ការដាំដើមស្វាយចន្ទី

     ដើមស្វាយចន្ទីជាដំណាំឧស្សាហកម្មដ៏សំខាន់មួយមុខ ហើយកំពុងបានទទួល ការចាប់​អារម្មណ៍ទាំងផ្នែករដ្ឋបាល និង ឯកជន ដែលនឹងជំរុញ ឱ្យទៅជាដំណាំសេដ្ឋកិច្ច ដើម្បីជាទំនិញ​សម្រាប់នាំចេញទៅក្រៅប្រទេស។ តាមការស្រាវជ្រាវ គេឃើញថា ស្វាយ ចន្ទី​អាចដុះ​លូតលាស់​បាន​ល្អ​នៅទូទាំងប្រទេស។ ទាំងនេះគឺដោយសារជាដំណាំដែលធន់ ចំពោះ​ការ​រាំង​ស្ងួត ងាយដាំ ដុះ​លូតលាស់ធំឆាប់រហ័ស ងាយថែទាំ អាចដុះបានចំពោះដី ស្ទើរតែគ្រប់ប្រភេទ ដែលងាយជ្រាបទឹក ដី​​ស្រទាប់លើជ្រៅ មិនមែនជាដីកណ្ដេង (Hard Soil) មិនមែនជាដីប្រៃពេក ឬជូរពេក។ ការដាំ​ដើម​ស្វាយចន្ទី ក្រៅពីជាការ បន្ថែមប្រាក់ចំណូលដល់កសិករ គឺជាការដាំព្រៃឈើបន្ថែម ធ្វើឱ្យ​សភាព​ធាតុអាកាស និងសភាពបរិដ្ឋានល្អឡើងផងដែរ។

        ប្រវត្ដិ

   ដើមស្វាយចន្ទីជាដំណាំហូបផ្លែរបស់ប្រទេសអាមេរិកឡាទីន ដែលគេដាំជា ទូទៅតាំង​ពីម៉ិចស៊ីកូ រហូតដល់ប៉េរូ។ បន្ទាប់មក ក៏បាន​ពង្រីក​ពូជយ៉ាងធំទូលាយក្នុងទ្វីប អាហ្វ្រិក អាមេរិក​ខាងជើង អាមេរិកខាងត្បូង តាម​ប្រជុំ​កោះ​ផ្សេងៗ​ក្នុង​មហាសមុទ្រ ប៉ាស៊ីហ្វិក រហូតដល់ទ្វីបអាស៊ី។ ប្រទេស​ដែលគេចាត់ទុកថាជាអ្នកនាំចេញផលិតផល ស្វាយចន្ទីធំជាង​គេក្នុង​សកលលោក គឺមាន ឥណ្ឌា ម៉ូសំប៊ិក តង់ហ្សានី ប្រេស៊ីល ជាដើម។ ប្រវត្ដិនៃ​ការនាំ​ចូល​ដើម​ស្វាយចន្ទី គឺបាននាំចូល​មកពី​ប្រទេសឥណ្ឌាកាលពីឆ្នាំ ១៩០១។ ហើយបន្ទាប់ពីនោះមក ក៏មានអ្នកនាំចូលមក​ទៀត​ជាច្រើន​ដង​ពីប្រទេស ឥណា្ឌ និង LIBERIA ជាដើម ដោយមានក្រុមវិជ្ជាការខាងកសិកម្ម ជាអ្នកសាកល្បង សិក្សាស្រាវជ្រាវជ្រើសរើសពូជដែលសមស្រប ដើម្បីមានលទ្ធភាពដាំបាន ហើយបានផល​កម្រិត​ខ្ពស់។

បច្ចុប្បន្ននេះ គេដាំស្វាយចន្ទីពាសពេញទូទាំងប្រទេស។

លក្ខណៈទូទៅខាងរុក្ខវិទ្យា (BOTANY)

  ដើមស្វាយចន្ទីជាដើមឈើហូបផ្លែ នៅក្នុងត្រកូលជាមួយគ្នានឹងដើមស្វាយ។ មានដុះជា​ទូទៅក្នុងប្រទេស ដែល​មាន​ធាតុអាកាសក្ដៅ និងភ្លៀង​ធ្លាក់​ជោគជាំ។ ជាដើមឈើដែលមិនផ្លាស់ស្លឹក កម្ពស់ប្រហែល ៦-១២ម. បែកមែកសាខាជាគុម្ព មាន ទំហំព័ទ្ធជុំវិញប្រហែល ៤-១០ម. មែកដុះ​វែង​ចេញទៅខាងចំហៀង។ នៅតាមគល់ មែកធំៗ បើទុក​បណ្ដោយ​ទៅ​តាម​ធម្មជាតិ មិនមានខ្នែងដុះទេ តែបើកាត់តុបតែង ឬបង្ខំ នឹងមាន​ដុះខ្នែង​ចេញ​ទៅតាមទិសដែលយើងត្រូវការ។ មានស្លឹក​ក្រាស់រាងពង ក្រពើ ចុងស្លឹករាងទាលមូល គល់ស្លឹកស្រួច ស្លឹកមានប្រវែង ១០-១២ស.ម. ទទឹង ប្រហែល ៥,០០-៧,៥០ស.ម.។ ផ្កាចេញនៅខាងចុងមែក ទងផ្កាប្រវែងប្រហែល ១៥-២៥ស.ម. ផ្កាខ្លះមានតែកេសរឈ្មោល ផ្កា​ខ្លះ​មាន​ទាំង​កេសរ​ឈ្មោល និងកេសរញី នៅក្នុង​ទងផ្កា​តែមួយជាមួយគ្នា។ ដូច្នេះការបង្កាត់ពូជ កើតឡើងនៅក្នុងទងជាមួយ គ្នា។ ផ្កាមានលក្ខណៈជាទង ផ្កានិមួយៗប្រកបទៅដោយត្របកផ្កាពណ៌បៃតងចំនួន ៥​ស្រទាប់ ផ្កាពណ៌់សរាងស៊ីនួនចំនួន៥ ។ ពេល​ផ្ការីក​ដំបូង ស្រទាប់ផ្កាប្ដូរជាបណ្ដើរៗ ទៅជាពណ៌ផ្កាឈូកលាយពណ៌លឿង។ ផ្កានិមួយៗ​មាន​ខ្នាតតូចណាស់។ ពេល​ផ្ការីក ស្រទាប់ផ្កាទាំង៥ រមូរចូលទៅរកត្របកផ្កា ហើយលេច​ចេញឱ្យ​ឃើញ​ច្បាស់ចុងកេសរ ញី។ កេសរឈ្មោល នៅខាង​ក្នុង​ផ្កាមានចំនួន ៩ ហើយមានកន្សោមពងនៅត្រង់ទង កេសរញី។

   ផ្លែ ៖ មានលក្ខណៈប្លែកខុសគេ។ ចំណែកដែលជាផ្លែ គឺជាទងផ្កាដែលពង្រីក ខ្លួនប៉ោងឡើងធំ ហើយចំណែក​ដែល​ជា​ផ្លែ​មែនទែន គឺគ្រាប់​ដែល​មាន​រូបរាងដូច ក្រលៀនជាប់នៅខាងចុងបំផុត។ ពេលនៅខ្ចី គ្រាប់នេះមានពណ៊៌បៃតង ហើយពង្រីក ខ្លួនរហូតដល់ធំជាងផ្លែក្នុងរយៈពេលដំបូង (ផ្លែដែល​កើតមកអំពីការពង្រីកខ្លួនរបស់ ទងផ្កា) កាលណាធំដល់ខ្នាត ក៏ឈប់​រីក​លូតលាស់ ហើយប្ដូរទៅជាពណ៌ប្រផេះ។ ព្រមជាមួយនេះ ផ្កាដែលជាផ្លែក្លែងក្លាយ ក៏ចាប់​ផ្ដើមពង្រីក​ខ្លួន​ឡើង​ប៉ោងធំ រហូត​ដល់ធំជាងគ្រាប់។ គ្រាប់មានខ្នាតប្រវែងប្រហែល ៣,០០ស.ម. និងទទឹង ២,៥០ស.ម.។ បើ ពុះគ្រាប់ចេញ សំបក​មាន​កម្រាស់​ប្រហែល ២-៣ម.ម.។ គ្រាប់ខាងក្នុង មានពណ៌ សរាងស៊ីនួន ២ ចំហៀងនៅផ្អោបគ្នា។ សំបក​រុំគ្រាប់មានជ័រពណ៌ត្នោតខ្ចី (សូកូឡាខ្ចី) មានលក្ខណៈ ជាអាស៊ីដ បើប៉ះស្បែកនឹងធ្វើឱ្យពងទៅជាដំបៅរលួយ ប៉ុន្ដែមាន ប្រយោជន៍​ច្រើនណាស់ ខាងផ្នែកឧស្សាហកម្ម។ ……(ត)….

%d bloggers like this: