ប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង (វគ្គ១)

                                                                                 អារម្ភកថា

សៀវភៅប្រៀបបានទៅនឹងមនុស្សនៅក្នុងន័យមួយ ដែលថាជាញឹកញាប់ យើងតែងតែផ្សារភ្ជាប់សៀវភៅទៅនឹងកន្លែង ជាក់លាក់មួយ។ ឧទាហរណ៍ សៀវភៅសាសនាមានការពេញនិយមនៅកន្លែងគោរពប្រតិបត្តិសាសនាសៀវភៅសិក្សាក្រាស់ៗ ស្ថិតនៅក្នុងសាលារៀន និងបណ្ណាល័យ ហើយសៀវភៅ ប្រលោមលោកខ្លីៗជាទូទៅស្ថិតនៅជាមួយអ្នកធ្វើការក្នុងការិយាល័យ និងអ្នក ធ្វើដំណើរសម្រាប់អានពេលទំនេរពីកិច្ចការ ឬពេលធ្វើដំណើរ ។

សៀវភៅផ្តល់ព័ត៌មានបណ្តុះគំនិត និងជំរុញលើកទឹកចិត្តអ្នកអាន។ សៀវភៅ គឺជាគ្រាប់ពូជនៃក្តីស្រមៃរបស់យើង ដែលជាមេរៀនមួយ ដែលយើងបានបំភ្លេច ខណៈពេលបច្ចេកវិទ្យាទំនើបៗកំពុងរីកដុះដាលគ្មានទីបញ្ចប់។ យល់ឃើញថាវា ជារឿងល្អមួយ ដែលអ្នកនិពន្ធយកស្ថានភាពនៃទីកន្លែងមកពិចារណា ជាពិសេស នៅពេលដែលអ្នកនិពន្ធពិតជាចង់ផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងអ្នកអាន គោលដៅ ។

ស្រមៃឃើញមនុស្សកំពុងតែអានសៀវភៅនេះនៅជិតទីតាំងប្រវត្តិសាស្ត្រ ឬនៅក្នុងថ្នាក់រៀនមិនឆ្ងាយប៉ុន្មានពីតំបន់អន្លង់វែង និងប្រជាជន ដែលរស់នៅក្នុង តំបន់នេះ។ ទីតាំងនេះមានលក្ខណៈសមស្រប ពីព្រោះអ្នកនិពន្ធមានចេតនាផ្តោតទៅលើភាពជាមនុស្សរបស់ចលនាខ្មែរក្រហម។ ការនិពន្ធដែលផ្តោតទៅ លើមនុស្សជាជាងក្រុមនៃមនុស្សស្ថានភាព និងព្រឹត្តិការណ៍មានគុណសម្បត្តិ និងគុណវិបត្តិ។ គុណសម្បត្តិនៃការនិពន្ធបែបនេះ គឺថាវាបានបង្ហាញអំពីភាព ស្មុគស្មាញនៃមនសិការរបស់មនុស្សនៅក្នុងអំឡុងពេលនៃសង្គ្រាមអំពើឃោរឃៅ និងភាពចលាចលនៅក្នុងសង្គម។ គុណវិបត្តិនៃវិធីសាស្ត្រនិពន្ធបែបនេះ គឺថា យើងត្រូវបានដាក់ឱ្យប្រឈមទៅនឹងការពិតដ៏លំបាកមួយដែលថាជនដៃដល់ក៏មាន មុខមាត់ដូចយើងដែរ ហើយយើងត្រូវតែធ្វើការជ្រើសរើសយកជម្រើសមួយ ។

អំពើឧក្រិដ្ឋកម្មទាំងអស់ត្រូវបានប្រព្រឹត្តឡើងដោយមនុស្ស ហើយវា ប្រហែលជាលំបាកសម្រាប់ជនរងគ្រោះនៃអំពើ ឧក្រិដ្ឋកម្មនេះ ពីព្រោះអំពើនេះ ហួសអំពីអ្វីដែលជនរងគ្រោះអាចស្រមៃឃើញ ។ ជាធម្មជាតិជនរងគ្រោះចង់កាត់ផ្តាច់ ទំនាក់ទំនងពីជនដៃដល់អ្នកសមគំនិត និងក្រុមគ្រួសាររបស់ជនដៃ ដល់ចេញពីសង្គមទាំងមូល។ការឆ្លើយតបបែបនេះ ហាក់ដូចជាការផ្តល់តម្លៃដ៏ អាក្រក់មួយដែលសង្គមត្រូវតែសងត្រឡប់មកវិញនៅពេលធ្វើដំណើរទៅមុខ។ទោះជាយ៉ាងនេះ ក្តីនៅក្នុងដំណើរវែងឆ្ងាយទៅមុខទង្វើបែបនេះមិនមែនជា ចម្លើយសម្រាប់សង្គមកម្ពុជាទេ ។ដើម្បីឱ្យប្រទេសកម្ពុជា ធ្វើដំណើរទៅមុខយើង ត្រូវប្រឈមមុខទៅនឹងការពិតដ៏លំបាកដែលថាខ្មែរក្រហមក៏ជាមនុស្សដូចយើង គ្រប់គ្នាដែរ។ ប្រសិនបើប្រវត្តិសាស្ត្រនឹងត្រូវក្លាយទៅជាមគ្គុទ្ទេសក៍ប្រកបដោយ ប្រសិទ្ធភាព និងពិតប្រាកដមួយសម្រាប់អនាគតយើងត្រូវតែ ទទួលស្គាល់តម្រូវការដែលគ្មានទីបញ្ចប់នៅក្នុងការសិក្សាពីគ្រប់ទិដ្ឋភាពទាំងអស់នៃអតីតកាលរបស់យើង រួមទាំងអតីតកាល ប្រកបដោយភាពស្មុគស្មាញ និងពិបាកបកស្រាយផង។

យុត្តិធមនឹងមិនអាចកើតមានឡើងបានទេនៅក្នុងស្ថានភាព ដែលគ្មានការ យល់ដឹងហើយការអត់ឱននិងការផ្សះផ្សា នឹងកើតមានពិតប្រាកដ ប្រសិនបើ យើងសុខចិត្តទទួលស្គាល់គ្នាជាមនុស្សទៅវិញទៅមក។ សៀវភៅ “ ប្រវត្តិសាស្ត្រ តំបន់អន្លង់វែង”នេះនឹងចូលរួមចំណែកដើម្បីសម្រេចឱ្យបាននូវស្មារតីទាំងនេះ។ ប៉ុន្តែសៀវភៅនេះគ្រាន់តែជាចំណែក តូចមួយនៅក្នុងការតស៊ូស្វែងរកយុត្តិធម៌ ទូលំទូលាយមួយនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវការការចាប់ផ្តើម ដើម្បីស្វែង រកទីបញ្ចប់មួយប្រសិនបើមាន ។ ទោះបីជាតំបន់អន្លង់វែងមានសន្តិភាពជាង១៥ ឆ្នាំហើយយ៉ាងណាក៏ដោយ ក៏យើងត្រូវចងចាំថាសន្តិភាពនិងយុត្តិធម៌ត្រូវដើរ ទន្ទឹមគ្នា ដើម្បីឱ្យសង្គមមួយធ្វើដំណើរទៅមុខ។ ជោគវាសនារបស់ប្រទេស កម្ពុជា អាស្រ័យទៅលើការទទួលស្គាល់ និងការឱ្យតម្លៃទៅលើការពិតនេះក្នុងនាមជាបុគ្គលជាសហគមន៍ និងជាប្រទេសមួយទាំងមូល។

    ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍ តំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រអន្លង់វែង

               សេចក្តីថ្លែងអំណរគុណ

ការស្រាវជ្រាវការសរសេរនិងការបោះពុម្ពសៀវភៅនេះនឹងមិនអាច សម្រេចបានទេប្រសិនបើគ្មានការជំរុញលើកទឹកចិត្តជំនួយ និងយោបល់ពី សំណាក់បុគ្គលនិងអង្គភាពជាច្រើន ។ ជាបឋមយើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការស្វីសដែលបានផ្តល់ ជំនួយផ្នែកហិរញ្ញវត្ថុលើការស្រាវជ្រាវ និងការបោះពុម្ពសៀវភៅនេះ។ យើងអាចធ្វើការសិក្សាស្រាវជ្រាវបានស៊ីជម្រៅទៅលើឯកសារ បទសម្ភាសន៍ជាមួយប្រជាជន និងការធ្វើដំណើរទៅកាន់ តំបន់នានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងប្រទេសថៃ ដោយសារតែជំនួយរបស់ភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការស្វីស។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឆាំង យុដែលជាស្ថាបនិក វិទ្យាស្ថានស្លឹករឹត និងជានាយកមជ្ឈមណ្ឌល ឯកសារកម្ពុជា។ លោកឆាំង យុ បានផ្តួចផ្តើមឱ្យមានការសិក្សាស្រាវជ្រាវ និង រៀបចំសៀវភៅនេះឡើង និងថែមទាំងបានផ្តល់នូវទិសដៅ និងអនុសាសន៍ដ៏មានតម្លៃជាច្រើននៅគ្រប់ដំណាក់កាលទាំងអស់ នៃគម្រោងនេះ។ លោកឆាំង យុ បានចង្អុលបង្ហាញប្រាប់យើងអំពីប្រភពឯកសារដើម ដែលត្រូវបានយកមកធ្វើជាឯកសារ យោងនៅក្នុងសៀវភៅនេះ និងបានផ្តល់ដំបូន្មានល្អៗជាច្រើនដែល ធ្វើឱ្យមាតិកា និងការរចនាសម្ព័ន្ធនៅក្នុងសៀវភៅនេះ កាន់តែមានភាព ល្អប្រសើរឡើង ។ លោកគឺជាបុគ្គលដ៏សំខាន់នៃគម្រោងនេះតាំងពីការចាប់ផ្តើមរហូតដល់ចុងបញ្ចប់ នៃការស្រាវជ្រាវតែងនិពន្ធនិងបោះពុម្ព។ យើងក៏សូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តម រដ្ឋមន្ត្រីថោង ខុន និងគណៈកម្មការអន្តរក្រសួងសម្រាប់ការអភិវឌ្ឍតំបន់អន្លង់វែង។ ទេសចរណ៍ មិនមែនផ្តោតសំខាន់តែទៅលើការស្គាល់បុគ្គលតែម្នាក់ នោះទេ ប៉ុន្តែថែមទាំងការស្វែងយល់ពីប្រជាជនធនធាន និងបរិស្ថានដែល រំលេចនូវបទពិសោធន៍នៃទេសចរណ៍។ ដោយហេតុនេះហើយក្រសួងទេសចរណ៍ បានទទួលស្គាល់ថា ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រគឺជាជំហានមួយដ៏សំខាន់ក្នុងការជំរុញឱ្យមានការធ្វើដំណើរមកកាន់តំបន់នេះ និងទទួលស្គាល់ថារឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងតំបន់នេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ ប្រទេសកម្ពុជា។ សៀវភៅមួយក្បាលនេះ គ្រាន់តែជាចំណែកមួយនៅក្នុងកិច្ច ខិតខំប្រឹងប្រែងក្នុងការថែរក្សានិងឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ ដ៏ពិសេសនៃ តំបន់នេះ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងទេសចរណ៍ ដែលបានគាំទ្រកិច្ចការនេះ។ ទន្ទឹមនឹងនេះដែរការបោះពុម្ពផ្សាយសៀវភៅនេះ នឹងមិនអាចសម្រេចចេញជារូបរាងបានទេប្រសិនបើគ្មានការចូលរួម ចែករំលែក ព័ត៌មាន ប្រកបដោយភាពសប្បុរសនិងស្មោះត្រង់ពីសំណាក់ប្រជាជន ដែលរស់នៅក្នុងតំបន់អន្លង់វែង ត្រពាំងប្រាសាទ និងអតីតតំបន់កាន់កាប់របស់ខ្មែរ ក្រហមដទៃទៀត។

ប្រជាជនប្រមាណ៦០០នាក់ដែលរស់នៅតំបន់អន្លង់វែង ត្រពាំងប្រាសាទ និងអតីតតំបន់កាន់កាប់ដទៃទៀតបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនក្នុងការជួយផ្តល់ព័ត៌មាន ដល់ក្រុមស្រាវជ្រាវរបស់   មជ្ឈមណ្ឌលឯកសារកម្ពុជាតាមរយៈការផ្តល់បទសម្ភាសន៍ផ្ទាល់មាត់ និងការបញ្ជាក់បន្ថែម ជាច្រើនលើកច្រើនសា។ អ្នកផ្តល់បទសម្ភាសន៍មួយចំនួនបាន  ចំណាយពេលវេលាច្រើនជាង៥ម៉ោងរៀបរាប់រឿងរ៉ាវ អតីតកាលរបស់ខ្លួន។ អ្នកផ្តល់បទសម្ភាសន៍ទាំងនេះបានរៀបរាប់រឿងរ៉ាវរបស់ខ្លួនតាំងពីពេលដែលខ្លួនចូលរួមបដិវត្តន៍ ខ្មែរក្រហមនៅដើមឆ្នាំ១៩៧០ រហូតដល់ការតស៊ូនៅ លើភ្នំដងរែក និងការចូលសមាហរណកម្មនៅចុងឆ្នាំ១៩៩៨ ក៏ដូចជាជីវិតរស់     នៅនាពេលបច្ចុប្បន្ន។

រឿងរ៉ាវរបស់ប្រជាជនទាំងនោះមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុង ការសម្រេចបានជោគជ័យនៃការស្រាវជ្រាវសៀវភៅនេះ។ ជាង នេះទៅទៀតយើងសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនៅតំបន់អន្លង់វែង និងត្រពាំងប្រាសាទ ដែលរួមមានគណៈអភិបាលស្រុកក្រុមប្រឹក្សាស្រុក និងក្រុម ប្រឹក្សាឃុំ ដែលបានអនុញ្ញាតឱ្យក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើការសម្ភាសន៍និងបានជួយទ្រទ្រង់ផ្នែករដ្ឋបាល ដែលបានសម្រួលដល់ទំនាក់ ទំនងគ្នារវាងក្រុមស្រាវជ្រាវ និងប្រជាជន ។

យើងសូមថ្លែងអំណរគុណជាពិសេស ដល់លោកយឹម ផាន់ណា អភិបាលនៃគណៈអភិបាលស្រុកអន្លង់វែង ដែលមិនត្រឹមតែបានអនុញ្ញាតឱ្យមានការស្រាវជ្រាវ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួម ផ្តល់បទសម្ភាសន៍ ព្រមទាំងបានផ្តល់ដំបូន្មានជាច្រើនដល់ក្រុមស្រាវជ្រាវរបស់ យើង ។

អត្ថបទនៅក្នុងសៀវភៅនេះត្រូវបានត្រួតពិនិត្យដោយលោកសាស្ត្រាចារ្យ ដេវីដ ឆេនដល័រនៃសកលវិទ្យាល័យម៉ូណាស ប្រទេសអូស្ត្រាលី និងជាប្រវត្តិវិទូ ឈានមុខគេមួយផ្នែកប្រវត្តិសាស្ត្រប្រទេសកម្ពុជា ។ ការស្រាវជ្រាវរបស់យើង     បានជំរុញឱ្យយើងពង្រីកការសិក្សាទៅដល់ប្រទេសថៃ ដោយយើងបានធ្វើសម្ភាសន៍ជាមួយប្រជាជនថៃមួយចំនួន នៅក្នុងប្រទេសថៃ។

យើងសូមថ្លែង អំណរគុណដល់ប្រជាជនដែលរស់នៅភូមិស្រែប្រៃ ដែលបានចំណាយ ពេលវេលាក្នុងការផ្តល់បទសម្ភាស។រឿងរ៉ាវមួយចំនួនរបស់ប្រជាជនទាំង នោះត្រូវបានបញ្ចូលទៅក្នុងសៀវភៅនេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីទំនាក់ទំនងឆ្លងប្រទេសរវាងភូមិខ្មែរ និងភូមិថៃ ដែលបានកើតឡើងអស់ រយៈពេលជាច្រើនជំនាន់ និងបន្តរហូតមកដល់សព្វថ្ងៃនេះ។

សៀវភៅនេះ ក៏នឹងមិនអាចលេចចេញជារូបរាងបានទេ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពី បណ្ឌិតផាតកុសល និងលោកឡុង ដានី។ បណ្ឌិតផាត កុសល គឺជាជំនួយការ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យប្រូកលីន នៃសាកល វិទ្យាល័យក្រុងញ៉ូវយ៉ក ។ លោកបណ្ឌិតបានសម្ភាសប្រជាជនមួយចំនួននៅ   តំបន់នេះ និងបានផ្តល់រូបថតមួយចំនួនដល់យើង ដែលត្រូវបានបញ្ចូលទៅក្នុង សៀវភៅនេះ។លោកឡុង ដានី គឺជាប្រធានក្រុមគម្រោងជំរុញឱ្យមានការទទួល ខុសត្រូវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាប្រធានក្រុមដ៏ឆ្នើមមួយរូបនៅ ក្នុងគម្រោងចងក្រងសៀវភៅនេះ។ ចំណេះដឹងរបស់លោកអំពីតំបន់នេះ និងចំណេះដឹងអំពីប្រជាជននៅក្នុងតំបន់អន្លង់វែងបានជួយសម្រួលដល់ការ សម្ភាសរបស់ក្រុមការងារ។ មិនតែប៉ុណ្ណោះលោកឡុង ដានី គឺជាធនធានដ៏សំខាន់សម្រាប់ព័ត៌មានស៊ីជម្រៅទាំងឡាយ អំពីតំបន់អន្លង់វែង។

ជាចុងបញ្ចប់យើងសូមថ្លែងអំណរគុណ ចំពោះអ្នកបកប្រែអូនរឿន អូនអន(ហៅតៃ) និងស្ទីហ្វានីមី    ក៏ដូចជាក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជារួមមានវ៉ាន់ ថាន់ពៅដារ៉ា,អេង កុកថាយ,សុខ វណ្ណៈ,ម៉ែន ពិចិត្រ,ម៉ម សុវណ្ណ,ហ៊ិន សុធានី,គឹម ស្រូយសុខ វិសាល និងរីលក្ខិណា។  តៃគឺជាអ្នកបកប្រែពីភាសាថៃទៅភាសាអង់គ្លេស និងបានជួយសម្រួលដល់ការសម្ភាសប្រជាជនថៃ។ ស្ទីហ្វានី គឺជាអ្នកបកប្រែ ឯកសារពីភាសាបារាំងនៅដើមសតវត្សរ៍ទី២០។

យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបាន ធ្វើដំណើរជាច្រើនដងទៅកាន់តំបន់អន្លង់វែង និងត្រពាំងប្រាសាទដើម្បីធ្វើការ សម្ភាសនិងប្រមូលសម្ភារៈ និងឯកសារផ្សេងៗ ដែលផ្តល់ជាឯកសារយោង បន្ថែមដល់សៀវភៅនេះ។ ជាចុងក្រោយយើងសូមថ្លែងអំណរគុណចំពោះ លោកឡុង ដានី,អេង កុកថាយ,និងលី សុខឃាង ដែលបានផ្តល់មតិយោបល់ កែលម្អទៅលើសេចក្តីព្រាងនៃសៀវភៅនេះ ។

ថ្ងៃទី 25 សីហា 2016

%d bloggers like this: