រឿងធនញ្ជ័យ នឹងអ្នកប្រាជ្ញកោះលង្កា

               មាន​អ្នក​ប្រាជ្ញ​មួយ​ទៀត​បញ្ញា​យ៉ាង​ល្អិ​ត ​និមិត្ដ​តែ​ឃើញ​អាកា​រ​ខាង​ក្រៅ​ចេញ​មក​ ​ក៏​អាច​ដឹង​ អាថិ​បញ្ហា​មនុស្ស​​គ​​នោះ​​បាន​ ​ដូច​​និទាន​​ចៅ​​ ​ធន​ញ្ជ័យ​​បណ្ឌិត​​កាល​​អ្នក​​ប្រាជ្ញ​​កោះ​​លង្កា​​ទ្វីប ​គេ​ចូល​មក​ក្នុង​ព្រះនគរ​ចោទ​រក​អ្នក​​ប្រាជ្ញ​នោះ​សេចក្ដី​ថា ​កាល​ណោះ​​ព្រះ​​ចៅ​​ក្រុង​កោះ​លង្កា​ មាន​ព្រះ​រាជ​សារ​ដល់​មក​ព្រះ​ចៅ​ក្រុងស្រីអយុធ្យាថា ឲ្យរើសរកអ្នកប្រាជ្ញអាចមានបញ្ញា ដឹង​លោកិយលោកា​ប្រែ​​បាលី​ភាសា​ឬ​ឆ្លើយ​​អាថិ​ បញ្ហា​ក្នុង​ក្រៅ​បាន នឹង​ត​តាំង​នឹង​អ្នកប្រាជ្ញកោះលង្កា។ ឯព្រះ​ចៅ​ក្រុង​អយុធ្យា ក៏ដាក់ភ្នាក់ងារនោះឲ្យធ​នញ្ជ័យ​ទទួល​ចោទ​ឆ្លើយ​ត​នឹង​​អ្នក​ ប្រាជ្ញ​ក្រុង​លង្កា ទើប​ចៅ​ធនញ្ជ័យ​ទទួល​ភ្នាក់ងារ​ចេញ​មកចាត់ចែងឲ្យចៅភ្នាក់ងារ កាត់ក្ដារតូចធំ យក​សំពត់​រុំ​បន្លំ​ជា​គម្គីរ​បាន​ច្រើន​​ហើយ​ ដាក់​ក្នុង​ទូ ចារឹក​ចំណង​ជើង​ប្រាប់​ឈ្មោះ​ព្រះ​គម្ពីរ​នោះ ប្លែកៗទីទៃៗ។

             ឯអ្នកប្រាជ្ញកោះលង្កាមកដល់បានចូលទៅមើលក្នុងមន្ទីរហោត្រៃហ្លួង បានឃើញ​គម្ពីរចៅ​ធនញ្ជ័យ​ច្រើន​​ដូច្នោះ​ក៏នឹក ខ្លាច​នឹក​រអា​ចិត្ដ​ថា​ ស្រុក​គេ​នេះ​មាន​គម្ពីរ​ច្រើន​ណាស់ ឯងនឹង​លេង​ខាង​ជើង​គម្ពីរ​នោះយល់​ជាមិន​ឈ្នះ​អ្នកប្រាជ្ញ​ស្រុក​អាយ​នេះទេ បើ​ដូច្នេះ​ត្រូវ​លេង​ខាង​បញ្ហា​ ក្រៅ​ៗ​វិញ​ចុះ គិត​ហើយ​ក៏​ចេញ​​មក​ពី​ហោត្រៃនោះ ហើយឲ្យ​ទូលព្រះចៅ​ក្រុងស្រី​អយុធ្យាថា ឲ្យស្ដេចចាត់​អ្នក​ប្រាជ្ញ​មក​ចោទ​ឆ្លើយ​ គ្នា​ជា​បញ្ហា​វោ​ហារ​ក្រៅ​នៅ​រោង​ក្រៅ​ក្នុង​វេលានេះ។

              ឯ​ព្រះ​ចៅ​​ក្រុង​អ​យុធ្យា​ក៏​ឲ្យ​ចៅ​ធនញ្ជ័យ​ចេញ​ទៅ​ត​ទល់​នឹង​គេ ឯ​រោង​ក្រៅ​។ ចៅ​ធនញ្ជ័យ​ក៏​ទទួល​អាជ្ញា​ចេញ ទៅ​ទី​រោង​ប្រជុំ​ជន​នឹង​​ចោទ​​ឆ្លើយ​​បញ្ហា​នោះ​។ ឯ​ព្រះ​ចៅ​ស្រី​អយុធ្យា កាល​ធនញ្ជ័យ​ចេញ​ទៅ​ត​ទល់​នា​រោង​ក្រៅ​នោះ ស្ដេច​ចង់​ជ្រាប​អាថិ​សេច​ក្ដី​​បញ្ហា​​ឆាប់​ទើប​ ត្រាស់​ប្រើ​អា​មាត្យ​ម្នាក់​ឲ្យ​ទៅ​ស្ដាប់​បញ្ហា​​។ ឯ​អា​មាត្យ​នោះ​ទៅ​រង់​ចាំ​ស្ដាប់​មើល​ជា​អ្នក​ប្រាជ្ញ​ខាង​ណា ថា​ដូច​ម្ដេច​ខ្លះ ចោទ​ឆ្លើយ​គ្នា​តើ​ យ៉ាង​ណា​ខ្លះ​។ ឯ​អ្នក​ប្រាជ្ញ​ទាំង​ពីរ​ខាង ដល់​ពេល​ក៏ ឡើង​ប្រជុំ​ចោទ​ឆ្លើយ​គ្នា​តាម​សញ្ញា អ្នក​ប្រាជ្ញ​លង្កា​ជា​អ្នក​ចោទ កាល​​ចោទ​​នោះ​ប្រើ​បញ្ហា​​គ គឺ​លើក​ដៃ​ទាំង​ពីរ​វង់​អោប​ជុំ​វិញ ហើយ​បង្ហាញ​ទៅ​ចៅ​ធនញ្ជ័យ​ឲ្យ​ទាយ​។

     ឯចៅធនញ្ជ័យឃើញហើយក៏លើកកំភួនដៃ១បង្ហាញទៅវិញ, ឯអ្នកប្រាជ្ញលង្កាក៏ចូលចិត្ដថា ធនញ្ជ័យទាយត្រូវហើយ ទើប​លើក​ម្រាម​ដៃ​១​ ឡើង​បង្ហាញ​ទៅ​ទៀត ចៅ​ធនញ្ជ័យក៏លើកម្រាម ដៃទាំង៥ឡើងហើយ លោះថយម្រាមកូនដៃ១ ចេញ អ្នកប្រាជ្ញលង្កា​ក៏​ចូល​ចិត្ដ​បាន​ក្នុង​បញ្ហា​ នោះ ទើប​ឲ្យ​វាយ​គង​ឃ្មោះ​គោះ​ភេរី​ហ៊ោ ឲ្យសព្ទសាធុការដល់ធ នញ្ជ័យមានសេចក្ដីកោតខ្លាចបញ្ញាធនញ្ជ័យ មិន​អាច​ដើម្បី​នឹង​ចោទ​ អាថិ​បញ្ហា​ត​ទៅ​ទៀត​ឡើយ​។

     ឯអាមាត្យម្នាក់ ដែលស្ដេចប្រើឲ្យទៅចាំស្ដាប់មើលអាថិបញ្ហានោះ លុះឃើញអ្នកប្រាជ្ញទាំងពីរចោទឆ្លើយគ្នាតែ នឹង​ដៃ​ត​ទៅ​វិញ​ទៅ​មក​ ដូច្នោះ មិន​ចូល​ចិត្ដ​សេច​ក្ដី​ថា​ជា​អ្វី ចង់ដឹងសេចក្ដីណាស់​នឹងអាលរត់ទៅក្រាប​ទូលព្រះចៅ​ផែនដីឲ្យជ្រាប​មុន​យក​ក្ដី​គាប់​មុន​គេ លុះ​ឃើញ​ ចៅ​ធ​នញ្ជ័យ​ដើរ​ចេញ​មក​ក៏​សាក​សួរ​ថា នែធនញ្ជ័យ រឿងបញ្ហាដែលអ្នកប្រាជ្ញ​លង្កាលើក​ដៃអោបវង់ជុំវិញនោះ តើអធិប្បាយ​សេច​ក្ដី​ដូច​ម្ដេច​?​ ឯ​ខាង​អ្នក​ឯង​លើក​កំ​ភួន​ដៃ​ត​ទៅ​នោះ តើមានសេចក្ដីដូចមេ្ដច? មួយ​ទៀត​ខាងគេលើកម្រាមដៃ១បង្ហាញមក ខាងអ្នកឯង​លើក​ម្រាម​ដៃ​ទាំង​ ៥​តប​ទៅ​គេ​វិញ​នោះ តើ​អធិប្បាយ​សេចក្ដីដូចម្ដេច?។

      ឯធនញ្ជ័យ បានលឺអាមាត្យនោះសួរអាថិដូច្នោះក៏យល់សេចក្ដីថា ចៅនេះបើបានដឹងអាថិនេះហើយគង់នឹងទៅក្រាបទូល​យក​​គាប់​មុន​អញ​ មិន​ខាន បើ​ដូចេ្នះ​អញ​នឹង​ប្រាប់ឲ្យខុសអំពីបញ្ហានេះចេញ ឲ្យបានក្ដីខ្មាស់នាកណ្ដាលជំនុំព្រះចៅជាម្ចាស់ គិត​ហើយ​ធ​នញ្ជ័យ​ក៏​ប្រាប់​ទៅ​ ថា​ឯ​អ្នក​ប្រាជ្ញ​លង្កា​ដែល​គេ​អោបដៃជុំវិញនោះ គឺគេសួរយើងថាអង្រុត ១តើរុតបានត្រីប៉ុន្មាន? យើងលើកកំភួន​ដៃ​ប្រាប់​ទៅ​នោះ គឺ​ថា​បាន​ត្រី​ រ៉ស់​១ រួច​គេ​លើក​ចង្អុល​ដៃ​ឡើង​ទៀត​គឺគេសួរថា ត្រីរ៉ស់១បើធ្វើជាងៀត តើបានប៉ុន្មានចំរៀក? យើងលើកម្រាមដៃទាំង​៥​បង្ហាញ​ទៅ​វិញ​នោះ​ គឺ​ថា បាន​៥​ចំរៀក សេច​ក្ដី​បញ្ហា​យ៉ាង​នេះ ឯង​ចូល​ចិត្ដ​ចុះ​។

     ឯអាមាត្យនោះជាមនុស្សឥតសតិបញ្ញា នឹងត្រិះរិះឲ្យល្អិតល្អន់ គ្រាន់តែលឺចៅធនញ្ជ័យ ប្រាប់ដូច្នោះហើយក៏រត់​ម្នី​ម្នា​ចូល​ទៅ​កាន់​ព្រះ​ រាជ​រោង​ជ័យ​។ ឯ​ព្រះ​ចៅ​ផែន​ដីយល់ហើយក៏ត្រាស់សួរថា ម្ដេចទៅវ៉ីយ អ្នកប្រាជ្ញយើងតើស៊ូនឹងគេបានឬទេ? មួយសោត​បញ្ហា​ដែល​គេ​ចោទ​ ឆ្លើយ​គ្នា​នោះ តើ​មាន​សេច​ក្ដី​យ៉ាង​ណា​ខ្លះ?។ ឯអាមាត្យនោះក៏ក្រាបទូលអាថិបញ្ហាតាមពាក្យ ធនញ្ជ័យប្រាប់នោះសព្វ​ប្រការ​។ ឯ​បរម​ក្សត្រ​ ធិប​តី បាន​ស្ដាប់​ពាក្យ​អា​មាត្យ​នោះ​ទូល​ដូច្នោះ ហើយក៏ត្រាស់ថា «បញ្ហា​អ្វី​និយាយពីអង្រុតរុតត្រីធ្វើងៀតងោងដូចជា​ប្រ​ដៅ​កូន​ក្មេង​វា​ចោទ​ គ្នា​លេង​ដូច្នោះ ក៏​ឯ​អ្នក​ប្រាជ្ញ​កោះ​លង្កា​នោះ​ល្បី​ថា​ ខ្លួនចេះដឹងក្នុងគម្ពីរសាស្រ្ដបាលី ដឹងហេតុលោកិយលោកា គួរ​តែ​សំដែង​ពី​គតិ​លោក ឬ​គតិ​ ធម៌ ជា​អាថិ​សុខុម​គម្ពីរ​ភាព​នោះ​ទើប​គួរ​សមជាអ្នកប្រាជ្ញរាជបណ្ឌិតបាន នេះហេតុអ្វីទៅយករឿងអង្រុត ថ្នងមកចងជា​បញ្ហា​ចោទ​ឆ្លើយ​គ្នា​យ៉ាង​ នេះ នែ​អា​មាត្យ បញ្ហា​នោះ​ក្រែង​មិន​ដូច​ឯង​យក​មក​សំដែង​នេះ​ទេដឹង?។

     ឯអាមាត្យទូលថា «ពិតមែន ព្រោះបានសាកសួរផ្ទាល់នឹងធនញ្ជ័យនោះប្រាកដហើយ»។ ឯចៅធនញ្ជ័យកាលសូរេច​កិច្ច​ចោទ​ឆ្លើយ​នោះ​ហើយ ក៏​រៀប​អាត្មា​ចូល​ទៅ​គាល់​មហា​ក្សត្រ​នា​ចុង​ព្រះរាជរោង។

     ឯមហាក្សត្រាធិបតី យល់ចៅធនញ្ជ័យមកគាល់ព្រះអង្គដូច្នោះក៏ត្រាស់សួរថា «អើធនញ្ជ័យ រឿងបញ្ហាដែលអ្នកប្រាជ្ញ​លង្កា​គេ​អោប​វង់​ដៃ​ ហើយ​ចៅ​ឯង​លើក​កំភួន​ដៃ​ត​តប​ទៅវិញនោះ មានអាថិសេចក្ដីដូចម្ដេច? មួយទៀត ខាង គេលើក ម្រាម ដៃ១ឡើង ហើយ​ចៅ​លើក​ម្រាម​ដៃ​ទាំង​ ៥​ត​តប​ទៅ​វិញ​នោះ តើ​មាន​សេច​ក្ដី​ដូច​ម្ដេច? ចូរចៅអធិប្បាយទៅមើល!។ ឯធនញ្ជ័យ ក៏អធិប្បាយថ្វាយសេចក្ដីថា «​អ្នក​ប្រាជ្ញ​សង្កា​លើក​ដៃ​ វង់​ជា​រង្វង់​ជុំ​វិញ​នោះ គឺចោទថា ក្នុង ចក្រវាឡ យើង ១ នេះមានភ្នំជាទីតាំងសំរាប់លោកតើប៉ុន្មាន? ទូលបង្គំជាខ្ញុំលើកកំភួនដៃ​តប​ទៅ​នោះ គឺ​ប្រាប់​ គេ​ថា​មាន​ភ្នំ​ព្រះ​សុមេរុ​១ ជា​ធំ​ជា​ទី​តាំងសំរាប់លោកយើងនេះ ដល់ក្រោយគេលើកម្រាមដៃ១ ឡើងនោះគឺគេបានចោទ​ថា ក្នុង​ភទ្ទ​កប្ប​យើង​១​ នេះ មាន​ព្រះ​ពុទ្ធ​ត្រាស់​ប៉ុន្មាន​ព្រះ​អង្គ? ទូលព្រះបង្គំជាខ្ញុំលើកម្រាមទាំង៥ឡើងឆ្លើយទៅថា មានព្រះពុទ្ធត្រាស់ ៥​ព្រះ​អង្គ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​លោះ​ ម្រាម​១​ចុះ ប្រាប់​ថា​ព្រះ​ពុទ្ធ​ត្រាស់​បាន​៤ ព្រះអង្គទៅហើយ នៅសល់១ព្រះអង្គ គឺព្រះអរិយមេត្រីព្រះអង្គពុំទាន់ចុះមក​ត្រាស់ សេច​ក្ដី​ចោទ​ឆ្លើយ​ គ្នា​នោះ​មាន​សភាព​យ៉ាង​ដូច្នេះ​សូម​ទ្រង់ជ្រាប»។

         ឯព្រះចៅស្រីអយុធ្យាបានទ្រង់ព្រះសណ្ដាប់ស័ព្ទអាថិបញ្ហានោះហើយ ស្ដេចក៏មានព្រះរាជហរិទ័យ​ត្រេកអរ​សោមនស្ស ត្រាស់​​ថា «​អើ ​សេច​ក្ដីបញ្ហា​យ៉ាង​នេះ​ទើប​សម​គួរ​ជាគតិលោកគតិធម៌បាន ត្រូវលំអាន​ជាគតិបណ្ឌិតគប្បី​ពោលហើយ​ចុះ​អាមាត្យ​​នេះ​គេ​ចេះ​ពី​ណា​មក​បាន​ ជា​មក​ប្រាប់​យើង​ថា​ទៅ​ជា​អង្រុត​រុត​ត្រី​ធ្វើជាងៀត ៥ចំរៀកផ្ដេសផ្ដាសដូចជា ប្រដៅ​កូនក្មេងគង្វាលក្របីវាចោទគ្នា​លេង​នោះ សម​គួរ​ឬ​ជា​ ពាក្យ​អ្នក​ប្រាជ្ញ បំណាច់​មក​តាំង​តែ​ពី​កោះ​លង្កា ល្បីថា ជាអ្នក​ចេះគតិធម៌គតិលោក ទៅ​យោគយករឿងអង្រុតថ្នងមកជា​បញ្ហា​នោះ គេ​មាន​ ព្រើល​កាល​ឯ​ណា វា​ព្រើល​ឯ​អាមាត្យ​ឯង​នេះ ចេះ​មកកាច់​មួលពាក្យគេ តែផ្ដាសសោះជាម្ដង» ស្ដេចត្រាស់ហើយ​ក៏​ទ្រង់​ព្រះ​រាជ​ទាន​មាស​ ប្រាក់​កែវ​កង សំពត់​អាវ​ស្បៃ​ឲ្យ​ចៅ​ធនញ្ជ័យ​បណ្ឌិត​តាម​ក្ដី​គាប់​។

     ឯអាមាត្យនោះ ត្រូវស្ដេចបន្ទោស បានសេចក្ដីខ្មាស់គេនាកណ្ដាលជំនុំធំ គិតខឹង​នឹងចៅ​ធនញ្ជ័យជេរពោលតែ​ក្នុង​ពោះ​ថា ខ្មោច​អា​ជៃ​ចង្រៃ វា​ប្រាប់​ឯង​យ៉ាង​នោះ​ពិត​ៗ ហើយ​ដល់​វា​មក​វា​ប្រែសេចក្ដីទៅឯទៀតវិញ អាណាជឿស្ដាប់បាន ខ្មោច​អា    ព្រើ​ល​យ៉ាងនេះ វា​ចង់​ថា​ដូច​មេ្ដច ក៏​ថា​ទៅ​ធ្វើឲ្យ​អញ​បាន​សេច​ក្ដី​ខ្មាស់​គេ​នា​កណ្ដាល​ប្រជុំជនយ៉ាងនេះ។

គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀងដោយ ឧកញ៉ា សុត្ដន្ដប្រី ជា ឥន្ទ

Advertisements
%d bloggers like this: