jump to navigation

ជំនឿរ(សែនដូនតា)បុណ្យភ្ជុំបិណ្ឌ ខែកញ្ញា 9, 2009

Posted by senith in ទូទៅ, ប្រវត្តិ, វប្បធម៌.
trackback

មនុស្ស​មកពី​ស្រុក​ផ្សេងៗ​ ​ដែលមក​រស់នៅ​ខេត្តសុរិន្ទ្រ​មានការ​ចាប់​អារម្មណ៍​ខ្លាំងក្នុង​ពិធីបុណ្យ​«សែនដូនតា»​បុណ្យសារ​ទរខែ​ ១០​នេះ​ខ្លាំង​ណាស់​ ​ជាពិសេស​ភាពញញឹម​ញញែម​ ​សប្បាយ​រីករាយ​រកគ្នា​និងគ្នា​ ​ភាពគគ្រឹក​គ្រេង​ ​ដែល​ប្រជារាស្រ្ត​សម្តែងចេញ​មកចំពោះ​គ្នានិងគ្នា​ និង​ចំពោះអ្នក​ ​មកពីស្រុកផ្សេងៗ​ ។​ ​ស្ថានភាព​ជាក់ស្តែង​ ​គឺយ៉ាងដូច្នេះឯង​ ​ចំពោះខ្មែរ​គ្រប់រូបជឿជាក់​ថា ទោះជា​ក្រលំបាក​យ៉ាងណា​ ​ក៍ត្រូវធ្វើបុណ្យ​នេះឱ្យបាន​ ​ហើយភាព​អឹកធឹក​មានសម្រស់​យ៉ាងរស់​រវើក​ ក៍​កើតមាន​ឡើង​ ។​តាមប្រវត្តិ​របស់​បុណ្យនេះ​ ​ដែលមាន​នៅក្នុងសាស្ត្រា​ ​ក្នុងគម្ពី​ ​បានបរិយាយ​ ​អធិប្បាយ​ទេសនាគួរ​ឱ្យជាទីចាប់ចិត្ត​ ​ចាប់​អារម្មណ៍​ណាស់។​ ​មនុស្ស​សម័យដើម​ ​បានស្តាប់​សំនួន​វោហាខ្មែរ​ដោយផ្ទាល់​ រមែងទទួល​នូវការ​ជ្រួតជ្រាប​ជាទីបំផុត​ ​។​ ​ប៉ុនែ្តពេល​ប្រែទៅ​ជាភាសាសៀម​ទៅគង់ប្រែ​មិនបានដូច​សំនួន​ដើមឡើយ​ ​ព្រោះអ្នក​ប្រែពុំសូវពូកែ​ ​ទោះជាយ៉ាង​ណាក៍ដោយសូមឱ្យ​សម្លឹងមើល​ដល់បុណ្យ​ គ្រប់បុណ្យ​នៅក្នុងសង្គមខ្មែរ​ ​គេរមែងតែ​មានការសែន​ព្រេនដល់បុព្វការីជន​(សែនខ្មោច)​ ​ប្រាប់ដល់​​ជីដូនជីតា​គ្រប់លើក​ ​។ ​សម្ព៍ន្ធភាព​រវាងដូនតា​ ​ភាពយល់ជ្រួតជ្រាប​នៅក្នុងព្រះគុណ​របស់បុព្វរស​គ្រប់ជំនាន់​ ​ទើបជាផ្តល់​ជាដើមទុន​កន្លងរួចមក​ ​ដល់កូនចៅជំនាន់​ក្រោយៗ​មកនេះ​។​តាមប្រវត្តិនិយាយ​ទុកមកថា​ ​បុណ្យនេះ​គេជឿរថា​ ​អ្នកដែលស្លាប់​ទៅហើយនឹង​ត្រូវរស់នៅឯ​ យមលោក​ ​មានស្តេច​យមរាជជា​អ្នកគ្រប់គ្រង​ ។​ មនុស្សដែលធ្វើបាប​កម្មនឹងត្រូវធ្លាក់នរក​ ​ខ្លះក៍កើត​ ទៅជាប្រេត​ ​ខ្លះទៅបាន​ទទួលនូវ​សេចក្តី​ទុក្ខទណ្ឌកម្ម​ជាច្រើនអនេកកប្បការ​ ។​ ដល់ខែ​ ​១រោច ខែ​ភទ្របទ​(ខែកញ្ញា)​ ស្តេចយមរាជ​ក៍នឹង​អនុញ្ញាត​ឱ្យវិញ្ញាណទាំងនោះ​ បានធ្វើ​ដំណើរ​មករក​កូន​ចៅវិញ ។​ ​វិញ្ញាណទាំងនោះ​ធ្វើដំណើរ​ឆ្ងាយសែន​ឆ្ងាយ​ ​ពេលមកដល់​ឋានមនុស្ស​លោកហើយ​ ​ក៍នឹង​ ទៅរកវត្តអារ៉ាម​នៅតាម​ស្រុកកំណើត​របស់ផង​ខ្លួន​ ​។​ ​មួយចំនួនទៀត​ក៍ទៅជ្រក​ក្រោមម្លប់​ឈើ​ ខ្លះទៅជ្រក​ក្រោមកុដិ​ ​ក្រោមសាលាឆាន់​ក្នុងរោងបាយវត្ត​ ​នៅសភាព​លក្ខណៈ​ខ្លះឈរ​ ខ្លះ​អង្គុយ​ជ្រងក់ជ្រងោគ​ ​ខ្លះដេកននៀល​ក្នុងភក់ជ្រាំ​ ​ខ្លះមានមុខ​ស្រពាប់​ស្រពោន​ ​ហាក់ដូចជា​មាន​កម្លាំង​ល្ហិតល្ហៃ​ ​ដេកបាក់ពោះ​សន្ធឹង​សន្ធៃ​ ​ខ្លះក៍ប៉ក់​ល្វើយ​ ​ខ្លះក៍ញ័រ​ទទ្រាក់ទ្រើក​ ​បើកភ្នែក​សម្លឹងធ្វើ​ ភ្នែកភ្លឹះៗ​ ​។​ ​ខ្លះទៀតក៍​ទៅរង់ចាំ​នៅតាមផ្លូវចូល​ទៅទីវត្តអារ៉ាម​ ​ហើយតាមរក​សម្លឹង​រកមើលញាតិ​សន្តានខ្លួន​ ​ក្រែងមកបាន​ឧទ្ទិសកុសល​ផ្តល់ឱ្យខ្លួន​។​ ​ហើយខ្លួនក៍នឹង​បានទទួលនូវ​ចំណែកផល្លា​​ និសង្ឃ​ ​បានផឹកទឹក​ ​បានម្ហូបចំណី​អាហារបរិភោគ​ ​ដើម្បីឱ្យ​មានកម្លាំង​កំហែង​នឹងគេ។​ ​ប្រការម្យ៉ាង​ ទៀត​ ​នៅពេល​ដែលត្រឡប់​មកកើត​ជាមនុស្ស​ ​ឬជាអ្វីផ្សេង​ទៀតតាមអំណាច​នៃផល្លា​និសង្ឃរបស់​ កូនចៅផងខ្លួន​ ​ដែលបាន​ឧទ្ទិស​មកឱ្យ​ ។​សេចក្តីសង្ឃឹម​ចង់បានរបស់​នរកប្រេត​(ខ្មោចដូនតា)​នេះរមែងតែង​តែគិតទន្ទឹង​ចាំជាប់រហូត​ដល់​បាន​ឃើញ​ផៅសន្តាន​ទាំងឡាយ​ ​ដោយក្តី​សោមនស្ស​ ​រីករាយ​នៅក្នុងចិត្ត​ ​។​ ​ពួកគេចង់​ឃើញ​មុខមាត់បងប្អូន​ ​កូនចៅនៅពេល​ជួបជុំគ្នាក្នុង​គ្រានេះ​ ​គេចង់ឃើញចង់​ទទួលនូវ​ការគោរពបូជា​ ​ពីកូន​ចៅ​ផៅពង្សរបស់ខ្លួន​ទាំងឡាយ​ ​ទាំងពួង​ដែលបាននឹក​គិតមកដល់ខ្លួន​ ​។​ ​ហើយទទ្ទឹង​រង់ចាំនៅ​ទីនោះ​ ​ហើយចេះរង់​ចាំហើយរង់​ចាំទៀត​ ​ពីមួយថ្ងៃទៅ​មួយថ្ងៃ​ ​ទោះបីហេវហត់​យ៉ាងណាក៍​ទ្រាំ​រង់ចាំជានិច្ច​ជាកាល​ ​។​ ​កាលបើមិន​ឃើញជាច្រើន​ថ្ងៃហើយ​ ​ក៍រត់រកទៅតាម​គ្រប់ទីវត្ត​អារ៉ាមផ្សេងៗ​អស់​ ​៧​ ​វត្ត​ទៀត​ ​ប្រសិនបើ​មិនឃើញ​កូនចៅ​ទៅធ្វើបុណ្យ​ទៀតសោះ​នោះ​ ​ក៍នឹកតូច​ចិត្ត​តូចថ្លើម​ ខឹងក្រោធដាក់​បណ្តាសារផ្សេងៗ​ជាច្រើន​ ​ប្រការដូចជា​សុំកុំឱ្យរកស៊ីរីក​ចម្រើនលូត​លាស់ឡើយ។​ ខ្លះទៀត​ក៍រលឹកដល់ទោស​របស់ផងខ្លួនឯងថា​ ​ឱ​ ​អនិចាខ្លួន​អញអើយ​ ​កាលរស់រាន្ត​មានជីវិត​ មិនគិត​ព្យាយាមសាង​បុណ្យសន្សំ​កុសលទេ​ ​ព្រោះទុកចិត្តថា​ ​កូនចៅគេនឹង​ឱទ្ទិសធ្វើបុណ្យ​ឱ្យ ដូចកាល​ដែល​ពួកខ្លួន​ធ្លាប់ធ្វើបុណ្យ​ឱ្យដូនតារបស់​ខ្លួននៅគ្រាកាល​នោះ។​កូនចៅរបស់ខ្លួន​មិនយកចិត្ត​ទុកដាក់​ឡើយ​ ​គេភ្លេចយើង​អស់ទៅហើយ​ ​គេភ្លេច​អតីតកាល​ដែលយើង​ធ្លាប់ថ្នាក់ថ្នម​បំពេរ​ បោកគក់​កន្ទប​ក្រណាត់​ ​លាងអាចម៍​ ​លាងនោមឱ្យគេ​ ​គេភ្លេចសេចក្តី​ស្រឡាញ់អាណិត​ របស់​យើងចំពោះគេ​អស់​ហើយ​ ​ជីតាស្រឡាញ់​ចៅជាអនេក​ ​ចៅៗវាយក​ឈើវាយក្បាល​តាប៉ុកៗ​​ តាក៍​សើចក្អៀក​ ព្រោះថា​បាន​ឃើញចៅតាធំហើយ​ ​ចៅចេះដើរ​ ​ចេះសើច​ ចេះវាយក្បាល​តាលេង​ប្រឡែងយ៉ាងចំណាប់​ ​តាយាយ​មិនខឹងចៅឡើយ​ ។​ រួចហើយ​បើវិញ្ញាណ​ទាំងនោះ​ ​បានទទួលនូវ​ការស្វាគមន៍​បានល្អប្រសើរ​ ​បានទទួលនូវ​ផលចំណែក​ នៃកុសល្យ​ផលបុណ្យ​ ​ពីកូនចៅផៅ​សន្តានហើយនោះ​ក៍រមែងតែង​ឱ្យពរកូនចៅ​ ​ឱ្យចេះតែរក​ស៊ីមាន​បាន​ ចម្រុង​ចម្រើន​រស់នៅ​ជាសុខដុម​រម្យនា​ជារៀង​រហូតទៅ​ ​។​ ​ទាំងនេះជានិទាន​អំពីជំនឿរ​ដែល​មាន​យ៉ាងនេះឯង​៕​

​​​​​​​​​​​​​​​​​​​​                                     ដោយលោកបណ្ឌិត មីសែល ត្រាណេ

                                សៀវភៅវប្បធម៌ខ្មែរសុរិន្រ្ទភាគ ១​ ឆ្នាំ ២០០៣

 

 

 

About these ads
តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: