ប្រាសាទបាគង​

 

     ​បើពិនិត្យ ​នូវ​សារៈសំខាន់រ​បស់​សំណង់​ស្ថាបត្យកម្ម​ប្រាង្គ​ ប្រាសាទខ្មែរ ជាពិសេស​ប្រាសាទបាគង ដែល​ក្រៅពី​ការ​តំណាង​ឲ្យ​លោកធាតុ​វិទ្យា បូជនីយដ្ឋាន​ក៏​ជា​និមិត្តរូប​នៃ​អំណាច​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​របស់​ដែល​ តំណាង​ឲ្យ​ព្រះរាជា​ស្ថាបនិក គឺ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១​។ បូជនីយដ្ឋាន​ដ៏​សំខាន់​នេះ ដែលជា​ប្រាសាទ​រាជ​របស់​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ត្រូវបាន​សាងសង់ឡើង​នៅ​ឆ្នាំ ៨៨១ នៃ​គ​.​ស ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ​ដ៏​មាន​មហិទ្ធិឫទ្ធិ នា​ដើម​សម័យអង្គរ​។​
​     ​គេ​អាច​និយាយបានថា ប្រាសាទ​នេះ គឺជា​ប្រាសាទខ្មែរ​ដំបូងបង្អស់​ដែល​សាងសង់ឡើង​អំពី​ថ្មភក់ ដែលមាន​​​ការដ្ឋាន​ថ្ម នៅក្បែរ​អូរ​ថ្ម ជាប់​នៅ​ស្រុក​គូលែន ក្នុង​ខេត្តសៀមរាប​។ ដោយសារតែ​ប្រាសាទ​ស្ថិតនៅ​ចំ​កណ្តាល​នេះ​នៃ​រាជធានី​ហរិ​ហ​ល័យ ប្រកបដោយ​ចម្លាក់​ក្បាច់ក្បូរ​បែប​ព្រាហ្មណ៍​និយម ទើប​ឈ្មោះ​ដើម​នៃ​បូជនីយដ្ឋាន​អង្គរ​នេះ ត្រូវគេ​ហៅថា “​ថ្មកែវ​នៃ​ឥសៈ​”​។​
​     ​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រាសាទបុរាណ​នេះ ក៏បាន​ឲ្យ​ដឹងថា ប្រាសាទបាគង​ពិតជា​ត្រូវបាន​អនុលោម​តាម​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ ហើយ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​នេះ​ពិតជា​តំណាង​ឲ្យ​ភ្នំ​សុមេរុ​។ ម្យ៉ាងវិញទៀត ប្រាង្គ​កណ្តាល ឬ​តួ​ប៉ម​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​សតវត្ស​ទី​១២ ក្នុង​រាជ​ព្រះបាទ​សុរិយា​វរ្ម័នទី​២​។​

​     ​សូម​រំ​ឮ​ក​ឡើងវិញ​ដែរ​ថា ប្រាសាទបាគង​បែរមុខ​ទៅ​ទិសខាងកើត ដែលជា​ទិស​នៃ​ព្រះអាទិត្យ​ប្រកបដោយ​សិរី​មង្គល​។ ប្រាសាទ​នេះ​មាន​កំពែង ២​ជាន់ គឺ​កំពែង​ខាងក្នុង ហើយ​ខាងក្រៅ​។ កំពែង​ខាងក្រៅ ដែលមាន​ទំហំ ៩០០​ម៉ែត្រ x ៧០០​ម៉ែត្រ ហ៊ុំព័ទ្ធ​ដោយ​គូ​ទឹក តំណាង​ឲ្យ​មហាសមុទ្រ​នៃ​លោកធាតុ​វិទ្យា​។ ដើម្បី​ចូលទៅ​កាន់​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ និង​ទៅកាន់​ប្រាសាទ​ឧបសម្ព័ន្ធ​ផ្សេងៗ គេ​ឆ្លងផ្លូវ​ចូល​ពីរ គឺ​មួយ​ស្ថិតនៅ​ខាងកើត និង​មួយទៀត​នៅ​ទិស​ខាងលិច​។ ផ្លូវ​រាជ​ដ៏​សំខាន់​ទាំងពីរ​នេះ គឺ​តាមពិត គឺជា​ឥន្ទ​នូ ឬ​ស្ពាន​ចម្លង​មនុស្ស​ពី​ស្ថាន​មនុស្ស​ទៅកាន់​ទេវស្ថាន ដែល​នៅទីនេះ​តំណាង​ដោយ​នាគ​ញី​មួយគូរ​កំពុង​លូន​អម​សងខាង​ផ្លូវ​។ តែ​ជា​អកុសល សព្វថ្ងៃនេះ នាគ​ទាំង​គូរ​ដែល​ស្ថិតនៅ​ផ្លូវ​ចូល​ខាងលិច ត្រូវ​បែកបាក់​រិច​រិល​ទាំងអស់​។ រីឯ​នាគ​នោះ ផ្លូវ​ទ្វារ​ចូល​ខាងកើត​វិញ គ្រាន់តែ​បាន​បន្សល់​នៅ​ក្បាល​ពីរ និង​ដងខ្លួន​ដាច់​ជាច្រើន​កំណាត់​ប៉ុណ្ណោះ​។
​    ​ដូច​ពោល​ខាងលើ ប្រាសាទបាគង គឺជា​ប្រាសាទភ្នំ​តំណាង​ឲ្យ​ភ្នំ​សុមេរុ ស្ថិតនៅ​ចំ​កណ្តាល ហើយ​អ្វីដែល​ខុសប្លែក​ពី​ប្រាសាទ​ផ្សេងៗ គឺ​បូជនីយដ្ឋាន​នេះ​មាន​រាង​ជា​សាជី ដែល​ស្ថិតក្នុង​កំពែង​ទី​៣​។ ទ្វីប​ទាំង​៥ ដែល​នៅទីនេះ​តំណាង​ដោយ​ថ្នាក់​នៃ​ប្រាសាទ​។ ថ្នាក់​ទាំង ៤ ផ្នែក​ខាងក្រោម គឺ​តំណាង​ឲ្យ​ភព​ទាំង​៤ នៃ​ចក្រ​វា​ឡ​ដ៏​ធំ​ល្វឹងល្វើយ​។ រីឯ​ថ្នាក់​ពី​៥ គឺជា​ទេវស្ថាន ឬ​ឋាន​សួគ៌ា តំណាង​ដោយ​ប្រាង្គ​កណ្តាល​ដែល​ពី​ដើម​នៅលើ​កំពូល​មាន​តុបតែង​ដោយ​ចម្លាក់​ ត្រីសូ​ល៌​ធ្វើ​អំពី​សំ​រិ​ទ្ធិ តែ​សព្វថ្ងៃ​ត្រូវបាន​បាត់បង់​ទៅហើយ​។
​     ​សូមបញ្ជាក់ថា វត្ត​មា​របស់​ត្រីសូ​ល៌ គឺ​គូស​តាមរយៈ​ចម្លាក់​លើ​ប្រាង្គ​មួយចំនួន ដែល​អប​នៅតាម​ក្លោងទ្វា​រទាំង​៤ នៃ​ប្រាង្គ​កណ្តាល ដែល​តាម​ក្លោងទ្វា​រទាំង​៤ នៃ​ប្រាង្គ​កណ្តាល ដែល​តាមពិតទៅ​នៅ​ទីនោះ​មាន ៣ ជា​ទ្វារបញ្ឆោទ និង​១​ទៀត ដែលជា​ទ្វារ​ពិត​បែរមុខ​ទៅ​ទិសខាងកើត​ដ៏​បវរ​។ បើ​និយាយ​មួយបែប​ទៀត ភាព​ស័ក្តិសិទ្ធិ​ជាងគេ​នៃ​ប្រាសាទបាគង គឺ​ប្រាង្គ​កណ្តាល​។ ព្រោះថា ប្រាង្គ​នេះ គឺជា​លំនៅស្ថាន​របស់​ព្រះអាទិទេព​ដ៏​មាន​មហិទ្ធិឫទ្ធិ​ផ្ទាល់ គឺ​ព្រះ​វិស្ណុ​មាន​ដៃ​៨ ព្រមទាំង​លិង្គ​រាជ​មួយ​ឈ្មោះ ស្រី​ឥន្ទ្រ​ស្វរៈ​។ ហើយ​ម្យ៉ាងវិញទៀត លក្ខណៈ​ទេវៈ​របស់​ប្រាង្គ​នេះ ក៏​អាច​បញ្ជាក់​តាមរយៈ​សញ្ញា​និមិត្ត​ត្រីសូ​ល៌​ដែរ ដែលមាន​ពិ​ព័ណ៌នា​ក្នុង​គម្ពី​ត្រី​យុគ ត្រី​តា​ខ្មែរ​។​
​    ​ក្រៅពីនេះ គេ​ក៏​បានឃើញ​មាន​ប្រាសាទ​ឥដ្ឋ​ចំនួន​៨ ដែល​ស្ថិត​ជុំវិញ​ប្រាសាទ​ផ្នែក​ខាងក្រោម​។ យើង​ក៏​ឃើញ​ដែរ​ថា នៅលើ​បាទ​ស្ថាន មាន​ជណ្តើរ​នៅ​គ្រប់​អ័ក្ស ជណ្តើរ​ទាំងនោះ​នាំ​សាសនិក​ទៅកាន់​លាន​នៃ​ថ្នាក់​នីមួយៗ​បន្តបន្ទាប់​ពីលើ​ គ្នា ជាពិសេស​ទៅកាន់​ប្រាង្គ​កណ្តាល​ដ៏​ពិសិដ្ឋ ដូច​មូលហេតុ​ដែល​ទើប​ពោល​នៅឯ​ខាងលើ​។ បើ​យើង​មើល​ពី​ចម្ងាយ ប្រាង្គ​កណ្តាល​លេចធ្លោ​ឡើង ហាក់បីដូចជា​ឈូក​មួយទង​ផុស​ចេញពី​សមុទ្រ​ភ្នំ​ថ្ម​។​
​    ​សរុបមក មូលហេតុ​នៃ​ការសាងសង់​ប្រាសាទបាគង​នេះ​ឡើង គឺ​បណ្តាលមកពី​កត្តា​សាសនា​ក៏​មែនពិត ក៏ប៉ុន្តែ​លើសពីនេះ​ទៀត គឺជា​និមិត្តរូប​នៃ​អំណាច​បុណ្យ​បារី​ជ័យ​ជេ​ស្តា​នៃ​សម័យកាល ឬ​រជ្ជកាល​របស់​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ ហើយ​ដើម្បី​តំណាង​ឲ្យ​ភាព​អមតៈ​របស់​ព្រះអង្គ នៅទីនេះ​ទ្រង់​បាន​គេ​គោរពបូជា​ក្រោមរូបភាព​នៃ​ព្រះ​សិវលិង្គ​មួយ​ព្រះនាម​ ព្រះអង្គ ថា​ស្រី​ឥន្ទ្រ​ស្វរៈ ដែលជា​មរណនាម​រប​ស់​ទ្រង់​ផ្ទាល់ ទុក​ជាទីគោរព​សក្ការ​បូជា​ជា​រៀងរហូត​៕     មស ត្រាណេ

Untitled

​រូបភាព ១-២ : ប្រាសាទបាគង​មើល​ពីលើ​អាកាស (​ឯកសារ បារាំង​) និង ប្រាង្គ​ប្រធាន (​ម​.​ត ១៩៩៣)

13-05-2008 101ប្រាសាទបាគង ១៣/០៥/២០០៨

13-05-2008 110

13-05-2008 117

13-05-2008 122ប្រាសាទតូចៗ នៅក្នុងបរិវេណប្រាសាទបាគង

13-05-2008 128

%d bloggers like this: