យួនប្រឹងដូរឈ្មោះ មកជាខ្មែរ ខ្មែរប្រឹងដាក់ឈ្មោះ ជាបរទេស

        បច្ចុប្បន្ននេះ មានជនជាតិយួនជាច្រើន មករស់នៅលើទឹកដីខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ ដែលនៅក្នុងនោះ មានជនជាតិយួនមួយចំនួន បានប្រឹងប្តូរឈ្មោះ មកជាឈ្មោះខ្មែរ នេះយើងមិនទាន់ទាំងគិតដល់ពួកគេខំ សង្វាតធ្វើ អត្តសញ្ញាណបណ្ណខ្មែរផង ។ ឈ្មោះដែលយួនប្រឹងប្តូរ មកជាខ្មែរនោះ មានដូចជា ប៊ិន មកជា ម៉ាលី(ស្រី), ទីង៉ុក មកជា ធីតា(ស្រី), ភឿង មកជា ពៅ(ស្រី), វ៉ង មកជា ប្រុស(ប្រុស), យួនប្តូរឈ្មោះ មកជាខ្មែរទាំងនេះរស់នៅម្ដុំផ្សារចាស់ រាជធានីភ្នំពេញ ។ ចំណែកជនជាតិយួនដទៃទៀត ដែលមករស់នៅលើទឹកដីខ្មែរបានប្តូរ ឈ្មោះឲ្យមានជា សំឡេងជាភាសា ខ្មែរ ដូចជា ស្រីមុំ, បុប្ផា ជាដើម ដែលរហូតមានបុរសយួនខ្លះ មិនទាន់ស្គាល់វប្បធម៌ខ្មែរច្បាស់លាស់ បានប្តូរឈ្មោះមកជាខ្មែរ ដោយដាក់ឈ្មោះថា បុប្ផាក៏មានដែរ នៅក្នុងសង្គមខ្មែរ ឈ្មោះនេះសម្រាប់ដាក់ឲ្យមនុស្សស្រីខ្មែរ ។ កាន់តែជាក់ស្តែងទៀត គឺឪពុក-ម្តាយ របស់ លោកឧកញ៉ា ថោង សារ៉ាត់ (ឃាតកសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ) ដែលជាជនជាតិយួនមក រស់នៅលើទឹកដីខ្មែរ បានប្តូរ ឈ្មោះមកជាខ្មែរគឺ ថោង ចំរើន (ប្តី) មានឈ្មោះដើមជាភាសា យួនថា «មិន» និង កែវ សារី(ម្តាយ) មានឈ្មោះដើមជាភាសាយួនថា “ហាយ” ។ ចំណែកកូនប្រុសរបស់ពួកគេ ដាក់ ឈ្មោះជាភាសាខ្មែរ គឺ «ថោង សារ៉ាត់» ។ រីឯ ប្អូន ប្រុស របស់ ថោង សារ៉ាត់ គឺឈ្មោះ ថោង បូណា ។

  តាមការសង្កេតជាទូទៅ មិនតែចំពោះឈ្មោះមនុស្សប៉ុណ្ណោះទេ សូម្បីតែឈ្មោះហាងខ្លះទៀត ដែលបើកប្រកបអាជីវ កម្មនៅស្រុកខ្មែរ ហើយមានម្ចាស់ជាជនជាតិយួន ក៏យួនទាំងនោះដាក់ឈ្មោះ ឬភាសាមានលក្ខណៈជាខ្មែរដែរ មាន ហាង កាត់សក់ កាហ្វេ កែសម្ភស្ស ថតរូប សំអាងការ…ពិសេស ហាងយួននៅម្ដុំទឹកដីច្បារអំពៅ រាជធានីភ្នំពេញ ។ រីឯ ផលិតផលវៀតណាមមួយចំនួន ដែលមានលក្ខណៈជាវេចខ្ចប់ ហើយយកមកលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ក៏យួនខំ ដាក់អក្សរខ្មែរដែរ ដែលនាំប្រជាជនខ្មែរ ភ័ន្តច្រឡំថា ជាផលិតផលរបស់ខ្មែរ មានដូចជា នំ មី ជាដើម ។

           ទោះបីខ្ញុំខំរៀបរាប់ នូវចំណុចជាច្រើនក៏ដោយ ក៏ប្រធានបទ ដែលនិយាយអំពីយួនប្រឹងដូរឈ្មោះមកជាខ្មែរ ខ្មែរប្រឹងដាក់ ឈ្មោះជាបរទេសនេះ គឺខ្ញុំផ្តោតសំខាន់ទៅលើការដាក់ឈ្មោះតែប៉ុណ្ណោះ ។ សំណួរបានសួរឡើងថា មាន ប្រយោជន៍អ្វីខ្លះ បានជាជនជាតិយួនទាំងអស់នោះ ប្រឹងប្តូរឈ្មោះ មកជាខ្មែរ? មានចម្លើយជាច្រើន បានឆ្លើយជារួម តបទៅនឹងសំណួរនេះ មានដូចជា ៖ ដើម្បីបន្លំធ្វើជាជនជាតិខ្មែរ, ដើម្បីគេចចេញ ពីការរើសអើងជាតិសាសន៍ ពីប្រជាជនខ្មែរ ក៏ដូចអាជ្ញាធរខ្មែរ, ងាយស្រួលប្រកបមុខរបរនៅលើទឹកដីខ្មែរ, ងាយជ្រាបចូលទៅក្នុងស្រទាប់ប្រជាជន ខ្មែរ ដើម្បីទាញយកព័ត៌មាន…។ ជនជាតិ យួនដែលរស់នៅស្រុកខ្មែរ មានមកពីយួនខាងជើងដែលបំរើបដិវត្ត និងមកពីយួនខាងត្បូង ដែលមាន អ្នកខ្លះ មិនអាចរស់នៅក្រោមរដ្ឋាភិបាល និងអាជ្ញាធរកុម្មុយនីស្តបាន ប៉ុន្តែជនជាតិខ្មែរត្រូវចាំទុកឲ្យច្បាស់ថា ទោះបីយួនខាងជើង ក៏ដោយ ឬយួន ខាង ត្បូងក៏ដោយ ប្រកបមុខរបរអ្វីក៏ដោយ គឺពួកគេនៅតែយួនដដែល ដែលប្រជាជាតិខ្មែរ មិនត្រូវមើល ស្រាល បានឡើយ ។

  ឥឡូវនេះ ខ្ញុំនិយាយពីខ្មែរ ប្រឹងដាក់ឈ្មោះជាបរទេសវិញម្តង ។ ជាទូទៅនៅក្នុងសង្គមខ្មែរ គេសង្កេតឃើញឪពុក ម្តាយ និងអាណាព្យាបាល មួយចំនួន បានដាក់ឈ្មោះឲ្យកូនរបស់ខ្លួនជាឈ្មោះបរទេស មានដូចជា ៖ ដេវិត, ជែម, សិវ៉ែន, ហ្វីលីព, លីហ្សា, យូរី, អ៊ែនជី, មីស៊ែល…។ល។ ពិសេសពួកតារាសិល្បៈមួយចំនួនតែម្តង ទោះបីខ្លួនមានឈ្មោះក្នុង បញ្ជីជាតិជាខ្មែរ រួចហើយក៏ដោយ ក៏ខ្លួនខំដាក់ឈ្មោះហៅក្រៅ ឲ្យមានលក្ខណៈ ជាបរទេសដែរ ។ នាពេលសព្វថ្ងៃនេះទៀតក្រោយពីវប្បធម៌កូរ៉េវាយលុកមកលើប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរខ្លះបានដាក់ឈ្មោះឲ្យកូន របស់ខ្លួនជា ឈ្មោះកូរ៉េ ទៀត ផង ។

     ប្រការដែលឪពុក ម្តាយ និងអាណាព្យាបាលខ្មែរ ប្រឹងដាក់ឈ្មោះឲ្យកូន និងមានតារាសិល្បៈខ្លះ ប្រឹងដាក់ឈ្មោះហៅក្រៅ មានលក្ខណៈ ជាបរទេសនោះ តើបានផលប្រយោជន៍អ្វី ? ចំពោះទារក និងកុមារដែលមានឪពុក ឬម្តាយជាជន បរទេស ហើយដាក់ឈ្មោះទៅតាមឪពុក ឬម្តាយ ជាជនបរទេសនោះ គឺមិនសូវមានបញ្ហាចោទទេ ប៉ុន្តែដោយឡែក ចំពោះកូនដែលមានឪពុក ម្តាយជាជនជាតិខ្មែរសុទ្ធសាធ រួចខំប្រឹងដាក់ឈ្មោះ ជាបរទេសវិញ ចំពោះខ្ញុំខ្ញុំមើលមិនឃើញនូវផល ប្រយោជន៍ទាល់តែសោះ គឺមានតែគ្រោះថ្នាក់សម្រាប់ប្រជាជាតិខ្មែរទៅវិញទេ ។ ដើម្បីឆ្លើយ នឹងចំណុច គ្រោះថ្នាក់ ចំពោះប្រជាជាតិខ្មែរនេះ ខ្ញុំសូមលើកយកខ្លឹមសារ ត្រង់ចំណុចដែលទាក់ទងនឹងប្រធានបទនេះ ចេញពីឯក សារដែលនិពន្ធ និងចងក្រងដោយលោក នួន ឃឿន (ជនជាតិខ្មែរ) មានចំណងជើងថា «រដ្ឋប្រហារ ១៩៣២ ពីសៀម ទៅ ថៃឡង្ត»បោះពុម្ពផ្សាយនៅ ព.ស.២៥១៥ / គ.ស.១៩៧១ ។

        ហ្លួងវិជិត្រវាទកាន (ជនជាតិថៃ) បានតាក់តែងស្ថាបនានូវទ្រឹស្តីជាតិនិយមថៃមួយ ដែលពឹងផ្អែកទាំងស្រុង ទៅលើ ទស្សនៈ ប្រកាន់ជាតិសាសន៍ ដោយផ្តល់តម្លៃដ៏ខ្ពស់ ទៅលើប្រជាជាតិថៃខ្លួនឯង ក្នុងចំណោមប្រជាជាតិដទៃទៀត ដែលរស់នៅជិតខាងលើដែនដីឥណ្ឌូចិន ។ ទ្រឹស្តីនេះ បានជ្រួតជ្រាបចូលទៅក្នុងសាច់ ឈាម បេះដូង ទឹកចិត្តសិស្ស និស្សិត និងមហាជនសៀម មិនខុសពីទ្រឹស្តីពួកហ្វាស៊ីស្ត និយមប្រកាន់ពូជសាសន៍ ដែលសម័យនោះ ទទួលបានជ័យជំនះនៅទ្វីបអឺរ៉ុប ។ ទ្រឹស្តីរបស់ហ្លួងវិជិត្រវាទកាន មានលក្ខណៈជាតិនិយមហួសហេតុ និងឈ្លានពាន បង្កសង្រ្គាមថៃ នេះ ពឹងផ្អែកទៅលើគោលការណ៍ធំៗដូចខាងក្រោម ៖

        ទ្រឹស្តីជាតិនិយមនេះ ដំបូងប្រឆាំងទាំងស្រុង នឹងជនជាតិចិន ដែលមកនៅក្នុងប្រទេសសៀម តែពុំព្រមរំលាយខ្លួន ចូលទៅក្នុងសហគមន៍សៀម ថែមទាំងកាន់កាប់ទាំងស្រុង នូវសេដ្ឋកិច្ចប្រទេសនេះទៀតផង ។

     ក្នុងវិស័យក្រៅប្រទេស ទ្រឹស្តីនេះមានលក្ខណៈជាទ្រឹស្ដីពង្រឹងទឹកដីនិយម គឺបង្កសង្រ្គាមឈ្លានពាន វាយដណ្ដើមទឹក ដីនៃប្រទេសជិតខាង ដែលមានជនជាតិអម្បូរកំណើតថៃ ជាពិសេស ជនជាតិស្ហាន់ (Shan)នៅប្រទេសភូមា (មីយ៉ាន់ ម៉ា) ប៉ែកខាងកើត, ជនជាតិថៃ នៅប្រទេសចិនប៉ែកខាងត្បូងក្នុងខេត្តយូណាន់ ក្នុងភូមិភាគ ស៊ីបសងប៉ាន់ណា (SipsangPanna) ជាទីតាំងកំណើតដើមនៃអម្បូរជាតិថៃ,ជនជាតិលាវ (ឡាវ) ដែលជាសាខាមួយយ៉ាងធំ នៃអម្បូរ ថៃដែរ ដែលពេលនោះស្ថិតនៅក្រោមអាណាព្យាបាលបារាំង ។

  ទ្រឹស្តីជាតិនិយមថៃនេះ រហូតគឃ្លើនហានទាមទារដណ្ដើមយកទឹកដីប្រទេសកម្ពុជាទាំងមូល ដាក់បញ្ចូលទៅក្នុង សមាគមជាតិថៃ និងបណ្ដាខេត្តម៉ាឡាយូខ្លះនៅជាប់នឹងប្រទេសថៃ មានភូមិភាគ កេដាក់ (Kedah), ពែរលីស (Perli), កេឡាន់តាន់ (Kelantan), និង ត្រឹងក្ហានូ (Trengganu) ជាដើម។ចំពោះទឹកដីប្រទេសកម្ពុជា និងម៉ាឡាយូ ទ្រឹស្តីហ្លួងវិជិត្រវាទកាន បានចែងយ៉ាងច្បាស់ថា តំបន់ទាំងនេះ ជាទឹកដីដែលជនជាតិសៀម មានសិទ្ធិជា ប្រវត្តិសាស្ត្រ  ទៅលើ, បើដូច្នេះត្រូវតែវិលចូលទៅក្នុងប្រទេសសៀមវិញ ។

   មេទ្រឹស្ដីហ្លួងវិជិត្រវាទកាន ពុះពាររហូតដល់ទៅក្រលៃប្រវត្តិសាស្ត្រខ្មែរ ដោយការពារទ្រឹស្តីមួយចែងថា ដែនដីកម្ពុជាសព្វថ្ងៃ កាលពីសម័យ ដើមជាដែនដីរបស់ពួក «ខម» ហើយពពួក ខម ទាំងនេះត្រូវជនជាតិថៃ ច្បាំងរំលាយសម្លាប់ផុត ពូជទៅហើយ, ឯជនជាតិខ្មែរដែលរស់នៅសព្វថ្ងៃនេះ លើទឹកដីកម្ពុជា គឺគ្រាន់តែជាសាខាមួយយ៉ាងធំ នៃពូជអម្បូរថៃ តែប៉ុណ្ណោះ…ដើម្បីពន្យល់អំពី ការពិតនៃប្រវត្តិសាស្ត្រនេះ អ្នកទ្រឹស្តីសៀម ដដែល បានពន្យល់ថា សក្ខីភាពជាក់ស្តែង ថា «ខ្មែរ» ជាពូជអម្បូរថៃ គឺមានស្ថិតនៅក្នុងអារ្យធម៌ វប្បធម៌ ទំនៀមទម្លាប់ សិល្បៈនៃប្រទេស ទាំងពីរនេះឯង ដែល មានលក្ខណៈស្រដៀងគ្នាដូចបងប្អូនបង្កើត ហើយក្នុងជួរថ្នាក់ដឹកនាំសៀម បានទទួលសន្មតថា ជាទ្រឹស្តីផ្លូវការ តាំងពី ឆ្នាំ១៩៣៩ សម័យ ភីប៉ុលសង្គ្រាម ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីសៀម ។

        ទ្រឹស្តីនេះ បានជះឥទ្ធិពលមកដល់ សម័យកាលកើតទំនាស់រវាងប្រទេសកម្ពុជា និងថៃ លើបញ្ហាប្រាសាទព្រះវិហារ ឆ្នាំ១៩៦២។ លោក មុំ សេនី ប្រាមោជ ជាមេធាវីថៃ អមតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ក្នុងសំណុំរឿងប្រាសាទ ព្រះវិហារ បានការពារទ្រឹស្តីនេះ។ សារព័ត៌មាន សៀមឈ្មោះ«ឆាវថៃ» ចេញថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៥៩ បានសរសេរ ថា «មុំ សេនី ប្រាមោជ បាននិយាយថា ពពួក «ខម» ជាជនពូជអម្បូរឥណ្ឌា។ ចំណែកជនជាតិថៃ មានដើមកំណើត ក្នុងខេត្តមួយនៃប្រទេសចិនគឺ យូណាន់ បានវាយយកជោគជ័យទៅលើជនជាតិ «ខម» រហូត ដល់ពួកនេះត្រឡប់ទៅ ស្រុកឥណ្ឌាវិញ។ ដែនដីដែលកាលពីដើមពួក «ខម» តាំងនៅនោះក៏ក្លាយទៅជាទឹកដីថៃ ហើយប្រជាជនថៃ ក៏បែង ចែកខ្លួន ឯងជាពីរក្រុម គឺក្រុមទី១ បានមកតាំងនៅតំបន់ទំនាប ដែលគេឲ្យឈ្មោះសព្វថ្ងៃនេះថា «កម្ពុជា» ចំណែកក្រុម មួយទៀត តាំងនៅតំបន់ខ្ពស់ ហើយនៅថែរក្សាឈ្មោះ «ថៃ»ដដែល ។ លោក សេនី បានបញ្ជាក់ទៀតថា តាមការពិត ក្រុមទាំងពីរនេះចេញពីពូជអម្បូរតែមួយ គឺអម្បូរ «ថៃ»នេះឯង ដែលមានប្រពៃណី ទំនៀមទម្លាប់ របៀបរស់នៅ នៃ ប្រជាជាតិទាំងពីរ (ខ្មែរនិងថៃ) មានលក្ខណៈដូចគ្នាបេះបិទ…។

  ដូចនេះ យើងឃើញហើយនូវចំណុចគ្រោះថ្នាក់ ក្នុងនាមយើងជាខ្មែរ យើងត្រូវតែបដិសេធទ្រឹស្តីរបស់ហ្លួងវិជិត្រវាន កាននេះពីព្រោះវាមាន លក្ខណៈផ្ទុយទាំងស្រុងនឹងលក្ខណៈវិទ្យាសាស្ត្រ។ ចំពោះអ្នកប្រវត្តិសាស្ត្រទូទៅ គេពុំដែលចាត់ទុក ទ្រឹស្ដីនេះជាការត្រឹមត្រូវ តាមការពិត នោះឡើយ។ ដូច្នេះ ទ្រឹស្ដីរបស់ ហ្លួងវិជិត្រវាទកាន មានតម្លៃត្រឹមតែជា ភស្តុតាងជាក់ស្ដែង នៃសេចក្តីលោភលន់ នៃជាតិមួយទៅលើជាតិ អ្នកជិតខាង ខ្លួនតែប៉ុណ្ណោះ ។

    នៅពេលនេះអ្វីដែលខ្មែរត្រូវកត់សម្គាល់ គឺទោះបីប្រជាជាតិខ្មែរ មានប្រវត្តិសាស្ត្រពិតប្រាកដរបស់ខ្លួនរាប់ពាន់រាប់ម៉ឺនឆ្នាំនៅលើទឹកដី ជ្រោយ សុវណ្ណភូមិនេះមកហើយក៏ដោយ ទោះបីប្រជាជាតិខ្មែរបានខិតខំកសាងនូវវប្បធម៌ និងអារិយ ធម៌របស់ខ្លួនជាច្រើន និងសប្បូរបែបដូចនេះក៏ដោយ ក៏ជនជាតិសៀមមួយចំនួន គឃ្លើនហ៊ានមូលប្រកាច់ បំភ្លៃប្រវត្តិ សាស្ត្រខ្មែរដែរ ចុះទម្រាំមនុស្សខ្មែរនាំគ្នាដាក់ឈ្មោះ និងប្តូរឈ្មោះទៅជាភាសា បរទេសកាន់តែច្រើនឡើងៗដូចសព្វថ្ងៃ គឺសៀមអាចយកចំណុចនេះ ធ្វើជាភស្តុតាងដោយលើកឡើងថា ពូជខ្មែរដែលរស់នៅលើទឹកដីកម្ពុជា បច្ចុប្បន្នស្ទើរផុត ពូជ ឬផុតពូជអស់ទៅហើយ ជាក់ស្តែងគឺពុំមានឈ្មោះជាខ្មែរឡើយ ដូច្នេះក្នុងនាមថៃ និងខ្មែរ ជាបងប្អូននឹងគ្នា មានពូជ អម្បូរតែមួយ គឺអម្បូរ «ថៃ»នេះឯង ដែលមានប្រពៃណី ទំនៀមទម្លាប់ របៀបរស់នៅមានលក្ខណៈដូចគ្នាបេះបិទ…រីឯ វត្ថុបុរាណ ដែលមានតម្លៃ ចំពោះ ប្រជាជាតិ ខ្មែរ គឺថៃមាន ដូចជា ក្បាលអ្នកតា អប្សរា សិលាចារឹក… (បានលួច ប្លន់ ទិញពីខ្មែរខិលខូច) ។ ហេតុនេះប្រជាជាតិថៃ ដែលនៅមានវត្តមាននៅឡើយ គឺមានសិទ្ធិជាប្រវត្តិសាស្ត្រ ធ្វើជាម្ចាស់លើដែនដីប្រទេសកម្ពុជាសព្វថ្ងៃ អាស្រ័យហេតុនេះត្រូវតែប្រគល់ឲ្យថៃវិញ ។ បើដូច្នេះមែន តើនេះ មិនមែនជាចំណុច មហាគ្រោះថ្នាក់ចំពោះប្រជាជាតិខ្មែរ នៅថ្ងៃអនាគតទេឬ? តាមការសង្កេតរបស់ខ្ញុំ ទ្រឹស្តីជាតិនិយមរបស់ហ្លួងវិជិត្រវាទ កាន នៅមានឥទ្ធិពលចំពោះសិស្ស និស្សិត បញ្ញវន្ត និងអ្នកនយោបាយថៃមួយចំនួននៅឡើយជាពេលបច្ចុប្បន្ននេះ ហើយបើខ្មែរមិនចេះប្រុងប្រយ័ត្នទេ អាចនឹងជួបគ្រោះថ្នាក់ ។

  ខ្ញុំសូមរំលឹកដល់ជនរួមជាតិខ្មែរថា កាលនៅសម័យចក្រភពអង្គរ ប្រជាជាតិខ្មែរមានទឹកដីធំទូលាយ អរិយធម៌ខ្ពស់ត្រដែត ប៉ុន្តែក្រោយសម័យ ចក្រភពអង្គរ រហូតមកដល់បច្ចុប្បន្ន ទឹកដីខ្មែរនៅសល់តូច ជំហរវប្បធម៌ អរិយធម៌ទន់ខ្សោយកិត្តិយសអាប់ឱន គឺដោយសារយួន សៀម វាយប្រហារ ខ្មែរទាំងផ្នែកយោធា សេដ្ឋកិច្ច ការទូត វប្បធម៌ ចិត្ត សាស្ត្រ និងមន្តអាគមទៀតផង ។ ដោយមានប្រវត្តិសាស្ត្រជាមេរៀននេះហើយ មនុស្សខ្មែរសព្វថ្ងៃ ត្រូវចេះប្រុងប្រយ័ត្ន គ្រប់ចំណុចទើបប្រសើរ ដើម្បីកុំឲ្យមានចំណុចខ្សោយ និងរស់បានតទៅមុខទៀត នៅលើទឹកដីដ៏តូចអភ័ព្វនេះ ខ្មែរត្រូវ មានច្បាប់ដែលកំណត់អំពីជនបរទេសរស់នៅលើទឹកដីខ្មែរ រួមទាំងមានសញ្ជាតិខ្មែរផងដែរ គឺមានសិទ្ធិបំរើការងារនៅ ស្រុកខ្មែរលើផ្នែកអ្វីខ្លះ? ហើយត្រឹមកម្រិតណា? ដែលមិននាំឲ្យជាតិខ្មែរគ្រោះថ្នាក់ ។ ចំណែកការដាក់ឈ្មោះ និងប្តូរ ឈ្មោះឲ្យកូន ចៅ ក៏ត្រូវប្រុងប្រយ័ត្នដែរ កុំនិយមដាក់ឈ្មោះជាបរទេសពេក ។ ពិសេសប្រជាជាតិខ្មែរ ត្រូវតែមាន មនោគមវិជ្ជាជាតិរឹងមាំរបស់ខ្លួន (សព្វថ្ងៃមិនទាន់មាន) ដើម្បីពង្រឹងស្មារតី ព្រលឹងរបស់មនុស្សខ្មែរ ទប់ទល់នឹងមនោ គមវិជ្ជាបរទេស បើនៅតែពុំមានមនោគមវិជ្ជាជាតិដូចសព្វថ្ងៃនេះទៀត មនុស្សខ្មែរងាយស្រួល \នឹង ទទួលយកវប្បធម៌ បរទេសទាំងមិនដឹងគ្រោះថ្នាក់ ហើយជំហរនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងចិត្តសាស្ត្ររបស់មនុស្សខ្មែរ ក៏ បរទេសងាយ វាយបំបាក់ដែរ។

      ការបញ្ចេញទស្សនៈរបស់ខ្ញុំខាងលើនេះ មិនមានចេតនាអូសទាញឲ្យប្រជាជាតិខ្មែរ ឲ្យក្លាយទៅជាសត្រូវ នឹងប្រជា ជាតិយួន សៀមនោះទេ គឺគ្រាន់តែដាស់ ស្មារតីប្រជាជាតិខ្មែរឲ្យដឹងខ្លួន និងចេះប្រុងប្រយ័ត្ននូវចំណុចគ្រោះថ្នាក់ហើយ ចង់រស់នៅជាអ្នកជិតខាងល្អគឺមិនចង់ បានទេនូវអ្នកជិតខាងជាសត្រូវជាប្រវត្តិសាស្ត្រនោះ ៕

         ជនជាតិ «ខម» តាមឯកសារខ្លះបាននិយាយថា កើតចេញពីអម្បូរ «ខ្មែរ-មន» គឺ «ខ» ជាអក្សរកាត់ចេញមកពីពាក្យ «ខ្មែរ» ហើយ «ម» ជាអក្សរកាត់ពេញមកពីពាក្យ «មន»។

 

 ដោយ ៖ លោក ប៉ោ សេដ្ឋា និពន្ធនាយករងវិទ្យុដើមអម្ពិល (បរិញ្ញាបត្រអក្សរសាស្រ្ត និងមនុស្សសាស្រ្ត «ជំនាន់ទី១២ », សញ្ញាបត្រមន្រ្តីរដ្ឋបាល «ជំនាន់កសាងជាតិ», អនុបណ្ឌិតច្បាប់ «ផ្នែកនីតិឯកជន»)

%d bloggers like this: