វគ្គ​ទី​ ១៥: ឆ្មា​នៅ​តែ​ខ្លាច​កណ្តុរ​មិន​ហ៊ាន​លេង​ល្បែង​ទល់​មុខ​គ្នា​ដូច ត្រាំ​ និង ហ៊ីឡារី

capture

ថ្ងៃទី ៨ ខែវិច្ឆិកានេះគឺជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិករៀងរាល់ ៤ ឆ្នាំម្តងដែលគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ និងប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីឡារី បានធ្វើយុទ្ធនាការរកសំឡេងឆ្នោតប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញកន្លងមកដែលមានសំឡេងឆ្នោតត្រូវបានគេស្ទង់មតិប្រភពផ្សេងៗគ្នាមួយចំនួនឃើញថាស្ថិតនៅយ៉ាងប្រកៀកប្រកើយនឹងគ្នាសំឡេងឆ្នោតម្តងឡើងម្តងចុះរៀងៗខ្លួនធ្វើឲ្យអ្នកបោះឆ្នោតពិបាកក្នុងការសម្រេចចិត្តចុងក្រោយនៅថ្ងៃនេះ។ សម្រាប់អ្នកចូលចិត្តលេងល្បែងភ្នាល់គ្នាក៏ពិបាកជ្រើសរើសយកនរណាម្នាក់ដែរ។

បើទោះបីជាលោក ត្រាំ ឬក៏លោស្រី ហ៊ីឡារី អ្នកណាម្នាក់ឈ្នះឆ្នោតក៏ជាស្តង់ដារនៃលទ្ធិប្រជាធិបតេយ្យក៏សហរដ្ឋអាមេរិកចងរួចហើយដែរជាមួយនឹងគណៈកម្មការរៀបចំការបោះឆ្នោត កងកម្លាំងសមត្ថកិច្ច និងតុលាការកំពូលរបស់គេនៅមានលក្ខណៈឯករាជ្យដែរ។ ម្យ៉ាងវិញទៀតគឺអាណត្តិរបស់ប្រធានាធិបតីត្រូវបានច្បាប់កំណត់ឲ្យតែ ២ អាណត្តិទេហើយប្រសិនបើមានករណីប្តឹងសង្ស័យទៅលើរដ្ឋណាមួយដែលមានលទ្ធផលលក្ខណៈប្រទាញប្រទង់គ្នាក្នុងការឈ្នះចាញ់គឺតុលាការកំពូលជាអ្នកសម្រេចឲ្យរាប់ឡើងវិញ និងប្រកាសសាលក្រមបេក្ខជនណាជាអ្នកឈ្នះ។ ដូចនៅឆ្នាំ ២០០០ មានសន្លឹកឆ្នោតប្រដេញគ្នារវាងលោក ប៊ូស និង លោក អាល់ហ្គ័រ ដែលមានការសង្ស័យនៅរដ្ឋផ្លរីដាត្រូវបានតុលាការកំពូលសម្រេចឲ្យរាប់ឡើងវិញ និងចេញសាលក្រមលទ្ធផលឲ្យលោក ប៊ូស ឈ្នះហើយលោក អាល់ហ្គ័រ ក៏ទទួលយកសាលក្រមនោះដែរ។ នេះគឺជាល្បែងប្រជាធិបតេយ្យ និងភាពយុត្តិធម៌នៅអាមេរិក។

ជាងនេះទៅទៀតគឺការជជែកដេញដោលគ្នាទល់មុខគ្នារវាងបេក្ខជនទាំង ២ ក៏ត្រូវបានគេកំណត់បើកសិទ្ធិឲ្យបញ្ចេញមតិដែរគ្មានបេក្ខជនប្រធានាធិបតីអាមេរិកណាម្នាក់ជាប់គុកដោយសារបញ្ចេញមតិរិះគន់គ្នា ឬក៏សម្លុតគំរាមកំហែងគ្នាដែរគឺទុកឲ្យអ្នកបោះឆ្នោតសម្រេចចិត្តដោយខ្លួនឯងថាតើបេក្ខជនបញ្ចេញមតិត្រឹមត្រូវសមហេតុសមផលដែរឬអត់? ដូចលោក ត្រាំ សម្លុតលោកស្រី ហ៊ីឡារី ថាបើគាត់ជាប់ឆ្នោតគាត់នឹងចាប់លោកស្រី ហ៊ីឡារី ដាក់គុក ឬក៏គាត់ថាមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតក៏ដោយ ក៏គ្មានសមត្ថកិច្ចណាមកចាប់លោក ត្រាំ ដែរ។ ប្រសិនបើ ត្រាំ ជាប់ឆ្នោតមែនក៏លោក ត្រាំ មិនអាចបញ្ជា FBI ឲ្យចាប់លោកស្រី ហ៊ីឡារី ដាក់គុកតាមចិត្តគ្មានហេតុផលនោះទេ។

សរុបមកវិញរឿងនៅសហរដ្ឋអាមេរិកបើទោះបីជាបក្សណាឈ្នះឆ្នោតគឺមិនសូវខុសគ្នាទេគេគោរពលទ្ធិប្រជាធិបតេយ្យ គេអាចធ្វើការជាមួយគ្នាបានគិតគូរប្រទេសជាតិគេដូចតែគ្នាទេ គេហៅគ្នាហូបបាយជាមួយគ្នាធម្មតាតែគ្រាន់តែមានលក្ខណៈខុសគ្នាត្រង់ថារឿងកិច្ចការបរទេស និងការចាយវាយនៅក្រៅប្រទេសច្រើន ឬក៏តិចតែប៉ុណ្ណឹងទេហើយការងារសម្រេចថវិកាធំៗក៏មិនមែនតែប្រធានាធិបតីតែម្នាក់ឯងនោះទេគឺមានព្រឹទ្ធសភាជាអ្នកចូលរួមសម្រេចពីលើទៀតឯណោះ។ ដូចរឿងការចំណាយដើម្បីអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ស្ថាប័ន USAID គឺជាថវិការបស់ព្រឹទ្ធសភាទេ អ៊ីចឹងគ្មានអីទៅប៉ះពាល់នឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនោះទេ។

រីឯការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរវិញផ្ទុយស្រឡះពីនៅសហរដ្ឋអាមេរិកគឺប្រជាធិបតេយ្យមានលក្ខណៈដូចសម្លកកូរអ៊ីចឹង កូរវ៉ល់ពេញហ្នឹង គ្មានស្ថាប័នឯករាជ្យពិតប្រាកដនៅមុន អំឡុង និងក្រោយពេលបោះឆ្នោតម្តងៗនោះទេហើយបេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រីមានចរិតលេងដូចល្បែងតុក្កតារឿងឆ្មា និងកណ្តុរ (Tom & Jerry) អ៊ីចឹងបានត្រឹមតែលួចដាក់អន្ទាក់គ្នា និងលួចចាក់គូទគ្នា ដៀមដាមឲ្យគ្នាទៅវិញមក។ នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតមិនដែលឃើញ ឆ្មា និងកណ្តុរហ៊ានជជែកដេញដោលទល់មុខគ្នាទេ កណ្តុរតែងតែបបួលតែឆ្មាមិនហ៊ាន ឆ្មាដឹងតែខ្លួនឈ្នះរហូតមិនខ្វល់រឿងចាញ់ព្រោះស្ថាប័នកងកម្លាំង គជប និងតុលាការសុទ្ធតែនៅក្រោមកណ្តាប់ដៃរបស់ឆ្មាទាំងអស់។ គឺធ្វើដូចកាលពីបោះឆ្នោតលើកដំបូងនៅសម័យសង្គមរាស្ត្រនិយមគឺគ្មានបេក្ខជនឈរឈ្មោះធ្វើជាប្រមុខរដ្ឋណាទៅប្រកួតប្រជែងនឹងសម្តេចឪបានដែរព្រោះអ្វីៗចងភាពធ្វើជាម្ចាស់លើស្ថាប័នទាំងអស់រួចអស់ហើយជាមួយនឹងការធ្វើប្រជាភិថុតយ៉ាងខ្លាំងនោះ។

ករណីដូចគ្នាបើកណ្តុរក៏អាចធ្វើការបោះឆ្នោតឈ្នះរហូតដែរប្រសិនបើកណ្តុរបានអំណាចហើយចង់ធ្វើបាបឆ្មាវិញនោះ។ នេះគឺជាល្បែងប្រជាធិបតេយ្យនយោបាយថ្ពឹនភ្នែកនៅស្រុកខ្មែរដែលទាំងឆ្មា ទាំងកណ្តុរសុទ្ធតែលើកហេតុផលធ្វើឡើងដើម្បីប្រទេសជាតិតាមពិតគិតគូរតែពីរឿងប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួកគ្រួសាររបស់ខ្លួនដូចគ្នាដោយទាំងដៃគូកណ្តុរដែលឲ្យតែបានក្បាលម៉េក្រូ ពន្លះឆ្មាពេញៗមាត់សុទ្ធតែគេហ្នឹងពុករលួយ បក្ខពួកនិយម គ្រួសារនិយម បំផ្លាញជាតិ ដឹកនាំគ្មានលក្ខណៈប្រជាធិបតេយ្យពេញៗមាត់តែខ្លួនឯងវិញមិនទាន់ទាំងបានអំណាចផងយកកូនស្រីរបស់ខ្លួនមកកាន់តំណែងជាន់ខ្ពស់ក្នុងបក្សហើយកកូរពេញក្នុងបក្សទៀត។ តើឲ្យអ្នកបោះឆ្នោតគេជឿជាក់ខ្លួនដូចម្តេចបើលេងសុទ្ធតែបក្ខពួកដូចតែឆ្មាដែរហ្នឹង?
សំណួរសួរថាតើការបោះឆ្នោតបែបលក្ខណៈប្រជាធិបតេយ្យទទួលយកបានយ៉ាងដូចម្តេច? បើឆ្មាអត់មានគូប្រកួតប្រជែងផងហ្នឹង ចងដៃចងជើងកណ្តុរ និងក្រុមកណ្តុរអស់ហើយហ្នឹងខ្លះត្រូវរស់នៅនិរទេសខ្លួនឯង ខ្លះជាប់គុក ខ្លះហូបបាយនៅចានស្រាក់បែបហ្នឹង? បើគ្រាន់តែបញ្ចេញមតិ ចោទ និងចាប់ដាក់គុកៗតាំងពីមុនបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ និងបោះឆ្នោតជាតិឆ្នាំ ២០១៨។ បើឆ្មាគិតតែចោទ និងចាប់បក្សប្រឆាំងដាក់គុកដូចករណីនៅសហរដ្ឋអាមេរិកវិញគឺលោក ត្រាំ និងសកម្មជនរបស់បក្សសាធារណរដ្ឋត្រូវជាប់គុកដូចនៅស្រុកខ្មែរព្រោះបក្សប្រជាធិបតេយ្យរបស់លោកស្រី ហ៊ីឡារី កំពុងតែកាន់អំណាចផងនោះ។ នេះគឺជាល្បែងប្រជាធិបតេយ្យក្លែងក្លាយនៅស្រុកខ្មែរខំប្រឹងបង្ហាញសកលលោកថាជាប្រជាធិបតេយ្យពិតប្រាកដនោះហើយច្បាប់ក៏គ្មានបានចងអាណត្តិរបស់នាយករដ្ឋមន្ត្រីតាមបែបលក្ខណៈប្រជាធិបតេយ្យដែរ។

នៅពេលនេះឆ្មាបានប្រកាសថាខ្លួនគាំទ្រលោក ត្រាំ តែកណ្តុរវិញអត់ហ៊ានបញ្ចេញមតិថាខ្លួនទៅខាងណានៅឡើយទេព្រោះឆ្មាឲ្យនៅក្រៅសង្វៀនយូរៗទៅលែងហ៊ានបញ្ចេញមតិថាខ្លួនគាំទ្រអ្នកណានោះទេ ចាំស្តាប់សូរស៊ីឡាក។

បើកាលបោះឆ្នោត ២០០៨ និងឆ្នាំ ២០១៣ កណ្តុរខំយកស្ទីលតាមលោក អូបាម៉ា ក្នុងយុទ្ធនាការរកសំឡេងឆ្នោតគឺដល់ពេលត្រូវប្តូរហើយ (Time for change!) តែលោក អូបាម៉ា ឈ្នះទាំង ២ អាណត្តិ ឯកណ្តុរវិញចាញ់ទាំង ២ អាណត្តិ ឥឡូវឆ្មាដេញវ៉ៃកណ្តុរឲ្យនៅក្រៅសង្វៀនបាត់ទៅហើយលែងមានអីតតាំងគឺកណ្តុរបានត្រឹមតែអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។ តែកណ្តុរខ្លួនឯងមិនមកចុះឈ្មោះទេហេតុអ្វីបានជាកណ្តុរមិនមកចុះឈ្មោះនឹងគេ? តើឲ្យអ្នកគាំទ្រខ្លួនឲ្យគេបោះឆ្នោតឲ្យអ្នកណាទៅ? បើកណ្តុរជាអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតហើយកណ្តុរខ្លួនឯងមិនមកចុះឈ្មោះបោះឆ្នោតផងហ្នឹង? ការអំពាវនាវរបស់កណ្តុរមើលទៅអត់ឡូហ្សិកសោះហ្មង។ នេះជាចំណុចកំសាកញីរបស់កណ្តុរដែលបានត្រឹមតែកោកកោកតែចាញ់សម្លុតឆ្មាគ្រាន់តែឆ្មាសម្លុតចេញបម្រាមមិនឲ្យចូលរន្ធគឺកណ្តុររឹតតែខ្លាចលែងហ៊ានចូល បើទោះបីជាបម្រាមរបស់ឆ្មានោះមិនស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញក៏ដោយក៏កណ្តុរខ្លាចដែរ។

សរុបមកវិញ ឆ្មា និងកណ្តុរនៅតែមិនហ៊ានតតាំងទល់មុខគ្នាតាមបែបប្រជាធិបតេយ្យដូចគំរូការប្រកួតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកដដែល។ ថាតើឆ្មា និងកណ្តុរមានផែនការសម្រេចកំណត់វាសនាប្រទេសរបស់ខ្លួនបែបប្រជាធិបតេយ្យណាមួយឲ្យពិតប្រាកដ? នៅពេលបញ្ចប់ក្រោមការដឹកនាំរបស់ខ្លួនគឺទុកឲ្យមានភាពរញេរញ៉ៃដូចសព្វថ្ងៃនេះដដែលឬ? អ្វីៗគឺសុទ្ធតែកំណត់ចូលពាក់ព័ន្ធទៅក្នុងនយោបាយទាំងអស់បែបនេះដដែលឬ? មើលទៅការដឹកនាំសព្វថ្ងៃនេះរបស់ប្រទេសម៉ាឡេស៊ីគឺមានលក្ខណៈកំណត់វាសនាប្រទេសម៉ាឡេស៊ីដែលលោក មហាធា មហាម៉េត អតីតប្រធានាធិបតី កំណត់ឲ្យលោក អាន់វ៉ា អីប្រាហ៊ីម មេបក្សប្រឆាំងជាប់គុករហូតចេញពីករណីមួយទៅករណីមួយទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏ធ្លាប់ចង្អុលទៅឯកអគ្គរាជទូតម៉ាឡេស៊ីនៅវិមានសន្តិភាពថ្មីៗនេះថាមើលប្រជាធិបតេយ្យប្រទេសខ្លួនឯងផងគឺមេបក្សប្រឆាំងនៅជាប់គុករហូត។ ហេតុដូច្នេះតើការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ អាចត្រូវបានគេសន្មតបានទេថាមានសេរីភាព យុត្តិធម៌ និងមានតម្លាភាពតាមបែបលទ្ធិប្រជាធិបតេយ្យ? តើសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ មានលក្ខណៈប្រជាធិបតេយ្យដល់កម្រិតណា?

 

 

Tue, 8 November 2016 តុង សុប្រាជ្ញ

 

 

%d bloggers like this: