សេចក្តីសម្រេចរបស់តុលាការ​ឡាអេ​

​ 
    ក​-​សម្រេច​ជា​ឯកច្ឆ័ន្ទ ច្រានចោល​នូវ​សំណើ​របស់​ថៃ ដែល​បាន​ស្នើសុំ​ដក​សំណើ​របស់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨​មេសា ឆ្នាំ​២០១១ ចេញ​ទី​របៀបវារៈ​រួម​របស់​តុលាការ​។

ខ​-​ចង្អុល​នូវ​វិធានការ​បណ្តោះអាសន្ន ដូចតទៅ​៖

១-​ដោយ​សម្លេង ១១ ទល់នឹង ៥ ភាគី​ទាំងពីរ​ត្រូវ​ដក​ជា​បន្ទាន់​នូវ​បុគ្គលិក​យោធា ដែល​មាន​វត្តមាន​បច្ចុប្បន្ន​នៅក្នុង​តំបន់​គ្មាន​យោធា​ជា​បណ្តោះអាសន្ន ដូច​ចែង​ក្នុង​កថាខណ្ឌ ៦២ នៃ​សេចក្តីសម្រេច​នេះ និង​ទប់ស្កាត់​មិនឲ្យ​មាន​វត្តមាន​យោធា​ក្នុង​តំបន់​នោះ និង​មិនឲ្យ​មាន​សកម្មភាព​ប្រដាប់អាវុ​ធ​ណា​មួយ តម្រង់​ទៅ​កាន់​តំបន់​នោះ​ឡើយ​។

ទី​២-​ដោយ​សម្លេង ១៥ ទល់នឹង​១ តុលាការ​ឡាអេ​សម្រេច​ថា ប្រទេស​ថៃ​មិន​ត្រូវ​រារាំង​ការ​ចេញ​ចូល​ដោយ​សេរី​របស់​កម្ពុជា​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ឬ​ការផ្គត់ផ្គង់​ស្បៀង​អាហារ​ចំពោះ​បុគ្គលិក ដែល​មិនមែន​យោធា​នៅ​ក្នុង​ប្រាសាទ​ព្រះវិហារ​ឡើយ​។

 ទី​៣-​ដោយ​សម្លេង ១៥ ទល់នឹង​១ តុលាការ​ឡាអេ សម្រេច​ថា ភាគី​ទាំងពីរ​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ ដែល​គេ​បាន​ព្រមព្រៀង​នៅក្នុង​ក្របខណ្ឌ​អាស៊ាន និង​ជា​ពិសេស​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍ ដែល​ត្រូវបាន​តែងតាំង​ដោយ​អង្គការ​អាស៊ាន ឲ្យចូល​ទៅ​កាន់​តំបន់​គ្មាន​យោធា​ជា​បណ្តោះអាសន្ន​។

ទី​៤- ដោយ​សម្លេង ១៥ ទល់នឹង​១ តុលាការ​ឡាអេ សម្រេច​ថា ភាគី​ទាំងពីរ​ត្រូវតែ​អត់ធ្មត់ មិន​ធ្វើ​នូវ​សកម្មភាព​ណា ដែល​អាច​នាំ​ឲ្យ​ជម្លោះ ដែល​បាន​ស្នើ​ឲ្យ​តុលាការ​ដោះស្រាយ​នោះ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ឬ​រីកធំឡើង ឬ​ធ្វើឲ្យ​ជម្លោះ​នោះ កាន់តែ​ពិបាក​ដោះស្រាយ​ថែមទៀត​។​

ចំណុច គ

បាន​សម្រេច​ដោយ​សម្លេង ១៥ ទល់នឹង​១ ដោយ​លើកឡើង​ថា ភាគី​នីមួយៗ ត្រូវ​ផ្តល់​ព័ត៌មាន​ដល់​តុលាការ​ទាក់ទង​ទៅ​នឹង​ការអនុវត្តន៍​ប្រតិបត្តិ​របស់​ខ្លួន​ឆ្លើយតប​នឹង​វិធានការណ៍​បណ្តោះអាសន្ន​ខា​ង​លើ​នេះ​។ ចំណុច ឃ ដោយ​សម្លេង ១៥ ទល់នឹង​១ តុលាការ​ឡាអេ​បាន​សម្រេច​ថា រហូតដល់​ពេល​តុលាការ​ចេញ​នូវ​សេចក្តីសម្រេច​របស់​ខ្លួន ឆ្លើយតប​នឹង​សំណើសុំ​ការបកស្រាយ​សាល​ក្រុម​ឆ្នាំ​១៩៦២ តុលាការ​នឹង​នៅតែ​បន្ត​តាមដាន​កិច្ចការ​ទាំងនេះ ដែល​ជា​កម្មវត្ថុ​នៃ​សេចក្តីសម្រេច​នេះ​។​

Advertisements
%d bloggers like this: