Tom & Jerry

Mon, 23 September 2013
Tue, 18 October 2016  ភ្នំពេញប៉ុស្តិ៍

ដំណើរការនយោបាយស្រុកខ្មែរដូចរឿងឆ្មានិងកណ្តុរវគ្គទីពីរ

បន្ទាប់ពីវគ្គទី ១ នៃរឿងឆ្មា & កណ្តុរ (Tom & Jerry) បានបញ្ចប់ទៅដោយឆ្មាឈប់ចាំដេញវ៉ៃកណ្តុរ ជាមួយនឹងកូនខ្ទះឆា ដែលឆ្មាតែងតែចាំនៅមាត់រន្ធ ឲ្យតែកណ្តុរហ៊ានចេញពីរន្ធមក ឆ្មាដឹងតែពីចាប់ដាក់ក្នុងទ្រុងសារិកាហើយ គឺឆ្មាបើកឲ្យកណ្តុរចេញពីរន្ធមកក្រៅ ដើម្បីប្រឡែងគ្នាលេងបន្លំមែនទៀត ព្រោះខ្វះដៃគូ បើឆ្មាលេងតែម្នាក់ឯងទៅ ញាតិញោមមើលទៅវាមិនសម ដូចជា រាងលើគោកពេក។

តែនៅពេលបើកឲ្យកណ្តុរចេញមកលេងម្តងនេះ ធ្វើឲ្យឆ្មាភ័យញ័រលស់ព្រលឹងឡើងបះរោមច្រូង ដែលមិននឹកស្មានដល់ថា ឡើងកូដដល់ថ្នាក់ហ្នឹង ឡើងចង់យ៉ាប់រៀងៗខ្លួន មិនដូចកាលពីលេងល្បែងមុនៗ ឆ្មាតែងតែមើលឃើញកណ្តុរម្តងៗ ស៊ីផុយនោះ ហើយជាទូទៅ ឆ្មា និងកណ្តុរ តែងតែគិតប្រើល្បិចយ៉ាងម៉េចយកតែឈ្នះរៀងខ្លួនដូចរាល់តែដង ម្លោះហើយគ្មានអ្វីក្រៅតែពីដាក់អន្ទាក់រៀងៗខ្លួន ព្រោះបើឆ្មាបើកភ្នែកឡើងដឹងតែពីវ៉ៃកណ្តុរនោះ គឺត្រូវបានគេមើលឃើញវាកាន់តែអាក្រក់មើលពេក ជាសត្វធំហើយគ្មានចេះអី គិតតែចាំតែវ៉ៃសត្វតូចៗជាង។

អ៊ីចឹងហើយបានជាឆ្មាបានខិតខំធ្វើយ៉ាងណា ឲ្យគេមើលទៅឃើញខ្លួនត្រឹមត្រូវ គួរសមនឹងគេដែរ តាមរយៈខ្ចីដៃសត្វដទៃៗទៀត យកមកប្រើ គឺឲ្យតែប្រើបានគឺប្រើហើយ ដើម្បីប្រយោជន៍ខ្លួនឯងយកឈ្នះកណ្តុរ នៅពេលឆ្មាជួបការលំបាកទាល់ច្រកម្តងម្កាល គឺធ្វើកាយវិការទន់ភ្លន់គួរឲ្យអាណិត ធ្វើយ៉ាងណា ឲ្យផុតពីទុក្ខភ័យមួយគ្រាបន្តិចសិនទៅ ហើយចប់ហើយ នៅពេលបានដោះស្រាយហើយ ចាំមើលឆ្មាចាប់ផ្តើមឡើងចាងលេងខ្លួនគិតតែពីរករឿងនេះ នោះដើម្បីរកលេសនេះនោះ ទម្លាក់កំហុសលើកណ្តុរ ហើយដេញវ៉ៃកណ្តុររត់ប្រផាប់ប្រភីង ស្រួលមិនស្រួលរត់ចូលរន្ធដូចលើកមុនៗទៀត។

ឯកណ្តុរវិញ ឲ្យតែឆ្មាដេញវ៉ៃ ដឹងតែពីដាក់មេផាយហើយ តែនៅពេលដែលដេញទៅជួបជាមួយសត្វណាដែលធំជាងឆ្មាដូចជាខ្លា ខ្លាឃ្មុំ ឬក៏មនុស្សក្តី ដែលអាចបង្ក្រាបឆ្មាបាន គឺកណ្តុរក៏ខ្ចីដៃគេប្រើដែរ ដើម្បីវ៉ៃឆ្មានោះវិញ ហើយតាំងឌឺដងដាក់ឆ្មាវិញម្តង។ តែជួនកាលក៏ឃើញឆ្មា និងកណ្តុរ ត្រូវរ៉ូវគ្នាបាយជាមួយគ្នា ហើយរាំលេងសប្បាយជាមួយគ្នាដែរ គឺឆ្មាជាអ្នកលេងភ្លេង ឯកណ្តុរជាអ្នករាំ តែក៏ជាពេលរកល្បិចពិសពុលដាក់អន្ទាក់ទៅវិញទៅមកផងដែរ។

ក្រឡេកមើលនយោបាយស្រុកខ្មែរបច្ចុប្បន្ននេះវិញ ក៏មិនខុសពីរឿងឆ្មាកណ្តុរដែរ ឥឡូវចូលដល់វគ្គទី ២ ហើយ។ បន្ទាប់ពីបោះឆ្នោតសកល និងប្រកាសលទ្ធផលរួចហើយ ដែលគណបក្សប្រជាជនទទួលបាន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិបាន៥៥ អាសនៈ គឺតែងតែជាប់គាំងស្តូកដូចរាល់ដងអ៊ីចឹង។ បើទោះបីជាបក្សប្រឆាំងម្ខាងដាក់អន្ទាក់តាមបែបធ្វើបាតុកម្មតវ៉ា អហិង្សាក៏ដោយ ឯបក្សកាន់អំណាចម្ខាងទៀត ក៏ដាក់អន្ទាក់បែបបន្លាលួស ទប់ដែរ ហើយមានការចរចារវាងបក្សឈ្នះឆ្នោតទាំង ២ បន្តបន្ទាប់កាលពីសប្តាហ៍មុន តែនៅមិនឃើញមានលទ្ធផលជាផ្លែផ្កានៅឡើយទេ។

តែខុសពីលើកមុនៗ ដែលព្រះមហាក្សត្រ តែងតែទៅពិនិត្យសុខភាព ឬក៏មានធុរៈនៅក្រៅប្រទេស ចំកាលៈទេសៈបែបនេះ តែលើកនេះ ព្រះករុណគង់នៅក្នុងប្រទេសដើម្បីសម្របសម្រួលដល់គណបក្ស នយោបាយដែលអះអាងថា ឈ្នះឆ្នោតទាំង២ដូចគ្នានោះ ហើយព្រះករុណាបានប្រកាសឲ្យគណបក្សទាំង ២ ឲ្យចូលរួមប្រជុំសភាអាណត្តិទី៥ លើកដំបូងនៅថ្ងៃនេះ។

តែបក្ស សង្គ្រោះជាតិបានធ្វើសន្និសីទកាសែត កាលពីចុងសប្តាហ៍មុនថា នឹងមិនចូលរួមសម័យប្រជុំសភាថ្ងៃដំបូងទី ២៣ ខែកញ្ញា ឆ្នាំ ២០១៣ នេះទេ ហើយបានចោទប្រកាន់បក្សប្រជាជនថា បានបង្ខំព្រះមហាក្សត្រ ហើយបានបន្តទៀតថា បើតាមមាត្រា ៨៦ នៃច្បាប់រដ្ឋធម្មនុញ្ញ គឺមានរយៈពេល ៦០ថ្ងៃ បន្ទាប់ពីពេលបោះឆ្នោតមានន័យថា បន្ទាប់ពីប្រកាសលទ្ធផលមិនមែន បន្ទាប់ពីថ្ងៃបោះឆ្នោតទេ ដូច្នេះ សល់ពេលចរចាជាង១ ខែទៀតដែរ ហើយបក្សសង្គ្រោះជាតិក៏បន្តការចរចា ដោយគិតពីលទ្ធផលឆ្នោតឈ្នះដូចគ្នា ដើម្បីប្រយោជន៍ជាតិជាធំ និងបានដាក់លិខិតស្នើសុំព្រះមហាក្សត្រពន្យារពេលប្រជុំសភាលើក ដំបូងនេះរហូតដល់ថ្ងៃទី ៧ វិច្ឆិកា។ តែបក្សប្រជាជនអះអាងថា មិនខ្វល់ទេ គឺដឹងតែពីដង្ហែតាមព្រះករុណា ចូលរួមប្រជុំសភាអាណត្តិទី៥នៅថ្ងៃដំបូងហើយ។

សម្រាប់បក្សសង្គ្រោះជាតិចំពោះការប្រជុំលើកដំបូងនេះ កំពុងគិតថា តើដើរលើផ្លូវណាដែលត្រឹមត្រូវសម្រាប់ខ្លួន បើម្ខាងព្រះមហាក្សត្រ និងម្ខាងទៀត គឺឆន្ទៈប្រជាពលរដ្ឋ ដែលចង់ប្តូរមិនឲ្យចូលរួមប្រជុំនោះទេ ព្រោះបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតមិនទាន់បានដោះស្រាយចប់ សព្វគ្រប់នៅឡើយផង។ តែបើបក្សប្រឆាំងមិនចូលរួមប្រជុំ តាមការអញ្ជើញរបស់ព្រះមហាក្សត្រ តើមានអ្វីកើតមានឡើង និងប្រែប្រួលយ៉ាងដូចម្តេចដែរនៅថ្ងៃនេះ?

ផ្អែកលើកំណត់ហេតុ ជាផ្លូវការនៃការបកស្រាយបំភ្លឺរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅតំណាងរាស្ត្រ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៣ ចំពោះស្ថានភាពខាងលើនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបកស្រាយបំភ្លឺយ៉ាងច្បាស់ជាលាយ លក្ខណ៍អក្សរផងលើខ្លឹមសារវាក្យខណ្ឌទី១ មាត្រា ៧៦ និងមាត្រាទី ៩៥ នៃច្បាប់ធម្មនុញ្ញ៖ «វាក្យខណ្ឌទី១ មាត្រា ៧៦ នៃច្បាប់រដ្ឋធម្មនុញ្ញចែងថា៖«រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រ យ៉ាងតិច ១២០ រូប។ ត្រង់នេះ មានន័យថា យ៉ាងតិចណាស់ត្រូវមានសមាជិកជាតំណាងរាស្ត្រចំនួន១២០ រូប ទើបអាចបង្កើតរដ្ឋសភាក្នុងនីតិកាលនីមួយៗបាន។ ច្បាប់បោះឆ្នោត មិនអាចកំណត់ចំនួនតំណាងរាស្ត្រតិចជាង ១២០ រូបបានទេ។

វាក្យខណ្ឌទី ១ នេះ ជាលក្ខខណ្ឌចាំបាច់សម្រាប់ការបង្កើតរដ្ឋសភា ប៉ុន្តែមិនមែនសម្រាប់ដំណើរការរបស់រដ្ឋសភាទេ។ នៅពេលបោះឆ្នោតហើយ លទ្ធផលត្រូវឲ្យបានតំណាងរាស្ត្រចាប់ពី ១២០ រូប ឡើងទៅ ទៅតាមការកំណត់នៃច្បាប់បោះឆ្នោតទើបអាចបង្កើតរដ្ឋសភានីតិកាល ថ្មីមួយបាន ដោយគោរពទៅតាមនីតិវិធីដែល នយោបាយជាចំាបាច់ត្រូវ ស្នើជ្រើសតាំងសមាជិកថ្មីជំនួស ទើបស្របនឹងមាត្រា៩៥ នៃរដ្ឋធម្មនុញ្ញដែលបានចែងច្បាស់ថា(ត្រូវចាត់ការជ្រើសតាំងជំនួស)»។ អ៊ីចឹង បើតាមការបកស្រាយ របស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺទាល់តែសមាជិកសភា ដែលជាប់ឆ្នោតយ៉ាងតិច១២០ រូប ក្នុងចំណោមសមាជិកសរុប ១២៣ រូប បានអាចបង្កើតរដ្ឋសភានីតិ កាលនីមួយៗបាន។ បើបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំថ្ងៃដំបូងនេះទេ គឺរដ្ឋសភាចេះតែប្រជុំបានហើយតែមិនអាចបង្កើតរដ្ឋសភានីតិ កាលទី ៥ ឲ្យបានពេញលេញតាមផ្លូវច្បាប់បានទេ។ បើបង្កើតរដ្ឋសភាមិនបានផង រឿងអីទៅបង្កើតរដ្ឋាភិបាលស្រប ច្បាប់បាន។ ក្នុងករណីនេះ ថាតើបក្សប្រជាជន និងបក្សសង្គ្រោះជាតិ មានស្នៀតអ្វីទៀត ដើម្បីទម្លុះភាពទាល់ច្រកនេះបាន? បើបក្សនីមួយៗ សុទ្ធតែចងក្រឡាចាក់ស្រែះ ដូចគ្នាដោយផ្អែកទៅលើច្បាប់ផង និងដាក់អន្ទាក់គ្នាទៅវិញទៅមកដូចរឿងឆ្មា-កណ្តុរយ៉ាងនេះ?

ជា សរុបសេចក្ដីមក បើក្នុងន័យអភិវឌ្ឍន៍វិញ បើថ្នាក់ដឹកនាំនយោបាយស្រុកខ្មែរ នៅតែដើរតាមគន្លងរឿងឆ្មា និងកណ្តុរនេះវិញ គឺមិនមានការអភិវឌ្ឍបានល្អប្រសើរទេ ព្រោះឆ្មា-កណ្តុរគិតតែពីរឿងដាក់អន្ទាក់គ្នាជាជាងរួមគ្នា អភិវឌ្ឍ។ ចំាមើលនៅថ្ងៃនេះមើលថា តើមានអ្វីប្រែប្រួលយ៉ាងដូចម្តេច ហើយអ្វីៗគួរតែនៅ ឬមួយគួរតែទៅ?

វគ្គទី៤ ឆ្មានិងកណ្តុរត្រូវគ្នាវិញៈ ២០១៨ គឺជាការប្រកួតគ្នាដ៏ស្រួចស្រាល់

ទៅហើយមកវិញ ទៅហើយមកវិញ ដោយសារតែបង…!» គឺជាសំនៀងដើមរបស់លោកស្រី ហួយ មាស។ តែបទនេះ ក៏ជាទីពេញនិយមរបស់អ្នកនយោបាយនៅស្រុកខ្មែរសព្វថ្ងៃនេះដែរ ដែលមានលក្ខណៈញៀននឹងនយោបាយ ដែលបានសន្យាថា លាឈប់ធ្វើហើយរឿងនយោបាយនោះ។

គ្រាន់តែរបៀបនៃការញៀន មានលក្ខណៈខុសគ្នា អ្នកខ្លះគេបណ្តេញចេញពីបក្សមួយទៅបង្កើតបក្សមួយទៀត ខ្លះទៀតឆ្អែតចិត្តពីបក្សមួយរត់ទៅបក្សមួយទៀត មួយហើយមួយទៀត មិនចេះចប់មិនចេះហើយ រីឯខ្លះយកមូលដ្ឋានគ្រឹះចេញពីអង្គការក្រៅរដ្ឋាភិបាល មកធ្វើជាបក្សនយោបាយក៏មាន អ្នកខ្លះខឹងចិត្តបក្សណាគេមិនពេញចិត្តនឹងទស្សនៈរបស់ខ្លួនក៏បង្កើតបក្សខ្លួនឯងមើលយ៉ាងម៉េចទៅវិញ?

ខ្លះទៀតគេឲ្យលុយធ្វើគណបក្សដើម្បីបំបែកសំឡេងបក្សផ្សេងៗទៀតក៏មាន គឺឲ្យតែគេនៅប្រើការបាន គេនៅតែប្រើអ៊ីចឹងហើយការបង្កើតគណបក្សសឹងតែជាមុខរបររកស៊ីជាទីពេញនិយមនៅស្រុក ខ្មែរ នាពេលបច្ចុប្បន្នទៅហើយ អ្នកដែលធ្លាប់ដូរគណបក្សនោះមានដូចជា៖ លោក សម រង្ស៊ី លោក កឹម សុខា លោក គង់ គាំ លោក ប៉ុល ហំម លោកស្រី មូរ សុខហ៊ួរ លោក កែវ រ៉េមី លោក ផៃ ស៊ីផាន តែសម្រាប់ព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ វិញ គ្រាន់តែមានបន្ទូលថា ឈប់ធ្វើនយោបាយនោះ រាប់ភ្លេចទៅហើយ ឥឡូវបក្ស ហ៊្វុនស៊ិនប៉ិច យាងព្រះអង្គមកធ្វើជាមេបក្សដដែល ដើម្បីបង្រួបបង្រួមបក្សឡើងវិញកាលពីសប្តាហ៍កន្លងទៅនេះ ដែលកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្លាប់បានអះអាងថា លោកជាអ្នកបំបែកគណបក្សនេះដោយប្រើយុទ្ធសាស្ត្រ ឌីហ្វីត (DEFID)។

រីឯលោក កែម ឡី ដែលគេនិយមហៅថា បណ្ឌិតលាក់និក្ខេបបទ ជាអ្នកស្រាវជ្រាវសង្គម តែនិយាយតែពីរឿងនយោបាយនៅពេលបានក្បាលមេក្រូម្តងៗ បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីតាមរយៈសារព័ត៌មានមក កាលពីខែមុននេះ លោកក៏ចាប់ផ្តើមរៀបចំផែនការធ្វើនយោបាយនឹងគេដែរ ក្រែងបានលាភសក្ការៈនឹងគេ ដោយសាកល្បងចេញពីបណ្តាញ «ខ្មែរដើម្បីខ្មែរ!» គឺយកស្ទីលតាមលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីប្រទេស ឥណ្ឌូណេស៊ី ដែលទើបតែឡើងកាន់អំណាចថ្មីៗ តាមរយៈការអភិវឌ្ឍរបស់លោក ចេញពីអភិបាលក្រុងសូឡូ បន្ទាប់មកធ្វើជាអភិបាលរដ្ឋធានីហ្សាការតា មុននឹងក្លាយជាប្រធានាធិបតីនោះ។ទាំងនេះវាជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ក្នុងការធ្វើនយោបាយ ឬក៏ការបង្កើតបក្សទេ តែពេលខ្លះធ្វើឲ្យអ្នកបោះឆ្នោតចង់ពុលម្តងៗ។

តើការលើកឡើងមតិដែលថា ការបង្រួបបង្រួមគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលសឹងតែបាត់ឈ្មោះក្នុងឆាកនយោបាយទៅហើយ និងបក្សថ្មីដែលនឹងបង្កើត «ខ្មែរដើម្បីខ្មែរ!» មកបំបែកសំឡេងគណបក្សធំៗទាំង ២ គឺបក្សប្រជាជន និងបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ មែនដែរឬទេ?

ចាប់តាំងពីការប្រកាសលទ្ធផលនៃការបោះឆ្នោតតាំងពីថ្ងៃ ២៨ កក្កដា ឆ្នាំ ២០១៣ កន្លងមក និងបន្ទាប់ពីវគ្គ ឆ្មា និង កណ្តុរ (Tom & Jerry) ត្រូវគ្នាវិញមក កាលពីខែ កក្កដា ឆ្នាំទៅ ព្រោះខ្វះគ្នាលេងអត់ល្អមើល គឺគណបក្សទាំងពីរ បក្សប្រជាជន និងបក្សសង្គ្រោះជាតិ មិនសូវបានគិតគូរបញ្ហាដោះស្រាយទុក្ខសោករបស់ប្រជាពលរដ្ឋប៉ុន្មានទេ គឺកំពុងតែគិតគូររឿងទំនាស់ផលប្រយោជន៍របស់បក្សជាប់ឆ្នោតទាំង ២ ច្រើនជាង ហើយកំណែទម្រង់ស៊ីជម្រៅរបស់បក្សកាន់អំណាចក៏មិនឃើញអ្វីចេញជាដុំកំភួនដែរ លទ្ធផលនៅតែគ្មានដំណោះស្រាយជាក់លាក់ដដែល ដូចជា ការកាប់បំផ្លាញព្រៃឈើនៅតែបន្តទប់លែងជាប់ ទំនាស់ដីធ្លីនៅតែជាចំណុចក្តៅដដែល កាលពីខែមុនមានចេញផ្ទុះការរីករាលដាលមេរោគអេដស៍ នៅភូមិរកាខេត្តបាត់ដំបងទៀត សុទ្ធតែបញ្ហាមិនយកចិត្តទុកដាក់។

ជាងនេះទៅទៀត មិនទាន់ដល់ឆ្នាំ ២០១៨ ពេលបោះឆ្នោតស្រួលបួលផង ក៏ចាប់ផ្តើមចេញក្បួនចាស់ដដែលៗរបៀបបំបែកគណបក្ស ឬ ក៏សំឡេងគណបក្សធំៗគ្នារៀងៗខ្លួនទៀតហើយ មានតាំងពីការចាប់ផ្តើមបង្កើតគណបក្សថ្មី «ខ្មែរដើម្បីខ្មែរ» មានតាំងពីឲ្យស្ត្រីម្នាក់ឡូឡារឿងមេបក្សសង្គ្រោះជាតិខ្លួនឯងថា បានពុករលួយទឹកប្រាក់ ៤០ លានដុល្លារ ហើយមានតាំងពីការយាងព្រះអង្គម្ចាស់ រណឫទ្ធិ មកធ្វើជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ឡើងវិញ ស្នៀតទាំងនេះ ត្រូវគេមើលឃើញថា គឺជាស្នៀតរបស់គណបក្សប្រជាជន ដែលមិនទាន់ធ្វើឲ្យមានការប្រែប្រួលអ្វីជាធំដុំនៅឡើយទេ។

រីឯស្នៀតបំបែករបស់គណបក្ស សង្គ្រោះជាតិ វិញគឺប្រមូលទាំងអស់ឲ្យតែមានមន្ត្រីជាន់ខ្ពស់ណាក៏ដោយឲ្យតែចង់ចេញពីគណបក្សប្រជាជនមុន ឬក៏ក្រោយការបោះឆ្នោតក៏ដោយ។ អ៊ីចឹងហើយបានជាការជាប់គាំងផ្នែកនយោបាយ បន្ទាប់ពីការប្រកាសលទ្ធផលការបោះឆ្នោត កាលពីខែ កក្កដា ឆ្នាំ ២០១៣ កន្លងមក ខណៈដែលមេៗ បក្សប្រជាជន កំពុងតែឈឺក្បាលវិលមុខរកដំណោះស្រាយភាពទាល់ច្រកមិនចេញផង រីឯ រដ្ឋមន្ត្រីខ្លះ និងមន្ត្រីជាន់ខ្ពស់មួយចំនួននៅចូលក្លិប ខារ៉ាអូខេច្រៀងលេងយ៉ាងសប្បាយធ្វើព្រងើយមិនខ្វល់អ្វីទាំងអស់ បើបក្សចាញ់ឆ្នោតឆ្នាំ ២០១៨ មិនមានតំណែងក្នុងជួររដ្ឋាភិបាល នាំគ្នាចុះចូលជាមួយបក្សប្រឆាំងទៅដាក់ផុក (លុយ) ខ្លះទៅ បានតំណែងដដែល អ៊ីចឹងបក្សប្រជាជន អាចកាន់តែយ៉ាប់យ៉ឺនទៅៗវិញ។

ហេតុដូចនេះហើយ បានជាគណបក្សប្រជាជនប្រឹងលេងល្បែងមុនដល់ការបោះឆ្នោតឆ្នាំ២០១៨ តាមរបៀបចាស់ ឬក៏របៀបថ្មីណាមួយទៀតព្រោះខ្លាចបាត់កៅអីបន្ថែមទៀត។

ទោះយ៉ាងណាក៏ដោយ បក្សសង្គ្រោះជាតិក៏នៅមានបញ្ហាប្រឈមមុខក្នុងបក្សដូចគ្នា គឺជា គោលការណ៍ប្រធានបក្សកាន់បានតែ ២ អាណត្តិនោះទេ ប្រសិនបើបក្សមិនឈ្នះការបោះឆ្នោតឆ្នាំ ២០១៨ នោះទេ គឺលោក សម រង្ស៊ីមិនអាចឈរឈ្មោះធ្វើជាប្រធានបក្សទៀតបានឡើយ និងអស់ឱកាសឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីទៀតផង ព្រោះលោក កឹម សុខាមិនសុខចិត្តទេ ឬក៏បក្សធ្វើសមាជឲ្យលោក កឹម សុខា ធ្វើជាប្រធាន តែដាក់បេក្ខជនលោក សម រង្ស៊ី ឈរឈ្មោះ ធ្វើជានាយករដ្ឋមន្ត្រី ដូចគណបក្សប្រជាជន ក៏លោក កឹម សុខានៅតែមិនសុខចិត្តដែរ ព្រោះគាត់ប៉ងធ្វើជានាយករដ្ឋមន្ត្រីយូរមកហើយដែរ។

សួរថា តើ លោកសម រង្ស៊ី សុខចិត្តនៅពីក្រោមលោក កឹម សុខា ឬទេ? គឺលោក សម រង្ស៊ី មិនអាចទៅរួចទេ។ អ៊ីចឹងមានតែ លោក សម រង្ស៊ី ត្រឡប់មកគណបក្ស សម រង្ស៊ី វិញដើម្បីតាំងខ្លួនធ្វើជាមេបក្ស? ចំណុចនេះ ហ៊ានតែចេញគឺត្រឹមតែបានដូចដើមវិញទេ គឺមានតែថយទៅរកភាពរលំរលាយ។ អ៊ីចឹងហើយឆ្នាំ ២០១៨ ខាងមុខនេះ បក្សសង្គ្រោះជាតិត្រូវតែត្រៀមប្តូរផ្តាច់ហាក់បីដូចជា ទឹកផ្តាច់ព្រ័ត្រផងដែរ។ ហ្នឹងហើយបានជាគេថា រឿងល្បែងនយោបាយចេះលេងអីតែឯង? គេក៏លេងបានដូចគ្នាដែរ ឲ្យតែមានឱកាសក្រឡាស៊ីមានដូចគ្នាទេ ដូចតុក្កតាឆ្មា និងកណ្ដុរ អ៊ីចឹង មើលទៅឃើញថា ឆ្មាធំជាងត្រូវតែឈ្នះវ៉ៃលេងបានដូចរាល់ដង តែដល់ពេលដេញចាប់កណ្តុរ កណ្តុរដាក់អន្ទាក់ចូលទ្រុងខ្លាឲ្យខ្លាក្របួចវ៉ៃលេងក្នុងទ្រុងក៏មាន។

តែសម្រាប់រឿងនយោបាយស្រុកខ្មែរ បើនៅតែយកល្បែងឆ្មា និងកណ្តុរមកលេងដដែលជាដដែល គឺនៅតែដាក់អន្ទាក់គ្នាទៅវិញទៅមកគឺនៅលេងវិលវល់តែប៉ុណ្ណឹងបានតែល្អមើល តែមិនបានធ្វើឲ្យប្រទេសជាតិអភិវឌ្ឍទៅមុខបានលឿននោះទេព្រោះម្នាក់ៗគិតតែពង្រឹងបក្សខ្លួនឯងច្រើនពេក។

រីឯបក្សតូចៗវិញ ខំប្រឹងបង្កើតមកគ្រាន់តែបំបែកសំឡេង ឬក៏គ្រាន់តែកំដរទូគេទេ មេបក្សនីមួយៗខំកោកកាកៗ ដាក់សារព័ត៌មានឲ្យគេឃើញ ឲ្យគេឮ ឲ្យគេស្គាល់ទៅ ក្រែងបក្សធំៗអាណិតឲ្យចូលជាមួយនឹងគេទៅក្រែងគេឲ្យថ្នាក់ដឹកនាំបក្ស ៤ ទៅ ៥ នាក់ហ្នឹងបានតំណែងខ្លះនៅក្នុងរដ្ឋាភិបាលនៅពេលគេបានអំណាច។ គោលដៅនៃការបង្កើតបក្សថ្មី ឬ ក៏ការបង្រួបបង្រួមបក្សឡើងវិញដដែលៗ គឺអ៊ីចឹង ហេតុដូចនេះហើយ រឿងនយោបាយស្រុកខ្មែរត្រូវបានគេមើលឃើញថា សម្បូរតែអ្នកនយោបាយ តែជាប្រទេសមួយមិនមានវីរបុរសរបស់ខ្លួនពិតប្រាកដនៅក្នុងរជ្ជកាលថ្មីនេះ ខុសពីប្រទេសជិតខាងយើង បើគេនិយាយពីប្រទេស វៀតណាម គឺគេនឹកដល់សពលោក ហូ ជីមិញរបស់គេភ្លាម បើនិយាយពីប្រទេសសិង្ហបុរីគឺគេលើកលោក លី ក្វាន់យូភ្លាម។

សរុបមកវិញ អ្នកនយោបាយសព្វថ្ងៃនេះគិតគូររឿងផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សរបស់ខ្លួនជាជាងដោះស្រាយបញ្ហាប្រទេសជាតិ ដែលជាហេតុធ្វើឲ្យអ្នកបោះឆ្នោតមួយចំនួនបាត់បង់ជំនឿលើអ្នកនយោបាយដែលភាគច្រើនមិនបានធ្វើអ្វីដូចខ្លួនបានសន្យាមុនការបោះឆ្នោត៕

 វគ្គទី៥: កណ្តុរចាញ់បោកឆ្មា រឿងភាពមិនច្បាស់លាស់របស់សមាជិកទី ៩ នៃ គ.ជ

ភាពមិនច្បាស់លាស់ក្នុងការចរចារវាងគណបក្សប្រជាជន និងបក្សសង្គ្រោះជាតិចំពោះបេក្ខជនទី ៩ របស់គ.ជ.ប ដែលកាលពីចរចាគ្នាលើកដំបូងម្នាក់ៗគិតថា អ្នកទី ៩ នោះ គឺជាប្រធាន គ.ជ.ប ហើយសមាជិក ០៤ រូបម្ខាងៗ តែដល់មែនទែនទៅមកទល់ពេលនេះ បែរជាមិនទាន់ដឹងឲ្យជាក់លាក់ថា តើមានតួនាទីជាប្រធាន ឬក៏អនុប្រធាន ឬក៏គ្រាន់តែជាសមាជិក? ហើយភារកិច្ច និងការសម្រេចរបស់មនុស្សទី ៩ នេះ មិនដឹងជាយ៉ាងម៉េចដែរ?តើគ្រាន់តែជាអ្នកតំណាងសង្គមស៊ីវិលដែលគិតថា ជាអ្នកនិយមកណ្តាលគ្រាន់តែអង្គុយមើលនៅ គ.ជ.ប ទៅគ្រប់គ្រាន់ហើយក៏មិនដឹង?

ទាល់តែមានរបស់រដ្ឋសភាជាតិថាមានកិច្ចប្រជុំរវាងគណបក្សទាំង ២ កាលពីល្ងាចម្សិលមិញ អំពីការជ្រើសរើសសមាជិក គ.ជ.ប ថ្មី ដែលមានប្រធាន និងអនុប្រធានផងដែរ បាននាំគ្នាភ្ញាក់ផ្អើលថា ចុំរួចចុះមនុស្សទី ៩ នោះ បែរជាមិនច្បាស់ថាជាប្រធានទៅវិញ? ហើយបើគ្រាន់តែមើលតួនាទីចម្បងៗរបស់អ្នកទី ៩ នោះមើលទៅហាក់បីដូចជាមិនមែនជាប្រធាន គ.ជ.ប ដោយមានការរឹតត្បិតដូចជា៖ គ.ជ.ប ថ្មីមិនមានស្វ័យភាពខាងផ្នែកថវិកានិងមិនមានស្វ័យភាពក្នុងការជ្រើសរើស និងគ្រប់គ្រងបុគ្គលិក ដែលសម្រេច និងអនុម័តដោយអ្នកទី ៩ នេះ។ ចំណុចនេះហើយដែលធ្វើឲ្យលោកស្រី ពុង ឈីវកេក ញញើតញញើមក្នុងការទទួលយកតំណែងទី ៩ នេះ ព្រោះមើលទៅតួនាទីមិនមែនជាអ្នកធ្វើសេចក្តីសម្រេចចិត្តនោះទេ។

ជាលទ្ធផលនៃកិច្ចប្រជុំនៃបក្សទាំងពីរបានត្រឹមតែប្រព្រឹត្តទៅដោយរលូនតែប៉ុណ្ណឹង មិនមានរបៀបវារៈច្បាស់លាស់ មើលទៅកាឡេះបេះ ហាក់ដូចជាគ្មានន័យខ្លឹមសារ ត្រូវបានគេមើលឃើញថា កណ្តុរជាប់អន្ទាក់ឆ្មាកាន់តែជ្រៅទៅៗ ពីរឿងមួយទៅរឿងមួយ ដូចជា ភាពមិនច្បាស់លាស់របស់តួនាទី និងភារកិច្ចរបស់មនុស្សទី ៩ មើលទៅបានត្រឹមតែអង្គុយមើលធ្វើភ្នែកភ្លឺសៗ ហើយករណីខ្លះ ឆ្មាគំរាមកណ្តុរផង យកចិត្តកណ្តុរផង រីឯកណ្តុរវិញហាក់បីដូចជា គ្រាន់តែអឺ ឬអើតែប៉ុណ្ណោះ គឺកាន់តែដូចរឿងតុក្កតាឆ្មាកណ្តុរ (Tom & Jerry) មែនទែនហើយ ដូចជា បើមិនទទួលយកបេក្ខភាពលោក ហង្ស ពុទ្ធា ទេ គឺមានតែយក គ.ជ.ប ចាស់ដដែល បើទុនឯងមានតែ ៤៥ យើងមាន ៥៥ ភាគរយ ហើយនៅពេលដែលកណ្តុរដើរឡូឡាកោកកាកៗរាងខ្លាំងបន្តិច គឺឆ្មាទាញអន្ទាក់មកចាំទាក់ភ្លាម។ អន្ទាក់នោះគឺតុលាការ ព្រោះទាំងមេបក្សទាំងកូនបក្សរបស់កណ្តុរសុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីស្រាប់ គឺចាំតែទាក់ប្រមូលក្រសោបយកទាំងអស់ដាក់ទ្រុង។

ឧទាហរណ៍៖ នៅថ្ងៃពុធ ទី ៨ ខែមេសាស្អែកនេះ លោក កឹម សុខា អនុប្រធានបក្សសង្គ្រោះជាតិ ត្រូវឡើងទៅតុលាការតាមការកោះអញ្ជើញរឿងប្រើពាក្យ «ផ្លាស់ប្តូរ»។ ម្តងម្កាលឆ្មា យកចិត្តកណ្តុរ នៅពេលដែលកណ្តុរលែងសូវឡូឡា ជាមួយនឹងលក្ខណៈម្យ៉ាងទៀត ទៅគឺឆ្មាព្យាយាមយកចិត្តកណ្តុរតាមរយៈការសរសើរកណ្តុរ ពីភាពស្ងៀមស្ងាត់ ហើយទាក់ទាញមកធ្វើជាមិត្តជិតស្និទ្ធជាង និងព្យាយាមផ្តាច់ទំនាក់ទំនងដៃគូកណ្តុរ។ តែធាតុពិតការចុះចូលរបស់កណ្តុរនេះជាល្បិចរបស់កណ្តុរ និងដៃគូ ដើម្បីយកជ័យជម្នះ ក្នុងឆ្នាំ ២០១៨ ឬក៏យ៉ាងណា?

ម្យ៉ាងវិញទៀតការបោះឆ្នោតជាតិឆ្នាំ ២០១៨ គឺជាចំណុចដ៏ក្តៅគគុករបស់ឆ្មាដែរ ព្រោះបាត់ ២២ កៅអីទទេៗ ហើយបើមិនប្រឹងទប់ទេនោះ នឹងចាញ់កណ្តុរ និងដៃគូដោយស្វ័យប្រវត្តិ។ រួចចុះបើឆ្មាចាញ់កណ្តុរនៅពេលប្រកាសបោះឆ្នោតឆ្នាំ ២០១៨ នេះ តែឆ្មាមិនសុខចិត្តហើយមិនឲ្យអំណាចទៅកណ្តុរវិញ ឬក៏នឹងអាចមានសង្គ្រាមដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបោះសម្តីកន្លងមក គឺមើលទៅវាលើគោកពេក ហើយខ្មាស់គេទៀត អ៊ីចឹងឆ្មាសុខចិត្តធ្វើអីក៏ធ្វើដែរ នៅមុនពេលបោះឆ្នោត គឺឲ្យតែបានឈ្នះ ២០១៨ ខាងមុខនេះ។

ប៉ុន្តែបើមើលប្រវត្តិរបស់ឆ្មាវិញ គឺយកឈ្នះតែតាមរបៀបយកចិត្តយកថ្លើម របៀបគំរាមកំហែង ប្រើកម្លាំងអំណាចតាំងពីយូរមកហើយតែប៉ុណ្ណឹង រីឯកណ្តុរដឹងដែរថា ឆ្មានឹងធ្វើអ្វីនោះ តែនៅតែព្យាយាមចូលឲ្យកៀកក្រៀកឲ្យបាន តែមិនដឹងថាចូលកៀកបានកម្រិតណា? ក្រៀកបានកម្លាំងប៉ុន្មាន ដើម្បីឈ្នះក្នុងឆ្នាំ ២០១៨ ?

តែបើមើលជាលក្ខណៈគោលៗ គឺឆ្មាហាក់បីដូចជាដឹងខ្លួនមុនហើយព្យាយាមការពារ ប្រើឲ្យអស់ពីលទ្ធភាព ចង់ក្រៀកភ្ជាប់ទៅនឹងការតាក់តែងច្បាប់ ការរៀបចំសំណុំរចនាសម្ព័ន្ធតាំងពីតុលាការ អាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធវិញមើលទៅហាក់បីដូចជាមានប្រៀបជាងកណ្តុរ រីឯកណ្តុរវិញគ្មានអ្វីក្រៅតែពីចាំតែស៊ីឡាកពីឆ្មា តាមរយៈការកេណ្ឌកម្លាំងប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារដីធ្លី ផ្ទះសម្បែង ធនធានធម្មជាតិ ដែលប្រព្រឹត្តដោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធធ្វើបាបឆ្អែតចិត្ត និងការទទួលផលពីមន្ត្រីរាជការ និងកងកម្លាំងដែលមានប្រាក់ខែ តិចតួចមិនអាចទ្រទ្រង់គ្រួសារបាននោះទេ។

សរុបមកវិញថាតើហេតុអ្វីបានជាកិច្ចចរចា និងកិច្ចប្រជុំរឿងជ្រើសរើសសមាជិកទាំង ៩ រូបរបស់ គ.ជ.ប ថ្មី មានសិទ្ធិតែគណបក្សតែ ២ នេះតែប៉ុណ្ណោះ? រួចចុះគណបក្សដទៃទៀតដូចទីងមោងឬ? ជាពិសេសហ៊្វុនស៊ិនប៉ិច មិនតវ៉ាពីខ្លួនមិនបានចូលរួមជជែកវែកញែករឿងជ្រើសរើស គ.ជ.ប ថ្មីនេះផងទេ? ឬមួយក៏ចាំតែជិះទូកទៅតាមគណបក្សប្រជាជនហៃអើយទៅក្រែងគេឲ្យកន្លែងមេអង្គុយខ្លះ គ្រាន់កំដរទូគេដូចរាល់ដង តាមរយៈការបញ្ចេញវោហារស័ព្ទ តាមសារព័ត៌មាននោះ។

អ៊ីចឹងបើគេថាគណបក្សសង្គ្រោះជាតិចាញ់បោកគណបក្សប្រជាជន តាំងពីដំបូងចរចាមក តើខ្លួនត្រូវរិះរកយ៉ាងម៉េចទៀត ដើម្បីដោះខ្លួនឲ្យរួចនោះ?តើល្បែងនយោបាយឆ្មា និងកណ្តុរ ដាក់អន្ទាក់គ្នាទៅវិញទៅមក ធ្វើឲ្យប្រជាពលរដ្ឋកាន់តែអស់សង្ឃឹមទៅៗ មិនដឹងពេលណាបានចប់? ពេលណាបានមានប្រាក់ខែគ្រប់គ្រាន់ចាយវាយស្រួលនឹងគេ? មិនដឹងពេលណាប្រជាពលរដ្ឋដែលបាត់ដីធ្លី ផ្ទះសម្បែងយកត្រឡប់មកវិញទេ? ខណៈពលរដ្ឋកម្ពុជា ចេះតែនាំគ្នាចំណាកស្រុកធ្វើខ្ញុំគេ រីឯអន្តោប្រវេសន៍ខុសច្បាប់មកត្រួតខ្មែរចេះតែកើនឡើង៕

វគ្គទី៦: Tom ធ្វើឫកងឿកចង់បែកចិត្តពី Jerry

ការប្រៀបដូចរឿង តុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) ទៅនឹងនយោបាយស្រុកខ្មែរសព្វថ្ងៃ ដែលវគ្គទី ១ មុនការបោះឆ្នោត ឆ្មាចូលរន្ធមិនរួចក៏នៅចាំតែមុខរន្ធនោះ ឲ្យតែកណ្តុរនោះហ៊ានចេញមកគឺចាប់ធ្វើបាបមួយឆ្អែតតែម្តង។ ចូលដល់វគ្គទី ២ បន្ទាប់ពីបោះឆ្នោតសកល និងប្រកាសលទ្ធផលរួចហើយ តែជាប់គាំងនយោបាយស្តូកមិនបានសម្តែងភាពស្មោះត្រង់ដើម្បីជាតិទេ។

មកដល់វគ្គទី ៣ នៃសាច់រឿងគឺវគ្គចរចាតាមទូរស័ព្ទ។ វគ្គទី ៤ ឆ្មា និងកណ្តុរត្រូវគ្នាវិញ៖ ២០១៨ គឺជាការប្រកួតគ្នាដ៏ស្រួចស្រាល់។ វគ្គទី ៥ កណ្តុរចាញ់បោកឆ្មា រឿងភាពមិនច្បាស់លាស់របស់សមាជិកទី ៩ នៃ គ.ជ.ប។

ឥឡូវនេះចូលដល់វគ្គទី ៦ ឆ្មាធ្វើឫកងឿកចង់បែកចិត្តពីកណ្តុរបន្ទាប់ពី «វប្បធម៌សន្ទនា» ទើបតែបង្កើត ហេតុអ្វីបានជាឆ្មាចូលចិត្តងក់ងរម្ល៉េះ? បន្ទាប់ពីហ្នឹងមកឆ្មា និងកណ្តុរនឹងធ្វើអ្វីទៀត? បន្តវប្បធម៌សន្ទនាតទៅទៀតឬ? បើបន្តតែឆ្មាហាមក្រុមកណ្តុររិះគន់ តើការរិះគន់ និងការជេរប្រមាថដូចគ្នា ឬក៏ខុសគ្នា? ចំណុចត្រូវបញ្ជាក់ឲ្យបានច្បាស់ដើម្បីបន្តវប្បធម៌សន្ទនាតទៅទៀត និងចៀសវាងគ្រោះថ្នាក់នៃការសន្ទនា។

តើកណ្តុរធ្វើបក្សប្រឆាំងយ៉ាងដូចម្តេច បើឆ្មាមិនឲ្យរិះគន់? ថាតើវាអាចប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិដែរឬទេ?

ការដែលចាប់ផ្តើមវប្បធម៌សន្ទនា (Dialogue) របស់ថ្នាក់ដឹកនាំបក្សទាំង ២ គឺគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិមិនទាន់បានរឹងប៉ឹងស្រួលបួលផងចង់បែកចិត្តពីគ្នា ដោយសារតែនៅមានទម្លាប់លេងល្បែងឆ្មា និងកណ្តុរដាក់អន្ទាក់គ្នានោះហើយសុទ្ធតែដឹងរបៀបខ្លះមុនដូចគ្នាគឺមិនបានសម្តែងសេចក្តីស្មោះត្រង់អំពីការផ្សះផ្សាជាតិទេ។ គោលបំណងរបស់ឆ្មាក្នុងការសន្ទនានោះគឺចង់កេងរបៀបបំបែកគូបក្ខដិបក្ខដដែលៗដែលធ្លាប់តែឈ្នះបំបែកតាំងខ្មែរក្រហម ការបំបែកគណបក្សលោកតា សឺន សាន គឺមានក្រុមលោក អៀង ម៉ូលី និងមានក្រុមលោក កឹម សុខា ដែលធ្វើឲ្យលោក កឹម សុខា ចាំក្នុងប្រវត្តិសាស្ត្រនយោបាយរបស់លោក ហើយកំពុងតែប្រយុទ្ធវាយបកវិញម្តងម្កាលយ៉ាងចាស់ដៃ។

រីឯ គណបក្ស ហ៊្វុន ស៊ិនប៉ិច វិញឲ្យរលាយសូន្យរកតែមួយកៅអីគ្មាន ហើយវិធីសាស្ត្រនេះនៅតែយកមកបន្តបំបែកគណបក្សសង្គ្រោះជាតិទៀត តាមវិធីក្តៅផង តាមវិធីត្រជាក់ផង។ រីឯគោលបំណងធំរបស់កណ្តុរវិញក្នុងការសន្ទនានេះគឺធ្វើយ៉ាងណាមានភាពទន់ភ្លន់ដើម្បីដោះទាំងសមាជិកសភា ទាំងសមាជិកសកម្មចេញពីពន្ធនាគារ ដោយសារកណ្តុរដឹងថាអន្ទាក់របស់ឆ្មាគឺនៅតុលាការហ្នឹងហើយ។ ព្រោះរាល់ដងលេងក្តៅដាក់មេផាយទៅក្រៅមិនចង់ទាន់គ្រាន់តែដកបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅក្រៅសង្វៀន ៤ ឆ្នាំទម្រាំបានចូលក្នុងស្រុកវិញ។

រីឯដៃគូរបស់កណ្តុរបែរជាក្រឡុកដុកដាន់ខ្លាចគេបំបែកចេញពីខ្លួន ហើយឆ្មា និងកណ្តុរត្រូវរ៉ូវគ្នាទាំងស្រុង អ៊ីចឹងចេះតែ ដុកដាន់ៗ ដុតលិចដុតកើតមិនឲ្យឆ្មា និងកណ្តុរសុខស្រួល ធ្វើឲ្យឆ្មាខឹងសម្បាយ៉ាងខ្លាំងថាឲ្យកណ្តុរប្រដៅកូនចៅផង បើមិនដូច្នេះទេវប្បធម៌សន្ទនាមិន អាចបន្តទៅមុខទៀតឬ? តែតាមការពិតថ្វីដ្បិតតែកណ្តុរជាមេបក្សមែន តែមិនមានសិទ្ធិគ្រប់គ្រងលើដៃគូរបស់ខ្លួនទេ ព្រោះវាជាដៃគូ អ៊ីចឹងហើយបានជាមិនអាចធ្វើឲ្យដៃគូកណ្តុរនៅស្ងៀមបានទេគឺបុករុករហូត។

តែផ្ទុយទៅវិញ ការលេងល្បែងនយោបាយរបស់កណ្តុរ និងដៃគូរបស់ខ្លួនក៏ថាបាន ឯចូលទៅទុកគ្នាចាំវាយឆ្មក់តាមផ្លូវ ព្រោះអ្នកទាំង ២ ដឹងថាឆ្មាកំពុងលួងកណ្តុរឲ្យចូលស៊ងដើម្បីក្របួចយកតែម្តងដូចរាល់ដង។ តែនៅពេលដែលដៃគូកណ្តុរក្រឡុកអ៊ីចឹងធ្វើឲ្យឆ្មាខឹងសម្បាច្រឡោតមករាលដាលដល់កាសែតទៀត មកបញ្ចេញកំហឹងជាសាធារណៈដែរ រីឯទូរទស្សន៍ និងកាសែតគាំទ្ររដ្ឋាភិបាលក៏ខំប្រឹងបន្ថែមល្បោយឲ្យកាន់តែក្តៅ ព្រោះលោកម្ចាស់បញ្ចេញកម្សួលកម្តៅហើយ។

បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងទៅលើវប្បធម៌សន្ទនារវាងកណ្តុរដែលទៅណាមកណាជាមួយគ្នានឹងឆ្មា មានតាំងសៀមរាបពេលចូលឆ្នាំ ដឹកដៃគ្នាទៅម៉ាឡេស៊ីទៀតដើម្បីគេមើលឃើញថាមានភាពស្និទ្ធស្នាលនឹងគ្នាណាស់ធ្វើឲ្យកណ្តុរចាញ់ បោកឆ្មាហើយក៏ដោយ ក៏វប្បធម៌សន្ទនានេះនៅមានលក្ខណៈវិជ្ជមានខ្លះដែរ។ ដូចជា បានដោះស្រាយទាំងសមាជិកសភា ទាំងសមាជិកសកម្មចេញពីពន្ធនាគារ ចេញដោយទាំងសកម្មជនអ្នកភូមិបឹងកក់ទៀតផង រីឯនៅថ្នាក់មូលដ្ឋានវិញក៏សកម្មជនបក្សទាំង ២ ពុំសូវចេញសាច់ដុំដាក់គ្នាដែរ រីឯអ្នករកស៊ីវិញក៏ធូរអារម្មណ៍បន្តិចដែរ។ តែក៏នៅ មានចំណុចអវិជ្ជមានខ្លះដែរ ដោយសារតែការកេងប្រវ័ញ្ចដាក់អន្ទាក់គ្នារៀងៗខ្លួន ហើយនឹងភាពមិនច្បាស់ក្នុងការធ្វើផែន ការរួមឬក៏សេចក្តីសម្រេចរួមណាមួយ ឬក៏ពេលវេលាកំណត់ណាមួយជាក់លាក់នោះទេ អ៊ីចឹងធ្វើឲ្យវប្បធម៌ការសន្ទនាឆ្មា និងកណ្តុរធ្វើឲ្យងាយប្រះស្រាំ ហើយឆ្មាឆាប់លោតជាងកណ្តុរបន្តិច និងបង្ហាញរឿងដែលគេមិនដឹងអ្នកទាំង ២ សោះក៏បញ្ចេញឲ្យគេដឹងដែរ។

ការបង្ហាញវប្បធម៌សន្ទនាដូចឆ្មា និងកណ្តុរបែបនេះ មិនត្រឹមត្រូវទៅតាមទ្រឹស្តីរបស់ការសន្ទនាដើម្បីផ្សះផ្សាជាតិនោះនៅឡើយទេ ហេតុដូចនេះហើយការសន្ទនាគួរតែភាគីទាំងសងខាងចាប់ផ្តើមស្តាប់រឿងរ៉ាវរៀងៗខ្លួន ហើយស្វែងយល់ពីមូលហេតុ និងផលឲ្យបានស៊ីជម្រៅ បើមិនសូវច្បាស់គឺសួរបញ្ជាក់បន្ថែម ហើយបើកចិត្តឲ្យទូលាយប្រាប់នូវរឿងរ៉ាវពិតៗដែលកើតមាននៅលើភាគីទាំងសងខាងដើម្បីឈាន ទៅរកការកសាងសន្តិភាពទាំងកាយទាំងវាចា ទាំងចិត្តទាំងសហគមន៍ ទាំងនយោបាយ និងទាំងសង្គមជាតិទាំងមូល មិនមែនមានន័យថាឲ្យតែអត់សង្គ្រាមគឺសន្តិភាពនោះទេ។

តាមពិតទៅការសន្ទនានេះគួរតែបន្តទៅទៀត តែបើមើលទៅមិនមានការអភិវឌ្ឍនោះទេ គឺភាគីទាំង ២ អាចចាប់ផ្តើមស្វែងរកការផ្សះផ្សា (Mediation) ដើម្បីផ្សារភ្ជាប់ភាគីបដិបក្ខទាំង ២ ឲ្យគោរព និងអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ ដោយសារស្រុកខ្មែរយើងសម្បូរទៅដោយអ្នកតស៊ូមតិ តែពុំសូវមានអ្នកជំនាញខាងផ្សះផ្សាទេ ហើយបើមានអ្នកផ្សះផ្សាដែលជាភាគីទី ៣ នៅកណ្តាលក៏មានទម្លាប់រំឭកគុណណូបការៈរបស់ខ្លួន ឬក៏មោទនភាពពេក ធ្វើឲ្យប៉ះពាល់ភាគីទាំង ២ ពិបាកទទួលយក។

ឧទាហរណ៍ដូចករណី លោកស្រី ពុង ឈីវកេក ធ្លាប់បានដើរតួជាអ្នកផ្សះផ្សារវាងសម្តេចឪ ព្រះសីហនុ និងលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការអញ្ជើញអ្នកទាំង ២ មកទទួលទានអាហារពេលល្ងាចនៅផ្ទះលោកស្រីនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅមុនកិច្ចព្រមព្រៀងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១។ ករណីលោកស្រី ពុង ឈីវកេក នេះ បានណែនាំឲ្យលោកទាំង ២ ជួបជជែកគ្នា ដែលជាការចាប់ផ្តើមដ៏ល្អ ក្នុងការឲ្យជួបគ្នាដើម្បីឈានទៅរកការផ្សះផ្សាគ្នាតែមិនទាន់ពេញលេញទៅតាមបច្ចេកទេសជាអ្នកផ្សះផ្សា នៅឡើយទេ។

ជាសរុបមកវិញ មេដឹកនាំគណបក្សទាំង ២ គួរណាស់តែសិក្សាទៅលើប្រទេសណាដែលគេមានបទពិសោធ និងបានជោគជ័យក្នុងការសន្ទនាគ្នា និងការផ្សះផ្សារួមជាតិ ដូចនៅខេត្តអាចេ (Aceh) នៃប្រទេសឥណ្ឌូនេស៊ី ជាជាងលេងល្បែងដាក់អន្ទាក់គ្នាកេងប្រវ័ញ្ចនយោបាយគ្នាទៅវិញទៅមក ដូចតុក្កតាឆ្មា និងកណ្តុរនោះ៕

វគ្គទី៧: Tom បន្តប្រើប្រាស់តុលាការជាឧបករណ៍យកប្រៀបលើ Jerry

ដំណើររឿងនយោបាយបត់បែននៅវិលវល់ៗដូចទៅនឹងតុក្កតាឆ្មា និងកណ្តុរ Tom & Jerry នៅឡើយទេ យូរៗម្តងស្ថាប័នតុលាការត្រូវបានគេមើលឃើញថា បន្តការឃុំខ្លួន ឬក៏ដោះលែង ឬក៏កោះអញ្ជើញហៅមន្ត្រីជាន់ខ្ពស់ និងសមាជិកសកម្មរបស់ក្រុមកណ្តុរមកសាកសួរលេងៗនៅពេលណាដែលឆ្មាសប្បាយចិត្ត ឬក៏មិនសប្បាយចិត្ត ចរិតតុលាការគឺបត់បែនទៅតាមការស៊ីអារម្មណ៍របស់ឆ្មា បើទោះបីជា Tom ខំប្រឹងប្រកាសជាសាធារណៈថាមិនពាក់ព័ន្ធទៅនឹងតុលាការក៏ដោយ។

តើការដាក់អន្ទាក់តុលាការរបស់ឆ្មាដដែលៗ អាចជួយឲ្យការចេញសេចក្តីថ្លែងការណ៍រួម ០៧ ចំណុចរបស់ឆ្មា និងកណ្តុរបន្តដំណើរការវប្បធម៌សន្ទនាដល់ពេលណា? តើចង់ការពង្រឹងវប្បធម៌សន្ទនាហ្នឹង ផុយស្រួយ និងឆាប់រលួយដូចសណ្តែកបណ្តុះ? ឬក៏រឹងដូចថ្មប្រាសាទអង្គររាប់រយឆ្នាំ?

ដំណាក់កាលការវិវត្តនៃការផ្សះផ្សាជាតិកាន់តែប្រសើរឡើងបន្តិចម្តងៗ បើទោះបីជាមានកក្រើករពើកករណីមួយចំនួនដែលធ្វើឲ្យឆ្មាចេះយករឿងចាស់ៗមកវាយប្រហារ និងដាក់សម្ពាធកណ្តុរ និងដៃគូកណ្តុរក៏ដោយ។ ប៉ុន្តែឥឡូវនេះចូលដល់ការចេញសេចក្តីថ្លែងការណ៍រួម ០៧ ចំណុចរវាងឆ្មា និងកណ្តុរ ដែលមានតាំងពីការជេរប្រមាថ ការគំរាមកំហែង និងការគោរពគ្នាជាដើម ដើម្បីកាត់បន្ថយកំហឹង និងហិង្សាតាមរយៈពាក្យសម្តីក្តី តាមរយៈកាយវិការក្តី ដែលជាចំណុចមួយធ្វើឲ្យការសន្ទនារបស់ឆ្មា និងកណ្តុរកាន់តែមានភាពរឹងប៉ឹងឡើង។ តែអ្វីដែលនៅស្រពេចស្រពិលនោះគឺការអនុវត្ត និងការបកស្រាយទៅលើសេចក្តីសម្រេចរួមនោះពីថ្នាក់លើមកដល់ថ្នាក់ក្រោមរបស់មន្ត្រីបក្សទាំង ២ នេះថា តើធ្វើបាននៅកម្រិតត្រឹមណានោះ?

ជាទូទៅសេចក្តីថ្លែងការណ៍រួម មិនមែនជាច្បាប់ដែលត្រូវដាក់ទោសទណ្ឌនោះទេ ប្រសិនមាននរណាម្នាក់មិនគោរពនោះ។ ប៉ុន្តែវាជាកាតាលីករមួយលើកទឹកចិត្តឲ្យមានគោរពរវាងដៃគូសន្ទនាគ្នាបានច្រើន។ មានចំណុចខ្លះ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ មិនបានបញ្ជាក់ច្បាស់ទេគឺអាចធ្វើឲ្យមានការបកស្រាយភាន់ច្រឡំ ឬក៏ការកេងប្រវ័ញ្ចពីពាក្យពេចន៍ទាំងនោះមកចង្អុលដាក់គ្នាទៅវិញ ឧទាហរណ៍ដូចជាចំណុចទី ២ ថា «គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក» ឃ្លានេះគឺដូចជា ការបើកបរឲ្យមានការគោរពគ្នាទៅវិញទៅមកអ៊ីចឹង គឺមិនមានន័យគ្រប់គ្រាន់ទេ គឺអ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍។

ចុះបើមន្ត្រីរដ្ឋាភិបាលត្រូវបានសមាជិកសភាគណបក្សប្រឆាំងរិះគន់ធ្ងន់ៗទៅអំពើពុករលួយ ការលក់ជាតិដោយការយកអគាររដ្ឋលក់ឲ្យឈ្មួញដែលជាសាច់ញាតិរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងការច្បាមយកដីធ្លីពីប្រជាពលរដ្ឋ តើការវាស់វែងនូវពាក្យពេចន៍ដែលថាគោរព និងឲ្យតម្លៃយ៉ាងដូចម្តេច?

ជាងនេះទៅទៀតគឺជាការព្រួយបារម្ភមួយដែរ ការចាប់កំហុសអូសដំណើរ ដោយយកលេសសេចក្តីសម្រេចរួមនេះមកចោទគ្នានោះ។ ឧទាហរណ៍ពាក្យជេរប្រមាថនេះនៅពេលដែលប្រជាពលរដ្ឋបាត់បង់ដីធ្លីដោយសារមន្ត្រីរដ្ឋាភិបាល ឬក៏ឧកញ៉ាៗដែលជាសមាជិករបស់គណបក្សប្រជាជនប្លន់យកដីគាត់ នៅពេលដែលគាត់ខឹងនឹងចោរលួចដីធ្លីគាត់ គាត់ក៏ឲ្យគណបក្សសង្គ្រោះជាតិជួយ ហើយគាត់ជេរប្រមាថចោរលួចដីធ្លីគាត់នោះ។ អ៊ីចឹងធ្វើឲ្យសកម្មជនគណបក្សប្រជាជនដែលជាអាជ្ញាធរដែនដី លើកយកសេចក្តីថ្លែងការណ៍រួមនេះ ទៅរករឿងគាត់ ឬក៏ធ្វើទុក្ខបុកម្នេញគាត់ ឬក៏ឈានដល់ការគំរាមកំហែងក៏មានដែរ។ នេះជាចំណុចមួយ ដែលត្រូវបែងចែកគ្នាឲ្យច្បាស់រវាងទំនាស់ផលប្រយោជន៍បុគ្គល និងគណបក្សនយោបាយ។ ចុះបើសិនជា អាជ្ញាធរដែលជាសកម្មជនរបស់គណបក្សប្រជាជនវិញ ហើយធ្វើការជេរប្រមាថអ្នកភូមិដែលជាសកម្មជនរបស់បក្សសង្គ្រោះជាតិដែលគ្មានអំណាចអីនោះសោះវិញ តើបានអីឆ្លើយឆ្លងនឹងអាជ្ញាធរនោះ? មានតែជេរប្រមាថសងវិញឬ?

សេចក្តីសម្រេចរួមនេះ អាចធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប្រសិនបើការយកទ្រឹស្តីទាំងនេះ យកទៅអនុវត្តក្នុងសហគមន៍ទូទៅធ្វើឲ្យពួកគាត់កាន់តែមានការភ័យខ្លាច គេតាមដានស៊ើបអង្កេតដូចកាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៨០ ។ ហេតុដូច្នេះហើយ គឺមានការអប់រំ និងការយល់យោគទៅលើការអនុវត្តសេចក្តីថ្លែងការណ៍រួមគ្នាទៅវិញ គឺវាបានផលច្រើនទៅក្នុងសង្គម អាចថាជាមេរៀនមួយសម្រាប់សហគមន៍ក្នុងការដោះស្រាយទំនាស់ក៏ប្រើបានដែរ។

ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថាឆ្មាខំកោកកាកៗរករឿងដុកដាន់ៗមួយថ្ងៃៗ ទៅដៃគូកណ្តុរ រហូតឈានដល់ចេញសេចក្តីសម្រេចរួមដើម្បីផ្សះផ្សាជាតិ តែឆ្មានៅតែលាក់កំណួចចងកណ្តុរដដែលរឿងតុលាការធ្វើជាអន្ទាក់ មើលទៅហាក់បីដូចជាដើរខ្សែលើកណ្តុរនៅលើគោកពេកហើយ និងហាក់បីដូចជាខ្លាចស្រមោលខ្លួនឯងអ៊ីចឹង ហើយរឿងតុលាការហ្នឹងទៀតសោតមិនដឹងថាតើពេលណាបានតុលាការកាត់ក្តីរឿងមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់ក្រុមកណ្តុរចប់ទេ?

បើម្សិលមិញរឿងតំណាងរាស្ត្រនៅថ្ងៃទី ១៩ អាទិត្យក្រោយ រឿង មាជ សុវណ្ណារ៉ា ម្តង ហើយបើនៅតែទៅហើយមកវិញៗឃើញមុខចៅក្រមដដែលៗ ជួនកាលសួររាប់ម៉ោងតែសំណួរចេះតែសួរទៅឲ្យតែបានសួរកុំឲ្យឆ្មាសម្លុតរករឿង ហេងស៊យប៉ើងដូច អាំង មាលតី ឥឡូវហ្នឹង ហើយបើមានការរិះគន់ថាតុលាការហ្នឹងជាអាយ៉ងឆ្មា ពេលនោះឆ្មាខឹងគេខឹងឯងភា្លម ហើយដោះសាថា នេះជារឿងរបស់តុលាការទេ ទុកឲ្យតុលាការដោះស្រាយទៅ។

បើឆ្មានៅតែប្រើតុលាការដដែលអ៊ីចឹងថាតើវាប៉ះពាល់ដៃគូសន្ទនាជាមួយកណ្តុរដែរទេ? ឬមួយក៏រឿងពាក់ព័ន្ធនឹងតុលាការមិនបានបង្ហាញនៅក្នុងសេចក្តីសម្រេចរួមទាំង ០៧ ចំណុចនោះទេ បានចេះតែនៅឆ្កឹះឆ្កៀលដដែលៗ?ពេលណាបានឆ្មាឈប់ប្រើតុលាការជាអន្ទាក់ទៀត? បើឆ្មានៅតែប្រើតុលាការ មើលទៅឆ្មាហាក់បីដូចជាមិនមានការសម្តែងសេចក្តីស្មោះត្រង់នឹងកណ្តុរទេ? បើឆ្មានៅតែដាក់អន្ទាក់ដូចនៅក្នុងរឿងតុក្កតា Tom & Jerry អ៊ីចឹងវប្បធម៌នៃការសន្ទនាអាចប្រៀបទៅនឹងសណ្តែកបណ្តុះដែលគ្រាន់តែដាក់ទឹកបានតែ ២ ទៅ ៣ ថ្ងៃដុះ តែផុយងាយបាក់ និងក្រោយមករលួយឯង៕

ឆ្មា & កណ្ដុរ វគ្គ៨៖ ចេញពីវគ្គសន្ទនា វគ្គបាយជាមួយគ្នា ចូលដល់វគ្គវ៉ៃគ្នាម្ដង

ការចាប់ផ្តើមរៀនធ្វើកិច្ចការ «វប្បធម៌សន្ទនា» ដែលមិនមានរបៀបវារៈជាក់លាក់ ដូចជាសមភាពត្រូវតែចូលរួមការកំណត់ពេលវេលាទៀងទាត់រៀងរាល់ ១ ខែម្តង ឬក៏ ២ ខែម្តង និងតម្រូវឲ្យថ្នាក់ដឹកនាំទាំង ២ បក្ស CPP និង CNRP ជួបគ្នាតទល់គ្នាជជែកគ្នាស្តាប់ពីបញ្ហាគ្នាទៅវិញទៅមក និង យកបញ្ហានយោបាយមកដាក់លើតុដោះស្រាយដើម្បីផលប្រយោជន៍ជាតិពិត ជាជាងលួចដុតគ្នា ឬចាក់គូទគ្នាទៅវិញទៅមកដូចរឿងតុក្កតាឆ្មា និង កណ្តុរ (Tom & Jerry) ដែលចេះតែបន្ត តើមកពីកណ្តុរឬក៏ឆ្មាជាអ្នកមិនមានឆន្ទៈក្នុងការបន្តវប្បធម៌សន្ទនា?

កន្លងមក ឆ្មាតែងតែប្រកូកប្រកាសថា ខ្លួនជាស្ថាបនិកវប្បធម៌សន្ទនាដើម្បីដោះស្រាយភាពតានតឹង រីឯកណ្តុរវិញក៏តែងតែលើកអះអាងរក្សានូវវប្បធម៌សន្ទនាផងដែរ តែនៅពេលជួបគ្នាអនុវត្តមែនទែនឃើញតែកណ្តុរជាដៃគូឆ្មាទេ ឯឆ្មាវិញនៅពីក្រោយធ្វើឫកពាកេងចំណេញហាក់បីដូចជាធ្វើធំជាងគេទៅវិញ ហើយនៅពេលដែលឆ្មា និងកណ្តុរបានជួបគ្នាទទួលទានអាហារពេលល្ងាចជាមួយគ្នាម្តងៗ បែរជាឆ្មាដើរពោលថា កណ្តុរកេងចំណេញនយោបាយពីខ្លួន តាមរយៈការហូបបាយទៅវិញ។

ការដែលមិនសូវបានជួបគ្នាញឹកញាប់ហ្នឹងហើយ ធ្វើឲ្យឆ្មា និងកណ្តុរ ពេលខ្លះបោះពាក្យសម្តីតាមក្បាលមេក្រូរិះគន់ធ្ងន់ៗបែបលក្ខណៈបុគ្គលជាជាងតាក់ទិចគោលនយោបាយរបស់បក្សរៀងៗខ្លួន។

ចំពោះគោលដៅរបស់ឆ្មាវាយប្រហារនោះគឺដៃគូកណ្តុរឯណោះទេ បើទោះបីជាកណ្តុរប្រាប់ដៃគូរបស់ខ្លួនឲ្យមានភាពស្ងប់ស្ងាត់សិនកុំអាលតក់ក្រហល់កោកកាកពេលនេះ តែឆ្មានៅតែវាយប្រហារតាមទីសាធារណៈដដែលៗទៅលើដៃគូកណ្តុរមានតាំងពីការបោះឆ្នោតដកតំណែងទៀត ទោះបីជាដៃគូកណ្តុរលែងមាត់កទៅហើយក៏ដោយ។

ការដែលខំប្រឹងវាយប្រហារបែបនេះ ហាក់បីដូចជាខំលើកតម្កើងប្រជាប្រិយភាពដៃគូកណ្តុរទាំងក្នុងស្រុក ទាំងក្រៅស្រុកឲ្យគេកាន់តែស្គាល់ទៅវិញទេ តែធាតុពិតដៃគូកណ្តុរអត់មានបានធ្វើអ្វីជាដុំកំភួនសោះ ពោលគឺបានត្រឹមតែចេះឡូឡាឌឺដងឲ្យឆ្មាខឹងច្រឡោតតោតតូងទៅតាមទម្លាប់របស់ឆ្មាដែលច្រើនតែបញ្ចេញជះពាក្យសម្តីមកទាំងកាកៗតែប៉ុណ្ណឹង។

ការដែលឆ្មានិងកណ្តុរកូរគ្នាទៅវិញទៅមក ឈានដល់ផ្ទុះកំហឹងមែនទែន នៅពេលដែលមានបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ឆ្មានៅស្រុក បារាំង កាលពីសប្តាហ៍មុននេះដោយមានទាំងលើកបដាឲ្យឆ្មាចុះចេញពីតំណែងផង។ ឯឆ្មាខឹងខ្លាំងណាស់ពីសកម្មភាពប្រឆាំងនៅក្រៅប្រទេសនោះ។

ដូចដែលឆ្មាបានគំរាមក្រុមកណ្តុររួចហើយតាំងពីមុនចាកចេញដំណើរថាបើមានបាតុកម្មរបស់ក្រុមកណ្តុរនៅក្រៅស្រុក គឺនៅក្នុងស្រុកក៏មានបាតុកម្មឆ្លើយតបដូចគ្នាអ៊ីចឹងដែរ។ បានដូចចិត្ត ស្អែកឡើង ឈុតឆាកនៃការសម្តែងក៏បានចេញជារូបរាងពិតរបស់ក្រុមឆ្មានៅភ្នំពេញមានតាំងពីអ្នកមានតួនាទីមន្ត្រីរាជការអ្នកមុខអ្នកការ រហូតដល់កងកម្លាំងដែលមានលក្ខណៈអព្យាក្រឹតសោះ ក៏ចេញមកគាំទ្រការធ្វើបាតុកម្មទម្លាក់តំណែងដៃគូកណ្តុរផងដែរ។

មិនត្រឹមតែបាតុកម្មបែបឱកាសនិយមប៉ុណ្ណោះទេ តែថែមទាំងឈានដល់កើតមានអំពើហិង្សាទាល់តែបាន ដោយក្រុមកណ្តុរ ២ នាក់រងរបួសយ៉ាងដំណំ រីឯកណ្តុរឆេះដុំ ចោទប្រកាន់ឆ្មាដោយប្រៀបធៀបទៅនឹងរបបឃោរឃៅ ហ្វាស៊ីស តែឆ្មាចេញមុខយ៉ាងស្ងួតប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិថា មិនពាក់ព័ន្ធទៅនឹងអំពើហិង្សានោះយ៉ាងព្រងើយគឺបានត្រឹមតែបង្កើតគណៈកម្មការស៊ើបអង្កេតតាមចាប់អ្នកដៃដល់។តែសង្ស័យស៊ើបចុះស៊ើបឡើងមិនអាចចាប់ជនដៃដល់បានផងក៏មិនដឹង?

ទីបំផុតដៃគូកណ្តុរត្រូវក្រុមឆ្មាព្រួតគ្នាដកចេញពីតំណែងមែន កាលពីចុងសប្តាហ៍កន្លងទៅនេះ តែសម្រាប់ដៃគូកណ្តុរវិញដូចជាមិនខ្វល់ ចង់បានប៉ុស្តិ៍ហ្នឹងផង តាំងពីអើយរ៉ាមកម្ល៉េះ។ ម្យ៉ាងវិញទៀត ករណីផ្ទុះអំពើហិង្សារបស់ក្រុមឆ្មាមកលើក្រុមកណ្តុរធ្វើឲ្យខូចនូវសេចក្តីថ្លែងការណ៍រួមដែលចេញកាលពី ៧ ចំណុចរបស់ឆ្មានិងកណ្តុរបន្តដំណើរការវប្បធម៌សន្ទនាដែលមានតាំងពីការជេរប្រមាថ ការគំរាមកំហែង និងការគោរពគ្នាជាដើមដើម្បីកាត់បន្ថយកំហឹង និងហិង្សាតាមរយៈពាក្យសម្តីក្តី តាមរយៈកាយវិការក្តី។ តែកន្លងមក ឆ្មាមិនដែលខ្វល់ថាមានសម្ពាធពីនរណាឬក៏ប្រទេសណាទេ។

ឥឡូវនេះ បើទោះជាប៉ះពាល់ដល់កិច្ចព្រមព្រៀងរវាងឆ្មានិងកណ្តុរ ដើម្បីដោះស្រាយភាពតានតឹងនាថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៤ ក៏ដោយ ក៏ឆ្មាមិនខ្វល់ ព្រោះឆ្មាបានអំណាចស្របច្បាប់នៅនឹងដៃរួចហើយ។

តើមានកិច្ចព្រមព្រៀងលើកក្រោយៗដើម្បីផ្តល់អំណាចស្របច្បាប់ដល់ឆ្មាទៀតដែរឬទេ? តើវប្បធម៌សន្ទនានឹងអាចបន្តកើតមានទៀតដែរឬទេ បើកើតមានអំពើហិង្សាមកលើក្រុមកណ្តុរដូចនេះអ៊ីចឹង? ហើយថា តើកិច្ចប្រឹងប្រែងវប្បធម៌សន្ទនាយ៉ាងមេច បើឲ្យតែមានការអី (Sensitive) ប៉ះមិនបាន និយាយរិះគន់ឆ្មាមិនបានជាលក្ខណៈការសម្តែងមតិសោះ?

បើតាមទ្រឹស្តីរបស់ការកសាងសន្តិភាព បើកាលណាដំណាក់កាលនៃការសន្ទនានេះទៅមិនរួចទេ មានតែវិធីសាស្រ្តមួយចុងក្រោយមួយទៀតគឺសម្រុះសម្រួលការផ្សះផ្សា (Mediation) ដែលមានអ្នកទី ៣ ជាមាននិន្នាការកណ្តាល ដើម្បីបញ្ចប់ទំនាស់រវាងឆ្មា និងកណ្តុរ? តើនរណាឬក៏ប្រទេសណាជាអ្នកទី ៣ នោះ?

ឧទាហរណ៍ដូចជា ប្រទេស ឥណ្ឌូនេស៊ី ធ្លាប់ធ្វើជាម្ចាស់ផ្ទះផង និងជាអ្នកទី ៣ គឺឯកឧត្តម Ali Alatas រដ្ឋមន្ត្រីក្រសួងការបរទេសដើរតួជាអ្នកសម្របសម្រួលផ្សះផ្សា ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ៨០ កន្លងមកឲ្យខ្មែរទាំង ៤ ភាគីដើម្បីផ្សះផ្សាគ្នាមុនឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ឆ្នាំ ១៩៩១ នោះ។ ឬមួយក៏នៅបន្តវប្បធម៌សន្ទនាទៀត ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងពេលកំណត់ជាក់លាក់? ឬមួយក៏ត្រូវអញ្ជើញទាំងឆ្មាទាំងកណ្តុរចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការផ្សះផ្សានិងការកសាងសន្តិភាព ដើម្បីឲ្យទាំងឆ្មាទាំងកណ្តុរយល់ទាំងទ្រឹស្តីផង និងការអនុវត្តជាក់ស្តែងក្នុងការដោះស្រាយទំនាស់ផង?

ព្រោះមើលទៅហាក់បីដូចជា មិនទាន់យល់នូវទស្សនៈនៃការសន្ទនា (Dialogue) និងដំណាក់កាលនៃការកសាងសន្តិភាព មិនមែនមានន័យដូចឆ្មា បានដោះស្រាយបញ្ហាសង្រ្គាមស៊ីវិលគ្នាឯងថាមានសន្តិភាពពេញលេញនោះទេ។ តើអ្នកនិពន្ធរឿងឆ្មានិងកណ្តុរ(Tom & Jerry) តាក់តែងរឿងនេះបន្តទៅ ចេញជាអ្វីប្លែកបន្ថែមទៀតឬមួយក៏បញ្ចប់ត្រឹមហ្នឹង?

សរុបមកវិញ នៅពេលដែលរឿងឆ្មា និងកណ្តុរឈានដល់អំពើហិង្សាបែបនេះ គឺមិនបានធ្វើអ្វីឲ្យចំណេញទៅជាតិ និងប្រជាពលរដ្ឋនោះទេតែចំណេញតែទៅលើបុគ្គលប៉ុណ្ណោះសម្រាប់ការបោះឆ្នោតជាតិ ២០១៨ ។

ក្រៅពីនេះគឺមានតែធ្វើឲ្យពិភពលោកមើលមកជាតិសាសន៍មួយនេះពោរពេញទៅដោយអំពើហិង្សាប៉ុណ្ណោះ៕

ឆ្មា និងកណ្ដុរវគ្គទី ៩: ជាគោលការណ៍ត្រូវបញ្ចៀសអំពើឃោរឃៅប្រឆាំងនឹងមនុស្សជាតិឲ្យបាន

«បើ CPP ចាញ់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះសង្គ្រាមនឹងអាចកើតមានឡើង!» នេះគឺជាការគំរាមតាមពាក្យសម្តីជារឿយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើគណបក្សប្រឆាំង CNRP ក៏ដូចជាប្រជាពលរដ្ឋឲ្យមានការភ័យខ្លាចគឺប្រៀបដូចគ្នាទៅនឹងល្បែងតុក្កតា ឆ្មា និងកណ្តុរ (Tom & Jerry) ដែលតែងតែដាក់អន្ទាក់គ្នាទៅវិញទៅមកហើយជួនកាលក៏ត្រូវគ្នាយកចិត្តគ្នាទៅវិញទៅមកផងដែរ។

«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី!» គឺជាឃ្លាដែលឆ្មាតែងតែឌឺដងចំអកលេងជាមួយនឹងកណ្តុរនៅពេលណាត្រូវរ៉ូវគ្នាល្អូកល្អិនថាកុំធ្វើបាបឆ្មាអីហើយឆ្មាស្អប់ណាស់អំពើសងសឹកគ្នាតាមរយៈសារនេះព្រោះមានប្រវត្តិដ៏ជូរចត់របស់ខ្មែរកើតឡើងរួចមកហើយតែកណ្តុរមិនសន្យា និងឆ្លើយឆ្លងលើសារនេះទេបានត្រឹមញឹមៗ។ រីឯ វប្បធម៌លាបពណ៌គ្នាក៏សញ្ញាមួយរបស់ក្រុមថ្នាក់ក្រោមទាំងក្រុមឆ្មា ទាំងក្រុមកណ្តុរខ្លះដែលតែងតែអេចអូចគ្នាដើម្បីយកមុខមាត់ចង់ឡើងធ្វើធំក៏ចេះតែលាបពណ៌គ្នាថាអ្នកនេះបក្សខាងកណ្តុរអ្នកនោះបក្សខាងឆ្មាទៅយូរៗដាក់គ្នាមួយប្រាវទៅ។

យ៉ាងណាមិញ ក្រុមកណ្តុរខ្លះដែលញាំញីទៅដោយបញ្ហាផ្ទាល់ខ្លួននៅតែមានជំនឿជាក់ថាចាំមើលតែស្រុកស្រួលបួលទៅដឹងគ្នាហើយ។ សារទាំងអស់នេះសុទ្ធតែជាសញ្ញាគ្រោះថ្នាក់មួយហាក់បីដូចជាឈើគូសមួយដើមរង់ចាំតែគេគូសចេញជាអណ្តាតភ្លើងន្អាលនឹងបង្កឲ្យមានអំពើហិង្សារីករាលដាលភ្លាម។ នៅប្រទេសអេហ្ស៊ីបអំពើហិង្សាចាំតែកើតមានឡើងតែមួយប៉ប្រិចភ្នែកទេដោយសារតែការដុតខ្លួនរបស់យុវជនអ្នកលក់ដូរនៅតាមចិញ្ចើមថ្នល់ម្នាក់ដែលបានទទួលរងនូវអំពើហិង្សាពីសំណាក់អាជ្ញាធរ។

ផ្អែកតាមបទពិសោធអំពើហិង្សាឃោរឃៅថ្មីៗនៅប្រទេសអេហ្ស៊ីបនេះតើឆ្មា និងកណ្តុរមានកាតព្វកិច្ចអ្វីខ្លះដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋឃោរឃៅលើមនុស្សជាតិ (R2P-The Responsibility to Protect)?

ក្រៅតែពីសារដែលបង្កប់ទៅដោយការដុតកម្តៅអំពើហិង្សាសព្វថ្ងៃក៏មានបញ្ហាហិង្សាជាក់ស្តែងដែលកំពុងតែបង្កប់ទៅដោយកំហឹងកំពុងតែរង់ចាំតែផ្ទុះឡើងឲ្យតែមានការអ្វីមួយកើតឡើងជាលេសហើយគំនុំវណ្ណៈហាក់ចេះតែរីកធំទៅៗដែរ។ តាំងសកម្មភាពកើតឡើងតូចៗសោះដែលអាចដោះស្រាយបានក៏នាំគ្នាសន្សំដូចជារឿងគ្រោះថ្នាក់ចរាចរណ៍រវាងឡាន និងម៉ូតូឲ្យតែប៉ះគ្នាមួយភ្លែតគឺនាំគ្នាមករោមឡានជុំកាក់ចាំវ៉ៃ ឬក៏យកទ្រព្យសម្បត្តិម្ចាស់ឡានភ្លាម។

នេះក៏មកតែពីអ្នកបើកឡានភាគច្រើនឲ្យតែបុកគេបើករត់បាត់ហ្នឹងហើយសុទ្ធតែជាកំហឹងរង់ចាំតែម្តងហើយមានបញ្ហាជាច្រើនទៀតបានក្លាយទៅជាជំងឺរ៉ាំរ៉ៃរបស់រាជរដ្ឋាភិបាលផងដែរដែលធ្វើឲ្យមានគម្លាតកាន់តែធំទៅរវាងអ្នកធំ និងអ្នកតូច អ្នកមាន និងអ្នកក្រ ដូចជា អំពើពុករលួយ អំពើបក្ខពួកនិយម និងគ្រួសារនិយមចងគ្នាភ្ជាប់សាច់សាលោហិតជាច្រវាក់ពីមួយទៅមួយអំពើហិង្សាពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុនមកលើពលរដ្ឋស្លូតត្រង់ដោយសារការបណ្តេញចេញទំនាស់ដីធ្លី ការទន្ទ្រានយកដី និងព្រៃកើតមានឡើងរាល់ថ្ងៃដែលរួមមានទាំងការបាញ់សម្លាប់ផងដែរ។

ករណីបន្តិចម្តងៗនេះហើយដែលធ្វើកម្ពុជាប្រឈមទៅនឹងការកកើតឡើងនូវអំពើហិង្សាធំៗប្រឆាំងនឹងមនុស្សជាតិបានដូចជាឧក្រិដ្ឋកម្មឃោរឃៅ (Mass Atrocity) ក្នុងរបបខ្មែរក្រហមដែលបានសម្លាប់ជាតិសាសន៍ឯងជាង ២ លាននាក់ និងគ្រួសារបាក់បែកគ្នាព្រាត់ប្រាសគ្នាក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ នេះមកពីគំនុំវណ្ណៈរវាងខ្មែរ និងខ្មែរអ្នកធំ និងអ្នកមានមើលងាយ និងធ្វើបាបអ្នកក្រដែលកាលនោះមិនមានអ្វីជាគោលការណ៍ក្នុងការទប់ស្កាត់កំហឹង និងអំពើឃោរឃៅដែលកើតមានឡើងបានទេ។ សោកនាដកម្មដ៏ជូរចត់នេះនៅវិលវល់មិនទៅណាឆ្ងាយក្នុងបេះដូងរបស់ខ្មែរនាពេលបច្ចុប្បន្ននៅឡើយទេគឺរង់ចាំឈើគូស ១ ដើមប៉ុណ្ណោះងាយស្រួលនឹងឆេះណាស់។

រីឯ អ្នកដឹកនាំខ្មែរតាំងពីដើមមកតែងតែមានមោទនភាពថាខ្លួនឯងខ្លាំង ខ្លួនឯងពូកែអស្ចារ្យជាងគេមានតែរបបខ្លួនទេដែលរីកចម្រើនសម្បូរសប្បាយជាងគេរួមទាំងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកក៏តែងតែលើកពីគុណូបការៈដែលបានដោះស្រាយបញ្ហាខ្មែរក្រហមដោយជោគជ័យហើយលោក ហ៊ុន សែន ថែមទាំងអះអាង និងប្តេជ្ញាចិត្តថា ទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមកើតមានឡើងសាជាថ្មីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សានៅកម្ពុជាដើម្បីឆ្លើយតប និងទទួលយកគោលការណ៍របស់ R2P របស់អង្គការសហប្រជាជាតិឆ្នាំ ២០០៥ ចំពោះមុខសន្និសីទអន្តរជាតិលើកទី ១០ ស្តីអំពីដំណើរការវិវត្តបញ្ហាប្រឈម និងកាលានុវត្តភាពនៃកាតព្វកិច្ចដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋឃោរឃៅលើមនុស្សជាតិ (R2P) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំទៅនៅរាជធានីភ្នំពេញក្រោមប្រធានបទ៖ «កម្ពុជាទទួលយកតួនាទីនាំមុខក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅអាស៊ាន»។

ប៉ុន្តែការពិតទៅការឆ្លើយតបទៅនឹងគោលការណ៍កាតព្វកិច្ចដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋឃោរឃៅលើមនុស្សជាតិ (R2P) របស់កម្ពុជាមិនដឹងថាបានកម្រិតណានោះទេ។ ដូចករណីជាក់ស្តែងល្បែងអន្ទាក់ឆ្មា និងកណ្តុរបានបន្តកាលពីចុងខែតុលាកន្លងទៅនេះក៏បានផ្ទុះចេញនូវអំពើហិង្សាវ៉ៃតប់ក្រុមកណ្តុរ ២ នាក់ឲ្យរងរបួសធ្ងន់ដេកពេទ្យរីឯឆ្មាអះអាងថាមកពីកណ្តុរដាក់អន្ទាក់មុនដោយមានបាតុកម្មនៅទីក្រុងញូវយ៉ក និងទីក្រុងប៉ារីសបានជាមានបាតុកម្មកើតឡើងនៅភ្នំពេញឈានដល់អំពើហិង្សាកើតមានឡើង និងដកតំណែងដៃគូកណ្តុរពីអនុប្រធានសភាទី ១ បានដូចចិត្តផងដែរ។

ចំណែកកណ្តុរខឹងច្រឡោតតោតតូងវាយប្រហារតាមពាក្យសម្តីមកឆ្មាវិញថាដូចហ្វាស៊ីសតែបានប៉ុន្មានថ្ងៃក្រោយមកជនល្មើស ៣ នាក់ដែលវាយប្រហារក្រុមកណ្តុរចេញមកសារភាពរួចហើយកណ្តុរក៏បានសុំទោសទៅឆ្មាទៅលើការប្រើពាក្យថា «ហ្វាស៊ីស» រីឯដៃគូឆ្មាក៏ចេញសេចក្តីជូនដំណឹងទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវរក្សាសុវត្ថិភាពជូនក្រុមកណ្តុរដើម្បីអន្ទងឲ្យក្រុមកណ្តុរចូលរួមប្រជុំនៅសភាវិញដើម្បីរក្សាវប្បធម៌សន្ទនាបន្តទៀត។ ចំណែកឯក្រុមកណ្តុរដែលដេកពេទ្យនោះទាមទារមួយកម្រិតទៀតថាឲ្យរកអ្នកនៅពីក្រោយការវាយប្រហារនោះ។

ការដែលដាក់អន្ទាក់គ្នារវាងឆ្មា និងកណ្តុរឈានដល់អំពើហិង្សាបែបនេះវាទៅជាគំនុំរង់ចាំសងសឹកគ្នាទៅវិញតែល្បែងនេះក្រុមកណ្តុររងរបួសតែអាចចំណេញនយោបាយពីឆ្មាទៅវិញព្រោះទាំងឆ្មាទាំងកណ្តុរយល់ស្របគ្នាចេញសេចក្តីថ្លែងការណ៍រួមដើម្បីទប់ស្កាត់កុំឲ្យមានអំពើហិង្សាកើតមានឡើងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិហើយផ្ទុះចេញអំពើហិង្សានយោបាយបែបនេះជះឥទ្ធិពលអាក្រក់ទាំងក្នុងស្រុក និងក្រៅស្រុកជាពិសេសនៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគទុនធំៗមានការភ័យខ្លាចមិនហ៊ានដាក់ទុនរកស៊ីព្រោះគេយល់ថាដល់តំណាងរាស្ត្រមានអភ័យឯកសិទ្ធិម៉េចត្រូវគេវ៉ៃអ៊ីចឹងចុះទម្រាំពួកគេជាអ្នកវិនិយោគទុនវិញនោះទៅជាយ៉ាងណា?

ជាទូទៅមើលទៅក្រសែភ្នែករបស់ឆ្មា និងកណ្តុរហាក់បីដូចគឺត្រៀមខ្លួនគិតគូររឿងការបោះឆ្នោតសកលឆ្នាំ ២០១៨ អ៊ីចឹងហើយបានជាខិតខំប្រយុទ្ធដាក់អន្ទាក់គ្នាតាំងពីពេលនេះ ២០១៥ ទៅហើយព្យាយាមរកលេសចោទគ្នារៀងៗខ្លួនដោយឆ្មាត្រៀមការពារខ្សែក្រវាត់រីឯកណ្តុរត្រឹមឡើងដណ្តើមយកខ្សែក្រវាត់ហើយចោទគ្នាទៅវិញទៅមកឆ្មាថាកណ្តុរចុះសួរសុខទុក្ខបន្លំឃោសនា និងវាយប្រហារឆ្មារីឯកណ្តុរវិញថាឆ្មាឲ្យតែបានក្បាលមេក្រូវ៉ៃប្រហារទាំងកណ្តុរ និងដៃគូកណ្តុរដដែលៗបើទោះបីរឿងកើតឡើងយូរមកហើយក៏លើកមកនិយាយដែរ។

ទោះបីជាយ៉ាងណាក៏ដោយការដណ្តើម និងការពារខ្សែក្រវាត់ ៥ ឆ្នាំម្តងរបស់ឆ្មា និងកណ្តុរតាមលទ្ធិប្រជាធិបតេយ្យគឺជារឿងធម្មតាបើកណ្តុរចុះសួរសុខទុក្ខក្នុងនាមតំណាងរាស្ត្រ និងរិះគន់គោលនយោបាយបានហើយកុំអាលឈានដល់ឃោសនាគណបក្សនយោបាយព្រោះ គ.ជ.ប មិនទាន់អនុញ្ញាតឲ្យឃោសនាបោះឆ្នោតឆ្នាំ ២០១៨ ទេ។ រីឯឆ្មាវិញបើបានចុះសម្ពោធសមិទ្ធផលគឺសរសើរពីអ្វីដែលខ្លួនបានធ្វើបានហើយជាជាងដៀមដាមឲ្យគេ ឬក៏សារគំរាមកំហែងគេដែលជាកំសួលមួយដុតបញ្ឆេះបន្ថែមបង្កឲ្យមានអំពើហិង្សា និងអាចឈានដល់អំពើឃោរឃៅប្រឆាំងនឹងមនុស្សជាតិនោះ។

ជាសរុបមកវិញល្បែងនយោបាយឆ្មា និងកណ្តុរនៅស្រុកខ្មែរលេងយ៉ាងណាឲ្យរាស្ត្របានសុខ និងផលចំណេញបានទៅប្រជាពលរដ្ឋជាពិសេសបន្តវប្បធម៌សន្ទនាគ្រប់លំដាប់ថ្នាក់ចៀសវាងនូវអំពើហិង្សាទាំងឡាយណាដែលអាចឈានដល់អំពើឧក្រិដ្ឋឃោរឃៅលើមនុស្សជាតិ (R2P) ដូចដែលកម្ពុជាបានប្តេជ្ញាចិត្តចំពោះមុខអន្តរជាតិថាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សានៅកម្ពុជាដើម្បីឆ្លើយតបទៅសន្ធិសញ្ញាសន្តិភាពជាសកល៕

ឆ្មា & កណ្ដុរវគ្គ១០: ចូលដល់វគ្គការប្រែប្រួលអាកាសធាតុ “Climate Change”

 

គ្រាន់តែបានដឹងបានឮដីកាចាប់ខ្លួនលោក សម រង្ស៊ី មេបក្សប្រឆាំងពីតុលាការកាលពីថ្ងៃសុក្រទី ១៣ សប្តាហ៍មុននេះភ្លាមម្នាក់ៗចាប់គិតគូរពីរឿងចំណាយបញ្ហាការងារ ឬក៏តួនាទីការយកលុយទៅដាក់ធនាគារការដាក់វិនិយោគទុន ការទិញដូរអចលនទ្រព្យចាប់ផ្តើមមានការរារែកចិត្តសូញសាញភ្លាម។

នៅតាមភោជនីយដ្ឋានក៏ដូចជាក្លិបកម្សាន្តដែលធ្លាប់អ៊ូអររកតែកន្លែងកក់តុមិនបានផងក៏ចាប់ផ្តើមធ្លាក់ចុះយ៉ាងហោចណាស់ក៏ ១ ភាគ ៣ នៃភ្ញៀវចូលជាប្រចាំដែរកាលពីចុងសប្តាហ៍កន្លងទៅនេះទៅដល់ទីណាៗក៏គេជជែកពីបញ្ហានយោបាយដែលអាចឈានដល់អស្ថិរភាព។ បញ្ហាអស្ថិរភាពនយោបាយនេះក៏ប៉ះពាល់ទៅនឹងការកែទម្រង់នានាដែលធ្វើឲ្យមានការកកស្ទះ ឬក៏យឺតយ៉ាវផងដែរបើនិយាយពីចរាចរណ៍ក៏ចាប់ផ្តើមមានភាពរញ៉េរញ៉ៃតាមផ្លូវសារធារណៈភ្លាមៗផងដែរ។

នេះក៏មកពីល្បែងឆ្មា និងកណ្តុរ (Tom & Jerry) ចាប់ផ្តើមលេងដាក់អន្ទាក់គ្នាយកប្រជាប្រិយភាពរៀងៗខ្លួនចាក់ស្រែះកាន់តែជ្រៅទៅៗសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ តើការប្រែប្រួលអាកាសធាតុ (climate change) និងនយោបាយក្នុងតំបន់ធ្វើឲ្យជះឥទ្ធិពលមកប្រទេសកម្ពុជាដូចម្តេចខ្លះ?

ការប្រែប្រួលអាកាសធាតុខែនេះបាននាំរបបខ្យល់មូសុងត្រជាក់ពីទិសខាងជើងមកខាងត្បូងដែលពាំនាំនូវវាយោត្រសៀកហាក់បីដូចជាដាស់អារម្មណ៍ប្រជាពលរដ្ឋអាស៊ីអាគេ្នយ៍បានដឹងថារដូវត្រជាក់ធ្លាក់មកដល់ហើយធ្វើឲ្យម្នាក់ៗតែងតែនឹកស្រមៃ និងមានក្តីសង្ឃឹមថាខ្យល់មូសុងក៏អាចពាំនាំលទ្ធិប្រជាធិបតេយ្យបន្តិចម្តងៗស្របទៅនឹងខ្យល់ពីទិសខាងជើងមកត្បូងផងដែរ។

ជាក់ស្តែងការប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតបឋមនៅប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់តែដឹកនាំដោយរបបសឹកយោធាបានទទួលស្គាល់ថាចាញ់គណបក្សប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានសូជី យ៉ាងដំណំជាប្រវត្តិសាស្ត្រផងដែរ។

តើរបបខ្យល់មូសុងដែលនាំលទ្ធិប្រជាធិបតេយ្យពិតប្រាកដពីខាងជើងមកដល់ប្រទេសកម្ពុជាពេលណាដែរ? ឬក៏ត្រូវឆ្លងកាត់ប្រទេសថៃ និងឡាវសិនមុនមកដល់ស្រុកខ្មែរ?

គ្រាន់តែប្រកាសលទ្ធផលនៅភូមាចេញមកក្តាំងថាគណបក្សលោកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោតភ្លាមល្បែងឆ្មា និងកណ្តុរក៏ចាប់លេងបន្តទៀតគឺកណ្តុរនិងដៃគូកណ្តុរចាប់ផ្តើមចាក់គូទឆ្មាពីខាងក្រៅសងសឹកនូវអ្វីដែលឆ្មាធ្វើមកលើក្រុមខ្លួនកាលពីចុងខែមុននេះ។

ដោយអំពាវនាវសហគមន៍អន្តរជាតិ និងចំអកឲ្យឆ្មាថាមានផែនការមិនចង់ឲ្យមានការបោះឆ្នោតនៅឆ្នាំ ២០១៨ តែម្ដងហើយថាបើចាញ់ឆ្នោតសូមផ្ទេរអំណាចឲ្យគេអ្នកឈ្នះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យឲ្យដូចនៅមីយ៉ាន់ម៉ា។

រីឯ ឆ្មាវិញគ្រាន់តែឮដូច្នោះក៏ខឹងច្រឡោតវាយប្រហារពាក្យសម្តីបកទៅកណ្តុរវិញដោយភ្ជាប់នូវពាក្យពេចន៍ថា៖ «កូនអាក្បត់ជាតិ និងគំរាមចំណាត់ការតាមផ្លូវច្បាប់» រំលងបានតែ ២ ថ្ងៃក៏មានដីកាចាប់កណ្តុររឿងចាស់តាំង ២០១១ មកម្ល៉េះក៏ត្រូវបានផ្សព្វផ្សាយ។ កណ្តុរបានដឹងរឿងដីកាចាប់ខ្លួននេះបានចំអកឌឺក្រុមឆ្មាវិញថាសូមប្រាប់ផងចាប់យកទៅកន្លែងណាស្រួលធ្វើដំណើរទៅកាន់ទីន្លែងនោះតែម្តងកុំឲ្យពិបាកស្វែងរកចាប់។

តែសមត្ថកិច្ចគឺបានរៀបចំត្រៀមខ្លួនចាំចាប់កណ្តុររួចហើយដោយបង្កើតគណៈកម្មការចាប់ខ្លួនកណ្តុរដាក់ទ្រុងនៅថ្ងៃទី ១៦ វិច្ឆិកានេះបើទោះបីជាមានការអំពាវនាវពីក្រសួងការបរទេសអាមេរិកឲ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ដីកាចោទប្រកាន់នេះ។

ម្សិលមិញនេះជិតដល់ម៉ោងដែលកណ្តុរត្រូវចូលមកក្នុងស្រុកវិញនៅពេលក្រុមឆ្មាត្រៀមចាំចាប់កណ្តុររួចរាល់ហើយកណ្តុរចាប់ផ្តើមបោកឆ្មាមួយក្បាច់វិញអត់មកវិញដោយយកលេសថាខាងស្ថានទូត និងអង្គការអន្តរជាតិមួយចំនួនឲ្យពន្យារការវិលត្រឡប់មកវិញដើម្បីកាត់បន្ថយកម្ដៅ។ នេះបានជាចំជាល្បែងតុក្កតាឆ្មា និងកណ្តុរមែននយោបាយស្រុកខ្មែរ។ កណ្តុរ ចិត្តមិនសឿងដូចលោកស្រី អ៊ុងសាន ស៊ូជី សោះគឺបានដុតគេហើយរត់ដាក់មេផាយបាត់តែប៉ុណ្ណឹង (Hit-and-Run) ចោលកូនចៅនៅរាយប៉ាយពេញភូមិ តើកណ្តុរឲ្យអ្នកគាំទ្រជឿជាក់យ៉ាងដូចម្តេចទៅ?

តែទោះបីជាយ៉ាងណាក៏ដោយក៏ការកណ្តុរនៅតែចិញ្ចឹមចិត្តថាត្រូវតែចូលមកឲ្យឆ្មាចាប់ ឬក៏ចូលស្រុកតាមវិធីណានៅមុនការបោះឆ្នោត ២០១៨ ឲ្យទាល់តែបាននោះមិនមែនជារឿងចៃដន្យនោះទេគឺមកពីកណ្តុរអស់ជម្រើសហើយគឺត្រូវតែតទល់ជាមួយនឹងឆ្មាដើម្បីឲ្យឈ្នះចាញ់ដើម្បីទាក់ទាញប្រជាប្រិយពីឆ្មាក្នុងការចាប់ឃុំខ្លួនតាមដីកានេះ ឬក៏ការតតាំងរបៀបផ្សេង។ ព្រោះនៅប្រទេសមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី អាចធ្វើបានតែហេតុអ្វីក៏កណ្តុរធ្វើមិនបាន? ហើយកណ្តុរក៏បានប្រកាសហើយថាដឹកនាំបក្សតាមរបៀប នែលសិន ម៉ាន់ដឺឡា របស់ប្រទេសអាហ្វ្រិកខាងត្បូងដែលឆ្លើយតបទៅនឹងវគ្គទី ១ នៃល្បែងឆ្មា និងកណ្តុរមកតាំងពីមុនដំណើរការបោះឆ្នោតថ្ងៃទី ២៨ កក្កដា ២០១៣ មកម្ល៉េះ។

ចំណុចមួយទៀត គឺកណ្តុរអស់ឱកាសក្នុងការដឹកនាំនៅបក្សរបស់ខ្លួនព្រោះបានសន្យាជាមួយដៃគូថាដឹកនាំតែ ២ អាណត្តិទេអ៊ីចឹងហើយត្រូវប្តូរកណ្តាប់ដៃជាមួយនឹងឆ្មាក្រែងមានឱកាសឈ្នះខ្សែក្រវាត់ដោយមិនអាចចាំរហូតដល់ឆ្នាំ ២០២៣ ទេណាមួយទៀតកុំឲ្យគេរិះគន់ថាមេបក្សកំសាកមិនហ៊ានចូលគុកនោះដែលកាលពីមុនតែងតែរកលេសថាតុលាការឆ្មានេះជាអាយ៉ងរបស់បរទេសមិនសុខចិត្តនៅក្នុងគុកនោះទេមិនយុត្តិធម៌សម្រាប់ខ្លូន។ ឥឡូវកណ្តុរបោកឆ្មាទៀតរត់ពួននៅក្រៅប្រទេសមួយគ្រាសិនដដែល។

ការដែលឆ្មា និងកណ្តុរលេងល្បែងដាក់អន្ទាក់ឌឺគ្នានេះមើលទៅហាក់បីដូចជាកណ្តុរហាក់បីដូចជាដឹងមុនថាឈ្នះអ៊ីចឹងរីឯឆ្មាវិញមើលទៅដូចជាដឹងខ្លួនឯងថាចាញ់អ៊ីចឹងបានជាឆ្មាព្យាយាមគ្រប់វិធីសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យកណ្តុរជាប់កុនរឿងអីមួយទៅដើម្បីមិនឲ្យមានឱកាសនឹងឈរឈ្មោះបោះឆ្នោតតទល់នឹងឆ្មាបានដែលចេះតែធ្វើឲ្យឆ្មាច្រឡោតតោតតូងទៅតាមកណ្តុរដែរ។ តែតាមពិតគ្រាន់តែជាល្បែងរបស់កណ្តុរចាក់គូទឆ្មាលេងដូចសព្វដងតែអ៊ីចឹងកណ្តុរបានតែកោកកាកក្អេងក្អាងតែមុនបោះឆ្នោតតែងតែថាខ្លួនឈ្នះឆ្នោតតែរហូតអ៊ីចឹងដល់ពេលលទ្ធផលបោះឆ្នោតមែនទែនឆ្មាឈ្នះតែរហូតហ្នឹង។ នេះគឺជាចរិតរបស់កណ្តុរដែលគ្រាន់តែបង្ហាញខ្លួនថាខ្លួនពូកែថាចេះគ្រប់យ៉ាងក្នុងនាមជាអ្នកដឹកនាំបក្សតែប៉ុណ្ណោះ។

ឆ្ងល់ដែរហេតុអ្វីបានជាឆ្មាចេះតែលោតតាមកណ្តុរអ៊ីចឹង? ហើយឆ្មាសម្តែងចេញលើគោកៗឲ្យសាធារណជនឃើញថាអាក្រក់ទៅនោះដែលឲ្យខាតប្រយោជន៍ តើនេះក៏មកពីឆ្មាយល់ថាការផ្លាស់ប្តូរអាកាសធាតុរបបខ្យល់មូសុង និងរបបប្រជាធិបតេយ្យបក់ពីទិសខាងជើងនេះត្រូវឆ្លងកាត់ប្រទេសថៃ និងឡាវសិនបានរុញច្រានមកដល់កម្ពុជា? តែជាទូទៅទៅហើយឆ្មាកំពុងខ្វះដៃគូកណ្តុរមកប្រឡែងគ្នាលេងដែរអ៊ីចឹងហើយទើបប្រឹងហៅកណ្តុរឲ្យចូលមកក្នុងស្រុកវិញបន្ដល្បែងដាក់អន្ទាក់នេះ។

លេងមកដល់ដំណាក់កាលនេះដៃគូវប្បធម៌សន្ទនារវាងឆ្មា និងកណ្តុរហាក់បីដូចជាចង់បែកផ្លូវគ្នាដើរទៅរកផ្លូវរៀងៗខ្លួនមើលទៅឆ្មា និងកណ្តុរដូចជាត្រៀមខ្លួនធ្វើដូចជាច្បាស់លាស់ណាស់ថានឹងធ្វើអី្វនោះតែជាលទ្ធផលទៅជាល្បែងតុក្កតាសម្រាប់កូនក្មេងមើលទៅវិញសោះ។

សរុបមកវិញ ការដែលដាក់អន្ទាក់ដាក់គ្នារបស់តុក្កតាឆ្មា និងកណ្តុរក៏ដាក់ទៅចុះគ្រាន់តែថាលេងយ៉ាងណាសុំឲ្យប្រជាពលរដ្ឋបានសុខរកស៊ីធម្មតាផង និងធ្វើយ៉ាងណាកុំឲ្យកើតមានឡើងនូវអំពើហិង្សា និងឈានដល់អំពើឃោរឃៅប្រឆាំងមនុស្សជាតិ ឬក៏នាំប្រទេសជាតិរបស់ខ្លួនឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាមដូចប្រវត្តិសាស្ត្រដ៏ជូរចត់នៃរបបខ្មែរក្រហមនោះ (R2P) ៕

វគ្គ ១១: សង្ក្រាន្ដឆ្នាំថ្មីឆ្មា & កណ្ដុរ គួរមើលមីយ៉ាន់ម៉ាមានយីអ៊ុនជាងខ្មែរ

ផ្លូវដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា និងកម្ពុជាច្រាសទិសគ្នាតាមរបត់នយោបាយរៀងៗខ្លួន។ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកាឆ្នាំទៅស្រាប់តែនៅសប្តាហ៍មុននេះគណបក្សកាន់អំណាចដោយយោធាជាងពាក់កណ្តាលសតវត្សរ៍បានមូលមាត់គ្នាជាមួយគណបក្សលោកស្រី ស៊ូជី រៀបចំពិធីប្រគល់អំណាចឲ្យលោក ទីន ចាវ ទីប្រឹក្សារបស់លោកស្រី ស៊ូជី ធ្វើជាប្រធានាធិបតីបើទោះបីជាច្បាប់រដ្ឋធម្មនុញ្ញនៃរបបយោធាបានចងមិនឲ្យលោកស្រី ស៊ូជី ធ្វើជាប្រធានាធិបតីក៏ដោយ។

តែលោកស្រី ស៊ូជី ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់ក្រសួង ៣ នៅគណៈរដ្ឋមន្ត្រីទៀតខណៈកិច្ចការការពារជាតិ មហាផ្ទៃ និងព្រំដែនគឺខាងយោធានៅតែកាន់កាប់ដដែល។

លោកប្រធានាធិបតីថ្មីបានថ្លែងថា៖ «រដ្ឋាភិបាលថ្មីនឹងអនុវត្តតាមគោលនយោបាយការផ្សះផ្សាជាតិ សន្តិភាពផ្ទៃក្នុងអនុវត្តតាមរដ្ឋធម្មនុញ្ញឆ្ពោះទៅសហភាពសហព័ន្ធមួយ និងកែលម្អស្តង់ដាររស់នៅនៃពលរដ្ឋភាគច្រើន។ ជាពិសេសទៅទៀតនោះដើម្បីកាត់បន្ថយចំណាយថវិកាជាតិគឺកាត់បន្ថយក្រសួងពី ៣០ មកត្រឹម ១៥ ទេ»។

ការចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីនេះធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាមានការរីករាយជាមួយនឹងមោទនភាពដែលពួកគេខំប្រឹងប្រែងតស៊ូដ៏ស្វិតស្វាញទាមទារសិទ្ធិសេរីភាពរបស់ពួកគេនឹងមានក្តីសង្ឃឹមថាប្រទេសជាតិរបស់គេនឹងមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍពិតប្រាកដ។

ចុះកម្ពុជាយើងវិញយ៉ាងម៉េចដែរក្នុងនាមអ្នកនៅក្បែរខាងគ្នា និងកាន់ព្រះពុទ្ធសាសនាដូចគ្នានោះ? តើមានគិតគូររឿងបញ្ហាផ្ទេរអំណាចឲ្យគ្នាហើយឬនៅប្រសិនបើជួបករណីដូចនៅប្រទេសមីយ៉ាន់ម៉ា?

បើតាមស្ថានភាពនយោបាយស្រុកខ្មែរដូចល្បែងឆ្មា និងកណ្តុរ (Tom & Jerry) សព្វថ្ងៃនេះគឺសង្ឃឹមតិចតួចណាស់ក្នុងការរៀបចំប្រទេសឡើងវិញដូចមីយ៉ាន់ម៉ា។

រឿងដែលអកុសលនៅត្រង់ថាឲ្យតែបើកភ្នែកឡើងឃើញតែកណ្តុរ និងឆ្មារកនឹកឌឺដងដាក់គ្នាតាមហ្វេសប៊ុក ឬតាមសារព័ត៌មានហើយនៅក្បែរគ្នាមិនបានពេលខ្លះចាត់ទុកគ្នាដូចជាសត្រូវសួរពូជអ៊ីចឹងទោះបីជាល្បែងកណ្តុរដុតឆ្មាហើយឆ្មាដាក់អន្ទាក់កណ្តុរមិនឲ្យចូលស្រុកទាល់តែនៅក្រៅ។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ល្បែងឆ្មា និងកណ្តុរលេងគ្នាមិនអស់ចិត្តក៏ទៅលេងដល់ដៃគូកណ្តុរមួយមិនចង់នៅក្នុងស្រុកទៀតនិយាយជារួមគឺល្បែងនេះលេងជាក្រុមវិញម្តង។

ក្រុមឆ្មាមានបំណងចង់បំបែកក្រុមកណ្តុរពីលើដល់ក្រោមទាំងក្រុមយុវជនទៀតដោយលេងម៉ាឈ្នះដៃមានទាំងឆាកល្ខោនគ្រប់រឿងដូចជារឿងភាគបែកធ្លាយ សហាយស្មន់ ដោយរឿងសហាយស្មន់ទៅរឿងក្រុមនិស្សិតអត់ឈ្មោះសាកលវិទ្យាល័យ ដោយនិស្សិតទៅរឿងសភាដោយសភាទៅរឿងអង្គភាព ACU ដោយ ACU ទៅរឿងតុលាការដោយតុលាការទៅបើទោះបីជាភ្នែកមហាជនទូទៅដែលជាម្ចាស់ឆ្នោតមើលទៅមិនសមហេតុសមផលក៏ដោយហើយសូម្បីតែអ្នកគាំទ្រឆ្មាមួយចំនួនធំក៏មានការធុញទ្រាន់នឹងល្បែងដដែលៗនេះដែរ សូម្បីតែ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា៖ «ច្បាប់កម្ពុជាត្រូវបានគេយកមកប្រើជាឧបករណ៍នយោបាយមិនមែនតែជាឧបករណ៍ផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌នោះទេ» ហើយនៅស្រុកខ្មែរអ្វីៗសុទ្ធតែស្តង់ដារពីរ (Double Standard) តើនេះមកពីក្រុមឆ្មាស្ទាបស្ទង់ម្ចាស់ឆ្នោតមើលទៅ ២០១៨ ខាងមុខនេះពិបាកស៊ីក្រុមកណ្តុរផុយម្ល៉ោះហើយមានតែដុកដាន់ៗឲ្យប៉ើងបែកគ្នាជាពីរជាបីទៅក្រៅខ្លះនៅក្នុងខ្លះទៅស្រួលបោះឆ្នោត ២០១៨ អត់មានកណ្តុរចូលរួមឆ្មាសោយរាជ្យម្នាក់ឯងទៀត?

ចំណុចនេះត្រូវបានកណ្តុរឧស្សាហ៍ឌឺឲ្យឆ្មាថាកំសាកញីណាស់ដោយលេងល្បែងពីក្រោយខ្នងមិនហ៊ានលេងទល់មុខគ្នា។ តើឥឡូវឆ្មា និងកណ្តុរខាងណាដែលកំសាកញីជាងនោះ?

បើកណ្តុរខ្លាចគុកមិនហ៊ានទាំងចូលរន្ធវិញផងហើយបើខ្លាចគុកយ៉ាងហ្នឹងៗក៏តាំងខ្លួនឯងជាអ្នកដឹកនាំតាមលោក ណែលសុន ម៉ាន់ដឺឡា ដែលជាអតីតប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូងធ្លាប់ជាប់គុក ២៧ ឆ្នាំដែរតែការពិតកណ្តុរដឹកនាំតាមរបៀបលោក ឡេនីន អតីតប្រធានាធិបតីសហភាពសូវៀតដែលរត់ត្រែតត្រតចុះឡើងធ្វើការតស៊ូពីខាងក្រៅប្រទេសមកវិញ។

តាមពិតកណ្តុរជាអ្នកកំសាកបើគ្រាន់តែឆ្មាសម្លុតតែបន្តិចរត់ផាសក្រញាំចេញទៅក្រៅរន្ធបាត់ហើយធ្វើដូចជាកម្សត់ខ្លួនណាស់នឹកបងប្អូនជនរួមជាតិណាស់តែបានត្រឹមតែអួតក្អេងក្អាងនៅខាងក្រៅតើឲ្យម្ចាស់ឆ្នោតទៅពឹងពាក់ជឿជាក់ខ្លួន និងជួយខ្លួនឯងយ៉ាងម៉េចបើគ្រាន់តែឆ្មាសម្លុតបន្តិចកណ្តុរដាក់មេផាយទៅបាត់យ៉ាងហ្នឹង? តើគួរបោះឆ្នោតឲ្យមេដឹកនាំបក្សបែបមានការអីរត់ត្រេតម្តងទៅលិច ម្តងទៅកើត និងក្អេងក្អាងៗឲ្យគេជឿហ្នឹងដូចកណ្តុរអ៊ីចឹង? ហើយធ្វើជាអ្នកក្លាហានចង់បានពានរង្វាន់ណូបែលសន្តិភាពដូចគេយ៉ាងម៉េច បើម្តងលោតទៅលិចលោតទៅកើតដូចកញ្ចាញ់ចេកយ៉ាងហ្នឹងអ៊ីចឹង។ នេះជាមួយគ្នាឯងផងមានការអីដាក់មេប្រូចបាត់ប៉ុណ្ណឹងចុះបើមានការអីជាមួយប្រទេសជិតខាងទៀតបែបទៅបាត់ស្រមោលតែម្តង។

ឬមួយក៏បោះឆ្នោតឲ្យមេដឹកនាំបក្សដែលតស៊ូក្រាញននៀលនៅជាមួយគ្នាមិនខ្ចីទៅណាដោយធ្វើទៅតាមដំណើររឿងដូចលោក ម៉ាន់ដឺឡា ឬក៏លោកស្រី ស៊ូជី ធ្លាប់ជាប់គុក និងឃុំឃាំងគ្មានសិទ្ធិរាប់ឆ្នាំមិនខ្ចីទៅណារហូតដល់បានក្លាយជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដូចគ្នា និងបានឈ្នះឆ្នោតកាន់អំណាចដូចគ្នាគ្រាន់តែលោកស្រី ស៊ូជី ច្បាប់រដ្ឋធម្មនុញ្ញចងមិនឲ្យធ្វើប្រធានាធិបតីប៉ុណ្ណោះតែអនាគតលោកស្រីសង្ឃឹមថានឹងកែប្រែរដ្ឋធម្មនុញ្ញចំណុចនេះបាន។

តែកណ្តុរនៅស្រុកខ្មែរវិញគឺខុសពីលោកទាំងពីរនាក់នេះស្រឡះគឺបានត្រឹមតែឆ្លេឆ្លាដូចមាន់រកពងដោយមិនមានភាពអំណត់ និងសេចក្តីក្លាហានឡើយចុះទៅខ្លាចអីទៀតអាយុ ៧០ ឆ្នាំស្អែកខានស្អែកទៅហើយហ្នឹង? តើសល់ពេលប៉ុន្មានឆ្នាំទៀតក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ?

បើកណ្តុរមិនមករួមរស់ជាមួយម្ចាស់ឆ្នោតឲ្យដឹងស-ខ្មៅវិញទេនោះគឺពាក្យឃោសនា «ប្តូរៗទៅៗ!» បានត្រឹមតែប្តូរខ្យល់ទេសម្រាប់បោះឆ្នោតឆ្នាំ ២០១៨ ខាងមុខព្រោះអស់ទំនុកចិត្តដោយមិនហ៊ានទាំងតទល់ជាមួយនឹងការសម្លុតផងនោះ។

ម្យ៉ាងវិញទៀតបញ្ហាស្ថានភាពនយោបាយសព្វថ្ងៃនេះគឺដោយសារតែអ្នកនយោបាយមិនមានការទុកចិត្តគ្នាគឺស្រមោលសងសឹកគ្នានៅជាប់ក្នុងចិត្តថាបើគេឡើងធំវិញចាំមើលគេនឹងលេងវិញម្តងហើយសូម្បីតែអ្នកជំនិតជិតខ្លួនក៏មិនទុកចិត្តគ្នាដែរនៅពេលដែលបានអំណាចហើយក្បត់មិនឲ្យអំណាចវិញ។

ឧទាហរណ៍ សពសម្តេចឪបានខិតខំស្វះស្វែងយកអំណាចពីសេនាប្រមុខ លន់ នល់ មកវិញតាមរយៈអំពាវនាវឲ្យកូនចៅចូលព្រៃម៉ាក់គីជាមួយខ្មែរក្រហមដើម្បីរំដោះជាតិដែលមាន ប៉ុល ពត ជាអ្នកនាំតែនៅពេលបានអំណាចពួកខ្មែរក្រហមមិនត្រឹមតែមិនឲ្យអំណាចមកសម្តេចឪទេគឺថែមទាំងចាប់សម្តេចឪឲ្យនៅក្នុងវាំងមិនឲ្យចេញទៅណាមកដូចក្នុងគុកអ៊ីចឹង។

ចំណែកខ្មែរក្រហមបានសងសឹកវិញធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់អស់ ២ លាននាក់ហើយបន្តបែកបាក់ហែកហួរគ្នារហូតដល់សព្វថ្ងៃនេះតាំងពីអ្នកដឹកនាំនយោបាយរហូតដល់ពលរដ្ឋសាមញ្ញក៏ចែកគ្នាជាពីរជាបីដែរឈ្លោះគ្នាក្នុងស្រុកមិនអស់ចិត្តទៅក្រៅស្រុកក៏នៅតែបង្កអរិភាពនឹងគ្នាទៀត។

កាលពីសប្តាហ៍មុននេះគ្រាន់តែឮថាមានវត្តមានលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅទស្សនកិច្ចនៅទីក្រុងឡូវែលនៃសហរដ្ឋអាមេរិក (ទីក្រុងដែលមានអាណិកជនខ្មែរនៅច្រើនជាងគេទី ២ ) ភ្លាមក្រុមប្រឹក្សានៅទីក្រុងនេះក៏បានបោះឆ្នោតសម្រេចមិនស្វាគមន៍លោក ម៉ាណែត ភ្លាមដែរបើទោះបីជាលោក ម៉ាណែត ធ្លាប់បានរៀននៅសហរដ្ឋអាមេរិកក៏ដោយ។

នេះបង្ហាញថា បើស្អប់ពីឪពុកហើយស្អប់ដល់កូនទៀតស្អប់ដល់ពូជតែម្តងតែមិនបានសិក្សាស្វែងរកដំណោះស្រាយរកសន្តិភាពនិយមនឹងគ្នានោះទេ។ ហ្នឹងចរិតខ្មែរមួយចំនួនធំដែលនៅតែមានគំនិតចងអាឃាតគ្នាធ្វើឲ្យជនបរទេសខ្លះគេចំអកឲ្យខ្មែរថាបើខ្មែរមាន ៤ គណបក្សមានអ្នកគាំទ្រដល់ ៥ បក្សឯណោះ។ ពាក្យសម្តីមើលងាយបែបនេះគឺមកពីខ្មែរមិនចេះសាមគ្គីគ្នាបើទោះបីជានៅក្រៅស្រុកក៏ដោយសូម្បីតែវត្តតែមួយក៏មានព្រះសង្ឃបែងចែកក្រុមគ្នាដែរ។

សរុបមកវិញអ្នកនយោបាយខ្មែរគួរណាស់តែឈប់លេងល្បែងតុក្កតាដុតគ្នាដូចឆ្មា និងកណ្តុរទៀតទៅ គួរតែគិតគូរពីរឿងស្រុកទេសឡើងវិញដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្តដូចនៅប្រទេសមីយ៉ាន់ម៉ាក្បែរយើងជាឧទាហរណ៍ជាក់ស្តែង។

ហេតុអ្វីបានជារបបសឹកយោធាប្រទេស មីយ៉ាន់ម៉ា សាហាវឃោរឃៅផ្តាច់ការបែរជាមកចាប់ដៃគ្នាជាមួយបក្សឈ្នះឆ្នោតផ្ទេរអំណាចឲ្យយ៉ាងស្រួលលែងសងសឹកគ្នាធ្វើឲ្យពលរដ្ឋគេសប្បាយចិត្តទៅវិញ?

ហើយអ្នកនយោបាយខ្មែរធ្វើយ៉ាងណាបញ្ចៀសឲ្យបាននូវការសងសឹកគ្នា និងការកាប់សម្លាប់រង្គាល (R2P) ដូចកាលពីសម័យខ្មែរក្រហមទៀតដែលបញ្ហានេះពលរដ្ឋខ្មែរបានឆ្អែតឆ្អន់អស់ហើយដែលខ្លះស្ទើរពេញមួយជីវិតមិនដែលស្គាល់ថាអ្វីដែលសប្បាយនោះទេពោលគឺជួបតែសង្គ្រាម និងអត់អីទទួលទានស្ទើរគ្រប់ជំនាន់៕

 វគ្គ ១២: សូមទេពតាឆ្នាំថ្មីជួយបើកច្រកឲ្យឆ្មា និងកណ្តុរផ្សះផ្សាផង!

ណួរសួរថាល្បែងនយោបាយបែបតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry)ពេលណាបានចប់? ល្បែងដាក់អន្ទាក់គ្នាឆ្មា និងកណ្តុរមើលទៅអត់ចំណេញដូចគ្នា និងគ្មានចម្រុងចម្រើនដល់ជាតិទាល់តែសោះហើយអ្នកលេងល្បែងនេះម្នាក់ៗអាយុជិត ៧០ ឆ្នាំទៅហើយសល់រយៈពេលតែ ១០ ឆ្នាំម្នាក់ទៀតហ្នឹងអស់កម្លាំងពលំធ្វើការហើយ។

តើឆ្មា និងកណ្តុរអាចដាក់ចិត្តដាក់កាយដើម្បីជាតិដូចដែលម្នាក់ៗលើកឡើងនោះ? មានហ្វេសប៊ុកដូចគ្នាហេតុអ្វីមិនសាកនិយាយដាក់គ្នាតាម Messenger បើម្នាក់ៗតាំងខ្លួនសុទ្ធតែស្រឡាញ់ជាតិ សាសនាព្រះមហាក្សត្រនោះ?

ការបង្កើតវប្បធម៌សន្ទនា (Dialogue) កាលពីឆ្នាំទៅរវាងថ្នាក់ដឹកនាំនយោបាយដើម្បីដោះស្រាយភាពតានតឹងផង និងដំណើរនៃការកសាងសន្តិភាពផង។

សូម្បីតែសង្ក្រាន្តឆ្នាំថ្មីកាលពីឆ្នាំមុនទាំងឆ្មា និងកណ្តុរក៏បណ្តើរគ្នាត្រសងទៅពិធីទទួលទេវតាឆ្នាំថ្មីនៅខេត្តសៀមរាបទៀតផងបាយជាមួយគ្នាថតសែលហ្វី (Selfie) ជាមួយគ្នាចេញសេចក្តីថ្លែងការណ៍រួមសម្រាប់បន្តការសន្ទនាទៀតផង។ តែសុខៗទៅបែកបាក់ការសន្ទនាគ្នារវាងឆ្មា និងកណ្តុរទៅវិញដោយសារភាពមិនទុកចិត្តគ្នារវាងអ្នកគាំទ្រឆ្វេង និងស្តាំជ្រុលនិយមទាំង ២ ក្រុមគឺម្នាក់ៗចេះតែខ្លាចឆ្មាចាញ់បោកកណ្តុរ ឬក៏កណ្តុរចាញ់បោកឆ្មា។

ឆ្មា និងកណ្តុរចាប់ផ្តើមដៀមដាមដាក់គ្នាបន្តិចម្តងៗចោទដាក់គ្នាទៅវិញទៅមកក៏ជារឿងមើលមុខគ្នាមិនចំរីឯកណ្តុរបានចេញទៅក្រៅរន្ធធ្វើដូចជាខ្លួនច្បាស់ និងជំនាញខាងនៅក្រៅក៏បោះសម្តីដុតពីខាងក្រៅធ្វើឲ្យឆ្មានៅក្នុងរន្ធរឹតតែក្តៅក្រហាយចាប់ផ្តើមលេងក្បាច់ចាស់យកតុលាការដាក់អន្ទាក់កណ្តុរវិញម្តងហើយក្រុមឆ្មាព្យាយាមបំបែកក្រុមកណ្តុរជាក្រុមៗតែម្តងទម្លាក់ដៃគូកណ្តុរពីតំណែងបំបែកក្រុមយុវជនដាក់បន្ទុកកណ្តុរកាន់តែច្រើនទៅៗរហូតដល់ថ្នាក់ឆ្មាហ៊ានសន្យាកាត់ដៃចោលបើស៊ីញ៉េឲ្យកណ្តុរចូលរន្ធវិញនោះ។ កណ្តុរឮតែឆ្មាសម្លុតតែបន្តិចក៏ដាក់មេផាយបាត់គឺអើតឡឺមៗមានមុខតាមវីដេអូខនហ្វើរិន និងហ្វេសប៊ុកបើទោះបីជាឆ្មាធ្វើគុកថ្មីសម្រាប់អ្នកជាប់ទោសកាលីបសម្រាប់ទទួលកណ្តុរក៏កណ្តុរមិនចូលដែរ។

ហេតុអ្វីបានជាឆ្មា និងកណ្តុរខ្មែរដូចគ្នាសោះនិយាយស្តាប់គ្នាមិនបាន? បើម្នាក់ៗអះអាងថាខ្លួនធ្វើការដើម្បីជាតិនោះមែនខែ្មរមិនបែកបាក់គ្នាគំនុំសងសឹកគ្នាលាបពណ៌គ្នាមិនចេះចប់មិនចេះហើយនោះទេតែមិនទទួលស្គាល់នូវការដឹកនាំបរាជ័យរបស់ខ្លួននោះទេសូម្បីតែមេដឹកនាំខ្មែរក្រហមក៏ថាគាត់ស្នេហាជាតិដែរដល់ពេលបានកាន់អំណាចសរុបទៅពួកគាត់សម្លាប់ខ្មែរជាង ២ លាននាក់ក៏គាត់មិនទទួលខុសត្រូវផង។

និយាយជារួមគឺអ្នកនយោបាយបានត្រឹមតែភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋខ្លួនតែប៉ុណ្ណោះពីរបបមួយទៅរបបមួយប្រកាន់បក្សពួកនិយមឆ្វេងជ្រុលបើស្តាំជ្រុលហើយអ្នកដែលទទួលរងគ្រោះគឺពលរដ្ឋខ្លួនឯង។

ពោលគឺគ្មានសន្តិភាពក្នុងផ្លូវកាយ និងចិត្តនោះទេឲ្យតែបានឡើងកាន់អំណាចគឺចាំតែសងសឹកគ្នាអ៊ីចឹងហើយបានជាបរទេសជាពិសេសប្រទេសជិតខាងគេស្គាល់ចរិតខ្មែរអស់ហើយឲ្យតែមានការណ៍នៅក្នុងស្រុកខ្លួនឯងតាំងទៅពឹងពាក់បរទេសឲ្យគេជួយហើយដើម្បីអំណាចខ្លួន និងបក្ខពួករបស់ខ្លួនដដែលៗពួកគេមិនដឹងថាត្រូវចងក្រងគ្នា និងរៀបចំតាក់តែងរបៀបរបបដឹកនាំឲ្យទៅតាមដំណើរការកសាងសន្តិភាពតាមរយៈដោះស្រាយទំនាស់នោះទេ។

ករណីស្រុកខ្មែរនេះខុសពីប្រទេសមីយ៉ាន់ម៉ាគឺស្វែងយល់សិក្សាពីចំណុចខ្វះខាតក្នុងការកសាងសន្តិភាពនៅកម្ពុជាហើយមើលទៅបានជាគេធ្វើទៅតាមរបៀបដោះស្រាយទំនាស់របស់គេគឺអ្នកនយោបាយមិនទោរទន់ពឹងបរទេសទាំងស្រុងនោះទេគេខាំស្មៅនៅក្នុងស្រុករបស់គេតវ៉ាតាមបែបលទ្ធិប្រជាធិបតេយ្យ។

នៅទីបំផុតប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមឃើញពន្លឺសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តកាន់តែច្បាស់ទៅៗហើយអ្នកនយោបាយពូកែខាងស៊ីវិលធ្វើកិច្ចការស៊ីវិលទៅអ្នកពូកែគ្រប់គ្រងខាងកងកម្លាំងប្រដាប់អាវុធគឺធ្វើកិច្ចការរបស់ប្រទេសគេហើយក៏គ្មានប្រទេសជិតខាងណាហ៊ានឈ្លានពានដែរហ្នឹងហើយបានគេហៅថាអ្នកធ្វើការដើម្បីជាតិមិនបោកប្រាស់ពលរដ្ឋរបស់ខ្លួនមែនហើយមិនបានសម្តែងការសងសឹកគ្នា ឬក៏បង្ហូរឈាមនោះទេបើទោះបីជាបក្សកាន់អំណាចចាញ់ឆ្នោតហើយក៏ដោយ។

កាលពីសប្តាហ៍មុនរដ្ឋាភិបាលថ្មីបានដោះលែងអ្នកទោសនយោបាយដោយស្របច្បាប់។ សូម្បីតែលោក ថេន សេន អតីតប្រធានាធិបតីក៏បានផ្ទេរអំណាចហើយគាត់ទៅបួសជាព្រះសង្ឃលាងបាបផង និងលាឈប់ពីឆាកនយោបាយផងដែរនេះជាគំរូល្អសម្រាប់អ្នកនយោបាយស្រុកខ្មែរគួរណាស់តែយកចិត្តទុកដាក់យកធ្វើជាមេរៀនក្នុងការរក្សាសន្តិភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជាផងដែរជាជាងដាក់អន្ទាក់គ្នាដូចតុក្កតាឆ្មា និងកណ្តុរ និងបានត្រឹមតែអួតដាក់គ្នារឿងហ្វេសប៊ុកអត់ប្រយោជន៍។

តើអ្នកនិពន្ធអាចបញ្ឈប់លេងល្បែងដាក់អន្ទាក់ឆ្មា និងកណ្តុរត្រឹមវគ្គទី ១២ ហ្នឹងបានទេ?

តាមពិតទៅអ្នកនយោបាយទាំងគណបក្សដែលឈ្នះឆ្នោតបានស្វែងរកដំណោះស្រាយដោយសន្តិវិធីត្រឹមត្រូវទៅតាមទ្រឹស្តីនៃដំណើរការកសាងសន្តិភាពដើម្បីជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនខ្លះហើយដូចជាការចរចាការដាក់លក្ខខណ្ឌនៃការស្រុះស្រួលគ្នាការបង្កើតវប្បធម៌សន្ទនាជាមួយគ្នាជាដើម។ តែមកដល់ចំណុចសន្ទនានេះធ្វើឲ្យមានការរអាក់រអួលពិបាកបន្តទៅមុខទៀតអ៊ីចឹងចូលដល់មួយដំណាក់ គឺការស្វះស្វែងរកអ្នកទី ៣ (Mediator) ដើរតួជាអ្នកផ្សះផ្សារវាងឆ្មា និងកណ្តុរនោះ។

គឺទី ១) ឆ្មា ឬក៏កណ្តុរត្រូវដាក់ចិត្តដាក់កាយដើម្បីប្រទេសជាតិ និងពលរដ្ឋមែននោះដោយមិនគិតអ្នកអន់ ឬក៏ខ្សោយនោះទេគួរតែដាក់សំណើទៅព្រះមហាក្សត្រឲ្យព្រះអង្គដើរតួនាទីជាអ្នកផ្សះផ្សាដើម្បីឲ្យព្រះអង្គកោះអញ្ជើញទាំងឆ្មា ទាំងកណ្តុរមកជួបគ្នាជជែកគ្នាដោយយកសន្តិភាពនិយមជាគោល។

ទី ២) ឆ្មា ឬក៏កណ្តុរដាក់សំណើទៅបណ្តាប្រទេសនានាជាពិសេសប្រទេសសមាជិកអាស៊ានដើម្បីធ្វើជាអ្នកផ្សះផ្សាដូចឯកឧត្តម អាលី អាឡាតាស់ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ីធ្លាប់ធ្វើកន្លងមកចំពោះខ្មែរចតុភាគីដែលមានទំនាស់នឹងគ្នានោះ។

បើមានលទ្ធភាពដោយមិនចាំបាច់ឈានដល់រកអ្នកទី ៣ នេះទេគឺឆ្មា និងកណ្តុរសុទ្ធតែមានគណនីនៅក្នុងហេ្វសប៊ុកដូចគ្នាសាកល្បងទាក់ទងគ្នាតាមរយៈការសរសេរវិញម្តងមើលបើនិយាយគ្នាពិបាកស្តាប់ ឬក៏សំឡេងពិបាកទទួលគ្នាបើម្នាក់ៗតាំងខ្លួនជាអ្នកធ្វើការដើម្បីជាតិមែននោះ៕

 

វគ្គទី ១៣: ឆ្មាធ្វើឫកងឿកពេលឃើញក្រឡាស៊ីកណ្តុរមិនដាច់ឆ្នាំ ២០១៨

ល្បែងឆ្មា និងកណ្តុរ (Tom & Jerry) នៅក្នុងឆាកនយោបាយស្រុកខ្មែរនេះគឺចូលដល់វគ្គង៉ក់ងរបស់ឆ្មាវិញម្តងបន្ទាប់ពីដេញកណ្តុរចេញពីរន្ធបាត់ទៅហើយកណ្តុរ និងដៃគូព្យាយាមចង់ចូលក្នុងរន្ធប្រលែងលេងល្បិចដាក់គ្នាទៀត។

តែឆ្មាមិនព្រមដោយសារខ្លាចជាន់ដានខ្លួនឯងដែលបានលើកឡើងបើស្នើសុំលើកលែងទោសឲ្យកណ្តុរគឺឆ្មាហ៊ានកាត់ដៃចោល ឬក៏បើចរចាជាមួយក្រុមកណ្តុរគឺឆ្កែសុទ្ធ។ នេះមិនមែនជាបញ្ហាចោទសម្រាប់ឆ្មា និងកណ្តុរទេអ្វីៗគឺឆ្មាធ្វើដូចព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិដានៅក្នុងរឿងរាមកេរ្តិ៍ដូចរាល់ដងទៅគឺកណ្តុរអាចចូលក្នុងរន្ធវិញដើម្បីបន្តដាក់អន្ទាក់គ្នាទៀត។

តែអ្វីដែលសំខាន់នោះគឺថ្មីៗនេះឆ្មាបានចុះស្ទាបស្ទង់មើលសភាពជាក់ស្តែងនៅតាមមូលដ្ឋានមួយចំនួនឃើញថាអ្នកចូលរួមហាក់បីដូចជាមិនគគ្រឹកគគ្រេងដូចលើកមុនទំនងដូចជាឃើញក្រឡាស៊ីមិនដាច់កណ្តុរបើនៅក្នុងល្បែងវិញគេថា ៥០ ភាគរយម្នាក់។

ហេតុដូចនេះឆ្មាមិនហ៊ានប្រថុយប្រថានជាមួយកណ្តុរដូចមុនទេក្នុងការដណ្តើមកន្លែងគ្នានោះអ៊ីចឹងមានតែប្រើល្បិចដាក់អន្ទាក់ក្រុមកណ្តុរតាមរយៈសំណុំរឿងនៅក្នុងតុលាការហើយឆ្មាក៏ដឹងចិត្តកណ្តុរដែរឲ្យតែសម្លុតតែបន្តិចកណ្តុរដាក់មេផាយរត់ផាសក្រញ៉ាំចេញពីរន្ធហើយតាំងចាំដើរចាក់គូទឆ្មាពីក្រៅមកវិញ។

រីឯដៃគូកណ្តុរវិញតាំងខ្លួនឯងដូចជាអ្នកស្អាតស្អំដើរប្រូតាមភូមិសុទ្ធតែក្រុមឆ្មាបក្ខពួកស្រីញីអូនបង និងគ្រួសារនិយមតែដល់ពេលចូលដើរចុះដើរឡើងចូលក្លេរបស់ឆ្មាគឺខ្លួនឯងដើរជាន់ដានគេរឿងអាស្រូវស្រីញីដូចគេដែរមិនហ៊ានចេញមុខនៅក្នុងរន្ធសុទ្ធតែម្តង។ ជាផលវិបាកមិនត្រឹមតែជាប់អន្ទាក់ខ្លួនឯងទេតែជាប់អន្ទាក់អ្នកផ្សេងអត់ដឹងខ្យល់អីដែលធ្វើការទៅតាមកម្មវិធីរបស់ម្ចាស់ជំនួយវិញឯណោះទទេ។

ការដែលនៅក្នុងរន្ធមិនហ៊ានចេញគឺត្រូវបានឆ្មាចំអកឲ្យដៃគូកណ្តុរថា៖ «នៅស៊ីបាយនឹងចានស្រាក់ហ្នឹងទៅ» ជាងនេះទៅទៀត គឺនៅក្នុងក្រុមកណ្តុររបស់ខ្លួនកំពុងតែរកាំរកូសរឿងដៃគូកណ្តុរយកកូនស្រីប្រឡូកប្រឡាក់នៅក្នុងឆាកនយោបាយដូចក្រុមឆ្មាដែរហ្នឹងហើយកកូរកកាយពេញក្នុងក្រុមកណ្តុរដែរ។ ជាពិសេស គឺកូនស្រីដៃគូកណ្តុរជាអ្នករុកកួន និងធាក់ កញ្ញា ធី សុវណ្ណថា ចេញពីក្រុមធ្វើឲ្យគ្នារសាត់ត្រដែតទៅតាមវាយោក៏សម្រេចចិត្តចូលជាមួយក្រុមឆ្មាទៅហើយវ៉ៃបកមកក្រុមកណ្តុរវិញយ៉ាងចាស់ដៃដែលមហាជនទូទៅច្រើនតែហៅកញ្ញាថាជួបប្តឹង ឬក៏សាកលវិទ្យាធិការកំពុងតែបើកសាកលវិទ្យាល័យសិចសាស្ត្រ និងតណ្ហាសាស្ត្រ។

តើដៃគូកណ្តុរខ្លួនឯងហ្នឹងអះអាងថាខ្លួនពិតជាអ្នកស្អាតស្អំពិតមែនដែរទេ? ឥឡូវទាំងឪ ទាំងកូននាំគ្នាអំពាវនាវកាលពីសប្តាហ៍មុននេះឲ្យកណ្តុរចូលក្នុងរន្ធបានជាគ្នាជួយទប់សម្ពាធពីឆ្មាតែកណ្តុរមិនបានឆ្លើយតបភ្លាមៗនោះទេគឺធ្លាប់បានឆ្លើយនៅស្ថានីយទូរទស្សន៍ BBC នៅក្នុងកម្មវិធី Hard Talkថាខ្លួននឹងត្រឡប់មកវិញតែមិនដឹងពេលណាទេ។

រឿងកណ្តុរតែងតាំងខ្លួនធ្វើដូចជាលោក ណែលសុន ម៉ាន់ឌឺឡា (Nelson Mandela) អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងស៊ូស្លាប់រស់ជាមួយប្រជាពលរដ្ឋរបស់ខ្លួនដែលធ្លាប់ជាប់គុក ២៧ ឆ្នាំតែជាក់ស្តែងកណ្តុរដឹកនាំតាមបែបលោក ឡេនីន (Lenin) អតីតប្រធានាធិបតីសូវៀតសោះដែលដើរកៀរគរៗនៅខាងក្រៅប្រទេសទេដូចសព្វថ្ងៃនេះបានត្រឹមតែបង្ហោះហ្វេសប៊ុកឌឺដងឲ្យឆ្មាដែលមានហ្វេសប៊ុកដែរ។ បង្ហោះទៅបង្ហោះមកអួតដាក់គ្នាយូរៗទៅលែងមានអ្នកចង់មើលទាំងឆ្មាទាំងកណ្តុរព្រោះមើលទៅដដែលៗគ្មានអ្វីប្លែកសម្រាប់អ្នកអាននៅស្រុកខ្មែរគឺឃ្លាតកាយណាយចិត្តហើយ។

អ៊ីចឹងកណ្តុរកុំសង្ឃឹមរឿងដើរកៀរគរដូចឡេនីននៅអឺរ៉ុបនោះនៅស្រុកខ្មែរតែមុខអ្នកគាំទ្រក៏ភ្លេចមុខដែរ។

លក្ខខណ្ឌបច្ចុប្បន្ននេះគឺកណ្តុរអាចបាត់បង់សិទិ្ធបោះឆ្នោតព្រោះមិនបានទៅចុះឈ្មោះបោះឆ្នោតដូចដៃគូកណ្តុរនោះទេហើយតំណែងប្រធានក្នុងបក្សកណ្តុរកាន់បានតែ ២ អាណត្តិទេអ៊ីចឹងកណ្តុរបាត់បង់តំណែងប្រធានបក្សដោយស្វ័យប្រវត្តិឲ្យទៅដៃគូរបស់ខ្លួនអ៊ីចឹងកុំសូវកោកកាកខាងក្រៅអត់សូវបានការនោះទេ។

តើកណ្តុរគួរតែនៅក្រៅរន្ធរហូតដល់ថ្ងៃបញ្ចប់ធ្វើប័ណ្ណបោះឆ្នោត ឬក៏នៅក្រោយថ្ងៃបញ្ចប់ធ្វើប័ណ្ណបោះឆ្នោត? ព្រោះកណ្តុរអាចបាត់បង់បេក្ខជនធ្វើជានាយករដ្ឋមន្ត្រី។ តើកណ្តុរនៅក្រៅរន្ធខ្លាចអីដល់ណាទៀតបើអាយុកាន់តែចាស់ទៅៗហើយបានត្រឹមតែឌឺឲ្យឆ្មាថាកំសាកញីនោះ?

តាមពិតទៅកណ្តុរខ្លួនឯងហ្នឹងទេជាអ្នកកំសាកញីនោះនៅក្នុងល្បែងនយោបាយគេលេងសម្លុតគ្នាអ៊ីចឹងហើយបើអ្នកឯងចាញ់សម្លុតគេធ្វើនយោបាយធ្វើអ្វី? កាលពីសប្តាហ៍មុននេះបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្លុតលោកស្រីហ៊ីឡារី គ្លីនតុន ថាបើគាត់ជាប់ឆ្នោតគាត់នឹងចាប់លោកស្រី គ្លីនតុន ដាក់គុក។ តែបានអ៊ីចឹងលោកស្រី គ្លីនតុន មិនទាំងខ្លាចការសម្លុតរបស់លោកត្រាំផងវាជារឿងធម្មតាការសម្លុតគ្នានោះគឺទុកឲ្យអ្នកបោះឆ្នោតគេសម្រេចចិត្តដោយខ្លួនគេទៅអាក្រក់ល្អនោះ។

ករណីនេះបើនៅស្រុកខ្មែរវិញឆ្មាសម្លុតកណ្តុរ និងក្រុមកណ្តុរតាមរបៀបលោកត្រាំហ្នឹងរាល់តែដងទេតែកណ្តុរភ័យញ័ររត់ដាក់មេផាយបាត់។ តែបើកណ្តុរហ៊ានតែសម្លុតឆ្មាបែបលោក ត្រាំ វិញនេះគឺឆ្មាចាប់កណ្តុរស៊ីផុយចោទថាធ្វើរដ្ឋប្រហារទម្លាក់ទៅចាប់ដោយស្រួល។ តែឆ្មាមានល្បិចច្រើនណាស់ក្នុងប្រវត្តិដើរតួក្នុងឆាកនយោបាយចេះពត់ពេនខ្លួនទៅតាមវាយោដែរនៅពេលត្រូវការកណ្តុរធ្វើជាដៃគូគឺឆ្មាយកចិត្តយកថ្លើមលួងលោមធ្វើម៉េចឲ្យតែបានតំណែងតែនៅពេលបានយូរបន្តិចគឺឆ្មាចាប់ផ្តើមរកលេសធាក់កណ្តុរដែលជាដៃគូចោលហើយនេះជាចំណុចមួយដែលកណ្តុរត្រូវចាំល្បិចហ្នឹងកុំឲ្យកើតមានលើកក្រោយទៀត។

តែទោះបីជាយ៉ាងណាក៏ឆ្មានៅតែមានការបើកផ្លូវច្រកក្នុងការរកដំណោះស្រាយភាពតានតឹងទៅជជែកគ្នានៅក្នុងសភាមិនមានការចរចាក្រៅផ្លូវការណាមួយនោះទេ។

សំណួរសួរថា តើក្រុមកណ្តុរហ៊ានទៅប្រជុំសភាដែរឬទេ? បើឆ្មាសម្លុតមុនថាបើកូនប្រុសទៅបរទេសមានរឿងអីកើតឡើងគឺក្រុមកណ្តុរហើយ។ អ៊ីចឹងធ្វើឲ្យក្រុមកណ្តុររារែកក្នុងការចូលប្រជុំសភាព្រោះខ្លាចដូចកាលពីចុងឆ្នាំទៅត្រូវបានក្រុមឆ្មាវ៉ៃទៀត តើឆ្មាមានអីដែលធានាការចូលរួមប្រជុំនៅសភាមានសុវត្ថិភាពសម្រាប់ក្រុមកណ្តុរក្នុងការជជែកគ្នារឿងប្រទេសជាតិ និងរកដំណោះស្រាយបញ្ហាភាពតានតឹងនោះ? សូម្បីតែព្រះករុណា សីហមុនីក៏លើកទឹកចិត្តអ្នកនយោបាយទាំងអស់ឲ្យប្រកាន់នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអ៊ីចឹងទាំងក្រុមឆ្មាទាំងក្រុមកណ្តុរគួរតែបញ្ឈប់ការដាក់អន្ទាក់គ្នាទៀតទៅហើយស្វែងរកអ្វីដែលជាផលប្រយោជន៍ជាតិដូចការឃោសនានោះ។

បើក្រឡេកមើលអាយុទាំងឆ្មាទាំងកណ្តុរគឺសុទ្ធតែ ៧០ ឆ្នាំរៀងៗខ្លួនហើយ តើមានថាមពលដឹកនាំប្រទេសបានប៉ុន្មានទៀតនោះ? ចុះបើករណីអាចរកដំណោះស្រាយបាននៅសភាជាតិអ៊ីចឹងបើសិនជាក្រុមកណ្តុរទៅហើយមានការអីកើតឡើងការវាយតប់ដូចលើកមុនទៀតគឺករណីហ្នឹងទុកឲ្យម្ចាស់ឆ្នោតជាអ្នកសម្រេចទៅចុះព្រោះជាអន្ទាក់របស់ឆ្មាទាំងស្រុង។

បើទោះបីជាឆ្មាសម្លុតកណ្តុររហូតដល់ធ្វើការប្រៀបធៀបទៅនឹងសង្គ្រាមនៅប្រទេសស៊េរីដែលកំពុងតែខ្ទេចខ្ទាំនោះគឺនៅស្រុកខ្មែរមិនអាចកើតមានឡើងដូចនៅទីនោះបានទេព្រោះក្រុមឆ្មាភាគច្រើនសុទ្ធតែអ្នកមាន មានទ្រព្យសម្បត្តិច្រើនម្នាក់វីឡា ខុនដូ និងដីរាប់សិបហិកតារឿងអីទៅនាំគ្នាធ្វើសង្គ្រាមនោះ? រីឯកណ្តុរវិញពឹងសហគមន៍អន្តរជាតិតើឲ្យគេជួយយ៉ាងម៉េចបើរឿងកើតឡើងរប៉េះរប៉ោះហ្នឹងហើយឆ្មាក៏ឆ្លាតដែរធ្វើបានតែរប៉េះរប៉េះបង្អើលៗទៅមើលតែសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិថ្កោលទោសខ្លាំងឆ្មាធ្វើព្រលែងកណ្តុរវិញធ្វើដូចជាអត់មានរឿងអីកើតឡើងអ៊ីចឹង។

សរុបមកវិញទាំងឆ្មាទាំងកណ្តុរគឺអាចបង្កើតប្រវត្តិសាស្ត្របាននូវការបង្រួបបង្រួមជាតិជាធ្លុងមួយបើទោះបីជាការគំរាមសុទ្ធតែកាត់ដៃចោល ឬក៏ហៅឆ្កែសុទ្ធតែមិនអីទេឲ្យតែឆ្មាត្រូវចិត្តគឺឆ្មាដឹងរបៀបដោះស្រាយពេកហើយ ហើយបើកណ្តុរនៅតែខ្វិចខ្វិលតែនៅក្រៅរន្ធកុំសង្ឃឹមអ្នកគាំទ្ររង់ចាំបោះឆ្នោតឲ្យអ្នកនៅឆ្នាំ ២០១៨ ខាងមុខនោះ៕

%d bloggers like this: