ពិធី​ ហៅ​ព្រលឹង នៅ​ខេត្ត​សុ​រិ​ន

​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ចុង​កាត់​មាត់​ញក ភាគច្រើន គឺ​អ្នកស្រុក​ចាស់ទុំ​ព្រឹទ្ធាចារ្យ​តាម​ស្រុកភូមិ តែងតែ​នាំគ្នា​ប្រារព្ធ​ច ដែលមាន​អ្នក​ជម្ងឺ​ខ្សត់ខ្សោយ​ស្លេកស្លាំង ។ នៅពេលដែល​សួរ​ទៅ​គាត់​នូវ​មូលហេតុ ពួកគេ​រមែងតែ​ឆ្លើយតប​ថា : ធ្វើតាម​ប្រពៃណី​ដូនតា​ខ្មែរ​ពី​ដើម នៅពេលដែល​ព្រលឹង​មិន​នៅក្នុង​ខ្លួនប្រាណ ដើម្បី​ហៅ​ព្រលឹង​តូចធំ​ទាំងឡាយ​ឲ្យ​ត្រឡប់មកវិញ ។​
​    ​ដោយមាន​ជំនឿ​ដូច្នេះ ទើប​គេ​ផ្តើម​ពិធី​កម្មនេះ​នៅវេលា​យប់ ប្រមាណ​ជា​ម៉ោង ៧-៨ ល្ងាច ដោយ​មានការ​សែនព្រេន​ខ្មោច ដូនតា​សាច់​សារ​លោហិត ដែល​បាន​ចែក​ឋាន​ទៅហើយនោះ​ឲ្យ​មេត្តា​ហៅរក​ព្រលឹង​ទាំងឡាយ​ដែល​បាន​រត់​ចេញពី​ខ្លួនប្រាណ​អ្នកមាន​ជម្ងឺ​ឲ្យ​ត្រឡប់មកវិញ​កុំ​ខាន ។
​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិភាគ​ឥសាន​នៃ​ប្រទេស​ថៃ​យល់ឃើញថា មនុស្ស​ម្នាក់​មានព្រលឹង​៣៦ តូច ៣០ ធំ ៦ ។ ជនជាតិ​ខ្មែរលើ ’​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក​ដែលជា​ខ្ពង់រាប​” គោរព​ព្រលឹង​ទាំងនោះ​ណាស់ ដោយ​ចាត់ទុកថា មនុស្ស​ដែល​អាច​រស់​នៅបាន ហើយ​មានជីវិត​រស់រាន មាន​ដង្ហើម​ចេញចូល ក៏​ដោយសារ​ព្រលឹង​តូចធំ​ទាំង​នោះដែរ ដែលមាន​ឫទ្ធិ​អំណាច​បារមី​បំផុត ថ្វីត្បិតតែ គេ​ពុំ​មើលឃើញ​ក៏ដោយ ។ ព្រលឹង​ទាំងនោះ​ហើយ​ជា​ព្រលឹង​របស់​បុព្វការី​ជន​ដែរ ។​


​    ​ក្នុង​ជំនឿ​ខ្មែរ​នៅ​ខេត្ត​សុ​រិ​ន្ទ្រ និង បុរីរម្យ ជាដំបូង គ្រូ​ម្នាក់​ដែលជា​ព្រឹទ្ធាចារ្យ​នោះ តែង​មើល​ជោគជតា​អ្នក​ជម្ងឺ​ជាមុនសិន ហើយ​បន្ទាប់មក​ក៏​ហៅ​ព្រលឹង​មក​រៀបចំ​គ្រឿង​សក្ការៈបូជា ឆ្លងកាត់​ការពិនិត្យ យើង​ឃើញ​មាន​ទៀន ធូប ផ្កា ក្នុង​ពិធី​នេះ នៅផ្ទះ​អ្នក​ជម្ងឺ ។ ក្រៅពីនេះ​គេ​ក៏​ឃើញ​មាន​ស្ត្រី​ម្នាក់ទៀត ដែល​ចេះ​ជញ្ជាត់ព្រលឹង​ដោយមាន​ទៀន ធូប និង​ផ្កា​ចំនួន​៥​ដូចគ្នា ។
​    ​បន្ថែម​លើ​នេះ ត្រូវមាន​ក្រមុំ​ព្រហ្មចារិ៍យ៍​៤​នាក់ ក​ម្លោះ​បរិសុទ្ធ​៤​នាក់​ទៀត មក​ចូលរួម​ពិធី​ដោយ​ជួយ​បន្ទរ​ក្នុងពេល​សូត្រ​ហៅ​ព្រលឹង ។​
​    ​រណ្តាប់​រៀបចំ​សម្រាប់​ពិធី​នេះ មាន​ចេក​មួយ​ដើម​, អំពៅ​មួយ​ដើម សម្រាប់​ទទួល​ព្រលឹង​ត្រឡប់មកវិញ កន្ទោង​ដាក់​បាយ សម្ល ចង្ក្រង់​ខ្សែទាម​១​គូ សម្រាប់​អង្រួន​បង្កើតជា​សូរស័ព្ទ​នៅពេលដែល​ស្រែកហៅ​ព្រលឹង ។ គេ​យក​ជណ្តើរ​ខា​លើ​នេះ​ផ្អែកលើ​ដំបូលផ្ទះ ឬ​កន្លែង​ណាមួយ​ដែល​ខ្ពស់ ហើយ​កន្ទោង​គេ​ត្រូវដាក់​នៅ​ចុង​ជណ្តើរ​នោះ ។​
​    ​ជាការ​ចាប់ផ្តើម​ដោយ​នមស្សការ​ថ្វាយបង្គំ​ព្រះ​រួចហើយ​ក៏​ហៅ​ព្រលឹង​តែម្តង តាមរបៀប​ស្មូត​យ៉ាង​វែង ។ ដែលមាន​ខ្លឹមសារ​ដូចតទៅ ’​ព្រលឹង​មាសមេ​…….”
​    ​ពេលដែល​អ្នក​ហៅ​ព្រលឹង​ចប់ ពួគ​ប្រុស​ស្រី​ដែល​ចូលរួម​ក៏​ជួយ​ស្រែ​កដោយ​បន្លឺ​ពាក្យ បង្អូស​វែងៗ “​មក​អើ​យមក ព្រលឹង​អឺយ​សូម​មក​”​ក្នុងខណៈដែល​គេ​ជួយ​បន្ទរ​មាត់ អង្រួន​ចង្ក្រង់​ខ្សែទាម រួច​មនុស្ស​ទាំងចាស់ទាំងក្មេង ដែល​ចូលរួម​យ៉ាង​កុះករ​នោះ ក៏​ជួយ​ស្រែកហៅ​ព្រលឹង​ដែរ ។​
​    ​ដល់​អ​ធ្រា​ត ពិធី​នេះ​ក៏ត្រូវ​ប្រារព្ធ​តាំង​ជា​លើក​ទី​២​ទៀត ពេល​ទៀបភ្លឺ ហើយ​ភ្លឺ​ស្រាងៗ ម្តងទៀត​ជា​លើកចុងក្រោយ​បំផុត ។ គឺ​នៅពេល​នេះហើយ ដែល​យាយ​ជញ្ជាត់ព្រលឹង​យក​បាយព្រលឹង ដែល​ខ្ចប់​នឹង​កន្លែង​សូត្រ​ដាក់​ក្នុង​កញ្ជើ​មួយ ឬ​ឈ្នាង​ដោយមាន​ប្រអប់​មួយ វែក​បុរាណ​មួយ​ដើរ​ជញ្ជាត់​ឆ្វែល​ជុំវិញ​ផ្ទះ​ចំនួន ៣​ជុំ ដោយ​ជញ្ជាត់​តាម​ដើមឈើ ហើយ​ចាត់ទុក​ដោយ​ឧបកិច្ច​ថា អ្វីដែល​ក្នុង​ឈ្នាង​នេះ គឺជា​ព្រលឹង​របស់​អ្នក​ជម្ងឺ ។​
​    ​ក្រោយពី​ជញ្ជាត់​គ្រប់ ៣​ជុំ​នៅ​ជុំវិញ​ផ្ទះ​រួចហើយ យាយ​យក​ដែក​មក​គ្រប​ប្រអប់​បុរាណ​នោះ​បោយ​ពី​ទិសឥសាន​ចំនួន​៣​ដង ហើយ​គោះ​ដាក់​ក​ញ្ចើ​ព្រលឹង​ហែរ​ឡើងផ្ទះ​អ្នកជំងឺ ។ បន្ទាប់​ចងដៃ​អ្នកជំងឺ​ដោយ​សែនព្រេន​ព្រលឹង​ដូនតា​ឲ្យ​ជួយ​ដឹងឮ ហើយ​កុំ​ឲ្យ​ព្រលឹង​ទាំងនោះ​រត់ចោល​អ្នក​ជម្ងឺ​ទៀត ។
​ជាទូទៅ គេ​សង្កេតឃើញថា បើ​មានប្រតិកម្ម​អ្វីមួយ ពី​អ្នកជំងឺ គឺ​មានន័យថា អ្នក​ជម្ងឺ​នឹង​ជាសះស្បើយ ហើយ​បើ​ពុំមាន​ប្រតិកម្ម​អ្វី​ទេនោះ មានន័យថា អ្នក​ជម្ងឺ​នេះ​មិន​អាចជា​ដូចដើម​បានឡើយ ៕ (​ម​.​ត្រា​ណេ​)

%d bloggers like this: