ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមចុងកាត់មាត់ញក ភាគច្រើន គឺអ្នកស្រុកចាស់ទុំព្រឹទ្ធាចារ្យតាមស្រុកភូមិ តែងតែនាំគ្នាប្រារព្ធច ដែលមានអ្នកជម្ងឺខ្សត់ខ្សោយស្លេកស្លាំង ។ នៅពេលដែលសួរទៅគាត់នូវមូលហេតុ ពួកគេរមែងតែឆ្លើយតបថា : ធ្វើតាមប្រពៃណីដូនតាខ្មែរពីដើម នៅពេលដែលព្រលឹងមិននៅក្នុងខ្លួនប្រាណ ដើម្បីហៅព្រលឹងតូចធំទាំងឡាយឲ្យត្រឡប់មកវិញ ។
ដោយមានជំនឿដូច្នេះ ទើបគេផ្តើមពិធីកម្មនេះនៅវេលាយប់ ប្រមាណជាម៉ោង ៧-៨ ល្ងាច ដោយមានការសែនព្រេនខ្មោច ដូនតាសាច់សារលោហិត ដែលបានចែកឋានទៅហើយនោះឲ្យមេត្តាហៅរកព្រលឹងទាំងឡាយដែលបានរត់ចេញពីខ្លួនប្រាណអ្នកមានជម្ងឺឲ្យត្រឡប់មកវិញកុំខាន ។
ប្រជាពលរដ្ឋខ្មែរនៅភូមិភាគឥសាននៃប្រទេសថៃយល់ឃើញថា មនុស្សម្នាក់មានព្រលឹង៣៦ តូច ៣០ ធំ ៦ ។ ជនជាតិខ្មែរលើ ’ម្ខាងទៀតនៃជួរភ្នំដងរែកដែលជាខ្ពង់រាប” គោរពព្រលឹងទាំងនោះណាស់ ដោយចាត់ទុកថា មនុស្សដែលអាចរស់នៅបាន ហើយមានជីវិតរស់រាន មានដង្ហើមចេញចូល ក៏ដោយសារព្រលឹងតូចធំទាំងនោះដែរ ដែលមានឫទ្ធិអំណាចបារមីបំផុត ថ្វីត្បិតតែ គេពុំមើលឃើញក៏ដោយ ។ ព្រលឹងទាំងនោះហើយជាព្រលឹងរបស់បុព្វការីជនដែរ ។
ក្នុងជំនឿខ្មែរនៅខេត្តសុរិន្ទ្រ និង បុរីរម្យ ជាដំបូង គ្រូម្នាក់ដែលជាព្រឹទ្ធាចារ្យនោះ តែងមើលជោគជតាអ្នកជម្ងឺជាមុនសិន ហើយបន្ទាប់មកក៏ហៅព្រលឹងមករៀបចំគ្រឿងសក្ការៈបូជា ឆ្លងកាត់ការពិនិត្យ យើងឃើញមានទៀន ធូប ផ្កា ក្នុងពិធីនេះ នៅផ្ទះអ្នកជម្ងឺ ។ ក្រៅពីនេះគេក៏ឃើញមានស្ត្រីម្នាក់ទៀត ដែលចេះជញ្ជាត់ព្រលឹងដោយមានទៀន ធូប និងផ្កាចំនួន៥ដូចគ្នា ។
បន្ថែមលើនេះ ត្រូវមានក្រមុំព្រហ្មចារិ៍យ៍៤នាក់ កម្លោះបរិសុទ្ធ៤នាក់ទៀត មកចូលរួមពិធីដោយជួយបន្ទរក្នុងពេលសូត្រហៅព្រលឹង ។
រណ្តាប់រៀបចំសម្រាប់ពិធីនេះ មានចេកមួយដើម, អំពៅមួយដើម សម្រាប់ទទួលព្រលឹងត្រឡប់មកវិញ កន្ទោងដាក់បាយ សម្ល ចង្ក្រង់ខ្សែទាម១គូ សម្រាប់អង្រួនបង្កើតជាសូរស័ព្ទនៅពេលដែលស្រែកហៅព្រលឹង ។ គេយកជណ្តើរខាលើនេះផ្អែកលើដំបូលផ្ទះ ឬកន្លែងណាមួយដែលខ្ពស់ ហើយកន្ទោងគេត្រូវដាក់នៅចុងជណ្តើរនោះ ។
ជាការចាប់ផ្តើមដោយនមស្សការថ្វាយបង្គំព្រះរួចហើយក៏ហៅព្រលឹងតែម្តង តាមរបៀបស្មូតយ៉ាងវែង ។ ដែលមានខ្លឹមសារដូចតទៅ ’ព្រលឹងមាសមេ…….”
ពេលដែលអ្នកហៅព្រលឹងចប់ ពួគប្រុសស្រីដែលចូលរួមក៏ជួយស្រែកដោយបន្លឺពាក្យ បង្អូសវែងៗ “មកអើយមក ព្រលឹងអឺយសូមមក”ក្នុងខណៈដែលគេជួយបន្ទរមាត់ អង្រួនចង្ក្រង់ខ្សែទាម រួចមនុស្សទាំងចាស់ទាំងក្មេង ដែលចូលរួមយ៉ាងកុះករនោះ ក៏ជួយស្រែកហៅព្រលឹងដែរ ។
ដល់អធ្រាត ពិធីនេះក៏ត្រូវប្រារព្ធតាំងជាលើកទី២ទៀត ពេលទៀបភ្លឺ ហើយភ្លឺស្រាងៗ ម្តងទៀតជាលើកចុងក្រោយបំផុត ។ គឺនៅពេលនេះហើយ ដែលយាយជញ្ជាត់ព្រលឹងយកបាយព្រលឹង ដែលខ្ចប់នឹងកន្លែងសូត្រដាក់ក្នុងកញ្ជើមួយ ឬឈ្នាងដោយមានប្រអប់មួយ វែកបុរាណមួយដើរជញ្ជាត់ឆ្វែលជុំវិញផ្ទះចំនួន ៣ជុំ ដោយជញ្ជាត់តាមដើមឈើ ហើយចាត់ទុកដោយឧបកិច្ចថា អ្វីដែលក្នុងឈ្នាងនេះ គឺជាព្រលឹងរបស់អ្នកជម្ងឺ ។
ក្រោយពីជញ្ជាត់គ្រប់ ៣ជុំនៅជុំវិញផ្ទះរួចហើយ យាយយកដែកមកគ្របប្រអប់បុរាណនោះបោយពីទិសឥសានចំនួន៣ដង ហើយគោះដាក់កញ្ចើព្រលឹងហែរឡើងផ្ទះអ្នកជំងឺ ។ បន្ទាប់ចងដៃអ្នកជំងឺដោយសែនព្រេនព្រលឹងដូនតាឲ្យជួយដឹងឮ ហើយកុំឲ្យព្រលឹងទាំងនោះរត់ចោលអ្នកជម្ងឺទៀត ។
ជាទូទៅ គេសង្កេតឃើញថា បើមានប្រតិកម្មអ្វីមួយ ពីអ្នកជំងឺ គឺមានន័យថា អ្នកជម្ងឺនឹងជាសះស្បើយ ហើយបើពុំមានប្រតិកម្មអ្វីទេនោះ មានន័យថា អ្នកជម្ងឺនេះមិនអាចជាដូចដើមបានឡើយ ៕ (ម.ត្រាណេ)