រឿងអាមាត្យព្រះបាទពិម្ពិសាររាជ នឹងអជាសត្រូវ

                   ដំណើរថា កាលព្រះអជាសត្រូវរាជកុមារស្ដាប់ពាក្យទេវទត្ដត្ថេរ ញុះញង់ឲ្យសំរលាប់ព្រះបាទពិម្ពិសារ ជាព្រះបិតា នឹង​យក​រាជ​សម្បត្ដិ​ ថៃ្ង​មួយ​អជា​សត្រូវ​កុមារ សៀត​កាំ​បិត​គ្រឿងប្រហារចូលទៅក្នុងព្រះរាជវាំង ដើម្បីនឹងពិឃាតព្រះវរ​រាជបិតា។ ឯ​ពួក​រាជ​អា​មាត្យ​នាយ​តម្រួត​ រក្សា​អង្គ បាន​ឃើញ​ព្រះ​រាជ​កុមារ​ចូល​ក្នុងព្រះមន្ទីរខុសកាលដូច្នោះ ក៏ហាម​ឃាត់​មិនឲ្យចូល ឯព្រះរាជកុមារ​ចេះ​តែ​ចចេស​ចូល​ទៅ ​ទើប​នាយ​តម្រួត​នាំ​គ្នា​ចាប់​ត្រួត​មើល​ក្នុង​អង្គ​កាយ បានឃើញកាំបិត​គ្រឿងប្រហារព្រះរាជកុមារសៀតមកដូច្នោះ ក៏ចាប់ចង​ដាក់​ទោស​តាម​រាជ​ បញ្ញាត្ដិ ហើយ​នាំ​គ្នា​ពិភាក្សា​ទោស​ព្រះ​រាជ​កុមារ ព្រះរាជកុមារក៏ឲ្យការតាមខ្លួនគិតសំលាប់បិតានោះ។ ឯនាយតំរួត​ទី១ ឆ្លើយ​ឡើង​ថា​ «ទោស​ក្បត់​នេះ​ត្រូវ​សម្លាប់​ព្រះ​រាជ​កុមារ​ផង ត្រូវសំលាប់ព្រះទេវទត្ដត្ថេរ និងលោកសង្ឃបណ្ដាជាពួកគប់គិតចូលគំនិត​គ្នា​ទាំង​អស់​ផង​។​ ឯ​នាយ​តំរួត​ទី​ពីរ​ឆ្លើយ​ឡើង​ថា ទោស​ក្បត់​នេះ​ត្រូវ​សម្លាប់តែព្រះរាជកុមារ និងព្រះទេវទត្ដតេ្ថរទើបគួរ ឯបណ្ដាលោកសង្ឃឯ​ទៀត​ៗ​នោះ​មិន​ ត្រូវ​សម្លាប់​ទេ ព្រោះ​លោក​ពុំ​បាន​ដឹង​លឺ​ផង​។ ឯ​នាយ​តំរួត​ទី៣ ជាមន្រ្ដីមានសតិសម្បជញ្ញៈឆ្លើយឡើងថា «លោកអ្នក​រាល់​គ្នា​កាត់​ទោស​យ៉ាង​ នេះ​មិន​ត្រូវ​ទេ ឯ​ទោស​នេះ​បើ​រូប​អ្នក​ដទៃ​ឯ​ទៀត​នោះ គួរ​ហើយ តែនេះព្រះរាជ​កុមារ​ជាព្រះរាជ​បុត្រា​របស់លោក ព្រះទេវទត្ដ​សោត​ជា​វង្ស​ សាក្យ​បុត្ដិយ៍ ព្រះ​ចៅ​ជា​ម្ចាស់​ក៏​រាប់​អាន​គោ​រព​ប្រតិ​បត្ដិ យើង​នឹង​កាត់​ទោស​ពិឃាត​ឯង​ថា កាចឯណាបាន ទោសនេះហួសវិស័យ​យើង​ជា​ មន្រ្ដី​​ពិភាក្សា គួរ​តែ​នាំ​គ្នា​ឡើង​ក្រាប​ទូល​ឲ្យ​ទ្រង់​ជ្រាប បើ​ជា​ទ្រង់​ប្រោស​យ៉ាងណាៗ ក៏តាមតែព្រះអង្គលោកចុះ ព្រោះកូនគេ អាពុកគេថា យ៉ាង​ណា​សឹម​យើង​ធ្វើ​តាម​ជា​ក្រោយ»។ ឯ​នាយ​តំរួត​ទាំង​៣​ពួក​ពិគ្រោះ​គ្នាឃើញផ្លូវរៀង ខ្លួនយ៉ាងនេះ ទើបនាំគ្នាចូលទូល​ព្រះ​បាទ​ពិម្ពិ​សារ​ រាជ​​បិតា​តាម​ដំណើរ​ដែល​ព្រះ​អជា​ត​សត្រូវ​រាជ​កុមារ ប្រតិ​បត្ដិ​ការ​ខុស​ប្រ​ពៃណី កន្លងព្រះរាជបញ្ញាត្ដិនោះសព្វប្រការ។ ឯព្រះបាទ​ពិម្ពិ​សារ​ស្ដេច​ ជ្រាប​ហើយ ទើប​ត្រាស់​ថា «អើ​ទោស​យ៉ា ង​នេះ អ្នក​ទាំង​ឡាយ​ពិភាក្សា​ទៅ​តើយល់​ដូច​ម្ដេច​?​។

    ឯអាមាត្យទាំងបីពួក ក៏ក្រាបទូលតាមដំណើរដែលខ្លួនគិតយល់ផ្សេងៗ គ្នានោះឯងទើបព្រះបាទ ពិម្ពិសាររាជស្ដេច ទ្រង់​ត្រាស់​ថា «​អើ​ពួក​នាយ​ តំរួត​ទី១​ ពិភាក្សា​ថា ត្រូវ​សំលាប់ ទាំង​ទេវ​ទត្ដ​ត្ថេរនិងសង្ឃទាំងពួងព្រមទាំងព្រះរាជកុមារផងនោះ ពាក្យវិនិច្ឆ័យនោះ​យល់​កើន​ហួស​ណាស់​ ត្រូវ​ឲ្យ​ដក​ងារ​បន្ថយ​យស​សក្ដិ ក៏ឯអាមាត្យទី២ ពិភាក្សាថាត្រូវឲ្យ​សម្លាប់​ព្រះ​រាជកុមារ ព្រមទាំងទេវទត្ដ​ត្ថេរ​នោះ ពាក្យ​វិនិច្ឆ័យ​នោះ​ ត្រូវ​បន្ថយ​ប្រាក់​ខែ​បៀ​វត្ស ឯ​អាមាត្យ​ទី៣ ពិភាក្សាថា​ត្រូវ​ឡើង​ក្រាប​ទូលសិននោះ ពាក្យវិនិច្ឆ័យនោះត្រូវឡើង​យស​សក្ដិ​ប្រាក់​ខែ​បៀ​វត្ស​ថែម​ ព្រោះ​ជា​អ្នក​មាន​សតិ​សម្ប​ជញ្ញៈ​ចេះ​ពិចារ​ណា​ត្រូវតាមវត្ថុ តាមសម័យកាល»។

    រឿងនិទាននេះ មានសេចក្ដីពិស្ដារនៅក្នុងព្រះគម្ពីរសុត្ដន្ដបិដកឯណោះ ឯងស្ដាប់​មើល​ចុះលោកអ្នកមានសតិសម្ប​ជញ្ញៈ ពិចារ​ណា​មើល​វត្ថុ​ មើល​សម័យ​កាល​គួរ​ដល់​កាល​នេះ​សឹងចំរើននូវយសសក្ដិបរិបូណ៌បាន អ្នកមានសតិស្មារតីនេះ មិនដែល​ភ្លាត់ភ្លើទៅ​ក្នុង​ការ​ភ្នាក់​ងារ​ដែល​ខ្លួន​ ធ្វើ គឺ​នឹង​ដើរ​ក្ដី អង្គុយ​ក្ដី ដេក​ក្ដីឈរ​ក្ដី លើក​ដៃ​លើកជើងលាតបត់ដៃបត់ជើងក្ដី ឬ​បរិភោគ​ភោជនាហារជាវត្ថុទន់ឬរឹងក្ដី កាល​ទំពា​ស៊ី​ក្ដី​កាល​ លេប​ចូល​ទៅ​ក្នុង​ពោះ​ក្ដី តែ​បើពុំមានសតិ ស្មារតី នឹកជាមុនហើយ ការ​អស់នោះសឹងភ្លាត់ទៅផ្សេងៗមាន ដួលឬប៉ះត្រូវ​បន្លា​ជា​ដើម បើ​ខាង​ បរិ​ភោគ​ផឹក​ស៊ី​សោត មាន​ស្លាក់​ឆ្អឹង​ត្រី ត្រូវម្ទេស​ហើរជាដើម អ្នកគ្មានសតិបញ្ញានោះ លោកថា ជាមនុស្សប្រមាទ សេចក្ដី​ប្រ​មាទ​មួយ​នេះ​ មាន​នៅ​លើ​បុគ្គល​ណា​ហើយ​បុគ្គល​ទាំងនោះ នឹងតាំងខ្លួនឲ្យមាំមួនពុំបាន បើធ្វើការអ្វី ការនោះខូចបង់វិញ ដូចនិ ទាន​ស្មៀន​កាន់​ភ្នាក់​ងារ​ រក្សា​ឈើ​រាជ​ការ​របស់​ព្រះ​បាទ​ពិម្ពិ​សារ​រាជនោះឯង។

គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ា សុត្ដន្ដប្រីជា ឥន្ទ

%d bloggers like this: