ប្រាសាទបាគង
បើពិនិត្យ នូវសារៈសំខាន់របស់សំណង់ស្ថាបត្យកម្មប្រាង្គ ប្រាសាទខ្មែរ ជាពិសេសប្រាសាទបាគង ដែលក្រៅពីការតំណាងឲ្យលោកធាតុវិទ្យា បូជនីយដ្ឋានក៏ជានិមិត្តរូបនៃអំណាចឥទ្ធិពលយ៉ាងខ្លាំងក្លារបស់ដែល តំណាងឲ្យព្រះរាជាស្ថាបនិក គឺព្រះបាទឥន្ទ្រវរ្ម័នទី១។ បូជនីយដ្ឋានដ៏សំខាន់នេះ ដែលជាប្រាសាទរាជរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ៨៨១ នៃគ.ស ដើម្បីឧទ្ទិសដល់ព្រះវិស្ណុដ៏មានមហិទ្ធិឫទ្ធិ នាដើមសម័យអង្គរ។
គេអាចនិយាយបានថា ប្រាសាទនេះ គឺជាប្រាសាទខ្មែរដំបូងបង្អស់ដែលសាងសង់ឡើងអំពីថ្មភក់ ដែលមានការដ្ឋានថ្ម នៅក្បែរអូរថ្ម ជាប់នៅស្រុកគូលែន ក្នុងខេត្តសៀមរាប។ ដោយសារតែប្រាសាទស្ថិតនៅចំកណ្តាលនេះនៃរាជធានីហរិហល័យ ប្រកបដោយចម្លាក់ក្បាច់ក្បូរបែបព្រាហ្មណ៍និយម ទើបឈ្មោះដើមនៃបូជនីយដ្ឋានអង្គរនេះ ត្រូវគេហៅថា “ថ្មកែវនៃឥសៈ”។
ការសិក្សាស្រាវជ្រាវអំពីប្រាសាទបុរាណនេះ ក៏បានឲ្យដឹងថា ប្រាសាទបាគងពិតជាត្រូវបានអនុលោមតាមលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ ហើយប្រាង្គកណ្តាលនៃប្រាសាទនេះពិតជាតំណាងឲ្យភ្នំសុមេរុ។ ម្យ៉ាងវិញទៀត ប្រាង្គកណ្តាល ឬតួប៉មត្រូវបានជួសជុលឡើងវិញនៅសតវត្សទី១២ ក្នុងរាជព្រះបាទសុរិយាវរ្ម័នទី២។
សូមរំឮកឡើងវិញដែរថា ប្រាសាទបាគងបែរមុខទៅទិសខាងកើត ដែលជាទិសនៃព្រះអាទិត្យប្រកបដោយសិរីមង្គល។ ប្រាសាទនេះមានកំពែង ២ជាន់ គឺកំពែងខាងក្នុង ហើយខាងក្រៅ។ កំពែងខាងក្រៅ ដែលមានទំហំ ៩០០ម៉ែត្រ x ៧០០ម៉ែត្រ ហ៊ុំព័ទ្ធដោយគូទឹក តំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យា។ ដើម្បីចូលទៅកាន់ប្រាង្គកណ្តាលនៃប្រាសាទ និងទៅកាន់ប្រាសាទឧបសម្ព័ន្ធផ្សេងៗ គេឆ្លងផ្លូវចូលពីរ គឺមួយស្ថិតនៅខាងកើត និងមួយទៀតនៅទិសខាងលិច។ ផ្លូវរាជដ៏សំខាន់ទាំងពីរនេះ គឺតាមពិត គឺជាឥន្ទនូ ឬស្ពានចម្លងមនុស្សពីស្ថានមនុស្សទៅកាន់ទេវស្ថាន ដែលនៅទីនេះតំណាងដោយនាគញីមួយគូរកំពុងលូនអមសងខាងផ្លូវ។ តែជាអកុសល សព្វថ្ងៃនេះ នាគទាំងគូរដែលស្ថិតនៅផ្លូវចូលខាងលិច ត្រូវបែកបាក់រិចរិលទាំងអស់។ រីឯនាគនោះ ផ្លូវទ្វារចូលខាងកើតវិញ គ្រាន់តែបានបន្សល់នៅក្បាលពីរ និងដងខ្លួនដាច់ជាច្រើនកំណាត់ប៉ុណ្ណោះ។
ដូចពោលខាងលើ ប្រាសាទបាគង គឺជាប្រាសាទភ្នំតំណាងឲ្យភ្នំសុមេរុ ស្ថិតនៅចំកណ្តាល ហើយអ្វីដែលខុសប្លែកពីប្រាសាទផ្សេងៗ គឺបូជនីយដ្ឋាននេះមានរាងជាសាជី ដែលស្ថិតក្នុងកំពែងទី៣។ ទ្វីបទាំង៥ ដែលនៅទីនេះតំណាងដោយថ្នាក់នៃប្រាសាទ។ ថ្នាក់ទាំង ៤ ផ្នែកខាងក្រោម គឺតំណាងឲ្យភពទាំង៤ នៃចក្រវាឡដ៏ធំល្វឹងល្វើយ។ រីឯថ្នាក់ពី៥ គឺជាទេវស្ថាន ឬឋានសួគ៌ា តំណាងដោយប្រាង្គកណ្តាលដែលពីដើមនៅលើកំពូលមានតុបតែងដោយចម្លាក់ ត្រីសូល៌ធ្វើអំពីសំរិទ្ធិ តែសព្វថ្ងៃត្រូវបានបាត់បង់ទៅហើយ។
សូមបញ្ជាក់ថា វត្តមារបស់ត្រីសូល៌ គឺគូសតាមរយៈចម្លាក់លើប្រាង្គមួយចំនួន ដែលអបនៅតាមក្លោងទ្វារទាំង៤ នៃប្រាង្គកណ្តាល ដែលតាមក្លោងទ្វារទាំង៤ នៃប្រាង្គកណ្តាល ដែលតាមពិតទៅនៅទីនោះមាន ៣ ជាទ្វារបញ្ឆោទ និង១ទៀត ដែលជាទ្វារពិតបែរមុខទៅទិសខាងកើតដ៏បវរ។ បើនិយាយមួយបែបទៀត ភាពស័ក្តិសិទ្ធិជាងគេនៃប្រាសាទបាគង គឺប្រាង្គកណ្តាល។ ព្រោះថា ប្រាង្គនេះ គឺជាលំនៅស្ថានរបស់ព្រះអាទិទេពដ៏មានមហិទ្ធិឫទ្ធិផ្ទាល់ គឺព្រះវិស្ណុមានដៃ៨ ព្រមទាំងលិង្គរាជមួយឈ្មោះ ស្រីឥន្ទ្រស្វរៈ។ ហើយម្យ៉ាងវិញទៀត លក្ខណៈទេវៈរបស់ប្រាង្គនេះ ក៏អាចបញ្ជាក់តាមរយៈសញ្ញានិមិត្តត្រីសូល៌ដែរ ដែលមានពិព័ណ៌នាក្នុងគម្ពីត្រីយុគ ត្រីតាខ្មែរ។
ក្រៅពីនេះ គេក៏បានឃើញមានប្រាសាទឥដ្ឋចំនួន៨ ដែលស្ថិតជុំវិញប្រាសាទផ្នែកខាងក្រោម។ យើងក៏ឃើញដែរថា នៅលើបាទស្ថាន មានជណ្តើរនៅគ្រប់អ័ក្ស ជណ្តើរទាំងនោះនាំសាសនិកទៅកាន់លាននៃថ្នាក់នីមួយៗបន្តបន្ទាប់ពីលើ គ្នា ជាពិសេសទៅកាន់ប្រាង្គកណ្តាលដ៏ពិសិដ្ឋ ដូចមូលហេតុដែលទើបពោលនៅឯខាងលើ។ បើយើងមើលពីចម្ងាយ ប្រាង្គកណ្តាលលេចធ្លោឡើង ហាក់បីដូចជាឈូកមួយទងផុសចេញពីសមុទ្រភ្នំថ្ម។
សរុបមក មូលហេតុនៃការសាងសង់ប្រាសាទបាគងនេះឡើង គឺបណ្តាលមកពីកត្តាសាសនាក៏មែនពិត ក៏ប៉ុន្តែលើសពីនេះទៀត គឺជានិមិត្តរូបនៃអំណាចបុណ្យបារីជ័យជេស្តានៃសម័យកាល ឬរជ្ជកាលរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ហើយដើម្បីតំណាងឲ្យភាពអមតៈរបស់ព្រះអង្គ នៅទីនេះទ្រង់បានគេគោរពបូជាក្រោមរូបភាពនៃព្រះសិវលិង្គមួយព្រះនាម ព្រះអង្គ ថាស្រីឥន្ទ្រស្វរៈ ដែលជាមរណនាមរបស់ទ្រង់ផ្ទាល់ ទុកជាទីគោរពសក្ការបូជាជារៀងរហូត៕ មស ត្រាណេ
រូបភាព ១-២ : ប្រាសាទបាគងមើលពីលើអាកាស (ឯកសារ បារាំង) និង ប្រាង្គប្រធាន (ម.ត ១៩៩៣)
ប្រាសាទតូចៗ នៅក្នុងបរិវេណប្រាសាទបាគង