ដំណើរវិលមកប្រទេសខ្មែរវិញ នៃខេត្តបាត់ដំបង

  ឯកសារ​ខាង​ក្រោមនេះ​ ​ដកស្រង់​ចេញពី​សៀវភៅ​«បាត់ដំបង​ ​អេសុងប៉ាសេ»​បោះពុម្ពផ្សាយ​ជា​ភាសា​បារាំង​ ​នៅឆ្នាំ​១៩៦៨​ដោយ​ក្រសួងឃោសនាការ​ខ្មែរ​ ​និង​ ​សៀវភៅឈ្មោះ​ ​«ឡាថៃឡង់»​ និពន្ធ​ដោយ​លោក ភីសជេ​ បោះផ្សាយ​នៅ​ក្រុងប៉ារីស​។​រីឯ​ឯកសារ​ជាក់​ស្តែង​ក្នុងស្រុក​ ​ដូចជា​តំណាង​នៃកុងស៊ុល​បារាំង​នៅ​បាត់ដំបង​ ​ជាឯកសារ​និយាយ​ដែលទទួល​ពីលោក​តា ​ឥន្ទសុន្ទរ៍ ​នៅភូមិជ្វាធំ តាម​ដែល​គាត់បាន​ឃើញ ​និង ​បានដឹង​នៅ​សម័យនោះ​ ។​

ចាប់តាំង​ពីការបែក​បាក់​បន្ទាយ​លង្វែកមក​ ​ប្រទេសខ្មែរ​បានថយ​រឹទ្ធានុភាព​យ៉ាង​ខ្លាំង។​ យូន​ និង​សៀម​គំរាម​កំហែង​ខ្មែរ​ជានិច្ច​។ ​នៅឆ្នាំ​ ​១៧៩៤​ ​ខេត្ត​បាត់ដំបង​បានធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​​សៀម​។ ព្រះបាទ​អង្គដួង​ព្រួយ​បារម្ភនិង​វាសនា​ប្រទេស​ខ្មែរ​ ​ក៍សុំ​ជំនួយ​បារាំង​។ នៅឆ្នាំ​ ​១៨៥៩​បារាំង​បានចូល​មកតាំង​នៅ​ព្រៃនរគរ​ ​ហើយ​ក្រោយ​មកទៀត​ ​ក៍ពង្រីក​ដែន​អាណា​និគម​កូសាំង​ស៊ីន​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​ជា​របស់ខ្មែរ​ ដែល​យួន​កំពុង​ទន្ទ្រានយក​ ។ ​នៅឆ្នាំ ​១៨៦៣ ​ព្រះបាទ​នរោត្តម បាន​ដាក់ប្រទេស​ខ្មែរ​ក្រោម​អំណាច​ការពារ​របស់​បារាំង​ ​ដែល​នាំឱ្យ​ប្រទេស​ខ្មែរ​បាន​រួចផុតពី​ជំរៀត​ជំរែក​សៀម​ ​និង​ ​យួន​ ​។​ នៅឆ្នាំ​១៨៦៧ ព្រះ​ចៅសៀម​សុខចិត្ត​ទទូល​ស្គាល់អំណាចការពារ​របស់​បារាំង​ ​មក​លើប្រទេស​ខ្មែរ ​តែសៀម​នៅ​ត្រួតត្រា​ខេត្ត​បាត់ដំបង​ ​សៀមរាប​ ​សេរីសោភ័ណ​ ​ម្លូព្រៃ​និង​ទន្នេរពៅ​ដដែល​ ។​

នៅឆ្នាំ​ ​១៨៨៣​ មាន​អនុសញ្ញា​បារាំង​ខ្មែរមួយ​ ​ដាក់​ប្រទេស​ខ្មែរ​ក្រោម​អាណានិគម​បារាំង​ ។ ​​ចាប់​ពី​ពេល​នោះ​មក​ ខ្មែរ​បានធ្លាក់​ខ្លួន​ជាខ្ញុំ​កញ្ជះ​បារាំង​ពិត​ប្រាកដ​ហើយ។​ បារាំង​ត្រូវ​សំរេច​វាសនា​ខ្មែរ​ជំនួស​ខ្មែរក្នុង​ឋានៈ​ជា​អាណាព្យាបាល​ ។​

បារាំង​មានបំណង​ចូល​មកកាន់​កាប់​ខេត្ត​បាត់ដំបង​ និង​ ​សៀមរាប​ដោយ​កម្លាំងទ័ព​ ។ ​ប៉ុន្តែ នៅឆ្នាំ​ ១៨៨៦​ ​មានឧប្បត្តិ​ហេតុ​ជា​ច្រើន​រវាង​បារាំង ​និង ​សៀម​នៅ​ប្រទេសលាវ​ ​ហើយ​មានបំណង​​នឹងរំដោះ​ ​តំបន់ត្រើយ​ខាង​ឆ្វេង​នៃ​ទន្លេមេគង្គ​ ​ដែល​ក្នុងនោះ​មាន​ខេត្តទន្លេរពៅ​ ​របស់ខ្មែរ​ ​និង ខេត្ត​ចំប៉ាសាក់​របស់លាវ​ ​។​អ្នកអង្គ​ម្ចាស់ទេវវង្ស​ ​ខាងសៀម​ត្រូវ​ទទួល​បរាជ័យ។​ បារាំង​បានបញ្ជូន​នាវា​ចំបាំង​ចំនួន​ ​២គ្រឿង​ ​ឱ្យវាយប្រយុទ្ធ​ឡើងតាម​ទន្លេមេណាម​ចៅ​ផ្រះយ៉ា​ទៅ​ចត​នៅមុខ​បាងកក​នៅថ្ងៃ ​៨ ​កក្កដា​ ឆ្នាំ១៨៩៣​។

នៅថ្ងៃទី​ ​២០​ ​ខែកក្កដា​ ​បារាំង​បានផ្ញើ​ឱសានវាទ​មួយបង្ខំសៀម​។ ​ព្រះចៅសៀម​ ចុឡាឡុងកន​ ក៍យល់​ព្រមតាម​ឱសាន​វាទរបស់​បារាំងនៅថ្ងៃ ​២៩ ​ខែ ​ឆ្នាំដដែល​ ។​សៀមសុខចិត្ត​ ចុះសន្ធិ​សញ្ញា​ជាមួយ​បារាំង​នៅថ្ងៃទី​ ៣ ​តុលា​ ឆ្នាំ១៨៩៣​ ​ដោយសុខ​ចិត្ត​ដកថយ​ ពីដែនដី​ទាំងអស់​ដែល​នៅ​ត្រើយ​ខាងឆ្វេង​នៃទន្លេ​មេគង្គ​។

បារាំងបញ្ជូន​កងទ័ព​ឱ្យទៅកាន់​កាប់ខេត្តសៀម​ឈ្មោះ​ចន្ទបុរី​ ​ដើម្បី​បង្ខំឱ្យ​សៀម​គោរព​សន្ធិ​សញ្ញានេះ​ ​។ ​តែបារាំង​មិនបាន​ទាមទារ​ឱ្យសៀម​ប្រគល់​ខេត្ត​បាត់ដំបង​ ​និង ​សៀមរាប​មកឱ្យខ្មែរ​​វិញ​ទេពេល​នោះ​ ​។​ ​តែមាត្រា​ ​៣ នៃសន្ធិ​សញ្ញានេះ​ ​បារាំង​បង្ខំសៀម​មិនឱ្យទ័ព​នៅតំបន់​ដែល​មានទទឹង​ ២៤​ គម ​ស្របតាម​ត្រើយខាង​ស្តាំ​នៃទន្លេមេគង្គ ​ព្រមទាំង​បាត់​ ១៨៣​នេះ ​ដំបង​ ​និង ​សៀមរាប​ទៀត​។ ​ដូចនេះ​សៀម​គ្មាន​អំណាច​តាំងទ័ព​ ​ឫសង់បន្ទាយ​នៅ​ខេត្តទាំង​ ​២​ ​នេះទេ គឺនៅ​ពេលនោះ​ហើយ​ដែលរាជ​ការសៀម​ផ្តើម​ពង្រឹង​អំណាច​ប៉ូលីស​ ​ដើម្បីត្រួតត្រា​តំបន់​គ្មាន​កងទ័ព​នៅតាម​បណ្តោយ​ទន្លេ​មេគង្គ ​។​

ទំនាស់​មួយបាន​កើតឡើង​ក្នុង​ការអនុវត្ត​មាត្រា ​៤ ​នៃសន្ធិសញ្ញា​ឆ្នាំដែល​ចែង​អំពី​សិទ្ធិ​បារាំង​ក្នុង​ការពារ​ជន​ជាតិខ្មែ​រ ​យួន​ ​លាវ​ ​ដែល​រស់នៅ​ដែនដីសៀម​ ។​បារាំង​ត្រូវ​ការពារ​ជនជាតិ​ទាំងនេះ​​តាម​ផ្លូវច្បាប់​ ​កុំឱ្យមាន​ការជិះ​ជាន់​អាជ្ញាធរ​សៀម​។ ​មាត្រា៤នេះ​ ​ធ្វើឱ្យសៀម​បាត់បង់​អធិបតេយ្យ​ ផ្ទៃក្នុង​យ៉ាងខ្លាំង​ ។ ​សៀមបាន​រិះរក​គ្រប់មធ្យោ​បាយ​ ​ដើម្បីបំផ្លាញ​មាត្រា​ទី៤នេះ ​ដោយ​ប្រើគ្រប់វិធី​ ​បង្ខិបង្ខំ​ជនជាតិខ្មែរ​ ​ដែលរស់​នៅក្រោម​អំណាច​គេឱ្យ​ប្រកាស​ខ្លួនជា​សៀម​ ​។ ​នៅឆ្នាំ​ ​១៨៩៦​ បារាំង​បាន​បញ្ជូន​ស្នងការ​ម្នាក់​ឱ្យមកតាំង​នៅបាត់ដំបង ​ក្នុងបំណង​ការពារ​សិទ្ធិ​រស់នៅ​នៃជនជាតិ ​ខ្មែរ​ លាវ​ ​យួន​។

នៅឆ្នាំ​ ១៨៩៧​ព្រះចៅសៀម​ ​ចុឡាឡុងកន​ ​បានយាង​ទៅធ្វីទស្សនៈ​កិច្ចនៅ​ប្រទេស​នានា​​នៅទ្វីអីរ៉ុប ​មាន​ប្រទេសរុស្សី ​ប្រទេស​អាឡីម៉ង់​ ប្រទេសអង់គ្លេស​ ​ប្រទេសបារាំង​ ។ ​នៅក្រុងប៉ារីស​ ​ព្រះចៅសៀម​ ​ចុឡាឡុងកន​ ​បានចូល​ទៅជួប​ប្រធានាធិបតី​បារាំងឈ្មោះ​ ​ភេលិច​ ផូរ​ ស្នើសុំឱ្យ​លុបចោល​មាត្រាទី​៤ នៃ​សន្ធិសញ្ញា​នេះចេញ​។ ​ ប្រធានាធិបតី​បារាំង​ ភេលិច​ ផូរ​ ​សុខចិត្តលុបមាត្រា​ ៤ ​នេះចោល​ ​បើសិន​ជាសៀម​សុខចិត្ត​ប្រគល់​ខេត្ត​បាត់ដំបង ​សៀមរាប​ និង ​ចន្ទបុរី​មក​ឱ្យបារាំង​។

នៅឆ្នាំ​ ​១៩០២​ ​បារាំង​បានចុះ​សន្ធិសញ្ញា​ជាមួយសៀម​ លុបចោល​សិទ្ធការពារ​ជនជាតិខ្មែរ​យួន​ លាវ​ ដែលមាន​ចែងក្នុង​មាត្រា​ ៤ ​នៃសិទ្ធិសញ្ញាឆ្នាំ​ ១៨៩៣ ​ដោយគ្រាន់​តែយក​ខេត្តម្លូព្រៃ​ និង ទន្លេររពៅ ​ដែល​មានទំហំ ​២០០០០គម ២ ​មកវិញ​ ។ ​តែសន្ធិសញ្ញា​ថ្មីនេះ​ត្រូវបាន​មតិបារាំង​រិះគន់​យ៉ាងខ្លាំង​ ហើយ​ក៍ខាន​ឱ្យសច្ចាប័ន​ទៅវិញ​។

នៅឆ្នាំ​១៩០៤​ ​បារាំងបាន​បង្ខំសៀម​ឱ្យចុះ​សន្ធិសញ្ញា​ប្រគល់​ខេត្តម្លូព្រៃ​ ​និង​ ​ទន្លេរពៅ មក​ឱ្យខ្មែរ​ ​។ ​សន្ធិសញ្ញា​នេះ​មានមាត្រា​សំងាត់មួយទៀត​ ​ដែលសៀម​ត្រូវប្រគល់​អំណាច​ប៉ូលីស ខេត្តបាត់ដំបង​ ​សៀមរាប​ ​និង​ ​សេរីសោភ័ណ​មកឱ្យបារាំង​។ ​ចាប់ពី​ពេលនោះមក​ ​គេឃើញ​មាន​ទាហាន​បារាំង​ចូលមក​ចាត់ចែង​បង្ហាត់​ទាហាន​នៅបាត់ដំបង​។ ​ជាមួយគ្នានោះ​ ​បារាំង​សុំឱ្យសៀម​ ប្រគល់​សិទ្ធិឱ្យ​បារាំង​ស្ថាបនា​រួមគ្នា​ជាមួយសៀម​ នូវផ្លូវ​រថភ្លើង​ពី​បាត់ដំបង​ទៅភ្នំពេញ​។​

តាម​មាត្រា​ ​១​ ​នៃសិទ្ធិ​សញ្ញានេះ​ ​សៀម​ត្រូវប្រគល់​ខេត្ត​ ​បាត់ដំបង​ ​សៀមរាប សេរីសោភ័ណ​មកឱ្យបារាំង​ ​ហើយបារាំង​ក៏ប្រគល់​ឱ្យសៀម​វិញ​ ​នូវដែន​ដី​ដានសាយ​និង​ក្រាត​ព្រមទាំង​កោះនានា​នៅខាង​ត្បូង​ជ្រោយ​ឡិមលិង​រហូតដល់​កោះគុត​។ ​ការប្តូរដែន​ដីត្រូវធ្វើ​ ​២០ថ្ងៃ​ក្រោយ ដែល​សន្ធិសញ្ញា​នេះត្រូវ​ធ្វើសច្ចាបន័​។

អគ្គទេសសាភិបាល​បារាំង​នៅឥណ្ឌូចិន​ បាន​ប្រគល់​ខេត្តបាត់ដំបង​ ​សៀមរាប​ ​និង ​សេរីសោ ភណ័​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទស៊ីសុវត្ថិ​។

ខេត្តបាត់ដំបង​ ​ដែលធ្លាក់​ក្រោម​អំណាចសៀម​ ​ដោយសារ​តែអំពើ​លោភលន់​របស់​​ចៅហ្វ៊ាបែន​ពីឆ្នាំ​ ​១៧៩៥​ ​នោះត្រូវ​បានវិល​មកកាន់​មាតុភូមិ​ខ្មែរវិញ​ ​ក្នុងរាជ​ព្រះមហាក្សត្រ​ខ្មែរ​​ព្រះបាទស៊ីសុវត្ថិ​ ​និង​ ក្នុងរាជ្យ​ព្រះចៅសៀម​ព្រះរាមាទី៤ ​ចុឡាឡុងកន​។

ឆ្នាំ ១៩០៧ ​ជាឆ្នាំប្រវត្តិសាស្រ្ត​របស់ខេត្ត​បាត់ដំបង​ ​ដែលបាន​រួចខ្លួន​ពីអំណាច​ត្រួតត្រា​របស់​សៀម ​អស់មួយ​សតវត្យ​។

                              សៀវភៅ បាត់ដំបង សម័យលោកម្ចាស់

 

%d bloggers like this: