ការទទួលទានសុរាជ្រុល

 ពេល​ណា​ដែល​ហៅ​ថា​ផឹក​ជ្រុល​ 

ទទួល​ទាន​​សុរា ឬ​ស្រាបៀរ លើស​ពី​២១​កែវ ក្នុង​មួយ​សប្តាហ៍​ ជា​បរិមាណ​ច្រើន​ជ្រុល​សម្រាប់​បុរស

លើក ​មួយ ! ជាមួយ​មិត្ត​ភក្តិ​ ផឹក​មួយ​កែវពីរ ដើម្បី​កំដរ​បរិយាកាស​ឱ្យ​កាន់​តែ​រីករាយ។ ប៉ុន្តែ​នៅ​ពេល​យើង​បណ្តោយ​ខ្លួន​ ទទួល​ទាន​ជាតិ​សុរា​ច្រើន​ ជាប់​គ្នា​ញយ​​ដង ឬ​ឡើង​ដល់​រាល់​ថ្ងៃ​រាល់​ពេល នោះ​ហើយ​ជា​បញ្ហា ! តើ​ចាប់​ពី​ប៉ុន្មាន​កែវ​ឡើង​ទៅ​ទើប​ហៅ​ថា​​ផឹក​ជ្រុល ? នៅ​ពេល​ណា​ដែល​គេ​ហៅ​ថា​ញៀន​ស្រា ? ក្លាយ​ជា​អ្នក​ប្រមឹក ? តើ​ផលវិបាក​​មាន​យ៉ាង​ណា​ខ្លះ ចំពោះ​សុខភាព ?

              មួយ​តយ​​ មុន​ពេល​បាយ ! មួយ​កែវ​ជាមួយ​មិត្តភក្តិ ក្រោយ​ចប់​ការងារ ! ដាក់​មួយ​ស្រវឹង​ពេល​ជួប​ជុំ​គ្រួសារ ! តើ​មាន​អ្វី​មិនធម្មតា ? ប៉ុន្តែ​ ដោយ​មិន​ដឹង​ខ្លួន លោក​អ្នក​ទំនង​ជា​បាន​បរិភោគ​សុរា​ ច្រើន​ជ្រុល​ លើស​កំរិត​ សម្រាប់​សុខភាព​ហើយ។ នៅ​ប្រទេស​បារាំង មាន​ពលរដ្ឋ​ប្រមាណ​ជា​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ បាន​ជួប​បញ្ហា​សុខភាពធ្លាក់​ខ្លួន​មាន​ជំងឺ ​​ មាន​បញ្ហា​ផ្លូវ​ចិត្ត មាន​វិបត្តិ​មិន​ចុះ​សង្គម​​/គ្រួសារ​ ព្រោះ​តែសុរា។ នៅ​កំរិត​ពិភពលោក​វិញ បើ​តាមរបាយការណ៍​អង្គការ​សុខភាពចេញ​ផ្សាយ​ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤​ អាល់កុល/សុរា ជា​ឃាតករ​សម្លាប់​មនុស្ស​អស់​ជាង​៣​លាន​៣​សែន​នាក់ ក្នុង​មួយ​ឆ្នាំៗ ពោល​គឺ​ច្រើន​ជាង​ជំងឺ​ស៊ីដា របេង និង​អំពើ​ហិង្សា​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

ដូច​ម្តេច​ដែល​ហៅ​ថា​ញៀន​សុរា ?

           ទទួលទាន​​សុរា​មិនមែន​​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ញៀនទេ តែ​ថែម​ទាំង​បង្កើន​គ្រោះ​កើត​ជំងឺ​ជាង​២០០​មុខ មាន​ជាអាទិ៍​ជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​មហារីក។​ ថ្វី​បើ​តាម​អ្នក​វិភាគ​ ពលរដ្ឋ​រុស្ស៊ី​ជា​ជើង​ឯក​ផ្នែក​ទទួល​ទាន​សុរា ដោយ​គិត​ជា​មធ្យម​ ១២,៥​លីត្រ​ក្នុង​ម្នាក់​ក្នុង​មួយ​ឆ្នាំ ពលរដ្ឋ​កម្ពុជា​ក៏​មិន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ឆ្ងាយ​ពី​អាមេរិក​ឡើយ ពោល​គឺ​ពី ៥ ទៅ ៧​,៥​លីត្រ​ម្នាក់​ក្នុង​មួយ​ឆ្នាំ។ ស្រាបិត​ ស្រា​ខ្លាំង ជា​ប្រភេទ​សុរា​ដែល​មាន​ទទួល​ទាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក (៥០%)។ បណ្តាជន​នៅ​អាស៊ី​អាគ្នេយ៍ និង​អាស៊ីប៉ាស៊ីហ្វិក​ខាង​លិច ចូល​ចិត្តបរិភោគ​សុរា​ប្រភេទ​នេះ​​​ជាង​គេ។

            ស្រាបៀរ គឺ​ជា​ប្រភេទ​សុរា​ដ៏​ពេញ​និយម​ខ្លាំង​ លំដាប់​ទីពីរ​ នៅ​លើ​ពិភពលោក (៣៥%)និង​មាន​បរិភោគ​ច្រើន​ខ្លាំង​នៅ​ទ្វីប​អាមេរិក។ ស្រាក្រហម ស្រាផលិត​ពី​ទំពាំងបាយជូរ ដែល​ជា​ល្បីល្បាញ​និង​មាន​បរិភោគ​ច្រើន​នៅ​​អឺរ៉ុប តំណាង​ឱ្យ​តែ​ប្រមាណ​៨%ប៉ុណ្ណោះ​បើ​គិត​តាម​មធ្យមភាគ​ពិភពលោក។

ទោះ​ក្នុងកំរិត​ណា និង​ទទួល​ទាន​ប្រភេទ​សុរា​ណា​ក៏​ដោយ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​សម្រាប់​អង្គការ​សុខភាព​ពិភពលោក គឺ​ចំនួន​អ្នក​ទទួល​ទាន​កើន​ឡើង​ជា​និច្ច និង​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង ​ចំនួន​ស្ត្រីទទួល​ទាន​សុរា។​ សុរា​ អាល់កុល​ ជា​គ្រឿង​ស្រវឹង ដែល​ផ្តល់​គ្រោះ​ថ្នាក់ និង​ការ​ញៀន​មិន​ចាញ់​អាភៀនឡើយ។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពុំ​មាន​ការ​ដាក់​ទោស ដល់​អ្នក​ជួញ​ និង​​ញៀន​ស្រា ? តើ​នៅ​ពេល​ណា​​​ដែល​ហៅ​ថា​មនុស្ស​ម្នាក់​មាន​អាការៈ​​​ញៀន​សុរា​​ ? ទាល់​តែ​ស្រវឹង​ជោគ​ជាំ​ជា​រៀង​រាល់​ថ្ងៃ​ទើប​ហៅ​ថា​ប្រមឹក​ឬ​ ? ការ​ញៀន​សុរា​មិន​មែន​កើត​ឡើង​ ឬ​ដោយ​ការ​សន្មត់​ថា​បាន​ទទួល​ទាន​សុរា​ប៉ុន្មាន​កែវ​ ក្នុង​មួយ​ថ្ងៃ​ៗ​នោះទេ។ គេ​ក៏​មិន​អាច​និយាយ​ថា​មនុស្ស​ម្នាក់​នេះ​ញៀន​ស្រា និង​មនុស្ស​ម្នាក់​ផ្សេង​ទៀត​មិន​ញៀន​បាន​ឡើយ។ ជា​ទូទៅ​ បើ​និយាយ​អំពី​សុរា គេ​តែង​ចាប់​អារម្មណ៍​នឹង​គ្រោះ​ថ្នាក់ ឬ​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​ការ​ផឹក​សុរា។ គ្រោះថ្នាក់​ដែល​មនុស្ស​អាច​ទទួល​រង​ពី​សុរា គឺ​​បាន​ទទួល​ទាន​ លើស​ពី ២១​កែវ ក្នុង​មួយ​សប្តាហ៍ សម្រាប់​មនុស្ស​ភេទ​ប្រុស និង​លើស​ពី​១៤​កែវ ​ចំពោះ​មនុស្ស​ស្រី (មនុស្ស​ស្រី​ដែល​គ្មាន​ផ្ទៃ​ពោះ)។ ស្ត្រី​មាន​គភ៌ ត្រូវ​បាន​ណែ​នាំ​ដាច់​ខាត​មិន​ឱ្យ​ទទួល​គ្រឿង​ស្រវឹង​សោះ។

               សុរា​គឺ​ជា​​ហានិភ័យ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព។ ​សម្រាប់​គ្រូពេទ្យ​​ឯកទេស​ផ្នែក​គ្រឿង​ស្រវឹង គេ​ហៅ​មនុស្ស​ម្នាក់​មាន​អាការៈញៀន​សុរា នៅ​ពេល​ណា​ដែល​បុគ្គល​នោះ ត្រូវ​ការ​ផឹក​ និង​​រំពឹង​លើ​សុរា។ ចុះ​ពេល​ណា​ដែល​យើង​ក្លាយ​ជា​មនុស្ស​ញៀន ត្រូវ​ការ​ផឹក មិន​អាច​អត់ជាតិ​សុរា​បាន​? ​គឺ​នៅ​ពេល​ដែល​យើង​លែង​មាន​សមត្ថភាព​កំណត់​​ និង​បញ្ជា​ខ្លួន​ឯង​ លើ​ការ​ទទួល​ទាន​​សុរា។ មាន​វិធី​ធ្វើ​តេស្ត​​​សាក​ល្បងយ៉ាង​ងាយៗ អំពី​​សមត្ថភាព​អត់​ស្រា​។ សាក​ល្បង​ចោទ​ជា​សំណួរ​ដោយ​ខ្លួន​ឯង ថា​តើ​អ្នក​បរិភោគ​គ្រឿង​ស្រវឹង​ប៉ុណ្ណា ? រួច​សាក​ល្បង​​ភ្នាល់​ចិត្ត​ខ្លួន​ឯង​ ដោយ​សន្យា​ថា​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ពេញ​ យើង​មិន​ប៉ះពាល់​ផឹក​គ្រឿង​ស្រវឹង​ទេ។

           លោក​អ្នក​ស្តាប់​អារម្មណ៍​ខ្លួន​ឯង ស្តាប់​ការ​លំបាក​ដែល​បង្ក​ឡើង​ដោយ​ភាព​អវត្តមាន​នៃ​ជាតិ​សុរា​ក្នុង​ខ្លួន ទ្រាំ​លំបាក​ទល់​នឹង​ចំណង់​ចង់​ផឹក​ បាន​ឬ​ក៏អត់… តើ​មាន​រោគ​សញ្ញា​ដូច​ជា​ញ័រ​ដៃ​ ញ័រ​ខ្លួន​អាច​នឹង​លេច​ឡើងដែរ​ឬទេ ?! បើ​ពិបាក​ទ្រាំ បើ​ញ័រ​ដៃ​ញ័រ​ខ្លួន នេះ​បញ្ជាក់​បាន​ថា​អ្នក​ត្រូវ​ការ​ជាតិ​សុរា​ ! អ្នក​រំពឹង​​គ្រឿង​ស្រវឹង​មួយ​នេះ ! នេះ​ជា​តេស្ត​ដ៏​ប្រពៃ​សម្រាប់​សម្គាល់​ថា​អ្នក​ញៀន​សុរា​ឬ​អត់​។

        សូម ​បញ្ជាក់​ថា ខ្នាត​មួយ​កែវ​ដែល​​យើង​និយាយ​ជា​រហូត​មក​នេះ គឺ​សំដៅ​លើ​ មួយ​កែវ​មាន​ជាតិ​អាល់កុល​សុទ្ធ ១០​ក្រាម ពោល​គឺ​ស្មើ​នឹង​ស្រាបៀរ​មួយ​កែវ ២៥០​សង់ទីលីត្រ មួយ​កែវ​ស្រាសំប៉ាញ (កំរិត​១២អង្សារ​) ឬស្រាក្រហម​ឬ​ស្រាទំពាំង​បាយជូរ ១០​សង់ទីលីត្រ ស្រា​ក្រឡុក​៧សង់ទីលីត្រ ស្រាខ្លាំង(៤០​អង្សារ)​ពពួកវីស្គី​ ហិនណាស៊ី បីសង់ទីលីត្រ។

ចុះ​អ្នក​វិញ ? តើ​អ្នក​ទទួល​ទាន​សុរា​ដែរឬទេ​ ? និង​ក្នុង​កំរិត​ណា ?
ការ​ទទួល​ទាន​សុរា​​មាន​ច្រើន​បែប​ណាស់ ៖ តិច ច្រើន ច្រើន​ជ្រុល​ហួស​ហេតុ ម្តងម្កាល ឬ​ជាប់​ជា​ប្រចាំ​… អ្នក​ខ្លះ​ ផឹក​រាល់​ថ្ងៃ ដូច​ជា​ទម្លាប់ប្រចាំ​មួយ ហើយ​មិន​ស្រវឹង​សោះ ប៉ុន្តែ​មិន​មែន​បាន​ន័យ មិន​សូវ​មាន​គ្រោះ​ថ្នាក់​ឡើយ។ នេះ​គឺ​ជា​ទម្រង់​​ញៀន​មួយ​ ដែល​ជំរុញ​ខ្លួន​ឱ្យ​ក្លាយ​ជា​មនុស្ស​​ប្រមឹក​ដោយ​មិន​ដឹង​ខ្លួន។ អ្នក​ខ្លះ​ទៀត សុរា​គឺ​ជា​ការ​ជួប​ជុំ​រីករាយ ! មាន​បុណ្យ​ទាន ត្រូវ​មាន​សុរា​ ! មិន​ផឹក​ទេ​ក្នុង​ថ្ងៃ​ធម្មតា តែ​នៅ​ពេល​ចុង​សប្តាហ៍ ថ្ងៃ​សម្រាក​ពីការងារ គឺ​លេង​មួយ​ស្រវឹង។ចុងក្រោយ​គឺ ក្រុម​អ្នក​ត្រូវការសុរា។ មិន​មែន​ផឹក​ដើម្បី​រីករាយ ជួប​ជុំទេ តែ​ជា​សេចក្តី​ត្រូវ​ការ​ ព្រោះ​ខ្វះ​មិន​បាន​​ អ្នក​នោះ​ជា​ក្រុម​ញៀន​នឹង​សុរា ឬ​ហៅ​ថា​អ្នក​ប្រមឹក​។

ចុះ​ដូច​ម្តេច​ទៅ​ដែល​ហៅ​ថា ផឹក​​ច្រើន​ជ្រុល ?

ចាប់​ពី​៥​កែវ​ឡើង​ទៅ គឺ​បាន​ន័យ​ថា​ច្រើន​ជ្រុល​ហើយ​មែន​ទេ ? តើ​គេ​អាច​កំណត់​បរិមាណ​​​ច្រើន​ជ្រុល​បាន​ត្រឹម​ណា ? មិន​មែន​ជាការ​ងាយ​ស្រួល​ឆ្លើយ​ឡើយ ! សុរា ឬ​អាល់កុល​អាច បង្ក​គ្រោះ​ហានិភ័យ​បាន​គ្រប់​ពេល​ពេលវេលា និង​សូម្បី​តែ​ក្នុង​បរិមាណ​ដ៏​តិច​តួច។
ដើម្បី​អាច​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​ឯកទេសូម​​កំណត់​​ ជា​បី​ទម្រង់​ ៖ ទទួល​សុរា​ច្រើន​ជាហានិភ័យ ជា​​គ្រោះ​ថ្នាក់ ​​និង​ ជា​ការ​ញៀន។

– ​​ជាហានិភ័យ ៖ អ្នក​បរិភោគ​សុរា​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ម៉ោង​នេះ អ្នក​គ្មាន​បញ្ហា​សុខភាព​ បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ក្នុង​សង្គម។ ដើម្បី​កំរិត​ហានិភ័យ​​ចំពោះ​សុខភាព អ្នក​ឯកទេសបាន​កំណត់​ថា មិន​ផឹក​លើស​ពី​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ សម្រាប់​ស្ត្រី និង​សម្រាប់​បុរស មិន​លើស​ពី​បី​កែវ និងក្នុងនោះ​មាន​មួយ​ថ្ងៃ​អ្នក​មិន​ប៉ះ​ស្រា​សោះ។
–  ជា​គ្រោះថ្នាក់ គឺជា​ការ​ផឹក​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព ​មាន​ការ​លំបាក​ក្នុង​វិជ្ជាជីវៈ បង្ក​បញ្ហា​ដល់​គ្រួសារ​ប្តី​ប្រពន្ធ
-ការ​​ញៀន​ គឺ​លែង​អាច​គ្រប់​គ្រង​ការ​ទទួល​ទាន​សុរា​បាន​ អត់​លែង​បាន នៅ​ពេល​គ្មាន​សុរា​អ្នក​មានអារម្មណ៍​ថា​ខ្វះ​អ្វី​ម្យ៉ាង រួច​ក្លាយ​ទៅ​រសាប់​រសល់​ ញ័រ​ដៃ​ញ័រ​ជើង បែក​ញើស​ ពេល​ដាក់​សុរា​ចូល​ក៏​ស្ងប់​បាត់​អាការៈ​ទាំង​អម្បាល​ម៉ាន​នោះ។

ផលវិបាក​ចំពោះ​សុខភាព

ពេល​អ្នក​ទទួល​ទាន​សុរា​ មាន​ន័យ​ថា​អ្នក​កំពុង​យក​សុខភាពមក​ប្រលែង​នឹង​គ្រោះ​ថ្នាក់។ សរីរាង្គ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ថ្លើម ៖ អាល់កុល​នឹង​បំផ្លាញ​បន្តិច​ម្តង​កោសិកា​ថ្លើម ដែល​នៅ​ទី​បំផុត​​ត្រូវ​ក្រិន​។ អាល់កុល​ងាយ​បង្ក​ឱ្យ​ឆាប់​មាន​ជំងឺ​​មហារីក ប្រព័ន្ធ​​រំលាយ​អាហារ ដូច​ជា មាត់ បំពង់ក បំពង់​អាហារ​ ថ្លើម ពោះវៀន​ធំ ពោះវៀន​ទ័ល …​ និង​មហារីក​សុដន​ បើ​ជា​​ស្រ្តី។ ជំងឺ​សរសៃ​ឈាម​បេះដូង លើសឈាម ដាច់​សរសៃ​ខួរក្បាល ស្លោក​បេះដូង ក៏​ងាយ​កើត​ឡើង​លើ​រូប​អ្នក​បរិភោគ​សុរា​ដែរ។

ប្រភពវិទ្យុបារាំង rfi.fr

%d bloggers like this: