វគ្គទី ១៤: ឆ្មាលោតជ្រុលតាមកណ្ដុរចាក់គូទ

ឆាកនយោយបាយស្រុកខ្មែរនៅតែបន្តលេងតាមល្បែងតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) បើទោះបីជាលេងមិនសូវសម ឬក៏មិនស្របច្បាប់ក៏ចេះតែលេងដែរ។

ល្បែងនៅតែចាក់គូទគ្នាទៅវិញទៅមកកណ្តុរនៅក្រៅរន្ធកំពុងតែរវិចរវាមៗ ចង់ចូលរន្ធវិញដោយស្របច្បាប់តាមរយៈការសុំលើកលែងទោសពីព្រះមហាក្សត្រតែត្រូវបានឆ្មាបដិសេធមិនយល់ព្រមព្រោះខ្លាចខុសពាក្យសម្តីខ្លួនអាចត្រូវកាត់ដៃបើខ្លួនស្នើសុំលើកលែងទោសឲ្យកណ្តុរនោះ។

ម្យ៉ាងវិញទៀត ដោយសារតែគ្មានការដោះដូរ ឬក៏ការសន្យាណាមួយឲ្យឆ្មាចំណេញផលប្រយោជន៍ធំដុំនោះទេតែកណ្តុរនៅតែដុតពីមុខ ដុតពីក្រោយតាមរយៈការចង់ចូលរន្ធដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌដែលមិនអាចទៅរួចផ្នែកច្បាប់នោះ។ គឺកណ្តុរចង់ចូលរន្ធឲ្យចាប់ដាក់គុកដោយមានការដោះដូរជាមួយមន្ត្រីជាន់ខ្ពស់របស់ខ្លួនសកម្មជនរបស់ខ្លួន និងមន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារដោយសាររឿងនយោបាយនោះតែបើគ្មានលក្ខខណ្ឌបែបនេះទេនោះកណ្តុរទំនងជាមិនព្រមសុខចិត្តចូលរន្ធឲ្យឆ្មាចាប់ទទេៗនោះឡើយ។

           គ្រាន់តែឮថាកណ្តុរចង់ចូលរន្ធភ្លាមឆ្មាភ័យស្លន់ស្លោលែងចង់ចាប់កណ្តុរគឺមិនចង់ឲ្យចូលរន្ធតែម្តង បិទផ្លូវអាកាស ផ្លូវគោក ផ្លូវទឹកទាំងអស់ហាមឲ្យកណ្តុរចូលទៅវិញ។

ករណីនេះឆ្មាធ្លាប់ធ្វើបានចំពោះជនបរទេសដូចជា លោក អាឡិច Alex សកម្មជនបរិស្ថាន និងកញ្ញា មេហ្គា Marga អ្នកស្រាវជ្រាវសិទ្ធិដីធ្លីដែលត្រូវគេចោទថាបានចូលរួម Black Monday ត្រូវបានរាជរដ្ឋាភិបាលចាប់បញ្ជូនចេញទៅក្រៅប្រទេសហើយមិនឲ្យចូលមកប្រទេសកម្ពុជាវិញទេថ្មីៗនេះ។

តែសម្រាប់កណ្តុរគឺគ្មានច្បាប់បញ្ជូនជនកម្ពុជាឲ្យទៅរស់នៅក្រៅប្រទេសហើយមិនឲ្យចូលស្រុកវិញនោះទេ។ ចំណុចនេះប្រហែលជាទីប្រឹក្សាច្បាប់របស់ឆ្មាឲ្យយោបល់ខុស ឬក៏រំលោភទៅនឹងរដ្ឋធម្មនុញ្ញទៅវិញទេបើទោះបីជារបៀបធ្វើការរំខានដល់កណ្តុរក៏ត្រូវឲ្យមានលក្ខណៈស្របច្បាប់ដែរដើម្បីកុំឲ្យគេមើលឃើញលើគោកពេក។

ករណីនេះបំណងធំរបស់ឆ្មានោះអាចជាការចាប់បំបែកកណ្តុរពីដៃគូហើយឆក់ឱកាសចរចាផ្លូវសម្ងាត់ណាមួយជាមួយដៃគូកណ្តុរដែលកំពុងតែជាប់អន្ទាក់របស់ឆ្មារឿងអាស្រូវស្រីញី ហើយកំពុងរស់នៅរបៀបហូបបាយនឹងចានស្រាក់នៅឡើយដើម្បីទាត់កណ្តុរចោល ឬក៏ចាំទុកសល់តែ ១ ខែ ឬក៏ ១ អាទិត្យមុនបោះឆ្នោតវិញបានឆ្មាឲ្យកណ្ដុរចូលស្រុកវិញដូចសព្វមួយដងដែលពេលនោះជាការបាត់ឱកាសឃោសនារកសំឡេងឆ្នោតដើម្បីឲ្យអន្តរជាតិមើលឃើញថាមានការចូលរួមបោះឆ្នោត។

ម្យ៉ាងវិញទៀតការដែលឆ្មារាយអន្ទាក់កុំឲ្យកណ្តុរចូលរន្ធនោះគឺអាចផ្ដល់លទ្ធភាពឲ្យឆ្មាចំណេញផលប្រយោជន៍ច្រើនជាងឲ្យកណ្តុរចូលមកជាប់គុកដែលអាចបង្កចលាចលក្នុងស្រុកហើយអ្នកគាំទ្របាក់ទឹកចិត្តព្រោះបាត់ទំនុកចិត្តជំនឿលើកណ្តុរ។

ហេតុផលមួយទៀតត្រូវបានសហគមន៍អន្តរជាតិមើលឃើញថាប្រទេសកម្ពុជាអត់មានប្រើអំពើហិង្សាដាក់កណ្តុរផងហ្នឹងហើយធ្វើឲ្យដៃគូកណ្តុរម្នាក់ឯងឯកាធុញទ្រាន់ទៅនឹងការឈប់សម្រាកហូលីដេរយៈពេលវែងជាមួយនឹងដំណោះស្រាយដដែលៗគឺគ្មានលក្ខណៈជួយខ្លូនឯងដោយពឹងទៅលើតែបរទេសប្រសិនបើអ៊ីចេះប្រសិនបើអ៊ីចុះ ចងលក្ខខណ្ឌយកត្រូវយករួចខ្លួនរហូតគ្មានបានគិតគូរពីការខំប្រឹងខ្លួនឯងមុនចាំឲ្យគេជួយនោះទេ។

រីឯឆ្មាវិញត្រូវការតែលេខ ១ ទេដោយធ្វើយ៉ាងណាៗក៏មិនឲ្យធ្លាក់មកលេខ ២ ដែរព្រោះខ្លាចដោះខ្លួនមិនរួចខ្លាចកណ្តុរ និងដៃគូលេងមួយក្បាច់វិញអាចដាច់ផ្ងារនៅឆ្នាំ ២០១៨។

អ៊ីចឹងចេះតែដាក់អន្ទាក់ប្រទាក់ក្រឡាកណ្តុរមើលទៅហាក់បីដូចជាឃើញថាឆ្មាមានភាពវៃឆ្លាតខ្លាំងណាស់។ ការដែលឆ្មារាយសំណាញ់មិនឲ្យកណ្តុរចូលរន្ធនោះមិនយូរមិនឆាប់ទេគឺ កណ្តុរបានដៃចំអកឲ្យឆ្មាទៀតថាកំសាកញីហើយជាពិសេសគឺជនជាតិខ្មែរចូលក្នុងស្រុកខ្លួនឯងមិនបានតែបែរជាឲ្យជនបរទេសខុសច្បាប់រស់នៅបានទៅវិញ។

ទោះបីជាយ៉ាងណា ឆ្មានៅបើកផ្លូវឲ្យមានច្រកក្រុមកណ្តុរដើរដែរគឺទៅជួបជជែកគ្នានៅឯសភាវិញតែក្រុមកណ្តុរវិញទេដែលមិនទៅព្រោះខ្លាចគេវ៉ៃទៀតដោយសារកូនឆ្មានៅក្រៅប្រទេសតែឥឡូវកូនឆ្មាត្រឡប់មកវិញហើយតែក្រុមកណ្តុរនៅតែមិនទៅប្រជុំនៅសភាជាតិទៀត? ចុះបើទៅគេវ៉ៃទៀតឬអត់? ចុះបើទៅប្រជុំនៅសភាហើយបើកកិច្ចប្រជុំនៅតាមគណៈកម្មការនីមួយៗអាចរកដំណោះស្រាយតាមរយៈការបន្តវប្បធម៌សន្ទនាឡើងវិញដោយភ្ជាប់នឹងកម្មវិធីច្បាស់លាស់អាចអង្គុយហូបតែជាមួយគ្នាមើលក្រែងរកបានរូបមន្តទម្លាយភាពទាល់ច្រករឿងនយោបាយនោះ។

ទាំងឆ្មាទាំងកណ្តុរចេះចងតែមិនមានឆន្ទៈរកដំណោះស្រាយទេហើយនៅតែប្រើល្បិចកេងចំណេញគ្នាដាក់អន្ទាក់គ្នាទៅវិញទៅមកតើគួរតែបន្តដំណើរការល្បែងដូចតុក្កតាឆ្មា និងកណ្តុរដដែលទៀតឬ? បើលេងទៅមើលទៅអត់ចំណេញដល់ជាតិផងគឺមានតែបង្កភ័យខ្លាច និងរំខានដល់ការងាររកស៊ីរបស់ប្រជាពលរដ្ឋទៅវិញទេ។ អ្នកលក់ធំៗចេះតែចាំស្តាប់មើលសភាពការណ៍ស្រុកទេសថា តើស្រុះស្រួលគ្នានៅ? ពោលគឺមានលុយមិនចង់ចំណាយទិញជាពិសេសអ្នកលក់ផ្ទះល្វែងលក់មិនដាច់រហូតដល់លែងឲ្យអ្នកទិញដាក់លុយទិញ ៣០ ភាគរយមុនគឺបង់រំលស់ប្រចាំខែតែម្តង និង អត្រាការប្រាក់ទាបទៀត។ ជាសាមញ្ញគឺប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋទូទៅច្រើនធ្វើឲ្យខ្លះធ្លាក់ខ្លួនទៅធ្វើខ្ញុំគេខុសច្បាប់ ខ្លះទៅធ្វើការនៅក្រៅប្រទេសដូចទាសករ។

សំណួរសួរថាតើឆ្មា និងកណ្តុរនៅតែបន្តដាក់អន្ទាក់គ្នាទៅវិញទៅមកតែអីចឹងរហូតដោយមិនគិតគូរយកបញ្ហាមកដាក់លើតុ រកយុទ្ធសាស្ត្រដោះស្រាយឈ្នះៗដើម្បីជាតិ និងប្រជាពលរដ្ឋខ្លួនទេឬ?

តើឆ្មា និងកណ្តុរចង់កំណត់ជោគវាសនាប្រទេសរបស់ខ្លួនតាមរបៀបណា? តាមរបៀបលោក លី ក្វាន់យូ ប្រទេសសិង្ហបុរីរៀបចំស្រុកទេសឲ្យស្អាតហើយឲ្យមានអ្នកបន្តវេន? ឬក៏យកស្ទីលលោក មហាធា មហាម៉ាត់ ប្រទេសម៉ាឡេស៊ីឲ្យមេបក្សប្រឆាំងលោក អានវ៉ា អ៊ីប្រាហ៊ីម នៅជាប់គុករហូតទៅ?

ឬក៏យកលំនាំតាមប្រទេសឥណ្ឌូនេស៊ីធ្វើបដិវត្តន៍ផ្លាស់ប្តូររបបមេដឹកនាំផ្តាច់ការលោក ស៊ូ ហាតូ? ឬក៏ការរៀបចំឲ្យអ្នកស្នងតំណែងដូចនៅកូរ៉េខាងជើងលើកបន្តុបឲ្យកូនប្រុសរបស់មេដឹកនាំបន្ត? ឬក៏យកលំនាំប្រទេសថៃបច្ចុប្បន្នបើក្រុមអាវលឿងឈ្នះឆ្នោតក្រុមអាវក្រហមទម្លាក់ ឬក្រុមអាវលឿងទម្លាក់ក្រុមអាវក្រហមវិញម្តងម្នាក់?

ប៉ុន្តែបញ្ហាដែលគួរឲ្យព្រួយបារម្ភសម្រាប់ស្រុកខ្មែរដែរ រវាងល្បែងឆ្មា និងកណ្តុរដែលចម្លងលទ្ធិប្រជាធិបតេយ្យពីសហរដ្ឋអាមេរិកដែលមានអាយុកាល ២៤០ ឆ្នាំមកហើយនោះនៅពេលដែលបេក្ខជនប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងពេលឃោសនារកសំឡេងបោះឆ្នោតថាបើលោកចាញ់ឆ្នោតនៅថ្ងៃទី ៨ ខែក្រោយនេះលោកនឹងមិនទទួលយកលទ្ធផលការបោះឆ្នោតនេះទេ។

ទាំងឆ្មា ទាំងកណ្តុរបើចាញ់ការបោះឆ្នោតអាចធ្វើចរិតងឿកដូចលោក ត្រាំ ឃោសនាដែរទេ?

សរុបមកវិញអ្វីដែលសំខាន់ឆ្មា និងកណ្តុរមានជាតិសាសន៍តែមួយតើមានឆន្ទៈក្នុងការរកដំណើរការកសាងសន្តិភាពដល់កម្រិតណា? ឆ្មាតែងតែលើកពីគុណសម្បត្តិថាខ្លួនជាអ្នកធ្វើឲ្យមានសន្តិភាពនៅកម្ពុជាជាអ្នកបង្កើតវប្បធម៌សន្ទនាជាមួយកណ្តុរចុះហេតុអ្វីបានជាឆ្មាមានការភ័យខ្លាចមិនឲ្យកណ្តុរចូលប្រឡែងលេងវិញ? និងមិនបន្តវប្បធម៌សន្ទនាជាមួយកណ្តុរតទៅទៀតទៅបើអ្វីៗបានរៀបចំពីមុនខ្លះហើយនោះ? ឬមួយក៏ឆ្មា និងកណ្តុរបានត្រឹមតែចេះដាក់អន្ទាក់គ្នាឲ្យបានត្រឹមតែល្អមើលដូចនៅក្នុងល្បែងរឿងតុក្កតាឆ្មា និងកណ្តុរ ?
Tue, 25 October 2016 តុង សុប្រាជ្ញ

 

 

%d bloggers like this: