអតីតកាល និងវប្បធម៌នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ក៏ដូចជាការអនុវត្តទាំងឡាយក្រោយមកទៀត នៅតែបន្តមានឥទ្ធិពលទៅលើការ យល់ឃើញរបស់សហគមន៍ អំពីអត្តសញ្ញាណ និងទស្សនវិស័យ សម្រាប់អនាគត របស់ខ្លួន ។

ទោះជាយ៉ាងណា អនុស្សាវរីយ៍ដក់ជាប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់ ប្រជាជនអន្លង់វែង ទោះបីជាមានការពណ៌នាផ្ទុយអំពីទុក្ខវេទនា និងការបាត់បង់ ក៏ដោយ ។ លី បាននិយាយថា ”ច្បាប់របស់ខ្មែរក្រហម គឺល្អ ។ ប្រជាជនស្រឡាញ់ រាប់អានគ្នាដូចបងប្អូន ។ ប្រជាជនមិនអាចដើរហើរដោយសេរីបានទេ ។ ប្រជាជន ត្រូវតែរៀបអត្តចរិតឱ្យបានត្រឹមត្រូវ ។ ប៉ុន្តែបច្ចុប្បន្ន គឺខុសពីមុន ។ យុវជនក្មេងៗ មួយចំនួនប្រព្រឹត្តអំពើឆ្គាំឆ្គង” ។ លី បានបន្ថែមថា ”ការអនុវត្តរបស់ខ្មែរក្រហម ប្រសើរជាងការអនុវត្តនាពេលបច្ចុប្បន្ន ពីព្រោះមនុស្សចេះជួយគ្នាទៅវិញទៅ   មក” ។៣២៩ ឡុត យល់ស្របជាមួយនឹងចំណុចដែលថា សេរីភាពផ្នែកសេដ្ឋកិច្ច និង សង្គម បានធ្វើឱ្យអន្លង់វែង ប្រឈមទៅនឹងបញ្ហា ដែលមិនធ្លាប់កើតមានកាលពី របបខ្មែរក្រហម ។ ”ប្រជាជនឈ្លក់វង្វេងនឹងសង្គមស៊ីវិល័យ ។ ប្រជាជនបានភ្លេច ប្រភពដើមរបស់ខ្លួន ដែលនោះគឺការធ្វើស្រែចម្ការ” ។៣៣០ រ៉ែម បានលើកឡើងថាៈ

ការធ្វើជំនួញសម័យបច្ចុប្បន្ន ខុសពីសម័យតាម៉ុក ឆ្ងាយណាស់ ។ នៅក្រោម ការគ្រប់គ្រងរបស់តាម៉ុក យើងរស់នៅជាសហគមន៍ ។ យើងជួយគ្នាទៅវិញទៅមក ទោះបីជាយើងឈឺក៏ដោយ ។ យើងកម្រឈ្លោះប្រកែកគ្នាណាស់ ។ បច្ចុប្បន្ន នៅ ពេលដែលប្រជាជនធ្វើជំនួញ ពួកគេគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនមុន ។៣៣១ ការ គោរពយ៉ាងជ្រាលជ្រៅចំពោះសហគមន៍ និងស្មារតីឯករាជភាពពីសហគមន៍ ខាងក្រៅ ហាក់ដូចជានៅតែសមស្របនាពេលបច្ចុប្បន្ននៅក្នុងផ្នែកជាច្រើន ដូចជាការផ្តល់កម្មសិទ្ធិដី ការធ្វើស្រែចម្ការ ជីវិតគ្រួសារ និងរឿងរ៉ាវអាក្រក់អំពី សហគមន៍ ។

ការសុំទាន គឺជាអំពើហាមប្រាមមួយនៅក្នុងសហគមន៍ ដែលផ្ទុយទៅនឹង គោលការណ៍ឯករាជ្យ និងប៉ះពាល់ដល់លទ្ធភាពរបស់សហគមន៍ ក្នុងការពឹងផ្អែក លើខ្លួនឯង ។ ប្រជាជននៅអន្លង់វែង ជឿជាក់ថា តំបន់អន្លង់វែង មានអ្នកសុំទាន តិចតួចឬគ្មានទាល់តែសោះ ពីព្រោះប្រជាជននៅអន្លង់វែងនឹងមិនសុំទានទេ ទោះបី ស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ។៣៣២ យោងតាមសម្តីរបស់សាំង វី ”សូម្បីតែជនពិការភ្នែកនៅស្រុកអន្លង់វែង ក៏អាចរស់នៅដោយការធ្វើស្រែចម្ការ បានដែរ ។ ជាក់ស្តែង តា សាត គឺជាជនពិការភ្នែក ប៉ុន្តែគាត់បានប្រើដៃរបស់គាត់ ដើម្បីស្ទាបរបស់ផ្សេងៗ និងអាចធ្វើចម្ការបាន” ។៣៣៣ យឹម ផាន់ណា ដែលជា អភិបាលស្រុកអន្លង់វែង បានលើកឡើងថា មេដឹកនាំខ្មែរក្រហម ថែរក្សាប្រជាជន ទាំងអស់នៅអន្លង់វែង ។ ហេតុដូចនេះហើយបានជាតំបន់នេះមិនមានអ្នកសុំទាន ។ ប្រជាជនទទួលបានការបែងចែកដី ដើម្បីធ្វើស្រែចម្ការ ដែលខុសពីតំបន់របស់ កងទ័ពប៉ារ៉ា ដែលបានផ្តល់ដីតិចតួចឬមិនបានផ្តល់អ្វីទាំងអស់ដល់សមាជិករបស់ខ្លួន បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ដែលបានបង្ខំឱ្យពួកគេក្លាយខ្លួនទៅជាអ្នកសុំទាន ។៣៣៤ ការជឿជាក់ដែលថា មិនមានអ្នកសុំទាន (ហើយការសង្កេតបានបញ្ជាក់យ៉ាងដូច្នេះ មែន)ហាក់ដូចជាចេញមកពីវប្បធម៌ នៃភាពមិនងាយចុះទ្រុឌទ្រោម ដែលមាននៅ ក្នុងអត្តសញ្ញាណរបស់សមាជិកនៅក្នុងសហគមន៍ ជាពិសេសអ្នកទាំងឡាយដែល រស់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ដូចគ្នាដែរ ការភ្ជាប់ខ្លួនយ៉ាងរឹងមាំទៅនឹងជីវិតស្រែចម្ការ គឺមិនត្រឹមតែជា មធ្យោបាយសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយនៃការ អនុវត្តតាមប្រពៃណី ដែលបង្ហាញអំពីការគោរពចំពោះជីវិតរស់នៅដោយឯករាជ្យ និងការរស់នៅបែបសមូហភាព ។ សុភាសិតរបស់ខ្មែរក្រហមមួយនិយាយថា “ជើងជាប់ដី គឺជាប្រភពសេដ្ឋកិច្ច” ត្រូវបាននិយាយតៗគ្នា នៅក្នុងសន្ទនាជាច្រើនអំពី សារសំខាន់នៃការដាំដុះ ។ សុភាសិតនេះមានន័យថា សេដ្ឋកិច្ចមានប្រភពចេញ មកពីដីប្រៀបបានទៅនឹងជើងមនុស្សជាន់លើដីដែរ ។ ដូចដែលអ្នកស្រុកអន្លង់វែង ម្នាក់បានលើកឡើង “គ្មានអ្វីក្រៅពីការដាំដុះ និងការធ្វើស្រែចម្ការនោះទេ” ។៣៣៥ ជីវិតធ្វើស្រែចម្ការដែលតាម៉ុក បានជំរុញ នៅតែបន្តរហូតដល់ពេលបច្ចុប្បន្ន ដែល ជាការរំលឹកដល់សមត្ថភាពរបស់សហគមន៍ ក្នុងការរកស៊ីចិញ្ចឹមជីវិត និងពឹងពាក់ គ្នាទៅវិញទៅមក នៅពេលចាំបាច់ ។

ប៉ុន្តែនៅពេលសហគមន៍នេះ បានផ្លាស់ប្តូរពីមួយជំនាន់ទៅមួយជំនាន់ ហើយប្រជាជនចំណូលថ្មីបានចូលមករស់នៅ យ៉ាងច្រើននៅទីនោះ លក្ខណៈសម្បត្តិ ទាំងអស់នេះបានចាប់ផ្តើមសាបរលាបទៅវិញតាំងពីសមាហរណកម្មមកម្ល៉េះ ។៣៣៦ ប៉ុន្តែទោះបីជានៅចំពោះមុខនៃសហគមន៍ ដែលកាន់តែមានវ័យចំណាស់ និងការ ផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏តម្លៃរបស់សហគមន៍នៅតែអាច រក្សាបានតាមមធ្យោបាយផ្សេងៗ ។

មិនទាន់មានការបង្ហាញពីការខឹងសម្បាទៅលើប្រជាជនដែលមកពី ខាងក្រៅ៣៣៧ជាពិសេសអ្នកដែលទើប តែចូលមកតាំងទីលំនៅនៅអន្លង់វែង ។ ទោះជាយ៉ាងនេះក្តី យើងអាចទទួលអារម្មណ៍ដឹងថា មានការកើនឡើងនូវការ មិនជឿទុកចិត្តគ្នារវាងសមាជិកនៅក្នុងសហគមន៍ជាមួយនឹងអ្នកចំណូលថ្មី ជា ពិសេសជុំវិញបញ្ហាដីធ្លី ។ នាពេលថ្មីៗនេះ មានរបាយការណ៍ព័ត៌មានជាច្រើន អំពីក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនចម្ការកៅស៊ូ ដែលបានរឹបអូសយកដីពី ប្រជាជនអន្លង់វែង ។៣៣៨ ការពិភាក្សាអំពីបញ្ហាដែលក្រុមហ៊ុនចម្ការកៅស៊ូរឹបអូស យកដីកាន់តែមានសភាពធ្ងន់ឡើងៗ នៅពេលមានដំណឹងថា មនុស្សមកពីក្រៅបាន វាស់ដីដោយប្រើប្រាស់ឧបករណ៍កំណត់ទីតាំងភូមិសាស្ត្រពិភពលោក ។៣៣៩

នៅក្នុងកំណត់ត្រាស្រដៀងគ្នានេះដែរ ការកាន់កាប់ដីនាពេលថ្មីៗនៅ ជុំវិញតំបន់ប្រាសាទព្រះវិហារ និងការប្រឈម មុខដាក់គ្នាដែលបានផ្ទុះឡើងនៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យមានការសង្ស័យទៅលើចេតនា ឈ្លានពាន ដែលគ្មានការខ្មាសអៀនរបស់ថៃ ។៣៤០ នៅក្នុងឆ្នាំ២០១១ សាលាបឋម សិក្សាហ៊ុនសែន នៅអន្លង់វែងត្រូវបានបង្ខំ ចិត្តបិទទ្វារ ដោយសារតែបញ្ហាជម្លោះ ព្រំដែនជាមួយប្រទេសថៃ ។ ប្រជាជនមានការព្រួយបារម្ភរថា បញ្ហាព្រំដែននឹងបន្ត ទៅមុខ ។ ការកើនឡើងនូវតម្រូវការដីថ្មីសម្រាប់ការអភិវឌ្ឍ ដោយសារតែកំណើន ប្រជាជនបានបង្ហាញសញ្ញាណមិនល្អដល់ប្រជាជននៅក្នុងសហគមន៍ ។ នៅពេល ដែលសហគមន៍កាន់តែរីកធំឡើង ដោយសារវត្តមានរបស់អ្នកចំណូលថ្មី ដែល កំពុងតែស្វែងរកផលប្រយោជន៍ពីធនធាននៅក្នុងសហគមន៍ កម្មសិទ្ធិដីធ្លីបានក្លាយ ទៅជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ។៣៤១

ម្យ៉ាងទៀត ការកើនឡើងនៃការចាប់អារម្មណ៍ទៅលើប្រវត្តិសាស្ត្រ របស់តំបន់នេះជាពិសេសទីតាំងប្រវត្តិសាស្ត្រ ទាំងឡាយ បានផ្តល់ឱកាសដល់ការ ទាក់ទាញទេសចរណ៍ និងការអភិវឌ្ឍនៅក្នុងតំបន់ ។ កិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងទេសចរណ៍ នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែធំ ឡើងបង្ហាញថា សហគមន៍អន្លង់វែង នឹងទទួលបាន ផលប្រយោជន៍ពីអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួន ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធ នឹងចលនាចុងក្រោយរបស់ខ្មែរក្រហម ។

ទោះជាយ៉ាងណាក្តី ទេសចរណ៍ និងការអភិវឌ្ឍ គ្រាន់តែជាទិដ្ឋភាពមួយ នៃអនាគតរបស់តំបន់នេះតែប៉ុណ្ណោះ ។ អនាគតរបស់តំបន់អន្លង់វែង ស្ថិតនៅក្នុង ដៃរបស់ប្រជាជននៅក្នុងតំបន់ ។ ប្រជាជននៅក្នុងតំបន់អន្លង់វែង បានផ្តល់ បទពិសោធផ្សេងៗគ្នាជាច្រើន ដែលជាបង្អួចមួយអាចឱ្យយើងមើលឃើញអំពី កេរដំណែលនៃរបបខ្មែរក្រហម ភាពឃោរឃៅនៃសង្គ្រាម ព្រមទាំងសម្រស់ដ៏ អស្ចារ្យ និងសេចក្តីក្លាហានរបស់មនុស្សនៅក្នុងស្ថានភាពដ៏លំបាកបំផុត ។

ជំពូក១៦
រឿងរ៉ាវនៅអន្លង់វែង

ការសរសេរប្រវត្តិរបស់ប្រជាជននៅអន្លង់វែង ដូចជាការសរសេរប្រវត្តិ រឿងរ៉ាវផ្សេងៗទៀតដែរទាមទារឱ្យមានដំណើរ ការសម្រិតសម្រាំងមួយដែល បទពិសោធត្រូវបានចម្រាញ់ឱ្យចេញទៅជាការ ចងចាំពីការចងចាំទៅជាការ និយាយផ្ទាល់មាត់ និងពីការនិយាយផ្ទាល់មាត់ទៅជាព័ត៌មាន ដែលអាចកត់ត្រា បាន។ ជាការពិត ការចងចាំបានឆ្លងកាត់នូវតម្រងចម្រោះជាច្រើនដំណាក់ ។ ទស្សនៈ និងជំនឿ មនោគមន៍វិជ្ជា និងវប្បធម៌ ជះឥទ្ធិពលទៅលើគ្រប់ដំណាក់កាល ទាំងអស់ នៃដំណើរការប្រវត្តិសាស្ត្រ ដែលបានកំណត់ចរិតលក្ខណៈនៃរឿងរ៉ាវពី អតីតកាល ប្រៀបបាននឹងវិចិត្រករកំណត់ទម្រង់បែបផែននៃរូបគំរូរបស់ខ្លួនដែរ ។ ទោះជា លទ្ធផលយ៉ាងណាក៏ដោយ ការងារនេះ គឺជាដំណើរការនៃការដកស្រង់ នូវគោល រឿងសំខាន់ៗដែលបង្កើតបានទៅជាមូលដ្ឋានសម្រាប់ កំណត់ប្រវត្តិរឿងរ៉ាវរបស់ សហគមន៍មួយ ។ ជាទូទៅដំណើរការប្រៀបបានទៅនឹងឈុតឆាកសម្តែងមួយដែល ប្រវត្តិវិទូបានបង្កើតឡើងវិញនូវអារម្មណ៍ និងបរិយាកាស នៃបទពិសោធជាក់ស្តែងណាមួយដែលបានធ្វើឱ្យរឿងរ៉ាវ ក្នុងអតីតកាលមានជីវិត រស់ឡើងវិញ ។ ប្រសិនបើដំណើរការត្រូវបានធ្វើឡើងប្រកបដោយភាពស្មោះត្រង់ ការសរសេរប្រវត្តិសាស្ត្រ បែបនេះនឹងជួយកសាងស្ពានមួយ ដើម្បីតភ្ជាប់មនសិការរបស់ប្រជាជននៅអន្លង់វែង ទៅនឹងអ្នកអាន ។ មិនមានប្រវត្តិសាស្ត្រណាមួយដែលអាចបង្កើតស្ពានសម្រាប់តភ្ជាប់ដ៏ល្អឥតខ្ចោះដូចផ្ទាំងគំនូរ បាននោះទេ ។ ប៉ុន្តែយើងអាចសាកល្បងពិនិត្យមើលអំពីរឿងរ៉ាវនៃជីវិតរបស់មនុស្សតាមរយៈពាក្យសម្តី ផ្ទាល់មាត់របស់អ្នកស្រុកអន្លង់វែង។ ការធ្វើបែបនេះយើងសង្ឃឹមថានឹងបង្កើតឱ្យមានការយល់ដឹងល្អឥតខ្ចោះអំពីបទ ពិសោធជាក់ស្តែងនោះទេ ប៉ុន្តែការយល់ដឹងទូលំទូលាយជាងមុនមួយអំពីភាពជាមនុស្សដែលបានកំណត់អត្តសញ្ញាណ របស់ប្រជាជននិងវប្បធម៌របស់ស្រុកអន្លង់វែង។

អំពើអាក្រក់
នៅក្នុងរបបខ្មែរក្រហម ខ្ញុំបានឃើញស្ត្រីម្នាក់ ដែលត្រូវបានចាប់ខ្លួននៅ ក្នុងកងកុមារ ។សម្ងំនៅក្នុងកន្លែងស្នាក់នៅ របស់ខ្ញុំ ។ ស្ត្រីម្នាក់នោះនិយាយស្តីបែប គំរាមកំហែង និងមានចរិតលក្ខណៈបែបស្រីពាក់កណ្តាល ប្រុសពាក់កណ្តាល ។ យើងមិនទុកចិត្តគាត់ទេ ។ យប់មួយគាត់បាននិយាយថា គាត់ចង់ហូបអ្វីៗគ្រប់យ៉ាង ទាំងអស់ ។ ខ្ញុំមិនដឹងថា គាត់ចង់ហូបអ្វីឱ្យពិតប្រាកដនោះទេ ។ ប៉ុន្តែនៅពេលខ្ញុំឮ គាត់និយាយដូច្នេះ ខ្ញុំបានរាយការណ៍ប្រាប់ថ្នាក់លើ ។ បន្ទាប់មក កងទ័ពបាន មកយាមស្ត្រីម្នាក់នោះ ។ នៅព្រឹកថ្ងៃបន្ទាប់ ខ្ញុំត្រូវបានបញ្ជាឱ្យនាំស្ត្រីនោះចេញ មកក្រៅ ។ ក្រោយមក ពួកគេនាំគាត់ទៅបាត់ ហើយមិនដែលឃើញគាត់ត្រឡប់ មកវិញទេ ។ កម្មាភិបាលខ្មែរក្រហម តែងតែរំលឹកដាស់តឿនយើងឱ្យប្រយ័ត្ន ប្រយែងជាមួយជនដែលមិនស្មោះត្រង់ ។ ពួកគេបានប្រាប់ខ្ញុំ ឱ្យបន្តតាមដាន និង ស្វែងរកជនក្បត់ឬជនទាំងឡាយណាដែលមិនមានភាពស្មោះត្រង់ ។៣៤២

អំពើល្អ
ខ្ញុំជាកងទ័ពខ្មែរក្រហមម្នាក់ ដែលទទួលខុសត្រូវយាមល្បាតនៅតាម បណ្តោយព្រំដែនជាមួយវៀតណាម ។ កងទ័ពក៏ទទួលរងការចាប់ខ្លួន និងសម្លាប់ ដូចប្រជាជនស៊ីវិលដែរ ។ ខ្ញុំចាំបានថា នៅថ្ងៃមួយប្រធានកងរបស់ខ្ញុំ ត្រូវបានចាប់ ខ្លួន ។ គេឱ្យខ្ញុំយាមគាត់ ។ ប្រធានកងវរសេនាតូចបានចង្អុលមកខ្ញុំ ហើយនិយាយ ថា “ចូលមកយាមមាន់របស់អញ” ។

មាន់នោះសំដៅទៅលើប្រធានកងរបស់ខ្ញុំ ។ នៅពេលខ្ញុំដើរចូលទៅក្នុង បន្ទប់ ខ្ញុំបានឃើញប្រធានកងរបស់ខ្ញុំ ឈ្មោះភ័ក្រ ត្រូវបានចាប់ចង ។ ខ្ញុំអាណិតគាត់ ខ្លាំងណាស់ ។ យើងធ្លាប់រស់នៅជាមួយគ្នា និងជាមិត្តភក្តិជិតស្និទ្ធ ។ ខ្ញុំបានបន្ធូរ ចំណងដៃរបស់គាត់ និងបានហុចបារីមួយដើមឱ្យគាត់ ។ ខ្ញុំប្រាប់គាត់កុំឱ្យរត់ បើ មិនអ៊ីចឹង ខ្ញុំក៏មិនរស់ដែរ ។

យើងបានជជែកគ្នាមួយសន្ទុះ ។ គាត់បាននិយាយថា គាត់មិនចង់ឱ្យខ្ញុំ ស្លាប់ជាមួយគាត់ទេ ។ គាត់បានត្រៀមខ្លួនស្លាប់ រួចហើយ ។ ក្រោយមក ខ្ញុំបានធ្វើ អាហារខ្លះឱ្យគាត់ហូប និងបានឱ្យបារីគាត់ប៉ុន្មានដើមបន្ថែមទៀត ។ នៅប្រហែល ម៉ោង៦ល្ងាច ពេជ្ឈឃាត បានមកបណ្តើរគាត់ចេញទៅប្រហែលចម្ងាយ២០០ ម៉ែត្រពីភូមិ ។ ពួកគេបានបាញ់គាត់ ពីក្រោយខ្នងបីគ្រាប់ ។ ប្រហែលមួយម៉ោង ក្រោយមក ខ្ញុំបានដើរទៅកាន់កន្លែងកើតហេតុហើយបានឃើញ សាកសពរបស់ គាត់នៅទីនោះ ។ ខ្មែរក្រហមមិនទាំងស្រាយចំណងគាត់ចេញផង ។ ខ្ញុំបានកាត់ខ្សែ ចំណងចេញពីកដៃរបស់គាត់ ។ ខ្ញុំអាណិតគាត់ខ្លាំងណាស់ ។៣៤៣

ម្នាក់រត់គេចខ្លួន ម្នាក់ទៀតតាមស្វែងរក
ប្តីរបស់ខ្ញុំ គឺជាអ្នកយាមមួយរូបនៅចម្ការដូង ។ គាត់មាននាទីមើលការ ខុសត្រូវលើក្មេងៗនៅទីនោះ ។ នៅឆ្នាំ១៩៧៩ យើងបានបែកគ្នានៅក្នុងពេល ចលាចលរត់គេចពីការឈ្លានពានរបស់វៀតណាម ។ ក្រោយមកយើងបានជួបគ្នា ហើយបានរត់គេចខ្លួនទៅកន្ទួត ត្រពាំងជង ។ នៅពេលទៅដល់ទីនោះ ខ្មែរក្រហម បានបញ្ជូនស្ត្រីទាំងអស់ទៅកាន់ភូមិថ្មី ។ តាម៉ុក បានបញ្ជូនប្តីរបស់ខ្ញុំទៅកាន់តំបន់ ផ្សេង ។ ខ្មែរក្រហម មិនអនុញ្ញាតឱ្យខ្ញុំទៅតាមប្តីរបស់ខ្ញុំទេ ។ ចាប់តាំងពីថ្ងៃនោះ មក យើងបានបែកគ្នា ហើយមិនដែលបានឮដំណឹងពីគាត់ម្តងទៀតទេ ។

នៅពេលដែលជួបសាច់ញាតិរបស់ខ្ញុំគេបានប្រាប់ថា ប្តីរបស់ខ្ញុំ បានមករកខ្ញុំ។ ប៉ុន្តែតើយើងអាចរកគ្នាឃើញដោយរបៀបណា បើម្នាក់កំពុងតែរត់គេចខ្លួនហើយ ម្នាក់ទៀតកំពុងតែតាមស្វែងរក ជាលទ្ធផលយើងទាំងពីរបានបែកគ្នាជារៀងរហូត។

ខ្ញុំជឿថា ប្តីរបស់ខ្ញុំប្រហែលជាស្លាប់ដោយសារការអត់ឃ្លានជាយូរមក ហើយ ។ គាត់គឺជាមនុស្សពិការជើងម្ខាង ហើយមិនអាចយកម្ហូបអាហារតាមខ្លួន បានទេ ។ ខ្ញុំបានឮប្រជាជនដែលស្គាល់គាត់និយាយថា ប្តីរបស់ខ្ញុំហូបតែផ្លែឈើ ប៉ុណ្ណោះ ។ នៅក្នុងព្រៃពុំមានអង្ករហូបទេ ។ កូនក្មេងក៏ត្រូវតែស្ពាយអង្ករ និង ដាំបាយហូបដែរ ហើយយើងហូបជុំគ្នា ។ ក្រោយមកប្តីរបស់ខ្ញុំត្រូវបានបំបែក ចេញពីកុមារទាំងនោះ ។ មិនមានអ្នកណាម្នាក់ជួយស្ពាយឬចម្អិនអាហារឱ្យគាត់ ទៀតទេ ។ ដូច្នេះ គាត់ប្រហែលជាគ្មានអ្វីហូបទេ ។

ខ្ញុំបានឮប្រជាជនមួយចំនួន ដែលជួបគាត់និយាយថា ពួកគេបានអនុញ្ញាត ឱ្យប្តីរបស់ខ្ញុំរស់នៅជាមួយ ប៉ុន្តែប្តីរបស់ខ្ញុំមិនព្រមព្រោះគាត់ចង់ស្វែងរកខ្ញុំ ។ នៅ ពេលនោះ ខ្ញុំមានទម្ងន់កូនរបស់គាត់ ដែលជាកូនដំបូងរបស់យើង ។ ខ្ញុំពុំមាន អាហារហូបគ្រប់គ្រាន់ទេ ប៉ុន្តែខ្ញុំនៅតែមានកម្លាំងនៅឡើយ ។ ទោះបីខ្ញុំមិនមាន អ្វីហូបក៏ដោយ ខ្ញុំនៅតែអាចបន្តដំណើរទៅព្រំដែនថៃ និងឡើងភ្នំចុះភ្នំ ទោះបីខ្ញុំ កំពុងមានទម្ងន់ក៏ដោយ ។ ប៉ុន្តែនៅពេលទៅដល់ត្រាង នៅខែកក្កដា ឆ្នាំ១៩៧៩ ខ្ញុំបានសម្រាលកូន ដែលទើបតែមានអាយុ៦ខែក្នុងផ្ទៃ ។ បន្ទាប់ពីសម្រាលបានពីរ ម៉ោង កូនរបស់ខ្ញុំបានស្លាប់ ។ កូននោះយំដូចកង្កែប ហើយមិនមានរូបរាងពេញ លក្ខណៈទេ ។ ដៃជើងរបស់វាខ្លីៗ ហើយក្មេងខ្ចីពេក ។ ប្រសិនបើកូននោះមានអាយុ ៧ខែក្នុងផ្ទៃ វាប្រហែលជាមិនស្លាប់ទេ ។

ជាប់នៅក្នុងចន្លោះពិភពលោកពីរ
តឿក ស្ថិតនៅក្នុងកងចល័តស្រុករហូតដល់ថ្ងៃដែលវៀតណាម វាយ ចូលមកក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ ។ គាត់បានវិលត្រឡប់មកភូមិកំណើត   វិញ ហើយបានជួបជុំជាមួយក្រុមគ្រួសាររបស់គាត់ ។ ជាសំណាងល្អ គាត់អាចមក រស់នៅក្នុងផ្ទះរបស់គាត់វិញបាន ។ កងទ័ពវៀតណាមជាច្រើន កំពុងឈរជើងនៅ ក្នុងឃុំ ។ គាត់បានចូលបម្រើការជាឈ្លបឃុំ រហូតដល់ឆ្នាំ១៩៨៣ ។ នៅពេល គាត់កំពុងច្រូតស្រូវ ខ្មែរក្រហម បានមកចាប់ខ្លួនគាត់ ។ តាម៉ុន នៅកងពល៩៨០ ជាអ្នកចាប់ខ្លួនគាត់ ដោយបានចោទប្រកាន់គាត់ថា ជាមនុស្ស “ក្បាលយួនខ្លួនខ្មែរ”។ គាត់ត្រូវបានបញ្ជូនទៅភ្នំ១០០៣ ដើម្បីដឹកជញ្ជូនគ្រឿងសព្វាវុធឱ្យកងទ័ព ខ្មែរក្រហម ដែលប្រចាំការនៅលើភ្នំគូលែន នៅស្រុកសូត្រនិគម ។ គាត់រស់នៅ ជាមួយខ្មែរក្រហម អស់រយៈពេលកន្លះខែ មុនពេលត្រូវបានដោះលែងឱ្យត្រឡប់ ទៅផ្ទះវិញ ។ ត្រឡប់មកដល់ផ្ទះវិញ កងទ័ពវៀតណាម បានចាប់គាត់ ដោយចោទ គាត់ថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្មែរក្រហម ។ គាត់បានរត់គេចពីការ ចាប់ខ្លួន និងបានចូលជាមួយខ្មែរក្រហមចាប់ពីពេលនោះមក ។ កងទ័ពវៀតណាម គឺសាហាវឃោរឃៅណាស់ ។ ប្រជាជនមួយចំនួន ត្រូវបានកងទ័ពវៀតណាម ចាប់ខ្លួន និងត្រូវបានបញ្ជូនទៅឃុំឃាំង នៅក្នុងគុក ក្នុងឃុំទឹកវិល ។ តឿក បាន ចូលបម្រើនៅក្នុងអង្គភាពរបស់តាថេន ។ ជាក់ស្តែង ខ្មែរក្រហម បានធ្វើឱ្យគាត់ ក្លាយទៅជាជនរងគ្រោះ ដោយបានធ្វើឱ្យវៀតណាម សង្ស័យថា គាត់ជាភ្នាក់ងារ ស៊ើបការណ៍របស់ខ្មែរក្រហម ។ ដោយសារតែពុំមានជម្រើស តឿក ត្រូវតែចូលរួម ជាមួយខ្មែរក្រហម ពីព្រោះនៅពេលនោះ កងទ័ពវៀតណាម បានសម្លាប់ មនុស្សជាច្រើន ដែលត្រូវបានចោទប្រកាន់ថា ជាភ្នាក់ងារស៊ើបការណ៍របស់ ខ្មែរក្រហម ។៣៤៤

ព្រំដែនដែលមានតែនៅលើក្រដាស
ក្នុងនាមជាជនជាតិថៃមួយរូប មីន ម្យាម ដែលកាលនោះមានអាយុ១៤ឆ្នាំមិនចង់ចូលរួមជាមួយកងយោធពល ខេមរភូមិន្ទរបស់កម្ពុជានោះទេ ។ ប៉ុន្តែ នៅឆ្នាំ ១៩៦៣ នោះ មីន គ្មានជម្រើសនោះទេ ។

មីន កើតនៅភូមិណូឡូហាន ដែលជាភូមិតូចមួយនៅក្នុងទឹកដីថៃ ។ មីន រស់នៅទីនោះដូចកុមារដទៃនៅទីជនបទក្នុងប្រទេសថៃដែរ ។ មីន ជួយធ្វើស្រែ ចម្ការ ឪពុក ម្តាយ និងការងារដទៃទៀត ។ ជួនកាល មីន ធ្វើដំណើរជាមួយឪពុក ម្តាយ ឆ្លងកាត់ព្រំដែនទៅប្រទេសកម្ពុជា ដើម្បីទិញរបស់របរផ្សេងៗ ។

ដូចប្រជាជនផ្សេងទៀតនៅក្នុងភូមិដែរ ឪពុកម្តាយរបស់មីន ដែលចេះ និយាយតែភាសាខ្មែរ ប្រកបរបរធ្វើស្រែចម្ការ ។ ឪពុកម្តាយរបស់គាត់ទំនងជា ផ្លាស់ទីពីតំបន់ខ្ពង់រាប នៃប្រទេសថៃតាំងពីមុនពេលមីន កើតម្ល៉េះ ។ ប៉ុន្តែមីន មិន ដែលសួរនាំឪពុកម្តាយរបស់ខ្លួនថា តើពួកគាត់មកពីណា ហើយជួបគ្នាដោយ របៀបណានោះទេ ។ ប្រហែលជាមីន គិតថា ព័ត៌មានទាំងអស់នេះ មិនសូវ មានសារសំខាន់ទេនៅពេលនោះ ។ កាលពីនៅវ័យកុមារ ក្រោមបញ្ជារបស់ រដ្ឋាភិបាលថៃនាពេលនោះ មីន និងក្រុមគ្រួសារ បានផ្លាស់ទីលំនៅពីភូមិណូឡូហាន ទៅភូមិណុនជូរាជ ដែលជាភូមិមួយនៅក្បែរព្រំដែនកម្ពុជា ។

មន្ត្រីរដ្ឋាភិបាលថៃ តម្រូវឱ្យក្រុមគ្រួសាររបស់មីន ផ្លាស់ទីលំនៅក្នុង គោលបំណង ដើម្បីអភិរក្សព្រៃឈើ ។ ក្រុមគ្រួសាររបស់មីន មានជម្រើសពីរ ៖ ផ្លាស់ទីលំនៅទៅរស់នៅក្បែរទីរួមខេត្តស៊ីសាកេត ឬទៅនៅភាគខាងត្បូង ។ ក្រុម គ្រួសាររបស់មីន បានសម្រេចចិត្តទៅនៅភាគខាងត្បូង ពីព្រោះដីនៅភាគខាងលើ ខេត្ត ស៊ីសាកេត ជាតំបន់ស្ងួតហួតហែង និងដីពុំសូវមានជីជាតិ ។ ភូមិណុនជូរាជនេះ អនុញ្ញាតឱ្យមីន និងក្រុមគ្រួសារអាចធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់អន្លង់វែង ដើម្បីទិញរបស់របរផ្សេងៗបាន ។

ដំណើរឆ្លងព្រំដែនដ៏សាមញ្ញ ដើម្បីទៅទិញសម្ភារៈនេះ បានផ្លាស់ប្តូរជីវិត របស់ មីន យ៉ាងខ្លាំង ។ មន្ត្រីយោធាកម្ពុជា បានប្រកាសប្រាប់ប្រជាជនទាំងអស់នៅ អន្លង់វែងថា គ្រប់ក្រុមគ្រួសារទាំងអស់ត្រូវតែស្ម័គ្រចិត្តបញ្ជូនកូនប្រុសវ័យជំទង់ របស់ខ្លួនម្នាក់ឱ្យចូលបម្រើកងទ័ព ។ មីន បានប្រាប់ឪពុកម្តាយរបស់ខ្លួនថា គាត់ ខ្លាចសង្គ្រាមណាស់ ។ ប៉ុន្តែម្តាយរបស់មីន បានបញ្ចុះបញ្ចូលមីន ថា ការចូលបម្រើ កងទ័ព គ្រាន់តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយប្រាក់ខែកងទ័ពនឹងអាចជួយ សម្រាលបន្ទុកគ្រួសារបាន ។

មីន ដឹងច្បាស់ថា ខ្លួនមិនមានជម្រើសច្រើនទេ ហើយខ្លួនក៏មិនមានលិខិត គតិយុត្តិអ្វីដែលអាចបញ្ជាក់ថា ខ្លួនជាជនជាតិថៃបានដែរ ។ ទោះបើជាមីន មាន ក៏ដោយ ក៏អារម្មណ៍បានប្រាប់មីន ថា មិនអាចនិយាយអ្វីបានទេ ។ នៅពេលនោះ ទោះបីជាសហគមន៍ខ្មែរ និងថៃ មានចំណុចត្រួតស៊ីគ្នាអស់ជាច្រើនជំនាន់ តាមរយៈ ការរៀបអាពាហ៍ពិពាហ៍ឆ្លងសាសន៍ និងទំនាក់ទំនងឆ្លងដែនក៏ដោយ ក៏បញ្ហា សញ្ជាតិ គឺជាប្រធានបទរសើបមួយ ។ ដូចដែលមីន បានលើកឡើង “ប្រសិនបើខ្ញុំ ប្រាប់ពួកគេថា ខ្ញុំជាជនជាតិថៃ ពួកគេនឹងសម្លាប់ខ្ញុំ” ។

ដោយសារតែការរស់នៅចំទីកន្លែង និងពេលវេលាមិនសមស្រប មីន ត្រូវ បានកេណ្ឌឱ្យចូលបម្រើក្នុងកងទ័ពកម្ពុជា ។ ជំរំកងទ័ពតូចនេះមានកងទ័ពប្រហែល ជា១០០នាក់ នៅក្នុងអង្គភាព ។ គោលបំណងសំខាន់របស់អង្គភាព នៅដើម ទសវត្សរ៍ ឆ្នាំ១៩៦០ ផ្តោតសំខាន់ទៅលើការថែរក្សាសន្តិសុខនៅក្នុងតំបន់ដែលជា ទីតាំងឆ្លងកាត់របស់ក្រុមចោរប្លន់ ក្រុមកុម្មុយនីស្ត និងក្រុមប្រដាប់អាវុធផ្សេងៗ។៣៤៥
    
ភ្នាក់ងារស៊ើបការណ៍សម្ងាត់
ខ្ញុំរស់នៅក្នុងភូមិ និងបានរៀនសូត្រ រហូតដល់ឆ្នាំ១៩៧២ ។ ខ្ញុំបានធំដឹងក្តី ល្មមអាចនឹងចូលបម្រើកងទ័ពខ្មែរក្រហមបាន ប៉ុន្តែខ្ញុំធ្វើការនៅក្នុងកងចល័ត សហករណ៍រហូតដល់ឆ្នាំ១៩៧៧ ទើបបានក្លាយជាកងទ័ព ។ នៅឆ្នាំ១៩៧៩ ខ្ញុំបាន ឈប់ធ្វើជាកងទ័ព ហើយបានត្រឡប់មករស់នៅក្នុងភូមិវិញ ក្នុងនាមជាកម្លាំង   បម្រុង ។ ខ្ញុំបានរៀបការនៅឆ្នាំ១៩៨៤ និងមានកូន ។ ប៉ុន្តែនៅឆ្នាំ១៩៨៧ ប្រជាជន នៅក្នុងភូមិបានចោទប្រកាន់ខ្ញុំថា ជាភ្នាក់ងាររបស់ប៉ុល ពត ។ ដោយសាររឿងនេះ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង ។ ខ្ញុំមានតែម្នាក់ឯង ហើយព្យាយាមបង្ហាញពីភាព ស្អាតស្អំរបស់ខ្ញុំ ប៉ុន្តែប្រជាជននៅក្នុងភូមិនៅតែមិនជឿខ្ញុំ ។ ខ្ញុំគិតថា ប្រសិនបើខ្ញុំ បន្តរស់នៅក្នុងភូមិតទៅទៀត ខ្ញុំមុខជាស្លាប់មិនខាន ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្ត ចាកចេញពីប្រពន្ធ កូន និងសាច់ញាតិ ធ្វើដំណើរទៅព្រំដែនថៃ និងចុះចូលជាមួយ តាម៉ុក នៅឆ្នាំ១៩៨៧ ។ នៅពេលនោះ ខ្ញុំមានកូន៤នាក់ ប៉ុន្តែខ្ញុំគ្មានជម្រើសអ្វី ក្រៅអំពីការចាកចេញនោះទេ ។ ខ្ញុំមិនដែលបានជួបជុំគ្រួសាររបស់ខ្ញុំវិញទេ រហូត ដល់ការផ្តាច់ខ្លួនចុះចូលជាមួយរាជរដ្ឋាភិបាល ។៣៤៦
    
ជនចម្លែកដែលប្រហែលមុខ
ខ្ញុំមិនដែលបានជួបសាច់ញាតិរបស់ខ្ញុំនៅខេត្តរតនគិរី តាំងពីខ្ញុំមានអាយុ ១២ឆ្នាំម្ល៉េះ ។ ខ្ញុំជឿថា ឥឡូវនេះខ្ញុំមានអាយុ៥៥ឆ្នាំហើយ ។ ខ្ញុំមិនអាចចាំមុខ សាច់ញាតិរបស់ខ្ញុំបានទេ នៅពេលខ្ញុំជួបគាត់ក្នុងឆ្នាំ២០១០ ។ ប៉ុន្តែសាច់ញាតិរបស់ ខ្ញុំបានដុតជ្រូកមួយក្បាល ដើម្បីទទួលស្វាគមន៍ការវិលត្រឡប់មកវិញរបស់ខ្ញុំ ។ ពួកគាត់ថែមទាំងបានឱ្យថវិកាខ្ញុំមួយចំនួនសម្រាប់ជាជំនូននៃការវិលត្រឡប់មកវិញ របស់ខ្ញុំទៀតផង ។ ដោយសារខ្ញុំមិនអាចចាំបានថា អ្នកណាជាអ្នកណា យើងបាន និយាយអំពីរឿងរ៉ាវពីកុមារភាពរបស់យើង ដើម្បីជួយឱ្យខ្ញុំនឹកឃើញថា គាត់ត្រូវ ជាអ្វីនឹងខ្ញុំ ។ ខ្ញុំបានសុំទោសសាច់ញាតិចាស់ទុំរបស់ខ្ញុំ ដែលខ្ញុំមិនអាចចំណាំមុខ របស់គាត់បាន ។ ប៉ុន្តែពួកគាត់យល់ថា ខ្ញុំចេញពីផ្ទះតាំងពីនៅតូចម្ល៉េះ ។ ម្តាយរបស់ ខ្ញុំ បានជួយខ្ញុំឱ្យចាំពីពូ មីង និងជីដូនជីតារបស់ខ្ញុំ ។ ខ្ញុំបានចំណាយពេលពីរ បីថ្ងៃ ស្នាក់នៅផ្ទះរបស់ពួកគាត់ម្នាក់ៗ ។ នៅពេលបានជួបមុខពួកគាត់ ខ្ញុំមិនអាចទប់ ទឹកភ្នែកបាន ។ ខ្ញុំមានអារម្មណ៍អាឡោះអាល័យផង និងអាណិតខ្លួនឯងផង ។ ខ្ញុំទទួលរងការឈឺចាប់ អស់ជាច្រើនឆ្នាំ ដោយមិនទទួលបានភាពកក់ក្តៅពីឪពុកម្តាយ ។៣៤៧

ស្តាយក្រោយ
ក្រឡេកមើលទៅក្រោយវិញនូវអ្វីដែលបានកើតឡើងនៅពេលនោះ ខ្ញុំគិត ថា ខ្ញុំដើរតាមអង្គការ ។ ក្រោយមកខ្ញុំបានគិតដល់ការផ្សះផ្សា និងបានដឹងថា អ្វី ដែលបានកើតឡើងកន្លងមក គឺមិនត្រឹមត្រូវ ។ ទី១ វាបានបំផ្លាញប្រទេសជាតិរបស់ ខ្ញុំ ហើយទី២ វាបានបំផ្លាញខ្លួនខ្ញុំផ្ទាល់ ។ ជាលទ្ធផល ខ្ញុំបានក្លាយជាជនពិការ និង ធ្វើស្រែចម្ការ ។ នេះគឺជាការយល់ឃើញរបស់ខ្ញុំ ។ នៅពេលយើងដឹកនាំយើងគិត ថា ជាទង្វើត្រឹមត្រូវ ។ ប៉ុន្តែបន្ទាប់ពីសមាហរណកម្ម ខ្ញុំបានគិតអំពីរឿងនេះម្តងទៀត។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ។ មនុស្សមួយចំនួនបានប្រព្រឹត្តអំពើមិនល្អ ប៉ុន្តែ ពួកគេអាចកែខ្លួនបាន (ពួកគេអាចក្លាយជាមនុស្សថ្មី) ។ ប៉ុន្តែសម្រាប់ជនពិការ ដូចជារូបខ្ញុំ ពុំមានអ្វីនៅសេសសល់ទៀតទេ ។ អ្វីដែលខ្ញុំបានធ្វើកន្លងមក គឺដើម្បី ការពារប្រទេសជាតិរបស់ខ្ញុំ ប៉ុន្តែឥឡូវខ្ញុំបានភ្ញាក់ខ្លួនថា ខ្ញុំគឺជាជនរងគ្រោះ ។៣៤៨
    
ឡើងភ្នំមួយរយ ចុះភ្នំមួយរយ
ពាក្យចាស់មួយបានពោលថា ដើម្បីធ្វើដំណើរទៅដល់ប្រទេសថៃ មនុស្ស ម្នាក់ត្រូវ “ឡើងភ្នំមួយរយ ចុះភ្នំមួយរយ” ។ ជាក់ស្តែង ការធ្វើដំណើរពីភ្នំដងរែក ទៅកាន់ប្រទេសថៃ បង្ហាញថា ពាក្យចាស់មួយឃ្លានេះពិតជាត្រឹមត្រូវមែន ពីព្រោះ យើងត្រូវធ្វើដំណើរឡើងចុះៗជាច្រើនដង ។ ការធ្វើដំណើរ ត្រូវចំណាយពេល ប្រហែលមួយខែ ហើយវាមានការលំបាកខ្លាំងណាស់ ។ នៅពេលយើងចាប់ផ្តើម ធ្វើដំណើរទៅប្រទេសថៃ យើងមានគ្នាដែលជាស្ត្រីចំនួនដប់នាក់ ។ ប៉ុន្តែនៅពេល យើងទៅដល់គោលដៅនៅសល់តែបីនាក់ប៉ុណ្ណោះ ។ នៅពេលយើងចាប់ផ្តើម ធ្វើដំណើរ ក្រុមរបស់យើងមានស្ត្រីវ័យចំណាស់ និងក្មេង ។ នៅតាមផ្លូវសមាជិក ក្រុមមួយចំនួនចាប់ផ្តើមឈឺ និងចង់ឈប់សម្រាក ។ អ្នកដែលអាចបន្តដំណើរ ទៅមុខបាន ចេះតែបន្តដំណើរទៅមុខទៀត ។ មុនដំបូងយើងហូបបាយជុំគ្នា ។ ក្រោយមកយើងប្រើឆ្នាំងតែមួយ ហើយហូបអ្វីដែលយើងអាចរកបាន ។ វាគឺជា ពេលវេលាដែលលំបាកវេទនាមួយ ។ សមាជិកគ្រួសារចាប់ផ្តើមបោះបង់គ្នាចោល ។ យើងមិនមានអ្វីនៅសេសសល់ សម្រាប់ហូបទេ ។ ប្រសិនបើប្តីឈឺ តែប្រពន្ធ នៅអាចដើរបាន ប្រពន្ធនឹងបោះបង់ចោលប្តី ហើយបន្តដំណើររបស់ខ្លួន ។ ប្រសិន បើប្រពន្ធឈឺដេកនៅលើកន្ទេល ប្តីនឹងបន្តដំណើរទៅមុខ ។ ប្រជាជនចេះតែនាំគ្នា ស្រែកថា “យួនជិតមកដល់ហើយ!” ដូច្នេះ យើងប្រឹងដើរទៅមុខ ដោយសារតែឮ សូរសំឡេងគ្រាប់កាំភ្លើងនៅពីក្រោយយើង ។ ប្រពន្ធឬប្តី អាចត្រូវបានទុកចោល នៅក្បែរដើមឈើ ។ សូម្បីតែកុមារតូចៗក៏ត្រូវម្តាយបោះបង់ចោលដែរ ។ ទារក ដែលទើបនឹងកើតបានពីរបីថ្ងៃ ត្រូវបានបោះបង់ចោល ហើយស្រែកយំយ៉ាងឮនៅ ក្នុងអង្រឹង ។៣៤៩•ការតស៊ូ
អង្គកើតនៅភូមិកប ឃុំបឹងចក ក្នុងខេត្តរតនគិរី ។ គាត់គឺជាជនជាតិទំពួន ។ នៅឆ្នាំ១៩៧៧ អង្គ ត្រូវបានចាត់តាំងឱ្យទៅធ្វើការនៅពេទ្យតំបន់ ។ ពឹម ដែលជាប្រធានពេទ្យតំបន់ ត្រូវបានហៅទៅទីក្រុងភ្នំពេញ ហើយបាត់ខ្លួនតាំងពី ពេលនោះមក ។ នៅក្នុងមន្ទីរពេទ្យ អង្គ បានបាញ់ថ្នាំកម្ចាត់មូស ។ បាយត្រូវបាន ដាំលាយជាមួយដំឡូងឬដើមចេក ។ អាហារទាំងនោះមិនគ្រប់គ្រាន់ទេ ។ អង្គ ធ្វើការ នៅក្នុងមន្ទីរពេទ្យ បានប្រហែលមួយឆ្នាំ ។ បន្ទាប់មកកងទ័ពវៀតណាម បានចូល មកដល់ ។ អ្នកជំងឺជាច្រើនបានស្លាប់ជារៀងរាល់ថ្ងៃ ។ អង្គ បញ្ចុះសាកសពអ្នកជំងឺ ជារៀងរាល់ថ្ងៃ ។ អង្គ ធ្លាប់បានដឹងអំពីការចាប់ខ្លួនប្រជាជនតែមិនធ្លាប់បានឃើញ ការសម្លាប់មនុស្សនៅនឹងកន្លែងទេ ។ នៅពេលកងទ័ពវៀតណាមចូលមកដល់អង្គ បានរត់គេចទៅទន្លេសេសាន ជាមួយបុគ្គលិកពេទ្យ និងយោធាដទៃទៀត ។ អ្នកទាំងនោះបានឆ្លងទន្លេទៅប្រទេសឡាវ ។ អ្នកទាំងនោះហូបតែដំឡូង ដោយសារ តែពុំមានអង្ករតាមខ្លួន ។ អង្គ បានឃើញហ្វូងដំរីជាច្រើន ។ ប្រជាជននាំគ្នាដុតភ្លើង ដើម្បីកុំឱ្យដំរីចូលមក ។ អង្គ រស់នៅក្នុងព្រៃប្រហែលមួយឆ្នាំ ។ ដោយសារតែការ រស់នៅក្នុងព្រៃលំបាកវេទនាខ្លាំងពេក ស្ត្រីម្នាក់បានសម្លាប់កូនរបស់ខ្លួនពីរនាក់ ដោយធ្វើឱ្យកូនទាំងពីរថប់ដង្ហើមស្លាប់ ។៣៥០

•មិនមានពិធីបុណ្យសព
នៅឆ្នាំ១៩៧៩ ខ្ញុំបានធ្វើដំណើរទៅដល់ជំរំជនភៀសខ្លួននៅលើទឹកដីថៃ ។ មិនយូរប៉ុន្មាន សក់របស់ខ្ញុំចាប់ផ្តើមជ្រុះ ។ ខ្ញុំជឿជាក់ថា សក់ខ្ញុំជ្រុះអស់ដោយសារ ខ្ញុំឈឺ និងទទួលរងការលំបាកជាច្រើននៅតាមផ្លូវ ។ នៅក្នុងជំរំ បុគ្គលិកជនជាតិ បារាំងមិនអនុញ្ញាតឱ្យយើងហូបច្រើនទេ ។ ពីដំបូងគេឱ្យយើងហូបតែត្រីផ្លាធូ ជាមួយ ខ្លាញ់ និងបាយ ។ ដោយសារតែឃ្លានខ្លាំងពេកអ្វីក៏ឆ្ងាញ់ដែរ ។ យើងអាចរក អាហារបន្ថែមបាននៅមន្ទីរពេទ្យ ។ គ្រប់គ្នាមានជំងឺរាកជាទម្ងន់ ។ មនុស្សប្រុស ស្រី បានបន្ទោបង់នៅមុខគ្នា ដោយគ្មានការខ្មាសអៀន ។ តាមពិតទៅ ការបរិភោគ អាហារទាំងនោះ អាចជួយបញ្ចោញជាតិពុលចេញពីក្នុងរាងកាយមនុស្ស ។ មួយខែ ក្រោយមក យើងលែងកើតជំងឺរាករូសទៀតហើយ ។ យើងចាប់ផ្តើមឡើងទម្ងន់ ។ ប្រសិនបើយើងក្រឡេកមើលទៅអតីតកាលវិញ មនុស្សរាប់រយនាក់បានស្លាប់ ជារៀងរាល់ថ្ងៃ នៅជំរំស្រះកែវ ។ បុគ្គលិកអន្តរជាតិ ដែលបម្រើការនៅទីនោះ បានយំ ដោយសារតែឃើញមនុស្សជាច្រើនបានស្លាប់ជាបន្តបន្ទាប់ ។ ត្រាក់ទ័រដែល ប្រើសម្រាប់ជីករណ្តៅកប់សាកសព មិនអាចជីកទាន់ចំនួនមនុស្សដែលស្លាប់ក្នុងមួយ ថ្ងៃបានទេ ។ យើងមិនបានប្រារឰពិធីបុណ្យសពអ្វីទេ ។ នៅពេលមានមនុស្សស្លាប់ យើងជីករណ្តៅ ហើយប្រើរទេះដឹកសាកសពយកមកទម្លាក់ចូលក្នុងរណ្តៅ ។៣៥១
    
•អវសានកថា
ការផ្សះផ្សា គឺជាដំណើរជាបុគ្គល និងក៏ជាបាតុភូតសមូហភាពមួយដែរ ។ ជាការពិត ប្រសិនបើយើងទទួលស្គាល់ថា ការផ្សះផ្សាអាចសម្រេចបាន លុះត្រាតែ កិច្ចការនេះ ចេញពីបេះដូង និងគំនិតរបស់បុគ្គលម្នាក់ៗ យើងនឹងដឹងថា វាគឺជា ស្មារតីរបស់បុគ្គលហើយគឺមិនមែនឆន្ទៈរួមនោះទេ ដែលជាគន្លឹះនៃសង្គមក្រោយជម្លោះមួយក្នុងការជម្នះបាននូវ អតីតកាលរបស់ខ្លួន ។ នៅពេលដែលគិតអំពីរឿង នេះ នឹកឃើញដល់ទំនាក់ទំនងរវាងទន្លេសាប និងទន្លេមេគង្គ ។

ទន្លេសាប និងទន្លេមេគង្គ មានលក្ខណៈពិសេសខុសពីគេ នៅត្រង់ដំណើរ នៃចរន្តខ្សែទឹករបស់ទន្លេទាំងពីរ ។ ទន្លេទាំងពីរប្រសព្វគ្នានៅខាងមុខព្រះបរម រាជវាំង នៅក្នុងរាជធានីភ្នំពេញ ។ នៅពេលដែលទន្លេទាំងពីរប្រសព្វគ្នា ទន្លេសាប មិនបានបាត់បង់លក្ខណៈពិសេសរបស់ខ្លួននោះទេ ។ ដោយសារជំនន់ទឹកភ្លៀងដ៏ ឆាប់រហ័សពីទន្លេមេគង្គ ទន្លេសាប បានក្លាយទៅជាប្រព័ន្ធធារាសាស្ត្រដ៏អច្ឆរិយមួយ ដែលប្រឆាំងទៅនឹងទំនាញផែនដីដោយប្តូរចរន្ត ទឹកហូរបញ្ច្រាសទៅលើ ចាក់ ចូលទៅក្នុងបឹងទន្លេសាបដែលជាអាងនេសាទទឹកសាបដ៏ធំបំផុត មួយនៅក្នុងពិភពលោក ។

ការផ្សះផ្សាប្រៀបបានទៅនឹងភាពប្រសព្វគ្នានៃទន្លេទាំងពីរដូច្នេះដែរ គឺមិនបានបំផ្លាញភាពជាបុគ្គលរបស់មនុស្ស ម្នាក់ៗនោះទេ ។ ផ្ទុយទៅវិញ ដូចជា ទន្លេសាបភាពប្រសព្វគ្នាបានក្លាយទៅជាកត្តាមួយ ដែលផ្តល់អំណាចទៅឱ្យបុគ្គល នៅក្នុងទម្រង់ទាំងឡាយដែលមិនអាចព្យាករណ៍បាន ។

ទោះបីជាយើងសម្លឹងមើលមកស្ថានភាពរបស់យើងក្នុងនាមជាបុគ្គលឬ ជាសមូហភាពការផ្សះផ្សាមានសារៈសំខាន់ សម្រាប់ការរស់នៅប្រកបដោយ សមភាព និងជីវិតដែលពេញលក្ខណៈ ។ យើងមិនអាចគេចវេះពីប្រវត្តិសាស្ត្រ របស់យើងបានទេ ទោះជាយ៉ាងនេះក្តី ក៏យើងមិនត្រូវក្លាយទៅជាទាសករនៃ ប្រវត្តិសាស្ត្រនោះដែរ ។ ប្រវត្តិសាស្ត្រមានភាពត្រួតស៊ីគ្នា ។ ជាញឹកញយមនុស្ស បានភ្លេចថា យើងមិនត្រូវបានដកចេញពីប្រវត្តិសាស្ត្រ នៃសម័យខ្មែរក្រហមនោះ   ទេ នៅពេលដែលមនុស្សជំនាន់មុនរបស់យើងត្រូវបានដកចេញពីប្រវត្តិសាស្ត្រ នៃសម័យអាណានិគម សង្គ្រាម និងភាពចលាចលសង្គម ។ ទោះជាយ៉ាងនេះក្តី ការផ្សះផ្សាផ្តល់ឱ្យយើងនូវផ្លូវមួយ ដែលយើងអាចចូលរួមចំណែកនៅក្នុង ជោគជ័យ ជាសមូហភាពរបស់ប្រទេសកម្ពុជារបស់យើងដោយមិនចាំបាច់ លះបង់ នូវផលប្រយោជន៍របស់បុគ្គល ។ ដូចជាទន្លេសាប និងទន្លេមេគង្គ ។ យើងមិនបានបាត់បង់បុគ្គលភាព របស់យើងទេ នៅពេលដែលយើងរួបរួមគ្នា ។ ផ្ទុយទៅវិញ នៅ ពេលដែលយើងទទួលស្គាល់គ្នាទៅវិញទៅមក យើងផ្តល់អំណាចទៅឱ្យជីវិតផ្ទាល់ ខ្លួនទៅវិញទៅមក ហើយចូលរួមចំណែកទៅដល់ប្រទេសកម្ពុជាទាំងមូល ។

ឆាំង យុ
ស្ថាបនិកវិទ្យាស្ថានស្លឹករឹត, នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
•
ពិធីរៀបការនៅអន្លង់វែងកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០

បន្ទាប់ពីកងទ័ពវៀតណាមចូលមកក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហម បានរត់ភៀសខ្លួនទៅក្នុងព្រៃភ្នំ និងតំបន់ព្រំដែន ។ ភ្នំ១០០៣ គឺជាមូលដ្ឋានយោធាដ៏សំខាន់របស់ខ្មែរក្រហម ដែលស្ថិតនៅលើភ្នំដងរែក តាម បណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅមិនឆ្ងាយប៉ុន្មានពីអន្លង់វែងទេ ។ ពីមូលដ្ឋាន យោធាភ្នំ១០០៣ ខ្មែរក្រហម បានរៀបចំកម្លាំងរបស់ខ្លួនឡើងវិញ និងត្រៀម សម្រាប់ការតស៊ូរយៈពេលវែងមួយប្រឆាំងនឹងកងទ័ពវៀតណាម និងរបប សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ នៅទីបំផុតចេញពីទីតាំងនេះ កងទ័ពខ្មែរក្រហម បានវាយដណ្តើមកាន់កាប់ និងចុះមកតាំងទីលំនៅ នៅអន្លង់វែង នៅដើមឆ្នាំ១៩៩០ (និងទីតាំងផ្សេងៗទៀត) ។ ខ្មែរក្រហម បានរស់នៅតំបន់កាន់កាប់នេះ រហូតដល់ មានការធ្វើសមាហរណកម្មចូលមកក្នុងសង្គមកម្ពុជា នៅចុងឆ្នាំ១៩៩៨ ។

ជីវិតនៅអន្លង់វែង ពិតជាមានការលំបាក និងគ្រោះថ្នាក់ដូចគ្នាទៅនឹង ជីវិតនៅលើភ្នំ១០០៣ដែរ ។ ក្នុងនាមជាតំបន់កាន់កាប់មួយ អន្លង់វែង ត្រូវបានប្រើប្រាស់ជាទីចំណុចចាប់ផ្តើមដ៏សំខាន់នៃប្រតិបត្តិការ កងទ័ពឈ្លបរបស់ខ្មែរក្រហម នៅក្នុងប្រទេសកម្ពុជា និងក៏ជាទីតាំងដែលរងការវាយប្រហារញឹកញប់ពីសំណាក់ កងទ័ពរបស់រដ្ឋាភិបាលកម្ពុជាដែរ ។ ទោះបីជាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ និងបរិយាកាសមិនអំណោយផល យ៉ាងណាក៏ដោយប្រជាជននៅក្នុងតំបន់អន្លង់វែងបាន ខិតខំប្រឹងប្រែងនៅពេលដែលស្ថានភាពអំណោយផល ដើម្បីផ្សារភ្ជាប់ និងថែរក្សា បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន ។

%d bloggers like this: