ពិធីចូល និងចេញម្លប់កាលពីសម័យដើម ខ្មែរចាត់ថាជាមង្គលមួយយ៉ាងសំខាន់ សម្រាប់ស្ត្រីខ្មែរ ។ បុព្វបុរសខ្មែរ បង្កើតពិធីសម្រាប់ឱ្យកូនស្រីចាប់អារម្មណ៍ពី លំដាប់ថ្នាក់ប្រចាំជីវិត ដែលត្រូវឈានឡើង ដោយឱ្យប្រឹងប្រែងតស៊ូជានិច្ច ដើម្បីវឌ្ឍនភាព ។ ប៉ុន្តែជំនាន់ក្រោយនេះ ពិធីចូលម្លប់-ចេញម្លប់លែងមានន័យអ្វីទៀត ហើយ ។ គេកម្រឃើញគ្រួសារណាមួយនៅប្រកាន់ទំនៀមទម្លាប់នេះទៀតណាស់ ទោះជាខ្មែរនៅស្រុកសៀម ឬខ្មែរនៅកម្ពុជាក្រោមក៏ដោយ ព្រោះវាហួសសម័យ។ ប៉ុន្តែ ទោះជាយ៉ាងណា ពិធីចូលម្លប់ដូនតាខ្មែរធ្លាប់គោរពប្រតិបត្តិមិនដែលខានចំពោះកូនស្រីរបស់ខ្លួនដែលចូលវ័យក្រមុំ ។ តើពិធីនេះប្រព្រឹត្តទៅយ៉ាងណាខ្លះនោះ អ្នកស្រី កែវ ណារុំ សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបរាប់ដូចតទៅ៖ ឆ្លងពីថ្នាក់កុមារីចូលដល់វ័យពេញក្រមុំ សង្គមខ្មែរកំណត់នៅត្រង់កូនស្រីចាប់មានរដូវជាលើកទីមួយ ដែលយើងនិយមហៅថា “គ្រប់ការ” ។ នេះជាពេលកំពុងឈានឡើង នាងយុវតីមានលក្ខណៈប្លែក គឺអត្តចរិតជួនឆាប់ខឹង, ជួនអៀនខ្មាស, ជួនចូលចិត្តស្ងប់ ស្ងាត់នៅតែម្នាក់ឯង ឬព្រួយចិត្តដោយឥតមូលហេតុ ។ នាងនឹងមានការភិតភ័យ ណាស់ ប្រសិនបើពុំមាននរណាម្នាក់បានពន្យល់ប្រាប់ជាមុនពីហេតុការណ៍ធម្មជាតិ ដែលនឹងត្រូវកើតឡើងចំពោះនាង ។ នាទីនេះ គឺអ្នកម្តាយតែងឃ្លាំមើលឥរិយាបថរបស់កូនស្រី ដើម្បីពន្យល់ និងជួយរៀបចំគ្រឿងស្លៀក ពាក់ផ្សេងៗសម្រាប់កូន ។ មិនចំពោះតែអ្នកម្តាយទេ គឺក្នុងគ្រួសារទាំងមូល ត្រូវជួយជ្រោមជ្រែងទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ឱ្យនាងមានសមត្ថភាពគ្រប់គ្រាន់នៅពេលខាងមុខ ។ នាងនឹងត្រូវបំពេញតួនាទីជាភរិយា ហើយនិងជាម្តាយដ៏ល្អសម្រាប់សង្គម ។ ហេតុដូច្នេះហើយបានជាគេរៀបចំពិធីចូលម្លប់ ដើម្បីបំពាក់បំប៉នដល់កូនស្រី មុននឹងឲ្យនាងឈានចូលទៅបំពេញតួនាទីដ៏ចម្បងនេះ ។ ចូលម្លប់ គេបញ្ចូលម្លប់កូនស្រីមិនមើលពេលវេលាទេ គឺសម្រេចយកថ្ងៃណាមួយ ដែលនាងមករដូវជាលើកទីមួយ ។ ចំណែកពិធីក៏មិនមានរៀបចំអ្វីធំដុំដែរ គឺគ្រាន់តែឱ្យឪពុកម្តាយនាងជម្រាបដល់សាច់ញាតិជិតដិតឱ្យបានដឹងថាកូនស្រីឈ្មោះ នេះបានចូលម្លប់នៅថៃ្ងនេះ ថៃ្ងនោះហើយ ។ នៅថៃ្ងបញ្ចូលគេរៀបចំសែនព្រេនអុជធូបទៀនជម្រាបដូនតា និងប្រកាសចំពោះវត្ថុស័ក្តិសិទ្ធិឱ្យបានដឹងឮអំពីការចូលម្លប់របស់កូនស្រី និងសុំសេចក្តីសុខសប្បាយ ។ ប្រការសំខាន់ត្រូវគិតគូរពីអ្នកជួយបម្រើសេចក្តីត្រូវការរបស់នាង និងជួយបណ្តុះ បណ្តាលនាង ។ សំខាន់មួយទៀតត្រូវត្រៀមលក្ខណៈសម្រាប់ថៃ្ងបញ្ចេញម្លប់ ដោយមានបម្រុងគ្រឿងហូបចុកសម្រាប់លៀងភ្ញៀវដែលត្រូវមកចូលរួមពិធី ។ ការត្រៀមលក្ខណៈនេះ ស្រុកខ្លះគេដាំចេកណាំវ៉ាជានិមិត្តរូប គឺប្រារព្វពិធីបញ្ចេញម្លប់នៅពេលផ្លែចេកទុំ ខ្លះទៀតគេចិញ្ចិមមាន់ ទាជាដើមទៅតាមលទ្ធភាពក្នុងគ្រួសារ ។ ពេលវេលានៃការចូលម្លប់មិនមានកំណត់ទេ គឺយោងទៅតាមធនធាននៃគ្រួសារ អ្នកខ្លះចូលក្នុងរយៈពេលមួយសប្តាហ៍ ខ្លះទៀតរហូតដល់មួយឆ្នាំក៏មានដែរ ។ ភារកិច្ចនៅពេលចូលម្លប់ ពេលចូលម្លប់គឺជាពេលដែលកូនស្រីខ្មែរត្រូវទទួលការសិក្សាពីក្បួនច្បាប់ទូន្មានល្អៗ ជាពិសេសច្បាប់ទូន្មានស្រី ។ ច្បាប់នេះចែងពីតួនាទីរបស់ស្រីក្នុងការរស់នៅ ។ លោកចែងថា សេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារមួយភាគធំស្ថិតនៅលើស្រីជាអ្នក កំណត់ ។ ដូច្នេះគេត្រូវឱ្យនាងទន្ទេញចាំស្ទាត់ដើម្បីទុកអនុវត្តន៍តាមលំអានដែលក្បួនបានចែង ។ ក្រៅពីការសិក្សាក្បួនច្បាប់ នាងត្រូវរៀនធម៌ ។ ប្រសិនបើសុខភាពនាងធានាត្រូវកាន់សីល១០ដើម្បីកាន់ចិត្តអំណត់ ខន្តីដូចដូនជី ដែរ ។ ក្នុងជីវភាពដូនជីនាងត្រូវហូបចុកម្ហូបបួស ហើយកំណត់ពេលម៉ោងដូចព្រះសង្ឃដែរ ។ នាងមានតំណមលើសដូនជី ដោយមិនត្រឹមតែមិនឱ្យប្រុសៗឃើញប៉ុណ្ណោះទេ គឺមិនអនុញ្ញាតឱ្យនិយាយឆ្លើយឆ្លងរកប្រុសទៀត ។ នាងត្រូវតស៊ូសម្ងំនៅតែក្នុងបន្ទប់ពិសេសមួយ ដើម្បីត្រងស្តាប់នូវវិជ្ជាមេផ្ទះ ស្តីពីការរស់នៅក្នុងគ្រួសារ ចំពោះសាច់ញាតិផ្ទាល់ ឬ ញាតិជិតខាង ពិសេសអាកប្បកិរិយាចំពោះប្តី ។ ជាមួយគ្នានោះក៏ត្រូវរៀនវិជ្ជាធ្វើម្ហូប វិជ្ជាតម្បាញ ការរៀបចំផ្ទះ សម្បែង និងការអប់រំកូនចៅជាដើម ។ ភារកិច្ចម្យ៉ាងទៀតត្រូវថែទាំសាច់ ដោយត្រូវលាបរមៀតសព្វខ្លួនប្រាណ ដៃ ជើងឱ្យមានសម្បុរលឿងស្រស់ផូរផង់ ។ នៅពេលចេញម្លប់ ពិធីចេញម្លប់នេះមានលក្ខណៈពិធីច្រើនយ៉ាងណាស់ខុសពីពិធីចូលម្លប់ ។ ប៉ុន្តែវត្ថុបំណងគឺបំពេញលក្ខណ៍គម្រប់ ឱ្យកូនស្រី ។ ឆ្លងតាមរយៈកាលបញ្ចូលម្លប់គ្រប់តាមកាលកំណត់ហើយ មាតា បិតានៃកូនស្រី បានរើសរកពេលវេលាសម្រាប់បញ្ចេញម្លប់កូនស្រី ។ ពេលដឹងថៃ្ងជោគសិរីមង្គលហើយ គ្រួសារទាំងអស់រវល់ដើររកភស្តុភារ និងអញ្ជើញញាតិមិត្តដូចរៀបមង្គលការដែរ ។ កម្មវិធីនៃដំណើរការនេះមានរយៈពេលពីរថៃ្ងមួយយប់ ។ នៅថៃ្ងដំណើរការដំបូងចាប់ពីពេលព្រឹករហូតដល់ថៃ្ងត្រង់មានតែការទទួលញាតិមិត្តជិតខាងនិងការលៀងភោជនាហារប៉ុណ្ណោះ ។ ប៉ុន្តែចាប់ពីពេលរសៀលទៅមានពិធីជាហូរហែបន្តបន្ទាប់ដូចជា៖
-ពិធីកាត់សក់៖ ជាលើកដំបូងបំផុតគឺត្រូវបញ្ចេញកូនស្រីមកកាត់សក់ គឺយកនាងចេញពីបន្ទប់នៅក្នុងផ្ទះដែលចូលម្លប់ ។ បន្ទាប់ពីការកាត់សក់លាបប្រេងម្សៅហើយ នាងត្រូវវិលចូលទៅក្នុងបន្ទប់វិញ ។ ពេលកាត់សក់ ភ្លេងកំដរនូវបទសារិកាកែវ ។
-ពិធីសូត្រមន្ត៖ សាច់ញាតិជាស្ត្រីភេទម្នាក់ ដែលត្រូវបានទទួលស្គាល់ថាខ្ពង់ខ្ពស់មានចរិយាសម្បត្តិល្អ ត្រូវទៅដឹកដៃនាងឱ្យចេញមកទទួលទឹកមន្ត និងធម៌លើករាសីពីព្រះសង្ឃ ។
-ពិធីសែនព្រេន៖ នៅពេលព្រលប់រៀបចំពិធីសែនដូនតាម្ចាស់ទឹកម្ចាស់ដី ។
-ពិធីបុកល័ក្ត៖ ពិធីនេះគេធ្វើនៅពេលយប់ បន្ទាប់ពីការពិសាអាហារហើយ ដែលប្រកបដោយពិធីជាហូរហែ បន្តបន្ទាប់ទៀត៖
-ពិធីទៅរកល័ក្ត៖ ពិធីនេះដំណើរការដោយអ្នកភ្លេងជារបៀបកំប្លែងធ្វើជាទៅរកល័ក្តក្នុងព្រៃជួបសត្វតាឱដេញ ទិចស្ទុះរត់ច្រឡោតជាន់គ្នារញ៉េរញ៉ៃ ។
-ពិធីកាត់ត្បាល់៖ ពិធីនេះដំណើរការដោយសារអ្នកភ្លេងដែរ គេធ្វើជាទៅក្នុងព្រៃរកឈើល្អមកធ្វើត្បាល់ថ្មី ស្រប តាមកូនស្រីដែលចេញពីម្លប់ដែរ ។
-ពិធីបុកល័ក្ត៖ ពិធីនេះធ្វើឡើងដើម្បីយកល័ក្តមកធ្វើធ្មេញបំពេញលក្ខណ៍ឱ្យកូនស្រី ។ គេឱ្យកុមារីព្រហ្មចារី ៤នាក់មកបកក្រមរល័ក្តចេញពីមែកឈើ រូចប្រគល់ជូនតាអាចារ្យទៅដាក់ក្នុងត្បាល់ ហើយអ្នកភ្លេងជាអ្នកដើរតួបុកល័ក្តរហូតដល់ល្អិត ទើបកាយដាក់ផ្តិលប្រគល់ជូនតាអាចារ្យវិញ ។
-ពិធីធ្វើធ្មេញ៖ តាអាចារ្យយកល័ក្តទៅដាំស្ងោរនៅកណ្តាលផ្ទះជាមួយសម្បកស្បែង និងផ្លែសំបួរមាស ។ ស្ងោរដោយឆ្នាំងថ្មី ចង្ក្រានថ្មី ដោយរម្ងាស់ចេញជាតិពណ៌ក្រហមស្រស់ បានយកទៅឱ្យសាមីខ្លួនស្រីបៀម ។ នៅពេលមាន ចំហាយទឹកអាចារ្យយកសំឡីផ្តិតចំហាយទឹកស្ងោរល័ក្តមកលាបធ្មេញឱ្យកូនស្រីដែលចេញពីម្លប់ ដោយប្រសិទ្ធពរឱ្យទឹក ល័ក្តនេះធ្វើឱ្យនាងក្លាយជាស្រីគ្រប់លក្ខណ៍ពេញបរិបូណ៌…។ អ្នកទីទ័លក្រ មិនមានលទ្ធភាពរៀបពិធីចេញម្លប់ឱ្យកូនស្រី អាចយកកូនស្រីខ្លួនមកចូល រួមធ្វើធ្មេញបំពេញលក្ខណ៍ជាមួយកូនស្រីអ្នកមានដែលចេញពីម្លប់ប្រសិនបើមានការយល់ព្រម ។
-ពិធីដេកអង្កររាប៖ ពិធីនេះមានលក្ខណៈដូចពិធីកោរជុកដែរ ប្រសិនបើមានរៀបចំពិធីកោរជុកហើយនោះ មិនបាច់ធ្វើពិធីនេះក៏បានដែរ តែត្រូវភ្ញាក់ពេលទៀបភ្លឺរង់ចាំទទួលពេលា ដើម្បីសំពះព្រះអាទិត្យទៀត ។ នៅមុនពេលនាងចេញពីបន្ទប់នោះ មកកាន់កន្លែងពិធី ត្រូវស្លៀកពាក់ដូចកូនក្រមុំពេលរៀបមង្គលការ ដៃកាន់បាយព្រលឹងមកអង្គុយលើកម្រាលព្រំ ដែលមានញាតិមិត្តរង់ចាំឱ្យពរជ័យ ។ អាចារ្យសូត្រប្រកាសបួងសួងហើយចាប់ផ្តើមបង្វិលពពិលចំនួន១៩ជុំ ហើយញាតិសណ្តាននាំគ្នាចងដៃដោយអំបោះ ព្រមទាំងប្រាក់កាស មាស…ដើម្បីជូនពរនិងភ្ជាប់ព្រលឹងឱ្យនាង ។ លុះចប់ ហើយញាតិមិត្តដឹកដៃកូនស្រីទៅក្នុងបន្ទប់វិញ ។
-ពិធីសារកន្ទេលនិងលក់កន្ទេល៖ អ្នកភ្លេងច្រៀងរាំបណ្តើរឆ្កឹះរមូរកន្ទេលដែលកូនស្រីអង្គុយសំពះបង្វិលពពិលនោះបណ្តើរ ហើយយកដាក់លើស្មា ។ ច្រៀងលក់កន្ទេលចំពោះតែអ្នកមាននិស្ស័យ និងអានុភាព ។ អ្នកមានវាសនា ពេលយកទៅក្រាលដេកកើតមាសកើតប្រាក់ ទ្រព្យសម្បត្តិ…។ ពេលនោះសាមីខ្លួនត្រូវចេញមកសុំទិញហើយសន្មតិថា ចប់ពិធីលក់កន្ទេល ។ គេយកល័ក្តដែលបារទុកខ្លះពីការធ្វើធ្មេញនោះឱ្យកូនស្រីយកទៅកប់នឹងចបជីកថ្មីនៅលើដីភូមិ ណាដែលថាឪពុកម្តាយបម្រុងចែកឱ្យជាកេរ្តិ៍នោះ និងដាំដើមចេក ដើមអំពៅមួយដើមៗពីលើ ជានិមិត្តរូបថា ជីវិត និងការ រស់នៅក្នុងសុភមង្គលផ្អែមដូចផ្លែចេកនិងដើមអំពៅដែរ ។ ចាប់ពីពេលនេះទៅនាងអាចដើរចេញក្រៅបន្ទប់ទៅ ណាមកណាបានដោយសេរីហើយ ៕