ប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង (វគ្គ២-៥)

តៃគឺជាអ្នកបកប្រែពីភាសាថៃទៅភាសាអង់គ្លេស និងបានជួយសម្រួល ដល់ការសម្ភាសប្រជាជនថៃ។ ស្ទីហ្វានី គឺជាអ្នកបកប្រែឯកសារពីភាសាបារាំង នៅដើមសតវត្សរ៍ទី២០។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានធ្វើដំណើរជាច្រើនដង ទៅ កាន់តំបន់អន្លង់វែង និងត្រពាំងប្រាសាទដើម្បីធ្វើការសម្ភាស និងប្រមូលសម្ភារៈ និងឯកសារផ្សេងៗដែលផ្តល់ជាឯកសារយោង បន្ថែមដល់សៀវភៅនេះ។ ជាចុងក្រោយយើងសូមថ្លែងអំណរគុណចំពោះលោកឡុង ដានី,អេង កុកថាយ, និងលី សុខឃាង ដែលបានផ្តល់មតិយោបល់កែលម្អទៅលើសេចក្តីព្រាង នៃសៀវភៅនេះ ។  •
     សេចក្តីផ្តើម
ប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការវិនិច្ឆ័យផ្នែកសីលធម៌ ។ ដូច្នេះការសិក្សា អំពីប្រជាជននៅតំបន់អន្លង់វែង ពិបាកនឹងចៀស ឱ្យផុតអំពីផ្នត់គំនិតមួយនៃការ ចោទប្រកាន់ ។ អន្លង់វែង គឺជាតំបន់ចុងក្រោយរបស់របបខ្មែរក្រហម ដែលជារបប មួយទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍ការសម្លាប់រង្គាល និងសោកនាដ កម្មទាំងឡាយ ដែលមិនអាចរៀបរាប់អស់នៅក្នុងសង្គមកម្ពុជា។ ប្រជាជនកម្ពុជា ប្រមាណជិតពីរលាននាក់បានស្លាប់នៅក្នុងរបប ខ្មែរក្រហម ហើយរហូតមកដល់ ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជានៅតែតស៊ូជាមួយនឹងលទ្ធផលនៃប្រវត្តិសាស្ត្រនេះ ។ ប្រជាជនដែលរស់នៅតំបន់អន្លង់វែង ភាគច្រើន គឺជាអតីតកងទ័ព និងជា កម្មាភិបាលខ្មែរក្រហមដែលអតីតកងទ័ព មួយចំនួនប្រហែលជាធ្លាប់ចូលរួម ប្រព្រឹត្តអំពើឃោរឃៅ ។យើងអាចនិយាយម្យ៉ាងទៀតថា ការសិក្សាអំពីប្រជាជន នៅតំបន់អន្លង់វែង អាចងាយនឹងធ្វើឱ្យមនុស្សធ្លាក់ទៅក្នុងផ្នត់គំនិតនៃក្តីអាណិតអាសូរនៅពេលដែលរឿងរ៉ាវ នៃអំពើសោកនាដកម្មនៃរបប និងចលនា នេះបានរសាត់បាត់ទៅវិញ នៅពេលដែលយើងបានស្តាប់ ឮរឿងរ៉ាវ និងការតស៊ូ របស់ប្រជាជនម្នាក់ៗ ។

កម្មាភិបាល និងសមាជិកគ្រួសាររាប់ពាន់នាក់ ព្រមទាំងមេដឹកនាំកុម្មុយនិស្តជាន់ខ្ពស់មួយចំនួនផង ត្រូវបានចាប់ខ្លួន និងសម្លាប់នៅទូទាំង ប្រទេសកម្ពុជា ។ របបខ្មែរក្រហមបានចាប់ខ្លួនធ្វើទារុណកម្ម និងសម្លាប់សមាជិក របស់ខ្លួនដែលចូលរួមចលនាតាំងពីថ្ងៃដំបូង ហើយឱកាសនៃការរួចខ្លួនមានតិច តួចបំផុតប្រសិនបើបុគ្គលណាម្នាក់ ត្រូវបានចោទប្រកាន់ពីបទមិនស្មោះត្រង់។ ជាក់ស្តែងភាពភ័យខ្លាចបានក្លាយទៅជាឧបករណ៍មួយដែលបានដាក់ សង្គមកម្ពុជា ទាំងមូលឱ្យទៅជាទាសករ ។ ទោះបីជារបបខ្មែរក្រហមបានដួលរលំទៅហើយក្តីក៏ប្រជាជនកម្ពុជា នៅទូទាំងប្រទេស មិនថាអ្នកដែលរស់នៅក្នុងតំបន់ ឬក្រៅតំបន់ ដែលគ្រប់គ្រងដោយខ្មែរក្រហមនោះទេ ទទួលរងទុក្ខវេទនាយ៉ាងធំធេង។ សង្គ្រាម រវាងកងទ័ពវៀតណាម និងខ្មែរក្រហមរយៈពេលជាង១០ឆ្នាំ បានបង្កឱ្យមាន មនុស្សស្លាប់រាប់សែននាក់ដល់ភាគីទាំងសងខាង ។ អស់រយៈពេលជាច្រើនឆ្នាំ ការរស់នៅរបស់ប្រជាជនកម្ពុជា ត្រូវពឹងផ្អែកទៅលើជំនួយមនុស្សធម៌ ខណៈ ពេលដែលគ្រោះទុរ្ភិក្ស និងជំងឺនៅតែបន្តញាំញី ។ ទោះជាយ៉ាងនេះក្តី នៅពេលដែលប្រជាជនក្នុងតំបន់អន្លង់វែង អាចទទួលស្គាល់នូវផលវិបាកដ៏អាក្រក់នៃ ចលនាខ្មែរក្រហម ដែលខ្លួនបានចូលរួម និងទ្រទ្រង់នៅក្នុងកាលៈទេសៈជា ច្រើនឥរិយាបថរបស់ប្រជាជនទាំងនោះចំពោះរបបខ្មែរក្រហម គឺមិនសមាមាត្រ ទៅនឹងទំហំនៃអំពើឃោរឃៅដែលខ្លួនបានដឹងថាបានកើតមានឡើងនោះទេ។ ទោះបីជាមនុស្សគ្រប់រូបយល់ស្របថា ឧក្រិដ្ឋកម្មដ៏អាក្រក់បានកើតឡើងនៅក្នុង របបខ្មែរក្រហម និងបន្តកើតមានក្រោយមកទៀតក្តីក៏បុគ្គលមួយចំនួននៅតែមាន មនោសញ្ចោតនាស្រលាញ់ចំពោះអតីតកាលបែបនេះ ហើយមួយចំនួនទៀត នៅតែជឿជាក់ថាលទ្ធិកុម្មុយនិស្ត នៅតែអាចអនុវត្តន៍បាន ប្រសិនបើមានមេដឹកនាំ ល្អជាងនេះ ។ ដូចគ្នានេះនៅពេលដែលប្រជាជនជាច្រើនទទួលស្គាល់ថា មេដឹកនាំខ្មែរក្រហមមួយចំនួនដូចជាតាម៉ុកជាមនុស្សសាហាវឃោរឃៅ ក៏មនុស្សមួយចំនួននៅតែមានការគោរព ចំពោះតាម៉ុក ដែលអ្នកទាំងអស់នោះមិនអាច បំភ្លេចបាន ។

គោលបំណងនៃការនិពន្ធសៀវភៅនេះ គឺមិនមែន ដើម្បីផ្តន្ទាទោស ឬលើកសរសើរប្រជាជនដែលរស់នៅតំបន់អន្លង់វែងនោះទេ។ ផ្ទុយទៅវិញយើងសង្ឃឹមថានឹងអាច ផ្តល់ទស្សនៈមួយអំពីសហគមន៍មួយដែលមិនទាន់ត្រូវបានសិក្សា ឱ្យស៊ីជម្រៅ និងផ្តល់ជាសំឡេងមួយទៅឱ្យប្រជាជន មួយក្រុមដែលសំឡេងរបស់ គាត់មិនត្រូវបានដឹងឮគ្រប់គ្រាន់ពីមុនមក ។ វាគឺជាច្បាប់ជាសាកល ដែលថាសន្តិភាពត្រូវ បានកសាងឡើង និងថែរក្សាតាមរយៈការពិភាក្សា ដោយបើក   ទូលាយអំពីរឿងរ៉ាវដែលបានកើតឡើងពីអតីតកាល ។ យើងសង្ឃឹមថាសៀវភៅ នេះនឹងចូលរួមចំណែកក្នុងការសម្រេចឱ្យបានគោលដៅនេះដែលមជ្ឈមណ្ឌលឯកសារកម្ពុជា កំពុងតែធ្វើក្នុងការឆ្ពោះទៅបង្កើតមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។ សៀវភៅនេះចាប់ផ្តើមដោយការលើកឡើង អំពីការកកើតតំបន់អន្លង់វែងមុន ខ្មែរក្រហមចូលមកដល់ ។

        ជំពូក១ ពិភាក្សាអំពីប្រវត្តិសាស្ត្រតំបន់អន្លង់វែង និងប្រទេសកម្ពុជា នៅ អំឡុងពាក់កណ្តាលទី១ នៃសតវត្សរ៍ទី២០ ។                   ជំពូក២បង្ហាញអំពីការកកើតឡើងនៃចលនា កុម្មុយនិស្ត នៅឥណ្ឌូចិន ដែលគ្រប់គ្រងដោយ អាណានិគមបារាំង និងការមកដល់តំបន់អន្លង់វែងដំបូងរបស់ខ្មែរក្រហម ។

      ជំពូក៣ ពិភាក្សាអំពីជីវិតរបស់ប្រជាជននៅក្រោមរបបខ្មែរក្រហម ដែលដំបូងឡើយជា សហគមន៍រួមមួយ ហើយក្រោយមកក្លាយទៅជាសហករណ៍ ។

            ជំពូក៤ និយាយអំពីព័ត៌មានលម្អិតអំពីបរាជ័យរបស់ខ្មែរក្រហម ដោយសារកងទ័ពវៀតណាម។ ជំពូកនេះពិភាក្សាអំពីការរត់បែកខ្ចាត់ខ្ចាយរបស់ប្រជាជនកម្ពុជា និងបទពិសោធ របស់កងទ័ពជនស៊ីវិល និងសមាជិកក្រុមគ្រួសាររបស់ប្រជាជនទាំងអស់នោះ។

          ជំពូក៥ និងជំពូក៦ ឆ្លុះបញ្ចាំង អំពីតំបន់អន្លង់វែងនៅក្រោមការគ្រប់គ្រង របស់វៀតណាម និងការរៀបចំ រចនាសម្ព័ន្ធឡើងវិញរបស់ខ្មែរក្រហមនៅលើ ភ្នំដងរែក ។ ទោះបីជារបបខ្មែរក្រហមត្រូវបានផ្តួលរំលំចេញពីអំណាច និងទទួលបរាជ័យនៅសមរភូមិក៏ដោយ ក៏របបនេះអាចរៀបចំកម្លាំងរបស់ខ្លួនឡើងវិញឱ្យ ទៅជាកម្លាំងទ័ពព្រៃតាមរយៈជំនួយបរទេស ។

   ជំពូក៧ និងជំពូក៨ សិក្សាអំពីជីវិត ជាកងទ័ពឈ្លប ។ ជំពូក៧ផ្តោតសំខាន់ទៅលើយុទ្ធវិធី និងយុទ្ធសាស្ត្រកងទ័ព របស់ខ្មែរក្រហម ។ ជំពូក៨ ប្រមើលមើលអំពីការតស៊ូរបស់ប្រជាជន សាមញដែល ធំដឹងក្តីនៅក្នុងជំរំកងទ័ព និងជំរំជនភៀសខ្លួន ។

        ជំពូក៩ បង្ហាញទិដ្ឋភាពផ្សេងៗ ជុំវិញកម្លាំងនយោបាយអន្តរជាតិ ដែលបានជួយឱ្យខ្មែរក្រហមរក្សាបាននូវចលនា តស៊ូបែបកងទ័ពព្រៃរបស់ខ្លួន ។ ជំពូកនេះស្តែងឱ្យឃើញអំពីរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៃចលនាខ្មែរក្រហម នៅថ្នាក់ខ្ពស់ និងបង្ហាញអំពីទំព័រថ្មីនៃ ការដឹកនាំរបស់តាម៉ុក ។

ជំពូក១០ រៀបរាប់អំពីបុគ្គលិកលក្ខណៈរបស់តាម៉ុក ជាមួយនឹងគម្រោងសាងសង់ជាច្រើន និងទំនាក់ទំនងរវាងតាម៉ុក និងប្រជាជននៅក្នុងតំបន់អន្លង់វែង ។

  ជំពូក១១ដល់ជំពូក១៣ ពិភាក្សាអំពីថ្ងៃចុងក្រោយនៃថ្នាក់ ដឹកនាំរបស់ចលនា ខ្មែរក្រហម ។ ជំពូកទាំងនេះ គ្របដណ្តប់ទំនាស់ផ្ទៃក្នុងរវាង ប៉ុល ពត និង តាម៉ុក ព្រមទាំងការចាប់ខ្លួន និងការកាត់ទោសប៉ុលពត ។ ជំពូក១៤ ពិពណ៌នាអំពីព្រឹត្តិការណ៍ផ្សេងៗ ដែលនាំទៅដល់ការប្រយុទ្ធគ្នាចុងក្រោយ នៅក្នុងតំបន់អន្លង់វែង និងការដួលរលំចុងក្រោយ។ជំពូក១៥ និងជំពូក១៦ សង្ខេប ប្រវត្តិសាស្ត្រសហគមន៍តំបន់អន្លង់វែងឡើងវិញ ដោយដំបូងឡើយពិភាក្សាអំពី ប្រវត្តិសាស្ត្រនេះពីទស្សនៈរបស់អ្នកខាងក្រៅ និងបន្ទាប់មកទស្សនៈរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់អន្លង់វែងនេះ។

        ជំពូក១
•          ប្រវត្តិសាស្ត្រដំបូងនៃតំបន់អន្លង់វែង

តំបន់អន្លង់វែង ត្រូវបានបង្កើតឡើងតាំងពីយូរអង្វែងណាស់មកហើយមុនពេលដែលតំបន់នេះក្លាយទៅជាតំបន់កាន់កាប់ ចុងក្រោយដ៏ល្បីល្បាញរបស់ ចលនាកុម្មុយនីស្តខ្មែរក្រហម ។ នៅឆ្នាំ១៩០៥ តំបន់អន្លង់វែងត្រូវបានទទួលស្គាល់ដោយអ្នក គូរផែនទីជនជាតិបារាំងនៅពេលដែលអ្នកគូរផែនទីទាំងនេះ កំពុងបង្កើតខ្សែបន្ទាត់ព្រំដែនកម្ពុជាជាមួយនឹងប្រទេស ជិតខាងភាគខាងជើង។ ដូចសហគមន៍ផ្សេងៗទៀត ដែលត្រូវបានបង្កើតឡើងនៅតាមបណ្តោយព្រំដែនខាងទឹកដីថៃដែរ តំបន់អន្លង់វែង ត្រូវបានតាំងទីលំនៅដោយជនជាតិខ្មែរ ដែលបានធ្វើចំណាកស្រុកមកពីភាគខាងត្បូងនៃទឹកដីសៀម ដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តស៊ីសាកេត ប្រទេសថៃ។

             រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល
តំបន់អន្លង់វែងមានប្រវត្តិផ្លាស់ប្តូរច្រើនដង រវាងការគ្រប់គ្រងដោយកម្ពុជា និងការគ្រប់គ្រងដោយថៃ ។ មុនឆ្នាំ១៨៦៧ អន្លង់វែងស្ថិតនៅក្នុងទឹកដីកម្ពុជា។ រវាងឆ្នាំ១៨៦៧ និងឆ្នាំ១៩០៧ អន្លង់វែងស្ថិតនៅក្នុងអតីតខេត្តថៃមួយ ដែល      មានឈ្មោះសៀមណាខន។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណា ព្យាបាលបារាំង ។ ដោយមានការដាក់ សម្ពាធពីបារាំង សៀមបានប្រគល់ខេត្ត បាត់ដំបង និងសៀមរាបមកឱ្យកម្ពុជាវិញ នៅឆ្នាំ១៩០៧ ។

នៅឆ្នាំ១៩៤១ តំបន់អន្លង់វែងនេះបានធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់ថៃជាថ្មីម្តងទៀតបន្ទាប់ពីមានជម្លោះមួយរយៈពេលខ្លី រវាងថៃ និងបារាំង។ នៅ ចន្លោះឆ្នាំ១៩៤១ និងឆ្នាំ១៩៤៦ អន្លង់វែងត្រូវបានបញ្ចូលទៅក្នុងខេត្តរបស់ថៃដែលមានឈ្មោះថា ប្លែកភីបុន សង់ក្រាម ដែលជាឈ្មោះរបស់អតីតនាយក រដ្ឋមន្ត្រីថៃនាពេលនោះ ។ នៅក្នុងដំណាក់កាលនេះថៃបានគ្រប់គ្រង ខេត្តសៀមរាប និងខេត្តបាត់ដំបង របស់ខ្មែររហូតដល់ឆ្នាំ១៩៤៦ នៅពេលដែលបារាំង និងថៃចុះកិច្ចព្រមព្រៀងលើ សន្ធិសញ្ញាព្រំដែនដែលបានប្រគល់ខេត្តទាំងពីរមកឱ្យកម្ពុជាវិញ ។ នៅក្នុងសម័យសង្គមរាស្ត្រនិយមខេត្តឧត្តរមានជ័យ ត្រូវបានបង្កើត ឡើងដោយកាត់ចេញពីខេត្តសៀមរាប ។ ទោះជាយ៉ាងនេះក្តី ក្រោយឆ្នាំ១៩៧០ តំបន់អន្លង់វែងក្លាយទៅជា “ដែនដីមួយដែលមិនមានរដ្ឋបាលគ្រប់គ្រង ដែលនៅឆ្លាស់គ្នាក្រោមខេត្ត ឬជាស្រុកទៅតាមរបបដឹកនាំក្រោយៗមកទៀត ។ នៅឆ្នាំ១៩៩៩ ខេត្តឧត្តរមានជ័យ ត្រូវបានបង្កើតឡើងវិញ ហើយតំបន់អន្លង់វែង ដែលធ្លាប់ជាភូមិមួយបានក្លាយទៅជាស្រុក មួយ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរហូតដល់សព្វថ្ងៃ ។

             តំបន់អន្លង់វែង និងតំបន់ជុំវិញនៅមុនឆ្នាំ១៩៨០
ស្ថិតនៅចម្ងាយប្រមាណ១២៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងចម្ងាយប្រហែល១២គីឡូម៉ែត្រពីជួរភ្នំដងរែក អន្លង់វែងមានប្រវត្តិជាតំបន់ដាច់ស្រយាល នៃប្រទេសកម្ពុជា ។ នៅក្នុងរជ្ជកាលព្រះបាទសម្តេចព្រះ នរោត្តម (១៨៦០-១៩០៤) និងនៅក្នុងស្ទើរមួយរយៈកាលនៃរបបអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣) រដ្ឋបាលរបស់ប្រទេសកម្ពុជា មិនសូវមានការយកចិត្តទុកដាក់ទៅ លើតំបន់ជនបទ ហើយរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនេះស្ទើរតែគ្មានវត្តមាន នៅតាមតំបន់ដាច់ស្រយាលទាំងឡាយនៃព្រះរាជាណាចក្រ។

ដោយសារតែមានការខ្វះខាតផ្លូវថ្នល់ ប្រព័ន្ធទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធតំបន់អន្លង់វែងមិនទទួលឥទ្ធិពលពី រដ្ឋាភិបាលសៀម និងរដ្ឋាភិបាលកម្ពុជាទេ ។ ជាងនេះទៅទៀត ស្ថានភាពនៅតំបន់អន្លង់វែងហាក់មិនមានការប្រែប្រួលទេ ទោះបីជាបារាំងបានចូលមកគ្រប់គ្រងប្រទេសកម្ពុជាក៏ដោយ។

នៅក្នុងរយៈកាលដ៏រុងរឿងនៃអារ្យធម៌អង្គរ អាណាចក្រខ្មែរលាតសន្ធឹង ទៅភាគខាងជើងរហូតដល់ប្រទេសចិន ដែលរាប់បញ្ចូលស្ទើរតែទាំងអស់នៃទឹកដី ថៃនាពេលបច្ចុប្បន្ននេះ ។ ប៉ុន្តែដោយសារមូលហេតុមួយចំនួន ដែលនៅតែជា ប្រធានបទនៃការជជែកដេញដោលគ្នារហូតមកដល់សព្វថ្ងៃនេះ អាណាចក្រអង្គរ បានធ្លាក់ចុះយ៉ាងលឿននៅសតវត្សរ៍ទី១៤ នៅពេលដែលប្រទេសជិតខាងកម្ពុជា បានបង្កើនអំណាចរបស់ខ្លួនឡើងជាលំដាប់ ។ រហូតមកដល់សតវត្សរ៍ទី១៨ ដោយសារតែសង្គ្រាម ភាពចលាចលនៅក្នុងសង្គម និងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច កម្ពុជាធ្លាក់ចូលទៅក្នុងភាពទន់ខ្សោយ ដែលងាយនឹងទទួលរងការឆក់ប្លន់ និងការ បាត់បង់ ទឹកដីទៅអ្នកជិតខាងដ៏មានអំណាចរបស់ខ្លួន គឺប្រទេសអាណាម និងសៀម (ដែលជាប្រទេសវៀតណាម និងប្រទេសថៃនាពេលបច្ចុប្បន្ន) ។ ដោយបាត់បង់អធិបតេយ្យភាពទៅប្រទេស ជិតខាង ព្រះបាទសម្តេចព្រះអង្គឌួង (១៨៤១-១៨៦០) បានស្វែងរកការការពារពីបារាំងដែលនៅទីបំផុតបង្កើតបាននូវ សន្ធិសញ្ញាឆ្នាំ ១៨៦៣ រវាងព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះបាទនរោត្តម និងបារាំង ។

សន្ធិសញ្ញាឆ្នាំ១៨៦៣ បានបង្កើតអាណាព្យាបាលបារាំងមកលើប្រទេសកម្ពុជាដែលសន្ធិសញ្ញានេះបានផ្តល់សិទ្ធិដល់បារាំង ក្នុងការគ្រប់គ្រងទៅលើផ្នែកពាណិជ្ជកម្មដែនដី និងសាសនា ។ ចំណែកឯព្រះបាទនរោត្តម នៅបន្តដឹកនាំកិច្ចការនយោបាយ និងរដ្ឋបាលផ្ទៃក្នុង ។ ក្រោយៗមកទៀត ជាពិសេសបន្ទាប់ ពីឆ្នាំ១៨៨៤កិច្ចការទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រង របស់អាជ្ញាធរបារាំង ។

ស្ថាប័នសង្គម និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហាក់មានការផ្លាស់ប្តូរតិចតួចណាស់នៅចន្លោះ ឆ្នាំ១៨៦៣ ដល់ចុងសតវត្សរ៍ទី១៩ ។ ដោយ ផ្ទុយគ្នាទៅនឹងបែបផែនជីវិតរបស់រាជវង្សានុវង្ស និងក្រុមគ្រួសារអភិជន ប្រជាជនកម្ពុជាភាគច្រើនមានកម្មសិទ្ធិតិចតួចណាស់ក្រៅពីសម្លៀកបំពាក់សម្ភារៈ ផ្ទះបាយនិងសម្ភារៈធ្វើស្រែចម្ការ ។ “ប្រជាជនទាំងនោះរស់នៅតាមទម្លាប់ដែល ដូនតារបស់ខ្លួនបានអនុវត្តន៍អស់រយៈពេលជាច្រើនពាន់ឆ្នាំ នៅក្នុងផ្ទះខ្ទមប្រក់ ស្លឹកត្នោត សង់ខ្ពស់ផុតពីដី ដើម្បីឱ្យមានខ្យល់ចេញចូល និងការពារពីទឹកជំនន់ សត្វពស់ និងសត្វល្អិតផ្សេងៗ ។ ”ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានគ្រឹះនៃជីវិត របស់អ្នកភូមិ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងក្នុងចំណោមអ្នករស់នៅក្បែរខាងគ្នា ក៏ដូចជាសហគមន៍ទាំងមូល ។ ការដោះដូរផ្នែកសេដ្ឋកិច្ចនិងសង្គម ត្រូវបានកំណត់ដោយលក្ខខណ្ឌភូមិសាស្ត្រ មិនអំណោយផលហើយនៅតំបន់ដាច់ស្រយាល ដូចជាតំបន់អន្លង់វែងភូមិទាំងឡាយហាក់ដូចជាកោះនៅក្នុងសមុទ្រ ព្រៃដ៏ក្រាស់។ យើងអាចស្រមៃ ឃើញថា មន្ត្រីបារាំងដែលបានធ្វើដំណើរស្វែងយល់តាមបណ្តោយព្រំដែនកម្ពុជា-សៀម នៅឆ្នាំ១៩០៥ ប្រហែលជាបានប្រទះឃើញស្ថានភាព ប្រហាក់ប្រហែលគ្នានេះ ។ ដូចដែលប្រវត្តិវិទូមួយរូបបានលើកឡើង “ទោះបី ជាពីរជ្ជកាលមួយទៅរជ្ជកាលមួយមាន ការធ្លាក់ចុះស្ថានភាពនៅតាមភូមិ ស្រុកនៅតែដដែល ។ ” តំបន់អន្លង់វែងហាក់ដូចជាមិនមានការប្រែប្រួលច្រើនទេ ទោះបីជាតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរ ឬសៀម។ សៀមហាក់ ដូចជាមិនជំទាស់ក្នុងការអនុញ្ញាតឱ្យប្រជាជនខ្មែរបន្តប្រតិបត្តិទំនៀមទម្លាប់ចាស់របស់ខ្លួន នៅក្នុងខេត្តទាំងឡាយ ដែលសៀមបានកាត់យក។ សម្រាប់តំបន់ដាច់ ស្រយាលដូចជាអន្លង់វែង និងតំបន់ដែលស្ថិត នៅភាគខាងជើងជួរភ្នំដងរែក ក្នុងទឹកដីសៀមប្រជាជនខ្មែរនៅតែបន្តអនុវត្តន៍របស់ខ្លួន ដូចដែលខ្លួនធ្លាប់បានអនុវត្តន៍ អស់ជាច្រើនសតវត្សរ៍កន្លងមក ។ ជនជាតិថៃម្នាក់ដែលធ្លាប់រស់នៅ អន្លង់វែងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ បានរៀបរាប់ថា ភាសាខ្មែរ គឺជាភាសាដែលប្រជាជនភាគច្រើននិយាយ ទាំងនៅលើទឹកដីថៃ និងទឹកដីខ្មែរ រហូតដល់ពាក់ កណ្តាលសតវត្សរ៍ទី២០។ “ប្រជាជនស្ទើរតែមួយរយភាគរយនិយាយភាសាខ្មែរ នៅទីនោះ ។ ប៉ុន្តែបច្ចុប្បន្នប្រជាជន នៅទីនេះ (សំដៅទៅលើប្រជាជនដែលរស់ នៅក្នុងខេត្តស៊ី សាកេតប្រទេសថៃ) ស្ទើរតែមួយរយភាគរយនិយាយភាសាថៃ ។

               •រឿងរ៉ាវរបស់ចោរប្លន់ម្នាក់
នៅខែវិច្ឆិកាឆ្នាំ១៩០៧ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនចោរប្លន់ម្នាក់ ដែល មានឈ្មោះថា អាឃួន ដែលបានចូលរួមប្រព្រឹត្តអំពើឆក់ប្លន់នៅក្នុងតំបន់ ។ អាឃួន បានរត់គេចខ្លួនពីរ បីថ្ងៃបន្ទាប់ពីជាប់ឃុំឃាំង ។ ប៉ុន្តែមុនពេលគេចខ្លួន អាឃួន បានប្រាប់រឿងមួយចំនួនទាក់ទងទៅនឹងក្រុមចោរប្លន់ ដែលធ្វើឱ្យអាជ្ញាធរបារាំង ដឹងកាន់តែច្បាស់អំពីការសង្ស័យរបស់ខ្លួនអំពីអំពើសមគំនិតរបស់មន្ត្រីរាជការ ស៊ីវិលសៀម នៅក្នុងអំពើឆក់ប្លន់នោះ ។ អាឃួន គឺជាជនជាតិខ្មែរម្នាក់ដែល រស់នៅក្នុងភូមិធ្នង់ ខេត្តចុងកាល់ (ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន) ។ នៅដើម ខែតុលា ឆ្នាំ១៩០៨ ក្រុមចោរដែលមានគ្នាប្រហែល៦០នាក់ ប្រដាប់ដោយ កាំភ្លើង និងដាវ បានចូលមកក្នុងភូមិរបស់អាឃួន ។ មេចោរបានចាត់គ្នារបស់ខ្លួន ប្រហែល៣០នាក់ ឱ្យដើរប្រមូលអ្នកភូមិ និងចាប់បញ្ជូនអ្នកភូមិទាំងនោះទៅឃុំ  គោល ខេត្តសង់គៀក ប្រទេសសៀម ។ អាឃួន ស្ថិតនៅក្នុងអ្នកភូមិ ដែលក្រុម ចោរបានកៀរយកទៅ ។ ក្រុមចោរបានប្រមូលប័ណ្ណបង់ពន្ធទាំងអស់របស់អ្នកភូមិ ហើយកម្ទេចចោល ដោយបាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកភូមិទាំងអស់ ជាប់ពាក់ព័ន្ធជាមួយនឹងបារាំងទៀតទេ ។ មិនតែប៉ុណ្ណោះ ក្រុមចោរទាំងនោះបាន ដើរប្រមូលសត្វគោ និងសត្វចិញ្ចឹមផ្សេងៗទៅជាមួយ ប៉ុន្តែបានបោះបង់ចោលទៅ វិញ ដើម្បីកុំឱ្យយឺតដំណើររបស់ខ្លួន ។ ក្រុមចោរបានបង្ខំអាឃួន ឱ្យធ្វើជាអ្នក នាំផ្លូវនៅក្នុងការចូលទៅឆក់ប្លន់ភូមិផ្សេងៗទៀត នៅក្នុងទឹកដីខ្មែរ ។ ក្រុមចោរបាន បញ្ជាឱ្យអាឃួន នាំពួកខ្លួនទៅភូមិដូនលក ភូមិទង ក្នុងខេត្ត ចុងកាល់ ។ នៅក្នុង ភូមិទាំងពីរ ក្រុមចោរបានចាត់ឱ្យកម្លាំងរបស់ខ្លួនដើរប្រមូលអ្នកភូមិ ហើយនាំ យកទៅប្រទេសសៀម ។ សមាជិកក្រុមដែលនៅសេសសល់បានបន្តទៅប្លន់នៅ អន្លង់វែង។ ប៉ុន្តែដោយសារតែភ្លៀងធ្លាក់ខ្លាំងក្រុមចោរទាំងអស់ នោះមិនអាច ធ្វើដំណើរទៅដល់តំបន់អន្លង់វែងនោះបានទេ ។ ដោយសារសមាជិកភាគច្រើន មិនចេះហែលទឹក ក្រុមចោរទាំងអស់នោះបានសម្រេចចិត្តវិលត្រឡប់ទៅប្រទេស សៀមវិញ ។

            អំពើឆក់ប្លន់
យើងអាចធ្វើការប៉ាន់ស្មានបានថា ដោយសារតំបន់អន្លង់វែងស្ថិតនៅឆ្ងាយ ពីការគ្រប់គ្រងរបស់រដ្ឋាភិបាល យើងមិនអាចដឹងអំពីប្រវត្តិដើមរបស់ប្រជាជន ដែលបានមកតាំងទីលំនៅក្នុងតំបន់នេះដំបូងបង្អស់បានទេ ។ នៅក្រោមការជិះជាន់ របស់ក្រុមអភិជន និងមន្ត្រីរាជការក្នុងតំបន់ប្រជាជនសាមញ្ញជាញឹកញយ ទទួល រងការចាប់កំណែនកងទ័ព ការបង្ខំឱ្យធ្វើការងារធ្ងន់ និងការបង់ពន្ធ ។ ដោយពុំ មានមធ្យោបាយក្នុងការការពារខ្លួន ប្រជាជនភាគច្រើនយល់ឃើញថា មានតែ តំបន់ព្រៃភ្នំ និងតំបន់តាមព្រំដែនទេ ជាតំបន់មានសេរីភាពផុតពីកណ្តាប់ដៃ របស់អាជ្ញាធរ ។ ប៉ុន្តែនេះមិនមែនមានន័យថា ប្រជាជនទាំងនេះសុទ្ធតែភៀស ខ្លួនចេញពីការធ្វើទុក្ខបុកម្នេញនោះទេ ។ ការឆក់ប្លន់នៅតាមភូមិកើតមានឡើង នៅក្នុងប្រទេសកម្ពុជាជាច្រើនសតវត្សរ៍មកហើយ ហើយអំពើនេះភាគច្រើនកើត ឡើងនៅ “ទីតាំងដែលមានលក្ខខណ្ឌភូមិសាស្ត្រអំណោយផលដែលអាចឱ្យក្រុមចោរប្លន់រត់គេចខ្លួនចូលទៅក្នុងព្រៃ ភ្នំឬរត់ឆ្លងព្រំដែនõ ។

ប៉ុក តឿក អ្នកភូមិម្នាក់នៅ អន្លង់វែង បានរំលឹករឿងរ៉ាវដែលចាស់ៗ នៅក្នុងភូមិធ្លាប់តំណាលប្រាប់គាត់អំពីតំបន់អន្លង់វែង ក្នុងសតវត្សរ៍ទី២០ ។ ‘‘អន្លង់វែង ត្រូវបានហៅថា ជាភូមិចោរ ពីព្រោះប្រជាជននៅក្នុងតំបន់នេះ បានចូលលួចគោ ពីខេត្តសៀមរាប ទៅលក់នៅប្រទេសថៃ ។ នៅពេលនោះប្រជាជន នៅអន្លង់វែងពុំមានការងារឬអាជីវកម្ម ពិតប្រាកដទេ” ។ ទោះបីជាតាមការពិត អន្លង់វែង ប្រហែលជាមិនមែនជា “ភូមិចោរ” ក្តី ក៏ យើងអាចសន្និដ្ឋានបានថាលក្ខខណ្ឌ ភូមិសាស្ត្រតំបន់អន្លង់វែង បានអូសទាញក្រុមចោរជាច្រើនឱ្យមកតាំង ទីលំនៅជាមួយនឹងប្រជាជនទូទៅដែរ ។

មកត្រឹមឆ្នាំ១៨៩២ រដ្ឋាភិបាលអាណានិគមបារាំង បានគ្រប់គ្រងលើ ការប្រមូលយកពន្ធដារស្ទើរតែទាំងអស់ ហើយក្រោយមកបារាំងបានគ្រប់គ្រង មកលើរដ្ឋបាលខ្មែរស្ទើរតែគ្រប់ផ្នែក ។ ការយាងសោយព្រះទិវង្គតរបស់ព្រះបាទ នរោត្តម និងការឡើងគ្រងរាជ្យរបស់ព្រះអនុជរបស់ព្រះអង្គ គឺព្រះបាទស៊ីសុវត្ថិ នៅឆ្នាំ១៩០៤ បង្កើតបាននូវរជ្ជកាលថ្មីមួយ នៃការប្រមូលផ្តុំអំណាច រដ្ឋបាល កាន់តែខ្លាំងជាងមុន និងការប្រមូលពន្ធដារកាន់តែច្រើនឡើងពីសំណាក់បារាំង ដែលប្រការទាំងនេះ បានបង្កឱ្យមានវិបត្តិសង្គមកាន់តែខ្លាំងឡើង ។ ខណៈពេលដែលបារាំងបង្កើនការគ្រប់គ្រង ទៅលើរដ្ឋបាល ការប្រមូលពន្ធ និងកាតព្វកិច្ច ផ្សេងៗទៀតកាន់តែខ្លាំងឡើងប្រជាជនបានរត់ចូលកាន់តែជ្រៅ ទៅរស់នៅក្នុងព្រៃ និងតាម តំបន់ព្រំដែន ។ នៅពេលដែលតំបន់ ព្រៃទាំងនោះក៏ត្រូវបានគ្រប់គ្រងកាន់ តែខ្លាំងឡើងប្រជាជនមួយចំនួនបានចាប់ផ្តើមផ្លាស់ទីលំនៅទៅកាន់ប្រទេសសៀម ឬប្រទេសឡាវ ក្នុងអំឡុងពេលនៃការប្រមូលពន្ធ និងវិលត្រឡប់មកវិញនៅពេល ដែលអាជ្ញាធរចាកចេញទៅវិញ ។

តំបន់ព្រំដែនបានក្លាយទៅជាផ្លូវសម្រាប់ជន ដែលរត់គេចចេញពីការ បង់ពន្ធ និងជាតំបន់ជម្លោះ ។ នៅឆ្នាំ១៩០៧ បារាំង បានចរចាឱ្យថៃប្រគល់ខេត្ត បាត់ដំបង និងខេត្តសៀមរាបមកឱ្យកម្ពុជាវិញ។ ទោះបីជាសៀមត្រូវបានបង្ខំយ៉ាងណាក៏ដោយ ក៏សៀមមិនសុខចិត្តប្រគល់ខេត្តទាំងពីរនេះមកឱ្យកម្ពុជាវិញដោយសន្តិវិធីដែរ។

នៅក្នុងឆ្នាំដដែលនោះដែរ នៅពេលដែលកម្ពុជាទាមទារមកវិញនូវ ទឹកដីភាគខាងជើង និងភាគខាងលិចពីសៀម កម្ពុជាក៏ទទួលរងការវាយប្រហារ យ៉ាងខ្លាំងជាបន្តបន្ទាប់ពីសំណាក់ក្រុមចោរប្លន់ នៅក្នុងខេត្តបាត់ដំបង និងតំបន់ អន្លង់វែង ។

នៅឆ្នាំ១៩០៧ របាយការណ៍សំខាន់ៗជាច្រើនបានរៀបរាប់អំពីក្រុមចោរប្លន់ដែលបានធ្វើប្រតិបត្តិការនៅលើទឹកដី ភាគខាងជើង និងខាងលិចនៃ ប្រទេសកម្ពុជា ។ ប្រជាជននៅក្នុងភូមិបានរាយការណ៍ទៅមន្ត្រីបារាំងថាក្រុមចោរប្លន់ ប្រហែលពី៦០ទៅ៩០នាក់មកពីសៀម បានចូលមកក្នុងភូមិជាច្រើន នៅអន្លង់វែង និងតំបន់មួយចំនួននៅក្នុងខេត្តបាត់ដំបង ដោយបានបង្ខំប្រជាជន ឱ្យទៅប្រទេសសៀមជាមួយខ្លួន ដោយបានគំរាមសម្លាប់ ។ អ្នកភូមិជាច្រើនមាន ការភ័យខ្លាច ហើយបានរត់ភៀសខ្លួនទៅកាន់ភូមិមួយចំនួនរបស់សៀម ដូចជា ភូមិសង់គា បាសាន ឬចូលជ្រៅទៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន ។ បន្ទាប់ពី ក្រុមចោរប្លន់បានចាកចេញ អាជ្ញាធរបារាំងបានធ្វើ ដំណើរទៅកាន់តំបន់ទាំងនោះ ដើម្បីធ្វើការស៊ើបអង្កេត គឺគ្រាន់តែទៅមើលគ្រួសារសេសសល់មួយចំនួនតូច  ប៉ុណ្ណោះ ។

ដោយទទួលស្គាល់ពីការគំរាមកំហែងក្នុងទ្រង់ទ្រាយធំបែបនេះ អាជ្ញាធរ បារាំង បានចាត់តាំងកម្លាំងឈ្លបប្រហែល១៥នាក់ ឱ្យធ្វើដំណើរទៅកាន់ព្រំដែន ក្នុងតំបន់អន្លង់វែង ដើម្បីសង្កេតមើល ។

ជីវិតនៅអន្លង់វែង នៅក្នុងរយៈកាលនោះ មានភាពឯកោ និងលំបាក ។ មានទំនាក់ទំនងតិចតួចណាស់ទៅកាន់ពិភព ខាងក្រៅ ។ ដូច្នេះកម្លាំងប៉ូលិសណា ដែលត្រូវបានចាត់តាំងឱ្យទៅប្រចាំការនៅតំបន់ទាំងនោះ ត្រូវពឹងផ្អែកទាំងស្រុង ទៅលើធនធាននៅក្នុងតំបន់ទាំងនោះ ។ ដោយយល់ឃើញពីស្ថានភាពលំបាក នៅតំបន់ទាំងនោះ អាជ្ញាធរបារាំង បានសម្រេចផ្លាស់ប្តូរកម្លាំងនគរបាលរបស់ ខ្លួនរៀងរាល់៣ខែម្តង ។

ទោះបីជាអាជ្ញាធរបារាំងមិនអាចរកភស្តុតាងបញ្ជាក់បានថា រដ្ឋាភិបាលសៀមមានការសមគំនិតជាមួយនឹងសកម្មភាព ឆក់ប្លន់ខាងលើក៏ដោយ ក៏បារាំង បានសន្និដ្ឋានថា សកម្មភាពឆក់ប្លន់នោះទទួលបានការជំរុញលើកទឹកចិត្តពីអាជ្ញាធរ សៀម ។ ភស្តុតាងនៃសម្ព័ន្ធភាពនេះ យោងទៅលើយុទ្ធសាស្ត្រជាបន្តរបស់ក្រុម ចោរប្លន់ក្នុងការបោសសម្អាតភូមិ មិនឱ្យមានមនុស្សរស់នៅ ដែលផ្ទុយនឹងផល ប្រយោជន៍នៃអំពើឆក់ប្លន់ ។ អាជ្ញាធរបារាំងសង្ស័យថា មន្ត្រីសៀមបានប្រាប់ក្រុម ចោរទាំងអស់នោះឱ្យធ្វើការឆក់ប្លន់ភូមិរបស់ខ្មែរតាមតែអាចធ្វើបាន និងប្រមូល ប្រជាជនខ្មែរមកប្រទេសសៀម បើមិនដូច្នោះទេ ក្រុមចោរទាំងនោះនឹងត្រូវអាជ្ញាធរ សៀមដាក់ទោស ។ អាជ្ញាធរបារាំងសង្ស័យថា សមាជិកមួយចំនួនរបស់ក្រុមចោរ គឺជាជនជាតិខ្មែរ ដែលត្រូវបានកៀរ និងបង្ខំឱ្យចូល រួមនៅក្នុងសកម្មភាពឆក់ប្លន់ ទាំងនោះ ។

 

             ជីវិតរស់នៅក្នុងតំបន់អន្លង់វែង ៖ ១៩០៨-១៩៧០

មិនខុសពីប្រទេសអាណានិគមដទៃទៀតទេ អាណានិគមបារាំងក៏ត្រូវបានជំរុញឱ្យកេងប្រវ័ញ្ចោទៅលើប្រភព ធនធានរបស់កម្ពុជា និងបង្កើនពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ខ្លួន ។ ទន្ទឹមនឹងផលប្រយោជន៍សេដ្ឋកិច្ច និងផល ប្រយោជន៍ផ្នែកភូមិសាស្ត្រជាយុទ្ធសាស្ត្រប្រទេសអាណានិគមក៏បានស្វែងរក ការផ្សព្វផ្សាយវប្បធម៌របស់ខ្លួន និងនៅក្នុងកម្រិតកំណត់ណាមួយ ដើម្បីធ្វើឱ្យ ប្រសើរឡើងដល់ជីវិត និងសហគមន៍របស់ប្រទេស ដែលស្ថិតនៅក្រោម អាណានិគម ។ ការចាប់អារម្មណ៍របស់បារាំង នៅក្នុងការអភិវឌ្ឍ វិស័យវប្បធម៌ និងសេដ្ឋកិច្ចសង្គមដែលត្រូវបាន ស្គាល់ថា “បេសកកម្មពង្រីកអារ្យធម៌ខ្ពង់ខ្ពស់” គឺជាផ្នែកមួយដ៏សំខាន់របស់អាណានិគមនិយមបារាំងនៅក្នុង ប្រទេសកម្ពុជា ។

បារាំងបានធ្វើកំណាយសិក្សា និងជួសជុលប្រាសាទ ដែលកសាងឡើងនៅសម័យអង្គរ និងរូបចម្លាក់ជាច្រើន ដែលភ្ញៀវទេសចរបានឃើញនាពេលបច្ចុប្បន្ន ។ បារាំងក៏បានសាងសង់ផ្លូវថ្នល់ ផ្លូវរថភ្លើង និងខ្សែកាប្លិ៍ទូរសារ ។ ជាង នេះទៅទៀត បារាំងបានរៀបចំ និងធ្វើមជ្ឈការឡើងវិញនូវការប្រមូលពន្ធដារ និងរចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលព្រមទាំងបានបង្កើតកម្មវិធីកិច្ចការសាធារណៈ ក្នុងទ្រង់ទ្រាយធំ ។

ប៉ុន្តែនៅពេលដែលបារាំងបានចំណាយពេលវេលា និងធនធានយ៉ាង ច្រើនទៅលើការពង្រឹងការអភិវឌ្ឍរចនាសម្ព័ន្ធគ្រប់គ្រង រដ្ឋបាល និងសេដ្ឋកិច្ច សង្គមរបស់កម្ពុជាទាំងមូល ការពង្រឹងវិស័យអប់រំ សុខាភិបាល និងជីវភាពរស់នៅជាទូទៅ របស់ប្រជាជននៅតាមទីជនបទនៅមានភាពខ្វះខាត ។ មិនខុស ពីតំបន់ដាច់ស្រយាលដទៃទៀតនៅក្នុងប្រទេសកម្ពុជា នៅដើមសតវត្សរ៍ទី២០ តំបន់អន្លង់វែង មានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធគ្រឿងបរិក្ខារពេទ្យ បុគ្គលិក ពេទ្យ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងថ្នាំសង្កូវ ។ ហេតុដូច្នេះជំងឺនៅតែបន្តជាបញ្ហាគ្រោះថ្នាក់ដល់ ប្រជាជននៅក្នុងតំបន់ ជាពិសេសគឺជំងឺឆ្លង ។

ជាក់ស្តែងមិនថា ប្រជាជនកើតនៅក្នុងសតវត្សរ៍ណាទេ ភាពលំបាកវេទនា នៅក្នុងជីវភាពរស់នៅ និងភាពមិនទៀងទាត់ ក្នុងការរស់រានមានជីវិតជា មនុស្សបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់ប្រជាជន ដែលរស់នៅតាមតំបន់ ជនបទដាច់ស្រយាល និងតាមបណ្តោយព្រំដែន ។ ភូមិសាង៉ាំ (បារាំង ហៅភូមិនេះថា ភូមិស្រង៉ាំ) ស្ថិតនៅចម្ងាយ ប្រហែល១២គីឡូម៉ែត្រពីតំបន់អន្លង់វែង ដែលជា ចំណុចប្រសព្វរវាងព្រំដែនកម្ពុជា និងថៃបច្ចុប្បន្ន ។ យោងតាមចាស់ទុំជនជាតិថៃ ភូមិនេះស្ថិតនៅលើទីតាំងនៃច្រកព្រំដែន ជាំសាង៉ាំសព្វថ្ងៃ ។ ដូចគ្នាទៅនឹងតំបន់ អន្លង់វែងដែរ ភូមិនេះត្រូវបានអ្នកគូរផែនទីបារាំងទទួលស្គាល់នៅពេល ធ្វើគំនូស បែងចែកព្រំដែនកម្ពុជា-សៀម នៅចន្លោះឆ្នាំ១៩០៧-១៩០៩។

ភូមិសាង៉ាំ ត្រូវបានដាក់ឈ្មោះតាមដើមឈើធំមួយប្រភេទ ដែលដុះនៅក្នុង ភូមិ ។ ចាស់ៗជនជាតិថៃ បានពិពណ៌នាថា ភូមិនេះគឺជាភូមិ ដែល ជនជាតិសៀម និងខ្មែរបានមកតាំងទីរស់នៅជាមួយគ្នា។ ដូចគ្នាជាមួយនឹងភូមិផ្សេងៗទៀតនៅ ក្នុងតំបន់នេះ ប្រជាជនភាគច្រើននៅក្នុងភូមិ និយាយភាសាខ្មែរ។ នៅឆ្នាំ១៩៤៨ប្រជាជននៅក្នុងភូមិនេះបានទទួលរងគ្រោះ ពីជំងឺរាតត្បាត ។  ប៉ុន្តែរឿងរ៉ាវលម្អិត អំពីជំងឺនេះហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ។ បើយោងតាមចាស់ៗ ជនជាតិថៃមួយចំនួនភូមិសាង៉ាំ ត្រូវបានបំផ្លាញដោយសារជំងឺអាសន្នរោគ។ ភូមិ សាង៉ាំនៅតែជាតំបន់ពាណិជ្ជកម្ម ក្នុងតំបន់មួយនាពេលបច្ចុប្បន្ននេះ។

ការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅទសវត្សរ៍ឆ្នាំ១៩៤០ បានបង្កឱ្យប្រជាជន ជាច្រើនភូមិបាត់បង់ជីវិត ។ ទោះបីជាពុំមានទិន្នន័យច្បាស់លាស់ ដើម្បី បញ្ជាក់អំពីរឿងនេះក្តី ក៏ជំងឺនេះត្រូវបានជឿជាក់ថា មានប្រភពចេញមកពីភូមិ  រឿនជឺ ប្រទេសសៀម ដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីភូមិសាង៉ាំ។ ជំងឺនេះបានរាលដាលដល់ភូមិសាង៉ាំ ដែលបានបង្កឱ្យប្រជាជនស្ទើរគ្រប់គ្នាឆ្លង ជំងឺនេះ ។ អ្នកដែលអាចគេចផុតពីជំងឺនេះបានចាកចេញពីភូមិ ហើយភូមិទាំង មូលត្រូវបានបោះបង់ចោល ។

នៅក្នុងប្រទេសថៃសព្វថ្ងៃនេះ មានតែចាស់ៗជនជាតិថៃម្នាក់ ឬពីរនាក់ ប៉ុណ្ណោះដែលរួចរស់ជីវិត នៅពេលជំងឺអាសន្នរោគបានរាតត្បាត ។ ប៉ុន្តែរឿងរ៉ាវ អំពីជំងឺអាសន្នរោគ ដែលបានបង្កជាគ្រោះមហន្តរាយដ៏ធ្ងន់នេះ ត្រូវបានជនជាតិ ថៃនៅតាមតំបន់ព្រំដែននិយាយប្រាប់តគ្នាពីជំនាន់មួយទៅជំនាន់មួយរហូត ដល់សព្វថ្ងៃ ។

យើងមិនបានដឹងច្បាស់ទេថា តើតំបន់អន្លង់វែង ឬភូមិខ្មែរនៅក្បែរនោះទទួលរងគ្រោះពីជំងឺអាសន្នរោគនោះដែរ ឬយ៉ាងណានោះទេ ។ ទោះជាយ៉ាងនេះ ក្តី បើពិនិត្យទៅតាមទីតាំងភូមិសាស្ត្រនៃភូមិសាង៉ាំ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីភូមិថៃ ដែលអាចដើរដល់ក្នុងរយៈពេលមួយថ្ងៃ យើងអាចសន្និដ្ឋានបានថា ជំងឺអាសន្នរោគដែលមានប្រភពចេញ ពីប្រទេសថៃ នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ អាចរាលដាលដល់ភូមិមួយចំនួន នៅជុំវិញតំបន់អន្លង់វែង ។ សេចក្តីសន្និដ្ឋាននេះ ត្រូវបានធ្វើឡើងដោយសារតែតំបន់នេះ ជាតំបន់ដែលមានប្រជាជនធ្វើដំណើរ ចេញចូលរវាងប្រទេសកម្ពុជា និងថៃ ព្រមទាំងភាពប្រហាក់ប្រហែលគ្នានៃ ស្ថានភាពសេដ្ឋកិច្ច និងសង្គម នៅតាមតំបន់ដែលស្ថិតនៅតាមបណ្តោយព្រំដែន។ រហូតមកដល់ទសវត្សរ៍ឆ្នាំ១៩៩០ សេវាសុខាភិបាលសាធារណៈផ្លូវគមនាគមន៍ និងប្រព័ន្ធអប់រំ នៅមានកម្រិតទាបខ្លាំងនៅឡើយ (ឬស្ទើរតែមិនមានទាល់ តែសោះ) នៅក្នុងតំបន់អន្លង់វែង ។

មី ឆេង បានររំលឹកថា នៅទសវត្សរ៍ឆ្នាំ១៩៥០ តំបន់អន្លង់វែង មាន សាលារៀនតែមួយប៉ុណ្ណោះ ។ ភូមិរំចេក ដែលជាភូមិចាស់នៅតំបន់អន្លង់វែង មានប្រជាជនជាង៥០គ្រួសារពុំមានសាលារៀនទេ ។ ដូចគ្នាដែរភូមិតាដេវ និង ភូមិខ្នុរក៏មិនមានសាលារៀនដែរ ។ ដូចដែលធីន ប៊ិន បានលើកឡើង ”កុមារតូចៗ មិនបានទៅសាលារៀនទេ ។ ពួកគេធំដឹងក្តីដោយមិនចេះអក្សរ” ។ ឈិតធី យល់ស្របដោយបាននិយាយថា ”មិនបានទៅសាលារៀននោះទេ ដោយសារតែត្រូវជួយក្រុមគ្រួសាររបស់ក្នុងការរកស៊ីចិញ្ចឹមជីវិត” ។

ចាន់ បៃ ដែលជាអ្នកភូមិមួយរូបនៅតំបន់អន្លង់វែង បានរៀបរាប់អំពី ជីវិតរស់នៅក្នុងភូមិខ្នុរ កាលពីមុនឆ្នាំ១៩៧៥ ថា ភាគរយនៅពេលនោះ នៅក្នុង ភូមិនេះ មានប្រជាជនរស់នៅតែ៦គ្រួសារប៉ុណ្ណោះ ។ កុមារតូចៗមិនបានទៅ សាលារៀននោះទេ ។ ប្រជាជនជីកក្តួច និងដំឡូង ព្រៃសម្រាប់ បរិភោគ ហើយ មិនដែលពាក់អាវ ឬសម្លៀកបំពាក់ ស្អាតៗដូចសព្វថ្ងៃនេះទេ ។ ជាទូទៅយើង ស្លៀកសម្លៀកបំពាក់ប្រឡាក់ ។ យើងមិនមានលុយទិញប៊ីចេងទេ ។ យើង បរិភោគតែបាយជាមួយអំបិល ដែលទិញមកពីភូមិខ្នារ ប្រទេសថៃ ។ នៅទីនេះ ពុំមានផ្សារឬផ្លូវថ្នល់នៅឡើយទេ ។ យើងត្រូវចំណាយពេល១០ថ្ងៃធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់ភ្នំ ដើម្បីទៅដល់តំបន់ប្រជុំជននៅក្នុងទឹកដីកម្ពុជា ។ ប៉ុន្តែ ប្រសិនបើយើងចង់ទិញអំបិល យើងគ្រាន់តែធ្វើដំណើរទៅថៃ ស្នាក់នៅទីនោះមួយ យប់ ហើយត្រឡប់មកភូមិវិញ នៅថ្ងៃបន្ទាប់ ។

ការកំណត់អាយុចូលរៀនក៏ត្រូវបានគណនាខុសពីបច្ចុប្បន្នដែរ ។ ដោយ សារតែថ្ងៃ ខែ ឆ្នាំ កំណើត និងអាយុមិនត្រូវបានប្រជាជនចងចាំ ឬកត់ត្រាទុកប្រជាជនបានប្រើប្រាស់វិធីប្រកបដោយភាពច្នៃប្រឌិត នៅពេលកុមារធំដឹងក្តី ល្មមអាចចូលសាលារៀនបាន ។

នៅពេលខ្ញុំចូលរៀននៅខេត្តតាកែវ នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ អាយុ ចូលរៀននៅពេលនោះមានភាពខុសគ្នាពីអាយុ ចូលរៀនបច្ចុប្បន្នច្រើនណាស់ ។ នៅពេលដែលខ្ញុំនៅជាកុមារ យើងត្រូវយកដៃរបស់យើងដាក់លើក្បាល ហើយ ព្យាយាមប៉ះត្រចៀកម្ខាងទៀត ។ ប្រសិនបើដៃរបស់យើងមិនអាចប៉ះត្រចៀក ម្ខាងទៀតបានទេ យើងនឹងមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះចូលរៀនទេ ។ ជាទូទៅ កុមារភាគច្រើន មានអាយុ១០ឆ្នាំ ទើបបានចូលរៀន ។

សេដ្ឋកិច្ចតំបន់អន្លង់វែង ពឹងផ្អែកទាំងស្រុងទៅលើការដាំដុះ និងភោគផល ផ្សេងៗ ដែលអាចប្រមូលបាននៅលើដី ។ ដោយសារតែពុំមានរូបិយប័ណ្ណ ប្រជាជន ប្រើមធ្យោបាយដោះដូរដើម្បីទិញទំនិញ ។ ”យើងពុំមានក្រដាសប្រាក់ ឬប្រាក់កាក់ នោះទេ ។ ដូច្នេះយើងបានយកកន្ទេល និងផ្តៅទៅដូរ អំបិលជាមួយថៃ” ។ ប្រជាជន នៅក្នុងតំបន់ក៏ធ្វើស្រែ និងដាំផ្លែឈើដូចជាស្វាយ និងដើមឈើហូបផ្លែដទៃទៀត អាស្រ័យទៅនឹងលក្ខខណ្ឌដី ។

មធ្យោបាយដឹកជញ្ជូនមានចំនួនតិចតួចណាស់ ដោយសារតែពុំមានផ្លូវ សម្រាប់ធ្វើដំណើរ ។ មិនមានប្រជាជន ណាម្នាក់មានរថយន្តឬម៉ូតូនោះទេ ។ តាម ពិតទៅ ស្ទើរតែគ្មានប្រជាជនណាម្នាក់មានកង់ជិះនោះទេ ។

មនុស្សគ្រប់គ្នាធ្វើដំណើរដោយថ្មើរជើង ។ យើងចំណាយពេលមួយថ្ងៃ ដើម្បីធ្វើដំណើរពីអន្លង់វែងទៅរំចេក ។ យើងទៅដល់រំចេក នៅពេលថ្ងៃត្រង់ ។ ប្រជាជនមួយចំនួនជិះរទេះ ។ ប៉ុន្តែដោយសារគ្រួសារខ្លះ មិនមានរទេះទេយើង ត្រូវដើរ និងឈប់សម្រាកតាមផ្លូវ ប្រសិនបើយើងចង់ធ្វើដំណើរទៅតំបន់ឆ្ងាយ ដូចជាស្រែណយ។

%d bloggers like this: