តាតំបងក្រញូង

 

តាតំបងក្រញូង

ក្នុង គ.ស៩៧២ ព្រះអង្គម្ចាស់​ចក្រព​ង្ស ជា​ព្រះរាជបុត្រ​ព្រះបាទ​ស័ង្គចក្រ​ បាន​ឡើង​គ្រងរាជ​ ​ហើយ​ទ្រង់​មាន​ព្រះនាម​ជាព្រះបាទ​សម្តេច​ព្រះចក្រពត្រា​ធិរាជ​បរមពិត្រ​ ​គង់នៅ​មហានគរ​។ ព្រះអង្គ​បាន​បញ្ជា​ឱ្យ​គេកាប់​ដើម​ឈើ​ដើម្បីសាង​សង់​មេរុ​ ​សម្រាប់​បូជាព្រះសព​ព្រះបីតា​របស់​ព្រះអង្គ​ ​។​ ក្សត្រ​ថ្មី​អង្គ​នេះ​មាន​ព្រះរាជបុត្រា​ពីរ​ព្រះអង្គ​ព្រះនាម​បុទុមកុមារ​ ​និង​ ​សិរីកុមារ​ ​។​ ​ក្រោយមក​អ្នក​ម្នាង​កែវ​មានគភ៌ ​តែពុំទាន់​ប្រសូត្រ​បុត្រ​នៅ​ឡើយ​ទេ ​។

នៅ​ពេល​ដែល​កំពុង​កាប់​ឈើ ​បុរស​ម្នាក់​បាន​យក​មែក​ឈើរការ​ខ្មៅមក​ធ្វើ​វែកកូបាយ​ ​រំពេច​នោះវែក​កូរបាយ​បាន​ប្រែពណ៌​ទៅ​ជាខ្មៅ​ទាំង​អស់ ​តែដោយ​ឃ្លាន​ពេក​បុរសនោះ​ក៏សុខចិត្ត​បរិភោគ​បាយ​ខ្មៅរហូត​ដល់ឆ្អែត​ ។ ​បន្ទាប់ពី​បាយឆ្អែត​ហើយ​គេបាន​ដឹងខ្លួនថា​ ​គេមាន​កម្លាំង​ខ្លាំង​ណាស់ ជា​ការ​ពិសោធ​គេគ្រាន់​តែទាញ​មែក​ឈើ​ទាល​បន្តិច ​ដើមឈើ​ទាល​នោះ​ក៏រលំទាំងដើម​ ។​ឃើញដូច្នេះ កង​កម្លាំង​ដែ​កាប់ឱស​ទាំងប៉ុន្មាន​ ​ក៍បាន​ចុះចូល​ជាមួយ​និងបុរស​ទាំង​អស់​នេះទៅ​ ។ តមក​បុរស​នេះបាន​កាប់យក​ដើមក្រញូង​មក​ធ្វើជាដំបង​ការពារ​ខ្លួនផ្ទាល់​ ជាហេតុ​នាំឱ្យគេ​ទាំងឡាយ​គ្រប់គ្នា​ហៅបុរស​នោះ​ថា ​ជា តំបងក្រញូង” ​តរៀងមក​។

ចាប់ពី​ពេលនោះ​មក ​តំបង​ក្រញូង​មាន​ចិត្តចង់​ក្បត់​ដណ្តើមរាជ ។ ពួក​អាមាត្យ​លុះបាន​ដំណឹង​នេះហើយ​ក៏ប្រញ៉ាប់ប្រញ៉ាល់​នាំ​ព័ត៌មានទៅ​ក្រាបបង្គំ​ទូលស្តេច​ ​។ ស្តេច​ក៏បាន​បញ្ជាឱ្យ​កង​កម្លាំង​ទាហាន​ទៅ​បង្ក្រាប​ដំបងក្រញូង ប៉ុន្តែទ័ព​ទាំងអស់​នោះ​ពុំអាច​យក​ជ័យជម្នះ​លើ​តំបង​ក្រញួង​បាន​សោះ មិន​តែប៉ុណ្ណោះ​កង​ទាហាន​ទាំងឡាយ​បាន នាំគ្នា​ចុះចូល​ជាមួយ​នឹង​តំបង​ក្រញូងគ្មាន​សល់​ឡើយ​ ។

មហាក្សត្រ​ទ្រង់ពិបាក​ព្រះទ័យ​ខ្លាំង​ពេកក៏ប្រឈួន​ ពុំមាន​គ្រូពេទ្យ​ណា​អាច​ថ្វាយការព្យាបាល​សោះ ​ទ្រង់​សុគត​ក្នុង​ព្រះជន្ន​ ​៤៩ ឆ្នាំ​ បន្ទាប់​ពីគ្រងរាជ្យ​បាន ​២៩ ឆ្នាំ ប៉ុណ្ណោះ​។

ក្នុងខែពិសាខ​ ​គស ​១០០១​ ​បន្ទាប់ពី​ទទួល​ព័ត៌​មានថា​ ព្រះបាទ​ចក្រពត្រា​ធិរាជ​បានសុគត​ហើយ​នោះ ​តំបង​ក្រញូង​ដែល​ជាកូនរាស្ត្រ​សាមញ្ញ​សុទ្ធបានលើក​កងកម្លាំង​ចូល​ក្នុង​ព្រះបរមរាជវាំង ហើយ​ទទួលការអភិសេក​ឡើងគ្រងរាជ្យ ​ជាក្សត្រទី១៦ ទ្រង់មាន​ព្រះនាម​សាមញ្ញ​សុទ្ធបាន​លើកកម្លាំង​ចូលក្នុង​ព្រះ​បរមរាជវាំង​ ​ហើយ​ទទួល​ការអភិសេក​ឡើងគ្រងរាជ្យ​ជាក្សត្រទី ​១៦​ ទ្រង់​មាន​ព្រះនា​មជាគោត្ត​អមរទេវរាជ​ ។ ក្សត្រថ្មី​នេះបាន​ចេញបញ្ជា​ឱ្យគេរុក​រកតាម​ចាប់រាជវង្ស​អតិតក្សត្រ​មកពិឃាដ​ដោយដុតទាំងរស់​។

នៅពេលនោះ ​ព្រះរាជបុត្រ​ព្រះអង្គម្ចាស់​ចក្រពង្ស​ក៏បានគេច​ខ្លួនចេញ​ពីទីក្រុង ។ ព្រះរាជ​បុត្រា​ទី ២ ​គឺព្រះ​សិរីកុមារ​ដែលមាន​ព្រះជន្ន ​៥ ​ឆ្នាំ ​ត្រូវបាន​មេដោះ​នាំរត់ទៅនៅជា​មួយ​អ្នកស្រុក ក៏ប៉ុន្តែ​ដោយ​ពុំព្រមស្រាត​ទទេដូច​កូនអ្នក​ស្រុកនោះ​ ​នាំឱ្យពួក​ទាហាន​ស្គាល់ រួចក៏​ត្រូវទាហាន​ចាប់យក​ទៅដុតទាំងរស់ ​តែដល់រសៀល​មានទាហាន​មិនស្គាល់​ឈ្មោះម្នាក់​បានឆក់​យក​ទៅគ្រវាត់​ចោល​នៅក្នុងព្រៃ​ទៅ ។ ​តមក​មានព្រះសង្ឃ​មួយអង្គ​បាន​ជួបប្រទះ​កុមារនេះ ​ហើយ​ក៏រើស​ទៅច​ញ្ចឹម ។ ​ដោយដៃ និង ​ជើងនៅខ្វិន​ខ្វង់មិន​អាចដើរបាន​ ​ហើយបាន​ត្រឹម​តែអង្កិល​នោះ​ទើបគេ​គ្រប់គ្នា​ហៅកុមារ​នោះថា ​ព្រហ្មកិល ​អ្នកខ្លះទៀត​ហៅថា​ពញ្ញាក្រែក ​។

បន្ទាប់ពីបា​នគ្រងរាជ្យ​ ៧ ឆ្នាំ​ ៧ ​ខែមក​ ស្តេចតំបង​ក្រញួងបាន​ឱ្យហោរាព្យាករណ៏​ដោយ​ពោលថា​ ខ្ញុំមាន​បុណ្យ​អស្ចារ្យណាស់​ តើចាប់​ពីពេលនេះ​ត​ទៅ​មានអ្នកណា​មាន​បុណ្យ​លើស​នេះ អាចដណ្តើម​យករាជ្យ​ពីខ្ញុំ​បានដែរឫទេ? ​“ហោរពិនិត្យ​មើល​ក្បួន​ហើយ​ទាយថា​ ” ​ព្រះអង្គ​មានបុណ្យ​អស្ចារ្យ​ណាស់មែន​ ​តែព្រះអង្គ​គ្រងរាជ្យ​នៅមហានគរ​នេះបាន​ត្រឹមតែ​ ​៧ ​ឆ្នាំ ​៧​ ​ខែ ​៧ ថ្ងៃតែ​ប៉ុណ្ណោះ​ឥឡូវនេះ​នៅ​សល់តែ ​៧ ​ថ្ងៃទៀតទេ​នឹងមាន​អ្នកមាន​បុណ្យ​ថ្មីម្នាក់ចូល​មកយក​រាជសម្បត្តិ​បាន​ហើយ​ ។​ ​ឭដូចច្នេះ​ស្តេចតំបង​ក្រញូង​ ​គិតថា ​” ​បើបុរសមាន​បុណ្យ​មកដល់​មែន អាត្មាអញ​នឹង​សំពង​បុរស​នោះឱ្យ​ខ្ទេច​ដោយតំបង​របស់អញ ​បើអញមិនអាច​ផ្ចាញ់​បុរសនោះ​បានទេ អញ​នឹង​ព្រម​ចុះចាញ់​ប្រគល់​រាជ្យ​ឱ្យទៅ​បុរសនោះ​ ​រួចហើយអញ​នឹងចាក​ចេញ​ពីប្រទេស​នេះ ដើម្បីកុំ​ឱ្យមានគ្រោះ​ថ្នាក់​ដល់​អាត្មា​អញ​ឡើយ​

ពេលដែល​ប្រជារាស្រ្ត​ឮទំនាយ​នេះហើយ​ គេទាំង​ឡាយ​ក៏ជឿ​តាម​ដោយ​ឥតសង័្សយ​អ្វីទេ ​។​ លុះដល់​ថ្ងៃទី​ ​៧​ ​ប្រជារាស្រ្ត​ទាំងហ្វូងៗ​នាំគ្នាកុះករ​ទៅរង់ចាំ​មើល​អ្នក​មានបុណ្យថ្​មី ពេលនោះ​ពញ្ញា​ក្រែក​ក៏បានអង្កិល​ទៅជាមួយ​នឹងគេ​ ​ដើម្បីចង់​ឃើញ​អ្នកមានបុណ្យផង​ដែរ ដោយ​ហត់ខ្លាំង​ពេក​ពញ្ញា​ក្រែក​ ក៏​បានឈប់​សម្រាក​នៅក្បែរ​ត្រពាំងមួយ​ ​។​ ​ពេល​នោះមាន​ព្រាហ្ម​ចាស់​ម្នាក់​បាន​នាំយក​សេះមួយ​ព្រម​ទាំង​បាយ​កញ្ចប់​ ​និង​ទឹកមួយបំពង់​រួមទាំង​សម្ពាយ​មួយដើរឆ្ពោះ​ទៅរក​ព្រហ្មកិល ហើយ​សួរថា ” ​ចៅ!!តើ​ចៅឯង​ទៅណា? “ ​ព្រហ្មកិលក៏តបថា​ ខ្ញុំ​ទៅមើល​អ្នក​មាន​បុណ្យ​ដូច​គេឯង​ទៀតដែរ ​ប៉ុន្តែខ្ញុំ​មិនអាច​ដើរបាន ​ពីព្រោះខ្ញុំពិការ ​ព្រាហ្មណ៏​នោះក៏ឆ្លើយវិញថា ​ “​ចៅឯងកុំទៅ​ធ្វើអ្វី ចៅពុំអាច​ឃើញអ្នក​មានបុណ្យ​នោះទេ​ ​ចូរនៅទីនេះ​ហើយ​ ​តាសុំផ្ញើសេះ ​និង​សំពាយ​នេះឱ្យ​ចៅថែរក្សា​ឱ្យផង​ ​ហើយបើ​ចៅឯងឃ្លាន​ ចូ​របរិភោគបាយ​កញ្ចប់​ ​និងផឹកទឹក​បំពង់នេះចុះ ទុកឱ្យតា​ទៅមើល​អ្នកមាន​បុណ្យ ​កាលណាតា​បានឃើញហើយ ​តានឹង​ត្រឡប់មក​រៀបរាប់ឱ្យ​ចៅឯង​ស្តាប់វិញ ។ ​ព្រហ្មកិលតបថា ​ខ្ញុំពិការ ​ខ្ញុំខ្លាចសេះ​នេះវារត់​បាត់ទៅ ​” ​តាព្រាហ្មណ៏​ប្រាប់វិញថា​ មិនអី​ទេតា​នឹងវិលមក​វិញឆាប់ទេ ” ​ថារួច ហើយ​គាត់ក៏​យកបង្ហៀរសេះ​ទៅថ្ពក់​ដៃព្រហ្ម​កិលភ្លាម ​រួចយកសម្ពាយ​ កញ្ចប់​បាយ ​និងទឹកបំពង់​ទៅដាក់​ជិតក្បែរព្រហ្មកិល​ទៀតក៏ដើរ​ចេញបាត់ទៅ ​ ​។ ​បន្តិចមក សេះ​ក៏ក្រោក​ឡើង​ ទាញបង្ហៀរ​ឡើងតឹង​ធ្វើឱ្យ​ដៃរបស់​ព្រហ្មកិល​រលាត្រង់​ឡើង ឃើញដូច្នេះ​ព្រហ្មកិល​ក៏យក​បង្ហៀរ​សេះ​ទៅថ្ពក់ដៃ្ខម្ខាងទៀត​ ​ដៃនោះក៏ត្រូវសេះ​ទាញឱ្យ​បាន​ត្រង់ដូច​មុនដែរ តទៅ​ព្រហ្មកិល​យក​បង្ហៀរ​នេះ​ទៅថ្ពក់នឹង​ជើងម្ខាង​ម្តងៗ​ ជើងទាំងអស់​នោះក៏រលា​ល្អជា​ប្រក្រតី​ឡើង​វិញ​ទាំង​អស់​ ​។ ​លុះដៃ​ជើងបាន​ជាអស់ហើយ​ ​ព្រហ្មកិល​ ​ក៏ប្រញ៉ាប់​ឈរឡើង​ រួចយក​ទឹកបំពង់​លាង​សំអាត​ខ្លួនប្រាណ ​ធ្វើឱ្យរូបរាង​កាយទាំង​មូលឡើងភ្លឺថ្លា ​បាត់ស្នាមរលាក​អស់រលីង ​ទើបគិតថា អស្ចារ្យ​ណាស់ហ្ន​ !​ ​ដៃជើង​ និងកាយ​អាត្មាអញ​បានប្រសើរបែប​នេះ ​ភ្លាមនោះ​ព្រហ្មកិល​ក៏លាកញ្ចប់​បាយបរិភាគ ​លុះឆ្អែតហើយគេដឹងថា​ ​ខ្លួនរបស់​គេមានកម្លាំង​កំហែងបរិបូរណ៏​ក្រៃលែង​ ទើបបញ្ចេញ​វាចា​ថ្លែងអំណរ​គុណចំពោះ​តាព្រាហ្មណ៏​ ​ក៏លាសំពាយ ឃើញសុទ្ធ​តែពស្រ្តាភរណ៏​ប្រដាប់ម​កុដរាជ្យ ​ព្រហ្មកិលក៏​ចាប់យកប្រដាប់​ទាំងនោះ​មកតុបតែង​កាយឡើងភ្លឺ​បំព្រង​ល្អដូចទេព្តា​ ទើបគិតថា​ ​អាត្មាអញ​នេះឫដែល​ជាអ្នក​មានបុណ្យនោះ​ ?​ ​គិតហើយក៏​ឡើងជិះ​សេះភ្លាម​ សេះហោះ​នាំព្រហ្មកិល​ចេញពី​ទិសឥសាន​តម្រង់​ទៅព្រះបរម​រាជវាំងសំដៅ​ឆ្ពោះទៅ​រករាជ​បល្ល័ង្គ​ ។​ សេ្តច​តំបងក្រញូង​ ​កាលបើ​មើល​ឃើញ​អ្នកមានបុណ្យ​ ​គង់លើ​សេះដូចច្នេះ​ក៏ខឹង​ច្រឡោតខ្លាំង​ណាស់​ ហើយ​ឆក់ចាប់​តំបង​យ៉ាងឆាប់​រហ័ស​គ្រវែង​ទៅរកព្រហ្មកិល​ ​តែពុំត្រូវ​ព្រហ្មកិលទេ​ តំបងនោះ​ក៏ជ្រុល​ហួស​ទិសដៅ​ទៅធ្លាក់​កប់ក្នុង​ដីទីមួយ​បង្កើតបាន​ជាអូរ​ឡើង គឺទីនោះ​ហើយ​ដែលគេ​ហៅថា​អូរតំបងនោះ ។ ​តាមហេតុ​នេះក្សត្រ​ដែលគ្រងរាជ្យ​មកក៏បានដាក់​ឈ្មោះនេះ​ថាជា ​” ​ខេត្តបាត់ដំបង​រៀង​រហួតមក​ដល់បច្ចុប្បន្ន ។

លុះឃើញ​ប្រជារាស្រ្ត ​និងទាហាន​ចុះចូលនឹង​អ្នកមានបុណ្យថ្មី​ហើយ ស្តេច​តំបងក្រញូង​ក៏ព្រមថ្វាយ​បង្គំសារ​ភាពចុះចាញ់ ​ហើយថ្វាយ​រាជ្យបល័ង្គ​ទៅព្រហ្មកិល ។​ គាត់បាន​ចេញពី​មហានគរ ដោយ​ដើរផ្សង​ពេ្រង​ក្នុងឆ្នាំវក ​ទៅកាន់ប្រទេសលាវ​ ។ ​ព្រហ្មកិល​ឡើងគ្រងរាជ្យ​ក្នុង គស ១០០៨ ក្នុងព្រះជន្ន​ ១២​ ព្រះវស្សានៅក្នុងមហានគរ​ មានព្រះនាមជាព្រះបាទ​សម្តេច​ សន្ធព្វអនុរាជ ។

 

                                                    ទស្សនាវដី្តគ្រូបង្រៀន លេខ ៣៣ ឆ្នាំ ២០០៧

 

%d bloggers like this: