ប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង (វគ្គ១៥-២១)

ឡេង ផេង ដែលជាអតីតកងទ័ពនៅក្នុងកងពល៨០១ បានរំលឹកពីការ គេចខ្លួនរបស់គាត់ពីខេត្តរតនគិរី ទៅកាន់ទន្លេរពៅថា៖

នៅពេលដែលវៀតណាមចូលមកដល់កម្ពុជានៅឆ្នាំ១៩៧៩ ខ្ញុំបានរត់ចូល និងរស់នៅក្នុងព្រៃខេត្តរតនគិរី ។ បន្ទាប់មក នៅឆ្នាំ១៩៨១ ខ្ញុំបានរត់ទៅភ្នំដងរែក ដោយសារតែមានការលំបាកផ្នែកសេដ្ឋកិច្ច ។ យើងបានធ្វើដំណើរចេញពីខេត្ត រតនគិរី ឆ្លងកាត់តាមប្រទេសឡាវ ពីព្រោះកងទ័ពវៀតណាម បានឈរជើងនៅ តាមព្រំដែនក្នុងទឹកដីកម្ពុជា ។ ពេលមកដល់ខេត្តស្ទឹងត្រែង យើងបានធ្វើក្បូនឫស្សី ដើម្បីឆ្លងទន្លេមេគង្គទៅខេត្តព្រះវិហារ ។ នៅពេលដែលខ្ញុំកំពុង ហែលឆ្លងទន្លេ ជើងរបស់ខ្ញុំបានរមួលក្រពើ ។ ខ្ញុំក៏អង្គុយសម្រាកនៅច្រាំងទន្លេ ដោយសារតែខ្ញុំ មិនអាចដើរទៅមុខបាន ។ សមាជិកផ្សេងទៀតនៅក្នុងអង្គភាពរបស់ខ្ញុំបានឆ្លងទន្លេ និងបានបន្តដំណើរទៅមុំបីមុនខ្ញុំ ។ ខ្ញុំបានចំណាយពេលអស់ ៩ថ្ងៃ មុននឹងធ្វើដំណើរ ទៅដល់ទន្លេរពៅឬមុំបី ។ ចំណែកឯមិត្តភក្តិរបស់ខ្ញុំចំណាយពេលតែ៣ថ្ងៃប៉ុណ្ណោះ ។៩២

ឯម សារិន ដែលជាសមាជិកគណៈតំបន់ក្រចេះចុងក្រោយនៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យបានគ្រប់គ្រងការរត់ គេចខ្លួនរបស់កម្មាភិបាលកងទ័ព និង ប្រជាជនស៊ីវិលពីខេត្តក្រចេះទៅកាន់ព្រំដែនថៃ ។ សារិន បានដឹកនាំប្រជាជន និងកងទ័ពឆ្លងទន្លេមេគង្គនៅស្រុកព្រែកប្រសព្វ ហើយបន្តដំណើរទៅខេត្តកំពង់ធំ និងធ្វើដំណើរបន្តទៀតទៅកាន់ ខេត្តព្រះវិហារ ។ ប្រជាជនជាច្រើនផ្សេងទៀត បាន ធ្វើដំណើរតាមឡានទៅខេត្តស្ទឹងត្រែង និងបានឆ្លងទន្លេមេគង្គ ទៅស្រុកថាឡាបរិវ៉ាត់ ហើយបន្តដំណើរឆ្ពោះទៅខេត្តព្រះវិហារ ។ សម្រាប់ដំណើរដ៏វែងឆ្ងាយនេះ សារិន បានត្រៀមឡាន ចំនួន៤៧គ្រឿង ដោយមានសាំងពេញ ព្រមទាំងស្បៀងអាហារ និងសម្ភារៈសំខាន់ៗផ្សេងទៀត ។ ដោយសារតែប្រជាជននៅភូមិភាគឦសាន មាន ចំនួនច្រើនលើសលប់ សារិន មិនអាចដឹកជញ្ជូនប្រជាជន និងឡានទាំងអស់ឆ្លង ទន្លេបានទេ ។ ដោយមានជំនួយពី ខេង ដែលជាលេខាតំបន់ស្ទឹងត្រែង សារិន អាច ចម្លងបានតែឡានចំនួន១៧គ្រឿង និងសម្ភារៈសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ ដែល មានដូចជា សាំង អង្ករ និងសម្លៀកបំពាក់ ។ សារិន បានបញ្ជាឱ្យដុតឡានដែល នៅសេសសល់ចោលទាំងអស់ ដើម្បីកុំឱ្យកងទ័ពវៀតណាម ប្រើប្រាស់បាន ។ ប្រជាជនដែលឆ្លងស្រឡាងមិនទាន់ ត្រូវហែលឆ្លងទន្លេមេគង្គឬរត់ចូលព្រៃ ។៩៣ស្ថានភាពនៅពេលនោះមានសភាពតានតឹង និងជ្រួលច្របល់យ៉ាងខ្លាំង ដោយសារ កងទ័ពវៀតណាម បានវាយចូលកាន់តែជិតដល់តំបន់នេះ ហើយប្រជាជនបាននាំ គ្នារត់គេចខ្លួនទៅតាមទិសដៅផ្សេងៗគ្នា ។

ដោយបែកពីប្រពន្ធ សារិន បានសម្រេចចិត្តមិនធ្វើដំណើរទៅព្រំដែនថៃ ភ្លាមៗទេ ។ សារិនបានសម្រេចចិត្តដើរបក ក្រោយវិញ ដើម្បីស្វែងរកប្រពន្ធរបស់ គាត់ ។ បន្ទាប់ពីបានជួបប្រពន្ធរបស់គាត់នៅខេត្តកំពង់ចាម សារិន បានទៅរស់នៅ ក្នុងព្រៃជាមួយកងទ័ពខ្មែរក្រហមមួយក្រុមទៀតរហូតដល់ឆ្នាំ១៩៨៣ ។ ក្រោយមក សារិន បានធ្វើដំណើរមកចូលរួមជាមួយចលនាខ្មែរក្រហម នៅលើភ្នំដងរែក ។ សារិនបានរៀបរាប់អំពីជីវិតរបស់គាត់ នៅក្នុងព្រៃថា៖

ខ្ញុំបានបររទេះគោទៅភ្នំជី ។ ក្រុមរបស់ខ្ញុំមានគ្នាចំនួន១៥នាក់ ដែលក្នុង នោះមានស្ត្រី២នាក់ ។ យើងបានលាក់ខ្លួន នៅក្នុងព្រៃ កាប់ឆ្ការព្រៃយកដី និងធ្វើស្រែ ចម្ការ សម្រាប់ចិញ្ចឹមជីវិត ។ កងទ័ពខ្មែរក្រហមជាច្រើនអង្គភាពផ្សេងទៀត កំពុងធ្វើប្រតិបត្តិការនៅខាងមុខ ។ អង្គភាពមួយចំនួនខ្វះខាតអំបិល និងស្បៀង អាហារ ។ ជាសំណាងល្អ ក្រុមរបស់ខ្ញុំបានរកឃើញអំបិលមួយពាង និងស្ករមួយពាង ដែលត្រូវបានកប់លាក់ទុកនៅក្នុងដី ដែលជាអតីតទីតាំងមួយ របស់កងទ័ព ខ្មែរក្រហម ។ យើងបានដាំ និងសម្ងួតអំបិល ហើយលាក់ទុកសម្រាប់ប្រើឱ្យបានយូរ។ យើងមានអំបិល ពូថៅ និងកាំបិតជាច្រើន ដែលអាចឱ្យយើងធ្វើស្រែចម្ការបានល្អ។ យើងដាំស្រូវ និងបន្លែជាច្រើន ដែលរួមមានពោត ឪឡឹក ត្រកួន ត្រសក់ ល្ពៅ និង ត្រសក់ស្រូវ ។ បន្ទាប់ពីរស់នៅទីនេះអស់រយៈពេលពីរបីឆ្នាំ យើងបានសម្រេចចិត្ត ធ្វើដំណើរឡើងភ្នំដងរែកនៅឆ្នាំ១៩៨៣ ។៩៤

ដើម្បីសម្រួលដល់ការរត់ភៀសខ្លួនរបស់កងទ័ព និងប្រជាជនស៊ីវិល ទៅ កាន់ព្រំដែនថៃ និងតំបន់ផ្សេងៗទៀតនៅតាម ព្រំដែនដែលគ្រប់គ្រងដោយ ខ្មែរក្រហម ខ្មែរក្រហមបានដាក់អង្គភាពកងទ័ពតូចៗជាច្រើននៅតាមផ្លូវ ។ អង្គភាព ទាំងនេះ ទទួលខុសត្រូវយាមល្បាតតាមផ្លូវ និងចង្អុលបង្ហាញទិសដៅ ដល់ប្រជាជនភៀសខ្លួន ។ នៅក្នុងករណីខ្លះ អង្គភាពទាំងនេះដឹកនាំប្រជាជន ទៅកាន់ជំរំកងទ័ពនៅលើភ្នំដងរែក ។ ប្រសិនបើពុំមានជំនួយពីអង្គភាពទាំងអស់ នេះទេ កងទ័ពខ្មែរក្រហម និងប្រជាជនភៀសខ្លួន ប្រាកដជាមានការលំបាក ក្នុងការរត់គេចពីកងទ័ពវៀតណាមដែលបាន គ្រប់គ្រងស្ទើរគ្រប់ឃុំស្រុកទាំងអស់នៅទូទាំងប្រទេស ។

ប្រជាជនដែលធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា មានការហត់នឿយ យ៉ាងខ្លាំង និងទទួលរងគ្រោះពីការខ្វះជីវជាតិ យ៉ាងធ្ងន់ធ្ងរ ។ ប្រជាជនជាច្រើន បានធ្វើដំណើរច្រើនជាងមួយខែដោយគ្មានអាហារ ។ មេដឹកនាំខ្មែរក្រហម បាន អនុញ្ញាតឱ្យប្រជាជនទាំងនោះសម្រាករយៈពេលមួយឬពីរខែ ដោយបានផ្គត់ផ្គង់ សម្ភារៈជាច្រើន ដូចជាថ្នាំសង្កូវ សម្លៀកបំពាក់ អាហារ និងសម្ភារៈចាំបាច់ ផ្សេងៗទៀតសម្រាប់ការរស់នៅ ។ បន្ទាប់មកមេដឹកនាំខ្មែរក្រហម បានរៀបចំ ចាត់តាំង កម្លាំងប្រយុទ្ធឡើងវិញ ដោយបែងចែកប្រជាជនទៅតាមអតីតតំបន់ និងអង្គភាពរៀងៗខ្លួនឡើងវិញ ។៩៥
  ជំពូក៥
អន្លង់វែងនៅក្រោមការគ្រប់គ្រងរបស់វៀតណាម   ការមកដល់របស់កងទ័ពវៀតណាម

នៅដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជាបានផ្តួលរំលំរបប កម្ពុជាប្រជាធិបតេយ្យចេញពីអំណាច ។ ភ្លាមៗនោះកងទ័ពវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានបង្កើតរដ្ឋាភិបាលបណ្តោះ អាសន្នមួយ ដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ ប្រជាជនអន្លង់វែង ដែលត្រូវបានជម្លៀសដោយបង្ខំឱ្យទៅធ្វើការនៅតាមសហករណ៍ផ្សេងៗ បានវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។ ទោះបីជាបានវិលត្រឡប់មកដល់ផ្ទះវិញក្តី ក៏ប្រជាជនទាំងនោះនៅតែឮសូរស្នូរប្រយុទ្ធគ្នារវាងកងទ័ពវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ជាមួយនឹងកងទ័ពខ្មែរក្រហម ។

នៅពេលដែលប្រជាជនត្រឡប់មកតំបន់អន្លង់វែង ដំបូងប្រជាជនទាំងអស់ នោះប្រមូលផ្តុំគ្នានៅតំបន់មួយ ដែលបច្ចុប្បន្នបានក្លាយទៅជាផ្សារអន្លង់វែង ។ ប្រជាជនបានឃើញអង្ករ និងសម្ភារៈប្រើប្រាស់ជាច្រើនដូចជា កង់ ម៉ូតូ និងម៉ាស៊ីន ដេរ ដែលកម្មាភិបាល និងកងទ័ពខ្មែរក្រហម បានបោះបង់ចោលនៅពេល ខ្មែរក្រហមរត់ចេញពីតំបន់នេះ ។ ប្រជាជនបាននាំគ្នាប្រមូលយកអង្ករ និងសម្ភារៈ ទាំងអស់នោះ ហើយត្រឡប់ទៅផ្ទះរៀងៗខ្លួន ។

មួយសប្តាហ៍ក្រោយមក កងទ័ពវៀតណាមបានមកដល់ និងបានគ្រប់គ្រង តំបន់អន្លង់វែង ។ កងទ័ពវៀតណាមបានហៅ ប្រជាជនមកប្រជុំ ។ នៅពេលកំពុង ប្រជុំ កងទ័ពខ្មែរក្រហមបានចូលមកវាយប្រហារកន្លែងប្រជុំ ដែលបានរំសាយការ ប្រជុំនោះ ។ ការប្រយុទ្ធគ្នាបានបន្តពេញមួយថ្ងៃ មុនពេលកងទ័ពវៀតណាម អាចវាយរុញច្រានកងទ័ពខ្មែរក្រហម ឱ្យចូលព្រៃវិញ ។ នៅព្រឹកថ្ងៃបន្ទាប់ កងទ័ព វៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាបានរៀបចំការ ប្រជុំមួយ ទៀតជាមួយប្រជាជន នៅអន្លង់វែង ។

កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្រកាសថា ខ្លួនចូលមក ដើម្បីរំដោះប្រជាជនមិនមែនមកសម្លាប់ប្រជាជន នោះទេ និងបានប្រកាសប្រាប់ ប្រជាជនឱ្យរៀបចំខ្លួនសម្រាប់ការជម្លៀសជាលើកទី២ ។ កងទ័ពវៀតណាម បាន សម្រេចចិត្តថា ប្រជាជននៅអន្លង់វែង ត្រូវតែផ្លាស់ទៅនៅភូមិផ្សេង ពីព្រោះ អន្លង់វែង នៅដាច់ស្រយាលពេក ហើយមានការពិបាកក្នុងការការពារ ។ ម្យ៉ាងវិញ ទៀតដោយសារតែមានការវាយប្រហារឥតឈប់ឈរពីសំណាក់ ខ្មែរក្រហម ប្រជាជនត្រូវតែទៅរស់នៅតំបន់ផ្សេងដែលមានសុវត្ថិភាពជាងអន្លង់វែង ។៩៦យោងតាមបទសម្ភាសន៍ ជាមួយប្រជាជន តំបន់អន្លង់វែង មានប្រជាជនរស់នៅ ប្រហែល១០០គ្រួសារ ដែលមានចំនួនប្រជាជនសរុបពី ៤០០ ទៅ៥០០នាក់ ។ កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាម បានប្រើប្រាស់ រថយន្តចំនួន៣០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាជនទាំងអស់ទៅកាន់ឃុំកន្ទួត ក្នុង ស្រុកជាំក្សាន្ត ។ ការជម្លៀសនេះ ត្រូវបានធ្វើឡើងនៅខែមីនា ឆ្នាំ១៩៧៩ ។ ប្រជាជន មួយចំនួននៅតែបន្តភ័យខ្លាចចំពោះខ្មែរក្រហម និងជឿជាក់ថា វៀតណាម ចូលមក រំដោះខ្លួន ។ ប្រជាជនទាំងនោះបានសម្រេចចិត្តទៅរស់នៅឃុំស្រែណយ ក្នុង ស្រុកវ៉ារិន្ទ ដែលជាកន្លែងប្រជាជនទាំងនោះ កសាងជីវិតថ្មី ដោយប្រកបរបរកសិកម្ម ។៩៧

មកដល់ស្រុកជាំក្សាន្ត មេឃុំរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានចេញមកទទួលស្វាគមន៍ប្រជាជនជម្លៀស មកពីអន្លង់វែង ។ ប្រជាជនអន្លង់វែង ត្រូវបានដាក់ឱ្យនៅមួយកន្លែង ហើយឃុំថ្មីមួយត្រូវបានបង្កើតឡើងសម្រាប់ ប្រជាជន ដែលមកពីអន្លង់វែង ។ ជាសំណាងល្អ ដោយសារតែផ្ទះជាច្រើនខ្នងត្រូវបានបោះ បង់ចោលប្រជាជនអន្លង់វែង មិនចាំបាច់សាងសង់ផ្ទះថ្មីនោះទេ ។៩៨

ទោះបីជាស្រុកជាំក្សាន្តមានសុវត្ថិភាពជាងអន្លង់វែងយ៉ាងណាក្តីក៏តំបន់នេះនៅតែទទួលរងការវាយប្រហារពីសំណាក់ ខ្មែរក្រហមជាញឹកញាប់ ។ នៅទីបញ្ចប់ស្រុកជាំក្សាន្ត ក៏ត្រូវបានបោះបង់ចោល ហើយប្រជាជនត្រូវបានផ្លាស់ប្តូរ ទីលំនៅទៅកាន់ស្រុករវៀង ដែលនៅពេលនោះគឺជាទីរួមខេត្តព្រះវិហារ ។ បន្ទាប់ ពីសមាហរណកម្ម ឆ្នាំ១៩៩៨ ប្រជាជនមួយចំនួនដែលនឹកស្រុកកំណើត បាន ត្រឡប់ទៅរស់នៅស្រុកអន្លង់វែងវិញហើយប្រជាជនមួយចំនួនទៀត បានបន្តរស់ នៅក្នុងស្រុករវៀង ។

កងទ័ពខ្មែរក្រហម និងប្រជាជនមួយចំនួនតូច ដែលកើតនៅអន្លង់វែងបានបដិសេធមិនគោរពតាមផែនការជម្លៀស របស់កងទ័ពវៀតណាម និងកងទ័ព សាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានសម្រេចចិត្តបន្តរស់នៅអន្លង់វែង តទៅទៀត ។ ជាលទ្ធផលប្រជាជន និងកងទ័ពទាំងនេះជួបប្រទះនឹងឧបសគ្គ និង គ្រោះថ្នាក់ជាច្រើន ។ កងទ័ពវៀតណាម មិនទុកចិត្តប្រជាជននេះទេ ដោយសារ ប្រជាជនទាំងនេះហាក់នៅមានភក្តីភាពជាមួយខ្មែរក្រហម ។ ទោះបីជាគ្មានភ័ស្តុតាង ច្បាស់លាស់ក៏ដោយ ប្រជាជនដែលរស់នៅតំបន់នេះមួយចំនួនបាននិយាយថា ប្រជាជនមួយចំនួនត្រូវបានចាប់ខ្លួន និងសម្លាប់ចោល ។៩៩ កងទ័ពវៀតណាម បានចោទប្រកាន់ប្រជាជនទាំងនោះថា ជា “កងទ័ពប៉ុល ពត ដែលមានបាតដៃ ប្រឡាក់ឈាម” ។១០០ យឹម ឡាហឿ បាននិយាយថា គាត់ និងប្រជាជនប្រមាណ ៧០នាក់ទៀត បានវិលត្រឡប់ទៅអន្លង់វែង ដើម្បីស្វែងរកសាច់ញាតិ ប៉ុន្តែត្រូវបាន កងទ័ពវៀតណាមចាប់ខ្លួននៅភូមិលំទង ។ ប្រជាជនដែលត្រូវបានចាប់ខ្លួនបាន ទទួលទារុណកម្ម និងសួរចម្លើយ ។ ឡាហឿ បានរំលឹកថា៖

ខ្ញុំបានរត់ត្រឡប់មកផ្ទះ ហើយត្រូវកងទ័ពវៀតណាមចាប់ខ្លួន បាននៅភូមិ លំទង ។ កងទ័ពវៀតណាម បានឆែកឆេរខ្លួនខ្ញុំ និងបានសម្លឹងមើលសម្លៀកបំពាក់ មុខ និងភ្នែករបស់ខ្ញុំ ។ បន្ទាប់មកកងទ័ពវៀតណាម បានជ្រើសរើសគ្នារបស់ខ្ញុំចំនួន ៥នាក់ ហើយបានសួរយើងថា ធ្វើអ្វីកាលពីជំនាន់សម្តេចព្រះនរោត្តម សីហនុ ។ ខ្ញុំ បានឆ្លើយថា ខ្ញុំមិនមានធ្វើអ្វីទេ គ្រាន់តែបានរៀនសូត្របន្តិចបន្តួច ។ “តើអ្នក ធ្វើអ្វីនៅក្នុងរបបលន់ នល់?” ខ្ញុំបានឆ្លើយថា ឃ្វាលគោ ។ “តើអ្នកធ្វើអ្វីនៅ ក្រោយឆ្នាំ១៩៧០?” ខ្ញុំឆ្លើយថា ខ្ញុំមិនបានធ្វើអ្វីទេ ព្រោះខ្ញុំនៅតូច ។ ខ្ញុំត្រូវបានខ្មែរក្រហមឱ្យរៀនរាំ។ នៅពេលដែលកងទ័ពវៀតណាម សួរខ្ញុំថា ធ្វើអ្វីនៅជំនាន់ប៉ុល ពត? ខ្ញុំបានឆ្លើយតាមត្រង់ថា ខ្ញុំជាកងទ័ពរបស់ប៉ុល ពត ។ “តើ អ្នកការពារនៅព្រំដែនណា?” ខ្ញុំឆ្លើយថា ខ្ញុំឈរជើងនៅព្រំដែនថៃ ។ “តើអ្នកធ្លាប់ប្រយុទ្ធនៅតាមព្រំដែន វៀតណាមដែរឬទេ?” ខ្ញុំបានឆ្លើយថា “ខ្ញុំមិនដែលដឹងអំពី ព្រំដែននោះទេ ។ ខ្ញុំមិនទាំងដឹងថា វៀតណាម មានរូបរាងយ៉ាងម៉េចផង” ។ បន្ទាប់ ពីសួរសំណួរទាំងអស់នេះរួច កងទ័ពវៀតណាមបាននិយាយថា ពួកគេ “នឹង សម្លាប់យើងទាំងអស់គ្នានៅពេលក្រោយ” ។ បន្ទាប់ពីសួរចម្លើយរួចកងទ័ព វៀតណាមបានអនុញ្ញាតឱ្យយើងត្រឡប់ ទៅភូមិវិញ ។ ខ្ញុំបានធ្វើដំណើរទៅ ភូមិតាដេវ ដែលនៅទីនោះ ខ្ញុំបានជួបឪពុកម្តាយរបស់ខ្ញុំ និងអ្នកភូមិផ្សេងទៀតទើប តែត្រឡប់មកពីស្រុកក្រឡាញ់វិញ ។១០១

ប្រជាជនដែលត្រូវបានចាត់ទុកថា ជា “កងទ័ពរបស់ប៉ុល ពត” និងដែល បានប្រយុទ្ធប្រឆាំងជាមួយវៀតណាម មិនមានវាសនាល្អនោះទេ ។ ធីន ប៊ិន បាន រៀបរាប់អំពីព្រឹត្តិការណ៍ដែលគាត់បានឃើញនៅអន្លង់វែងថា៖

កងទ័ពវៀតណាមបានចាប់មនុស្ស៦នាក់ និងបានបណ្តើរអ្នកទាំងអស់ នោះទៅកាន់កន្លែងមួយនៅក្បែរអូរជីក ។ កងទ័ពវៀតណាមបានបញ្ជាឱ្យប្រជាជន ទាំង៦នាក់នោះឈរតម្រង់ជួរបែរមុខទៅរកខ្លួន ។ បន្ទាប់មក កងទ័ពវៀតណាម បានបាញ់អ្នកទាំង៦នាក់នោះ ដែលបានដួលទៅលើដីទាំងអស់គ្នា ។ កងទ័ព វៀតណាម បានពិនិត្យមើលសាកសពប្រជាជនទាំង៦នាក់ ហើយជឿជាក់ថា ពួកគេ បានស្លាប់អស់ហើយ ។ ក្រោយមកកងទ័ពវៀតណាម បានដើរទៅក្នុងព្រៃ ដើម្បី រកឧសមកដុតសាកសព ។ រំពេចនោះអ្នកដែលមិនទាន់ស្លាប់ បានប្រវេប្រវាក្រោក ឡើង ហើយរត់យកអាយុជីវិត ។ ប្អូនប្រុសរបស់ខ្ញុំ គឺជាជនរងគ្រោះម្នាក់ក្នុង ចំណោមប្រជាជនដែលត្រូវបាញ់សម្លាប់ ។ យើងមានបំណងធ្វើដំណើរទៅស្រុក សំរោង នៅក្នុងថ្ងៃកើតហេតុនោះ ។ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញព្រឹត្តិការណ៍ នោះ និងការសម្លាប់ប្អូនប្រុសរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តត្រឡប់មក ភូមិកំណើតរបស់ ខ្ញុំវិញ ។ មិនយូរប៉ុន្មាន កងទ័ពខ្មែរក្រហម បានចុះពីលើភ្នំ និងបានជម្លៀសយើងឱ្យទៅរស់នៅ ជំរំរបស់ពួកគេនៅលើភ្នំ ។ នៅទីនោះ ខ្មែរក្រហម បានដាក់ផែនការ ឱ្យយើងផលិតចម្រូង ។១០២

នៅចុងឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមបានបន្តជម្លៀសប្រជាជនដែល សេសសល់នៅតំបន់អន្លង់វែងឡើងភ្នំដងរែក ។ នៅពេលនោះមិនទាន់មានផ្លូវ សម្រាប់ធ្វើដំណើរពីអន្លង់វែងទៅលើភ្នំដងរែកទេ ។ ដូច្នេះ ប្រជាជនត្រូវតែដើរ កាត់ព្រៃក្រាស់ៗ ហើយនៅពេលខ្លះត្រូវតោងវល្លិឈើ ដើម្បីឡើងលើចំណោតថ្ម ភ្នំខ្ពស់ៗ ។១០៣ អ្នកដែលបានឡើងទៅដល់លើភ្នំមុន ត្រូវជួយយោងអ្នកដែលនៅ ខាងក្រោមដោយប្រើខ្សែវល្លិព្រៃ ។ ដោយសារតែការធ្វើដំណើរមានការលំបាក ខ្លាំង ប្រជាជនបានបោះសម្ពាយរបស់ខ្លួនចោលតាមផ្លូវ ដោយទុកតែរបស់របរណា ដែលចាំបាច់ដូចជា ឆ្នាំង អង្ករ និងស្បៀងអាហារ ។

ក្រៅពីនេះ ប្រជាជនមួយចំនួនផ្សេងទៀតបានសម្រេចចិត្តមិនទៅតាម ក្រុមណាទាំងអស់ មិនថា ក្រុមខ្មែរក្រហមឬកងទ័ពវៀតណាម ។ ប្រជាជនទាំងនេះ បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅជុំវិញតំបន់អន្លង់វែង ដោយរស់នៅផ្តុំគ្នាជាក្រុម តូចៗ ដើម្បីសុវត្ថិភាព និងបានជាគ្នា ។១០៤ ជារឿយៗប្រជាជនទាំងនេះ ត្រូវបង្ខំចិត្ត រត់ពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីគេចពីការប្រយុទ្ធគ្នារវាងកងទ័ព ខ្មែរក្រហម និងកងទ័ពវៀតណាម ។១០៥ ប្រជាជនទាំងនេះរស់នៅដោយបរិភោគ ផ្លែឈើព្រៃ និងបរបាញ់សត្វព្រៃ ។ យ៉ាងហោចណាស់ នៅក្នុងដើមទសវត្សរ៍ ឆ្នាំ១៩៨០ ប្រជាជនដែលបន្តរស់នៅតំបន់អន្លង់វែង ភាគច្រើនបានក្លាយទៅជា ជនដែលពុំមានទីលំនៅច្បាស់លាស់ ។ ស៊ីន ហួង បានរៀបរាប់អំពីជីវិតរសាត់ អណ្តែតនៅអន្លង់វែងបន្ទាប់ពីត្រឡប់មកពីស្រុកក្រឡាញ់វិញថា ៖

ជាទូទៅ យើងស្នាក់នៅកន្លែងមួយបានតែមួយឬពីរយប់តែបុណ្ណោះ មុន នឹងផ្លាស់ទៅកាន់កន្លែងថ្មី ។ យើងត្រូវរត់ និងដេកនៅកន្លែងផ្សេងៗគ្នាជាច្រើន នៅក្នុងព្រៃ នៅពេលដែលកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម ប្រយុទ្ធគ្នា ម្តងៗ ។ យើងបានរកឃើញដំឡូងព្រៃដែលចាស់ជ្រុល ហើយរឹង ដូចឈើពិបាក ហូប ។ ប៉ុន្តែវា គឺជាម្ហូបតែមួយគត់ដែលយើងអាចរកមកហូបបាន ។ ជួនកាលយើង ហូបដំឡូងព្រៃជាមួយត្រី ឬសាច់ សត្វព្រៃ ដូចជា ជីងចក់ ឬអណ្តើក ដើម្បីចម្អែត ក្រពះរបស់យើង ។១០៦
    
•ការកាន់កាប់របស់វៀតណាមនៅតំបន់អន្លង់វែង
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាម បានបង្កើត បន្ទាយកងទ័ពជាច្រើននៅអន្លង់វែង ដើម្បីធ្វើជាមូលដ្ឋានយុទ្ធសាស្ត្រយោធា ។ ទីបញ្ជាការធំរបស់កងទ័ពវៀតណាមមានឈ្មោះថា កុងប៊ិញ ។ វៀតណាម ក៏បាន បង្កើតអង្គភាពកងទ័ពពិសេសមួយ ដែលស្ថិតនៅក្បែរច្រកព្រំដែនជាំសាង៉ាំនាពេលបច្ចុប្បន្នដើម្បីទប់ស្កាត់ ការវាយលុក ពីសំណាក់ខ្មែរក្រហមចូលមក អន្លង់វែង ។ ជាទូទៅអន្លង់វែង នៅចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩ត្រូវបាន ប្រជាជនស៊ីវិល បោះបង់ចោលហើយក្លាយទៅជាតំបន់គ្រប់គ្រងដោយយោធាដោយសារតែផលលំបាក សម្រាប់ប្រជាជន ស៊ីវិលក្នុងការតាំងទីលំនៅ ។ លក្ខណៈភូមិសាស្ត្ររបស់តំបន់អន្លង់វែងបានផ្តល់ទីតាំងឈរជើង ដ៏រឹងមាំមួយដល់កងទ័ព សាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាម ។ ខ្មែរក្រហមបាន ចំណាយពេលពេញមួយទសវត្សរ៍ ដើម្បីដណ្តើមកាន់កាប់តំបន់នេះដោយមិនទទួល បានជោគជ័យ ។

ដើម្បីការពារពីការវាយលុក និងការជ្រៀតចូលរបស់ខ្មែរក្រហមកងទ័ព សាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាមបានជីកត្រង់សេជាច្រើន កន្លែងនៅតំបន់អន្លង់វែង ។ នៅក្រោមផែនការ ក-៥១០៧ វិធានការជាច្រើន ត្រូវបានផ្តួចផ្តើម ដើម្បីពង្រឹងការការពារតំបន់នេះ និងកាត់បន្ថយការជ្រៀតចូល របស់ខ្មែរក្រហម ។ វិធានការទាំងនោះរួមមាន ការកាប់ឆ្ការព្រៃ ការដាក់ពង្រាយ គ្រាប់មីន ការដាំចម្រូង និងការសាងសង់របងធ្វើអំពីឫស្សីជាមួយនឹងបន្លាលួស ។

នៅចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៩ កងទ័ពខ្មែរក្រហម និងប្រជាជន ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម រស់នៅតាមមូលដ្ឋានកងទ័ព តាម បណ្តោយព្រំដែនខ្មែរ-ថៃ ឬនៅតាមជំរំជនភៀសខ្លួនជាច្រើននៅក្នុងទឹកដីថៃ ។ ភ្នំ១០០១ និងភ្នំ១០០៣ គឺជាមូលដ្ឋានកងទ័ពដ៏ចម្បងពីររបស់ខ្មែរក្រហមដែល មានទំនាក់ទំនងជាមួយនឹងតំបន់អន្លង់វែង ។ មូលដ្ឋានទាំងពីរនេះស្ថិតនៅលើជួរភ្នំ ដងរែក ភាគខាងជើង និងភាគពាយ័ព្យនៃព្រំដែនខ្មែរ-ថៃ ។ មូលដ្ឋានទាំងពីរនេះ គឺជាទីតាំងអំណោយផលសម្រាប់ខ្មែរក្រហមក្នុងការអនុវត្តយុទ្ធសាស្ត្រការពារខ្លួន ផង និងក្នុងការកសាងកម្លាំងទ័ពឡើងវិញផង ។ មូលដ្ឋានទាំងពីរនេះ ស្ថិតនៅ ប្រហែលជាពីរទៅបីគីឡូម៉ែត្រពីព្រំដែនថៃ និងហ៊ុមព័ទ្ធដោយព្រៃឈើយ៉ាងក្រាស់ៗ និងភ្នំដែលមិនអាចចូលទៅដល់ ។

                                                                                    ជំពូក៦
•
ការរៀបចំកងទ័ពឡើងវិញរបស់ខ្មែរក្រហម

ភ្នំ១០០១៖ ដំណាក់កាលដំបូងនៃការរៀបចំរចនាសម្ព័ន្ធរបស់ខ្មែរក្រហម ឡើងវិញ

ភ្នំ១០០១ គឺជាឈ្មោះដែលខ្មែរក្រហមហៅសំដៅទៅលើមូលដ្ឋានកងទ័ព មួយ ដែលស្ថិតនៅត្រង់ចំណុចប្រសព្វគ្នានៃព្រំដែនរបស់ប្រទេសទាំងបី ដែលរួម មានខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ខេត្តឧប៊ុនរាជថានី នៃប្រទេសថៃ និងខេត្ត ចំប៉ាសាក់ នៃប្រទេសឡាវ ។ ចំណុចប្រសព្វនេះ ត្រូវបានស្គាល់ថា មុំបីឬទន្លេ  រពៅ ។១០៨ ភ្នំ១០០១ បានក្លាយទៅជាតំបន់សុវត្ថិភាពដំបូងបង្អស់មួយរបស់ខ្មែរ ក្រហម ដែលនៅទីនោះ មេដឹកនាំខ្មែរក្រហម បានជួបជុំជាមួយកងទ័ពរបស់ខ្លួន និងប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់ ។ ភ្នំ១០០១ ត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីការដួលរលំរបស់ខ្មែរក្រហមហើយបានក្លាយទៅជាមូលដ្ឋានយោធា និងស៊ីវិល សម្រាប់ការរៀបចំរចនាសម្ព័ន្ធយោធា និងរដ្ឋបាលឡើងវិញ ដើម្បី ធ្វើការតស៊ូ ដណ្តើមអំណាចមកវិញ ។

ភ្នំ១០០១ ត្រូវបានជ្រើសរើស ដោយសារតែភ្នំនេះស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជា ឆ្ងាយពីព្រំដែនវៀតណាម ប៉ុន្តែនៅជិតព្រំដែនថៃ ។ ប្រទេសថៃ គឺជាច្រកចេញចូលតែមួយគត់ ដែលខ្មែរក្រហមអាចទទួលបានស្បៀងអាហារ សម្ភារៈចាំបាច់ផ្សេងៗទៀត និងគ្រឿងសព្វាវុធ ។ ជាងនេះទៅទៀត ប្រទេសថៃ គឺជាទីតាំងជាយុទ្ធសាស្ត្រ សម្រាប់ខ្មែរក្រហមធ្វើទំនាក់ទំនង និងតភ្ជាប់ទៅពិភព ខាងក្រៅ។ ជាលក្ខណៈភូមិសាស្ត្រភ្នំ១០០១ស្ថិតនៅលើទីតាំង អំណោយផល ដែលខ្មែរក្រហមអាចធ្វើការប្រមូលផ្តុំកងទ័ពរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ។ ទីតាំង នេះ ត្រូវបានការពារពីធម្មជាតិដោយព្រៃឈើក្រាស់ៗ និងជួរភ្នំជាច្រើន ដែល កងទ័ពវៀតណាម និងកងទ័ពសារធារណរដ្ឋ ប្រជាមានិតកម្ពុជា បានចំណាយពេលអស់៦ឆ្នាំ ទម្រាំអាចវាយដណ្តើមយកបាននៅចុងឆ្នាំ១៩៨៤ ។

ទោះបីជាខ្មែរក្រហមទទួលជំនួយពីប្រភពជំនួយបរទេសជាច្រើនក៏ដោយ ក៏ប្រទេសចិន គឺជាអ្នកគាំទ្រចម្បង របស់ខ្មែរក្រហម ។ ប្រសិនបើគ្មានជំនួយពី ប្រទេសចិនលើផ្នែកកងទ័ពហិរញ្ញវត្ថុ សម្ភារៈ និងនយោបាយទេ ខ្មែរក្រហម ប្រហែលជាមានការលំបាកនៅក្នុងការធ្វើសង្គ្រាមប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយ វៀតណាម នៅក្នុងពេញមួយទសវត្សរ៍ ឆ្នាំ១៩៨០ ។ ប្រទេសថៃ ក៏ជាប្រទេសផ្តល់ជំនួយសំខាន់មួយទៀត របស់ខ្មែរក្រហម។ ប្រទេសថៃបានផ្តល់ជម្រកដល់កងទ័ពខ្មែរក្រហម និងបានជួយសម្រួលដល់ការ ដឹកជញ្ជូនសម្ភារៈជាច្រើន ដែលរួមមានទាំងគ្រឿងសព្វាវុធ ដែលត្រូវបានដឹកមក ពីប្រទេសចិន ។១០៩

សុន សេន ដែលជាឧបនាយករដ្ឋមន្ត្រីទីបី និងរដ្ឋមន្ត្រីការពារជាតិ នៃ កម្ពុជាប្រជាធិបតេយ្យ គឺជាមេដឹកនាំខ្មែរ ក្រហមនៅលើភ្នំ១០០១ ។ មេដឹកនាំជាន់ ខ្ពស់ខ្មែរក្រហមដទៃទៀត ដូចជា ប៉ុល ពត, អៀងសារី, នួន ជា និងខៀវ សំផន រស់នៅក្នុងទីបញ្ជាការរបស់ខ្លួននៅក្នុងទឹកដីថៃឬបោះទីតាំងនៅតាមតំបន់ ព្រំដែន ដែលស្ថិតនៅក្នុងខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង ។ មេដឹកនាំខ្មែរក្រហម ទាំងនេះ បានដឹកនាំអនុវត្តន៍ការងារជាច្រើន ដូចជា សេដ្ឋកិច្ច កិច្ចការបរទេស ការ បណ្តុះបណ្តាល ផ្នែកនយោបាយគោលនយោបាយ និងការឃោសនា ។ នៅឯក្នុង ប្រទេស សុន សេន ទទួលជំនួយពីមេបញ្ជាការទ័ពជាន់ខ្ពស់ជាច្រើន ដែលរួមមាន តា ម៉ុក, កែ ពក, មាស មុត, ស៊ូ ម៉េត, សូ ហុង, នី កន, សូ សារឿន, និងមៀច សាន ។  មេបញ្ជាការទ័ពទាំងនេះ ក្រោយមកបានក្លាយទៅជាមេដឹកនាំសមរភូមិទិស សំខាន់ៗរបស់ខ្មែរក្រហមក្នុងការដឹកនាំការតស៊ូប្រយុទ្ធប្រឆាំងទៅនឹង កងទ័ព វៀតណាម និងរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ។១១០ ជាទូទៅ មេដឹកនាំ ខ្មែរក្រហមថ្នាក់កណ្តាល ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹង និងការដឹកនាំ សកម្មភាពនានា នៅខាងក្នុងប្រទេស ដូចជា ការរៀបចំបង្កើតជាភូមិ និងការបង្កើត សាលារៀន និងប្រព័ន្ធសុខាភិបាល ។១១១ ផ្ទុយទៅវិញ ប្រតិបត្តិការយោធារបស់ វៀតណាមផ្តោតទៅលើការប្រមូលផ្តុំ គ្រប់គ្រងទៅលើទឹកដីកម្ពុជាទាំងមូល ។ នៅក្នុងរយៈពេលប៉ុន្មានខែនៃភាពស្ងប់ស្ងាត់ ក្រោយការដួលរលំមេដឹកនាំ ខ្មែរក្រហម បានចាប់ផ្តើមរៀបចំកម្លាំងកងទ័ពដែលនៅសេសសល់របស់ខ្លួន និងរៀបចំគ្រប់គ្រងទឹកដីកម្ពុជា ដែលនៅសេសសល់ឡើងវិញ ។

ជាផ្នែកមួយនៃផែនការដណ្តើមកាន់កាប់ទឹកដីបន្ថែមទៀត និងដើម្បីកេណ្ឌប្រជាជនឱ្យចូលមកខាងខ្លួនកាន់តែច្រើន ថែមទៀត មេដឹកនាំខ្មែរក្រហមនៅភ្នំ ១០០១ បានរៀបចំបញ្ជូនកងទ័ពរបស់ខ្លួនជាច្រើនចូលមកខាងក្នុងនៃប្រទេស កម្ពុជា ។ កងពលរបស់ខ្មែរក្រហមទាំងនេះ បានចែកគ្នាបោះទីតាំង និងធ្វើការ នៅក្នុងខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ព្រៃវែង ស្វាយរៀង និងតំបន់មួយចំនួនក្នុងខេត្ត កណ្តាល ។

ជាទូទៅខ្មែរក្រហម បានអនុវត្តន៍នូវអ្វីដែលត្រូវបានហៅថា “សង្គ្រាមឈ្លប” ឬ “សង្គ្រាមប្រជាជន” ។ សមាជិកគ្រួសារកងទ័ព និងប្រជាជនស៊ីវិល ដែលនៅ មូលដ្ឋានខាងក្រោយ ត្រូវដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ គ្រឿងសព្វាវុធ និងគ្រាប់កាំភ្លើង ទៅឱ្យកងទ័ពនៅសមរភូមិមុខ ។ ការងារដ៏គ្រោះថ្នាក់នេះតម្រូវឱ្យមានកម្លាំងទ័ព ការពារច្រើន រហូតទៅដល់ប្រមាណ២០០នាក់ ។ ក្រុមដឹកជញ្ជូនសម្ភារៈទាំងនេះ ត្រូវធ្វើដំណើរដោយថ្មើរជើង ឆ្លងកាត់ព្រៃ ដែលមានចម្ងាយពី៥ទៅ១០គីឡូម៉ែត្រ ក្នុងមួយថ្ងៃ ។ កងដឹកជញ្ជូនម្នាក់ៗត្រូវស្ពាយគ្រឿងសព្វាវុធ និងសម្ភារៈធ្ងន់ៗ ដែល ធ្វើឱ្យការធ្វើដំណើរមានល្បឿនយឺត និងប្រកបដោយភាពហត់នឿយ ។ការដឹកជញ្ជូនមួយលើកៗត្រូវចំណាយ ពេល ប្រហែលមួយខែ ។ ប្រជាជនធ្វើដំណើរនៅ ពេលថ្ងៃ និងសម្រាកនៅលើកម្រាលកៅស៊ូឬអង្រឹងនៅពេលយប់ ។

ធៀប ថេន អតីតកងទ័ពនៅក្នុងកងពល៩២០ បានរៀបរាប់អំពីបទពិសោធរបស់គាត់នៅក្នុងការដឹកជញ្ជូន អាវុធពីភ្នំ១០០១ ទៅឱ្យកងទ័ពខ្មែរក្រហម ដែលមានទីតាំងនៅខេត្តក្រចេះថា៖

ខ្ញុំបានដឹកនាំកងទ័ព មួយក្រុម ដែលមានសមាជិក៧០នាក់ ដើម្បីដឹកជញ្ជូនអាវុធទៅកាន់សមរភូមិនៅខេត្តក្រចេះ ។ យើងបានដើរចុះពីលើភ្នំដងរែក ទៅកាន់ ឃុំស្រអែម ហើយធ្វើដំណើរបន្តទៅខេត្តកំពង់ធំ ។ នៅពេលរសៀលថ្ងៃមួយ យើង បានឈប់សម្រាកនៅតាមផ្លូវ ដើម្បីដាំបាយហូបថ្ងៃត្រង់ ។ បន្ទាប់ពីបាយថ្ងៃត្រង់រួចពេលយើងបន្តដំណើរបាន ប្រហែលមួយគីឡូម៉ែត្រ កងទ័ពខ្មែរវៀតណាម បាន កន្ទ្រាក់គ្រាប់បែកចង្កោម ។ កងទ័ពម្នាក់នៅខាងមុខបានដួល ។ ពេលខ្ញុំក្រឡេក មកក្រោយកងទ័ព២នាក់ទៀតបានដួលទៅលើដី ។ ខ្ញុំបានបោះគ្រាប់បែកដៃបួន-ប្រាំគ្រាប់ ដែលប្រហែលជាបានសម្លាប់កងទ័ពវៀតណាមមួយចំនួន ។ យើងប្រមូល បានមួករបស់កងទ័ពវៀតណាមចំនួន១០ បន្ទាប់ពីការប៉ះទង្គិចនោះរួចមក ។ ខ្ញុំក៏ ទទួលរងរបួស និងត្រូវបានសែងត្រឡប់មកក្រោយវិញ ដើម្បីព្យាបាល ។១១២

នៅចុងឆ្នាំ១៩៨៤ កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ព វៀតណាម បានបើកការវាយប្រហារ និងដណ្តើមកាន់កាប់បានភ្នំ១០០១ ។ ប្រជាជនស៊ីវិលទាំងអស់ ត្រូវបានជម្លៀសទៅក្នុងទឹកដីថៃ និងរស់នៅក្បែរមន្ទីររបស់ សុន សេន ។ ក្រោយមកប្រជាជន និងកងទ័ពខ្មែរក្រហមគ្រប់កងពលទាំងអស់ ត្រូវបានបញ្ជូនឱ្យទៅរស់នៅតំបន់មួយទៀត ដែលមានឈ្មោះថា ភ្នំ១០០៣ ដែល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាម៉ុក ។ ចាប់តាំងពីពេលនោះមក សុន សេន ចាប់ផ្តើមបាត់បង់ឥទ្ធិពលយោធា ទោះបីជាសុន សេន នៅតែបន្តដឹកនាំកងទ័ព និង ប្រជាជនមកពីភ្នំ១០០១យ៉ាងណាក៏ដោយ ។ មួយរយៈពេលកន្លងមកទៀត មេដឹកនាំខ្មែរក្រហមវ័យក្មេងថ្មីៗ ចាប់ផ្តើមទទួលបានអំណាចកាន់តែច្រើននៅ ក្នុងរង្វង់មេដឹកនាំខ្មែរក្រហម ដែលបានបង្កឱ្យមានភាពតានតឹង និងការប្រកួត ប្រជែងផ្ទៃក្នុង ។

ភ្នំ១០០៣៖ មូលដ្ឋានយោធាជាយុទ្ធសាស្ត្ររបស់ តាម៉ុក

ខ្មែរក្រហមបានប្រឹងប្រែងដណ្តើមយកមកវិញនូវតំបន់តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃដែលមានប្រវែង ប្រមាណ៨៣០គីឡូម៉ែត្រ និងលាតសន្ធឹងពីខេត្ត ព្រះវិហារ នៅភាគខាងជើងទៅខេត្តឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់ និងខេត្តកោះកុង នៅភាគខាងលិច ។១១៣ តាម៉ុក គឺជាមេបញ្ជាការកងទ័ព ដ៏សកម្មមួយរូបនៅក្នុងប្រតិបត្តិការនេះ ដោយសារតាម៉ុកគ្រប់គ្រងព្រំដែនភាគខាងជើង នៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។

មិនមានរបាយការណ៍ច្បាស់លាស់ ណាមួយដែលបង្ហាញថា តើមូលដ្ឋាននីមួយៗត្រូវបានបង្កើតឡើងនៅពេលណា ឱ្យពិតប្រាកដនោះទេ ។ ប៉ុន្តែជាទូទៅ ភ្នំ១០០៣ ត្រូវបានជឿជាក់ថា ត្រូវបានបង្កើតឡើងក្រោយការបង្កើតមូលដ្ឋាន នៅភ្នំ១០០១បន្តិច ។ បន្ទាប់ពីតាម៉ុក បានជួយសុន សេន បង្កើតមូលដ្ឋាននៅលើ ភ្នំ១០០១រួចមក តាម៉ុក បានកាន់កាប់ទីតាំងសំខាន់មួយទៀតនៅភ្នំ១០០៣ នៅចុងឆ្នាំ១៩៧៩  ។

ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៤ ភ្នំ១០០៣ បានក្លាយទៅជាតំបន់កាន់កាប់ ដ៏សំខាន់មួយរបស់ចលនាខ្មែរក្រហម ។ ដោយសារតែការប្រមូលផ្តុំកងកម្លាំង របស់ខ្មែរក្រហមនៅក្នុងតំបន់នេះ ភ្នំ១០០៣ អាចត្រូវបានចាត់ទុកថា ជាមូលដ្ឋាន គោលរបស់ចលនាខ្មែរក្រហមទាំងមូល ។ ប្រសិនបើធ្វើការប្រៀបធៀបមូលដ្ឋាន នៅម៉ាឡៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អៀង សារី ផ្តោតជាចម្បងទៅលើ កិច្ចការសេដ្ឋកិច្ច ហើយមន្ទីរក-១៨ ដែលស្ថិតនៅក្នុងខេត្តត្រាត នៃប្រទេសថៃ និង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត និងបញ្ញវន្តមួយចំនួនទៀតហាក់ ផ្តោតជាចម្បងទៅលើការងារនយោបាយ និងដំណើរការជាទូទៅរបស់ចលនា ខ្មែរក្រហម ។១១៤

បើពិនិត្យមើលអំពីទីតាំងភូមិសាស្ត្រភ្នំ១០០៣ លាតសន្ធឹងពីប្រាសាទ ព្រះវិហារទៅស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យ ។ ស្រុកត្រពាំងប្រាសាទមាន ទីតាំងនៅក្បែរច្រកព្រំដែនជប់រុន ដែលខ្មែរក្រហមប្រើប្រាស់សម្រាប់ដឹកជញ្ជូន គ្រឿងសព្វាវុធ និងស្បៀងពីប្រទេសថៃ ឬពីមូលដ្ឋានរបស់ខ្លួននៅលើភ្នំដងរែក ទៅឱ្យកងទ័ពនៅខាងក្នុងប្រទេសកម្ពុជា ។១១៥

ប្រជាជនដែលរស់នៅលើភ្នំ១០០៣ ត្រូវបានជ្រើសរើសចេញពីតំបន់ខ្មែរក្រហមជាច្រើនដែលរួមមានតំបន់សំឡូត ម៉ាឡៃ ភ្នំ១០០១ និងពីជំរំជនភៀសខ្លួនមួយចំនួនផ្សេងទៀត ។ ប្រជាជនមករស់នៅភ្នំ១០០៣ គឺខ្លះមកដោយចៃដន្យ ខ្លះមកដោយការបង្ខិតបង្ខំឬខ្លះទៀតមកដោយសារតែការឃោសនារបស់ខ្មែរក្រហម ។ ស្ត្រីមួយចំនួនមិនមានជម្រើស និងត្រូវធ្វើដំណើរទៅតាមប្តី ដែលបម្រើការជាកងទ័ពខ្មែរក្រហមនៅលើភ្នំ១០០៣ ។ ប្រជាជនភាគច្រើន គឺជាអតីត កម្មាភិបាល ខ្មែរក្រហម និងប្រជាជនដែលមកពីភូមិភាគនិរតីនៃរបបកម្ពុជាប្រជាធិបតេយ្យដែលជាអតីតតំបន់ គ្រប់គ្រងរបស់តាម៉ុក ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។១១៦ ប្រជាជនដែលធ្វើដំណើរទៅកាន់ភ្នំ១០០៣ ត្រូវធ្វើដំណើរតាមទឹកដីថៃ ដើម្បី ចៀសវាងការប្រឈមមុខដោយប្រការណាមួយជាមួយកងទ័ពវៀតណាម និង កងទ័ពរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលប្រចាំការនៅតាម បណ្តោយព្រំដែនខាងទឹកដីកម្ពុជា ។ ចំនួនប្រជាជននៅភ្នំ១០០៣ បានកើនឡើង ជាលំដាប់ ដែលការកើនឡើងនេះ ត្រូវបានប្រជាជនអះអាងថា ដោយសារតែ លក្ខខណ្ឌអំណោយផលរបស់តំបន់នេះ និងដោយសារតែការគ្រប់គ្រងល្អរបស់ តាម៉ុកដែលបានផ្តល់ការផ្គត់ផ្គង់ គ្រប់បែបយ៉ាង ដែលចាំបាច់សម្រាប់ការរស់នៅ ប្រចាំថ្ងៃ ។ ដោយមានការគាំទ្រពេញទំហឹងពីកងទ័ព និងប្រជាជន តាម៉ុក បានក្លាយទៅជាមេបញ្ជាការកងទ័ពដ៏មានអំណាចនៅលើភ្នំ១០០៣ ដែលមិនមាន អ្នកណាអាចប្រជែងបាន ។

នៅក្នុងគោលនយោបាយការបរទេសប្រទេសចិន និងប្រទេសថៃ គឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ការបន្តការតស៊ូ របស់ខ្មែរក្រហម ។ ដោយសារឥទ្ធិពល និង សង្គ្រាមត្រជាក់ បានបង្ខំសហរដ្ឋអាមេរិកឱ្យគាំទ្រចលនាត្រីភាគី ដែលកម្ពុជា ប្រជាធិបតេយ្យជាផ្នែកមួយនៃចលនានេះ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ព វៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយមានចិនជា ប្រភពធនធានដ៏សំខាន់សម្រាប់ផ្គត់ផ្គង់សម្ភារៈ និងដោយមានថៃជាប្រភពធនធាន ដ៏សំខាន់សម្រាប់ការផ្តល់ទីតាំងកងកម្លាំងខ្មែរក្រហមមានលទ្ធភាពរៀបចំចលនា តស៊ូរបស់ខ្លួនឡើងវិញ ដែលអាចប្រឆាំងនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពវៀតណាម ។

ការបង្កើតភូមិ និងជំរំជនភៀសខ្លួន
ដើម្បីសម្រួលដល់ការគ្រប់គ្រងរដ្ឋបាលតំបន់នៅលើភ្នំ១០០៣ ត្រូវបាន រៀបចំឱ្យទៅជាភូមិ ហើយបែបផែននៃការ រស់នៅរបស់ប្រជាជនស្រដៀងគ្នាទៅ នឹងការរស់នៅបែបសហករណ៍នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ ទោះជាយ៉ាង នេះក្តី អ្វីដែលខុសប្លែកគ្នាចម្បងមួយរវាងជីវិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងជីវិតក្រោយរបបនេះ គឺប្រជាជនទទួលបានអាហារ និងសម្ភារៈប្រើប្រាស់គ្រប់ គ្រាន់ ។១១៧ នៅពេលដែលរបបខ្មែរក្រហមត្រូវបានកំណត់ ដោយគ្រោះអត់ឃ្លាន រដ្ឋបាលរបស់ចលនាខ្មែរក្រហមក្រោយឆ្នាំ១៩៧៩ បានប្រើប្រាស់ការផ្តល់ម្ហូប អាហារ និងសម្ភារៈ ដែលបានមកពីម្ចាស់ជំនួយបរទេសជាមធ្យោបាយ ដើម្បីទទួល បានភាពស្មោះត្រង់ពីប្រជាជន ។

ប្រជាជនទាំងអស់ ត្រូវបានចាត់តាំងឱ្យរស់នៅតាមអង្គភាពកងទ័ព របស់ខ្លួន។ ប្រជាជនត្រូវបានរំពឹងថា នឹងចែករំលែកការងារ ការហូបចុក និង ការកម្សាន្តជាមួយគ្នា ។ ភូមិនីមួយៗដែលមានចម្ងាយពីគ្នាប្រហែល កន្លះគីឡូម៉ែត្រ ទៅមួយគីឡូម៉ែត្រ ត្រូវបានដាក់ឈ្មោះទៅតាមលេខកងពលឬទៅតាមឈ្មោះ មេភូមិនៅក្នុងករណី មួយចំនួន ។១១៨ ភូមិនីមួយៗមានប្រជាជនពី៣០ទៅ៤០គ្រួសារ ហើយជាទូទៅ ប្រជាជនរស់នៅក្នុងខ្ទមធ្វើអំពីឈើ ឫស្សី និងស្បូវ ។១១៩ ដោយសារ តែការគំរាមកំហែងពីការវាយប្រហារ ដែលអាចកើតមានការសាងសង់ផ្ទះ ជាមួយនឹងសម្ភារៈ បែបនេះមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរទីលំនៅ និងការរត់គេចខ្លួនបានភ្លាមៗជាមួយ នឹងការផ្តល់សញ្ញាបន្តិចបន្តួច ។

ការគ្រប់គ្រងរដ្ឋបាលនៅអន្លង់វែង មិនដូចការគ្រប់គ្រងរដ្ឋបាលនាពេលបច្ចុប្បន្នទេ ។ ជាទូទៅតាម៉ុក ធ្វើជាអធិបតី ទាំងលើការងាររដ្ឋបាល និងកិច្ចការកងទ័ព ។១២០

កងទ័ពខ្មែរក្រហម និងសមាជិកគ្រួសារ រស់នៅ និងផ្លាស់ទីកន្លែងពីជំរំ មួយទៅជំរំមួយទៀត នៅក្នុងទឹកដីថៃ ដូចជា ជំរំអូរត្រាវ ស្ទឹងចាន់ ជប់ម្លូ ដងទង់ ខៃដន និងណងស៊ុង ។ ទោះបីជាប្រជាជននៅអន្លង់វែងអះអាងថា ជំរំជនភៀស ខ្លួនទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម នៅភ្នំ១០០៣ក្តី ក៏យើងមានការលំបាកក្នុងការកំណត់ អត្តសញ្ញាណពិតប្រាកដរបស់ជំរំនីមួយៗ ហើយ អត្តសញ្ញាណនេះអាចមានការប្រែប្រួលដោយសារតែលំហូរ របស់ប្រជាជនស៊ីវិល និងកងទ័ព នៅក្នុងអំឡុងពេលជម្លោះ ។១២១

ជំរំអូរត្រាវ គឺជាមូលដ្ឋានទ្រទ្រង់ដ៏សំខាន់មួយរបស់ខ្មែរក្រហម នៅភ្នំ ១០០៣ ។ ជំរំនេះស្ថិតនៅក្រោមការគ្រប់គ្រង របស់តាម៉ុក ដែលបានបង្កើត ទីបញ្ជាការមួយនៅក្នុងជំរំនេះ ។ អង្គការជំនួយព្រំដែនរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួនផ្សេងទៀតបានផ្តល់ជំនួយមនុស្សធម៌ ដូចជា ស្បៀងអាហារ ទឹកស្អាត ការថែទាំសុខភាព និងសម្ភារៈចាំបាច់ផ្សេងៗទៀត ព្រមទាំងការអប់រំកម្រិតបឋមសិក្សា ។១២២ ប៉ុន្តែជំនួយនេះ ត្រូវបានកម្រិតផ្តល់ឱ្យតែ ស្ត្រី និងកុមារប៉ុណ្ណោះ ដោយសារតែកងទ័ពត្រូវបានចាត់ទុកថា ជាក្រុមចម្បាំង ។ ជនភៀសខ្លួនសរុបនៅជំរំអូរត្រាវ មានចំនួន១៥.០០០នាក់ មកត្រឹមឆ្នាំ១៩៩១ ។ ជំរំនេះ ត្រូវបានបិទជាស្ថាពរ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩២ ។

ប្រជាជនមួយចំនួននៅក្នុងជំរំអូរត្រាវបានលួចឆ្លងដែនចូលប្រទេសថៃ ដើម្បីស្វែងរកការងារ និងប្រាក់ចំណូល ។ ប្រជាជនទាំងនោះនឹងធ្វើការងារគ្រប់ បែបយ៉ាង ដូចជាបេះផ្លែឪឡឹក ជីកដំឡូង និងច្រូតស្រូវ ។ ការងារទាំងនោះ ត្រូវបាន សម្របសម្រួលដោយថៅកែជនជាតិថៃ ដែលបានកេងចំណេញពីជនភៀសខ្លួនខ្មែរ ដែលខំស្វែងរកឱកាស ដើម្បីទទួលបានជីវិតល្អប្រសើរជាងមុន ។ រថយន្ត របស់ថៃ ជាច្រើនគ្រឿងបានមកចតចាំនៅមុខជំរំជនភៀសខ្លួន នៅពេលព្រឹក ហើយដឹកជញ្ជូនជនភៀសខ្លួនមកជំរំវិញនៅពេលល្ងាច ។១២៣ ក្រៅពីការងារលក់ កម្លាំងពលកម្ម ជនភៀសខ្លួនមួយចំនួនបានលក់ស្បូវទៅឱ្យថៃ ។ ជនភៀសខ្លួនទាំង នោះ ទទួលបានតម្លៃ៥បាត (ប្រហែល៦២០រៀល) សម្រាប់ស្បូវមួយកណ្តាប់ ។១២៤

នៅចុងឆ្នាំ១៩៨៤ កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជា មានិតកម្ពុជារាប់ម៉ឺននាក់បានវាយប្រហារច្រកចេញ ចូលធំរបស់ភ្នំ១០០៣ ដែល ស្ថិតនៅក្នុងឃុំព្រះប្រឡាយ ។ កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិត កម្ពុជា ប្រមាណជាង៣០.០០០នាក់ បានកម្ទេចជំរំជនភៀសខ្លួន ខ្មែរក្រហម មូលដ្ឋានផ្គត់ផ្គង់សម្ភារៈ និងប្រព័ន្ធការពាររបស់ខ្មែរក្រហម នៅក្នុង ទឹកដីកម្ពុជា ។១២៥  នៅត្រឹមដំណាក់កាលនេះ កងទ័ពវៀតណាម និងកងទ័ព សាធារណរដ្ឋប្រជាមានិតកម្ពុជា គ្រប់គ្រងបានតំបន់កាន់កាប់ទាំងអស់របស់ខ្មែរ ក្រហម និងថែមទាំងវាយ កាន់កាប់មូលដ្ឋានរបស់រណសិរ្សហ្វ៊ុនស៊ិនប៉ិច និង រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរថែមទៀត ។ ទាំងជនភៀសខ្លួន នៅក្នុងតំបន់ ទាំងអស់នោះ និងកម្លាំងតស៊ូទាំងអស់ត្រូវរត់ទៅរស់នៅក្នុងជំរំជនភៀសខ្លួន នៅក្នុងប្រទេសថៃ ។

សាធារណរដ្ឋប្រជាមានិតកម្ពុជាបានប្រៀបប្រដូចការវាយប្រហាររបស់ខ្លួន នៅឆ្នាំ១៩៨៤-១៩៨៥ថា ជា “ការចងមុងវាយមូស” ។ ទោះជាយ៉ាងនេះក្តី ខ្មែរក្រហមបានប្រៀបប្រដូចបរាជ័យរបស់ខ្លួនទៅនឹង “ការចាក់ទម្លាយសម្បុក អង្ក្រង” ដែលមានន័យថា កងទ័ពបរាជ័យរបស់ខ្មែរក្រហមប្រៀបបានទៅនឹង អង្ក្រងដែលចេញពីសម្បុក ហើយជ្រៀតចូលកាន់តែជ្រៅទៅផ្ទៃខាងក្នុងនៃ ប្រទេសកម្ពុជា ។១២៦ ទោះបីជាលទ្ធផលជាក់ស្តែងនៃការវាយប្រហារមានការ លំបាកក្នុងការវាស់ស្ទង់ក្តី គេសង្កេតឃើញថា កងទ័ពខ្មែរក្រហមមួយចំនួនបាន ជ្រៀតចូលកាន់តែជ្រៅជាងមុន ទៅខាងក្នុងប្រទេសដើម្បីធ្វើវិទ្ធង្សនា និងសាបព្រោះ ការឃោសនារបស់ខ្លួន ។ ម្យ៉ាងវិញទៀត កងទ័ពខ្មែរក្រហមជាច្រើន ត្រូវបាន កោះហៅឱ្យវិលត្រឡប់មកមូលដ្ឋានវិញ ដើម្បីពង្រឹងកម្លាំងនៅតាមព្រំដែន ។ ដោយសារតែការខ្វះខាតម្ហូបអាហារនៅក្នុងអំឡុងពេលនោះ កងទ័ពខ្មែរក្រហម ដែល នៅខាងក្នុងប្រទេស បានធ្វើការឆក់ប្លន់ប្រជាជននៅតាមភូមិ ដើម្បីរស់រានមានជីវិត។

មេដឹកនាំខ្មែរក្រហម បានជម្លៀសប្រជាជនពីភ្នំ១០០៣ ទៅជំរំអូរត្រាវ និង ស្ទឹងចាន់ ។ ចាប់តាំងពីពេលនោះមក ដោយសារតែការគំរាមកំហែងពីកងទ័ពវៀតណាមខ្មែរក្រហមបានចាប់ផ្តើមជ្រើសរើសប្រជាជនសាមញ្ញ នៅក្នុងជំរំឱ្យចូល បម្រើកងទ័ព ។ ជីវិតកាន់តែលំបាក ហើយមេដឹកនាំ និងកម្មាភិបាលខ្មែរក្រហម កាន់តែជិះជាន់ និងបង្ខិតបង្ខំប្រជាជន ។

                                                                                        ជំពូក៧
សង្គ្រាមឈ្លប និងសង្គ្រាមប្រជាជន
សមរភូមិមុខនៅភ្នំ១០០៣

នៅខែធ្នូ ឆ្នាំ១៩៧៩ កម្លាំងសេសសល់របស់ខ្មែរក្រហម បានប្រកាស បង្កើតកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ ។ ចំនួនកងទ័ពបានកើនឡើងជាលំដាប់ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៥ ប៉ុន្តែបន្ទាប់មកទំហំកងទ័ពបានថយចុះទៅវិញ ។ នៅ ត្រឹមខែសីហា ឆ្នាំ១៩៨០ ចំនួនកងទ័ពខ្មែរក្រហមកើនឡើងពី២ម៉ឺននាក់ទៅ៤ម៉ឺននាក់ ។ សុន សេន ធ្លាប់បានប្រកាសថា ខ្មែរក្រហមមានកងទ័ពចំនួន៦ម៉ឺននាក់ ដែលត្រូវបានចែកចេញជា៥ពាន់កងឈ្លប ដែលបានធ្វើសង្គ្រាមឈ្លបនៅទូទាំង ប្រទេស ។១២៧ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ កងទ័ពខ្មែរក្រហមបានថយចុះនៅត្រឹម ចំនួន២ម៉ឺននាក់ ដោយសារតែការធ្វើមាតុភូមិនិវត្តន៍ របស់ប្រជាជនពីជំរំជនភៀសខ្លួនត្រឡប់ទៅស្រុកកំណើតវិញ និងដោយសារការ ផ្តាច់ខ្លួនក្នុងទ្រង់ទ្រាយតូច ។១២៨មកត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ កងទ័ពខ្មែរក្រហម នៅសល់ប្រហែលចំនួនមួយម៉ឺននាក់ ហើយនៅឆ្នាំ១៩៩៨ ខ្មែរក្រហម នៅសល់កងទ័ពប៉ុន្មានពាន់នាក់តែប៉ុណ្ណោះ ។

ទោះបីជាកងទ័ពខ្មែរក្រហមត្រូវបានបែងចែកទៅជាអង្គភាពតូចៗ ក៏ដោយក៏ខ្មែរក្រហមនៅតែបន្តរៀបចំកងទ័ព របស់ខ្លួនទៅជាកងពល កងវរសេនា ធំ កងវរសេនាតូច កងអនុសេនាធំ និងកងអនុសេនាតូច ដែលរចនាសម្ព័ន្ធយោធា ដែលត្រូវបានបង្កើតឡើងតាំងពីរយៈកាលបដិវត្តន៍ (១៩៧០-១៩៧៥) ។ កងពលនីមួយៗមានកម្លាំងទ័ពប្រហែលពី ២ពាន់ ទៅ៣ពាន់នាក់ ទោះបីជាតួលេខនេះបាន ធ្លាក់ចុះយ៉ាងខ្លាំង ។ នៅទីបំផុតកងពលមួយចំនួនមានកងទ័ព មិនដល់ពីរបីរយនាក់ផង ។១២៩

អតីតកងពលខ្មែរក្រហមមួយចំនួន ដែលត្រូវបានបង្កើតឡើងតាំងពីរយៈ កាលនៃរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅតែរក្សាវត្តមានរបស់ ខ្លួនដដែល ខណៈពេលដែលកងពលថ្មីៗជាច្រើនត្រូវបានបង្កើតឡើងដោយការ ដាក់បញ្ចូលគ្នានូវកងទ័ពដែលរត់ខ្ចាត់ខ្ចាយ ។ ខ្មែរក្រហម ក៏បានធ្វើការជ្រើសរើសកងទ័ពបន្ថែមពីក្នុងចំណោម ប្រជាជនដែលរស់នៅក្នុងជំរំជនភៀសខ្លួនឬពីក្នុងតំបន់ កាន់កាប់របស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ។១៣០ កងទ័ពដែលត្រូវបានជ្រើស រើសថ្មីនោះ រួមមានទាំងអ្នកស្ម័គ្រចិត្ត និងអ្នកដែលត្រូវខ្មែរក្រហមបានកេណ្ឌយក មក។ មនុស្សមួយចំនួនត្រូវបានចាប់មកពីខាងក្នុងប្រទេសកម្ពុជា និងបញ្ជូនមក អង្គភាពកងទ័ពនៅតាមបណ្តោយព្រំ ដែនកម្ពុជា-ថៃ ។

ជាផ្នែកមួយនៃរចនាសម្ព័ន្ធយោធានៅភ្នំ១០០៣ តាម៉ុក បានបង្កើតមូលដ្ឋានសមរភូមិមុខជាច្រើនកន្លែងនៅតាម ព្រំដែន ដែលបច្ចុប្បន្នស្ថិតនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ដែលនៅជាប់គ្នាជាមួយនឹងខេត្តស៊ីសាកេត ប្រទេសថៃ ។ មូលដ្ឋានសមរភូមិទាំងនេះរួមមាន ភ្នំ៨០៨, ភ្នំ៨០០, ភ្នំ៤០, ភ្នំ១០០២ និងភ្នំ៥០ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ភ្នំ១០០៣ ។ មូលដ្ឋានសមរភូមិមុខទាំងនេះ មានទីតាំងនៅលើភ្នំដងរែក នៅចំច្រកព្រំដែនជាយុទ្ធសាស្ត្រ ដែលនៅទីនោះ ខ្មែរក្រហមអាចបញ្ជូនកងទ័ពរបស់ខ្លួនចូលមកវាយកាន់កាប់ទីតាំងផ្សេងៗនៅក្នុង ប្រទេស ដើម្បីធ្វើប្រតិបត្តិការយោធា ។១៣១ ជាពិសេសសមរភូមិមុខទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីបណ្តេញកងទ័ព វៀតណាមចេញពីតំបន់អន្លង់វែង ។ ទោះជាយ៉ាងនេះក្តី ខ្មែរក្រហមមិនអាចសម្រេចគោលបំណងនេះបានទេ រហូតដល់ចុងឆ្នាំ១៩៨៩ នៅពេលដែលកងទ័ពវៀតណាមទាំងអស់ត្រូវបានដកចេញពីប្រទេសកម្ពុជា ។ នៅ តំបន់ព្រំដែនខាងទឹកដីកម្ពុជា ដោយអនុលោមទៅតាមផែនការការពារជាតិ ដែលត្រូវបានស្គាល់ថា ជាផែនការ “ក-៥” កងទ័ពវៀតណាម និងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតបន្ទាយយោធាជាយុទ្ធសាស្ត្រជាច្រើន ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់កងទ័ពខ្មែរក្រហម ។

មូលដ្ឋានសមរភូមិមុខភ្នំ៨០៨ មានទីតាំងស្ថិតនៅអតីតភូមិថ្គាមរមាស ដែលបច្ចុប្បន្ន គឺជាច្រកព្រំដែនជាំសាង៉ាំ ។ ខ្មែរក្រហម បានសាងសង់ឃ្លាំងសម្ភារៈ មួយនៅទីនោះ ដើម្បីផ្គត់ផ្គង់សម្ភារៈដល់សមរភូមិ ។ សឿន ដែលជាអតីត មេបញ្ជាការកងពល៧៧៥ ដែលមានមូលដ្ឋាននៅភូមិភាគឧត្តររបស់កម្ពុជា ប្រជាធិបតេយ្យ គឺជាប្រធានភ្នំ៨០៨ ដែលជាច្រកព្រំដែនដ៏សំខាន់មួយរវាងកម្ពុជា និងថៃ ។១៣២ មូលដ្ឋាននេះមានទីតាំងជិតជាងគេទៅនឹងបន្ទាយ របស់កងទ័ព វៀតណាម ។ នៅខាងកើត គឺជាទីតាំងរបស់មូលដ្ឋានសមរភូមិមុខភ្នំ៨០០ ដែលមានទីតាំងនៅជិតទំនប់ លើក្នុងឃុំត្រពាំងប្រិយ៍ (ស្រុកអន្លង់វែង) ។ ភ្នំ៨០០ យក ឈ្មោះតាមកងពល៨០០ ដែលមាន ឌី ធិន ជាមេបញ្ជាការ ។ ទៅខាងកើតបន្តិច ទៀត គឺជាមូលដ្ឋានសមរភូមិមុខភ្នំ៤០ ដែលស្ថិតនៅតំបន់មួយ ដែលត្រូវបានគេ ស្គាល់ថា អូរធំ និងច្រោក (បច្ចុប្បន្ននៅ ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ) ។ មូលដ្ឋានសមរភូមិបន្ទាប់ គឺភ្នំ១០០២ ដែលមានទីតាំងនៅត្រង់ច្រកព្រំដែនជប់រុន (បច្ចុប្បន្ននៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ) ។ កងពល៦១២ ត្រូវបាន បង្កើតឡើង និងត្រូវបានចាត់តាំងឱ្យការពារ និងធ្វើប្រតិបត្តិការនៅលើភ្នំ១០០២។ ហឿន គឺជាប្រធានកងពល ៦១២ ហើយ ឈាន គឺជាអនុប្រធាន ។១៣៣ កងទ័ពនៅ លើភ្នំ១០០២ធ្វើប្រតិបត្តិការចាប់ពីច្រកព្រំដែនជប់រុន ទៅដល់ប្រាសាទព្រះវិហារ និងតំបន់មួយចំនួនផ្សេងទៀតនៅក្នុងខេត្តព្រះវិហារ ជាពិសេសនៅតាមបណ្តោយ ផ្លូវជាតិលេខ១២ ពីឃុំស្រអែមទៅស្រុកជាំក្សាន្ត ។ សមរភូមិមុខ ភ្នំ៥០ មានទីតាំង នៅខាងកើតច្រកព្រំដែនជប់រុន ។

នៅចន្លោះឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨៥ មូលដ្ឋានភ្នំ១០០២ និងភ្នំ៥០ គឺជា មូលដ្ឋានសមរភូមិដ៏សំខាន់ពីរ នៅក្នុងប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងវៀតណាម និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ។ មូលដ្ឋានទាំងពីរនេះ ស្ថិតនៅក្នុងទឹកដីខ្មែរ។ នៅឆ្នាំ១៩៨០ ដើម្បីបម្រើដល់យុទ្ធសាស្ត្រកងទ័ព តាម៉ុក បានដឹកនាំការសាងសង់ ផ្លូវមួយខ្សែដោយផ្ទាល់ចេញពីមូលដ្ឋានរបស់គាត់នៅក្នុងទឹកដីថៃ ទៅកាន់ឃុំ ព្រះប្រឡាយ ក្នុងទឹកដីខ្មែរ ដោយឆ្លងកាត់ច្រកព្រំដែនជប់រុន ។ ផ្លូវនេះ ត្រូវបាន ប្រើប្រាស់ជាច្រកដ៏សំខាន់សម្រាប់បញ្ជូនកម្លាំងទៅខាងក្នុងប្រទេស កម្ពុជា និង សម្រាប់ដឹកជញ្ជូនសម្ភារៈ និងគ្រឿងសព្វាវុធទៅឱ្យកងទ័ពនៅសមរភូមិមុខ ។ តាម៉ុក បានបាត់បង់ជើងស្តាំរបស់គាត់នៅក្នុងអំឡុងពេលសាងសង់នោះ ដោយសារតែ ត្រាក់ទ័រឈូសផ្លូវជាន់លើមីនតោន នៅតំបន់មួយដែលត្រូវបានហៅថា ចម្ការម្ទេស (ចម្ការមួយដែលស្ថិតនៅក្នុងទឹកដីថៃ ទល់មុខនឹងឃុំព្រះប្រឡាយ ក្នុងស្រុក ត្រពាំងប្រាសាទ) ។ ប៉ិល សារ៉ាត់ បានរៀបរាប់អំពីការសាងសង់ផ្លូវនេះ និងព្រឹត្តិការណ៍ ដែលធ្វើឱ្យតាម៉ុក ក្លាយទៅជាមនុស្សពិការថា៖

តាម៉ុក បានឈរមើល និងបញ្ជាគ្រឿងចក្រដោយខ្លួនឯង ។ គេបានប្រាប់ គាត់ថា កុំឱ្យឈរក្បែរគ្រឿងចក្រពេក ពីព្រោះមីនប្រឆាំងរថក្រោះមួយគ្រាប់នៅ មិនទាន់ត្រូវបានរកឃើញនៅឡើយ ។ នៅពេលដែលគាត់កំពុងឈរបញ្ជាការ សាងសង់ គ្រឿងចក្របានបើកកិនលើមីនប្រឆាំងនឹងរថក្រោះនោះ ។ ច្រវាក់គ្រឿង ចក្រនោះបានដាច់ ហើយវាត់មកត្រូវជើងស្តាំរបស់គាត់យ៉ាងខ្លាំង ។ អំបែងមីនក៏ បានខ្ទាតមកត្រូវដើមទ្រូងរបស់គាត់ ។ កងទ័ពបានប្រញាប់ប្រញាល់លើកគាត់ដាក់ លើគ្រែ និងសែងគាត់ទៅប្រទេសថៃ ។ វេជ្ជបណ្ឌិតជួន ជឿន និងគ្រូពេទ្យថៃមួយ ចំនួនទៀត បានធ្វើការព្យាបាលគាត់នៅតាមផ្លូវ ។ កងទ័ពបានសែងគាត់ឆ្លងកាត់ ព្រំដែនទៅដល់ជំរំជប់ម្លូ និងដឹកគាត់តាមឡានទៅកាន់ប្រទេសថៃ ។ កងទ័ព ត្រូវ ចំណាយពេលពេញមួយយប់ ទើបធ្វើដំណើរទៅដល់ជំរំជប់ម្លូ ដោយប្តូរវេនគ្នា សែង ។ កងទ័ពទាំងនោះមិនបានដេកឬឈប់សម្រាកនៅតាមផ្លូវឡើយ ។ មុនពេល សន្លប់បាត់ស្មារតី តាម៉ុក បានផ្តាំផ្ញើកងទ័ព និងប្រជាជនដែលនៅជុំវិញគាត់ថា ”អញ ប្រហែលជាមិនរស់ទេ ។ ជួយថែរក្សាប្រជាជន និងបន្តចលនាតស៊ូតទៅទៀត” ។ មនុស្សគ្រប់គ្នា នាំគ្នាស្រែកយំនៅពេលបានឮគាត់និយាយដូច្នេះ ។១៣៤

ប្រតិបត្តិការនៅខាងក្នុង៖ សង្គ្រាមឈ្លប និងសង្គ្រាមប្រជាជន

កងទ័ពនៅភ្នំ១០០៣ ត្រូវបានបញ្ជូនឱ្យទៅធ្វើប្រតិបត្តិការនៅក្នុងប្រទេស ជារៀងរាល់ឆ្នាំ ។ កងទ័ពទាំងនោះត្រូវបានបញ្ជូន ឱ្យទៅធ្វើការនៅជុំវិញបឹង ទន្លេសាប ក្នុងខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ព្រមទាំងតំបន់មួយចំនួន នៅតាមបណ្តោយព្រំដែន ក្នុងខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ។ កងទ័ពនីមួយៗត្រូវបានអនុញ្ញាតឱ្យមកសួរសុខទុក្ខ គ្រួសារនៅលើ ភ្នំដងរែកម្តងរយៈពេលមួយឬពីរអាទិត្យ ។ បន្ទាប់មកកងទ័ពទាំងនោះនឹងត្រូវបានបញ្ជូនឱ្យត្រឡប់ទៅកាន់ ទីតាំងដែលខ្លួនត្រូវបានចាត់តាំងឱ្យទៅ ។ ម្តងម្កាល កងទ័ព ខ្មែរក្រហមដែលធ្វើប្រតិបត្តិការនៅជួរមុខអាចទំនាក់ទំនង មកប្រពន្ធ និងក្រុម គ្រួសាររបស់ខ្លួនតាមរយៈសារទូរលេខ និងសំបុត្រ ។១៣៥ មុនពេលចេញទៅបំពេញ បេសកកម្ម កងទ័ពខ្មែរក្រហម ត្រូវចូលរួមវគ្គបណ្តុះបណ្តាលជាមួយមេដឹកនាំរបស់ ខ្លួន ។ ឯក សុផល ដែលជាអតីតលេខាតំបន់៣៧ និងជាមេបញ្ជាការកងទ័ព ក្នុងភូមិភាគបស្ចិម នៃរបបកម្ពុជាប្រជាធិបតេយ្យ បានរំលឹកអំពីការងាររបស់គាត់ នៅខាងក្នុងប្រទេសថា៖

នៅពេលដែលកងទ័ពវៀតណាម បានវាយចូលប្រទេសកម្ពុជា ខ្ញុំនិង អនុប្រធានរបស់ខ្ញុំឈ្មោះប៉ា ជឹមបានដឹកនាំកងទ័ព ចំនួន១ពាន់នាក់ ពីខេត្តកោះកុង ទៅខេត្តកំពង់ឆ្នាំង ។ កងទ័ពរបស់យើងធ្វើប្រតិបត្តិការនៅជុំវិញបឹងទន្លេសាប ដោយមានស្បៀងអាហារតិចតួចណាស់ ។ នៅឆ្នាំ១៩៨២ តាម៉ុក បានហៅខ្ញុំឱ្យ ត្រឡប់ទៅអន្លង់វែងវិញ ដែលនៅទីនោះ ខ្ញុំបានរៀបការប្រពន្ធទី២ ។ បន្ទាប់ពី រៀបការរួច តាម៉ុក បានបញ្ជាឱ្យខ្ញុំទៅធ្វើការនៅតំបន់ជាច្រើន នៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ជាមួយកងទ័ពរបស់កែពក និងស្រីសុបិន្ត ។ ខ្ញុំក៏ធ្លាប់បានទៅ ធ្វើការនៅស្រុកពួកក្រឡាញ់ និងវ៉ារិន្ទ ។ ខ្ញុំអាចត្រឡប់មកផ្ទះមកជួបប្រពន្ធរបស់ ខ្ញុំរៀងរាល់កន្លះឆ្នាំឬមួយឆ្នាំម្តង ។ នៅឆ្នាំ១៩៨៦ ខ្ញុំត្រូវបានចាត់តាំងឱ្យទៅធ្វើការ នៅខេត្តកំពង់ឆ្នាំង ។ ខ្ញុំបានដឹកនាំកម្លាំងប្រហែលមួយរយនាក់ហែលឆ្លងទន្លេសាប ដោយសារតែយើងពុំមានទូកគ្រប់គ្រាន់ ។ កម្លាំងរបស់យើងធ្វើការនៅស្រុក បរិបូណ៌ ដែលនៅទីនោះ យើងបានពើបប្រយុទ្ធជាមួយកងទ័ពវៀតណាម និង កងទ័ពរដ្ឋាភិបាលជាញឹកញាប់ ។ ជួនកាលយើងស្នាក់នៅក្នុងភូមិ ។ ប៉ុន្តែភាគច្រើន យើងនៅក្នុងព្រៃ ដើម្បីជៀសពីការ ប្រយុទ្ធគ្នា ។ កងទ័ពរបស់ខ្ញុំទាំងអស់ទុក ប្រពន្ធចោលនៅអន្លង់វែង ។ នៅឆ្នាំ១៩៩៦ ខ្ញុំបានធ្វើដំណើរតាមរថភ្លើងពី ខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ ហើយរស់នៅទីនោះរហូតដល់សមាហរណកម្ម ។ ១៣៦

ជាទូទៅ កងទ័ពខ្មែរក្រហម ត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅតំបន់ជុំវិញ ភូមិកំណើតរបស់ខ្លួនដោយសារខ្មែរក្រហមមើលឃើញ អំពីអត្ថប្រយោជន៍ជា ច្រើនក្នុងការធ្វើដូច្នេះ ។ កងទ័ពដែលធ្វើការនៅក្បែរភូមិកំណើតរបស់ខ្លួនស្គាល់ច្បាស់អំពីទីតាំង ភូមិសាស្ត្រក្នុងតំបន់ និងអាចធ្វើការយ៉ាងមានប្រសិទ្ធភាពជាមួយ ប្រជាជននៅក្នុងតំបន់នោះ ។ ជាងនេះទៅទៀតកងទ័ព ទាំងនោះអាចទទួលបាន ការទំនុកបម្រុងពីអ្នកភូមិ ដូចជាចំណីអាហារ និងការស្នាក់នៅ នៅពេលដែលកងទ័ពទាំងអស់ នោះអស់ស្បៀងអាហារម្តងៗ ។ ខ្មែរក្រហមក៏អាចទទួលបាន ការសហការពីអ្នកភូមិក្នុងការទទួលបានព័ត៌មានពីអាជ្ញាធរ មូលដ្ឋានរបស់ សាធារណរដ្ឋប្រជាមានិតកម្ពុជា ។ បណ្តាញចារកម្មរបស់ខ្មែរក្រហមអាចអនុញ្ញាត ឱ្យខ្មែរក្រហមរៀបចំខ្លួន ដើម្បីធ្វើការវាយប្រហារ និងប្រតិបត្តិការឈ្លបផ្សេងៗ ទៀតប្រឆាំងនឹងរដ្ឋាភិបាល បន្ទាយកងទ័ពវៀតណាម និងការិយាល័យរដ្ឋបាល ។

សង្គ្រាមឈ្លប និងសង្គ្រាមប្រជាជន គឺជាយុទ្ធសាស្ត្រយោធាចម្បងរបស់ ខ្មែរក្រហម នៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអ្វី ដែលខ្មែរក្រហមហៅថា “អាខ្មាំង យួនឈ្លានពាន” ។ យុទ្ធសាស្ត្រទាំងពីរនេះត្រូវបានខ្មែរក្រហមអនុវត្តន៍តាំងពីឆ្នាំ ១៩៦៨ នៅពេលដែលខ្មែរក្រហម ចាប់ផ្តើមការតស៊ូប្រដាប់អាវុធប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា ។ យុទ្ធសាស្ត្រសង្គ្រាមឈ្លប អាចត្រូវបានពណ៌នាថា ចល័តហើយ រស់រវើកចំពោះអង្គការចាត់តាំង និងយុទ្ធសាស្ត្ររបស់សត្រូវ ។ ក្រុមឈ្លបនីមួយៗ មានគ្នាពី១០ទៅ១២នាក់។ ដែលហៅថាសង្គ្រាមឈ្លប ន័យរបស់វា គឺលបវាយខ្មាំង ដោយក្រុមតូចៗ ស្រាល ស្ងាត់ ចល័ត រស់រវើក ។ ន័យជាក់ស្តែង គឺក្រុម ឈ្លប តូចៗ ទៅធ្វើសកម្មភាពវាយខ្មាំងដោយអាវុធ ចម្រូង មីន លបបាញ់ស៊ីប លបចាំកន្ត្រាក់ មីន ពង្រេចពង្រឹលកម្លាំងខ្មាំង មួយថ្ងៃមួយក្បាល ពីរក្បាលជាប្រចាំ ។ ក្រុមឈ្លបអត់ នៅស្ងៀមទេ គឺចល័តវាយខ្មាំងជាប់ មានគំនិតផ្តើមរកវាយ ខ្មាំងជាប់ ឃ្វាលខ្មាំងជាប់ ខ្មាំងចេញមិនបាន ។ ក្រុមឈ្លបផ្តាច់ផ្លូវតូចធំ របស់ខ្មាំង។ ផ្តាច់ផ្លូវដោយកាប់ ឈើបិទរាំងសម្រាស់ ចាក់ចម្រូង ដាក់មីន មីនច្នៃ មីនថ្មើរជើង មីនសម្រាប់ឡាន មីន សម្រាប់រថក្រោះលើផ្លូវសងខាងផ្លូវហើយនៅឃ្លាំចាំមើលខ្មាំងនៅ នឹងកន្លែងជាប់ បណ្តាក់វេនគ្នាយប់ថ្ងៃមិនឱ្យចន្លោះឡើយ ។១៣៧

%d bloggers like this: