ស៊ុត ​និង ​សុខភាព

 

            ស៊ុត ជា​អាហារ​សាមញ្ញ​និង​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ចំអិន​​ និង​ទទួល​ទាន។ តូច​តែ​ខ្លឹម មាន​ស្ទើរ​គ្រប់​ជីវជាតិ​។ បណ្តា​ជន​បារាំង ទទួល​ទាន​ស៊ុត​នេះ ប្រមាណ​២២០​ពង​​ ក្នុង​មួយ​ឆ្នាំៗ សម្រាប់​​មនុស្ស​ម្នាក់ៗ។ ស្ងោ ឆៅ ចៀន ចំហុយ ជា​ម្ហូប​បន្ថែម ជា​គ្រឿង​ក្លែម​ក៏​បាន ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​សម្រាប់​បង្អែម​មួយ​ចំនួន ​ស៊ុត​​ក៏​ជាប់​ឈ្មោះ​មិនសូវ​ល្អ​ខាង​សម្បូរ​ខ្លាញ់ ខាង​បង្ក​ឱ្យ​មាន​ជំងឺ​​ខ្លាញ់​ក្នុង​ឈាម។ ប៉ុន្តែ​ស៊ុត​ ដែល​ជា​អាហារូបត្ថម្ភ​​ដ៏​សម្បូរ​បែប ​មិន​មែន​ត្រឹម​តែអាហារ​សម្រាប់​​​​ចិញ្ចឹម​ក្រពះ​សត្វ​លោក​ប៉ុណ្ណោះ​ទេ​ ស៊ុត​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​​ក្នុង​វេជ្ជសាស្ត្រ​ដើម្បី​ផលិត​ ​ថ្នាំ​វ៉ាក់សាំង ដើម្បី​រក្សា​​ស្ពេម៉ាតូហ្សូអ៊ីត និង​ជា​វត្ថុ​ធាតុដើម​សម្រាប់​ផលិតផល​សំអាង។

       ជា​បឋម​ សម្រាប់​អ្នក​ដែលមិន​ដឹង មាន់មិន​ត្រូវ​ការ​អាគក សម្រាប់ពង​ទេ លើក​លែង​តែ​ករណី​ចង់​បាន​​​​ពងភ្ញាស់ ឬ​ចង់​បានកូនមាន់។ ព្រោះ​ពង​មាន់ ដំបូង​ឡើយ​​ជា​ពង​ជីវិត​។ ពង​នេះ​បំផ្លែង​បន្តិច​ម្តង​ៗ​ទៅ​ជា​ពង​លឿង -ជាខ្លាញ់​បំរុង​​សម្រាប់​ជា​ប្រភព​ផ្តល់​ថាមពល​ដល់​អនាគត​អំប្រ៊ីយុង។ ពងលឿង​វិវឌ្ឍន៍​ចប់​សព្វគ្រប់​ហើយ មាន​សេរីភាព​ធ្វើ​ដំណើរ​ក្នុង​ដៃ​ស្បូន​ (កន្សោម) ចាំ​ចាប់​មេជីវិត​ឈ្មោល​។ នៅ​ពេល​នោះ​ពង​ស​ចាប់​លូត​លាស់ ព័ទ្ធ​ពង​លឿង។ ពងស​នេះ ជា​បន្សំ​សំខាន់​ជា​ប្រូតេអ៊ីន ទឹក​និង​រ៉ែ។ មក​ដល់​កស្បូន ទើប​គេ​ឃើញ​មាន​សរីរាង្គ​ដំបូង​ចាប់​ផ្តើម​លូត​លាស់ នោះសំបក។ ទាល់​តែ​ចូល​ដល់​ក្នុង​ស្បូន ទើប​ពង​មាន​សំបកពេញ​លេញ អាច​ចេញ​មក​ក្រៅបាន។ មាន់​មួយ​ក្បាលៗ ត្រូវ​ការ​ពេល​វេលា​ប្រមាណ​តែ​​២៦​ម៉ោង​ប៉ុណ្ណោះ​សំរាប់​ពង​មួយ។ ដូច្នេះ មាន់​អាច​ពង​បាន​ជា​រៀង​រាល់​ថ្ងៃ​ ឬ​រៀង​រាល់​ពី​រថ្ងៃ ពោល​គឺ​ពី​មួយ​ទៅ បី​រយ​ក្នុង​មួយ​ឆ្នាំ ទៅ​តាម​ពូជ ឬ​ប្រភេទ​និង​អាយុ​មាន់។


បើ​និយាយ​អំពោះ​ផ្នែក​អាហារូបត្ថម្ភ​វិញ ពង​មាន​​ផ្តល់​គុណ​ប្រយោជន៍​ណាស់​ដល់​សុខភាព ព្រោះ​ពង​នីមួយៗ​មានាផ្ទុក​ពេញ​ទៅ​ដោយ​ សារធាតុ​លីពីត និង​ប្រូតេអ៊ីន។ ពង​សំបូរ​ទៅ​ដោយ​វីតាមីន (A, B2, B5, B8, B12, D, E)​ និង​រ៉ែ​ ដូច​ជា​រ៉ែ​ដែក រ៉ែ​ហ្វូស្វ័រ និង​អ៊ីយ៉ូត។ ម្យ៉ាង​ទៀត​ សូម​កុំ​ភ្លេច​ថា ពង​​មាន​ខ្ចប់​សារធាតុ​អង់ទីអ៊ុកស៊ីដង់​ច្រើន​ណាស់ មាន​ជាអាទិ៍​សារធាតុ សេឡេនីញ៉ូម។

ស៊ុត​មាន​វត្តមាន​នៅ​ក្នុង​គ្រប់​មុខ​ម្ហូប​នៅ​លើ​ពិភពលោក​ មិន​ថា​សម្រាប់​ធ្វើ​ម្ហូប​ ឬ​ធ្វើ​នំ​ទេ។ ប៉ុន្តែ​តើគ្រប់​ពង​សុទ្ធ​តែ​មាន​គុណភាព​ផ្នែក​អាហារូបត្ថម្ភ​ដូចគ្នា​ដែរ​ ឬទេ? តើ​ត្រូវ​រក្សា​ទុក​យ៉ាងណា ? និង​ទទួល​ទាន​បែប​ណា​ទើប​អាច​ទាញ​​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព ?

ពង​សរីរាង្គ ពង​​មាន់​កសិកម្ម ឧស្សាហកម្ម​ មាន់​ស មាន់​លឿង ស៊ុត​តូច​ ស៊ុត​ធំ​ តើ​ត្រូវ​ជ្រើស​រើស​មួយ​ណា​មក​ទទួល​ទាន ? នៅ​ប្រទេស​ជឿន​លឿន ឬ​នៅ​ប្រទេស​បារាំង តែង​មាន​ត្រា​លេខ​ត្រា​អក្សរ បញ្ជាក់​ពី​ប្រភព​នៃការ​ចិញ្ចឹម​មាន់​យក​ស៊ុត។

ថ្វី​បើ​ការ​ចិញ្ចឹម​មាន់​ អាច​ខុស​គ្នាមែន ប៉ុន្តែ​ស៊ុត​នៅ​តែរក្សា​តម្លៃ​អាហារូបត្ថម្ភ​ជា​ប្រូតេអ៊ីន​ និង​វីតាមីន​ដូច​គ្នា គ្រាន់​តែ​ថាស៊ុត​ខ្លះ​ល្អ​ខ្លាំង​ដល់​សុខភាព ខ្លះ​មិន​សូវ​ល្អ​។ គុណភាព​អាហារូបត្ថម្ភ​របស់​ស៊ុត​ មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​គុណភាព​ចំណីអាហារ​​ដែល​មាន់​ស៊ី។ ប្រសិន​បើ​មាន់​ស៊ីម្សៅ​សាច់​ (ចំណី​ឧស្សាហកម្ម) រស់​នៅ​ក្នុងទ្រុង​ ស៊ុត​របស់​មាន់​នោះ នឹង​មាន​សមាសភាគ ពង​លឿង​ជា​ពពួក​ខ្លាញ់​​ Graisses saturées​ ដែល​មិន​សូវ​ល្អ​សោះ​សម្រាប់​សុខភាព។ តែ​បើ​ជា​មាន់​ចិញ្ចឹម​​បែប​បូរាណ ដើរ​ហើរ​ពេញ​វាល ឬ​ជា​មាន់​ចិញ្ចឹម​បែប​សរីរាង្គស៊ី​តែ​ស្រូ​វ​ឬ​រុក្ខជាតិ​ ពង​លឿង​នឹង​មាន​ស្តុក​សារធាតុ​អូមេហ្កា​​៣​ ដ៏​មាន​ប្រយោជន៍​សំរាប់​សុខភាព។

ចំពោះ​ទំហំ ស៊ុត​វិញ​ តើ​សំខាន់​ដែរឬទេ ? ទំហំ​របស់​ស៊ុត គឺ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​មាឌ​របស់​មាន់។ មាន់​តូចផ្តល់​ពង​តូច មាន់​ធំ​ផ្តល់​ស៊ុត​ធំ ប៉ុន្តែ​ស៊ុត​ធំ​ មិន​ប្រាកដ​ថា​​មាន​ផ្ទុក​​​អាហារូបត្ថម្ភ​ច្រើន​នោះ​ឡើយ។ គុណភាព​របស់​ស៊ុត​ ប្រែប្រួល​ជា​សមមាត្រ​ ព្រោះ​ពង​ស និង​​ពង​លឿង។ តែ​អាច​មាន​ថាមពល​តិច​ច្រើន​ជាង​គ្នា។​ ស៊ុត​ធំ ផ្តល់​កាឡូរី​ច្រើន​ជា​ស៊ុត​តូច ព្រោះ​មាន​ទម្ងន់​ធ្ងន់ជាង​។

ចំពោះ​ការថែ​រក្សា​វិញ មិន​ចាំ​បាច់​ត្រូវតែ​យក​ទៅ​​រក្សា​ទុក​នៅ​ទូរ​ទឹក​កកទេ ឱ្យ​តែ​មិន​ក្តៅ និង​ស្ងួត​ជា​ស្រេច​។ និង​ចូរ​លាង​ពង​តែ​ពេលរៀប​ធ្វើ​ម្ហូប ឬ​ចំអិន​ ព្រោះ​ការលាង​ទុក​អាច​ធ្វើ​ឱ្យ​មាន​ការ​ជ្រាប​ទឹក​ចូល ក្នុង​ស៊ុត ទុក​មិន​បាន​យូរ​ឆាប់​ខូច។ ស៊ុត​នីមួយៗ​អាច​រក្សា​ទុក​បាន​ដល់​ទៅ ២៨ថ្ងៃ ប៉ុន្តែ​គេ​អាច​បរិភោគ​ឆៅ​ ឬ​មិន​សូវ​ឆ្អិន តែ​ពង​ថ្មី ក្រោម​១៤​ថ្ងៃ លើស​ពី​នោះ​ត្រូវ​ចំអិន​ឱ្យ​ឆ្អិន​ល្អ។​ គេ​អាច​សម្គាល់​ស៊ុត​ស្រស់​ ថ្មី ឬ​ចាស់​បាន​ដោយ​ ដាក់​ត្រាំ​ទឹក បើ​លិច​បាត់​ជាង​ពង​ថ្មី បើ​ឈរ លែង​សូវ​ស្រស់ ហើយ​បើ​អណ្តែត ត្រូវ​គ្រវាត់​ចោល។

តើ​ស៊ុត​មាន​ប្រយោជន៍​យ៉ាង​ណា ខាង​ផ្នែក​វេជ្ជសាស្ត្រ ?

ស៊ុត ឬ​ពង ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​តាំង​​យូរយារ​មក​ហើយ ទាំង​ខាង​ វេជ្ជបូរាណ ក៏​ដូច​ជា​ខាង​ផ្នែក​ឱសថ។ ស៊ុតលឿង​​អាច​ជា​យក​ទៅ​ប្រើ​ជា​បន្សំ​​ ផលិត​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ អ្នក​ស្រាវជ្រាវ​កំពុង​ចាប់​អារម្មណ៍​នឹង​ស៊ុតស។ ​ក្នុង​វត្ថុ​រាវស​នៃ​ស៊ុត​នេះ មាន​ម៉ូលេគុលដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ក្រៅ​អំពី​ជា​ប្រភព​ផ្តល់​ប្រូតេអ៊ីន ដល់​សរីរាង្គ​មនុស្ស ក្រុម​គ្រូពេទ្យ​ផ្នែក​ស្រាវជ្រាវ​បារាំង​នៅ​ក្រុង​ តួរ កំពុង​សំឡឹង​មើល​គុណប្រយោជន៍ផ្សេង​ទៀត​របស់​ស៊ុត។ ស៊ុតមាន​តួនាទី​​​ជា​បឋម​ឡើង​ គឺ​បង្កើត​កូន​។ អំប្រីយ៉ុង​អាច​លូត​លាស់​ក្លាយ​ជា​រូបរាង​បាន​ដោយ​មិន​ត្រូវ​ការ​ម្តាយ ?! ពិត​ជា​គួរ​ឱ្យ​ឆ្ងល់។ ដើម្បី​ទម្លាយ​ចម្ងល់​នេះ គេត្រូវ​តែ​ស្វែង​យល់​អំពី​ពង​ស​របស់​ស៊ុត។ គេ​បាន​ស្គាល់​ម៉ូលេគុល​មួយ ច្បាស់ និង​យក​មក​ប្រើ​រួច​ទៅ​ហើយ​ក្នុង​វេជ្ជសាស្ត្រ​សម្រាប់​​ផលិត​ថ្នាំ​ក្អក។ នៅ​មាន​មូលេគុល​ជាង​មួយ​ពាន់​ទៀត​កំពុង​សិក្សា ក្រុមគ្រូពេទ្យ​ក្រុង​តួរ កំពុង​សាក​ល្បង​ ដើម្បី​យក​មក​ធ្វើ​ល្បាយ​សម្រាប់​រក្សា​ចំណីអាហារ​ ឬ​ធ្វើ​ជា​ថ្នាំ។

តើ​ពង​លឿង​របស់​ស៊ុត​ពិត​ជា​ ​បង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​មែន​ឬ ?

កាលពី​ឆ្នាំ​២០១២ ការ​សិក្សា​កាណាដា​មួយ​បាន​អះអាង​ថា​ ការ​ទទួល​ទាន​ ពង​លឿង​ ជា​ប្រចាំ​ អាច​បង្កើន​គ្រោះ​កើត​ជំងឺ​Athérosclérose។ ប៉ុន្តែគេ​កំពុង​រង់ចាំ​ការ​បញ្ជាក់​ជា​បាន​ការ​​លទ្ធល​នេះ​នៅ​ឡើយ​ទេ។ Athérosclérose ជា​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ ដែល​បង្ក​ឡើង​ដោយ​ខ្លាញ់​ទៅ​កក​នៅ​នឹង​សរសៃ​អាទែ។ កំណកច្រើន​និងយូរៗទៅ សរសៃ​ឈាម​ក្រហម​នេះ​ អាច​នឹង​​ស្ទះ​ រួប​បង្ក​ឱ្យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​ដាច់​សរសៃ​ឈាម​បេះដូង។ កត្តា​ដែល​នាំ​ឱ្យ​មាន​ជំងឺ​ Athérosclérose​នេះ​មាន​ច្រើន​ ដូចជា ៖ មាន​ខ្លាញ់​ក្នុង​ឈាម​ខ្លាំង កូឡេស្តេរ៉ូល ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម ជក់​បារី ស្ត្រេស ឬ​ក៏​កង្វះ​ការ​ហាត់​ប្រាណ។ ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ជា​បឋម​ថា អ្នក​ដែល​ទទួល​ទាន​ស៊ុត​លើស​ពី​បី​ក្នុង​មួយ​សប្តាហ៍​ អត្រា​កំណក​ Athérosclérose បាន​កើនលើស​អ្នក​ដែលបរិភោគ​ស៊ុត​តែ​ពីរ​ក្នុង​មួយ​អាទិត្យ។ អ្នក​ស្រាវជ្រាវ បាន​យល់​​ថា​នេះ​គឺ​បណ្តាល​មក​ពី​បរិមាណ​ខ្លាញ់​ក្នុង​ពង​លឿង​ ព្រោះ​ពង​លឿង​ជា​ផ្នែក​ដែល​មាន​ខ្លាញ់​ច្រើន​ជាងគេ។ គ្រូពេទ្យ​បេះដូង​ខ្លះ​​បាន​ចេញ​អនុសាសន៍​មិន​ឱ្យ​អ្នក​ជំងឺ​មាន​សម្ពាធ​ឈាម ​ខ្ពស់​ បរិភោគ​ស៊ុត​យ៉ាង​ច្រើន​ពីរ​ក្នុង​មួយ​សប្តាហ៍។

ស៊ុត​ជា​អ្នក​បង្ក​ឱ្យ​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាមកូឡេស្តេរ៉ូល ?

អត្រា​​កូឡេស្តេរ៉ូល ផ្តល់​ដោយ​ស៊ុត​មាន​កំរិត​​ទាប​ណាស់​បើ​ប្រៀប​ទៅ​នឹង​ការ​ផលិត​របស់​ សរីរាង្គ​មនុស្ស។ ដូច្នេះ​គ្មាន​ហេតុ​ផល​អ្វី​ដែលយើង​ត្រូវ​ធ្វើ​បាប​ខ្លួន បង្អត់​មិន​ទទួល​ទាន​ស៊ុត​ឡើយ។ ស៊ុត​ជា​អាហារ​ពិសេស​ដែល​មាន​គុណភាព​​ច្រើន​។ ជាទូទៅ កូឡេស្តេរ៉ូល​ក្នុង​ចំណី​អាហារ​ និង​កូឡេស្តេរ៉ូល​របស់​ស៊ុត មាន​ឥទ្ធិពល​ប៉ះពាល់​តិច​តួច​ណាស់ដល់​អត្រា​កូឡេស្តេរ៉ូល​ក្នុង​ឈាម។ កូឡេស្តេរ៉ូល មាន​ពី​រ​យ៉ាង ៖ កូឡេស្តេរ៉ូល​ល្អ និង​មិន​ល្អ។​

នៅ​ក្នុង​ខ្លួន​យើង ថ្លើម​​ជា​រោង​ចក្រ​ផលិត​កូឡេស្តេរ៉ូល។ មនុស្ស​ម្នា​គ្រប់​រូប​ គិត​ថា កូឡេស្តេរ៉ូល​មិន​ល្អ​ទេ តែ​ជា​ការ​គិត​ខុស។ សរីរាង្គ​មនុស្ស​យើង​ត្រូវ​ការ​កូឡេស្តេរ៉ូល​ (កូឡេស្តេរ៉ូល​ល្អ) ព្រោះ​កូឡេស្តេរ៉ូល​នេះ​​ជា​ម៉ូលេគុល​ដ៏​មាន​ប្រយោជន៍​ ​សម្រាប់​ផលិត​អាស៊ីត​ វីតាមីន​Dឱ្យ​ស្បែក អ័រម៉ូន​ផ្លូវ​ភេទ អ័រម៉ូន​ corticostéroïdes … ត្រូវ​យល់​ថា​មិន​មែន​ដោយសារ​ទទួល​ទាន​​ចំណី​អាហារ​មាន​ផ្ទុក​កូឡេស្តេរ៉ូល​ ច្រើន នឹង​នាំ​មាន​គ្រោះ​បង្កើន​អត្រា​ខ្លាញ់​ក្នុង​ឈាម​ទេ។
ប្រសិន​បើ​អ្នក​មាន​​កូឡេស្តេរ៉ូល​មិន​ល្អ ឡើង​ខ្ពស់ គេ​ត្រូវ​ពិនិត្យ​ជា​បឋម​​កំរិត​នៃ​ការ​បរិភោគ​សារជាតិខ្លាញ់​ ​ មុន​នឹង​គុណគូរ​អត្រា​កូឡេស្តេរ៉ូល​របស់ចំណីអាហារ។ ដូច្នេះ​បើ​អ្នក​ភ័យ​ខ្លាច គេ​អាច​កំរិត​ការ​បរិភោគ​ស៊ុត ត្រឹម​មួយ​ទៅ​ពីរ ក្នុង​មួយ​សប្តាហ៍។

តើ​ស៊ុត​ជា​អាហារ​ប៉ូវ ផ្តល់​ថាមពល​ខ្លាំង ?

មាន​កាឡូរី តិច​តួច​ណាស់​នៅ​ក្នុង​ស៊ុត គឺ​ប្រមាណ​តែ​៨៥Kcal​ប៉ុណ្ណោះ។ តែ​ស៊ុត​មាន​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រូតេអ៊ីន ដែល​នាំ​ស៊ុត​អាច​ផ្តល់​​ បើ​គិត​ជា​ភាគ​រយ ៦%​នៃ​តម្រូវ​ការ​ផ្នែក​ថាមពល​របស់​មនុស្ស​ម្នាក់ៗ។ ស៊ុត​ជា​អាហារ​ដែល​ឆ្លើយ​តប​បាន​យ៉ាង​ប្រពៃ​សម្រាប់​អ្នក​ចង់​ធ្វើ​របប​​ អាហារ​ ព្រោះ​មាន​លំនឹង​ខ្លាំង​រវាង​ប្រូតេអ៊ីននិង​ថាមពល។ ស៊ុត​មិន​ធ្វើ​ឱ្យ​ធាត់។ ភាព​ល្អ​មួយ​ទៀតរបស់​ស៊ុត ដែល​បាន​សិក្សា​ឃើញនា​ពេល​ថ្មីៗ​នេះ បើ​អ្នក​បរិភោគ​ស៊ុត​នៅ​ពេល​ព្រឹក នោះ​គេ​មិន​សូវ​ឆាប់ឃ្លាន​នៅ​ពេល​ថ្ងៃ​ទេ។

ការ​ចំអិន​ស៊ុត​ ចូ​ល​រួម​ចំណែក​យ៉ាង​ខ្លាំង​។ ពង​ស​ត្រូវ​ចំអិន​ឱ្យ​ឆ្អិន​មែនទែន តែ​ពង​លឿន ​ត្រូវ​ឱ្យ​នៅ​ទន់ ប្រសិន​បើ​ចង់​រក្សា​គុណប្រយោជន៍​​ផ្នែក​អាហារូបត្ថម្ភ​ពេញ​លេញ។ មិន​ឆ្អិន​ល្អ អាច​បង្ក​ឱ្យ​មាន​ការ​ពិបាក​រំលាយ​អាហារ​សម្រាប់​បុគ្គល​ខ្លះ ។

ស៊ុត​មាន​ផ្ទុក​​កាឡូរី​តិច តិច​ជាង​សាច់ តែ​សម្បូរ​ទៅ​ដោយប្រូតេអ៊ីន (១២%) និង​ជា​ប្រភព​ផ្តល់​សារធាតុ​រ៉ែដែក រ៉ែ​ចាំបាច់​សម្រាប់​សរីរាង្គ​កាយ oligoéléments ផ្តល់​វីតាមីន​ច្រើន​។ ជា​របប​អាហារ​ដ៏​ប្រពៃ​សម្រាប់​អ្នក​តម។

តើ​គេ​អាច​ជា​ពី​ជំងឺ​​អាល់ឡែកហ្ស៊ី​ស៊ុត ?

អាល់ឡែកហ្ស៊ី នឹង​ប្រូតេអ៊ីន របស់​ស៊ុត តែង​កើត​មាន​ ដូច​ជា​ករណី​អាល់ឡែកហ្ស៊ី​ម្ហូប​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ផ្សេង​ៗ​ទៀត​ ដែរ។ បើ​​មាន​អាល់ឡែកហ្ស៊ី​ស៊ុត​ហើយ មាន​ន័យ​ថា​ទាំង​ពង​ស ពង​លឿង ម្ហូប​ក្រៀម ម្ហូប​ទឹក ឬ​ក៏​នំ ចំណី​ផ្សេងៗ ត្រូវ​ប្រុង​ប្រយ័ត្ន​មុន​នឹង​បរិភោគ ព្រោះ​ស៊ុត​មាន​ប្រើ​ច្រើន​ណាស់ ក្នុង​ឧស្សាហកម្ម​ចំណី​អាហារ។

មាន​អាល់ឡែកហ្ស៊ីនឹង​ស៊ុត ត្រូវ​ចាប់​ផ្តើម​ជា​បឋម កុំ​បរិភោគ​អ្វី​ដែល​មាន​ជាតិ ដែលធ្វើ​ពី​ស៊ុត បន្ទាប់​មក​អ្នក​អាច​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​​ខាង​អាល់ឡែកហ្ស៊ី ដើម្បី​បញ្ជូល ផ្សាំ​ជាតិ​ប្រូតេអ៊ីន​ស៊ុត​ក្នុង​ខ្លួន​យើង​បន្តិចម្តងៗ​ឡើង​វិញ ឱ្យ​សរីរាង្គ​អនុគ្រោះ​ជាតិ​នេះ​ឡើង​វិញ។ ​អាល់ឡែហ្ស៊ី​ មាន​ពីរ​ប្រភេទ ទី​មួយ​គឺ​អាល់ឡែកហ្ស៊ី​មួយ​ជីវិត និង​អាល់ឡែកហ្ស៊ី​​ដែល​អាច​បាត់​ទៅ​វិញ។ ដូច្នេះ​ការ​ជួប​ធ្វើ​ការ​​ជា​គ្រូពេទ្យ​ឯកទេសយូរៗ​ទៅ ​មុខ​ជា​នឹង​មាន​លទ្ធផល​​ ធ្វើ​ឱ្យ​លែង​មាន​អាល់ឡែកហ្ស៊ី​សោះ​ជាក់​ជា​ពុំ​ខាន។

ជា​ការ​កម្រ​បំផុត​ដែល​​មនុស្ស​ពេញ​វ័យ​មាន​បញ្ហា​អាល់ឡែកហ្ស៊ី​នឹង​ស៊ុត​។ ផ្ទុយ​ទៅ​វិញ គេ​ឃើញ​មាន​ករណី​អាល់ឡែកហ្ស៊ី​នឹង​ស៊ុត​ច្រើន​ចំពោះ​កុមារ (ម្នាក់​ក្នុង​ចំណោម​១០០​នាក់)។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រូ​ពេទ្យ​ណែនាំអ្នក​ជា​ម្តាយ​កុំ​​ឱ្យ​ឆាប់​​ ផ្តល់​ចំណី​អាហារ​មាន​ស៊ុត​ដល់​ទារក​។ តែជា​សំណាង​ល្អ អាល់ឡែកហ្ស៊ី​នឹង​ស៊ុត​របស់​កុមារ នៅ​អាយុ​ក្រោម​មួយ​ឆ្នាំ អាច​ជា​បាត់​ទៅ​វិញ​ពេល​ធំ ចាប់​ពី​អាយុ​៣​ទៅ៤​ឆ្នាំ​ឡើង​ទៅ៕

%d bloggers like this: